ខេត្តសៀមរាប
ខេត្តនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោកហង់រី មូហូ ក្នុងឆ្នាំ១៨៦០(នាសម័យលង្វែកនាសតវត្សទី១៦ ក៏មានជនបរទេសបស្ចឹមលោកមកមើលប្រាសាទអង្គររួចមកហើយដែរ)[1]។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។
ខេត្តសៀមរាប | |
---|---|
ខេត្ត | |
ទិដ្ឋភាពនៃប្រាសាទអង្គរវត្តនាពេលរសៀល | |
រហស្សនាម: ប្រាសាទអង្គរវត្ត | |
ផែនទីកម្ពុជាបង្ហាញពីទីតាំងនៃខេត្តសៀមរាប | |
កូអរដោនេ: 13°21′N 103°51′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ក្រុងសៀមរាប |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ប្រាក់ សោភ័ណ |
ផ្ទៃក្រឡា | |
• សរុប | ១០២៩៩ គម2 (៣៩៧៦ ម៉ាយ ការ) |
ប្រជាជន (២០១៩)[2] | |
• សរុប | ១,០១៤,២៣៤ |
• សន្ទភាព | ៩.៨×១០−៥/km2 (០.០០០២៦/sq mi) |
ល្វែងម៉ោង | UTC+០៧ |
លេខក្រមទូរស័ព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៧ |
ស្រុក និងក្រុង | ១២ |
ឃុំ | ១០០ |
ភូមិ | ៩០៧ |
ខេត្តសៀមរាប គឺជាខេត្តធំទី១០ក្នុងប្រទេសកម្ពុជា។ ដោយបានឈានដល់ចំនួនប្រជាជនមួយលាននាក់ក្នុងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ប្រទេស។ មួយផ្នែកធំនៃព្រំដែនភាគខាងត្បូងនៃខេត្តសៀមរាបត្រូវបានជាប់ដោយបឹងទន្លេសាប ហើយដូច្នេះហើយជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលបង្កើតបានជាតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន ខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃប្រាសាទអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ហើយក៏ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជា ប្រាសាទបន្ទាយស្រី ទីតាំងនៃប្រាសាទបេងមាលារបស់អង្គការយូណេស្កូ និងជាទីជម្រករបស់អង្គការយូណេស្កូនៃឧទ្យានជាតិភ្នំគូលែន ។