ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម ។ ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយក្រុងព្រះសីហនុជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ ។ ក្រុងព្រះសីហនុជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ។ យោងតាមឯកសារក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរណ៍អន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនាក្រុងព្រះសីហនុ ។ នៅខែមករា ឆ្នាំ២០០៧ ព្រលានយន្តហោះនៅក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគម្រោងនៃរាជរដ្ឋាភិបាល បានឱ្យដឹងថាព្រលានយន្តហោះនៃក្រុងព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ២០១០ ។