នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី គឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគឺជាព្រះរាជបុត្រព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងព្រះមាតាព្រះនាម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺ សម្តេច នរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ហើយសុគតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៣។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលជាព្រះវររាជបិតាដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះគោរម្យងាស្ដេចផែនដីកម្ពុជាបានប្រទានដោយ ព្រះវររាជបិតារបស់ព្រះអង្គគឺព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្រោយមកព្រះអង្គត្រូវបានតម្លើងជា «សម្ដេចព្រះបរមនាថ» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះវររាជបិតារបស់ព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះបរមនាមថា« ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី'» 2024