ល្បើកប្រេត
From Wikipedia, the free encyclopedia
Remove ads
Remove ads
ដោយ សុង ស៊ីវ ពាក្យ ៤ បទកាកគតិក្លាយ
ក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ គម្ពីរបេតវត្ថុ សំដែងអំពីប្រេត ១២ ពួក កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា
១. ឥ.ស្វា.សុសូម បង្គំរួបរួម ចំពោះរ័ត្នបី ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃចាស់ខ្ចី សូមមានសួស្ដី សព្វគ្រប់ប្រការ ។
២. ឥតោបរំ ទើបខ្ញុំផ្ដើមតាំង ចាប់លើកសាស្ត្រា បេតវត្ថុ បាលីភាសា ហើយកាន់ប៉ាកកា ចារចួនជាខ្មែរ។
៣. មុនអភិប្រាយ សូមញាតិទាំងឡាយ អ្នកក្រុងអ្នកស្រែ បើបានជ្រាបរឿង ប្រេតនេះខំកែ គំនិតឱ្យប្រែ បែរចាកកំហុស។
៤. ប្រេតមានច្រើនក្រុម មានតូចមានធំ មានស្រីមានប្រុស គ្រប់សាស្ត្រទាំងអស់ លាយឡំចំរុះ កើតតាមកំហុស ដែលខ្លួនបានធ្វើ។
៥. ប្រេតខ្លះដើរបាន ដើរសព្វភូមិឋាន ស្រុកក្រោមស្រុកលើ ដើរគ្រប់ប្រទេស ឥតមានទើសទើរ ដើររុះដើររើ រើសរកអាហារ។
៦. ពួកប្រេតធុនហ្នឹង ច្រើននឹករំពឹង រកញាតិកា បងប្អូនកូនចៅ ជីដូនជីតា ព្រោះឃ្លានអាហារ ខ្លោចផ្សាពេកក្រៃ។
៧. ខ្លះអត់អាហារ ដប់ពាន់ឆ្នាំណា ព្រោះខ្លួនចង្រៃ ញាតិមិត្តផ្សាយឱ្យ បញ្ជូនរាល់ថ្ងៃ តែគ្មាននិស្ស័យ អាស្រ័យផលបាន។
៨. ប្រេតខ្លះកម្មស្រាល ផលមិនបណ្ដាល ឱ្យហួសប្រមាណ បើញាតិផ្សាយឱ្យ ទទួលផលបាន ទើបប្រាជ្ញបុរាណ គិតអានភ្ជុំបិណ្ឌ។
៩. ពួកប្រាជ្ញព្រឹទ្ធា បបួលគ្នីគ្នា អ្នកប្រាជ្ញាប៉ិន នាំគ្នានិពន្ធ អានិសង្សបិណ្ឌ រៀបរាប់យ៉ាងឆ្អិន សង្កិនរឿងប្រេត។
១០. គម្ពីរនោះថា បើជនរូបណា មិននឹកដល់ប្រេត ក្នុងពេលភ្ជុំបិណ្ឌ នឹងបុណ្យចូលចែត្រ ជននោះត្រូវប្រេត ប្រទេសផ្ដាសា។
១១. ព្រោះកើតច្រើនជាតិ សំបូរពួកញាតិ ព្រោងព្រាតត្រៀបត្រា ខ្លះជាញាតិមិត្រ មាតាបិតា ជាបុត្រភរិយា រាប់រយកោដិនាក់។
១២. លែងអ្វីមានញាតិ ដែលភ្លាត់មារយាទ ឃ្លៀងឃ្លាតជ្រុលធ្លាក់ កើតជាពួកប្រេត ពិតជាមានជាក់ យ៉ាងតិច១០នាក់ មានប្រាកដណាស់។
១៣. ក្នុងធម៌តិរោក ថាប្រេតគរគោក ដើរឈរពាសដាស ពេញភូមិពេញស្រុក ពេញទីអាវាស ខ្លះនៅអាកាស តែមើលមិនយល់។
១៤. ប្រេតមួយក្រុមទៀត ផលកម្មចង្អៀត ទៅណាពុំដល់ ព្រោះមានកម្មក្រាស់ ឋិតនៅហ្នឹងថ្កល់ ឬក៏វិលវល់ នៅមួយកន្លែង។
១៥. ពួកប្រេតក្រុមនេះ សូមលើកទុកស្លេះ ពុំទាន់ថ្លាថ្លែង នឹងទាញពួកប្រេត ១២កន្លែង យកមកចារចែង ជូនជាសណ្ដាប់។
១៦. សូមលោកអ្នកប្រុង ស្មារតីឱ្យស្លុង ពិនិត្យហើយស្ដាប់ បើបានជ្រាបហើយ សូមប្រែក្រឡាប់ ចៀសខុសឱ្យឆាប់ ចាប់យកខាងត្រូវ។
១៧. បើដឹងជាខុស កុំថប់ទញ់តុះ នាំឱ្យទាសផ្លូវ កុំគិតកុំនឹក ខំធ្វើបុណ្យទៅ បុណ្យឈ្នះសត្រូវ ទៀងតែបានសួគ៌។
១៨. បាបទាំងប៉ុន្មាន ដែលខ្លួនបានសាង វិនាសបាត់តួ ឱ្យផលមិនបាន ចាញ់បុណ្យឋានសួគ៌ បើជ្រាបហើយគួរ ធ្វើបុណ្យឆាប់ៗ។
១៩. ខំធ្វើបុណ្យច្រើន បញ្ញាចំរើន យល់ធម៌កើតស្លាប់ អនិច្ចំទុក្ខំ អនត្តាច្បាប់ ជាធម៌ចំណាប់ វិសេសក្នុងលោក។
២០. ធ្វើបុណ្យច្រើនជាតិ ផលបុណ្យជាញាតិ តាមឱ្យជ័យជោគ ឱ្យច្រើនៗដង ផលកើនគគោក មានជ័យក្នុងលោក បាបចាញ់លែងឈ្នះ។
២១. ក្នុងពុទ្ធុប្បាទ ផលបុណ្យល្អស្អាត នាំជួបនឹងព្រះ បានស្ដាប់សព្ទធម៌ ចិត្តផុតមានះ បុណ្យលាងបាបជ្រះ បានដល់និព្វាន។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads