រឿងមាយាដកខ្ញី
From Wikipedia, the free encyclopedia
រឿងមាយាដកខ្ញី និយាយអំពីកិច្ចកលរបស់ស្រ្ដី ស្ដ្រីខូច ស្រ្ដីផិត ស្ដ្រីក្បត់ ស្រីចិត្ដចើកដែលមិនចេះស្កប់ស្កល់ មិនចេះឆ្អែតឆ្អន់ នឹង កាមតណ្ហាសោះឡើយ ភាសិតក្នុងស្រីហិតោបទេស បានសរសេរទុកថា «ធម្មជាតិស្រ្ដី នឹងថាអៀនខ្មាស់ក៏មិនមែន នឹងថាមានខ្លួនទូន្មានហើយ ក៏មិនមែន នឹងថាមានចិត្ដស្មោះត្រង់ចំពោះប្ដីក៏មិនមែនពុំនោះ នឹងថា មានសេចក្ដីភ័យខ្លាចក៏មិនមែនដែរ សេចក្ដីពិត គឺមិនមានបុរសចង់ នេះជាហេតុនៃសេចក្ដីស្មោះត្រង់ (បរិសុទ្ធ)នៃស្រ្ដីទាំងឡាយ»។
ការដាក់កំហុស ការគៀបសង្កត់ ការតិះទៀនវាយតំលៃ ការពោលពាក្យគ្រោតគ្រាត រហូតប្រព្រឹត្ដនូវអំពើអានាចារមានចាប់បង្ខំ ចាប់រំលោភ ទៅលើស្រ្ដីភេទទាំងឡាយហាក់ដូចជាមានកើតឡើងគ្រប់កាលៈទេសៈ គ្រប់សម័យកាលហើយជួនកាលយើងឃើញថា ស្រ្ដីវាគ្រាន់តែជាឧបករណ៍មួយ សំរាប់បុរសប្រលែងលេងសើចប៉ុណ្ណោះ។ ចំនែកបុរសភេទវិញ គេចាត់ទុកជាមាសទឹកដប់ ល្អអិតខ្ចោះ ទោះជាបុរសមានកិច្ចកលមាយា បោកបញ្ឆោត ផិតក្បត់ មានប្រពន្ធមួយហើយមួយទៀត រឺ ច្រើនរាប់រយ យ៉ាងណា ក៏ដោយ ឥតមាននរណាសរសេរទុក កត់ត្រាទុក តាក់តែងជារឿងទុកហើយទំនៀមទំលាប់ ក៏ហាក់អិតបានស្ដីបន្ទោស ទៅលើបុរសភេទក្នុងករណីក្បត់នេះទេ។ សត្វលោកឈ្មោលញី មនុស្សលោកប្រុសស្រីសុទ្ធសឹងតែជាសត្វមួយពួកដែលមានកាម សញ្ញា (ចេះឈប់សំរាក ចេះលំហែកាយ ចេះអាណិតស្រលាញ់ ដូចៗគ្នា ស្មើគ្នាទាំងអស់) ។ មនុស្សប្រុសតែងប្រើ បញ្ញាកិច្ចកលស្វែង រកកាមារម្មណ៍ (ស្រ្ដី) គ្រប់វិធីការ ចុះស្រ្ដីវិញនាងមិនចាំបាច់ រិះរក ស្វែរក រឺជ្រើសរើសអ្វីទេ នាងត្រូវតែដេកចាំ ចាំតែបុរសត្រូវការនាងតែប៉ុណ្ណឹង?...។
ដំណើររឿង
មានបុរសម្នាក់ និង ស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្ដី តែមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នាចង់ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបានដោយភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នាចុះដើរទៅរកទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។
ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវានិយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់គេប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគក់ទ្រូងថា «ឱ! អ្នកអើយភ្លេចដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះអ្នកឯងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ប្ដីក៏ឈរចាំប្រពន្ធ។
ឯនាងប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរលឹកសាហាយខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសំបែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ។ ឯប្រុសសាហាយនោះក៏ទទួលភារ:នាងនោះទៅរួច នាងនោះយកខ្ញីពីសាហាយ ហើយផ្ដាំថា «ល្ងាចនេះអោយអ្នកឯងចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ» និយាយកិច្ចការសព្វគ្រប់ហើយនាងនោះក៏ត្រលប់មកឯប្ដីដើម។
កាលដែលនាងប្រះដេកនោះ ដីក៏នៅប្រលាក់ជាប់ នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមកដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីខ្លួនថា «អ្នកឃើញម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ»។ ប្ដីសួរថា «សើចអី ?»។ ប្រពន្ធតបថា «ឯអ្នកមើលខ្នងខ្ញុំ បោសអោយបន្តិចណា! ហ្នឹងហើយខ្ញុំដកខ្ញីទៅ វារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយបះជើងច្រោង បានជាប្រលាក់ខ្នងខ្ញុំអស់»។ ប្ដីមិនដឹងក៏បោសខ្នងអោយប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយ និងធ្វើមាន់ស៊ី ធ្វើរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្ដីថា «អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ។ ប្រពន្ធដេកស្ដាប់ៗ បន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា «ពិរោះណាស់អ្នក ! អ្នកផ្លុំប៉ីមើលរន្ធដែររឺទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?»។ ប្ដីតបថា «ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ ហើយចំណាំរន្ធផង»។ ប្រពន្ធថា «បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែផ្លុំពិរោះដដែលរឺទេ?។ ប្ដីតបថា «បិទចុះ ផ្លុំក៏នៅពិរោះដូចមុនដែរ»។ ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីរ រួចហើយក៏កន្ធែកជើងអោយសាហាយនោះឃើញ។ ប្រុសសាហាយ ឃើញ សាហាយខ្លួនបិទភ្នែកប្ដីបានហើយ កន្ធែកជើងអោយសញ្ញាដូច្នោះ ក៏ចូលទៅរួមសង្វាសនឹងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី។ ប្ដីនោះក៏មិនដឹងដល់ កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា មាយាដកខ្ញី មានទាំងទំនុកច្រើនផងថា ៖
ស្រីអើយនាងស្រី | ស្រស់ទៅដកខ្ញី | ដកដួលទាំងខ្លួន |
កាលដកលើកមុន | តូចតន់លាក់ខ្លួន | ដកក្រោយសំនួន |
ផ្ទួនអោយប្ដីស្តាប់ | ប្ដីនាងអ្នកផ្លុំ | នាងសុំធ្វើត្រាប់ |
បន្ទរអឹងអាប់ | ចាប់បទអុំទូក។ |
សូមមើលផងដែរ
ឯកសារយោង
ប្រជុំរឿងព្រេងខ្មែររបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស[តំណភ្ជាប់ខូច]
Wikiwand - on
Seamless Wikipedia browsing. On steroids.