រឿង ទង្វើជាគម្រូ
From Wikipedia, the free encyclopedia
Remove ads
ដើម្បីនឹងផ្លាស់ប្តូរមនុស្សឬសង្គម យើងមិនប្រើត្រឹមតែទ្រឹស្តីប៉ោចៗ មិនអនុវត្តន៍នោះឡើយ។ ការអនុវត្តន៍ជាកត្តាសំខាន់ ក្នុងការផ្តល់គម្រូណែនាំ មនុស្ស ទៅរកកន្លែងប្រសើរ។ បើសិនយើងចេះថា យើងត្រូវចេះធ្វើព្រមជាមួយផង តាមសមត្ថភាព និងលទ្ធភាព ដែលយើងអាចធ្វើបាន នោះពិតជាទង្វើដ៏ប្រសើរ ហើយមានប្រសិទ្ធភាពបំផុត។ បើសិនអ្នកថានោះ ខ្វះការអនុវត្តន៍ ជាគម្រូ ក៏អ្នកថានោះ មិនសូវមានប្រសិទ្ធភាព ក្នុងការបញ្ចេញ មតិរិះគន់ដែរ។ ចំណែកឯការរង់ចាំអោយ មនុស្សគ្រប់គ្នា មានឧិកាសគ្រប់ៗគ្នា ឬស្មើៗគ្នានោះ គឺពុំមានឡើយ ហើយប្រហែល ជាត្រូវរង់ចាំ អស់មួយជីវិតផង ក៏មិនដឹង។ ដូច្នេះ យើងម្នាក់ គួរងើបធ្វើអ្វី តាមលទ្ធភាព និងសមត្ថភាព ដែលយើងអាចធ្វើបាន។ ចាស់បុរាណខ្មែរយើង មានពាក្យល្អៗ សម្រាប់ប្រៀនយើងអោយគិត ដូចជា ពាក្យថា ឆក់ឧិកាស ឆ្លៀតឧិកាស បង្កើតឧិកាស តែយើងចំណាំប្រើសម្រាប់តែភាពអវិជ្ជមានទៅវិញ។ បើសិនជាយកគតិនេះ ទៅគិត ហើយអនុវត្តន៍ខាងផ្លូវវិជ្ជមានវិញ គឺពិតជាប្រសើរក្រៃលែង។
ខ្ញុំសូមជូនឧទាហរណ៍មួយ សម្រាប់គិតលេង។
ខែកក្កដា ឆ្នាំ ២០០២ ខ្ញុំធ្លាប់បានទៅលេង នៅវត្តលើខ្នងភ្នំ ព្រះនេត្រព្រះ ហើយក៏បានប្រទះ ពិធីបុណ្យមួយ ដែលមានមនុស្សកុះករ នៅទីនោះ ដោយចៃដន្យ។ ព្រមជាមួយនោះដែរ ខ្ញុំបានឃើញទីធ្លាវត្ត ពោរពេញ ដោយសំរាម។ ពេលនោះ ខ្ញុំឃើញភ្ញៀវជាច្រើននាំគ្នា រអ៊ូថា ពួកនេះវានាំគ្នាបញ្ជាំ គ្មាននាំគ្នា ជួយសំអាតអ្វីសោះ។ ម្នាក់ៗថាហើយ ក៏ដើរចេញអស់ទៅ។ ខ្ញុំឃើញកិរិយាមនុស្សរអ៊ូ ដដែលជាដដែល ដូច្នោះ ក៏ដើរទៅរក លោកយាយចាស់ៗ ប្រចាំវត្ត សុំបានអំបោសពីរបី រួចហើយក៏ហៅកូនចៅរបស់ខ្ញុំ អោយមកជួយខ្ញុំ បោសសំអាត។ លុះឃើញខ្ញុំនិងកូនចៅ ធ្វើដូច្នោះ ពួកអ្នកស្រុកក៏នាំគ្នា ឈរមើលរហង់ ហាក់ដូចជាមានការចម្លែកចិត្ត។ បន្តិចក្រោយមក ស្រាប់តែមានអ្នកស្រុក ចិត្តល្អ យកទឹកមកហុច អោយពួកយើងបរិភោគ។ បន្តិចមកទៀត ស្រាប់តែមានអ្នកស្រុក ប្រុសស្រី ងើបឡើង ទាញអំបោស មកជួយបោសដែរ។ មួយស្របក់ហួសទៅ ទីធ្លាវត្តក៏ប្រែជាស្អាត គួរជាទីកំសាន្ត ដ៏មនោរម្យ សាជាថ្មី។ ថ្ងៃនោះ បើខ្ញុំមិនឆ្លៀតឧិកាស ធ្វើដូច្នោះ ទីធ្លាវត្តក៏មិនបានស្អាតដែរ។ បើខ្ញុំមិនងើបធ្វើមុនគេ ជាគម្រូ ម៉្លេះសមគ្មានមនុស្ស មកជួយការងារ អោយហើយស្អាត។ បន្ថែមពីលើនោះ បើសិនខ្ញុំនៅរង់ចាំឧិកាស អោយគេហៅខ្ញុំជួយបោស ច្បាស់ជាគ្មានឡើយ ព្រោះខ្ញុំជាភ្ញៀវ មិនមែនអ្នកស្រុកម្ចាស់ភូមិ។ ម៉្យាងវិញទៀត បើសិនជាខ្ញុំអាល័យគិតថា វណ្ណៈខ្ញុំ មិនសក្តិសម នឹងកាន់អំបោស បោសសំរាម នោះទីធ្លាវត្ត ក៏មិនបានស្អាត។ ឆ្នាំក្រោយៗមក ខ្ញុំឃើញវត្តនោះ មានការផ្លាស់ប្តូរ ដោយអ្នកស្រុក ចេះតែនាំគ្នាធ្វើ ជាបន្តៗ លែងប្រកាន់ខ្លួន ដូចមុនទៀត។
សរុបសេចក្តីមក ជួនកាល ការដឹកនាំមនុស្ស មិនចាំបាច់តែប្រើសំដី ប៉ោចៗ ប្រដៅគេរហូតនោះទេ ព្រោះថា បើសិនជាយើង អាចងើបធ្វើអ្វីល្អប្រសើរតែបន្តិច ជាកម្លាំងចិត្ត និងជាការបំភ្លឺផ្លូវ នោះប្រសិទ្ធិភាពនៃភាពជាគម្រូនោះឯង នឹងក្លាយជាគ្រូ នាំពួកគេអោយធ្វើការ ដោយមិនបាច់មានវត្តមាន របស់យើង នៅទីនោះ តទៅទៀត ថែមទៀតផង។
ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads