រឿងមហាភារតយុទ្ធ ភាគទី៤៖ទីប្រជុំរដ្ឋមន្ត្រី
From Wikipedia, the free encyclopedia
កាល ទ្រៅបទី អភិសេកសមរស និងអរជុនកុមារសម្រេចហើយ បាណ្ឌវក្សត្រិយ៍ក៏នៅជាសុខក្នុងអំណាចរក្ខានៃបញ្ចាលរាជ ការគ្រប់គ្រងរក្សាដូចនេះ ជាទីត្រូវហឫទ័យបាណ្ឌវក្សត្រិយ៍ណាស់ នឹងប្លមអង្គដើរហើរទៅឯណាដូចអំពីដើមទៀតពុំបានឡើយ ព្រោះទុយោជន៍ បានឃើញហើយចាំបានជាប្រាកដថា រាជកុមារអម្បាលនេះនៅមានជីវិតរស់នៅ ទុយោជន៍ គង់ជាភ្ញាក់ខ្លួនមិនតិចដែរ មកឃើញបាណ្ឌវក្សត្រិយ៍នៅមានជីវិតរស់នៅក្នុងលោក ហើយគង់នឹងឆ្ងល់ក្នុងហឫទ័យជាបំផុត ដែលមកឃើញ អរជុន មានជ័យ បាននាងក្សត្រិយ៍បញ្ចាល ជាបាទបរិចារិការ នោះចិត្តឫស្យារបស់ទុយោជន៍ គង់ឈួលឡើងរកទីបំផុតគ្មាន ដែលមកឃើញព្រះញាតិ ដែលព្រះអង្គធ្វើឧបាយនឹងបំផ្លាញឲ្យវិនាសក្នុងអគ្រនីនោះ មកចងស្ពានមេត្រីនឹងព្រះចៅ ទ្រុបទ ដែលជាសត្រូវនឹងព្រះអង្គតាំងពីកាលណាមកហើយ ។
មានការប្រជុំធំនៅក្រុងហស្ថិនបូរ ធ្ឫតរាស្ត្រប្រថាប់លើរាជបល្លង្កមានរាជបរិពារឈរព័ទ្ធជុំវិញត្រៀប បីដូចជាផ្កាយហេមរោមព្រះចន្ទស្ងាត់សម្លេងច្រៀប ប្រុងស្ដាប់សព្ទព្រះរាជតម្រាស់ ព្រះរាជាក៏ទ្រង់ក្រោកឡើងឈរ មានព្រះរាជឱង្ការសីហនាទត្រាស់ថា ។
ម្នាលមន្ត្រីទីប្រឹក្សាទាំងសម្ចាយដែលមកសន្និបាតក្នុងទីនេះ សុទ្ធតែជាអ្នកដែលយើងទុកចិត្តក្នុងរាជការផែនដី អ្នកទាំងឡាយជាគោលសិលារបស់ប្រទេស អាណាចក្ររបស់យើងដែលនឹងតាំងនៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយជាភ្នែក ជាច្រមុះសេចក្ដីចម្រើនរុងរឿងថ្កើងកេរ្តិ៍ នឹងសេចក្ដីសុខសម្រាន្តរបស់រាស្ត្រដែលនឹងវឌ្ឍនាតទៅបាន ក៏ព្រោះអាស្រ័យអ្នកទាំងឡាយ សេចក្ដីសត្យសុចរិតនឹងផែនដីនៃអ្នករាល់គ្នា ក៏គ្មានផ្លូវឲ្យរង្គៀស សេចក្ដីដែលអ្នកទាំងឡាយភក្ដីនឹងយើង ក៏គ្មានបន្ទិលមួហ្មងសូម្បីប៉ុនល្អងធូលី របស់មោះហ្មងឆ្គងរាគីក៏គ្មានចូលមកលាយឡំក្នុងសេចធាតុពោលគឺសេចក្ដីភក្ដីនេះឡើយ យើងឲ្យហៅអ្នកទាំងឡាយមកប្រជុំក្នុងគ្រានេះ ដើម្បីឲ្យអ្នករាល់គ្នាជួយពិគ្រោះបញ្ហាមួយ ៗ ដែលតែអំពីវិចារណញ្ញាណរបស់យើងតែម្នាក់ឯង មិនអាចនឹងទំពាឲ្យបែកទៅបាន សូមប្រើជាញាណអ្នករាល់គ្នាចូលជួយទំពាយើង សូមឲ្យអ្នកទាំងអស់ចូលសម្ដែងសេចក្ដីភក្ដីដល់យើង នឹងចូលបំពេញចំពោះដល់ផែនដីក្នុងគ្រានេះម្ដងទៀត អ្នកទាំងឡាយក៏ជ្រាបហើយថា ពួកបាណ្ឌពបានចងសម្ពន្ធមេត្រីនឹងព្រះរាជា ទ្រុបទ ដែលជាសឹកសត្រូវនឹងយើង ដើម្បីនឹងរំលាយលាងអមិត្រអ្នកគិតប្រទូស្តរាយ ឲ្យចេញចាកមាគ៌ាពោលគឺ ភយន្តរាយ អ្នកទាំងឡាយនឹងគិតធ្វើដូចម្ដេចស្រួល ។
ទុយោជន៍ ក្រោកឡើងឈរ ពោលកែបញ្ហាជាដំបូងថា សេចក្ដីយល់របស់ទូលបង្គំជាខ្ញុំក្នុងរឿងនេះ គឺត្រូវឲ្យសូកពួកសេនាបតីព្រះចៅ ទ្រុបទ ធ្វើឲ្យបែកសាមគ្គីក្នុងរវាងពួកគេឡើងនេះជាឧបាយ ១ ខ ទូលបង្គំជាខ្ញុំនៅមានឧបាយក្នុងចិត្តមួយយ៉ាងទៀត ដែលនឹងឲ្យផលវិសេសជាងខមុន គឺត្រូវរិះរកទោសដ៏លាមក មកបាចប្រឡាក់នាង ទ្រៅបទី ឲ្យនាងនិយាយមិនចេញកែខ្លួនមិនរួច ខនេះជាហេតុធ្វើឲ្យពួកបាណ្ឌវក្រោធមួហ្មងហើយ លះលែងនាងចោល អំពីនោះមិត្រភ័ក្ដិរវាងពួកបាណ្ឌវ និងបញ្ចាលរាជក៏នឹងដាច់អំពីគ្នាទៅឯង ការដែលត្រូវធ្វើតអំពីនោះទៀត គឺដាក់ថ្នាំបំពុល ភីម យក្សធំឲ្យស្លាប់បង់ ប៉ុណ្ណេះក៏អស់រឿងអំពល់ចិត្តយើងទៅហើយ ទុយោជន៍ អង្គុយចុះ កណ៌ក្រោកឡើងឈរថ្លែងមតិ ។
សូមទ្រង់អភ័យដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងការដែលមានសេចក្ដីឃើញមិនដូចទ្រង់ទុយោជន៍ ដែលជាទីសំឡាញ់របស់យើង ទូលព្រះបង្គំឃើញមានថ្នាំកែតែមួយមុខ គឺអាស្រ័យកម្លាំងទាហានដ៏រឹងរិទ្ធិរបស់យើង ឲ្យបញ្ជូនទាហានទៅធ្វើសង្គ្រាមនឹងព្រះចៅ ទ្រុបទ ជាយ៉ាងឆាប់ ទូលព្រះបង្គំជឿថា កងទ័ពរបស់គេទុពលភាព គង់នឹងទប់ទល់កម្លាំងទាហានរបស់យើងមិនបាន ដែលនឹងលើកកម្លាំងទៅយាយីគ្រានេះ ត្រូវចាត់ការដោយរួសរាន់ ដើម្បីកុំឲ្យព្រះក្រិស្ណ ព្រះរាជាគុជរាត មានឱកាសលើកកម្លាំងមកជួយគេបាន ។
លំដាប់នោះ ព្រះចៅ ធ្ឫតរាស្ត្រត្រាស់សួរ ភីស្ម ក្សត្រិយ៍ជរាតើនឹងមានយោបល់យល់ឃើញដូចម្ដេច ភីស្ម ថ្លែងថា កាលបើព្រះករុណាសុំសេចក្ដីឃើញរបស់ទូលព្រះបង្គំ ក៏ត្រូវពោលតែពាក្យពិត តែបុរាណលោកថា (ពាក្យពិតរែងស្លែង) ទូលព្រះបង្គំយល់ឃើញថា តាមសិទ្ធិនៃរាជប្រវេណី យូធិស្និរជារជ្ជទាយាទ តាមច្បាប់ត្រូវបានរាជសម្បត្តិ បើព្រះករុណាមិនសព្វព្រះហឫទ័យនឹងលះរាជសម្បត្តិទាំងមូលឲ្យគេសោត ក៏គួរបែងផែនដីឲ្យគេពាក់កណ្ដាល យុត្តិធម៌នឹងសេចក្ដីពិតត្រូវឲ្យទ្រង់ប្រតិបត្តិការក្នុងរឿងនេះដូចនេះ បើទ្រង់កើបកោយយកទ្រព្យសម្បត្តិទាំងភាគដែលគេត្រូវបានមកសោត ទូលបង្គំព្យាករណ៍ទុកវេលានេះថា សេចក្ដីវិនាសលិចលង់អាណាចក្ររបស់ទ្រង់ នឹងមកដល់ក្នុងមិនយូរ សេចក្ដីលោភលន់ហួសប្រមាណ នឹងនាំនូវសេចក្ដីវិនាសយ៉ាងធំមកឲ្យដល់ប្រយូរវង្សរបស់ទ្រង់ ដំណឹងដែលឧរសព្រះករុណាគិតប្រទុស្តនឹងដុតបងប្អូនទាំងរស់នោះ ល្បីរហូតទៅក្រៅអាណាចក្ររុកុ អ្នកស្រុកខាងក្នុងខាងក្រៅរាជអាណាចក្រពោលខ្ទាំងខ្ទប់ថា ទុយោជន៍ គិតប្រទុស្តរាយទំលាយព្រះញាតិ ។
កណ៌ក្រោកឈរឡើងជាគម្រប់ពីរដង ដើម្បីបរិយាយវចនវោហាររបស់ ភីស្ម គេនិយាយថា ចិត្តរបស់ ភីស្ម ប្រកបដោយឆន្ទាគតិ ភ្នែករបស់ ភីស្ម ងងឹតក្នុងយុត្តិធម៌ វិចរណញាណរបស់ ភីស្ម ឃើញឆេវទៅក្នុងផ្លូវខុស ភីស្ម មានរោគាពាធឯណានិមួយមកបិទបាង ញ៉ាំងទស្សនញាណរបស់គេឲ្យវិកលទៅ រឿងនេះជាមុខក្រសួងរបស់ទីប្រឹក្សា ទីប្រឹក្សាតោងតបបញ្ហាឲ្យឆិតជិតទៅតែម្ដង ដោយទឹកចិត្តដ៏ត្រជាក់ មិនត្រូវញញើតនឹងគ្រឿងខ្ទាំងខ្ទប់ឯណានិមួយ សម្ដីទីប្រឹក្សាអ្នកប្រកបដោយសេចក្ដីប្រហែសធ្វេស និយាយចេញមកឃើញថា ខ្សត់វិចរណញាណមិនគិតឲ្យជុំជិតជ្រុងជ្រោយសិន រមែងនាំសេចក្ដីវិនាសមកឲ្យប្រទេស ។
ទោណអាចារ្យឃាត់កណ៌ថា ឈប់សិនទៅកណ៌អើយ ឈប់រលាស់អណ្ដាត ដែលប្រកបទៅដោយសេចក្ដីអួតទៅសិនទៅ អ្នកមិនបង្អង់និយាយ ទាល់តែសេចក្ដីវិនាសធ្លាក់មកលើខត្តិយចង្សរបស់យើងទៅឬ អាការធ្ងន់ណាស់ព្រះគុណអើយ កុំម៉្លោះពេក វិទូរក្រោកឈរឡើងពោលទទឹងទាស់នឹងមតិទុយោជន៍ ថា ។
មុខងារនាទីរបស់ខ្ញុំ បង្គាប់ខ្ញុំឲ្យពោលចេញមកតាមសេចក្ដីពិតត្រង់ក្នុងចិត្ត ផលក្នុងទីបំផុតនឹងបង្កើតឡើងដូចម្ដេច ទុក ១ អន្លើ ថាបើបណ្ដោយឲ្យករណីហេតុដំណើរទៅដូចនេះ ក្នុងពេលមិនយូរ គង់នឹងប្រទះអានិដ្ឋារម្មណ៍ជាមិនខាន ព្រះនាមាភិធ័យនៃវង្សក្សត្រិយ៍របស់យើងនឹងសាបសូន្យទៅ ព្រោះហេតុនោះគំនិតរបស់យើងខ្ញុំ ក៏គឺនឹងឲ្យផ្សះផ្សាសេចក្ដីបែកសាមគ្គីរវាងព្រះញាតិវង្ស ដោយឧបាយឯណានិមួយដ៏ប្រពៃ តាមផ្លូវយុត្តិធម៌ ។
ការប្រឹក្សាគ្នាកឈប់ស្លេះតែប៉ុណ្ណេះ ព្រះចៅ ធ្ឫតរាស្ត្រ ក៏ប្រកាសកាត់សំនួន ជាពាក្យដាច់ខាតចេញមកថា ត្រូវទៅទទួលបាណ្ឌវក្សត្រិយ៍ដែលត្រូវនិរទេស ត្រឡប់មកកាន់ព្រះនគរវិញ យើងនឹងប្រគល់ផែនដីហស្ថិនបូរឲ្យពាក់កណ្ដាល ឲ្យបងប្អូនទាំង ៥ សេពសោយសម្បត្តិតាមខត្តិយប្រវេណី ។
លំដាប់នោះ ទើបទ្រង់ចាត់ឲ្យរាជទូតនាំរាជសាសន៍ទៅកាន់ក្រុងបញ្ចាល ដើម្បីនឹងអញ្ជើញ យុធិស្ឋិរ ព្រមទាំងប្អូនបួននាក់ត្រឡប់មកព្រះនគរ កាលរាជទូលអម្បាតនេះទៅដល់ក្រុងបញ្ចាល នាំគ្នាចូលគាល់ក៏ប្រទះគ្នានឹងបាណ្ឌវកុមារ កំពុងគាល់សន្ទនារីករាយ ជាមួយព្រះចៅ ទ្រុបទ ។
ព្រះរាជ ទ្រុបទ ត្រាស់ព្រះសូរសៀងយ៉ាងអាណោចអាធមថា យុធិស្ឋិរ គ្មានរឿងអ្វីក្នុងពង្សាវតាររបស់លោក នឹងដូចរឿងរបស់អ្នកទេ មុខគួរវេទនាអ្វីម៉្លេះ ដែលព្រះញាតិរបស់អ្នកត្រឡប់ទៅជាសត្រូវ ជាគូចងពៀរវេរានឹងគ្នាដូចនេះ ។
យុធិស្ឋិរ ពោល អារឿងលាភ រឿងអំណាច ទូលព្រះបង្គំមិនចង់ឃើញមុខវា វាធ្វើឲ្យបងប្អូនទាស់ទែងគ្នា ឪពុកនិងកូនទាស់គ្នា ទ្រព្យសម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខនេះ ជាមារសម្រាប់ផ្ចាញ់មនុស្សយើងឲ្យវិនាសហីនហោចទៅ ។
ព្រះរាជា ទ្រុបទ ឡើងព្រះភ័ក្ដ្រច្រាលដោយលោហិត ត្រាស់ថា យើងសុំធ្វើពាក្យផ្ដេជ្ញាប្រកាសទុកក្នុងទីនេះ ថាបើអ្នកឯងមិនបានចំណែកព្រះនគរដោយស្រួលសោត យើងនឹងជួយអ្នកឯងដោយកម្លាំងអាវុធ ។
ខណៈនោះអ្នកភ្នាក់ងារមុខក្រសួងនាំទូតចូលទៅគាល់ ទូតអម្បាលនោះចូលទៅក្រាបចំពោះព្រះភ័ក្ដ្រក្រាបទូលថា ខត្តិយាធិបតីដ៏ជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំ ត្រាស់បញ្ជាឲ្យនាំពារដ៏មានដ៏ជាមង្គលមកក្រាបទូលព្រះអង្គឲ្យទ្រង់ជ្រាប ដ្បិតព្រះរាជាមានព្រះហឫទ័យសោមនស្សណាស់ ដែលមកឃើញសេចក្ដីរួបរួមគ្នារវាងរាជត្រកូលទាំងពីរ គឺ បណ្ឌុ និង បញ្ចាល តែព្រះរាជាដ៏ជាប្រធាននៃកុរុរដ្ឋមានព្រះរាជហឫទ័យបំណងនឹងឃើញវិមលភ័ក្ដ្រព្រះភាគិណៃទាំងប្រាំ ព្រះរាជជននីសោតក៏ចង់យល់ព្រះភ័ក្ដ្រយុវតីស្រីសុណិសា ប្រជាជនត្រៀមព្រមគ្នាហើយ ដើម្បីនឹងទទួលស្ដេច ។
ព្រះរាជា ទ្រុបទ មិនសព្វព្រះហឫទ័យក្នុងរឿងដែលបាណ្ឌវកុមារនឹងគ្នាត្រឡប់ទៅក្រុងហស្ថិនបូរវិញ តែនឹងទ្រង់ហាមឃាត់សោត មើលទៅជាការមិនគួរ ក្នុងទីបំផុតក៏ទ្រង់អនុញ្ញាតតាមសុំ ។
បាណ្ឌពកុមារ ព្រមដោយព្រះជននី នឹងនាង ទ្រៅបទី ក៏រៀបចំរាជដំណើរ ស្ដេចដើរផ្លូវទៅថ្កានក្រុងហស្ថិនបូរ មានទាហាននឹងរាជបរិពារជាក្បួនហែហម នឹងមានភ្លេងត្រែសង្ខតូរ្យតន្ត្រីប្រគំសូរសព្ទទ្រហឹងអឺងអាប់ទៅតាមមគ្គវិថី ។
កាលមកដល់ក្រុងហស្ថិបូរ មន្ត្រីខ្ញុំរាជការអ្នកធំចេញមកទទួលនៅទ្វារព្រះនគរ រាស្ត្រនិករទាំងពួងក៏ជ្រើមជ្រួលបបួលគ្នាមកទទួលស្ដេចជាទីស្រឡាញ់របស់គេ ដោយបីតិដ៏មានកម្លាំងសឹងពុំអាចនឹងទប់ជើងឲ្យនឹង លុះឮសូរកាំភ្លើង ទឹង ទឹង ដែលគេបាញ់ថ្វាយគំនាប់ខ្ទរទាំងពសុធា អ្នកនគរក៏ចូលចិត្តបានថា បិយក្សត្រិយ៍របស់គេចូលមកក្នុងខេត្តព្រះនគរហើយ សេចក្ដីរីករាយរបស់រាស្ត្រទប់ជើងមកននឹង បណ្ដាស្រីប្រុស ចាស់ក្មេង តូចធំ ស្រោកស្ររហូរហៀរចេញមក ដើម្បីឃើញបាណ្ឌវក្សត្រិយ៍ ។ នៅទីព្រះរាជវាំង និងតាមផ្លូវថ្នល់ ដោតរាជវ័ត ឆ័ត្រទ្រង់ព្រោងព្រាត នៅមាត់ទ្វារនិមួយ ៗ ក៏សុទ្ធតែប្រដាប់ដោយគ្រឿងសម្ដែងសេចក្ដីបដិសណ្ឋារត្រេកអរទទួល នឹងជាទីប្រដាប់កិត្តិយសនៃខត្តិយរាជ លុះបាណ្ឌវកុមារចូលមកដល់ទីគាល់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ស្ដេចចុះចាករាជបល្ល័ង្ក ត្រង់មកឱបក្មួយរាល់អង្គតាមលំដាប់ បាណ្ឌវកុមារក៏ក្រាបទៀបបាទយុគលទទួលពរ ព្រះរាជជិនី នឹងពួកនារីដែលមានបណ្ដាស័ក្ដិខ្ពស់ក្នុងរាជសំណាក់ក៏ដូចគ្នា នាំគ្នាទៅទទួល ទ្រៅបទី ទ្រៅបទីក៏ក្រាបចុះទៀបបាទ សម្ដែងសេចក្ដីគោរពតាមបែបសុភាពស្ត្រី មើលទៅកិរិយាមារយាទ និងរូបឆោមរបស់នាងជាទីត្រូវព្រះហឫទ័យ ព្រះរាជវង្សានុវង្សក្សត្រីជាយ៉ាងក្រៃពេក ពួកប្រយូររវង្សគ្រប់ព្រះអង្គ ក៏ស្រឡាញ់ពេញហឫទ័យ និងសរសើរគុណសម្បត្តិរបស់នាងជាអនេកប្រការ ។ ការផ្សះផ្សាររវាងព្រះញាតិដែលឃ្លាតគ្នាទៅ បានសះជាព្រមព្រៀងឡើងវិញដោយប្រការដូចនេះ មធុរកថារបស់ព្រះចៅ ធ្ឫតរាស្ត្រ ក៏ត្រាស់ប្រលោមលួងឲ្យសាមគ្គីគ្នាទៅវិញជាច្រើនប្រការ ទោះបីមិនស្និទ្ធគ្នាដូចអំពីដើមក៏អង្គឺក្ដី ទ្រង់ប្រាស្រ័យនឹងយុធិស្ឋិរជាក្មួយច្បងថា សេចក្ដីអារិចិត្តរវាងក្មួយនិងមា វេលានេះ រាប់ថាគ្មានហើយ តទៅខាងមុខសុំឲ្យមេត្រីរវាងរាជត្រកូលកុរុ និងបណ្ឌុគប្បីមានដល់គ្នា ដែលជាព្រះញាតិជីដូនមួយគ្នា មាសុខចិត្តបែងផែនដីឲ្យក្មួយពាក់កណ្ដាល ក្មួយនឹងតាំងរាជធានីឡើងថ្មីទៀតនៅខណ្ឌវបថ ឬនៅទីដទៃក៏បាន ហើយចូរគ្រប់គ្រងអាណាចក្ររបស់ក្មួយឲ្យជាសុខសម្រាន្តភិយ្យោយសចុះ ។
អាស្រ័យហេតុនេះ រាជអាណាចក្រក្រហស្ដិនបូរ ទើបត្រូវញែកជាពីរភាគ ទុយោជន៍ រើសយកខេត្រផ្សេង ៗ ក្នុងទិសបូព៌ ដែលសម្បូណ៌ទៅដោយផលាផលជាសិទ្ធិរបស់ខ្លួន យុធិស្ឋិរបានភាគខាងលើ ដែលជាទីអរញ្ញប្រទេស តោងកាប់គាស់រានសាងជារាជធានីទីក្រុងឡើង ។
ឯកសារយោង
សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម
តំនភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.