បញ្ជីព្រះមហាក្សត្រកម្ពុជា
From Wikipedia, the free encyclopedia
ព្រះមហាក្សត្រកម្ពុជាគឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។
ព្រះមហាក្សត្រនៃកម្ពុជា | |
---|---|
រាជាធិបតេយ្យ | |
ព្រះរាជសិង្ហាកម្ពុជា | |
កំពុងសោយរាជ្យ: នរោត្តម សីហមុនី | |
| |
ទូលហៅ: | ព្រះករុណា |
កំណើត: | ដើមសតវត្សទី១ គ.ស ៥២ |
|
តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
- ក-អនុប្រធានទី១ ព្រឹទ្ធសភា
- ខ-អនុប្រធានទី១ រដ្ឋសភា
- គ-អនុប្រធានទី២ ព្រឹទ្ធសភា
- ឃ-អនុប្រធានទី២ រដ្ឋសភា
នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
- អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។ [1] [2]