មេត្តា
From Wikipedia, the free encyclopedia
Remove ads
មេត្តា ឬមេត្រី (សំ.មៃត្រី, បាលី. មេត្តិ) សេចក្តីរាប់រក ការរាប់អានគ្នា សេចក្តីប្រណី បំណងឲ្យអ្នកដទៃបាននូវសេចក្តីសុខ។ មេត្តានេះ គឺជាគោលធម៌មួយ ក្នុងចំណោមព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងព្រះពុទ្ធសាសនាថេរវាទ មេត្តា ត្រូវបានគេរាប់បញ្ចូលជាបារមីមួយ ក្នុងចំណោមបារមីទាំង ១០ ដែលព្រះពោធិសត្វ ទ្រង់កសាងសន្សំអស់ជាច្រើនកប្បដើម្បីបានសម្រេចជាព្រះសម្មាសម្ពុទ្ធ។
Remove ads
ការចម្រើនមេត្តា ឬហៅថា មេត្តាភាវនា គឺជាផ្នែកមួយនៃការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនា។ ពុទ្ធសាសនិក ច្រើនផ្សាយមេត្តាធម៌នេះដល់សត្វលោកទួទៅជារឿយៗ ដើម្បីឲ្យសត្វលោកទាំងអស់ បាននូវសេចក្តីសុខ មិនមានពៀរវេរានឹងគ្នា រស់នៅដោយសុខជាមួយគ្នា។
Remove ads
អត្ថន័យ
មេត្តាគឺជាពាក្យកំចីពីភាសាបាលី។ ប្រជាជនកម្ពុជាភាគច្រើន យល់ច្រឡំអត្ថន័យពាក្យមេត្តាថាជាការអាណិតអាសូរ តែតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យមេត្តានេះ មានអត្ថន័យថា ការរាប់អាន រាប់រកគ្នាដោយចិត្តបរិសុទ្ធ ដោយបំណងចង់ឲ្យអ្នកដទៃបាននូវសេចក្តីសុខតែម្យ៉ាង។ នៅក្នុងព្រះពុទ្ធសាសនាថេរវាទ មេត្តា គឺជាធម៌ដ៏សំខាន់មួយ នៅក្នុងចំណោមព្រហ្មវិហារធម៌ទាំង ៤។
ធម៌មេត្តានេះ ត្រូវបានគេហ្វឹកហាត់ចម្រើន ដើម្បីឲ្យសត្វលោកទួទៅបានប្រកបដោយសេចក្តីស្ងប់សុខ មិនមានការព្យាបាទគ្នាទៅវិញទៅមក។
Remove ads
មនុស្សចិត្ត ល្អ
ការធ្វើសមាធិមួយបែប ដែលហៅថាមេត្តាភាវនា គឺជាការចម្រើនមេត្តាឲ្យបានរឿយៗ បណ្តុះមេត្តាធម៌នៅក្នុងសន្តានចិត្ត នឹករឿយៗឲ្យអ្នកដទៃបាននូវសេចក្តីសុខ ដោយគិតពាក្យដដែលៗថា "សូមឲ្យអ្នកបានសេចក្តីសុខ សូមឲ្យអ្នករួចចាកទុក្ខ សូមកុំឲ្យមានពៀរ សូមកុំឲ្យមានរោគ" ជាដើម។ ការចម្រើនមេត្តាធម៌នេះ គឺយើងធ្វើជាដំបូង ត្រូវផ្សាយដល់ខ្លួនឯង បន្ទាប់មក ផ្សាយដល់អ្នកដែលយើងស្រឡាញ់រាប់អានជិតស្និទ្ធ បន្ទាប់មក ក៏ផ្សាយទួទៅដល់សត្វលោក លើសពីនេះទៀត គឺផ្សាយទួលាយរហូតដល់សត្រូវរបស់យើងថែមទៀត។
វិធីសាស្ត្រនៃការចម្រើនមេត្តាភាវនា មានពីរយ៉ាងគឺ ចម្រើនមេត្តាដោយផ្តោតទៅលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃបានសេចក្តីសុខ និងមួយទៀត គឺចម្រើនមេត្តាដោយផ្តោតលើបំណងចង់ឲ្យខ្លួនយើង និងអ្នកដទៃរួចផុតចាកសេចក្តីទុក្ខទាំងពួង។
Remove ads
មេត្តានៅក្នុងគម្ពីរព្រះត្រៃបិដក
នៅក្នុងគម្ពីរព្រះពុទ្ធសាសនា ព្រះត្រៃបិដក គេឃើញមានពាក្យមេត្តានេះជាច្រើនអត្ថបទ ដូចជានៅក្នុងព្រះសូត្រឈ្មោះ កកចូបមសូត្រ និងករណីយមេត្តសូត្រ ជាដើម។ នៅក្នុងបដិសម្ភិទាមគ្គ ក៏មានអធិប្បាយជាច្រើនទាក់ទងនឹងមេត្តា។
គេអាចផ្សាយមេត្តាតាមបែបច្រើនយ៉ាង ដូចមានក្នុងព្រះសូត្រមួយចំនួន ដូចជាករណីយមេត្តសូត្រ ឬក៏លើកយកគាថាណាមួយជាភាសាបាលី ឬសំរាយជាភាសាខ្មែរក៏បាន។
នៅក្នុងករណីយមេត្តសូត្រ មានគាថាជាភាសាបាលីថា
(១) ករណីយមត្ថកុសលេន, យន្ត សន្តំ បទំ អភិសមេច្ច;
សក្កោ ឧជូ ច សុហុជូ ច, សុវចោ ចស្ស មុទុ អនតិមានី ។ (២) សន្តុស្សកោ ច សុភរោ ច, អប្បកិច្ចោ ច សល្លហុកវុត្តិ; សន្តិន្ទ្រិយោ ច និបកោ ច, អប្បគព្ភោ កុលេសុ អននុគិទ្ធោ ។
(៣) ន ច ខុទ្ទំ សមាចរេ កិញ្ចិ, យេន វិញ្ញូ បរេ ឧបវទេយ្យុំ;
សុខិនោ វា ខេមិនោ ហោន្តុ, សព្វេ សត្តា ភវន្តុ សុខិតត្តា ។...
កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចារផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្ត ចំពោះពពួកសត្វថា) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ។ ...
នៅក្នុងបដិសម្ភិទាមគ្គ មានគាថាជាភាសាបាលីថា
សព្វេ សត្តា អវេរិនោ ហោន្តុ, ខេមិនោ ហោន្តុ, សុខិនោ ហោន្តុ... សត្វទាំងឡាយទាំងពួង សូមកុំឲ្យមានពៀរ សូមឲ្យមានសេចក្តីក្សេម សូមឲ្យមានសេចក្តីសុខ ... ដូច្នេះជាដើម។
សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ។...
ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍... សូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច។..
ឬក៏ គេអាយផ្សាយមេត្តាដោយគាថាខ្លីៗថា
ទុក្ខប្បត្តា ច និទ្ទុក្ខា, ភយប្បត្តា ច និព្ភយា, សោកប្បត្តា ច និស្សោកា, ហោន្តុ សព្វេបិ បាណិនោ។ សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ, ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ, ដែលដល់ហើយនូវសេចក្តីសោក សូមឲ្យជាសត្វបាត់សេចក្តីសោកទៅហោង។
Remove ads
គុណប្រយោជន៍នៃមេត្តាធម៌
គុណប្រយោជន៍ ឬហៅម្យ៉ាងទៀតថា អានិសង្សនៃការចម្រើនមេត្តា មានសំដែងនៅក្នុងគម្ពីរបរិវារៈ កថាខន្ធ ឯកុត្តរិកៈ មានជាអាថ៌ថា
មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យជាទីនៅហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ និងមានអានិសង្ស១១ប្រការជាពិតប្រាកដ គឺ
- បុគ្គលនោះដេកលក់ជាសុខ
- ភ្ញាក់ឡើងជាសុខ
- មិនយល់សុប្តិអាក្រក់
- ជាទីស្រឡាញ់របស់ពួកមនុស្ស
- ជាទីស្រឡាញ់របស់ពួកអមនុស្ស
- ពួកទេវតាតែងរក្សា
- ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្ត្រាវុធក្តី ក៏មិនប៉ះពាល់ដល់បុគ្គលនោះ
- ចិត្តបុគ្គលនោះ រមែងចូលកាន់សមាធិដោយរួសរាន់
- បុគ្គលនោះ មានពណ៌សម្បុរមុខស្រស់បស់
- បុគ្គលនោះមិនបានវង្វេង ធ្វើមរណកាល
- កាលបើមិនទាន់បានត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ទេ ជាអ្នកបានទៅកើតក្នុងព្រហ្មលោក។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads