អាស៊ី
ទ្វីប From Wikipedia, the free encyclopedia
Remove ads
អាស៊ី (ភាសាអង់គ្លេស៖ Asia ឬភាសាបារាំង៖ Asie) គឺជាទ្វីបមួយធំជាងគេ និងព្រមទាំងមានប្រជាជនរស់នៅច្រើនជាងគេបង្អស់ផងដែរនៅលើពិភពលោក។ ទ្វីបនេះបានគ្របដណ្ដប់លើផ្ទៃដីជាង ៤៤ លានគីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី និង ៨% នៃផ្ទៃផែនដី។ ទ្វីបអាស៊ីត្រូវបានមនុស្សឆ្លងមកតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាទីកន្លែងកំណើតនៃអរិយធម៌បុរាណដំបូងៗគេជាច្រើនណាស់ផងដែរ។ អាស៊ីមានប្រជាជនរស់នៅប្រមាណ ៤.៧ ពាន់លាននាក់ដែលស្មើនឹងប្រមាណ ៦០% នៃប្រជាជនទាំងអស់នៅលើពិភពលោក។
អាស៊ីមានព្រំដែនជាប់នឹងទ្វីបអឺរ៉ុប ដែលខ្លះបានបញ្ចូលទ្វីបទាំងពីរជាទ្វីបតែមួយហៅថា អឺរ៉ាស៊ី ហើយមិនតែប៉ុណ្ណោះ អាស៊ីក៏មានព្រំដែនជាប់ទ្វីបអាហ្វ្រិកផងដែរ ដែលនាំឱ្យអ្នកខ្លះបង្រួមទ្វីបទាំងបីបញ្ចូលគ្នា បង្កើតបានជា អាហ្វ្រូ-អឺរ៉ាស៊ី។ ជាទូទៅ ទ្វីបអាស៊ីមានព្រំប្រទល់ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ខាងត្បូងជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងជើងជាប់នឹងមហាសមុទ្រអាកទិក។ ព្រំដែនអាស៊ីជាមួយនឹងអឺរ៉ុបគឺកើតចេញពីកត្តាប្រវត្តិសាស្ត្រនិងវប្បធម៌ និងមិនមានទីតាំងភូមិសាស្ត្របែងចែកច្បាស់លាស់ឡើយ។ ជាទូទៅគេនិយមបំបែកភូមិសាស្ត្រអាស៊ីពីទ្វីបផ្សេងៗតាមព្រែកជីកស៊ុយអេនៅភាគខាងកើតពីទ្វីបអាហ្វ្រិក ខណៈពីទ្វីបអឺរ៉ុប គេច្រើនកំណត់ច្រកសមុទ្រតួកគី ជួរភ្នំអ៊ូរ៉ាល់និងទន្លេអ៊ូរ៉ាល់ និងជួរភ្នំកូកាសក៏ដូចជាសមុទ្រកាសព្យែននិងសមុទ្រខ្មៅ។[៤]
ពាក្យគំនិតនៃអាស៊ីបច្ចុប្បន្នគឺកើតចេញតាមទស្សនៈអឺរ៉ុបសម្រាប់សម្គាល់តំបន់ដែលស្ថិតភាគខាងកើតនៃទ្វីបអឺរ៉ុបនោះ។ ខុសពីអឺរ៉ុប អាស៊ីគឺជាតំបន់ដែលវប្បធម៌ឯករាជ្យនានារួមរស់នៅជាមួយគ្នាជាជាងចែករំលែកវប្បធម៌តែមួយ ហើយព្រំដែនរបស់វាជាមួយអឺរ៉ុបគឺមានលក្ខណៈកំណត់ខុសៗគ្នា ហើយបានវាផ្លាស់ប្តូរជាច្រើនលើកច្រើនសារចាប់តាំងពីសម័យបុរាណមកម៉្លេះ។ ការបែងចែកអឺរ៉ាស៊ីជាទ្វីបពីរដាច់ពីគ្នាគឺជាការឆ្លុះបញ្ចាំងពីភាពខុសគ្នានៃវប្បធម៌លិច-កើត។
ប្រទេសចិន និងឥណ្ឌាបានឆ្លាស់កន្លែងគ្នាទៅវិញទៅមកក្នុងនាមជារដ្ឋប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកចាប់ពីឆ្នាំទី ១ នៃ គ.ស. រហូតដល់ឆ្នាំ ១៨០០ គ.ស.។[៥][៦][៧] ប្រទេសចិនផងដែរគឺជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតមួយនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមនុស្សលោក ដែលមានផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗរហូតទៅដល់ឆ្នាំ ១៥០០។ ផ្លូវសូត្របានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់តភ្ជាប់ពីតំបន់ខាងកើតទៅលិច ខណៈដែលច្រកសមុទ្រម៉ាឡាកាគឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតនៅក្នុងទ្វីបមួយនេះ។ អាស៊ីបានបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច ក៏ដូចជាកំណើនប្រជាជនដ៏រឹងមាំក្នុងកំឡុងសតវត្សរ៍ទី២០ ប៉ុន្តែចាប់តាំងពីពេលនោះមក កំណើនប្រជាជនសរុបក៏បានធ្លាក់ចុះបណ្ដើរៗ។[៨] ទ្វីបអាស៊ីផងដែរគឺជាទីកន្លែងកំណើតនៃសាសនាធំៗនៅលើពិភពលោករួមមាន៖ ព្រះពុទ្ធសាសនា គ្រិស្តសាសនា លទ្ធិខុងជឺ ហិណ្ឌូសាសនា ឥស្លាមសាសនា ជេនសាសនា យូដាសាសនា សិក្ខាសាសនា សាសនាតាវ ហ្សូរូអាសទ្រីសសាសនា និងសាសនាជាច្រើនៗផ្សេងទៀត។
អាស៊ីមានលក្ខណៈខុសប្លែកគ្នានៅតាមតំបន់នីមួយៗរបស់ខ្លួន ពិសេសទាក់ទិននឹងក្រុមជនជាតិ វប្បធម៌ បរិស្ថាន សេដ្ឋកិច្ច ទំនាក់ទំនងប្រវត្តិសាស្ត្រ និងប្រព័ន្ធរដ្ឋាភិបាល។ល។ អាស៊ីក៏មានលាយឡំអាកាសធាតុផ្សេងៗគ្នាជាច្រើនផងដែរដូចជាពីតំបន់អេក្វាទ័រនៅភាគខាងត្បូងតាមរយៈវាលលំហក្តៅនៅក្នុងផ្នែកនៃតំបន់អាស៊ីខាងលិច អាស៊ីកណ្តាល និងអាស៊ីខាងត្បូង ក៏ដូចជាតំបន់អាកាសធាតុធន់ល្មមនៅភាគខាងកើតនិងកណ្តាលទ្វីប រហូតដល់តំបន់អនុអាកទិកនិងតំបន់ប៉ូលដ៏ធំនៅអាស៊ីខាងជើង។
Remove ads
ប្រភពនៃឈ្មោះ
ពាក្យ "អាស៊ី" (Asia) មានប្រភពមកពីពាក្យក្រិចបុរាណ "Ἀσία" ត្រូវបានសន្មតជាលើកដំបូងដោយប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុនគ.ស) ដើម្បីតំណាងឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បីពណ៌នាអំពីសង្គ្រាមពែក សំដៅទៅលើ "ចក្រភពពែក" ។
និយមន័យ
ព្រំប្រទល់អាស៊ី–អឺរ៉ុប

ការបំបែកពិភពចាស់ទៅជាបីប៉ែកមាន អាស៊ី អាហ្វ្រិក និងអឺរ៉ុបត្រូវបានគេយកមកអនុវត្តប្រើប្រាស់ចាប់តាំងពីសតវត្សរ៍ទី៦ មុន គ.ស. មកម៉្លេះទៅតាមទស្សនៈរបស់ភូមិវិទូក្រិកបុរាណពីរនាក់គឺ អាណាស៊ីម៉ង់ដ៍ និងអេកាធី។[៩] អាណាស៊ីម៉ង់ដ៍បានកំណត់ព្រំប្រទល់រវាងអាស៊ីនិងអឺរ៉ុបនៅត្រង់ទន្លេហ្វាស៊ីស (បច្ចុប្បន្នជាទន្លេរីយ៉ូនីនៅក្នុងភាគខាងលិចនៃប្រទេសចចជី) ហើយសម្មតិកម្មបែបនេះនៅតែបន្តប្រើប្រាស់ដោយអេកាធីនៅក្នុងសតវត្សរ៍ទី៥ មុន គ.ស.។[១០] នៅក្នុងសម័យអេល្លេនិស្ត៍[១១] សម្មតិកម្មរបស់អ្នកប្រាជ្ញទាំងពីរត្រូវបានគេកែលម្អ ហើយព្រំប្រទល់រវាងទ្វីបទាំងពីរត្រូវបានលើកទៅទន្លេតាណៃស៍ (បច្ចុប្បន្នជាទន្លេដុននៅក្នុងប្រទេសរុស្ស៊ី)។ សម្មតិកម្មដែលកែលម្អនេះក៏ត្រូវបានកវីនិពន្ធក្នុងសម័យរ៉ូមយកទៅប្រើប្រាស់ជាបន្តបន្ទាប់មានដូចជា ប៉ូស៊ីដូញីអូស[១២] ស្ត្រាបុង[១៣] និងតូលេមី។[១៤]
នៅស៊ុយអែតក្នុងឆ្នាំ១៧៣០ ប្រាំឆ្នាំក្រោយព្រះចៅពីទ័រនៃរុស្ស៊ីបានសោយទិវង្គត លោកហ្វីលីបយ៉ូហាន វនស្ត្រាលិនប៊ែកបានបោះពុម្ភសៀវភៅផែនទីថ្មីដោយស្នើការកំណត់ជួរភ្នំអ៊ូរ៉ាល់ជាព្រំដែនបំបែកអឺរ៉ុបពីអាស៊ី។ នៅសតវត្សរ៍ក្រោយ សំណើកំណត់ព្រំប្រទល់ជាច្រើនផ្សេងៗគ្នាត្រូវបានអ្នកប្រាជ្ញនិងភូមិវិទូនៅទូទាំងទ្វីបអឺរ៉ុបលើកយកមកសាកល្បងពិសោធន៍នៅលើផែនទី ប៉ុន្តែមកដល់ពាក់កណ្ដាលសតវត្សរ៍ទី១៩ ទន្លេអ៊ូរ៉ាល់ក៏ត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាជាខណ្ឌបំបែកអឺរ៉ុបពីអាស៊ី ដោយគេបានប្ដូរចេញពីសមុទ្រខ្មៅមកកាន់សមុទ្រកាសព្យែនដែលជាទីតាំងទន្លេអ៊ូរ៉ាល់ហូរចូល។[១៥] ខណ្ឌបំបែកទ្វីបទាំងពីរនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រកាសព្យែនជាធម្មតាត្រូវបានគេកំណត់នៅតាមបណ្តោយជួរភ្នំកូកាស ប៉ុន្តែក្នុងករណីខ្លះ វាត្រូវបានគេលើកទៅភាគខាងជើងជួរភ្នំបន្តិច។[១៦]
ព្រំប្រទល់អាស៊ី–អាហ្វ្រិក
ព្រំប្រទល់រវាងទ្វីបអាស៊ីនិងអាហ្រ្វិកគឺស្ថិតនៅព្រែកជីកស៊ុយអេ ឈូងសមុទ្រស៊ុយអេ សមុទ្រក្រហម និងបាបអែលម៉ាន់ដេប។[១៧] អាស្រ័យហេតុនេះ ប្រទេសអេហ្ស៊ីបត្រូវបានគេចាត់ទុកថាជាប្រទេសអន្តរទ្វីប ដោយឧបទ្វីបស៊ីណៃរបស់វាគឺមានទីតាំងស្ថិតនៅប៉ែកនៃទ្វីបអាស៊ី ខណៈទឹកដីអេហ្ស៊ីបទាំងប៉ុន្មានទៀតគឺស្ថិតនៅខាងប៉ែកអាហ្វ្រិក។
ព្រំប្រទល់អាស៊ី–អូសេអានី

ព្រំដែនរវាងអាស៊ី និងអូសេអានីជាធម្មតាត្រូវបានគេកំណត់នៅក្នុងម្ដុំប្រជុំកោះឥណ្ឌូណេស៊ី ពិសេសគឺនៅឥណ្ឌូណេស៊ីខាងកើត ឬនៅតាមខ្សែដូចដែលបានឃើញក្នុងរូបភាព។
ព្រំប្រទល់អាស៊ី–អាមេរិកខាងជើង
សូមមើលផងដែរ: អាស៊ីឦសាន

ច្រកសមុទ្រប៊ែរីង និងសមុទ្រប៊ែរីងបានបំបែកដីនៃទ្វីបអាស៊ីពីទឹកដីនៃទ្វីបអាមេរិកខាងជើង ក៏ដូចជាបង្កើតបានជាព្រំដែនអន្តរជាតិរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។ ព្រំដែនជាតិ និងទ្វីបនេះផងដែរគឺបានពុះបំបែកប្រជុំកោះឌីអូម៉េដនៅចំពាក់កណ្ដាលច្រកសមុទ្រប៊ែរីង ដោយចែកកោះឌីអូម៉េដធំនៅខាងរុស្ស៊ី និងកោះឌីអូម៉េដតូចនៅខាងសហរដ្ឋអាមេរិក។
និយមន័យបច្ចុប្បន្ន

អ្នកភូមិសាស្ត្រមួយចំនួន មិនបានសន្មតថា អាស៊ី និង អឺរ៉ុប ជាទ្វីបពីរផ្សេងគ្នាទេ ដោយពួកគេពុំមានលក្ខណៈរូបណាមួយដើម្បីខណ្ឌចែកឱ្យដាច់ពីគ្នានោះឡើយ។ តាមលក្ខណៈភូមិសាស្ត្រ អាស៊ីគឺជាផ្នែកគោលខាងកើតនៃ "ទ្វីបអឺរ៉ាស៊ី" ដែលមានអឺរ៉ុបគឺជាឧបទ្វីបប៉ែកពាយព្យបំផុតនៃផ្ទាំងទ្វីបនេះ។ អ្នកភូមិសាស្ត្រខ្លះទៀតយល់ថា អាស៊ី អឺរ៉ុប និង អាហ្វ្រិក គឺជាផ្ទាំងទ្វីបតែមួយហៅថា "អាហ្វ្រិកអឺរ៉ាស៊ី"។
Remove ads
ប្រវត្តិសាស្ត្រ
បុរេប្រវត្តិ

នៅប្រមាណ ១.៨ លានឆ្នាំមុន អូម៉ូអេរ៉េកធូសដែលជាអម្បូរជីដូនជីតាដើមមួយរបស់មនុស្សយើងបច្ចុប្បន្នបានចាប់ផ្ដើមធ្វើដំណើរចាកចេញពីទ្វីបអាហ្រ្វិក។[១៨] អម្បូរពូជមួយនេះត្រូវបានគេជឿថាបានចូលមករស់នៅក្នុងតំបន់អាស៊ីបូព៌ា និងអាគ្នេយ៍ពី ១.៨ លានទៅ ១១ ម៉ឺនឆ្នាំមុន។[១៩] អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជឿថា អម្បូរមនុស្សបច្ចុប្បន្ន ឬអូម៉ូសាព្យាងនោះបានធ្វើនិរប្រវេសន៍មកកាន់អាស៊ីខាងត្បូងនៅប្រមាណ ៦០,០០០ ឆ្នាំមុនតាមបណ្តោយមហាសមុទ្រឥណ្ឌា។[២០]
បុព្វបុរសនៃពួកអឺរ៉ាស៊ីខាងកើតបានបំបែកចេញពីពួកអឺរ៉ាស៊ីបុរាណខាងលិចនៅប្រមាណ ៤៦,០០០ ឆ្នាំមុន ដោយធ្វើនិរប្រវេសន៍ចេញពីតំបន់ខ្ពង់រាបអ៊ីរ៉ង់។[២១] ភ័ស្តុតាងពីការសិក្សាអំពីពន្ធុវិទ្យាពេញលេញបានបង្ហាញថា មនុស្សដំបូងនៅទ្វីបអាមេរិកត្រូវបានបែកចេញពីពួកអាស៊ីបូព៌ាបុរាណនៅប្រមាណ ៣៦,០០០ ឆ្នាំមុន ហើយបានវាតទីទៅភាគខាងជើងចូលទៅកាន់តំបន់ស៊ីបេរី ដែលជាកន្លែងពួកគេបានជួប និងប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្សស៊ីបេរីសម័យថ្មបំបែក (ដែលគេស្គាល់ថា ពួកអឺរ៉ាស៊ីបុរាណខាងជើង) ហើយក៏បានបង្កបង្កើតជាក្រុមមនុស្សប៉ាលេអូស៊ីបេរី និងពួកអាមេរិកាំងបុរាណ។[២២]
សម័យបុរាណ

ប្រវត្តិសាស្ត្រនៅក្នុងទ្វីបអាស៊ីបានវិវត្តខុសៗគ្នាដោយផ្អែកទៅតាមតំបន់នីមួយៗក្នុងទ្វីបនេះ ដូចជា៖ អាស៊ីបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល និងអាស៊ីខាងលិច។ តំបន់ទាំងអស់នេះ ពិសេសចំពោះតំបន់នៅក្បែរមាត់សមុទ្របានផ្ដល់កំណើតដល់អរិយធម៌បុរាណៗជាច្រើន ដោយអ្នកស្រាវជ្រាវបានចាត់ទុកអរិយធម៌ទាំងនោះខ្លះថាជាអរិយធម៌មនុស្សដំបូងៗគេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អរិយធម៌នៅក្នុងអនុតំបន់មេសូប៉ូតាមី ជ្រលងទន្លេឥណ្ឌា និងទន្លេលឿងបានចែករំលែកភាពស្រដៀងគ្នាជាច្រើន ដោយគេជឿថាអរិយធម៌នៅក្នុងតំបន់ទាំងនេះប្រហែលជាបានដោះដូរចំណេះដឹងគ្នាទៅវិញទៅមកមានដូចជាចំណេះដឹងខាងបច្ចេកវិទ្យា និងគណិតវិទ្យាជាដើម។ នវានុវត្តន៍ផ្សេងៗទៀតដូចជាក្បួនសរសេរ ហាក់ដូចជាបានវិវត្តរៀងៗខ្លួន ខណៈទីប្រជុំជន រដ្ឋនគរ និងអាណាចក្រផ្សេងៗបានច្រើនកើតនិងវិវត្តជឿនលឿននៅតាមវាលទំនាបនៅតាមតំបន់ទាំងនោះ។
តំបន់វាលស្មោងនៅកណ្តាលទ្វីបអាស៊ីត្រូវបានក្រុមកុលសម្ព័ន្ធជិះសេះរស់នៅតាំងពីរយូរណាស់មកហើយ ហើយដោយសារវាលស្មោងរាបនោះទើបក្រុមមនុស្សនៅអាស៊ីកណ្ដាលអាចធ្វើទំនាក់ទំនងជាមួយអរិយធម៌ជិតខាងបានដោយងាយស្រួល។ ភាសាឥណ្ឌូអឺរ៉ុបរបស់ក្រុមពួកមនុស្សនៅតំបន់វាលស្មោងបានរីកភាយសាយចូលទៅកាន់តំបន់អាស៊ីខាងលិច អាស៊ីខាងត្បូង និងជាយព្រំដែននៃប្រទេសចិន។[២៣] តំបន់ភាគខាងជើងបំផុតនៃអាស៊ី ដែលរួមបញ្ចូលតំបន់ស៊ីបេរីស្ទើរទាំងអស់មិនបានទទួលឥទ្ធិពលអ្វីច្រើនពីក្រុមមនុស្សនៅតំបន់វាសស្មោងកណ្ដាលឡើយ នេះព្រោះតែដោយសារអាស៊ីខាងជើងមានព្រៃឈើក្រាស់ អាកាសធាតុត្រជាក់ខ្លាំង និងសម្បូរទៅដោយតំបន់ទុនដ្រា។
មជ្ឈិមសម័យ

ការបរាជ័យរបស់ចក្រភពប៊ីហ្សង់តាំង និងពែរ្សក្រោមថ្វីដៃកាលីផ្វចក្រឥស្លាមបាននាំឱ្យតំបន់អាស៊ីខាងលិច ក៏ដូចជាផ្នែកខាងត្បូងនៃតំបន់អាស៊ីកណ្តាល និងផ្នែកខាងលិចនៃអាស៊ីខាងត្បូងធ្លាក់ក្រោមការគ្រប់គ្រងរបស់អាណាចក្រឥស្លាមចាប់ផ្ដើមពីសតវត្សរ៍ទី៧។ ជាបន្ទាប់ សាសនាឥស្លាមបានរាលដាលបន្តជាច្រើនសតវត្សរ៍ទៅក្នុងតំបន់ឥណ្ឌាភាគខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជកម្មផ្លូវសូត្រសមុទ្រ។[២៤][២៥] ចក្រភពម៉ុងហ្គោលបានវាតទីយកតំបន់អាស៊ីមួយភាគធំនៅក្នុងសតវត្សរ៍ទី១៣ ដោយអូសបន្លាយពីប្រទេសចិនរហូតដល់ប៉ែកខាងកើតនៃទ្វីបអឺរ៉ុប។ មុនពេលពួកម៉ុងហ្គោលចូលលុកលុយ រាជវង្សសុងរបស់ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាមានប្រជាជនប្រហែល ១២០ លាននាក់ ប៉ុន្តែមកដល់ជំរឿនឆ្នាំ១៣០០ ដែលធ្វើឡើងក្រោយការឈ្លានពានបានបង្ហាញថាចំនួនប្រជាជនចិនបានធ្លាក់មកនៅត្រឹម ៦០ លាននាក់។[២៦]
កាលមរណៈដែលជាព្រឹត្តិការណ៍រាតត្បាតរោគជំងឺដ៏កាចសាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ត្រូវបានគេគិតថាមានដើមកំណើតចេញពីនៅតំបន់វាលទំនាបស្ងួតនៃអាស៊ីកណ្តាល ដោយកាលនុះជាតំបន់ដ៏មមាញឹកសម្រាប់ពាណិជ្ជកម្មផ្លូវសូត្រ។[២៧]
សម័យទំនើប
ដំណើរប្រឡូកចូលពាក់ព័ន្ធរបស់ជនជាតិអឺរ៉ុបនៅក្នុងទ្វីបអាស៊ីបានចាប់ផ្ដើមនៅក្នុងសម័យរុករក ដោយនាវាសំពៅជាច្រើនគ្រឿងពីអ៊ីបេរីក្រោមការដឹកនាំរបស់គ្រីស្តុប កូឡុំ និងវ៉ាស្កូដាកាម៉ាបានត្រួសត្រាយបើកច្រកផ្លូវថ្មីពីអឺរ៉ុបប៉ែកអាត្លង់ទិកមកកាន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌានៅចុងសតវត្សរ៍ទី១៥។[២៨] ចក្រភពរុស្ស៊ីក៏បានចាប់ផ្តើមពង្រីកទឹកដីចូលអាស៊ីភាគពាយ័ព្យផងដែរចាប់ពីសតវត្សរ៍ទី១៧ ហើយទីបំផុតបានត្រួតត្រាតំបន់ស៊ីបេរី និងអាស៊ីកណ្តាលទាំងមូលនៅចុងសតវត្សរ៍ទី១៩។
ក្រៅពីចក្រភពមកពីទ្វីបអឺរ៉ុប ចក្រភពអូតូម៉ង់ (បច្ចុប្បន្នប្រទេសតួកគី) បានគ្រប់គ្រងអនុតំបន់អាណាតូលី មជ្ឈិមបូព៌ាមួយភាគធំ អាហ្រ្វិកខាងជើង និងតំបន់បាល់កង់ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី១៦ ខណៈដែលនៅក្នុងសតវត្សរ៍ទី១៧ ក្រុមជនជាតិម៉ាន់ជូបានសញ្ជ័យយកចិនមកគ្រប់គ្រងក្រោមអំណាចខ្លួនដោយបង្កើតបានជារាជវង្សឈីង។ ចក្រភពមុគល (ជារដ្ឋស្នងតពីឌិល្លីស៊ុលតង់ចក្រនៅរវាងសតវត្សរ៍ទី១៣ ដល់ដើមសតវត្សរ៍ទី១៦)[២៩] និងចក្រភពមរាឋាបានត្រួតត្រានៅលើទឹកដីប្រទេសឥណ្ឌាសព្វថ្ងៃចាប់ពីសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៨។[៣០]
រូបគំនូរបង្ហាញពីទិដ្ឋភាពនៅចុងបញ្ចប់នៃសមរភូមិផ្លាស្សេឆ្នាំ១៧៥៧ ដែលត្រូវជាចំណុចចាប់ផ្ដើមនៃប្រិដិឝរាជ
រូបគំនូរត្លុកបង្ហាញពីមហាអំណាចលោកខាងលិចកាត់បែងចែកប្រទេសចិន
រូបគំនូរត្លុកបង្ហាញពីអាមេរិកកំពុងសាងសង់ផ្លូវតភ្ជាប់ទៅប៉ាស៊ីហ្វិក រួមជាមួយទឹកដីអាណានិគមរបស់ខ្លួននៅហ្វីលីពីន (ឆ្វេង) ក្រោយពីយកឈ្នះសង្គ្រាមអាមេរិក–អេស្ប៉ាញឆ្នាំ១៨៩៨
ចក្រពត្តិនិយមបស្ចិមលោកនៅទ្វីបអាស៊ីបានប្រព្រឹត្តិទៅដំណាលគ្នាជាមួយនឹងបដិវត្តន៍ឧស្សាហកម្មនៅលោកខាងលិច ពោលគឺចាប់ពីសតវត្សរ៍ទី១៨ ដល់ទី២០ ហើយក៏ជាចំណុចរបត់មួយសម្រាប់ឥណ្ឌានិងចិនផងដែរ ដែលបានធ្លាក់ខ្លួនពីមហាអំណាចសេដ្ឋកិច្ចកំពូលពិភពលោក។[៣១] ចក្រភពអង់គ្លេសបានចាប់ផ្ដើមចូលត្រួតត្រាគ្រប់គ្រងតំបន់អាស៊ីខាងត្បូងតាមរយៈពាណិជ្ជកររបស់ខ្លួនចាប់ពីចុងសតវត្សរ៍ទី១៨ ដល់ដើមសតវត្សរ៍ទី១៩ មុនពេលត្រូវធ្លាក់ក្រោមអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលអង់គ្លេសផ្ទាល់នៅក្នុងឆ្នាំ១៨៥៧។ ការបិទបញ្ចប់ការសាងសង់ព្រែកជីកស៊ុយអេនៅក្នុងឆ្នាំ១៨៦៩ បានបើកផ្លូវឱ្យអង់គ្លេសចូលមកអាស៊ីកាន់តែងាយស្រួលជាងមុនតាមផ្លូវសមុទ្រ និងបានពន្លឿនការគ្រប់គ្រងរបស់អឺរ៉ុបលើទ្វីបអាហ្រ្វិក និងអាស៊ី។[៣២] កំឡុងពេលនោះដែរ មហាអំណាចលោកខាងលិចបានចាប់ផ្តើមចូលប្រជ្រៀតក្នុងកិច្ចការប្រទេសចិនដែលគេតែងស្គាល់ថាសតវត្សនៃភាពអាម៉ាស់ ដោយក្នុងនោះ អង់គ្លេសបានពង្រីកពាណិជ្ជកម្មអាភៀនចូលចិនជាហេតុនាំឱ្យផ្ទុះសង្គ្រាមអាភៀនឡើង និងជាលទ្ធផលបានបង្ខំឱ្យចិននាំចូលផលិតផលបរទេសច្រើនជាងការនាំចេញទៅក្រៅ។[៣៣][៣៤]
ការត្រួតត្រាដោយបរទេសនៅចិនបានវិវត្តបន្តមួយកម្រិតទៀតនៅពេលដែលចក្រភពជប៉ុនចូលគ្រប់គ្រងផ្នែកខ្លះនៃប្រទេសចិន ក៏ដូចជាតំបន់អាស៊ីបូព៌ាមួយភាគ និងព្រមទាំងតំបន់អាស៊ីអាគ្នេយ៍អស់មួយរយៈផងដែរ (ដោយមុនស្ថិតនៅក្រោមអំណាចជប៉ុន អាស៊ីអាគ្នេយ៍ធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេស ហុល្លង់ និងបារាំង ចាប់ផ្ដើមនៅចុងសតវត្សរ៍ទី១៩)[៣៥] នូវែលគីនេ និងប្រជុំកោះប៉ាស៊ីហ្វិក។ ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងយោធារបស់ជប៉ុននាសម័យនោះគឺជាលទ្ធផលនៃកំណែទម្រង់សម័យម៉េជិនៃចុងសតវត្សរ៍ទី១៩ ដោយផ្អែកតាមគំរូឧស្សាហកម្មពីលោកខាងលិច។[៣៦][៣៧] ក្រៅពីជប៉ុន សហរដ្ឋអាមេរិកក៏បានងាកមកចាប់អារម្មណ៍នឹងទ្វីបអាស៊ីផងដែរដោយដំបូងបានចាប់ផ្ដើមបញ្ជ្រាបអំណាចឥទ្ធិពលខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិកនៅដើមនិងពាក់កណ្តាលសតវត្សរ៍ទី១៩។[៣៨] ការដួលរលំនៃចក្រភពអូតូម៉ង់នៅដើមសតវត្សរ៍ទី២០ បាននាំឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ក្រោមអំណាចត្រួតត្រាថ្មីដោយអង់គ្លេសនិងបារាំង។[៣៩]
សហសម័យ

បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់នៅក្នុងឆ្នាំ១៩៤៥ រួមទាំងវិនាសកម្មបង្កឡើងដោយសង្រ្គាមនៅទ្វីបអឺរ៉ុបនិងប្រទេសជប៉ុន បានបណ្ដាលឱ្យប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីបានចាប់ផ្ដើមរើបម្រះរំដោះខ្លួនចេញពីរបបអាណានិគមបរទេស។[៤០] ឯករាជ្យភាពឥណ្ឌាបានញែកតំបន់អាស៊ីខាងត្បូងចេញជាច្រើនប្រទេស ពិសេសតំបន់ដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនដូចជាប៉ាគីស្ថាននិងបង់ក្លាដែស ដែលបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៩៧១។[៤១] សង្គ្រាមត្រជាក់បានជះឥទ្ធិពលគ្រប់រូបភាពដល់ទ្វីបអាស៊ី ដោយក្នុងនោះ វាបានបង្កភាពតានតឹងដល់ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបន្តមានរហូតមកដល់សព្វថ្ងៃ។[៤២] ការបញ្ចប់សង្រ្គាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ បានផ្ដល់ឯករាជ្យភាពដល់ប្រទេសអាស៊ីកណ្តាលថ្មីចំនួនប្រាំ។[៤៣]
ប្រទេសអារ៉ាប់មួយចំនួនបានទាញផលប្រយោជន៍សេដ្ឋកិច្ចពីឧស្សាហកម្មប្រេងកាត ជាហេតុនាំឱ្យបណ្ដាប្រទេសទាំងនោះអាចផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនបានទៅកាន់ផ្នែកផ្សេងៗនៅលើសាកលលោក[៤៤] តែយ៉ាងណា តំបន់មជ្ឈិមបូព៌ានៅតែប្រឈមនឹងអស្ថិរភាពម្តងម្កាល ដែលជាលទ្ធផលនៃជម្លោះអ៊ីស្រាអែល–អារ៉ាប់ និងយុទ្ធនាការយោធាផ្សេងៗដែលដឹកនាំដោយអាមេរិក។[៤៥][៤៦] ប្រជាជាតិអាស៊ីបូព៌ា (ក៏ដូចជាសិង្ហបុរីនៅអាស៊ីអាគ្នេយ៍) បានក្លាយជាប្រទេសសេដ្ឋកិច្ចរីកចម្រើនជឿនលឿនដោយទទួលរហស្សនាមថា "ខ្លាសេដ្ឋកិច្ច"។[៤៧] បន្ទាប់ពីឆ្លងកាត់កំណែទម្រង់ទីផ្សារពាណិជ្ជកម្មក្រោមការដឹកនាំរបស់តេង សៀវពីង[៤៨] ប្រទេសចិនបានដណ្ដើមឋានៈក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលវិញនៅក្នុងសតវត្សរ៍ទី២១។[៤៩] សេដ្ឋកិច្ចប្រទេសឥណ្ឌាក៏បាទទួលការអភិវឌ្ឍន៍រីកចម្រើនខ្លះផងដែរ ពិសេសបន្ទាប់ពីការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចឥណ្ឌាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០[៥០] ដោយភាពក្រីក្រកម្រិតធ្ងន់បានធ្លាក់ចុះមកនៅក្រោម ២០%។[៥១] ភាពរីកចម្រើននៃប្រទេសឥណ្ឌា និងចិនបានកើតឡើងស្របពេលដែលប្រទេសទាំងពីរមានជម្លោះតានតឹងជាមួយនឹងគ្នាហើយវានៅតែអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ពិសេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលកំពុងទទួលរងឥទ្ធិពលពីការប្រកួតប្រជែងយ៉ាងសកម្មរវាងប្រទេសចិននិងគូប្រជែងរបស់ចិន។[៥២][៥៣]
- ការបែងចែកពិភពចាស់ជាទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក យោងតាមភូមវិទូក្រិកបុរាណដូចជា អាណាស៊ីម៉ង់ដ៍ និងអេកាធី។
- ផែនទីទ្វីបអាស៊ីក្នុងឆ្នាំ១៨២៥
- ផែនទីនៃតំបន់អាស៊ីកណ្ដាល ត្បូង និងលិចនៅក្នុងឆ្នាំ១៨៨៥[៥៤]
- ផែនទីនៃទ្វីបអាស៊ីក្នុងឆ្នាំ១៧៩៦ ដែលរួមមានអូស្ត្រាលី (ដែលកាលនុះគេច្រើនស្គាល់ថា នូវែលហុល្លង់)
- ផែនទីនៃទ្វីបអាស៊ីក្នុងឆ្នាំ១៨៩០
Remove ads
ភូមិសាស្ត្រ

ប្រទេស និងតំបន់នៅអាស៊ី
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads