រឿង តាចាស់ស្មូមទាន

From Wikipedia, the free encyclopedia

Remove ads

មានបុរសអភិជនម្នាក់ ឈ្មោះដាវិដ មកពីបរទេស កំពុងដើរលំហែកាយ នៅទីលានព្រះអង្គដង្កើ មុខព្រះរាជវាំង នាមាត់ទន្លេចតុមុខ នាពេលរសៀលជ្រេរមួយ ដោយមានកាន់កាមារ៉ានៅដៃ ដើរថតទិដ្ឋភាព នៃទីក្រុងភ្នំពេញផង។ ខណៈនោះ ស្រាប់តែមានតាចាស់ម្នាក់ ស្លៀកពាក់ចាស់រដាច់រដោច ដើរមកដល់ក្បែរដាវិដ។ បុរសយើងគិតស្មាន ក្នុងចិត្តភ្លាម ថា តាចាស់មួយរូបនោះ ប្រាកដជាស្មូមយាចក រស់នៅដោយការសូមទានគេហើយ។ មិនទាន់បានលូកដៃ ក្នុងហោប៉ៅដកហូតលុយផង ស្រាប់តែដាវិដ ឃើញតាចាស់ បែរជាលូកដៃក្នុងហោប៉ៅអាវ ដ៏ចាស់រហែករបស់គាត់ ហើយយករូបថតចាស់ទក់ៗ មួយសន្លឹកចេញមក។ ដាវិដភ្ញាក់ព្រើត ក៏ងើបមុខ ចោលក្រសែភ្នែក សម្លឹងតាចាស់ទុរគត ត្បិតមិនយល់ថា គាត់កំពុងចង់ធ្វើអ្វីឡើយ។ តាចាស់នោះ លើករូបថតនោះបង្ហាញដាវិដ ហើយស្រដីថា ៖

- ឧិលោកអ្នកដ៏មានបុណ្យរាសីល្អអើយ តើលោកអាចជួយខ្ញុំបន្តិចបានទេ?

គ្រាន់តែឭដូច្នេះភ្លាម ដាវិដក៏គិតភ្លែត នៅក្នុងចិត្តថា ៖

- អុញ! ខ្ញុំគិតថាគាត់ជាអ្នកស្មូមទាន គឺស្មូមទានមែន! ម្តុំនេះ សំបូរស្មូមទានដូចឃ្មុំរោមផ្កាម៉្លេះ! ឧិព្រះអង្គអើយ! ថ្ងៃនេះ ច្បាស់ជាអស់លុយ ទិញបាយល្ងាចហើយខ្ញុំ!

កំពុងតែគិត ស្រាប់តែដាវិដ ឭតាចាស់មានប្រសាសន៍ បន្តទៀតថា ៖

- នេះគឺចៅស្រីតែមួយរបស់ខ្ញុំ ដែលកំពុងមានជម្ងឺ គេងនៅមន្ទីរពេទ្យ...

ដាវិដ ខ្ជិលស្តាប់សំដីរបស់គាត់ តទៅទៀត ក៏លូកហោប៉ៅ រាវរកប្រាក់ បំរុងហុចអោយតាចាស់ ដើម្បីអោយគាត់ដើរ ចៀស ទៅណាឆ្ងាយៗ កុំអោយទើសមុខទើសមាត់របស់ខ្លួនតទៅទៀត។ ស្រាប់តែតាចាស់បន្តប្រសាសន៍ទៀតថា ៖

- ខ្ញុំជាជនក្រីក្រ មានរាសីតូចទាប ប្រហែលជាបន់ព្រះមិនសក្តិសិទ្ធិ អោយចៅស្រីរបស់ខ្ញុំ ឆាប់បានជាសះស្បើយមកវិញទេ ទើបខ្ញុំ សូមមកពឹងលោក អោយជួយអុជធូបបន់ព្រះ សូមអោយនាងឆាប់ជាផង ព្រោះឥលូវនេះ ខ្ញុំលែងមាន សាច់ញាតិណា ទៀតហើយ ក្រៅពីចៅស្រីមួយរូបនេះ។ បើអត់ពីនាងទៅ ជីវិតខ្ញុំលែងមានន័យ នឹងរស់តទៅទៀតដែរ។

តាចាស់មានប្រសាសន៍ទាំងទឹកភ្នែករលីងរលោង ហើយលើកដៃទាំងគូ ប្រណម្យ​ចំពោះដាវិដ សម្តែងការទទូចអង្វរ។ ក្នុងវិនាទីនោះ ដាវិដរំជូលក្នុងចិត្ត ក្តុកក្តួលអារម្មណ៍ ដោយក្តីអាណិតស្រណោះមេត្តា។

- មែនហើយ! គាត់មិនបានស្មូមប្រាក់ឯណា? គឺសុំតែមេត្តាធម៌ ដើម្បីពង្រឺងកម្លាំងចិត្តរបស់គាត់តែប៉ុណ្ណោះ ហេតុអី យើងត្រូវកំណាញ់នឹងគាត់ផង?

គិតក្នុងចិត្តដូច្នោះហើយ ដាវិដក៏ញញឹមឡើងភ្លាម៖

​- បាទតា! ម៉ោះ! ទៅជាមួយខ្ញុំ ទៅថ្វាយបង្គំព្រះអង្គដង្កើ ដើម្បីសុំពរពីព្រះអង្គ!

ដាវិឌក៏នាំតាចាស់ចូលថ្វាយបង្គំព្រះ ដើម្បីអធិដ្ឋានបួងសួង សូមអោយចៅរបស់គាត់​ ឆាប់ជាសះស្បើយពីជម្ងឺរបស់នាង។ ទង្វើរបស់ដាវិដ បាននាំនូវកម្លាំងចិត្តនិងភាពញញឹមដ៏ស្រស់បំព្រងជាទីបំផុត មកដាក់លើផ្ទៃមុខ ដ៏សែនខ្មៅជ្រួញ​របស់តាចាស់ តែក្នុងរយៈពេលបួនដប់នាទីក្រោយមក ប៉ុណ្ណោះ។ ដោយក្តីរំភើបចិត្ត ចំពោះទង្វើដ៏ទន់ភ្លន់របស់ដាវិដ តាចាស់នោះ បានដោះមួក អោនកាយថ្លែងអំណរគុណ បុរសយើង ហើយក៏លាចេញទៅ ព្រមទាំងជូនពរដាវិដ យ៉ាងច្រើនទៀតផង។ ព្រលប់នោះ ដាវិដបានដើរត្រឡប់ មកសណ្ឋាគារវិញ ដោយដក់ជាប់នូវអារម្មណ៍រីករាយចម្លែក លើសធម្មតា មិនមែនដោយសារទិដ្ឋភាព ដ៏ត្រកាលនៃទីក្រុងភ្នំពេញទេ តែដោយសារចំណងមេត្រីភាពដ៏ល្អ ដោយដុះចេញមកពីទឹកចិត្តមនុស្សធម៏ និងការលើកកម្លាំងចិត្ត ចំពោះគ្នា ទៅវិញទៅមក។


ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads