ធម្មចក្កប្បវត្តនសូត្រ
From Wikipedia, the free encyclopedia
Remove ads
ធម្មចក្កប្បវត្តនវគ្គ
[៣៦៥] ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ។ ក្នុងទីនោះឯងព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះបព្វជិត មិនគួរសេពគប់ឡើយ ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ? ការប្រកបរឿយៗនូវសេចក្ដីជាប់ជំពាក់ ដោយកាមសុខ ក្នុងកាមទាំងឡាយ ដែលជាធម៌ ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ការប្រកបរឿយៗនូវសេចក្ដីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក ដែលនាំមកនូវសេចក្ដីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាង ទាំង ២ នុ៎ះ តថាគត បានត្រាស់ដឹងហើយជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។
ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើដូចម្ដេច ដែលតថាគតត្រាស់ដឹងហើយជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង ។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ? គឺសេចក្ដីយល់ត្រូវ, សេចក្ដីត្រិះរិះត្រូវ, វាចាត្រូវ, ការងារត្រូវ, ការចិញ្ចឹមជីវិតត្រូវ, សេចក្ដីព្យាយាមត្រូវ, សេចក្ដីរឭកត្រូវ, ការធ្វើចិត្តឲ្យនឹងត្រូវ។
ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែលតថាគតត្រាស់ដឹងហើយជាសេចក្ដីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។
[៣៦៦] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្ដីទុក្ខនេះឯងហៅថា អរិយសច្ច គឺជាតិ ជាទុក្ខ, ជរាជាទុក្ខ, ព្យាធិជាទុក្ខ, មរណៈជាទុក្ខ, ដំណើរជួបប្រសព្វដោយសត្វនិងសង្ខារមិនជាទីស្រឡាញ់ទាំងឡាយជាទុក្ខ, ដំណើរព្រាត់ប្រាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ទាំងឡាយជាទុក្ខ, បុគ្គលប្រាថ្នារបស់ណា មិនបានរបស់នោះជាទុក្ខ ។ បើពោលដោយសង្ខេប ឧបាទានក្ខន្ធទាំង ៥ ប្រការ ឈ្មោះថា ជាទុក្ខ ។
ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច ។ គឺតណ្ហានេះឯង ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្ដីរីករាយ និងត្រេកត្រអាល ជាធម្មជាតិ នាំសត្វឲ្យ ត្រេកត្រអាល ក្នុងភពនោះៗ ។
តណ្ហា គឺអ្វីខ្លះ? គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។
ម្នាលភិក្ខុទាំងឡាយ សេចក្ដីរលត់នៃទុក្ខនេះ ហៅថា អរិយសច្ច ។ គឺសភាវៈនឿយណាយ និងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យ ចំពោះតណ្ហានោះ ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ។ គឺអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង ។ អរិយមគ្គ គឺអ្វីខ្លះ? គឺគឺសេចក្ដីយល់ត្រូវ សេចក្ដីត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ សេចក្ដីព្យាយាមត្រូវ សេចក្ដីរឭកត្រូវការធ្វើចិត្តឲ្យនឹងត្រូវ ។
[៣៦៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថាទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីកំណត់ដឹង ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ទុក្ខនេះហៅថា អរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ។
[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ ប្រាជ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថា តណ្ហាជាហេតុឲ្យកើតទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីលះបង់ចោល ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយប្រាជ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮ ក្នុងកាលមុនថា តណ្ហា ជាហេតុឲ្យកើតទុក្ខនោះឈ្មោះថា អរិយសច្ច ដែលតថាគត លះចោលហើយ។
[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះឈ្មោះថា អរិយសច្ច ដែលតថាគត គប្បីធ្វើឲ្យជាក់ច្បាស់ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគតមិនដែលបានឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ។
[៣៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគត គប្បីចម្រើន ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់តថាគតក្នុងធម៌ទាំងឡាយ ដែលតថាគត មិនដែលបានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ឈ្មោះថា អរិយសច្ច ដែលតថាគតចម្រើនហើយ ។
[៣៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ញាណទស្សនៈ (ការដឹងនិងការឃើញ)មានបរិវដ្ដ (វិល) ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់តថាគតនៅមិនទាន់បរិសុទ្ធតាមពិតត្រឹមណា ភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង ចំពោះសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមណោះឡើយ ។
ម្នាលភិក្ខុទាំងឡាយ លុះតែញាណទស្សនៈមានបរិវដ្ដ ៣ មានអាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះរបស់តថាគត បរិសុទ្ធតាមពិតក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងចំពោះសម្មាសម្ពោធិញ្ញាណដ៏ប្រសើរក្នុងលោក ព្រមទាំងទេវលោក មារលោកព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសក្នុងកាលណោះ ។
មួយទៀត ញ្ញាណទស្សនៈ កើតឡើងដល់តថាគតថាវិមុត្តិ គឺអរហត្តផល របស់តថាគត មិនកម្រើកឡើយជាតិនេះផុតត្រឹមនេះហើយឥឡូវនេះភពថ្មីមិនមានទេ ។
លុះព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏មានចិត្តត្រេកអររីករាយចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
[៣៧២] កាលដែលព្រះដ៏មានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះធម្មចក្ខុ (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតឡើងហើយ ដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា “ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះក៏រលត់ទៅវិញជាធម្មតា ។”
កាលបើធម្មចក្កដែលព្រះមានព្រះភាគឲ្យប្រព្រឹត្តទៅ (សំដែងដូចជាគេបង្វិលយ៉ាងនេះ)ហើយភុម្មទេវតាទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា “ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ(ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។”
ពួកទេវតា នៅក្នុងឋានចាតុម្មហារាជិកទាំងឡាយ ឮសំឡេងរបស់ភុម្មទេវតាទាំងឡាយហើយក៏បន្លឺនូវសំលេងថា “ធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។”
ពួកទេវតា នៅឋានតាវត្តិង្ស ឮសំឡេងរបស់ទេវតា នៅក្នុងឋានចាតុម្មហារាជិក ។ ពួកទេវតា ក្នុងឋានយាមៈ ។ ទេវតានៅក្នុងឋានតុសិត ។ ពួកទេវតា នៅក្នុងឋាននិម្មានរតី ។ ពួកទេវតា នៅក្នុងឋានបរិនិម្មិតវសវត្តី ។ ទេវតាទាំងឡាយ ដែលរាប់ក្នុងពពួកព្រហ្ម ក៏បន្លឺនូវសូរសព្ទថា “ព្រះធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ(ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។”
[៣៧៣] សំឡេង (កងរំពង) ក៏លាន់ឮឡើង ទៅដរាបដល់ព្រហ្មលោក ក្នុងខណៈ មួយរំពេចនោះ ដោយប្រការដូច្នេះ ។ លោកធាតុ ទាំងមួយហ្មឺននេះក៏កក្រើករំពើកញាប់ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបានកន្លងលើសអានុភាពរបស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើងក្នុងលោក ។
[៣៧៤] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយអើហ្ន៎ កោណ្ឌញ្ញ បានត្រាស់ដឹងពិតហើយ ។ ព្រោះហេតុនោះពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះ ក៏បានជាប់ជានាម របស់ព្រះកោណ្ឌញ្ញភិក្ខុដ៏មានអាយុ ដោយប្រការដូច្នេះ ។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនេះ ហៅថាអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយថា សេចក្ដីទុក្ខនោះ ហៅថា អរិយសច្ច បុគ្គលគួរកំណត់ដឹង ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតទាំងឡាយថា ហេតុជាទីកើតឡើង នៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីលះបង់ ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា ហេតុជាទីកើតឡើង នៃទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគត លះបង់ចោលហើយ។
[៣៧៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮមក ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនេះ ហៅថាអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយ ក្នុងកាលមុនថា សេចក្ដីរលត់ទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគតគប្បីធ្វើឲ្យ ជាក់ច្បាស់ ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា សេចក្ដីទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ។
[៣៧៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគត ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជា ដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថាអរិយសច្ច ។
ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីចម្រើន ។បេ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមក ក្នុងកាលមុនថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនោះ ហៅថាអរិយសច្ច ដែលតថាគតចម្រើនហើយ ។
[៣៧៩] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ។ អរិយសច្ច ៤ តើអ្វីខ្លះ? គឺទុក្ខអរិយសច្ច, ទុក្ខសមុទយអរិយសច្ច, ទុក្ខនិរោធអរិយសច្ច, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
[៣៨០] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្ដេច? ពាក្យថាឧបាទានក្ខន្ធ ៥ គួរពោលថា ជាឈ្មោះ នៃទុក្ខអរិយសច្ចនោះ។ ឧបាទានក្ខន្ធ ៥ តើដូចម្ដេច? គឺរូប ជាឧបាទានក្ខន្ធ, វេទនា ជាឧបាទានក្ខន្ធ, សញ្ញា ជាឧបាទានក្ខន្ធ, សង្ខារ ជាឧបាទានក្ខន្ធ, វិញ្ញាណជាឧបាទានក្ខន្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខអរិយសច្ច ។
[៣៨១] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្ដេច? តណ្ហាណា ដែលនាំសត្វ ឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីរីករាយ និងតម្រេក នាំសត្វឲ្យត្រេកត្រអាល ក្នុងភពនោះៗ ។ តណ្ហានោះ គឺអ្វីខ្លះ? គឺកាមតណ្ហា, ភវតណ្ហា, វិភវតណ្ហា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច ។
[៣៨២] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្ដេច? គឺសភាវៈនឿយណាយនិងការរលត់ ដោយមិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនមានអាល័យចំពោះតណ្ហានោះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខនិរោធអរិយសច្ច ។
[៣៨៣] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច? គឺអរិយមគ្គដែលប្រកបដោយអង្គ ទាំង ៨ ប្រការនេះឯង ។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ? គឺសេចក្ដីយល់ត្រូវ, សេចក្ដីត្រិះរិះត្រូវ, វាចាត្រូវ, ការងារត្រូវ, ការចិញ្ចឹមជីវិតត្រូវ, សេចក្ដីព្យាយាមត្រូវ, សេចក្ដីរឭកត្រូវ, ការធ្វើចិត្តឲ្យនឹងត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
[៣៨៤] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៨៥] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ? គឺទុក្ខអរិយសច្ច, ទុក្ខសមុទយអរិយសច្ច, ទុក្ខនិរោធអរិយសច្ច, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
[៣៨៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ចតើដូចម្ដេច? ពាក្យថា អាយតនៈខាងក្នុង ៦ គួរពោលថា ជាឈ្មោះរបស់ទុក្ខអរិយសច្ចនោះ ។ អាយតនៈ ៦ គឺអ្វីខ្លះ? អាយតនៈ ៦ នោះគឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ។ ម្នាលភិក្ខុទាំងឡាយនេះហៅថា ទុក្ខអរិយសច្ច ។
[៣៨៧] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្ដេច? គឺតណ្ហាណា ដែលនាំសត្វ ឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីរីករាយ និងតម្រេកនាំសត្វឲ្យត្រេកត្រអាល ចំពោះភពនោះ ៗ ។ តណ្ហានោះ អ្វីខ្លះ? គឺកាមតណ្ហា, ភវតណ្ហា, វិភវតណ្ហា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខសមុទយអរិយសច្ច ។
[៣៨៨] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្ដេច? គឺសភាវៈ ដែលប្រាសចាកតម្រេក និងការរលត់ មិនមានសេសសល់ ជម្រុះចោល គ្រវែងចោល រួចស្រឡះ មិនមានអាល័យចំពោះតណ្ហានោះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខនិរោធអរិយសច្ច ។
[៣៨៩] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច? គឺអរិយមគ្គ ដែលប្រកបដោយអង្គ ៨ នេះឯង ។ អរិយមគ្គ ទាំង ៨ គឺអ្វីខ្លះ? គឺសេចក្ដីយល់ត្រូវ, សេចក្ដីត្រិះរិះត្រូវ, វាចាត្រូវ, ការងារត្រូវ, ការចិញ្ចឹមជីវិតត្រូវ, សេចក្ដីព្យាយាមត្រូវ, សេចក្ដីរឭកត្រូវ, ការធ្វើចិត្តឲ្យនឹងត្រូវ ។
ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
[៣៩០] ម្នាលភិក្ខុទាំងឡាយ អរិយសច្ច មាន ៤ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចំាទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ បានដែរឬ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយ។
ម្នាលភិក្ខុ ចុះអ្នកចាំអរិយសច្ច ៤ដែលតថាគតសំដែងហើយ តើដូចម្ដេចខ្លះ?
ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវទុក្ខ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី១ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវហេតុជាទីកើតឡើងនៃទុក្ខ ដែលព្រះមានជោគត្រាស់ហើយ ថាជាអរិយសច្ច ទី២ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវសេចក្ដីរលត់ទុក្ខ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ថាជាអរិយសច្ច ទី៣ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវបដិបទា ជាដំណើរទៅកាន់សេចក្ដីរំលត់ទុក្ខ ដែលព្រះមានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី៤ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំទុកនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយយ៉ាងនេះ។
[៣៩២] ម្នាលភិក្ខុ ប្រពៃណាស់ហើយម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយប្រពៃណាស់ហើយ ។
ម្នាលភិក្ខុ សេចក្ដីទុក្ខហ្នឹងឯង តថាគតសំដែងហើយថាជាអរិយសច្ច ទី១ចូរអ្នកចាំនូវអរិយសច្ច ទី ១ នោះ ដូច្នោះចុះ ។
ម្នាលភិក្ខុ ហេតុជាទីកើតឡើងនៃទុក្ខ តថាគតសំដែងហើយ ថាជាអរិយសច្ច ទី២ចូរអ្នកចាំទុក អរិយសច្ច ទី២ នោះ ដូច្នោះចុះ ។
ម្នាលភិក្ខុ សេចក្ដីរលត់ទុក្ខ តថាគតសំដែងហើយថាជា អរិយសច្ច ទី៣ ចូរអ្នកចាំទុកនូវអរិយសច្ចទី៣នោះដូច្នោះចុះ ។
ម្នាលភិក្ខុ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខហ្នឹងឯង តថាគតសំដែងហើយ ថាជាអរិយសច្ច ទី៤ចូរអ្នកចាំទុកនូវអរិយសច្ច ទី៤ នោះ ដូច្នោះចុះ ។
ម្នាលភិក្ខុ ចូរអ្នកចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ យ៉ាងនេះចុះ ។
ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ បានដែរឬ ។ កាលបើព្រះមានជោគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចាំនូវអរិយសច្ច ៤ ដែលព្រះមានបុញ្ញរាសីត្រាស់ហើយ ។
ម្នាលភិក្ខុ ចុះអ្នកចាំនូវអរិយសច្ច ៤ ដែល តថាគតសំដែងហើយ តើដូចម្ដេច?
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវទុក្ខហ្នឹងឯងដែលព្រះមានព្រះភាគត្រាស់ហើយ ថាជាអរិយសច្ច ទី១ ។
បពិត្រព្រះអង្គដ៏ចម្រើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ និយាយយ៉ាងនេះថាសេចក្ដីទុក្ខឯណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្ដីទុក្ខនុ៎ះ មិនមែនជាអរិយសច្ចទី១ ទេ ។ ខ្ញុំព្រះអង្គ បដិសេធនូវសេចក្តីទុក្ខ ដែលចាត់ជាអរិយសច្ច ទី១ នុ៎ះចោលចេញ ហើយបញ្ញត្តសេចក្ដីទុក្ខឯទៀត ថាជាអរិយសច្ច ទី១ វិញដូច្នេះ ហេតុនោះ មិនមានឡើយ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវហេតុជាទីកើតឡើង នៃទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគ ។បេ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគត្រាស់ហើយថាជាអរិយសច្ច ទី៤ ។
បពិត្រព្រះអង្គដ៏ចម្រើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីនិយាយ យ៉ាងនេះថា បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា ដែលព្រះសមណគោតម សំដែងហើយ។ បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី៤ ទេ ។ ខ្ញុំព្រះអង្គនឹងបដិសេធនូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលចាត់ជាអរិយសច្ច ទី៤ នោះចោល ហើយបញ្ញត្តបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខដទៃថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិនមានឡើយ ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ហើយ យ៉ាងនេះ។
[៣៩៤] ម្នាលភិក្ខុ ប្រពៃណាស់ហើយប្រពៃណាស់ហើយ ម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ ប្រពៃណាស់ហើយ។
ម្នាលភិក្ខុ ទុក្ខនោះឯងតថាគតសំដែងហើយថា ជាអរិយសច្ច ទី១ ចូរអ្នកចាំនូវអរិយសច្ច ទី១នោះ ដូច្នោះចុះ ។
ម្នាលភិក្ខុ ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីពោលយ៉ាងនេះថា សេចក្ដីទុក្ខណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្ដីទុក្ខនុ៎ះ មិនមែនជាអរិយសច្ចទី១ ទេ ។ តថាគតនឹងបដិសេធនូវសេចក្ដីទុក្ខ ដែលចាត់ជាអរិយសច្ច ទី១ នោះ ហើយបញ្ញត្តសេចក្ដីទុក្ខដទៃ ថាជាអរិយសច្ច ទី១ដូច្នេះវិញ ហេតុនុ៎ះ មិនមានឡើយ។
ម្នាលភិក្ខុ ហេតុជាទីកើតឡើងនៃទុក្ខ ។បេ។
ម្នាលភិក្ខុ សេចក្ដីរលត់ទុក្ខ ។បេ។
ម្នាលភិក្ខុ បដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលតថាគតសំដែងហើយថាជាអរិយសច្ច ទី៤ ចូរអ្នកចាំទុក្ខនូវអរិយសច្ច ទី៤ នុ៎ះ ដូច្នោះចុះ ។
ម្នាលភិក្ខុ បើសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីពោល យ៉ាងនេះថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា ដែលព្រះសមណគោតមត្រាស់ហើយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនុ៎ះ មិនមែនជាអរិយសច្ច ទី៤ ទេ តថាគតនឹងបដិសេធបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដែលចាត់ជាអរិយសច្ចទី៤ នុ៎ះចោលហើយ បញ្ញត្តនូវបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខដទៃ ថាជាអរិយសច្ច ទី៤ វិញ ហេតុនុ៎ះ មិនមានឡើយ ។
ម្នាលភិក្ខុ ចូរអ្នកចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសំដែងហើយ យ៉ាងនេះចុះ ។
ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩៥] លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនដែលហៅថា អវិជ្ជា អវិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្ដេច មួយទៀតបុគ្គលដែលលុះក្នុងអវិជ្ជា តើដូចម្ដេច? ម្នាលភិក្ខុ ការមិនដឹងទុក្ខ មិនដឹងហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងទីរំលត់ទុក្ខ មិនដឹងបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា។
ម្នាលភិក្ខុ នេះហៅថា អវិជ្ជា មួយវិញទៀតបុគ្គលដែលលុះក្នុងអវិជ្ជា រមែងមាន ដោយហេតុប៉ុណ្ណោះឯង ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩៦] លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា វិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន វិជ្ជា តើដូចម្ដេច មួយទៀតបុគ្គលដែលប្រកបដោយវិជ្ជា ដូចម្ដេច? ម្នាលភិក្ខុ ការដឹងទុក្ខ ការដឹងហេតុ ជាទីកើតឡើងនៃទុក្ខ ការដឹងទីរំលត់ទុក្ខ ការដឹងបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខឯណា។
ម្នាលភិក្ខុ នេះហៅថា វិជ្ជា មួយវិញទៀតបុគ្គល ដែលប្រកបដោយវិជ្ជា ក៏រមែងមាន ដោយហេតុប៉ុណ្ណេះឯង ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩៧] ម្នាលភិក្ខុទាំងឡាយ សេចក្ដីទុក្ខនេះ តថាគត បញ្ញត្តថា ជាអរិយសច្ច ដូច្នេះ វណ្ណៈ គឺអក្ខរៈ មានប្រមាណមិនបានព្យញ្ជនៈ មានប្រមាណមិនបាន វិភត្តិ ក៏មានប្រមាណមិនបាន ក្នុងអរិយសច្ចនោះថា សេចក្ដីទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច ។បេ។
ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ តថាគត បញ្ញត្តថា ជាអរិយសច្ច វណ្ណៈ មានប្រមាណមិនបានព្យញ្ជនៈ មានប្រមាណមិនបាន វិភត្តិ ក៏មានប្រមាណមិនបាន ក្នុងអរិយសច្ចនោះថា បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះ ខ្លះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
[៣៩៨] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ ធម្មជាត ៤ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ ពាក្យថា នេះជាទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ពាក្យថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ នុ៎ះជាធម្មជាតពិតមិនប្រែប្រួលមិនក្លាយទៅជារបស់ដទៃឡើយពាក្យថា នេះជាសេចក្ដីរំលត់ទុក្ខ ។បេ។ ពាក្យថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ នេះជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។
ចប់ ធម្មចក្កប្បវត្តនវគ្គ ទី២ ។
Remove ads
ពោលអំពីព្រះតថាគត មាន ២ លើក
អំពីឧបាទានក្ខន្ធប្រាំ ១
អំពីអាយតនៈប្រាំមួយ១
អំពីភិក្ខុចាំអរិយសច្ច មាន ២ លើក
អំពីអវិជ្ជា ១
អំពីវិជ្ជា ១
អរិយសច្ច មានវិភត្តិ ជាដើម ១
អំពីធម្មជាតពិត ១ ។
ឯកសារយោង
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មហាវារវគ្គ > សច្ចសំយុត្ត > ធម្មចក្កប្បវត្តនវគ្គ > ធម្មចក្កប្បវត្តនសូត្រ (SN 56.11) (បិដក ៣៩ ទំព័រ ២៣៩ ដល់ ២៦០)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads