កូឡុំប៊ី
From Wikipedia, the free encyclopedia
ប្រទេសកូឡុំប៊ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកូឡុំប៊ី (ភាសាអេស្ប៉ាញ៖ República de Colombia) គឺជាប្រទេសឆ្លងទ្វីបមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង និងមានទឹកដីក្រៅស្រុកមួយនៅទ្វីបអាមេរិកខាងជើង។ វាមានព្រំប្រទល់ជាប់នឹងសមុទ្រការ៉ាអ៊ីបនៅភាគខាងជើង ប្រទេសវេណេស៊ុយអេឡានៅភាគខាងកើត ប្រេស៊ីលនៅភាគអាគ្នេយ៍ ប្រទេសអេក្វាឌ័រ និងប៉េរូនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច និងប្រទេសប៉ាណាម៉ានៅភាគពាយព្យ។ ប្រទេសកូឡុំប៊ីមានដែនដីនាយកដ្ឋានចំនួន ៣២ និងរដ្ឋធានីឈ្មោះ បូកូតា ដែលត្រូវជាទីក្រុងធំបំផុតក្នុងប្រទេស។ វាបានគ្របដណ្តប់លើផ្ទៃដី ១,១៤១,៧៤៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៥០ លាននាក់។ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកូឡុំប៊ីបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃអរិយធម៌អាមឺរិនឌិនផ្សេងៗ (វប្បធម៌ជនជាតិដើម) ការចូលមកតាំងទីលំនៅរបស់ជនជាតិអឺរ៉ុប ទាសករអាហ្វ្រិក និងអន្តោប្រវេសន៍ផ្សេងៗមកពីទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។ ភាសាអេស្ប៉ាញគឺជាភាសាផ្លូវការរបស់ប្រទេស ហើយក្រៅពីនេះ វាមានភាសានិយាយជាង ៧០ ភាសាបន្ថែមទៀត។
República de Colombia (ភាសាអេស្ប៉ាញ) | |
---|---|
បាវចនា "Libertad y Orden" (ភាសាអេស្ប៉ាញ) ខ្មែរ៖ សេរីភាព និងសណ្តាប់ធ្នាប់) | |
ភ្លេងជាតិ Himno Nacional de la República de Colombia ("ភ្លេងជាតិនៃសាធារណរដ្ឋកូឡុំប៊ី") | |
ទីតាំងប្រទេសកូឡុំប៊ី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | បូកូតា 4°35′N 74°4′W |
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ |
ក្រុមជនជាតិ (ឆ្នាំ ២០១៨[1]) |
|
សាសនា (ឆ្នាំ ២០១៨)[2] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយម |
- ប្រធានាធិបតី | អ៊ីវ៉ាន ឌូកេ ម៉ារកេស |
- អនុប្រធានាធិបតី | ម៉ារតា លូស៊ីយ៉ា រ៉ាមីរ៉េស |
នីតិបញ្ញត្តិ | សមាជ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យពីអេស្ប៉ាញ | |
- ប្រកាសឯករាជ្យ | ២០ កក្កដា ១៨១០ |
- ទទួលស្គាល់ | ៧ សីហា ១៨១៩ |
- ឯកភូតនីយកម្មចុងក្រោយ | ១៨៨៦ |
- កាត់ទឹកដីមួយភាគពីប្រទេសប៉ាណាម៉ា | ១៩០៣ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៤ កក្កដា ១៩៩១ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,១៤១,៧៤៨ គ.ម២ (ទី២៥) |
- ផ្ទៃទឹក (%) | ២.១ (គិតត្រឹមឆ្នាំ២០១៥)[3] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៥០,៣៧២,៤២៤[4] (ទី២៨) |
- ដង់ស៊ីតេ | ៤២.២៣ នាក់/គ.ម២ (ទី១៧៣) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៨២៧.៦៦២ ពាន់លានដុល្លារ[5] (ទី៣១) |
- ក្នុងម្នាក់ | ១៦,២៦៤ ដុល្លារ[5] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៣៤៣.១៧៧ ពាន់លានដុល្លារ[5] (ទី៣៨) |
- ក្នុងម្នាក់ | ៦,៧៤៤ ដុល្លារ[5] |
ជីនី (២០១៩) | ៥១.៣[6] ខ្ពស់ |
HDI (២០១៩) | ០.៧៦៧[7] ខ្ពស់ · ទី៨៣ |
រូបិយវត្ថុ | ប៉េសូកូឡុំប៊ី (COP) |
ល្វែងម៉ោង | UTC−៥[b] (COT) |
ទម្រង់កាលបរិច្ឆេទ | dd-mm-yyyy (ស.រ.) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៥៧ |
ដែនកម្រិតខ្ពស់ | .co |
កូឡុំប៊ីគឺជាប្រទេសមួយក្នុងចំណោមមហាប្រទេសចម្រុះចំនួនដប់ប្រាំពីរនៅលើពិភពលោក ហើយមានកម្រិតជីវចម្រុះខ្ពស់បំផុតទីពីរនៅលើពិភពលោក។[8] ទឹកដីរបស់វាបានគ្របដណ្តប់លើព្រៃលិចទឹកអាម៉ាហ្សូន តំបន់ខ្ពង់រាប វាលស្មៅ និងវាលខ្សាច់ ហើយវាជាប្រទេសតែមួយគត់នៅអាមេរិកខាងត្បូងដែលមានឆ្នេរសមុទ្រ និងកោះជាច្រើននៅតាមបណ្តោយមហាសមុទ្រអាត្លង់ទិកផង និងប៉ាស៊ីហ្វិកផង។
កូឡុំប៊ីគឺជាសមាជិកនៃអង្គការកម្រិតពិភពលោក និងតំបន់សំខាន់ៗដូចជា៖ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) អង្គការរដ្ឋអាមេរិកាំង (OAS) សម្ព័ន្ធភាពប៉ាស៊ីហ្វិក សហគមន៍អង់ឌីន និងជាដៃគូសកលមួយរបស់អង្គការណាតូ។ សេដ្ឋកិច្ចចម្រុះរបស់វាគឺធំជាងគេទីបីនៅអាមេរិកខាងត្បូង ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរំពឹងទុកកំណើនអំណោយផលរយៈពេលវែង។[9]