វិបត្តិរុស្ស៊ី-អ៊ុយក្រែនឆ្នាំ២០២១–២០២២
From Wikipedia, the free encyclopedia
នៅខែមីនា និងខែមេសា ឆ្នាំ២០២១ ប្រធានាធិបតីប្រទេសរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ជាឱ្យកងកម្លាំងយោធារុស្ស៊ីចាប់ផ្តើមប្រមូលផ្តុំទាហាន និងឧបករណ៍យោធារាប់រយរាប់ពាន់ដើមបញ្ជូនទៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងគ្រីមៀ។[33][34] សកម្មភាពនេះបានបង្កឱ្យមានវិបត្តិអន្តរជាតិមួយផុសឡើង និងបង្កើតក្តីបារម្ភជុំវិញការប៉ិនប៉ងឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ រូបភាពពីផ្កាយរណបបានបង្ហាញពីចលនារថយន្តយោធា មីស៊ីល និងអាវុធធុនធ្ងន់ជាច្រើនដែលបានកំពុងផ្តូកផ្តុំគ្នានៅក្បែរព្រំដែនរុស្ស៊ី–អ៊ុយក្រែន។[35][36] នៅអំឡុងខែមិថុនា ឆ្នាំ២០២១ កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានដកថយចេញវិញ[37] ប៉ុន្តែនៅក្នុងខែតុលា និងខែវិច្ឆិកានៃឆ្នាំដដែរ វិបត្តិនេះក៏បានត្រឡប់មកសារជាថ្មីម្តងទៀតនៅពេលដែលកងទ័ពរុស្ស៊ីជាង ១០០,០០០ នាក់បានប្រមូលផ្តុំគ្នានៅជុំវិញទឹកដីអ៊ុយក្រែនទាំងបីទិស។[38] ទោះបីជាមានការប្រមូលផ្តុំកងយោធារបស់រុស្ស៊ីក្តី ក៏មន្ត្រីរុស្ស៊ីនៅចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ តែងតែចេញបដិសេធម្តងហើយម្តងទៀតថា ប្រទេសគេមិនមានផែនការឈ្លានពានអ៊ុយក្រែនឡើយ។[39][40]
វិបត្តិរុស្ស៊ី–អ៊ុយក្រែន | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមរុស្ស៊ី–អ៊ុយក្រែន | |||||||
ការប្រមូលផ្ដុំកងកម្លាំងយោធារុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
ប្រទេសជួយផ្គត់ផ្គង់អាវុធ៖
ប្រទេសផ្ដល់ជំនួយយោធាមិនប៉ះពាល់ដល់ជីវិត៖
| |||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
វ៉្លាឌីមៀរ ពូទីន មីខាអ៊ីល មីឈូសទីន ស៊ែរជី ឡាហ្វរូវ ស៊ែរជី សូយហ្គូ អាឡិចសាន់ដឺ លូកាសិនកូ រ៉ូម៉ាំង ហ្កូលូវឆិនកូ ដេនីស ពូហ្ស៊ីលីន វ៉្លាឌីមៀរ បាសកូវ លេអូនីដ ប៉ាសេឆ្មីគ ស៊ែរជី កូហ្សលូវ |
វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដេនីស ស្មីហាល ឌីមីត្រូ គូលេបា អូលេកស៊ី រ៉េស្មីកូវ អង់ឌ្រី តារ៉ាន់ អូលេកស៊ី ដានីលូវ វ៉ាឡេរី ហ្សាលូហ្សីនី ស៊ែរហ៊ី សាប់តាឡា រូស្លង់ ឃុំឆាក់ | ||||||
កម្លាំង | |||||||
រុស្ស៊ី៖
បេឡារុស៖
ស.ប. ដូណេតស្ក៍៖
ស.ប. លូហ្កានស្ក៍៖
|
អ៊ុយក្រែន៖
|
វិបត្តិនេះបានកើតចេញពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយនិងកំពុងបន្ត បូករួមទាំងសង្រ្គាមនៅដុនបាស ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១៤។ នៅខែធ្នូ ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានចេញសេចក្តីព្រាងសន្ធិសញ្ញាចំនួនពីរដែលមានសំណើហៅថា "ការធានាសុវត្ថិភាព" រួមទាំងកិច្ចសន្យាស្របច្បាប់មួយថា អ៊ុយក្រែននឹងមិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក៏ដូចជាការកាត់បន្ថយកងទ័ពណាតូ និងជំរុំអយោម័យយោធារបស់ពួកគេដែលឈរជើងនៅតំបន់អឺរ៉ុបខាងកើត ហើយថែមទាំងបានគំរាមកំហែងអ៊ុយក្រែនទៀតថា រុស្ស៊ីនឹងឆ្លើយតបដោយប្រើកម្លាំងយោធា ប្រសិនបើការទាមទារទាំងនោះមិនត្រូវបានបំពេញជាក់លាក់។ អង្គការណាតូបានច្រានចោលសំណើទាំងនេះ ហើយសហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីអំពីទណ្ឌកម្មសេដ្ឋកិច្ចដ៏"រហ័ស និងធ្ងន់ធ្ងរ" ប្រសិនបើខ្លួនហ៊ានឈ្លានពានប្រទេសអ៊ុយក្រែន។[41] វិបត្តិនេះត្រូវបានអ្នកអត្ថាធិប្បាយជាច្រើននាំគ្នាចាត់ទុកថាជាវិបត្តិដ៏ព្រឺព្រួចបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។[42][43][44]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវតំបន់ផ្តាច់ខ្លួនចំនួនពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន ពោលគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ ជារដ្ឋឯករាជ្យ ហើយបានដាក់ពង្រាយទ័ពនៅតំបន់ដុនបាស។[45][46] បន្ទាប់មកនៅថ្ងៃទី២២ ខែកុម្ភៈ លោកពូទីនបាននិយាយថា កិច្ចព្រមព្រៀងទីក្រុងមីនស្កឹ គឺលែងមានសុពលភាពទៀតហើយ។[47] នៅក្នុងថ្ងៃដដែរ សភាជាន់ខ្ពស់ប្រទេសរុស្ស៊ីគឺក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតជាឯកច្ឆ័ន្ទឱ្យប្រើប្រាស់កម្លាំងយោធានៅក្នុងទឹកដីទាំងនោះ។[48]
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកពូទីនបានប្រកាសថា រុស្ស៊ីកំពុងចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" នៅក្នុងតំបន់ដុនបាស រួចបន្តិចមក លោកក៏បានបើកការឈ្លានពានយ៉ាងពេញទំហឹងចូលទៅក្នុងទឹកដីអ៊ុយក្រែន។