គ្រោះរញ្ជួយដីមីយ៉ាន់ម៉ាឆ្នាំ២០២៥
From Wikipedia, the free encyclopedia
Remove ads
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០:៥២ ម៉ោងនៅមីយ៉ាន់ម៉ា (០៦:២០:៥២ ម៉ោងសកល) មានគ្រោះរញ្ជួយដីកម្រិត ៧.៧ វិចទ័រមួយបានកើតឡើងនៅតំបន់សាហ្គាំងនៃប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅជុំវិញទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងធំបំផុតទីពីរនៅក្នុងប្រទេស។ វាត្រូវជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ១៩១២ និងជាគ្រោះរញ្ជួយដីដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាបានទទួលឯករាជ្យមកនៅក្នុងឆ្នាំ១៩៤៨។[២] ការរញ្ជួយដីមួយនេះបានបង្កឱ្យមានការខូចខាតជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅប្រទេសថៃជាប់ព្រំដែននោះ។
គ្រោះរញ្ជួយដីនេះបាននាំឱ្យមនុស្សជាង ៥,៣៥២ នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា, ៦៩ នាក់នៅប្រទេសថៃ និង ១ នាក់នៅវៀតណាម។[៣][៤][៥] មនុស្សជាង ៦,៦២០ នាក់ទៀតបានទទួលរងរបួស។ មនុស្សប្រមាណរាប់រយនាក់បន្ថែមទៀតបានកំពុងបាត់ខ្លួន ដូចជានៅក្នុងការដ្ឋានសំណង់អគារខ្ពស់រលំមួយកន្លែងនៅទីក្រុងបាងកកជាដើម។ អាជ្ញាធរនៃប្រទេសទាំងពីរបានប្រកាសភាពអាសន្ន និងទាយថាចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង។[៦][៧] សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាបច្ចុប្បន្នបានដាក់បន្ទុកបន្ថែមទៅលើដំណើរជំនួយគ្រោះមហន្តរាយនានានៅក្នុងប្រទេស។[៨]
Remove ads
រញ្ជួយដី
គ្រោះរញ្ជួយដីនេះបានផ្ទុះឡើងនៅវេលាម៉ោង ១២ៈ៥០ ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដោយចំណុចរញ្ជួយមាននៅតំបន់ជុំវិញទីក្រុងម៉ាន់ដាឡាយនៅត្រង់ព្រំដែនតំបន់សាហ្គាំង–ម៉ាន់ដាឡាយ។ បើយោងទៅតាមភ្ញាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) កម្លាំងវាមានរហូតដល់ទៅ ៧.៧ វិចទ៍រ ខណៈនាយកដ្ឋានឧតុនិយមថៃបានកំណត់វានៅកម្រិត ៨.២ វិចទ័រ។[៩] ចំណែកឯវិទ្យាស្ថានរូបវិទ្យាផែនដីសកលនៅប៉ារីសវិញបានកំណត់កម្លាំងរញ្ជួយដីនេះនៅ ៧.៩ វិចទ័រ។[១០]
វាជាគ្រោះរញ្ជួយដីដ៏ធំបំផុតនៅមីយ៉ាន់ម៉ាចាប់តាំងពីគ្រោះរញ្ជួយដីភូមាឆ្នាំ១៩១២ (ដែលមានកម្លាំង ៧.៩ វិចទ័រ)។[១១] មូលហេតុនៃការរញ្ជួយនេះគឺត្រូវបានគេកំណត់ថាបណ្ដាលមកពីសម្រុតដីកន្ត្រាក់គ្នាជាមួយសម្រុតសាហ្គាំងនៅជម្រៅ ១០ គម ក្រោមដី។ បើយោងតាមម៉ូឌែលសម្រុតកំណត់ដែលបញ្ចេញដោយ USGS បានបង្ហាញថា ទម្លុះសម្រុតរញ្ជួយដីនេះបានប្រេះអន្លាយរហូតដល់ទៅ ៣៥០ គម សរុបនៅក្នុងជម្រៅ ១០ គម ចាប់ពីក្រុងថាបិជីននៅម៉ាន់ដាឡាយរហូតដល់រដ្ឋធានីណៃពិដោដោយប្រមាណ ១០០ គម ពីចំណុចរញ្ជួយទៅភាគខាងជើង និង ២៥០ គម ទៅភាគខាងត្បូង។ គ្រោះរញ្ជួយដីមួយនេះបានបង្កើតឧបទ្ទវហេតុរញ្ជួយតូចៗប្រមាណជាង ៧០ ករណីបន្ថែមទៀត[១២][១៣] ដោយក្នុងចំណោមនោះ រញ្ជួយដ៏ខ្លាំងជាងគេមានកម្លាំងប្រមាណ ៦.៧ វិចទ័រដែលបានកើតឡើងប្រមាណ ១២ នាទីក្រោយរញ្ជួយធំដំបូង។
Remove ads
ផលប៉ះពាល់
នៅមីយ៉ាន់ម៉ា

សារព័ត៌មានក្នុងស្រុកគឺមីហ្ស៊ីម៉ាបានរាយការណ៍ពីទិន្នន័យអ្នកបាត់បង់ជីវិតថាមានជាង ៤,៣៩០ នាក់ ខណៈអ្នករងរបួសមានប្រមាណ ៣,៥០០ នាក់។[១៤] បើយោងទៅតាមទិន្នន័យដែលចងក្រងឡើងដោយអង្គការសំឡេងប្រជាធិបតេយ្យភូមាបានបញ្ជាក់ថាមនុស្សយ៉ាងតិច ៣,៨៤០ នាក់បានបាត់បង់ជីវិត។[៣] មនុស្សស្លាប់ភាគច្រើនស្ថិតនៅតំបន់រដ្ឋបាលម៉ាន់ដាឡាយ ណៃពិដោ សាហ្គាំង សាន ពគោ និងកាយីន។ ប្រភពដដែរក៏បានរាយការណ៍ដែរថាមានមនុស្សប្រមាណ ៧០០ នាក់បានកំពុងបាត់ខ្លួន និងចំនួន ៤,៧២០ នាក់បានរងរបួស។[៣] រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានរាយការណ៍ថាចំនួនមនុស្សស្លាប់មានរហូតដល់ទៅជាង ២,៤០០ នាក់[១៥] ខណៈរបបយោធាមីយ៉ាន់ម៉ាវិញបានថ្លែងថាមានមនុស្សស្លាប់ជាង ៣,០០០ នាក់ ហើយ ៣៥០ នាក់កំពុងបានបាត់ខ្លួន និង ៤,៥១០ នាក់បានរងរបួស។ ស្ថិតិនៃចំនួនអ្នកស្លាប់គឺគេកំពុងតែប្រមូលជាបន្តបន្ទាប់នៅឡើយ។[១៦][១៧] រដ្ឋាភិបាលរួបរួមជាតិបានប៉ាន់ប្រមាណថាប្រជាជនភូមាជាង ៨ លាននាក់ត្រូវទទួលរងគ្រោះ និងកំពុងត្រូវការសង្គ្រោះបន្ទាន់។[១៨]

ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជាប្រព័ន្ធទូរស័ព្ទ និងអ៊ីនធើណេតត្រូវបានផ្ដាច់នៅទូទាំងប្រទេស[១៩] ខណៈចំនួនជនរងគ្រោះនៅតំបន់ជនបទនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ។[២០] យោងតាមប្រភពពីរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានឱ្យដឹងថា ទីលំនៅប្រជាជនប្រមាណ ១៣,៤១១ បូករួមទាំងអគារសាសនាចំនួន ២៨០ ផ្លូវចំនួន ៤៣ ខ្សែ និងស្ពានជាច្រើនត្រូវទទួលរងការខូតខាត ឬបាក់រលំទាំងស្រុង។[២១] អង្គការឥស្លាមសាសនាមីយ៉ាន់ម៉ារួមបានប៉ាន់ប្រមាណថាមនុស្សប្រហែល ២៥០ នាក់បានបាត់បង់ជីវិត ហើយវិហារឥស្លាមចំនួន ៥០ ត្រូវដួលរលំក្នុងកំឡុងអធិដ្ឋានព្រះថ្ងៃសុក្រ។[២២] របបយោធាបានថ្លែងថា វិហារព្រះពុទ្ធសាសនាចំនួន ៦៧០ និងវត្តអារាមចំនួន ២៩០ ត្រូវបានរងការខូចខាត។[២៣]
នៅថៃ

នៅប្រទេសថៃវិញ គ្រោះរញ្ជួយនេះបានផ្ដាច់ជីវិតមនុស្សចំនួន ៦៩ នាក់ និងបង្ករបួសដល់មនុស្សចំនួន ៣២ នាក់ផ្សេងទៀតនៅរាជធានីបាងកក[២៤][៤] និងរបួសម្នាក់នៅខេត្តនន្ទបុរី។[២៥] ករណីស្លាប់ និងបាត់ខ្លួនភាគច្រើនកើតឡើងនៅក្នុងឧបទ្ទវហេតុដួលរលំអគារកំពុងសាងសង់មួយកន្លែងក្នុងអំឡុងពេលរញ្ជួយ។ ឥទ្ធិពលរញ្ជួយដីនេះបានរង្គោះរង្គើខេត្តចំនួន ៦៣ ក្នុងចំណោមខេត្តទាំង ៧៧ នៃប្រទេសថៃ (រួមទាំងរាជធានីបាងកក) ដោយបង្កការខូចខាតនៅក្នុងខេត្តចំនួន ១៨ ដែលភាគច្រើនស្ថិតនៅភាគខាងជើង និងជុំវិញបាងកក។[២៥]
អគារដែលបាក់រលំចុងមកក្រោមគឺត្រូវជាអគារការិយាល័យ ៣៣ ជាន់ដែលកំពុងសាងសង់ត្រៀមជាទីស្នាក់ការរបស់ការិយាល័យសវនកម្មថៃនៅក្នុងសង្កាត់ចតុចក្រ។ ហេតុការណ៍រលំអគារមួយនេះបានបណ្ដាលឱ្យពលករកម្មករចំនួន ២៩ នាក់បាត់បង់ជីវិត និងរបួស ១៨ នាក់ (បញ្ជាក់រួចជាផ្លូវការ) ខណៈ ៧៨ នាក់ទៀតនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ បើគិតត្រឹមថ្ងៃទី៣០ ខែមីនា។[៤] ករណីមនុស្សស្លាប់ចំនួន ៧ នាក់ និងរបួស ១៥ នាក់ផ្សេងទៀតគឺកើតឡើងនៅទីកន្លែងផ្សេងៗនៅក្នុងទីក្រុង។[៤]
ករណីមនុស្សស្លាប់ភ្លាមៗចំនួនពីរករណីដែលអាចមកពីការគាំងបេះដូងត្រូវបានគេថ្លែងរាយការណ៍ថាបានកើតឡើងនៅក្នុខេត្តនន្ទបុរី និងខេត្តសមុទ្រប្រាការ[២៦][២៧] ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការច្បាស់លាស់អ្វីពីទំនាក់ទំនងនៃការស្លាប់ទៅនឹងគ្រោះរញ្ជួយដីនោះឡើយ។

ឧបនាយករដ្ឋមន្ត្រីថៃ លោកភូមិធម្ម វិជាយជ័យបានថ្លែងពីគ្រោះរញ្ជួយដីនេះថាជារឿងដែលមិនធ្លាប់មានពីមុនមកនៅបាងកកក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។[២៨] វាបានធ្វើឱ្យអគារខ្ពស់ៗក្នុងទីក្រុងមានចលនាយោលចុះឡើង បង្កឱ្យមានការភ័យស្លន់ស្លោពីសំណាក់ប្រជាពលរដ្ឋដែលកំពុងមានវត្តមានក្នុងអគារទាំងនោះ នាំឱ្យពួកគេស្រវានាំគ្នារត់ចេញក្រៅទៅតាមដងផ្លូវ។ អគារភាគច្រើនបានជម្លៀសមនុស្សចេញក្រៅ ហើយទីកន្លែងសាធារណៈមួយចំនួនត្រូវបានបិទទ្វារ។ ប្រព័ន្ធខ្សែផ្លូវដែកទាំងអស់ត្រូវបានផ្អាក ហើយផ្លូវថ្នល់ខ្លះត្រូវបានបិទជាបណ្ដោះអាសន្ន។[២៩] ចរាចរណ៍ផ្លូវគោកត្រូវផ្អាកនៅកកស្ទះមួយកន្លែងរហូតចូលដល់ពេលយប់ល្ងាច។[៣០]
នៅទីតំបន់ផ្សេងៗ

នៅក្នុងខេត្តយូណាននៃប្រទេសចិន ឥទ្ធិពលរង្គើពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានអង្រួនខេត្តមួយនេះស្ទើរទាំងមូល។ មនុស្សចំនួនពីរនាក់បានទទួលរងរបួសនៅក្នុងទីក្រុងរួយលីជាប់ព្រំដែនមីយ៉ាន់ម៉ា[៣១][៣២] ខណៈមនុស្សប្រាំបួននាក់ទៀតត្រូវបានអាជ្ញាធរជួយសង្គ្រោះបន្ទាប់ពីជាប់ក្នុងជណ្ដើរយន្តប្រអប់។[៣៣] ទីលំនៅចំនួន ៨៤៧ នៅក្នុងក្រុងត្រូវរងការខូចខាតដែលប៉ះពាល់ដល់ប្រជាជនចំនួន ២,៨៤០ នាក់។[៣៤] ខេត្តមួយចំនួននៅក្បែរៗនោះដូចជាខេត្តគុយចូវ ក្វាងស៊ី និងស៊ីឆ័នក៏ត្រូវរងឥទ្ធិពលរញ្ជួយខ្លះៗផងដែរ។[៣៥] ក្រសួងការបរទេសចិនបានថ្លែងបញ្ជាក់ថា គ្មានប្រជាពលរដ្ឋចិនណាម្នាក់បានបាត់បង់ជីវិតពីគ្រោះរញ្ជួយដីនេះទេ។
វត្តមានរំជួលត្រូវបានគេកត់ត្រានៅក្នុងទីក្រុងហាណូយ និងព្រមទាំងទីក្រុងហូជីមិញនៃប្រទេសវៀតណាម[៣៦] ក៏ដូចជាទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវផងដែរ បង្កឱ្យមនុស្សម្នាជាច្រើននាក់ជម្លៀសរត់ចេញពីអគារផ្សេងៗនៅក្នុងទីក្រុងទាំងនោះ។[៣៧] មនុស្សម្នាក់បានបាត់បង់ជីវិតពេលកំពុងរត់ចេញពីអគារនៅក្នុងសង្កាត់ ៨ នៃទីក្រុងហូជីមិញ។[៥]
នៅក្នុងប្រទេសឥណ្ឌា គេបានកត់សម្គាល់ថាមានរំជួលបន្តិចបន្តួចនៅក្នុងតំបន់រដ្ឋធានីជាតិដេលី នាំឱ្យមនុស្សជាច្រើនរត់ចេញក្រៅពីអគារផ្ទះសម្បែងផ្សេងៗ។[៣៨][៣៩] នៅតាមបណ្ដារដ្ឋភាគឦសាន្ត ពិសេសក្នុងរដ្ឋមេឃល័យដែលមានស្រុកមួយត្រូវរងនឹងការរញ្ជួយកម្រិតទាបកម្លាំងប្រមាណ ៤.០ វិចទ័រ។[៤០] ករណីរំជួលដីតូចៗត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងរដ្ឋអសម ពិសេសក្នុងទីក្រុងគវហត្ថី។[៤១]
ករណីរំជួលតូចៗក៏បានកើតមាននៅក្នុងតំបន់មួយចំនួនក្នុងប្រទេសបង់ក្លាដែសផងដែរដូចជានៅរដ្ឋធានីដាក្កា សិហ្លេត រាជស្យា ចិត្តាក្រមជាដើម ដែលបង្កឱ្យកើតមានការភ័យខ្លាចរត់ចេញពីអគារផ្សេងៗ។[៤២][៤៣]
ករណីរំជួលតូចៗដដែរក៏បានកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ[៤៤] និងព្រមទាំងបណ្ដារដ្ឋភាគខាងជើងនៃប្រទេសម៉ាឡេស៊ីដូចជា ពីណាំង ឃេដាស និងឃេឡានតាំន។[៤៥][៤៦]
Remove ads
ក្រោយរញ្ជួយ
នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី១ ខែមេសា បានឱ្យដឹងថា ទីជម្រក ទឹកស្អាត និងថ្នាំពេទ្យកំពុងមានបរិមាណទាបនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះ ដោយសារតែកង្វះទឹកស្អាត អង្គការសហប្រជាជាតិបានព្រមានអំពីលទ្ធភាពនៃការផ្ទុះឡើងនៃជំងឺអាសន្នរោគនានាដែលអាចបង្កឡើងពីទឹកកខ្វក់។ អង្គការសុខភាពពិភពលោកបានថ្លែងថា មន្ទីរពេទ្យជាច្រើននៅក្នុងតំបន់បានកំពុងទទួលមើលថែព្យាបាលអ្នករបួសផ្សេងៗលើសពីចំណុះលទ្ធភាពដែលខ្លួនអាចទទួលយកបាន។ ផ្លូវថ្នល់ និងស្ពានដែលរងការខូចខាតទាំងឡាយបានក្លាយជាឧបសគ្គរារាំងដល់បេសកកម្មជួយសង្គ្រោះមួយចំនួនផងដែរ ដូចនឹងអ្វីដែល OCHA បានលើកឡើងថាខ្លួនត្រូវចំណាយពេល ១៣ ម៉ោងដើម្បីទៅដល់ទីក្រុងម៉ាន់ដាឡាយពីទីក្រុងយុាំងហ្គូន ដែលជាធម្មតាត្រូវការពេលធ្វើដំណើរតែ ៨ ម៉ោងប៉ុណ្ណោះ។[៤៧]
ថ្វីបើរបបយោធាបានអំពាវនាវសុំជំនួយអន្តរជាតិក៏ពិតមែន តែអង្គការសិទ្ធិមនុស្សមួយចំនួនបាននិយាយថាជំនួយដែលសុំនោះគឺមានការបែងចែក ពោលគឺមានកំណត់។ ក្រុមអង្គការមួយចំនួនបានរាយការណ៍ថា អាជ្ញាធរយោធាភូមាបានប្រើលេសដោះសារពីបញ្ហាដំណឹកបញ្ជូនភស្តុភារព្រោះតែពួកគេមិនចង់ឱ្យនរណាបោះជំហានចូលក្នុងតំបន់ហាមឃាត់របស់ពួកគេ។ សម្បីតែអង្គការលើកលែងទោសអន្តរជាតិក៏បានចែករំលែកនូវមតិដូចគ្នានេះដែរ។[៤៨]
ប្រជាជនរស់នៅក្នុងទីក្រុងម៉ាន់ដាឡាយជាច្រើនបានចេញមកដេកនៅទីសាធារណៈនៅយប់នៃថ្ងៃរញ្ជួយដីនោះក៏ព្រោះតែនៅមានវត្តមាននៃរំជួលតូចៗក្រោយរញ្ជួយដីធំនៅឡើយ។[៤៩] ដោយសារតែចំនួនឧបករណ៍បច្ចេកទេសជួយសង្គ្រោះមានកំណត់ ប្រជាជនម៉ាន់ដាឡាយខ្លះបានចុះធ្វើសកម្មភាពជួយសង្គ្រោះដោយខ្លួនពួកគេផ្ទាល់។ គិតមកត្រឹមថ្ងៃទី៣១ ខែមីនា នាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានជួយសង្គ្រោះមនុស្សចំនួន ៤០៣ នាក់ និងបានរកឃើញសាកសពចំនួន ២៥៩ នាក់នៅក្នុងទីក្រុង។[៥០]
កងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបានថ្លែងថាពួកត្រៀមអំពាវនាវឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នចំនួនពីរសប្តាហ៍ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា។[៥១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី របបយោធាភូមានៅតែបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់ពួកគេនៅក្នុងតំបន់មួយចំនួននៃសាហ្គាំង និងរដ្ឋរ៉ាគីន ដែលនាំឱ្យខូចខាតផ្ទះសម្បែង និងមន្ទីរពេទ្យក្នុងតំបន់នោះ។[៥២][៥៣][៥៤]
នៅទីក្រុងបាងកក ជំនួញនៅក្នុងទីផ្សារហ៊ុនថៃត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។[៥៥] ក្រសួងហិរញ្ញវត្ថុថៃវិញមិនបានរាយការណ៍អ្វីពីការខាតបង់ធំណាមួយលើសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសារពើពន្ធ ឬប្រព័ន្ធហិរញ្ញវត្ថុនោះទេ។
អាជ្ញាធរគ្រប់គ្រងផ្លូវអាកាសថៃបានដាក់ចេញនូវបញ្ជាហាមដំណើរហោះហើរនៅទូទាំងប្រទេសចំពោះគ្រប់ព្រលានយន្តហោះ[៥៦] ខណៈសេវាកម្មរផ្លូវដែករវាងទីក្រុងបាងកក និងតំបន់ភាគខាងជើងនិងភាគឦសានប្រទេសថៃក៏ត្រូវបានផ្អាកដូចគ្នា តែត្រូវបានបើកដំណើរការឡើងវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។[៥៧][៥៨]
នៅថ្ងៃទី៣១ ខែមីនា ករណីរញ្ជួយដីកម្រិត ៤.១ វិចទ័រមួយទៀតបានបង្កឱ្យអគារមួយចំនួនបន្ថែមដួលរលំ ឬរងការខូចខាតនៅក្នុងទីក្រុងម៉ាន់ដាឡាយ។[៥៩][៦០]
Remove ads
ជំនួយមនុស្សធម៌

អង្គការអន្តរជាតិ
បណ្ដាប្រទេសមួយចំនួនបានប្តេជ្ញាជួយគាំទ្រក្នុងទម្រង់ជាជំនួយមនុស្សធម៌។ ប្រទេសមីយ៉ាន់ម៉ាបានទទួលយកជំនួយពីប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ ខណៈដែលអង្គការសហប្រជាជាតិបានថ្លែងថាខ្លួននឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងចំនួនទឹកប្រាក់ ៥ លានដុល្លារអាមេរិក។[៦១] ធម្មនុញ្ញអវកាសអន្តរជាតិ និងគ្រោះមហន្តរាយចម្បងត្រូវបានបើកឱ្យសកម្មឡើងដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) ក្រោមឱវាទរបស់ការិយាល័យអង្គការសហប្រជាជាតិដើម្បីសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅវេលាម៉ោង ១០:២១ ជាម៉ោងសកលក្នុងថ្ងៃទី២៨ ខែមីនា ពោលវាបានផ្តល់នូវរូបភាពពីផ្កាយរណបយ៉ាងទូលំទូលាយដើម្បីជ្រោមជ្រែងសម្រួលដល់ប្រតិបត្តិការរុករកនានា។[៦២] សហព័ន្ធអន្តរជាតិសង្គមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានបើកការអំពាវនាវជាបន្ទាន់នៅថ្ងៃទី៣០ ខែមីនា សុំជំនួយជាទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិកដើម្បីជួយជនរងគ្រោះពីគ្រោះរញ្ជួយដី។.[៦៣]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads