ភវវរ្ម័នទី១
ព្រះមហាក្សត្រនៃចេនឡា / From Wikipedia, the free encyclopedia
វ្រះបាទភវវម៌្មទី១ឬ ភវវរ្ម័នទី១(គ.ស ?-៥៩៨) រជ្ជកាល (គ.ស ៥៨០-៥៩៨) ជាបុត្ររបស់វ្រះបាទប្រថិវេន្ទ្រវម៌្ម និងត្រូវជាចៅរបស់វ្រះបាទរុទ្រវម៌្ម ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្វុជរាជលក្ឝ្មី ដែលជាប់សាច់ញាតិខាងមាតានៃវ្រះបាទឝ្រេឝ្ឋវម៌្ម ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រភ្វូណាន)។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ឝ្រេឝ្ឋបុរ ដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ (សព្វថ្ងៃស្ថិតក្នុងទឹកដីលាវ)។ ក្រោយពីការសោយទិវង្គតរបស់ព្រះអង្គ បុត្រាដ៏អាថ៌កំបាំងរបស់ព្រះអង្គពុំបានស្នងរាជ្យបន្តពីព្រះអង្គឡើយ ដែលគេបានឃើញបុត្រាអង្គនេះចេញមុខដឹកនាំប្រទេសនៅពេលដែលវ្រះបាទភវវម៌្មទី១ចូលនិវត្តន៍ក្នុងទីអារាម នៅរជ្ជកាលចុងក្រោយរបស់ព្រះអង្គ។ រាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះអនុជរបស់ព្រះអង្គ ព្រះនាមចិត្រសេនា ដែលមានព្រះនាមសម្រាប់រាជ្យថា វ្រះបាទមហេន្ទ្រវម៌្ម ដែលត្រូវជាព្រះរាជបុត្រពៅរបស់វ្រះបាទវីរវម៌្ម «ដែលទ្រង់ប្រកបទៅដោយកេតនភណ្ឌជាព្រះករុណាជាម្ចាស់» ហើយប្រហែលចាប់តាំងពីពេលនោះមក នៅកម្ពុជាក៏ដូចជានៅចាម្ប៉ា និងម៉ាឡេយូ ទំនៀមទម្លាប់ចង់ឱ្យព្រះអនុជឡើងសោយរាជ្យបន្ដពីព្រះរៀម ដើម្បីឱ្យមានព្រះរាជាជាបុរសរហូតតទៅ។ នៅពេលដែលស្ដេចឝ្រីភវវម៌្មទី១ទ្រង់សោយទិវង្គតទៅ គេបានប្រមើលថា ព្រះអង្គទ្រង់បានទៅចាប់កំណើតឯស្ថានសួគ៌របស់ព្រះសិវ ព្រោះព្រះអង្គទ្រង់ប្រកាន់យកព្រះនាមថាជា ភវ ដែលជាព្រះនាមមួយរបស់ព្រះសិវ ហើយគេបានថ្វាយព្រះនាមថាជា ភវបទ។
ភវវម៌្មទី១ | |||||
---|---|---|---|---|---|
រជ្ជកាល | គ.ស ៥៨០-៥៩៨ | ||||
រាជ្យមុន | ព្រះនាងកម្វុជរាជលក្ឝ្មី | ||||
រាជ្យបន្ត | វ្រះបាទមហេន្ទ្រវម៌្ម | ||||
ស្វាមី/មហេសី | ព្រះនាងកម្វុជរាជលក្ឝ្មី | ||||
បុត្រ | មាន តែព្រះនាមមិនបានវែកញែក | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម | ||||
បិតា | វ្រះបាទប្រថិវេន្ទ្រវម៌្ម | ||||
សុគត | គ.ស ៥៩៨ ភវបុរ |