បញ្ជីរដ្ឋមានអាវុធនុយក្លេអ៊ែរ
From Wikipedia, the free encyclopedia
មហាអំណាចនុយក្លេអ៊ែរ សំដៅលើប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្នមានប្រទេសចំនួន ៩ ដែលបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយជោគជ័យមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) រាជាណាចក្ររួម បារាំង ចិន អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ ក្នុងមានប្រទេសចំនួន ៥ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (Nuclear Non-Proliferation Treaty) គឺ៖ សហរដ្ឋអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) រាជាណាចក្ររួម បារាំង និងចិន។
ចាប់តាំងពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ បានចូលជាធរមាននៅឆ្នាំ ១៩៧០ មកមានប្រទេស ៣ ពុំមែនជាហត្ថលេខី នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលមាន៖ ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ កូរ៉េខាងជើង ធ្លាប់ជាហត្ថលេខី នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានដកខ្លួនចេញវិញនៅឆ្នាំ ២០០៣។ អ៊ីស្រាអែល ត្រូវបានគេជឿថាមានអាវុធនុយក្លេអ៊ែរ ទោះជាប្រទេសនេះធ្លាប់បានបដិសេធយ៉ាងណាក៏ដោយ។ ប្រទេសអាហ្វ្រិកខាងត្បូង ធ្លាប់ជារដ្ឋ ដែលបានផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានលះបង់ចោលនូវឃ្លាំងសព្វាវុធរបស់ខ្លួន មុនពេលចូលក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ។
នៅឆ្នាំ ២០០៥ គណៈគ្រប់គ្រង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.) បានរកឃើញថា ប្រទេសអ៊ឺរង់ ពុំបានបំពេញកិច្ចព្រមព្រៀងស្ដីពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ របស់ខ្លួនទេ។ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មប្រឆាំងអ៊ឺរង់ បីដងរួចមកហើយ ចំពោះការដែលអ៊ឺរង់ បដិសេធពុំព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ អ៊ឺរង់ បានទទូចថាការដាក់ទណ្ឌកម្មនេះ ជាការខុសច្បាប់ ហើយជាការបង្ខំខ្លួនឲ្យបោះបង់នូវសិទ្ធក្នុងការអភិវឌ្ឍបច្ចេកវិជ្ជានុយក្លេអ៊ែរសន្តិភាព ដែលមានចែងក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ។ នាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក មហាម៉េដ អេលបារាដេយ (Mohamed ElBaradei) បានមានប្រសាសន៍ថាទីភ្នាក់ងាររបស់លោកពុំមានលទ្ធភាពរកដំណោះស្រាយដ៏ល្អណាមួយចំពោះកង្វល់នេះបានឡើយ នៅពេលដែលទីភ្នាក់ងារ របស់លោកពុំបានមើលឃើញការបង្វែរនូវសារធាតុណាមួយសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ឬក៏លទ្ធភាពដែលអាចផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។