ពាក្យកាព្យប្រដៅជនប្រុសស្រី

From Wikipedia, the free encyclopedia

Remove ads

ពាក្យកាព្យប្រដៅជនប្រុសស្រី និពន្ធដោយកវីក្រមង៉ុយ​ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖

ខ្ញុំសូមបង្គំព្រះសម្មាសម្ពុទ្ធណាៗក្នុងត្រៃភព
ចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ខ្ញុំសូមគោរពនមស្សការ។
ព្រះចមចក្រពិននរិន្ទឫទ្ធិជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណាសូមទ្រង់មេត្ដាប្រោសប្រណី។
ឱនកាយបង្គំប្រណម្យនឹកសូមក្រើនរំលឹករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកពឹងពាក់ព្រះបារមីឲ្យរៀនបាលីទៅបរលោក។
សរណគមន៍បីឲ្យប្រតិបត្ដិកំចាយកំចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោកបានមកភពភាន់ទាន់សាសនា។
ផ្លូវប្រេតនរកទៅញឹកញយគួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារសង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។
ជម្ពូទ្វីបនេះធំបំផុតមួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់អាយុខ្លីណាស់ក្រាស់អកុសល។
រូបំ អនិច្ចំ អនត្ដាកើតរូបកាលណាកម្មតាមដល់
តាមដានដរាបបានឲ្យផលបាបខ្លះសេសសល់ពីនរក។
ខ្លះមកពីប្រេតតិរិច្ឆានខ្លះមកពីស្ថានសួគ៌សោយសុខ
វេរាតាមរកបានឃើញមុខចុះមករងទុក្ខទទួលកម្ម។
អ្នកធ្លាក់ទៅរងនរកប្រេតដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្ទះដែកទៅដេកត្រាំរាប់លានកោដិឆ្នាំទំរាំរួច។
១០មកកើតជាមនុស្សស្ថានកណ្ដាលមិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួចសត្វធំសត្វតូចរឹតសំលាប់។
ស្រារឹតតែផឹកឲ្យស្រវឹងគុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ។
ពិតមែនជាមិនលឺព្រះឱស្ឋព្រះសង្ឃទ្រង់ប្រោសឲ្យសីស៥
ទទួលរំពេចភ្លេចមិនចាំប្រព្រឹត្ដសាងកម្មមិនព្រមលែង។
កើតមកពូជពង្សពេញជាមនុស្សសេចក្ដីត្រូវខុសចាំជាក់ស្ដែង
សំលាប់រូបសត្វឥតគិតក្រែងបំពេញរូបឯងឲ្យធំធាត់។
សំលាប់មិនថាសត្វឈ្មោលញីយកសាច់មកស៊ីឲ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឲ្យភ្លាត់លក់សត្វឲ្យព្រាត់មេព្រាត់កូន។
១៥ព្រាត់គូកំសត់វដ្ដសង្សារដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូនងងឹតឈឹងសូន្យមើលមិនយល់។
ខ្លះទៅនរកមិនទាន់មកខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារឡប់វិលវល់អំពល់តែកើតស្លាប់កើតស្លាប់។
កម្មកិតតាមខ្លួនមិនដែលឃ្លាតគ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់សំរាប់គេស៊ីជាអាហារ។
សត្វគោក្របីដំរីសេះគេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្ខាររកចិត្ដមេត្ដាករុណាគ្មាន។
រូបខន្ធរលត់រលាយទៅសល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លានសន្និដ្ឋានថាដូចអ្នកមានគុណ។
២០សត្វញីសត្វឈ្មោលអន្ទោលទុក្ខអាពុករឺម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់ក្រែងស៊ុនទៅលើសាច់ញាតិឯង។
ជ្រូកគោក្របីនៅតូចស្ទាវគេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឲ្យសព្វគ្រប់កន្លែងជួនក្រែងជាតិមនុស្សមកជាសត្វ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ចៅក្រមអកុសលជំនុំកាត់
បញ្ជីរទាំងពីរឈ្មោះមិនបាត់គេចាត់ធ្វើទោសទាំងអស់គ្នា។
មិនមានអ្នកណាធ្ងន់ណាស្រាលយម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភាជំនុំគិតគ្នាមើលបញ្ជីរ។
បញ្ជូនអ្នកធ្វើចុះនរកជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញីទាំងពីរចំណែកចំណាំមុខ។
២៥អ្នកមួយទិញស៊ីមិនរួចខ្លួនត្រឹមឯត្រីអួនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។
ឃើញច្បាស់ជារស់មិនទាន់ងាប់អង្គុយបង្គាប់ឲ្យយួនវ៉ៃ
រកខ្យល់ច្រលោតដោតញ័រដៃឃើញក្ស័យស្រាប់ៗមិនទិញយក។
អានេះបន្ធូរលែងមិនបានត្រូវច្រំធាក់ច្រានឲ្យជ្រុលជ្រក
ទំលាក់ឲ្យជ្រៅរងទុក្ខសោកលៃលកអ្នកទោសរឿងអ្នកទិញ។
អ្នកទៅឃើញត្រីនៅបំរះវេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឲ្យទៅវិញមានសែហ្វលិញគិញក្នុងនរក។
ឲ្យជូនខ្លាចក្រែងវង្វេងផ្លូវត្រួតមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុកបញ្ជីពីរមុខបាបនិងបុណ្យ។
៣០ប្រគល់យមរាជយម្ភុបាលដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណទៅសោយសុខមុនតាមទុនទាន។
អ្នកសាងធុនទាបភាពអកុសលមិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មានមិនហ៊ានកាន់សីលថាខ្លាចដាច់។
មិច្ឆាទិដ្ឋិចូលពេញទីបញ្ជីសំរាំងតាំងសំរេច
ចុះវង្សអាជីវកភ្លក់ស៊ីអាចម៌ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា។
វចីទុច្ចរិតមានគ្រប់យ៉ាងទានសីលមិនសាងអាងផឹកស្រា
លឺលោកសំដែងធម៌ទេសនាពិរោះពិស្ដារមិនចេះស្ដាប់។
អស់យើងគួរស្ដាយជាតិកំណើតសំណាងមកកើតក្នុងភទ្ទកប្ប
អគារវិន័យព្រះប្រញប្ដជាឫគល់ច្បាប់គួររក្សា។
៣៥សីល៥ ចងចាំឲ្យប្រាកដកុសលកម្មបថ១០ប្រការ
កុំឈ្លោះប្រកែកពីធម៌អាថ៌ប្រកាន់សាសនាឲ្យប្រាកដ។
កើតមកជាមនុស្សមានសខ្មៅមានប្រាជ្ញមានខ្លៅមានក្រខ្សត់
មានខ្លាំងមានខ្សោយដោយបែបបទសន្មតថាល្អក៏មិនបាន។
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់ព្រះពុទ្ធតែងត្រាស់មិនដែលខាន
ហេតុនេះមហាជនទាំងប៉ុន្មានសំរាកសំរាន្ដសំរួលចិត្ដ។
បំណាច់សម្ដេចព្រះទ្រង់ញាណកាលហៀបនិព្វានមានកំរិត
ផ្ដាំមហាអានន្ទឲ្យអាណិតអនុជអ្នកប្រឹតប្រោសសត្វផង។
សត្វផុងទៅក្នុងជ្រោះជ្រាំជ្រៅតថាគតនៅនាំចំលង
ដាក់ដល់និព្វានអស់ហ្មត់ហ្មងរួចពីចំណងវដ្ដសង្សារ។
៤០នៅសល់សង្ស័យសត្វខាងក្រោយនន្ទអើយទុកឲ្យព្រះសិអារ្យ
អាណិតសត្វណាស់ណាអ្នកណាតថាគតជិតនិព្វានហើយ។
ព្រះឱស្ឋព្រះអង្គល្មមស្រណោះសប្បុរសទាំងអស់កុំកន្ដើយ
ប្រះខ្នងដេកលើកន្ទេលខ្នើយកុំស្ងៀមមាត់ឡើយរំលឹកគុណ។
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែខូចខិលខ្ជិលដែរពីកាលមុន
កាលមោហ៍បាំងបិទងងឹតស៊ុនធ្វើបាបនិងបុណ្យទំងន់ស្មើ។
មិនស្មោះតែរួចចតុរាបាយអស់លោកទាំងឡាយកុំសរសើរ
ខ្ញុំជូនដំណឹងតាមដំណើរព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។
ជាតិក្រោយកុំឲ្យខ្ញុំល្ងីល្ងើជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់
ប្រឹងស្ទុះឲ្យរួចពីអន្លង់ភ័យភិតខ្លាចផុងទៅក្នុងភក់។
៤៥ក្នុងភពសង្សារខ្ញុំសង្ស័យសព្វថ្ងៃខ្ញុំភ័យខ្លាចនរក
ម្យ៉ាងទៀតខ្ពើមជាតិអាជីវកជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។
ច្រើនល្មើសបន្ទូលបន្ទោសព្រះខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន
ខ្ញុំសូមស្មាលាទោសពីមុនសូមបុណ្យជួយបាំងបាបឲ្យបាត់
ឲ្យបានទាន់តួព្រះសិអារ្យឲ្យបែកប្រាជ្ញាឆ្លាតបរមត្ថ
ព្រះអង្គទេសនាទ្រង់ប្រោសសត្វសូមលុះអរហត្ដដូចបំណង។
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹកអស់លោកជួយនឹកសច្ចាផ្សង។
ធ្វើបុណ្យចែកផលដល់ខ្ញុំផងនឹកឈ្មោះម្ដងៗដូចធម្មតា។
សប្បុរសប្រុសស្រីគប្បីស្ដាប់ឈ្មោះច្បាប់កន្លងព្រះឱង្ការ
ឱកាសឲ្យគិតប្រឹតប្រាថ្នាទាន់ព្រះសិអារ្យទាំងប្រុសស្រី។
៥០កុំរៀនព្រហើនប្រហែសធ្វេសកើតក្នុងប្រទេសរាជបុរី
ឲ្យមានបារម្ភភ្ញាក់ស្មារតីសីលប្រាំប្រាំបីខំសិក្សា។
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណគេបានជួបជាក់ឃើញភក្រ្តា
បានត្រងរងត្រាប់ព្រះពុទ្ធដីកាបានលុះសោតាអរហត្ដហោះ។
យើងទាន់តែត្រឹមពាក្យបណ្ដាំបណ្ដូលសីល៥ជាកេរ្ដិ៍កោះ
កិច្ចការកងកម្មចាំមិនអស់របស់ឫគល់គួររក្សា។
នេះចប់ចំណែកខាងបាសកកុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងជួបព្រះសិអារ្យនមស្សការគោរពរំលឹកគុណ។
ព្រះចមចក្រពង្សមុនីនាថកំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសំបើមបុណ្យសំបូណ៌លើសលន់លុបលោកា។
៥៥លោកកីយដឹងហើយគួរកោតខ្លាចទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការបន្ទូលត្រួតត្រាគួរត្រងត្រាប់។
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដឈ្មោះច្បាប់បាដិមោក្ខសំវរសីល។
ចែកចេញជាកងសិក្ខាបទកំណត់ពីរយម្ភៃប្រាំពីរ
មិនឲ្យមានមោះហ្មងមន្ទិលអ្នកបួសកុំខ្ជិលកាន់ឲ្យខ្ជាប់។
បាណាអទិន្នាជាបឋមជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វកាន់ក្នុងបន្ទប់លាយបន្លំ។
បន្លិចលុយកាក់សំងាត់ទោសត្រូវអាបត្ដិលាក់សំងំ
បាសកផ្ញើទានគ្មានអារម្មណ៍សន្សំតែទ្រពក្ដៅក្រហាយ។
៦០ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធមិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយសមសុខសប្បាយមិនទាស់គ្នា។
លោកសង្ឃគ្រប់វត្ដមានធំតូចសង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍មានពាក្យនិន្ទាតែរាល់វត្ដ។
បាដិមោក្ខពីររយម្ភៃប្រាំពីរអ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដចូលមាត់ចូលកមិនដឹងខ្លួន។
កងបាចិត្ដិយកៅសិបពីរនិស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឲ្យមាំមួនល្អបរិសុទ្ធសួនមិនសាយសុស។
ប៉ុន្ដែសិក្ខាមិនសូវចាំចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុសហ៊ានឈ្លោះពីព្រោះគេមិនដឹង។
៦៥សង្ឃាទិសេសប្រហែសបានដប់បីសន្ដានប្រមាណថ្លឹង
បើធ្លាប់សង្រួមឲ្យយ៉ាងតឹងមិនអរមិនខឹងមិនខាតខុស។
ឥន្រ្ទិយ៍ប្រាំមួយនាំឲ្យភ្លាត់បាចិត្ដិយទុក្កដលាយចំរុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះភ្នែកមើលណេះណោះឃើញសុសសាយ។
សោតិន្ទ្រីយោសូរតិចខ្លាំងចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយសើចលេងសប្បាយចំអន់គ្នា។
បរិស័ទអាបត្ដិទុក្កដញឹកបារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរត្រូវទោសអទិន្នាគរុភណ្ឌ។
ទ្រព្យសង្ឃជាដើមគឺចំណាំអវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់អវហាប្រាំជាន់បារាជិក។
៧០ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែកកិបទុកមិនចែកឲ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិកទុកខួបល្ងាចព្រឹកម៉ៅតែឯង។
ម្យ៉ាងទ្រព្យគេហែចូលវិហារបាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែងគេតែងនឹងថាសង្ឃស្ស។
ប្រកាសប្រគេនជំនុំសង្ឃចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់សង្ឃរាជទុកដាក់មិនចែកចាយ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំអវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយលោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។
ពីព្រោះអិន្រ្ទីយ៍ទាំង៦លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹតសិស្សមានគំនិតមិនហ៊ានថា។
៧៥សូមទានសន្ដោសសំដែងច្បាប់ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណាប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ខ្លាចសីលលោកដាច់ខ្ញុំតំរង់
តំរូវតែតាមច្បាប់ព្រះអង្គព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។
កាលអង្គសំដេចព្រះចមភពបន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខាប្រញប្ដប្ដេជ្ញាមហាបរិស័ទ។
ភិក្ខុភិក្ខុនីអស់អរហន្ដអានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឲ្យបាត់ប្រយ័ត្នឲ្យគង់ប្រយោជន៍យូរ។
ក្រោយនោះព្រះអង្គចូលនិព្វានអរហន្ដហោះធ្យានមានជាគ្រួ
មិនមានអ្នកណាដាក់ទូទេសនាបង្ហូរពីព្រះឱស្ឋ។
៨០ព្រះអគ្គសាវ័កគ្រប់ព្រះអង្គព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សំដែងធម៌អាថិមេត្ដាប្រោសបាបបុណ្យគុណទោសនិងសីលទាន។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណមិនមានអ្នកណាតែងទុក។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ស្រេចលើអានន្ទចាំទំនុក
ដំនែលព្រះអង្គដឹងគ្រប់មុខជង្រុកធម៌អាថិមហាអានន្ទ។
ជាព្រះអនុជអាណិតសត្វក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។
ចេះចប់អភិធម្មចាំរហូតវិន័យព្រះសូត្រ៥ប្រការ
ប្រកាសអស់អង្គអរហន្ដាបិដកឯណាជាឫគល់។
៨៥បមត្ថព្រះសូត្រអានន្ទចាំវិន័យទាំង៥ ឧាលីយល់
អរហន្ដទាំងអស់កើតរវល់អំពល់អីពីរឿងធម៌អាថិ។
ព្រះបាទអជាតៈសត្រូវជួយគិតតំរូវព្រះសាសនា
សម្មតិឲ្យឈ្មោះហៅក្សត្រាព្រោះព្រះមហាក្សត្រីយចូលគំនិត។
និយាយឲ្យដឹងដើមកំណើតកកើតអក្ខរាចារស្លឹករិត
បកប្រែបាលីសេចក្ដីពិតពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។
ទសជាតក៍ទាំង១០មានគ្រប់វត្ដប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដរឺសូត្រដារអ្នករៀនអក្ខរាពីរចំណែក។
ចំណេះចំណាំចាំដោយខ្លួនខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែកកើតឈ្លោះប្រកែកប្រកួតខឹង។
៩០ប្រកាន់តែខាងខុសរហូតមិនរៀនមេសូត្រឲ្យចេះដឹង
អាងចេះតែ ក កាប៉ុណ្ណឹងខំប្រឹងចំអើតអួតខ្លួនត្រូវ។
ក្ដៅណាស់ពីរឿងយោជាយ៉ោតំលើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪឥឡូវយ៉ោណាមិនសុខចិត្ដ។
អ្នកម្ខាងអាងស្រះតួប្រាំបីឲ្យដឹងបាលីជាកំរិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹតព្រោះត្បិតឲ្យត្រឹមត្រូវមាត្រា។
អ្នកបួសគ្រប់វត្ដគ្រប់នគរស ដាក់ជើង លរាប់ស្លស្លា
បើ ស ជើង ម រាប់ស្មស្មានាក់មានប្រាជ្ញាល្មមស្ដាប់បាន។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹងបើខឹងខ្ញុំឃាត់ថាឲ្យខាន
ខ ដាក់ជើង ម ពីបុរាណក្មេងតូចប៉ុន្មានស្គាល់ខ្មខ្មា។
៩៥ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំងគួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណាឲ្យសាងសាលាប្រែបាលី។
ទ្រង់ចាំទំនៀមពីបុរាណហើយបានជំនុំព្រមកុង្សីយ
បំណាច់ធ្វើស្ដេចគ្រងផែនដីទិសទាំងប្រាំបីរំពៃគ្រប់។
ព្រះកាយពលមិនរវល់រែកព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់បន្ទូលមិនឈប់រាល់វេលា។
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារក្រែងគ្រុនរងារមិនបានសុខ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វសោយរាជសម្បត្ដិសំបើមស្ដុក
ព្រះកាយប្រកបគង់ស្រណុកព្រះទ័យវិតក្កជាធម្មតា។
១០០មួយព្រួយនឹងឱបព្រះនគរពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខាសង្រួមកិរិយាមិនបរិសុទ្ធ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ាព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រឲ្យប្រុងលំអុតសង្រួមកាយ។
បានចេញប្រកាសដាក់ប្រាកដប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយអស់ល្បែងទាំងលាយគ្រប់ចំពូក។
មិនត្រូវចំពោះស្ដាប់តន្រ្ដីកុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូកអ្នកបួសធ្វើលោកមិនត្រូវការ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃសង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗអ្នកចេះសិក្ខាគេទាស់ភ្នែក។
១០៥លោកនេនកុំសុំលុយចិនចាយបិណ្ឌបាតតែបាយម្នាក់១វែក។
គ្រឿងម្ហូបចំណីបាសកចែកកុំស្ពាយពុនរែកវាថោករិក។
របស់បាសកគេប្រគេនប្រគល់លោកនេនបានលោកភិក្ខុ
ចិញ្ចឹមជីវិតនិងបាយទឹកបិណ្ឌបាតតែព្រឹកយប់សូត្ររៀន។
លោកណាត្រឹមត្រូវមិនសូវខុសស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀនពាក្យប្រៀនប្រដៅឲ្យផ្អើលភ្ញាក់។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើវិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ជំពាក់ចំពោះធុរៈនឹងសាសនា។
ពីត្រឹមនោះរៀងដរាបមកដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថាដល់មកករុណាយើងសព្វថ្ងៃ។
១១០ហេតុនេះលោកសង្ឃប្រុងពិនិត្យសៀភៅស្លឹករិតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យបើនៅសង្ស័យឲ្យសិក្សា។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកា
បង្គំថ្វាយដល់ព្រះករុណាសូមទ្រង់មេត្ដាជ្រាបព្រះទ័យ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គងពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃក្រួញក្រាបសិរសីក្រោមព្រះបាទ។
ព្រះសង្ឃទាំងអស់ទោះតូចធំអភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថសង្ឃជាល្អស្អាតខ្ញុំមិនថា។
ខ្ញុំពោលតែលោកធ្វើអាក្រក់បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណានិដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។
១១៥ក្មេងណាប្រាថ្នាបួសធ្វើសង្ឃឲ្យស្វែងតំរង់រៀនតំរេះ
ឲ្យមើលតំរាប់លោកអ្នកចេះកុំដេកតែអេះតិះដៀលគ្នា។
អ្នកម្ដាយឪពុកឲ្យឈ្មោះអ៊ូពូជពង្សអំបូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុកមានស័ក្ដិងារចៅពញាធម្មធារាធ្វើមេស្រុក។
ក្នុងខែត្រភ្នំពេញឃុំកំបូលជាប់ផៅត្រកូលម្ចាស់អង្គប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញាម៉ុកគាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
អ្នកម្តាយអាពុកបងប្អូនជិតជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណបង្កកើតខ្ញុំទូលបង្គំ។
បង្កើតពីដើមគំនិតភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជនបួនច្បាប់ពីមុនជូនរាជការ។
១២០បោះពុម្ពសៀវភៅចែកសព្វសាយបណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថាសូមទ្រង់មេត្ដាប្រោសប្រណី
ឱនកាយប្រណម្យសូមអនុញ្ញាតក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលីសេចក្ដីចែងចប់ម៉្លេះហើយហោង។
Remove ads

សូមមើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads