From Wikipedia, the free encyclopedia
បឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានបណ្តោយប្រមាណ ១១៦គីឡូម៉ែត្រ ទទឹងប្រមាណ ៣គីឡូម៉ែត្រទៅ៣៣គីឡូម៉ែត្រ និងមានឆ្នេរប្រមាណ៤៨២គីឡូម៉ែត្រ នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណ ២០%។ វិសាសភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ដែលទឹកបឹងមានជម្រៅពី១ទៅ២ម៉ែត្រ បឹងទន្លេសាបមានផ្តៃក្រឡាប្រមាណ ២៥០០០០ហិកតា ប៉ុន្តែនារដូវវស្សា ទឹកបឹងមានជម្រៅប្រមាណ ៨ទៅ១១ម៉ែត្រ នោះបឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ១៥០០០០០ហិកតា។ មាឌទឹកបឹងទន្លេសាបនៅរដូវវស្សាបានពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតតបានមកពីបណ្តាស្ទឹងធំៗ ដែលស្ថិតនៅជុំវិញចំនួន១១។ មាឌបឹងទន្លេសាបមានការប្រែប្រួលប្រមាណពី ៤៥០០លានម៉ែត្រគូបនៅរដូវប្រាំង ទៅ១៣៥០០០លានម៉ែត្រគូបនៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណ៥ទៅ៦ដង[1]។
បឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំងបឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី០.៨០ម៉ែត្រ ដល់ ២ម៉ែត្រជាមធ្យម។ ចាប់ពីខេត្តកំពង់ឆ្នាំងជាពិសេសនៅវាលភក់ជំរៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវបានហាមឃាត់ លើកលែងតែទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរជាច្រើនផ្ទៃទឹក ព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់១៤ម៉ែត្រ គឺខុសគ្នា ១០ម៉ែត្រយ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង គឺពេលនោះហើយ ដែលនាវាដែលមានចំនុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាបបាន។បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជម្រកមច្ឆជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉េនៅរដូវវស្សា។ នៅរដូវប្រាំងបឹងទន្លេសាបមានបណ្តាយប្រហែល ១៥០គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២គីឡូម៉ែត្រ និងផ្ទៃទំហំ ៣០០០គីឡូម៉ែត្រការ៉េ។ បឹងទន្លេសាបចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់។ បឹងធំមានបណ្តោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣៥គីឡូម៉ែត្រ។ បឹងតូចមានបណ្តោយ ៣៥គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។ វាលភក់ជាវាលមួយធំធេងប្រកបដោយកូនកោះទាបៗ សម្បូរខ្សាច់ និងរុក្ខជាតិក្រិនៗ[2]។ បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តាប់លើផ្ទៃដី១,៥លានហិកតា។ នៅក្នុងឆ្នាំ១៩៩៣ កំណត់ដោយព្រះរាជក្រឹតដាក់ជាតំបន់ការពារធម្មជាតិសម្រាប់ប្រើប្រាស់ច្រើនយ៉ាង និងចុះក្នុងបញ្ជីសាកលលោកចំនួន ២០០ ពីតំបន់សំខាន់ៗក្នុងលក្ខចម្បងសម្រាប់ការអភិរក្ស។ ឆ្នាំ១៩៩៧ ត្រូវបានទទួលស្គាល់ជាអន្តរជាតិជា ឋបនីយជីវមណ្ឌល ដែលមានតំបន់ស្នូលបី (ព្រែកទាល់ បឹងទន្លេឆ្មា និងស្ទឹងសែន) ក្រោមកម្មវិធីរបស់អង្គការយូណេស្កូ។ ការរួមបញ្ជូលតំបន់ព្រៃវាលភក់ និងព្រៃលិចទឹកធំជាងគេនៅអាស៊ីទាំងមូល។ ព្រៃលិចទឹកជាជម្រកត្រីពងកូន រួមជាមួយជីវចម្រុះគ្រប់ប្រភេទ កន្លែងធំធាត់ និងកន្លែងរកចំណីសម្រាប់ត្រី ដែលផ្លាស់ទីទន្លេមេគង្គ និងតំបន់ជុំវិញ។ ផលិតផលស្រូវនៅវាលទំនាបបឹងទន្លេសាបស្មើនឹងប្រមាណ ១២% នៃទិន្នផលស្រូវប្រចាំឆ្នាំ។ អាងស្តុកទឹកលាតសន្ធឹងជា ៨០០០០គីឡូម៉ែត្រការ៉េ ឬ ៤៤% នៃផ្តៃប្រទេសកម្ពុជាសរុប[3]។
ទន្លេសាប និងដៃទាំងអស់រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍។ នៅរដូវវស្សាបឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយបើកក្តោង។ រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយដែលមានចំណុះមិនលើសពី១០០តោន។ នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឃមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌលត្រីធំជាងគេនៅលើពិភពលោក ពីព្រោះទីនោះមានព្រៃលិចទឹក ដែលជាជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.