ម៉ុក សំឱក
From Wikipedia, the free encyclopedia
ម៉ុក សំឱក គឺជាអ្នកនិពន្ធខ្មែរមួយរូបកើតនៅក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា គ.ស. ១៨៨០ ។ លោកបានតាក់តែងនិពន្ធកំណាព្យអប់រំ និងទទួលបានមេដាយជាច្រើនក្នុងការបម្រើដល់ប្រទេសជាតិ។
គ្រួសារ
បិតារបស់លោកនាម ម៉ុក (សន្ធរ ម៉ុក) ជាមន្ត្រីក្នុងព្រះបរមរាជវាំង ខាងក្រុមព្រះអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ។ មាតានាម ជំទាវ សម។ លោកមានបងប្អូនច្រើននាក់ ប៉ុន្តែតាមការស្រាវជ្រាវគេបានរកឃើញចំនួន ៥ នាក់ដូចជា៖
- ម៉ុក ម៉ិល (ប្រុស)
- ម៉ុក ត្រចាត់ (ប្រុស)
- ម៉ុក សំឱក (រូបលោក)
- ម៉ុក សំអែល (ប្រុស)
- ម៉ុក រំដេញ (ស្រី) [១]
លោក ម៉ុក សំឱក មានភរិយាឈ្មោះ អ្នកស្រីពុំ, បានកូនស្រីមួយឈ្មោះ សំឱក ម៉ាលីយ៉ាន។
ការសិក្សា
កាលពីបឋមវ័យ, លោក ម៉ុក សំឱក បានសិក្សាក្នុងសាលាបារាំង-ខ្មែរ បានប្រលងជាប់សញ្ញាប័ត្របឋមសិក្សាបំពេញវិជ្ជា ផុតថ្នាក់ក្នុងជំនាន់នោះ។ ក្រៅអំពីការសិក្សាលោកចូលចិត្តតាក់តែងនិពន្ធកំណាព្យ អានសាស្ត្រាក្បួនច្បាប់ដែលមាននៅតាមវត្តអារាម ដែលជាហេតុនាំឲ្យលោកមានជំនាញខាងតែងកំណាព្យបានយ៉ាងល្អ។
តួនាទី
ក្នុងឆ្នាំ១៩០៣ រាជការបានតាំងលោកឲ្យធ្វើការនៅ ក្រសួងសិក្សាធិការ តាំងពីពេលមានអាយុ ២៣។ លុះបន្ទាប់តមក លោកបានធ្វើជាគ្រូបង្រៀនក្នុងសាលាដូចតទៅនេះ៖
- ឆ្នាំ ១៩០៨ ជាគ្រូនៅសាលា ឌូដាដឺឡាគ្រេ
- ឆ្នាំ ១៩១២ ជាគ្រូនៅសាលា ខេត្តកំពង់ចាម
- ឆ្នាំ ១៩១៨ ជាគ្រូនៅសាលា ឌូដាដឺឡាគ្រេ
- ឆ្នាំ ១៩២៥ ជាគ្រូនៅសាលា ហ្វ្រង់ស៊ីគារញ៉េ
- ឆ្នាំ ១៩២៦ ជាគ្រូនៅសាលា ហ្វ្រង់ស្វាបូដ្វាំង
គ្រឿងឥស្សរិយយស
លោកម៉ុក សំឱក ជាគ្រូ១រូបយ៉ាងជំនាញ, ពេញចិត្តក្នុងការបង្ហាត់បង្រៀនណាស់ ហើយជាទីស្រលាញ់ពេញចិត្តនឹងគោរពកោតក្រែង ដោយស្មោះត្រង់នៃបណ្ដាសិស្សទាំងឡាយ ទើបលោកទទួលបាននូវគ្រឿងឥស្សរិយយសដូចខាងក្រោម៖
- ថ្ងៃទី ៩ មករា ១៩១៤ មេដាយមុនីសារាភ័ណ្ឌ[មុនីសារាករណ៍]
- ថ្ងៃទី ១០ ឧសភា ១៩១៥ មេដាយប្រាក់
- ថ្ងៃទី ២៣ មេសា ១៩១៦ មេដាសសំរិទ្ធ
- ថ្ងៃទី ២៩ កញ្ញា ១៩២០ មេដាយកិត្ដិយសប្រាក់ថ្នាក់លេខ២
- ថ្ងៃទី ១៣ មេសា ១៩២៦ មេដាសអស្សរិទ្ធ
- ថ្ងៃទី ១៣ មេសា ១៩២៦ មេដាយអស្សរិទ្ធ
- ថ្ងៃទី ២៦ សីហា ១៩២៩ មេដាយកិត្ដិយសប្រាក់ថ្នាក់លេខ១
មរណកាល
លោកបានឡើងថ្នាក់ជាគ្រូបង្រៀនដើមខ្សែទី២ ក្នុងឆ្នាំ ១៩៣០, តែកន្លងបានមួយឆ្នាំ លោកគ្រូមានជម្ងឺក្អកឈាមជាទម្ងន់ ក្រោយដែលបានបំពេញរាជការចំនួន ២៨ឆ្នាំ ដោយយកចិត្តទុកដាក់ជាទីបំផុត លោកក៏ទទួលមរណភាពទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៣១ ក្នុងអាយុ ៥១ឆ្នាំ។ កាលដែលលោកបាត់បង់ទៅ ប្រទេសកម្ពុជាក្នុងជំនាន់នោះ បានខាតនូវគ្រូបង្រៀនដ៏ល្អមួយ ដែលបានបំពេញករណីកិច្ចចំពោះប្រទេសជាតិ តាមនាទីរបស់ខ្លួនយ៉ាងស្មោះចំពោះ ដោយពេញនិស្ស័យ។ អ្នកមានចំណេះដឹងប្រហែលនឹងលោក មានចំនួនតិចគ្នាពន់ពេកណាស់ ហើយលោកស្ម័គ្រចិត្តខាងក្រសួងសិក្សាធិការ ដែលពុំសូវមានអ្នកចូលចិត្តធ្វើ ចុះលេខរៀងខាងគ្រូបង្រៀនជាលំដាប់ទី៤ ដោយលោកមានចិត្តអាណិតអាសូរដល់កុមារខ្មែរណាស់ ចង់ឲ្យបានចេះ ឲ្យបានសុភាពរាបសាសមរម្យល្អ នឹងបំពេញក្នុងសង្គម។ [២]
សេចក្ដីយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.