ពុយមីស
សិលាភ្នំភ្លើង មានពណ៌ស្រាល និងស្នាមពពុះខ្លាំង / From Wikipedia, the free encyclopedia
ពុយមីស ជាឈ្មោះរបស់ថ្មភ្នំភ្លើង ដែលជាកំអែភ្នំភ្លើងដែលកកនិងកើតពពុះ កើតឡើងនៅពេលថ្មរងនូវកំដៅខ្លាំងបំផុត និងរងសំពាធខ្លាំងបំផុត ត្រូវផ្ទុះចេញមកក្រៅដោយបន្ទុះភ្នំភ្លើង។ កំនកំនើតមិនធម្មតានេះ កើតឡើងដោយសារ ការចុះត្រជាក់ភ្លាមៗ និង ការថយសំពាធភ្លាមៗ។ ការថយចុះសំពាធភ្លាមៗ នាំអោយកើតពពុះ ដោយសារការបន្ថយចំនុចរំពុះនៃកំអែភ្នំភ្លើង (ដូចជាកកើតពពុះ នៅពេលយើងបើកភេសជ្ជៈកាបូណាត)។ ការចុះត្រជាក់ដែលកើតឡើងព្រមគ្នា ក៏បង្កកពពុះទុកក្នុងកំអែនោះ។ ពុយមីស ផ្សំមួយភាគធំពី កែវប្លោកៗ ពីរ៉ូក្លាស្ទិច ដែលមានភ្នាសរបស់ប្លោកទាំងនោះស្តើង ថ្លា កើតឡើងពីលំហូរម៉ាក់ម៉ាចេញមកក្រៅ។ ជាទូទៅ ប្រហែលជាពាក់កណ្តាលផ្សំពីស៊ីលីស (ឧទាហរណ៍ រីយ៉ូលីទិច ដាស៊ីទិច អង់ដេស៊ីត ប៉ង់តេល្លរីត ផូណូលីត ត្រាស៊ីត) ប៉ុន្តែជាតិបាសាល់ និងធាតុផ្សំផ្សេងទៀត ក៏មានដែរ។ ពុយមីស ច្រើនតែមានពណ៌ស្លេក មានតាំងពីពណ៌ស ស៊ីជំពូ ខៀវ រឺប្រផេះ ទៅដល់បៃតងត្នោត រឺខ្មៅ។ ពុយមីសច្រើនតែកើតពីបន្ទុះភ្នំភ្លើង និង កកើតនៅផ្នែកខាងលើនៃកំអែស៊ីលីស។ ពុយមីសស្ពោតជាមធ្យម៩០ភាគរយ ហើយជាដំបូងអណ្តែតលើទឹក។
![Thumb image](http://upload.wikimedia.org/wikipedia/commons/4/4a/Pumice_on_20_dollars_thumb.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/7b/Teidepumice.jpg/220px-Teidepumice.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/01/Pumice_stone444.jpg/640px-Pumice_stone444.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/62/Pumice_stone_detail444.jpg/640px-Pumice_stone_detail444.jpg)
ស្កូរីយ៉ា ខុសពីពុយមីស ត្រង់ហាប់ជាង មានប្លោកធំជាង និងមានភ្នាសរបស់ប្លោកក្រាស់ជាង។ វាលិចក្នុងទឹក។ ភាពខុសគ្នា បណ្តាលមកពីវីស្កូស៊ីតេខ្សោយរបស់ម៉ាក់ម៉ា ដែលបង្កើតជាស្កូរីយ៉ា។ នៅពេលដែលមានបរិមាណឧស្ម័នច្រើន នោះវានឹងកើតជាពុយមីសប្រភេទគ្រាប់ល្មិត មានឈ្មោះថា ពុយមីស៊ីត។ ពុយមីសចាត់ទុកជាកែវ ព្រោះវាគ្មានរចនាសម្ព័ន្ធគ្រីស្តាល់។ ពុយមីស មានដង់ស៊ីតេប្រែប្រួល ទៅតាមកំរាស់របស់សំភារៈសូលីដ នៅចន្លោះពពុះនានា។ ពុយមីសភាគច្រើនអណ្តែតលើទឹក។ ប្លោកទាំងអស់មានទំរង់សំខាន់ពីរយ៉ាង។ ពុយមីសភាគច្រើនមានពពុះតូចៗរាងទូប ដែលប្រៀបដូចជាសរសៃសូត្រ។ ការលូតវែងនៃពពុះតូចៗនេះ កើតមកពីលំហូរនៃម៉ាក់ម៉ាចេញពីមាត់ភ្នំភ្លើង។ ពពុះ ខ្លះទៀតមានរាងស្ទើរស្វ៊ែរ ទៅស្វ៊ែរ ហើយកើតមកពីសំពាធខ្ពស់នៅពេលផ្ទុះ។