ប៉ាច ឈឺ​ន

From Wikipedia, the free encyclopedia

Remove ads
Remove ads

លោក ប៉ាច ឈឺន ជាពាណិជ្ជករ និងជាបញ្ញវន្តមួយរូប ដែលមានគំនិតស្នេហាជាតិខ្ពស់ និងបានចូលរួមចំណែក សំខាន់ក្នុងចលនាប្រឆាំងពួកអាណានិគម។ លោក ប៉ាច ឈឺន កើតនៅឆ្នាំ១៨៩៦ ភរិយារបស់លោកឈ្មោះ ឌុក អ៊ុក ជាបងស្រីបង្កើតរបស់លោកសាស្រ្តចារ្យ ឌុក រ៉ាស៊ី។

លោកមានកូនប្រុសម្នាក់ឈ្មោះ ឈឺន ម៉ុងដេត ជានិស្សិតបានមកធ្វើការសិក្សានៅប្រទេសបារាំង។ នៅពេល ពិធីបុណ្យចូលឆ្នាំព.ស ២៥០០ ពាក់កណ្តាលសាសនាព្រះពុទ្ធ នៅទីក្រុងប៉ារីសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៥៧ គេបានឃើញរូបលោក ឈឺន ម៉ុងដេត លេងភ្លេងកូតវិយូឡុងជូនទស្សនិកជន។ នៅរបបសាធារណរដ្ឋខ្មែរ លោក ឈឺន ម៉ុងដេត បានចូលបម្រើជាតិជាយោធា និងបានទទួលមរណភាពដោយសារមានរបួសនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៧០ នៅទីក្រុងភ្នំពេញ។

នៅក្នុងសង្រ្គាមលោកលើកទី១ (១៩១៤-១៩១៨) ក្នុងរាជ្យហ្លួងព្រះស៊ីសុវត្ថិ មានយុវជនស្ម័គ្រចិត្តខ្មែរ មួយក្រុម ដូចជា សុវត្ថិ ឡេង លោក ប៉ាច ឈឺន លោក ម៉ែន… បានមកចូលជួរធ្វើទាហានក្នុងទ័ពបារាំង។ លោក ប៉ាច ឈឺន បានធ្វើជាអ្នកបញ្ជូនសារ។ នៅពេលត្រលប់មកវិញ គាត់បានធ្វើការនៅក្នុងយាន ដ្ឋានមួយនៅ ទី ក្រុងភ្នំពេញ ដែលមានឈ្មោះថា “Ctiroen et Peugeot” ។

បន្ទាប់មក នៅឆ្នាំ១៩៣៦ គាត់ជាមួយលោក សឺង ង៉ុក ថាញ់ និង ស៊ឹម វ៉ារ បានបង្កើតជាកាសែត ជាតិនិយម ខ្មែរដំបូងបង្អស់ ដែលផ្សាយ​ជាភាសាខ្មែរ។ កាសែតរបស់គាត់ ដែលមាននាមថា “នគរវត្ត” បានជួយដាស់ តឿនឲ្យខ្មែរចេះរកស៊ី ចេះខំប្រឹងប្រែងរៀនសូត្រ និងមានឧត្តមគតិស្នេហាជាតិ។ ប៉ុន្តែដោយមានការយល់ ឃើញថាកាសែតរបស់លោកមានចំនុចខ្លះចុះផ្សាយទៅបានប៉ះពាល់ដល់បារាំងនោះ ទើបពួក អាណានិគម បារាំងបានធ្វើការគៀបសង្កត់ ដោយមិនឲ្យមានការចុះផ្សាយចំនុចណា ដែលគេយល់ថាមិនល្អ។ នៅក្នុង ឆ្នាំ១៩៣៩ លោក ប៉ាច ​ឈឺន រួមទាំងលោក សឺង ង៉ុក ថាញ់ និងបក្សពូកដទៃទៀត បានធ្វើដំណើរទៅកាន់ ទីវត្តនានាដើម្បីជំរាបប្រជាជន អំពីការភ្ញាក់រំលឹករបស់បញ្ញវន្តខ្មែរ​ និងទិតៀនឲ្យមានការ ប្រុងប្រយ័ត្នចំពោះ ការគ្រប់គ្រងរបស់បារាំង។

លោកត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានដឹកនាំ ព្រះសង្ឃធ្វើបាតុកម្មដោះលែងអាចារ្យហែម ចៀវ នៅក្នុងខែមិថុនា ឆ្នាំ១៩៤២។ ដោយសារតូនាទីរបស់លោកក្នុងបាតុកម្ម កាសែត “នគរវត្ត” ត្រូវបានបិទទ្វារ ហើយគាត់ត្រូវបញ្ជូនទៅកាន់គុកធំ នៅព្រៃនគរ បន្ទាប់មក ត្រូវបានគេកាត់ទោសប្រហារជីវិត ប៉ុន្តែបានត្រូវ សម្រាលទោសត្រឹមជាប់គុកអស់មួយជីវិតនៅកោះត្រឡាច (សព្វថ្ងៃកោះនេះត្រូវបាន ប្រទេសវៀតណាម ប្តូរទៅជាកោះ កូងដាវ )។ លោកត្រូវបានដោះលែងវិញ នៅពេលដែលពួកជប៉ុន ធ្វើពលប្រហារពួកបារាំង បានសម្រេចនៅឆ្នាំ១៩៤៥ និងត្រូវបានតែងតាំងជារដ្ឋមន្រ្តីសេដ្ឋកិច្ចនៅក្នុងខែ កក្កដា ប៉ុន្តែបានតែក្នុងរយៈ ពេលខ្លីប៉ុណ្ណោះ ព្រោះបារាំង និង ក្រុមសម្ព័ន្ធមិត្តបានវាយឈ្នះលើពួកជប៉ុន ហើយបាន គ្រប់គ្រងលើប្រទេស កម្ពុជាវិញ។

នៅឆ្នាំ១៩៤៦ លោកបានត្រូវចាប់ខ្លួនម្តូងទៀត (ឬក៏ចុះចូល) ហើយបានត្រូវគេនិរទេសទៅកាន់ប្រទេសបារាំង។ នៅពេលដែលលោកត្រូវបានគេដោះលែងវិញនោះ លោកបានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ហើយទទួល ការតែងតាំងជារដ្ឋមន្រ្តីក្រសួង ពត៌មាន នៅខែតុលា ឆ្នាំ១៩៥១។ លោកជាជនជាតិខ្មែរដំបូង បំផុតដែល មានសមត្ថភាពធ្វើជានាយក នៃបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ។ លោក ប៉ាច ឈឺន បានទទួល មរណភាពនៅឆ្នាំ១៩៧១ ដោយបានបន្សល់ទុកនូវប្រវត្តិរូបដ៏សំខាន់បំផុត ក្នុងចំណោមវរជន នយោបាយ ខ្មែរដទៃទៀត៕

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads