ប្រាសាទចារ

From Wikipedia, the free encyclopedia

Remove ads

រូបភាពតូច ប្រាសាទនេះស្ថិតនៅភូមិចារ ប្រហែល៥គីឡូម៉ែត្រទិសពាយព្យនៃក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ តួប្រាសាទទាំងមូលដួលរលំដោយកត្តាធម្មជាតិ និងមនុស្ស។ សព្វថ្ងៃយើងឃើញមាននៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ សិលាចារឹកជាភាសាខ្មែរទាំងពីរផ្ទាំងនេះ គេចុះលេខ K-២៥៧។ តាមសិលាចារឹកនេះ មានចុះកាលបរិច្ឆេទឆ្នាំ៩០១ (គ.ស៩៧៩)ដែលសរសេរថាព្រះបាទជ័យវរ្ម័នទី៥បានបង្គាប់ដល់វ្រះគ្រូ និងមន្ត្រីជាន់ខ្ពស់បីនាក់ទៀតមានឈ្មោះវិរិន្ទ្រវរ្ម័ន វិរិន្ទ្រធិបតិវរ្ម័ន និងមហិធរវរ្ម័ន ឲ្យមានសន្តានចិត្តផ្ដល់ដីដល់ព្រះអង្គម្ចាស់៤អង្គ ដើម្បីបង្កើតភូមិ និងដម្កល់រូបព្រះ។ លោក ហ្ស៊ស ដែស យល់ថាព្រះអង្គម្ចាស់ទាំងបួនអង្គមានជាប់ខ្សែស្រឡាយទៅនឹងព្រះបាទឧទយាទិត្យវរ្ម័នទី១ ដែលគ្រោងរាជ្យនៅគ.ស១០០១ ដែលមាននិយាយនៅសិលាចារឹកប្រាសាទខ្នារលេខK-៣៥៦។ ខាងក្រោមនេះជាអត្ថន័យសំខាន់ៗរបស់សិលាចារឹក៖

១- នាមហាសករាជឆ្នាំ​៩០១ ត្រូវនឹង​គ្រិស្ដសករាជឆ្នាំ​៩៧៩ ថ្ងៃអាទិត្យ ទី​៥​កើត ខែជេស្ឋ មាន​ព្រះរាជបញ្ជា​របស់​ព្រះបាទស្រីជ័យវម៌្មទេវទី៥ បាន​ត្រាស់​ដល់​កំស្ដែង​​​ព្រះគ្រូ​ និងមន្ត្រីសែស្រឡាយរាជវង្ស​៣នាក់ គឺកំស្ដែង​​ស្រីវីរេន្ទ្រវម៌្ម កំស្ដែង​វី-រេ​ន្ទ្រាធិបតីវម៌្ម កំស្ដែង​ស្រី​មហី​ធរ​វម៌្ម ឱ្យទៅប្រទានដីនៅឯស្ទឹងដល់មន្ត្រី៤នាក់ ដើ​ម្បី​ចាត់ចែងបង្កើត​ជា​ស្រុក​ តម្កល់ព្រះ និង​ឱ្យក្រុមគ្រួសារអ្នកទាំងនោះ​រស់នៅ។

២- ព្រះដែលតម្កល់មានដូចជា ព្រះសិវលិង្គ ព្រះបរមេសូរ ព្រះភគវតី​ចំនួន​២ ដាក់អាស្រ័យផលរួមជាមួយ​នឹងប្រាសាទ​ព្រះគម្ដែង​ជគត​ស្រីភទ្រេសូរ ក្នុ​ង​​​សហ-​គ​មន៍​ប្រាសាទ​លិង្គបុរ ត្រូវនឹង​តំបន់កោះកេរសព្វថ្ងៃ។ ចំណែក​ឯប្រាសាទ​ព្រះ​នារា-​យ​ណ៍ ត្រូវដាក់រួមអាស្រ័យផល​ជាមួយ​ប្រាសាទ​ព្រះគម្ដែង​អញ​ស្រី​ចាម្បេសូរ​។ រូប​ប្រតិ​មាព្រះដែល​សាងតម្កល់នោះ មានព្រះបរមេសូរ(ឥសូរ) និងព្រះភគវតី(ឧមា) ឆ្លាក់ក្នុងទម្រង់រូបរាងមុខមាត់របស់​មនុស្ស គឺ​ព្រះបរមេសូរ មានមុខមាត់ជា​កំស្ដែង​ស្រីរាជបតីវម៌្ម ព្រះភគវតី១មានមុខមាត់ជា​តាញគម្ដែងអញ ព្រះភគវតីមួយទៀត​មានមុខមាត់ជា​តេងដូន ដែល​ជាជីដូន​របស់កំស្ដែងអញស្រីនរបតីវីរវម៌្ម​ និង​ម្រតាញ​​ខ្លោញ​​ស្រី​​ជយា​យុធវម៌្ម។ អ្នកទាំងនោះ​ សុទ្ធតែជាអ្នកជាប់សែស្រឡាយ​រាជវង្ស។ ទំនៀមបែបនេះ យើងសង្កេតឃើញមានតាំងពីបុរាណ​ រហូតមកដល់​សម័យទំនើប ដូចជាព្រះបាទនរោត្តមត្រាស់បង្គាប់ឱ្យសាងព្រះពុទ្ធស្រីអារ្យមៃត្រី​មួយ​អង្គ យកលំនាំ​តាម​កម្ពស់កម្ពរបស់ទ្រង់។ ដូចគ្នាដែរ គំនូរនៅតាមវត្តមួយចំនួន​​ក៏មានគូរគំនូរព្រះបាទបរមរតនៈកោដ្ឋ នៅក្នុងសាច់រឿងពុទ្ធប្រវត្តិផងដែរ។ នេះជា​របៀបមួយ ដែលភ្ជាប់ខ្លួនមនុស្សទៅនឹងទេព។

៣- សេចក្ដីចុងក្រោយ គឺជាការ​កំណត់ពីព្រំដី​ដែលត្រូវថ្វាយទៅប្រាសាទ​ទាំងនោះ ដោយមានបញ្ជាក់អំពីប្រភពដែលទទួលបានដីនោះ ដូចជា​បាន​មក​ដោយ​ព្រះរាជប្រទាន ការ​ដោះដូរ និងការជាវជាដើម។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads