ធម្មសភាយុត្តិធម៌សកល
From Wikipedia, the free encyclopedia
ធម្មសភាយុត្តិធម៌សកល ( ពែរ្ស: بیتالعدل اعظم ) គឺជាស្ថាប័នគ្រប់គ្រងកំពូលដែលមានសមាជិកប្រាំបួនរូបក្នុងជំនឿសាសនាបាហៃ ។ ពួកគេត្រូវបានប្រមើលដោយព្រះបាហាអ៊ុលឡាហ៍ដែលជាស្ថាបនិកនៃជំនឿសាសនាបាហៃ ថាជាស្ថាប័នដែលអាចបង្កើតច្បាប់លើបញ្ហាដែលមិនទាន់បានដោះស្រាយនៅក្នុងសំណេររបស់បាហៃ ផ្តល់នូវភាពបត់បែនសម្រាប់ជំនឿបាហៃដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌដែលផ្លាស់ប្តូរ។ [1] ពួកគេត្រូវបានបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ 1963 ហើយជាបន្តបន្ទាប់រៀងរាល់ប្រាំឆ្នាំម្តង ដោយប្រតិភូដែលជាសមាជិកនៃធម្មសភាជាតិបាហៃនៅទូទាំងពិភពលោក។
ក្នុងនាមធម្មសភាយុត្តិធម៌សកលជាប្រមុខនៃសាសនា បានផ្តល់ការណែនាំដល់សហគមន៍បាហៃទូទាំងពិភពលោកជាចម្បងតាមរយៈសេរ៊ីផែនការពហុឆ្នាំ ក៏ដូចជាតាមរយៈសារលិខិតប្រចាំឆ្នាំដែលត្រូវបានចែកចាយក្នុងអំឡុងពិធីបុណ្យ រីដវ៉ាន់ ។ សារលិខិតនានាបានផ្តោតលើការបង្កើនចំនួននៃ ធម្មសភាចិត្តកៈមូលដ្ឋាន ការបកប្រែអក្សរសិល្ប៍បាហៃ ការបង្កើតមជ្ឈមណ្ឌលបាហៃ ការកសាងទីសក្ការៈបូជាបាហៃ ការរៀបចំសន្និសីទអន្តរជាតិ និងការអភិវឌ្ឍប្រព័ន្ធអប់រំដើម្បីបង្កើនអក្ខរកម្ម តួនាទីរបស់ស្ត្រី ស្មារតីសម្រាប់កុមារ និងយុវជន ជីវិតគ្រួសារ ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច និងការសូត្រធម៌ជុំគ្នាក្នុងសហគមន៍។ [1] ធម្មសភាយុត្តិធម៌សកលក៏បានដើរតួនាទីក្នុងការឆ្លើយតបទៅនឹងការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធទៅលើសាសនិកបាហៃក្នុងប្រទេសអ៊ីរ៉ង់ ដោយការយកចិត្តទុកដាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។ [2]
សៀវភៅ និងឯកសារដែលបោះពុម្ពដោយធម្មសភាយុត្តិធម៌សកលត្រូវបានចាត់ទុកថាជាអាជ្ញាព្រឹត្ដិ ហើយការសម្រេចរបស់ខ្លួនត្រូវបានចាត់ទុកថាគ្មានកំហុសសំរាប់សាសនិកបាហៃ។ [3] ទោះបីជាខ្លួនត្រូវបានផ្តល់អំណាចឱ្យបង្កើតច្បាប់ទៅលើបញ្ហាដែលមិនត្រូវបានដោះស្រាយនៅក្នុងសំណេរពិសិដ្ឋបាហៃក៏ដោយ ធម្មសភាយុត្តិធម៌សកលកម្រនឹងបានអនុវត្តមុខងារនេះណាស់។ [4]
អាសនៈនៃធម្មសភាយុត្តិធម៌សកល និងសមាជិករបស់ខ្លួនស្ថិតនៅក្នុង ទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល នៅលើ ជម្រាលភ្នំខាម៉ែល ។ [5] ការបោះឆ្នោតថ្មីៗបំផុតគឺថ្ងៃទី 29 ខែមេសា ឆ្នាំ 2018។ [6] ទោះបីជាតួនាទីផ្សេងទៀតទាំងអស់ដែលត្រូវបានបោះឆ្នោតនិងតែងតាំងនៅក្នុងជំនឿបាហៃបើកចំហសម្រាប់បុរស និងស្ត្រីក៏ដោយ សមាជិកភាពនៅលើធម្មសភាយុត្តិធម៌សកលគឺសម្រាប់តែបុរសប៉ុណ្ណោះ។ សំណេររបស់បាហៃចង្អុលបង្ហាញថាហេតុផលសម្រាប់រឿងនេះនឹងកាន់តែច្បាស់នាពេលអនាគត។ [1]