ឆឹនឝូវ

From Wikipedia, the free encyclopedia

Remove ads

ឆឹនឝូវ រឺ ហ្ឆឹនឝូ (២៣៣–២៩៧),[] នាមគួរសម ឆឹងសួគឺជាអ្នករាជការ និងកវីនិពន្ធមួយរូបនៅក្នុងសម័យនគរបី និង រាជវង្សជិនខាងលិច។ លោកបានចាប់ផ្ដើមអាជីពលោកជាអ្នករាជការមួយរូបនៅក្នុងនគរឝ៊ូកំឡុងសម័យនគរបី ប៉ុន្តែត្រូវបានគេទំលាក់បុណ្យសក្ដិ និងបណ្ដេញចេញពីរាជធានីដោយសារលោកមិនចេះអែបអប ហ៊័ងហាវ ដែលជារាជអាមាត្យដ៏មានអំណាចម្នាក់ក្នុងនគរឝ៊ូ ក្នុងរយៈកាលប៉ុន្មានឆ្នាំនៃភាពរោចរស្មីនៃនគររបស់លោក។ បន្ទាប់ពីការដួលរលំនៃនគរឝ៊ូនៅឆ្នាំ ២៦៣ មក លោកហ្ឆឹននៅតែគ្មានមុខងារអ្វីជាដដែល មុនពេលលោកត្រូវបានណែនាំខ្លួនដោយមន្ត្រី ចាងហ៊័រ ឱ្យចូលបំរើក្នុងរាជការជិន។ លោកបានកាន់តំណែងខាងស្មៀន និងតំណែងលេខាធិការខ្លះ ក្រោមរាជការជិនមុនពេលលោកទទួលអនិច្ចកម្មដោយជំងឺនៅឆ្នាំ ២៩៧។ លោកមានសំណេរជាង ២០០ ច្បាប់ប្រហែល ៣០ ច្បាប់ក្នុងចំណោមសំណេរទាំងនោះដែលមានការចូលរួមចំណែកក្នុងការសរសេរពីសាច់ញាតិរបស់លោក ដែលត្រូវគេយល់ថាសំណេរអស់ទាំងនោះជារបស់លោកតែម្នាក់ឯងទៅវិញ។[]

ព័ត៌មានសង្ខេប ហ្ឆឹនឝូ, អ្នករាជការនៃរាជវង្សជិន ...
Remove ads

ស្នាដៃដែលមានឈ្មោះបោះសំឡេងបំផុតរបស់លោកហ្ឆឹនគឺ តំរានគរបី (សានគ័រជី) ដែលបានកត់ត្រាប្រវត្តិសាស្ត្រនៃសម័យចុងរាជវង្សហានខាងកើត និងសម័យនគរបីចាប់តាំងពីដើមដំបូងរហូតមកក្នុងទំរង់ជាជីវលេខន៍នៃមនុស្សសំខាន់ៗក្នុងសម័យនោះ ក៏ជាផ្នែកនៃគម្ពី ប្រវត្តិសាស្ត្រទាំងម្ភៃបួន ស្ដីពីប្រវត្តិសាស្ត្រចិន។ ទោះបីជាមានការសំរេចបានសមិទ្ធិផលជាច្រើនរបស់លោកយ៉ាងណាក៏ដោយ ក៏ឆាកជីវិតលោកហ្ឆឹនទទួលបាននូវភាពសៅហ្មងដោយសារតែហេតុការណ៍នាំឱ្យខូចកេរ្តិ៍ឈ្មោះ រួមបញ្ចូលទាំងការចោទប្រកាន់ខុសឆ្គងរបស់លោកប្រឆាំងនឹងអ្នករាជការម្នាក់ផ្សេងទៀត និងបដិវាទភាពជុំវិញសំណេរ សានគ័រជី របស់លោកផងដែរ។ លោកជាអ្នករួមវិភាគទានក្នុងប្រវត្តិសាស្ត្រនៃនគរវ្នំមួយចំណែកដែរ ដែលលោកបានសរសេរពីការទូតវ្នំ និង អ៊ូខាងកើត

Remove ads

ប្រភពដើមនៃប្រវត្តិជីវិតរបស់ហ្ឆឹនឝូ

មានជីវលេខន៍ពីរស្ដីអំពីហ្ឆឹនឝូ។ ជីវលេខន៍ទីមួយគឺនៅក្នុង ក្រាំងជិន (ជិនឝុ) ដែលត្រូវបានសរសេរដោយ ហ្ផ្វាងហ្ស្ឈែនលិង និងអ្នកផ្សេងទៀតនៅសតវត្សទីប្រាំពីរកំឡុងរាជវង្សថាង។ ទីពីរគឺនៅក្នុង ពង្សាវតារហ៊័រយ៉ាង (ហ៊័រយ៉ាងគ័រជី) ដែលត្រូវបានសរសេរដោយ ឆាងឈូ នៅក្នុងសវត្សទីបួនកំឡុងសម័យរាជវង្សជិនខាងកើត

ជីវិត និង អាជីពការងារពីដំបូងនៅឝ៊ូហាន

ហ្ឆឹនឝូមកពីអាណាស្រុកអានហាន (安漢縣) បញ្ជាការ្យប៉ាស៊ី (巴西郡) ដែលនៅសម័យបច្ចុប្បន្នណានឆុង ខេត្តស៊ីឈ័ន។ លោកបានទទួលការអប់រំរៀនសូត្រ តាំងពីលោកនៅក្មេងវ័យ និង ត្រូវបានគេរៀបរាប់ថាជាអ្នកមានប្រាជ្ញា មានជំរៅ និងមានចំណេះដឹង។ លោកត្រូវបានប្រៀនប្រដៅដោយអ្នករាជការនគរឝ៊ូម្នាក់គឺ ហ្ស្ឈាំវចូវ ដែលជាអ្នកមកពីបញ្ជាការ្យប៉ាស៊ីដែរ។ ស្ថិតក្រោមអាណាព្យាបាលរបស់ហ្ស្ឈាំវចូវ លោកធ្លាប់បានមើល វណ្ណកម្មប្រវត្តិសាស្ត្រ និង បទអត្ថាធិប្បាយបីអំពីវស្សប្បវត្តិរដូវផ្ការីកនិងរដូវលំហើយ។ លោកចេះចាំបានល្អអំពី កំណត់ត្រារបស់មហាប្រវត្តិវិទូ និង ក្រាំងហាន[]

តាមរយៈ ជិនឝ៊ូ ហ្ឆឹនឝូបានបំរើការជា គ័នកឺលិងឝ៊ឺ (觀閣令史 អ្នករាជការបណ្ណារក្សម្នាក់) នៅនគរឝ៊ូ។ ទោះបីយ៉ាងណា ហ៊័រយ៉ាងគ័រជី ក៏បានវែកញែកថាលោកបានកាន់តំណែងជាច្រើនបន្តបន្ទាប់រៀងមក: បញ្ជិកា (主簿) នៃមេទ័ពឆ្មាំ (衛將軍) ទុងគ័នមីឝ៊ូឡាង (東觀秘書郎 អ្នករាជការបណ្ដារក្សម្នាក់) សុភាពបុរសកងសេះបង្ក្រាប (散騎侍郎) សុភាពបុរសទ្វារលឿង (黃門侍郎)។[] នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមុនពេលនគរឝ៊ូធ្លាក់ (រ.ទសវត្ស ២៥០-២៦០) មន្ត្រីរាជការជាច្រើនបានអង្វករ ហ៊័ងហាវ រាជអាមាត្យដ៏មានឥទ្ធិពលម្នាក់ ដោយការអង្វករសុំឱ្យមានការអនុគ្រោះដល់លោក។ ការបដិសេធរបស់ហ្ឆឹនឝូចំពោះទង្វើដូចជាការបញ្ចើចបញ្ចើ និង អែបអបហ៊័ងហាវបានប៉ះពាល់ដល់ការងាររបស់លោក: លោកត្រូវបានទំលាក់បុណ្យសក្ដិជាច្រើនគ្រា និងត្រូវបានបណ្ដេញចេញពីរាជធានីនគរឝ៊ូ ឆឹងទូ[]

Remove ads

អាជីពការងារក្នុងរាជវង្សជិន

បន្ទាប់ពីការដួលរលំនៃនគរឝ៊ូនៅឆ្នាំ ២៦៣ ការងាររបស់់ហ្ឆឹនឝូនៅទំនេររហូតដល់លោកត្រូវបានណែនាំដោយ ហ្ចាងហ៊័រ ឱ្យបំរើការក្នុងរាជការនៃរាជវង្សជិននៅឆ្នាំ ២៦៥ ជំនួសនគរឆាវវ៉ីដែលជានគរបានសញ្ជ័យយកនគរឝ៊ូ។ ហ្ចាងហ៊័រពេញចិត្តនឹងទេពកោសល្យរបស់ហ្ឆឹនឝូ និងយល់ថាបើទោះបីយ៉ាងណាលោកហ្ឆឹនមិនបានខូចកេរ្តិ៍ឈ្មោះឡើយ ហើយលោកក៏មិនត្រូវបានទំលាក់បុណ្យសក្ដិ និងបណ្ដេញចេញពីរាជធានីដូចគ្រាដែលលោកនៅនគរឝ៊ូនោះឡើយ។ ហ្ឆឹនឝូត្រូវបានទទួលតំណែងជា ស៊ាំវលាន (បេក្ខជនបំរើការរាជការ) និងត្រូវបានតែងតាំងជា ហ្សួជូហ្សួឡាង ( 佐著作郎 ជំនួយការសុភាពបុរសខាងសំណេរ ជំនួយការអ្នកនិពន្ធ) និង ជាចៅហ្វាយស្រុក (令) ជំនួសនៅយ៉ាងភីង (陽平縣)។ នៅឆ្នាំ ២៧៤ លោកបានប្រមូលនិងចងក្រងសំណេរអំពីហ្ជូកឺលាំង អគ្គមហាសេនាបតី រឺ ចៅហ្វាទឡ្ហៈទីមួយនៃនគរឝ៊ូ។[] និងបានដាក់ថ្វាយសំណេរទាំងនេះទៅក្នុងអធិរាជសវនការជិន។ លោកត្រូវបានឡើងតំណែងជា ជូសួឡាង (著作郎 "សុភាពបុរសខាងសំណេរ" ស្មៀនស្មេរមួយរូប) និងត្រូវបានគេតែងតាំងជា ជុងចឹង (中正 តំណែងមន្ត្រី) នៃបញ្ជាការ្យប៉ាស៊ី។[] ហ៊័រយ៉ាងគ័រជី បានវែកញែកថាលោកក៏បានបំរើការជាសភាបតី (相) របស់លោកឧកញ៉ាភីងយ៉ាង (平陽侯)។[]

នៅពេលនោះ ហ្ចាងហ៊័របានណែនាំហ្ឆឹនឝូឱ្យបំរើការជា ជុងឝ៊ូឡាង (中書郎 អ្នករាជការម្នាក់នៅក្នុងដំណាក់លេខាកណ្ដាល) ក្រសួងមន្ត្រីរាជការបានតែងតាំងលោកហ្ឆឹនជាអ្នករដ្ឋបាល (太守) នៃបញ្ជាការ្យឆាងគ័ង (長廣郡) ជំនួសឱ្យការផ្ដល់ប្រឹក្សាដល់ ហ្ស្ឈុនហ្ស្ឈី (荀勖) អ្នកត្រួតពិនិត្យម្នាក់នៅដំណាក់លេខាកណ្ដាល។ ជិនឝ៊ូ បានវែកញែកថាហ្ស្ឈុនហ្ស្ឈីស្អប់ខ្ពើមហ្ចាងហ៊័រ និងមិនចូលចិត្តហ្ឆឹនឝូដោយសារការសេពគប់របស់លោកជាមួយលោកហ្ចាង ដូច្នោះហើយទើបគាត់បានជំរុញអោយក្រសួងមន្ត្រីរាជការឱ្យតែងតាំងលោកហ្ឆឹនឡើងវិញក្នុងមុខតំណែងដទៃផ្សេងមួួយទៀត។ ហ្ឆឹនឝូបានបដិសេធការតែងតាំងនេះដោយអាស្រ័យហេតុថាលោកត្រូវទៅមើលថែទាំម្ដាយចាស់ជរារបស់លោក។[] ហ៊័រយ៉ាងគ័រជី បានផ្ដល់នូវរឿងរ៉ាវផ្សេងមួយទៀតអំពីទំនាក់ទំនងរបស់ហ្ឆឹនឝូជាមួយហ្ស្ឈុនហ្ស្ឈី។ ក្នុងនោះបានថ្លែងថាហ្ស្ឈុនហ្ស្ឈីនិងហ្ចាងហ៊័រពិតជារីករាយណាស់ជាមួយ សានគ័រជី របស់ហ្ឆឹនឝូ ហើយពួកលោកបានកត់សំគាល់ថាលោកហ្ឆឹនពូកែលើសប៉ានគូ និង ស៊ឺម៉ាឈៀនទៅទៀត។ យ៉ាងណាក៏ដោយ នៅពេលក្រោយ ហ្ស្ឈុនហ្ស្ឈីមិនពេញចិត្តនឹង វ៉ឺឝ៊ូ ជាផ្នែកមួយក្នុងចំណោមផ្នែកទាំងបីនៅក្នុង សានគ័រជី ឡើយ និងមិនចង់អោយលោកហ្ឆឹនធ្វើការនៅក្នុងតំណែងដូចគ្នាដែរ អញ្ជឹងហើយលោកក៏បានតែងតាំងលោកហ្ឆឹនជាអ្នករាជការរដ្ឋបាលនៅឆាងគ័ង។[១០]

នៅឆ្នាំ ២៧៨ [១១] មុនពេលមេទ័ពទូហ្យីបានកាន់តំណែងជាមេបញ្ជាការនៃកងទ័ពជិននៅខេត្តជិង លោកបានឧទ្ទេសនាមហ្ឆឹនឝូឱ្យអធិរាជអ៊ូនិងបានថ្លែងថាលោកហ្ឆឹនមានសមត្ថភាពក្នុងការបំរើការជា "សុភាពបុរសទ្វារលឿង" (黃門侍郎) រឺ "សុភាពបុរសកងសេះបង្ក្រាប" (散騎侍郎)។ អធិរាជអ៊ូបានទទួលយកសំណើរបស់ទូហ្យី និងបានតែងតាំងហ្ឆឹនឝូជា អ៊ីឝ៊ឺជីឝ៊ូ (禦史治書 សវនករ)។[១២] [១៣]

ជិនឝ៊ូ បានវែកញែកថាហ្ឆឹនឝូបានអវត្តមាននៅពេលម្ដាយរបស់លោកបានទទួលអនិច្ចកម្ម ហើយលោកបានបំពេញបំណងរបស់ម្ដាយលោកមុនពេលជិតស្លាប់ថាគាត់ចង់បញ្ចុះនៅរាជធានីឡួយ៉ាង។ យ៉ាងណាក៏ដោយ លោកបានទទួលការស្ដីបន្ទោសជាច្រើន និង ត្រូវបានទំលាក់បុណ្យសក្ដិដោយសារតែទង្វើរបស់លោកបញ្ចុះម្ដាយនៅឡួយ៉ាង ជំនួសឱ្យការបញ្ចុះនៅស្រុកកំណើតរបស់លោកនៅអាណាស្រុកអានហាន គឺជាបទល្មើសលោកានុកូលនៅក្នុងសម័យលោក។[១៤] ហ៊័រយ៉ាងគ័រជី បានផ្ដល់ការរៀបរាប់ផ្សេងមួយទៀតក្នុងចំណោមហេតុការណ៍ជាច្រើន: ពោលថា គឺម្ដាយចុងរបស់ហ្ឆឹនឝូទេ (មិនមែនម្ដាយបង្កើតរបស់លោកនោះទេ) ដែលបានទទួលអនិច្ចកម្ម។ លោកស្រីមិនចង់បញ្ចុះសពរួមគ្នាជាមួយលោកឪពុកលោកឡើយ (នៅអាណាស្រុកអានហាន) [១៥] ដូច្នោះហើយហ្ឆឹនឝូបានបញ្ចុះលោកស្រីនៅឡួយ៉ាងជំនួសវិញ។

Remove ads

អនិច្ចកម្ម

តាមរយៈ ជិនឝ៊ូ ជាច្រើនឆ្នាំបន្ទាប់ពីការទំលាក់បុណ្យសក្ដិរបស់លោក ហ្ឆឹនឝូត្រូវបានគេតែងតាំងជា ជុងឝ៊ូហ្ស៊ឺ (中庶子 ជំនួយការជំនិត) របស់អធិរាជបុត្រស្នងរាជ្យ ស៊ឺម៉ាហ្យី ប៉ុន្តែលោកមិនបានកាន់តួនាទីរបស់លោកឡើយ។[១៦] លោកបានទទួលអនិច្ចកម្មដោយសារជំងឺនៅអាយុ ៦៥ ឆ្នាំ (តាមរយៈការគន់គូអាយុរបស់អាស៊ីខាងកើត) នៅឆ្នាំ ២៩៧ កំឡុងសម័យរជ្ជកាលអធិរាជហួយ[១៧]

ហ៊័រយ៉ាងគ័រជី បានផ្ដល់ការរៀបរាប់ពីព្រឹត្តិការណ៍ផ្សេងមួយមុនពេលមរណភាពរបស់ហ្ឆឹនឝូ។ វាបានថ្លែងថាលោកហ្ឆឹនត្រូវបានតែងតាំងជា ជុងឝ៊ូហ្ស៊ឺ របស់ស៊ឺម៉ាហ្យី ប៉ុន្តែត្រូវបានតែងតាំងសាជាថ្មីវិញជា "ឆ្មាំប្រចាំការនៃកងសេះបង្ក្រាប" (散騎常侍) ម្នាក់ម្ដងទៀត បន្ទាប់ពីអធិរាជបុត្រស្នងរាជ្យត្រូវបានគេទំលាក់នៅឆ្នាំ ២៩៩។[១៨] អធិរាជហួយបានប្រាប់ហ្ចាងហ៊័រ " (ហ្ឆឹន) លោកឝូមានទេពកោសល្យពិតមែន។ លោកមិនគួរកាន់តំណែងបច្ចុប្បន្នរបស់លោកអស់រយៈពេលយ៉ាងយូរឡើយ។" ហ្ចាងហ៊័រចង់លើកហ្ឆឹនឝូអោយទទួលយកតំណែងមួយក្នុងចំណោមតំណែងនៃសេនាបតីទាំងប្រាំបួន (九卿) ប៉ុន្តែលោកបានបាត់បង់ជីវិតនៅគ.ស ៣០០ កំឡុងពេលសង្គ្រាមព្រះអង្គម្ចាស់ទាំងប្រាំបី[១៨] ហ្ឆឹនឝូបានស្លាប់នៅឡួយ៉ាង។ ទេពកោសល្យនិងសមិទ្ធិផលរបស់លោកជាច្រើនមិនសក្ដិសមនឹងឋានៈរបស់លោកដែលមានកំឡុងនៃសម័យមរណទុក្ខរបស់លោកឡើយ ហើយមហាជនយល់ថាវាមិនយុត្តិធម៌ទេចំពោះរូបលោក។[១៩] រឿងរ៉ាវក្នុង ហ៊័រយ៉ាងគ័រជី ជាក់ស្ដែងបានលើកឡើងថាហ្ឆឹនឝូបានទទួលអនិច្ចកម្មនៅគ.ស ៣០០ រឺ ពេលក្រោយពីនោះ ដែលមិនត្រូវគ្នានឹងឆ្នាំនៃមរណភាពរបស់លោកដែលបានបញ្ជាក់រ៉ាយរ៉ាប់ក្នុង ជិនឝ៊ូ ឡើយ។

Remove ads

សានគ័រជី

ជួននៅសតវត្សទីបីក្រោយឆ្នាំ ២៨០[២០] ហ្ឆឹនឝូបានសរសេរ សានគ័រជី ៦៥ ខ្សែ (តំរានគរបី) ដែលកត់ត្រាប្រវត្តិសាស្ត្រសម័យរាជវង្សហានខាងកើត និង នគរបី។ អត្ថបទនេះត្រូវបានចែកទៅជាបីចំណែក ក្រាំងវ៉ី (វ៉ីឝ៊ូ), ក្រាំងឝ៊ូ (ឝ៊ូឝ៊ូ) និង ក្រាំងអ៊ូ (អ៊ូឝ៊ូ) និងចងក្រងជីវលេខន៍នៃបុគ្គលសំខាន់ៗជាច្រើននៅក្នុងសម័យកាលទាំងនោះ។ ហ្ឆឹនឝូបានទទួលការកោតសរសើរពីបុគ្គលរួមសម័យជាមួយលោក ចំពោះការងាររបស់លោក ហើយត្រូវបានគេស្ងប់ស្ងែងថាជាអ្នកប្រវត្តិវិទូដ៏ល្អឥតទាស់។ ជុំវិញសម័យកាលនោះ ប្រវត្តិវិទូមួយរូបទៀត ស្ឈាំរហូវចាន (夏侯湛) ក៏កំពុងសរសេរ ក្រាំងវ៉ី (魏書; វ៉ីឝ៊ូ) ដែលបានកត់ត្រាប្រវត្តិសាស្ត្រវ៉ីក្នុងសម័យនគរបី។ លោកបានបំផ្លាញស្នាដៃរបស់លោកចោល បន្ទាប់ពីអាន សានគ័រជី របស់ហ្ឆឹនឝូ។ ហ្ចាងហ៊័រក៏បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយ សានគ័រជី ដោយលោកបានប្រាប់ហ្ឆឹនឝូ "ពួកយើងគួរតែមានទំនុកចិត្តចំពោះកិច្ចការសរសេរ ក្រាំងជិន ទុកអោយលោកហើយ។" ហ្ឆឹនឝូត្រូវបានគេគោរពយ៉ាងខ្លាំងព្រោះថាលោកបានសរសេរ សានគ័រជី ចប់បរិបូរណ៍។[២១]

បដិវាទភាព

ជិនឝ៊ូ បានលើកឡើងថាមាន បដិវាទភាព ពីរជុំវិញហ្ឆឹនឝូ និង សំណេរ សានគ័រជី របស់លោក។ ពួកអ្នករិះគន់លោកបានប្រើស្នាដៃទាំងនោះទៅបង្អាប់បង្ខូចលោកទៅវិញ។[២២]

ការគំរាមកំហែងមួយចំនួនពីបងប្អូនត្រកូលទីង

ទីមួយអំពីហ្ឆឹនឝូព្យាយាមជំរិតយកស្រូវ[កំណត់ ១] ១០០០ ហ៊ូ ពីពួកកូនប្រុស ទីងអ៊ី (丁儀) និងប្អូនប្រុសរបស់គាត់ ទីងអ៊ិ (丁廙) [កំណត់ ២] – ជាអ្នករាជការល្បីៗពីររូបនៅក្នុងនគរវ៉ីកំឡុងសម័យនគរបី។ លោកសន្យានឹងពួកគាត់ថាលោកនឹងសរសេរជីវប្រវត្តិរបស់ឪពុករបស់ពួកគេ នៅក្នុង សានគ័រជី បើសិនជាពួកគេឱ្យស្រូវអង្ករដល់លោក ប៉ុន្តែផ្ទុយទៅវិញពួកគេមិនបានយល់ព្រមតាមឡើយ ដូច្នេះហើយបានជាលោកមិនសរសេរជីវប្រវត្តិឪពុករបស់ពួកគេ។[២៣]

ស្មេររាជវង្សឈិង ផានម៉ី (潘眉) បានច្រានចោលការរៀបរាប់នៃ ជិនឝ៊ូ អំពីហ្ឆឹនឝូដែលប៉ុនប៉ងជំរិតពីពួកត្រកូលទីង និង បានហៅព័ត៌មាននោះថាវា "មិនច្បាស់ការ"។ លោកមិនយល់ស្របនឹងការអះអាងថា បងប្អូនទីងជាមន្ត្រីរាជការដ៏ល្បីមែនទែននៅក្នុងនគរវ៉ីនោះឡើយ ដោយមានការពន្យល់ថាពួកគេមិនបានកាន់តំណែងសំខាន់ រឺ ក៏បង្កើតសមិទ្ធិផលណាមួយសំខាន់ឡើយ។ លោកផានក៏យល់ដែរថាជាប្រវត្តិវិទូម្នាក់ត្រូវចេះថ្លឹងថ្លែងឱ្យបានច្បាស់ត្រឹមត្រូវ ហេតុដែលលោកសំរេចចិត្តមិនសរសេរជីវប្រវត្តិរបស់បងប្អូនត្រកូលទីង ពីព្រោះ ក្នុងគំនិតរបស់លោកផ្ទាល់ ពួកត្រកូលទីងបានប្រព្រឹត្តិអំពើបាបកម្មយ៉ាងធ្ងន់ធ្ងរ នាំអាទិ៍ឱ្យមានជំលោះបងប្អូន និង ការបង្កអស្ថេរភាពក្នុងត្រកូលអធិរាជនគរវ៉ី [កំណត់ ៣] – ដែលបានធ្វើឱ្យពួកគេគ្មានតំលៃទាល់តែសោះដើម្បីអោយឈ្មោះរបស់ពួកគេមានជីវលេខន៍ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រឡើយ។ លោកផានបានកត់សំគាល់បន្ថែមថាក៏មានមនុស្សសំខាន់ៗនៅក្នុងនគរវ៉ី (ឧ. ឆឹនលិន អ៊ូជី និង យ៉ាងស្ឈាវ) ដែលមិនមានជីវប្រវត្តិក្នុង សានគ័រជី អញ្ជឹងមានន័យថាបុគ្គល រឺ មនុស្សលេចធ្លោ មិនប្រាកដថាបុគ្គលម្នាក់នោះមានជីវលេខន៍ដែលសរសេរក្នុងនោះឡើយ។ ការសន្និដ្ឋានរបស់លោកផ្ដោតលើបញ្ហានេះដោយថា ជិនឝ៊ូ បានធ្វើការអះអាងផ្ដេសផ្ដាស (អំពីហ្ឆឹនឝូ)។[២៤]

អគតិប្រឆាំងហ្ជូកឺហ្លាំងនិងហ្ជូកឺហ្ចាន

ទីពីរបានលើកឡើងថាហ្ឆឹនឝូបានចងគំនុំផ្ទាល់ខ្លួនប្រឆាំងនឹងអគ្គមហាសេនាបតីហ្ជូកឺហ្លាំង និង កូនប្រុសលោកហ្ជូកឺហ្ចាន ដោយហេតុថាលោកបានសរសេរអត្ថាធិប្បាយអវិជ្ជមានអំពីលោកទាំងពីរក្នុង សានគ័រជី ។ ឪពុករបស់ហ្ឆឹនឝូ[កំណត់ ៤] ធ្លាប់ជាទីប្រឹក្សាកងទ័ពរបស់មេទ័ពឝ៊ូ ម៉ាស៊ូ។ នៅពេលនោះម៉ាស៊ូត្រូវបានប្រហារជីវិតដោយហ្ជូកឺហ្លាំងបន្ទាប់ពីការបរាជ័យរបស់លោកនៅក្នុងសមរភូមិជៀធិងនៅឆ្នាំ ២២៨ មក ឪពុករបស់ហ្ឆឹនឝូដែលមានជាប់ពាក់ព័ន្ធនោះ មានទោសដល់កំរិត ឃុន (髡) ការដាក់ទោសទាក់ទងនឹងការកោរសក់ក្បាល។ ហ្ជូកឺហ្ចានធ្លាប់និយាយមាក់ងាយហ្ឆឹនឝូកាលពីមុន។ នៅពេលហ្ឆឹនឝូបានសរសេរជីវប្រវត្តិរបស់ហ្ជូកឺហ្លាំង និង ហ្ជូកឺហ្ចានក្នុង សានគ័រជី លោកបានអត្ថាធិប្បាយលើអ្នកទាំងពីរដូចតទៅ: ការដឹកនាំកងទ័ពគឺមិនមែនជាចំណុចខ្លាំងរបស់ហ្ជូកឺហ្លាំងទេ ហើយថាលោកខ្វះភាពប៉ិនប្រសប់ជាអ្នកដឹកនាំយោធាដ៏ល្អមួយរូប ហ្ជូកឺហ្ចានខ្លាំងបានត្រឹមតែខាងអក្សរសាស្ត្រទេ និងថាលោកមានកិត្តិសព្ទដោយសារការនិយាយបំផ្លើសបំផ្លោង។[២៥]

អ្នកនិពន្ធរាជវង្សឈិង ហ្ចោយីបានជំទាស់អំណះអំណាងនៃ "ជិនឝ៊ូ" ថាហ្ឆឹនឝូមានគំនិតប្រកាន់ប្រឆាំងហ្ជូកឺហ្លាំងនៅក្នុង សានគ័រជី និងបានសង្កត់ថាអំណះអំណាងនេះគឺជា "ពំនោលដែលគ្មានព័ត៌មានគ្រប់គ្រាន់"។ លោកបានអត្ថាធិប្បាយថាការដឹកនាំយោធាចាំបាច់មិនត្រូវបានគេចាត់ទុកថាជាចំណុចខ្លាំងរបស់ហ្ជូកឺហ្លាំងឡើយព្រោះលោកហ្ជូកឺក៏បានបង្កើតស្នាដៃល្អៗក្នុងវិស័យដទៃទៀតដែរ។ លោកហ្ចោក៏បានពន្យល់នូវបំណែកនៃភស្តុតាងពីរដែលប្រឆាំងនឹងអំណះអំណាងដែល ជិនឝ៊ូ លើកឡើង: ហ្ឆឹនឝូបានផ្ដល់វិចារណកថាវិជ្ជមានអំពីសមត្ថភាពរបស់ហ្ជូកឺហ្លាំងជាអ្នកនយោបាយមួយរូបក្នុង សមូហកម្មហ្ជូកឺហ្លាំង និងនៅក្នុងបទវិចារណកថាផ្ទាល់របស់លោកនៅខាងចុងនៃជីវប្រវត្តិលោកហ្ជូកឺនៅក្នុង សានគ័រជី។ ការសន្និដ្ឋានរបស់លោកហ្ចោបានសង្កត់ទៅលើបញ្ហានេះដែលថាហ្ឆឹនឝូបានបញ្ជាក់អំពីភាពខ្លាំង និង ភាពខ្សោយរបស់ហ្ជូកឺហ្លាំងច្បាស់លាស់ពេកក្នុងការវាយតំលៃអំពីលោកហ្ជូកឺក្នុង សានគ័រជី[២៦]

កេរ្តិ៍ដំណែល

បន្ទាប់ពីមរណភាពរបស់ហ្ឆឹនឝូ អ្នករាជការ ផ្វានជីន (范頵) និងអ្នករាជការផ្សេងទៀតបានសរសេរទូលរំលឹកដល់អធិរាជហួយថា: "កាលពីសម័យមុន អធិរាជហានអ៊ូបានចេញរាជបញ្ជាមួយ: 'ស៊ឺម៉ាស៊ាំងលូពិតជាឈឺធ្ងន់មែន។ ទាញចេញពីសំណេររបស់លោក។' ដោយ អ្នកនាំពាក្យដែលបានប្រមូលយកសំណេររបស់ស៊ឺម៉ាស៊ាំងលូបានទូលអធិរាជអ៊ូអំពីការធ្វើពិធី ផ្វឹងឝាន ដែលបានវែកញែកក្នុងសំណេររបស់លោកស៊ឺម៉ា។ អធិរាជអង្គនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់។ ពួកយើង ទូលព្រះបង្គំជាអាណាប្រជារាស្ត្ររបស់ព្រះអង្គ សូមទូលស្នើព្រះអង្គ: ជីឝ៊ូឝ៊ឺអ៊ីឝ៊ឺ នៅសម័យក្រោយនេះ ដែលហ្ឆឹនឝូបានសរសេរក្នុង សានគ័រជី ថាមានដំបូន្មានល្អៗ និង វាយតំលៃថាវាមានភាពជោគជ័យ និង បរាជ័យខ្លះ។ វាមានប្រយោជន៍ដើម្បីលើកកំពស់ដល់វប្បធម៌របស់យើង។ ទោះបីយ៉ាងណារចនាបថសំណេរមិនអាចប្រៀបធៀបទៅនឹងស្នាដៃនៃ (ស៊ឺម៉ា) ស៊ាំងលូ សាររបស់វាពិតជាសាមញ្ញនិងច្បាស់លាស់ណាស់។ យើងខ្ញុំទូលព្រះបង្គំ រំពឹងថាវាអាចត្រូវបានប្រមូលចងក្រងនិងធ្វើវាសាជាថ្មីឡើងវិញ។" អធិរាជហួយបានរាជទាន និង ចេញរាជសារបញ្ជាឱ្យភស្តុការនៃហឿណាន (洛陽令) និង ចៅហ្វាយស្រុកឡួយ៉ាង (洛陽令) ឱ្យបញ្ជូនពួកអ្នកនិពន្ធទៅកាន់ផ្ទះរបស់លោកហ្ឆឹន ហើយចំលង សានគ័រជី ឡើងវិញ។ [២៧]

ក្នុងសតវត្សទីប្រាំ អធិរាជវ៉ឹននៃរាជវង្សលៀវសុងបានយល់ថា សានគ័រជី របស់ហ្ឆឹនឝូមានលក្ខណៈខ្លីពេក និង មានន័យមិនគ្រប់គ្រាន់ ដូច្នេះទ្រង់បានតែងតាំងផីស៊ុងជឺឱ្យធ្វើអត្ថាធិប្បាយបន្ថែមក្នុង សានគ័រជី។ លោកផីបានបញ្ចប់បង្ហើយកិច្ចការរបស់លោកនៅឆ្នាំ ៤២៩។ លោកបានបញ្ចូលខ្លឹមសារថ្មីៗ ដែលលោកបានប្រមែប្រមូលតាមរយៈការស្រាវជ្រាវឡើងវិញ និងបានបន្ថែមវិចារណកថាផ្ទាល់របស់លោកទៅក្នុងនោះ។ ចំណារពន្យល់របស់លោកផីបានបង្កើនប្រវែងនៃ សានគ័រជី ស្ទើរតែជិតពីរដងនៃច្បាប់ដើម។

Remove ads

ស្នាដៃផ្សេងៗ

តាមរយៈ ជិនឝ៊ូ ហ្ឆឹនឝូបានប្រមូលនិងចងក្រងសំណេររបស់ហ្ជូកឺហ្លាំងកំឡុងពេលចាប់ផ្ដើមការងារដំបូងនៅក្នុងរាជវង្សជិន។ អត្ថបទដែលចងក្រងហើយគេហៅថា ឝ៊ូឞ៊ាំងហ្ជូកឺហ្លាំងជី (蜀相諸葛亮集 សមូហកម្មនៃអគ្គមហាសេនាបតីឝ៊ូហ្ជូកឺហ្លាំង)។[២៨] ហ៊័រយ៉ាងគ័រជី បានវែកញែកបន្តថា ហ្ចាងហ៊័របានទូលសុំរាជទានពីព្រះម្ចាស់អធិរាជអ៊ូឱ្យរាជអនុញ្ញាតឱ្យហ្ឆឹនឝូបន្ថែមបន្ថយអត្ថបទច្បាប់ដើម។ នៅក្នុងពេលនោះ ហ្ឆឹនឝូបានប្រមែប្រមូលព័ត៌មានបន្ថែមអំពីស្នាដៃរបស់ហ្ជូកឺហ្លាំងនានា និង លោកបានសរសេរអត្ថបទនេះសាជាថ្មីវិញ ដែលបានកើនចំនួន ២៤ ខ្សែ ហ្ជូកឺហ្លាំងគូឝ៊ឺ (諸葛亮故事 រឿងរ៉ាវរបស់ហ្ជូកឺហ្លាំង)។[២៩]

ចាប់តាំងពីចុងសម័យជានអ៊ូ (គ.ស ២៥-៥៦) ក្នុងរាជវង្សហានខាងកើត កវីនិពន្ធដូចជា ហ្ចឹងព័រអ៊ី (鄭伯邑), ហ្ចោយែនស្ឈិង (趙彥信), ហ្ឆឹនឝឹនព័រ (陳申伯), ជូហ្យែនលីង (祝元靈) និង វ៉ងហ្វឹនពាំវ (王文表) បានចងក្រងរួមគ្នា ប៉ាឝ៊ូស្ឈីជៀវហ្ឈ័ន (巴蜀耆舊傳 ជីវប្រវត្តិនៃអ្នកល្បីមកពីប៉ាឝ៊ូ)។ ហ្ឆឹនឝូយល់ថា ប៉ាឝ៊ូស្ឈីជៀវហ្ឈ័ន មានន័យមិនគ្រប់គ្រាន់ងាយយល់ ដូច្នេះលោកក៏ពង្រីកសេចក្ដីវាឱ្យឡើងទៅដល់ ១០ ខ្សែ អ៊ីពូស្ឈីជៀវហ្ឈ័ន (益部耆舊傳 ជីវប្រវត្តិអ្នកល្បីមកពីខេត្តអ៊ី)។ [កំណត់ ៥][៣០] ស្នាដៃរបស់លោកត្រូវបានថ្វាយដោយវ៉ឹនលី (文立) ទៅកាន់អធិរាជអ៊ូ ដែលបានកោតស្ញប់ស្ញែងលើស្នាដៃនោះ។ [៣១]

សំណេរដទៃទៀតដោយហ្ឆឹនឝូរួមមាន: គូគ័រជី (古國志; តំរានគរបុរាណ) ៥០ ខ្សែ, ដែលទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ [៣០][៣២] គ័នស៊ឺហ្លន (官司論 បរមាធិប្បាយពីការិយាធិបតេយ្យ) ៧ ខ្សែ ដែលបានប្រើជាឧទាហរណ៍ប្រវត្តិសាស្ត្រដើម្បីពិភាក្សាកំណែទំរង់ ឝ៊ឺអ៊ី (釋諱 ការពន្យល់ពីបំរាមនានា), គ័ងគ័រហ្លន (廣國論)។[៣៣]

Remove ads

គ្រួសារ និង ញាតិសន្តាន

ហ្ឆឹនភ្វូ (陳符) ដែលឈ្មោះគួរសមរបស់លោកគឺ ហ្ឆាងស្ឈិញ (長信) គឺជាកូនប្រុសនៃបងប្រុសរបស់ហ្ឆឹនឝូ។ លោកក៏ត្រូវបានគេស្គាល់ដោយសារទេពកោសល្យខាងអក្សរសាស្ត្រ និង លោកបានស្នងតំណែងបន្តពីពូរបស់លោកជា "ជំនួយការសុភាពបុរសនៃបទនិពន្ធ"។ លោកក៏បំរើការជាចៅហ្វាយស្រុក (令) នៃអាណាស្រុកឝាងហ្លៀនស្ឈាន (上廉縣)។[៣៤]

ប្អូនប្រុសរបស់ហ្ឆឹនភ្វូ ហ្ឆឹនលី (陳蒞) ដែលឈ្មោះគួរសមរបស់លោកគឺ "ឝ៊ូទូ" (叔度) បានបំរើការជាខ្ញុំរាជការ (別駕) នៅខេត្តលាំង និងក្រោយមកបំរើការក្រោមការដឹកនាំរបស់ ស៊ឺម៉ាហ្យ៉ូវ ព្រះអង្គម្ចាស់ស្ឈី (齊王) និងជា មេទ័ពសេះលឿន (驃騎將軍)។ លោកក៏បានទទួលអនិច្ចកម្មនៅឡួយ៉ាងដែរ។[៣៥]

ហ្ឆឹនលីមានសាច់ញាតិក្មេងម្នាក់ទៀត ហ្ឆឹនហ្ជី (陳階) ឈ្មោះគួរសមរបស់គេគឺ ហ្តាហ្ជឺ (達之)។ ហ្ឆឹនហ្ជីបានកាន់តំណែងជាបន្តបន្ទាប់: បញ្ជិកា (主簿) នៃចៅហ្វាយខេត្តនៃខេត្តហ្អ៊ី (益州), ប៉ោវជុងលិង (褒中令), នាយបញ្ជាការខាងលិច (西部都尉) នៃបញ្ជាការ្យហ្យ៉ុងហ្ឆាង (永昌郡), អ្នករដ្ឋបាល (太守) នៃហ្ជានហ្និង (建寧) និង បញ្ជាការ្យនានានៅស្ឈិងគូ (興古)។ ហ្ឆឹនហ្ជីក៏ល្បីល្បាញដោយសារតែទេពកោសល្យអក្សរសាស្ត្ររបស់លោកដែរ។[៣៦]

ហ្ឆឹនភ្វូ ហ្ឆឹនលី និង ហ្ឆឹនហ្ជី ម្នាក់ៗបានសរសេរស្នាដៃជាង ១០ ក្រៅពីសំណេរជាង ២០០ អត្ថបទដែលបានគេសន្មតថាជារបស់ហ្ឆឹនឝូ។[]

Remove ads

និទានខ្លីៗ

ការបដិបត្តិកំឡុងពេលកាន់ទុក្ខ

ជិនឝ៊ូ បានវែកញែកថាហ្ឆឹនឝូបានធ្លាក់ខ្លួនឈឺកំឡុងពេលកាន់ទុក្ខបន្ទាប់ពីមរណភាពរបស់ឪពុកលោក។ ភ្ញៀវមួយចំនួនដែលបានទៅសួរសុខទុក្ខនៅផ្ទះរបស់លោកបានបង្ហាញនូវការមិនពេញចិត្តនៅពេលពួកគេបានឃើញលោកកំពុងត្រូវបានអ្នកបំរើបញ្ចុកថ្នាំសង្កូវ ពីព្រោះលោកត្រូវបានគេរំពឹងថាជាអ្នកនាំមុខក្នុងសំណោកសង្រេងកំឡុងពេលនោះ។ អ្នកក្រុងដែលជាមិត្តជិតដិតនឹងលោកបានរិះគន់លោកពេលពួកគេបានលឺតៗគ្នាមកអំពីរឿងនេះ។[៣៧]

មិត្តភាព និង គូសត្រូវជាមួយលីស្ឈាំង

តាមរយៈ ហ៊័រយ៉ាងគ័រជី ហ្ឆឹនឝូគឺជាមិត្តជិតស្និទរបស់លីស្ឈាំង (李驤) ដែលជាអ្នកមានកេរ្តិ៍ឈ្មោះដូចលោកដែរ។ លីស្ឈាំង ដែលមានឈ្មោះគួរសមថា "ឝ៊ូឡុង" (叔龍) មកពីបញ្ជាការ្យហ្ស៊ឺថុង (梓潼郡)។ លោកត្រូវបានគេស្គាល់ដោយសារតែទេពកោសល្យរបស់លោក ហើយត្រូវបានគេយកអាសារឱ្យក្លាយជា ស្ឆៀវឆែយ (秀才) និងបំរើការជា "សុភាពបុរសក្នុងដំណាក់រាជលេខាធិការ" (尚書郎)។ លោកត្រូវបានគេចាត់តាំងឡើងវិញជាអ្នករដ្ឋបាល (太守) នៃបញ្ជាការ្យជានហ្ភ្រីង (建平郡) ប៉ុន្តែលោកបានបដិសេធការតែងតាំង និងយកលេសថា លោកឈឺព្រោះលោកចង់រស់នៅហ្ស៊ឺថុង។ ក្រោយមកទៀត លោកត្រូវបានគេតែងតាំងជាអ្នករដ្ឋបាលនៃបញ្ជាការ្យគ័ងហាន (廣漢郡)។ ចំណងមេត្រីរវាងហ្ឆឹនឝូ និងលីស្ឈាងបានរង្គោះរង្គើនៅពេលក្រោយមកទៀត និងពួកគេចាប់ផ្ដើមធ្វើការចោទប្រកាន់ទោសកំហុសគ្នាទៅវិញទៅមក។ អាកប្បកិរិយារបស់អ្នកទាំងពីរត្រូវបានមាក់ងាយដោយបណ្ដាអ្នកផង។[៣៨]

ដំបូន្មានរបស់ស្ឈាំវហ្ចូវចំពោះហ្ឆឹនឝូ

តាមរយៈ ជិនឝ៊ូ អ្នកទូន្មានប្រៀនប្រដៅរបស់ហ្ឆឹនឝូ ស្ឈាំវហ្ចូវ លោកតែងប្រាប់លោកហ្ឆឹនជារឿយៗថា "ឯងនឹងល្បីល្បាញដោយសារតែទេពកោសល្យរបស់ឯង។ យ៉ាងណាក៏ដោយ វាមិនអាចមានគ្រោះអាក្រក់ទេ បើទោះជាឯងបានវិលត្រឡប់ថយក្រោយត្រង់កន្លែងណាមួយនោះ។ ឯងគួរតែយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្វីដែលឯងធ្វើ។" ហ្ផ្វាងស្ឈែនលិងបានកត់សំគាល់ថាឆាកជីវិតរបស់ហ្ឆឹនឝូ ត្រូវបានគេទំលាក់បុណ្យសក្ដិ និង អព្ទយសពេលលោករស់នៅនគរឝ៊ូ ហើយក្រោយពេលដែលលោកបំរើការក្រោមរាជការជិន លោកក៏ទទួលបានដូចអ្វីដែលលោកស្ឈាំវហ្ចូវបាននិយាយប្រាប់លោកមែន។[៣៩]

Remove ads

ហ្វែនហ្ជានហ្ល

ហ្វែនហ្ជានហ្ល (ចិនបុរាណ: 萬卷樓; ចិនសម័យ: 万卷楼; ភិងអ៊ិង: Wànjuànlóu; ន័យចំ "ប៉មនៃសំណេរ ១០០០០ ខ្សែ") – ការទាក់ទាញទេសចរណ៍នៅចំណុចទស្សនីយភាពរបស់ស្ឈីឝាន ស្រុកហ្ឝុនហ្ឈិង ណានឈុង ខេត្តឞ៊ឺកឈ័ន ត្រូវបានគេដាក់ឈ្មោះជាប្រភពនៃវប្បធម៌សម័យនគរបី ដោយអភិបាលខេត្តឞ៊ឺកឈ័ន។ ប៉មត្រូវបានសង់នៅដើមសតវត្សទីបី (២២២-២៣៧) កំឡុងសម័យនគរបី និងជាកន្លែងដែលហ្ឆឹនឝូបានសិក្សានៅក្នុងបឋមជីវិតរបស់លោក។ វាត្រូវបានបំផ្លិចបំផ្លាញនៅទសវត្សឆ្នាំ ១៩៦០ ក្រោយប៉ុន្មានឆ្នាំនៃការមិនអើពើ ប៉ុន្តែត្រូវបានកសាងនៅឆ្នាំ ១៩៩០ ដោយរដ្ឋាភិបាលចិនក្នុងតំលៃបួនលានយ័ន។ ប៉មនេះបច្ចុប្បន្ន ដែលគ្របដណ្ដប់បរិវេណ ២៤០០ មាត្រការ៉េ ប្រកបដោយការទាក់ទាញសំខាន់បីយ៉ាង ប៉មអំណានរបស់ហ្ឆឹនឝូ សាលរំលឹកដល់ហ្ឆឹនឝូ និងប៉មសៀវភៅប្រមូលផ្ដុំ។[៤០] ប៉មនេះស្ដែងនូវសមូហកម្មនៃសំណេរ វិស្សុតកម្ម របស់របរ និង រូបនានាដែលទាក់ទងនឹងជីវិតរបស់ហ្ឆឹនឝូ ស្នាដៃ និង កេរ្តិ៍ដំណែលរបស់លោក។[៤១]

សូមមើលផង

  • បញ្ជីអ្នកនៅសម័យនគរបី
  • តំរានគរបី
  • ចំណារពន្យល់តំរានគរបី

កំណត់

    ឯកសារយោង

    តំណខាងក្រៅ

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.

    Remove ads