នរោត្តម
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៨៦០ដល់ឆ្នាំ១៩០៤ / From Wikipedia, the free encyclopedia
ព្រះបាទនរោត្តម ឬ អង្គវតី (ទ្រង់ប្រសូតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៨៣៤–ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤) បានសោយរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៩០៤។ ទ្រង់ជាព្រះរាជបុត្រាច្បងនៃព្រះបាទ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ហើយជាព្រះរៀមនៃ ព្រះបាទស៊ីសុវត្ថិ និង ព្រះអង្គម្ចាស់ស៊ីវត្ថា ផងដែរ ។ ព្រះបរមនាម ព្រះអង្គ នរោត្តម ជាពាក្យមកពីបន្សំភាសាបាលី សំស្រ្តឹតគឺ នរ+ឧត្តម ផ្សំចេញពីពាក្យ នរៈ ប្រែថា មនុស្ស/បុរស និងពាក្យ ឧត្តម ប្រែថាកំពូល ខ្ពង់ខ្ពស់ មានន័យ កំពូលបុរស ឬកំពូលមនុស្សប្រសើរជាងមនុស្សទាំងឡាយ ។ ព្រះបាទនរោត្តម ត្រូវបានគេចាត់ទុកថាជាព្រះរាជាខ្មែរទី១នៃកម្ពុជាសម័យទំនើប ក្រោមអាណានិគមនិយមបារាំង។ ស្នាព្រះហស្តព្រះអង្គ ដែលគេស្គាល់ច្បាស់គឺការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នុងការឈ្លោះហែកប្រទេសខ្មែរជាពីរ ពីសំណាក់ប្រទេសសៀម និងយួន។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងនគរជិតខាងដ៏កំណាច មានមហិច្ចតាទាំងពីរ គឺយួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា។ ព្រះអង្គត្រូវបានជ្រើសរើសឱ្យឡើងស្នងរាជ្យបន្តតាមរាជប្បវេណីពីព្រះបិតា នៅឆ្នាំ១៨៦០ ប៉ុន្តែរហូតដល់ឆ្នាំ១៨៦៤ ទើបបានរាជាភិសេកផ្លូវការ ពីព្រោះដោយសារតែប្រទេសសៀមបានលាក់ទុកគ្រឿងរាជកកុដភណ្ឌ (ព្រះមកុដរាជ និងរតនៈវត្ថុផ្សេង៤ទៀត)។ នៅឆ្នាំ១៨៦៣ ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយប្រទេសបារាំង ដែលព្រះអង្គបានឱ្យបារាំងគ្រប់គ្រងលើទំនាក់ទំនងបរទេសរបស់កម្ពុជា ជាថ្នូរនឹងការការពារផ្ទាល់ព្រះអង្គប្រឆាំងនឹងសត្រូវរបស់ជាតិ ។ សន្ធិសញ្ញានេះបានសង្គ្រោះឯករាជ្យភាពរបស់កម្ពុជាចេញពីការត្រួតត្រារបស់សៀមនិងយួន ប៉ុន្តែការគ្រប់គ្រងរបស់បារាំងលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានរីកសុះសាយជាបន្តបន្ទាប់រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ (ឯករាជ្យពេញលេញមិនត្រូវបានស្ដារឡើងវិញរហូតដល់ឆ្នាំ១៩៥៣) ។ ក្នុងរាជ្យរបស់ព្រះអង្គសោយរាជ្យមានរយៈពេល ៤៣ ឆ្នាំ និង ១៨៨ ថ្ងៃ គឺវែងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។
ព្រះបាទនរោត្តម | |||||
---|---|---|---|---|---|
ព្រះចៅក្រុងកម្ពុជា | |||||
ព្រះឆាយាល័ក្ខណ៍របស់ព្រះបាទនរោត្តមនៅឆ្នាំ១៨៦៦ ថតដោយចញ ថមសុន | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគមបារាំង | |||||
រជ្ជកាល | ១៨៦០-១៩០៤ (៤៤វស្សា) | ||||
រាជាភិសេក | ៣ មិថុនា ១៨៦៤ | ||||
អង្គមុន | អង្គឌួង | ||||
អង្គក្រោយ | ស៊ីសុវត្ថិ | ||||
ប្រសូត | ១៥ កុម្ភៈ ១៨៣៤ អង្គរបុរី, កម្ពុជា | ||||
សុគត | ២៤ មេសា ១៩០៤ ព្រះបរមរាជវាំង, រាជធានីភ្នំពេញ | ||||
ព្រះសុសាន | ថ្វាយព្រះភ្លើង១៩០៦ វាលព្រះមេរុហ៍ ខាងជើងវាំង | ||||
រាជពន្ធភាព | សម្តេចព្រះរាជអគ្គមហេសី តារាការ (បុត្រីសម្តេចព្រះមហាឧបរាជ អង្គអ៊ឹម) | ||||
រាជបច្ឆាញាតិ | បុត្រា និង បុត្រី ៦២អង្គ | ||||
| |||||
វង្ស | ព្រះអង្គឌួង | ||||
បិតា | អង្គឌួង | ||||
មាតា | សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
នៅពេលដែលទ្រង់ប្រសូត ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ យួននិងសៀម នៅឡើយទេ។ ប្រទេសទាំងពីរនោះបានចែកគ្នាកាន់កាប់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គធ្វើជាខ្សែបន្ទាត់ ប៉ុន្តែព្រះរាជវង្សខ្មែរភាគច្រើនលើសលប់ជ្រកកោន ក្នុងតំបន់សៀមត្រួតត្រា បើទោះជាយួនមានអំណាចខ្លាំងជាងសៀមយ៉ាងណាក្តី។ យួននិងសៀមតែងកេងយកផលចំណេញពីខ្មែរ ហើយច្បាំងគ្នាលើដីខ្មែរ ដែលធ្វើឲ្យកម្ពុជារងវិនាសកម្មយ៉ាងធ្ងន់ធ្ងរព្រោះក្លាយជាសមរភូមិរបស់ប្រទេសជិតខាង។ រាជធានីជសម័យនោះគឺស្ថិតនៅឧត្តុង្គ ប៉ុន្តែរដ្ឋបាលខ្មែរបែជានៅឯប្រទេសសៀមឯបាងកក។ ព្រះអង្គម្ចាស់អង្គវតី(នរោត្តម)ត្រូវបានព្រះបិតាព្រះអង្គ បញ្ជូនទៅរៀនសូត្រនៅវត្តបវរនិវេសមហាវិហារ នៅក្រុងបាងកក ដែលព្រះអង្គសិក្សាអក្សរសាស្រ្ត ព្រះធម៌ និងភាសាបាលី បុរាណ។