ការវាយឆ្មក់របស់វៀតណាមលើព្រំដែនថៃ
From Wikipedia, the free encyclopedia
Remove ads
Remove ads
ការវាយឆ្មក់របស់វៀតណាមមកលើព្រំដែនថៃ គឺជាការវាយប្រហារដោយសាធារណរដ្ឋសង្គមនិយមវៀតណាមមកលើជំរុំរបស់ចលនាដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជានៅតាមព្រំដែនកម្ពុជា‐ថៃ។ បន្ទាប់ពីយួនបានវាយចូលកម្ពុជានិងផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៩, ខ្មែរក្រហមក៏បានរត់ទៅពួននៅតាមតំបន់ព្រៃភ្នំនៃទិសពាយព្យប្រទេសកម្ពុជាជិតព្រំដែនថៃ។ នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០, កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមធ្វើប្រតិបត្តិការពីជំរុំនៅតាមព្រំដែនថៃក្នុងគោលបំណងចង់ផ្តួលរលំ ស.ប.ក ដែលមានយួននៅពីក្រោយ។ ពេញមួយទសវត្សឆ្នាំ១៩៨០ កងកម្លាំងយួន និងថៃតែងតែប្រឈមមុខនឹងគ្នា, ពេលខ្លះយួនបានចូលទៅលុកលុយដល់ក្នុងទឹកដីថៃ ហើយពេលខ្លះទៀតក៏បានបាញ់គ្រប់ផ្លោងចូលទៅក្នុងទឹកដីថៃទៀតផង។
Remove ads
មូលហេតុ

ការសង្ស័យរបស់ថៃចំពោះគោលបំណងដ៏យូរអង្វែងរបស់វៀតណាមនិងការភ័យខ្លាចវៀតណាមឈានចូលមកគាំទ្រចលនាកុបកម្មកុម្មុយនិស្តនៅក្នុងប្រទេសរបស់ខ្លួន, រដ្ឋាភិបាលថៃក៏បានសម្រេចចិត្តគាំទ្រសហរដ្ឋអាមេរិកដើម្បីកុំឱ្យយួនចូលមកជ្រៀតជ្រែកប្រទេសខ្លួន ដូចដែលបានជ្រៀតជ្រែកប្រទេសកម្ពុជាអញ្ជឹង។
នៅឆ្នាំ១៩៧៣ រដ្ឋាភិបាលស៊ីវិលថ្មីមួយនៅប្រទេសថៃបានបង្កើតឱកាសសម្រាប់ការផ្សះផ្សាជាមួយវៀតណាមខាងជើង។ វៀតណាមខាងជើង (យួនកុម្មុយនិស្ត) បានបញ្ជូនគណៈប្រតិភូទៅទីក្រុងបាងកកដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយថៃ ក៏ប៉ុន្តែកិច្ចចរចាក៏ត្រូវបានបែកបាក់។ កិច្ចពិភាក្សារវាងថៃ និងយួនក៏បានបន្តសារជាថ្មីនៅក្នុងឆ្នាំ១៩៧៦ ក្រោយពីយួនកុម្មុយនិស្តបានយកឈ្នះលើវៀតណាមខាងត្បូងហើយបង្រួបបង្រួមជាតិទាំងមូលឱ្យនៅក្រោមអំណាចរបស់ខ្លួនតែមួយ។ ក្នុងកិច្ចចរចាមួយនេះ ពួកគេបានទាមទារឱ្យមានការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតប្រទេសទាំងពីរនិងការបើកការចរចារស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច បន្តិចក្រោយមក, រដ្ឋប្រហារយោធាមួយក៏បានធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ១៩៧៦។ រដ្ឋាភិបាលថៃថ្មីដែលឡើងកាន់អំណាចក្រោយរដ្ឋប្រហារ បានមិនសូវចង់ចូលជិតឫសម្រុះសម្រួលជាមួយកុម្មុយនិស្តវៀតណាមនោះឡើយ។ តែមិនយូរប៉ុន្មាន ទំនាក់ទំនងថៃ-វៀតណាមក៏បានបន្តនៅឆ្នាំ១៩៧៧, នៅពេលដែលថៃ វៀតណាម និងលាវបានធ្វើសន្និសិទពិភាក្សាមួយអំពីការបន្តកិច្ចការងារលើគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គដែលជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដ៏សំខាន់មួយដែលត្រូវបានបញ្ឈប់ដោយសង្គ្រាមវៀតណាម។ ប៉ុន្តែនៅខែធ្នូ ឆ្នាំ១៩៧៨, ជម្លោះនៅក្នុងប្រទេសកម្ពុជាបានផ្តល់ផលប៉ះពាល់ទៅដល់ផ្លូវទូតប្រទេសទាំងពីរ។ ការវាយលុកចូលកម្ពុជាដោយវៀតណាមមិនមែនប៉ះពាល់តែក្នុងស្រុកខ្មែរតែមួយនោះទេតែបានប៉ះពាល់ដល់ប្រទេសថៃថែមទៀត, ទាំងនេះបានធ្វើឱ្យទំនាក់ទំនងរវាងថៃនិងវៀតណាមធ្លាក់ដាបចុះជាទម្ងន់។
នៅក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីកម្ពុជាត្រូវបានកាន់កាប់ដោយវៀតណាម, ថៃបានចងសម្ព័ន្ធភាពជាមួយខ្មែរក្រហមដែលជាសត្រូវរបស់យួនហើយបានបែរទៅរកចិនដើម្បីសុំជំនួយផ្នែកសន្តិសុខ។ ករណីទាំងពីរនេះបានធ្វើឱ្យទំនាក់ទំនងវៀតណាមនិងថៃមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ថៃគឺជាប្រទេសសមាជិកអាស៊ានតែមួយគត់ដែលងាយនឹងរងគ្រោះបំផុតពីការវាយប្រហារជាសម្មតិកម្មរបស់វៀតណាមព្រោះខ្លួនបានផ្តល់ជម្រកដល់ខ្មែរក្រហមនៅតាមជំរុំនានាក្នុងទឹកដីរបស់ខ្លួន,[៥] ថៃក៏ជាប្រទេសសមាជិកអាស៊ានតែមួយដែរ ដែលប្រឆាំងដាច់ខាតនឹងការវាយចូលកម្ពុជាដោយវៀតណាម។
Remove ads
រេខាកាលនៃជម្លោះ
នេះគឺជាបន្ទាត់ពេលវេលា (ឫរេខាកាល) ដែលបង្ហាញពីព្រឹត្តិការណ៍សំខាន់នៅក្នុងជម្លោះមួយនេះ៖
ឆ្នាំ១៩៧៩
- ខែតុលា: វៀតណាមបានវាយបណ្តេញទ័ពខ្មែរក្រហមចេញពីព្រៃភ្នំនិងរុញច្រានពួកគេឱ្យកាន់តែគាកទៅព្រំដែនថៃ។[៦]
- ៨ វិច្ឆិកា: កាំភ្លើងធំរបស់ថៃបានបាញ់គ្រាប់ចូលជំរុំជនភៀសខ្លួន ណងចាន់[៧] ដែលបណ្តាលឱ្យជនភៀសខ្លួនប៉ុន្មាន ១០០ នាក់បានបាត់បង់ជីវិត។
- ១២ វិច្ឆិកា: វៀតណាមបានវាយតំបន់ទល់នឹងបានឡោមដែលបានធ្វើឱ្យអ្នកភូមិនិងទ័ពខ្មែរក្រហមប្រមាណ ៥,០០០ នាក់រត់ចូលកាន់តែជ្រៅទៅក្នុងទឹកដីថៃ។[៨]
ឆ្នាំ១៩៨០
- ២៣ មិថុនា: ជាការឆ្លើយតបទៅនឹងការរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរាប់ពាន់នាក់, កងទ័ពវៀតណាម ២០០ នាក់បានឆ្លងចូលព្រំដែនថៃនៅម៉ោងប្រមាណ ២:០០ ព្រឹកទៅក្នុងតំបន់បានណាន ម៉ាក់មន់, ក៏ដូចជាជំរុំណងចាន់ដែរ, រួចហើយយួនក៏បានបើកការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្សប្រមាណជាង ២០០ នាក់ត្រូវបាត់បង់ជីវិត, ក្នុងនោះមានទាហានថៃចំនួន ២២-១៣០ នាក់, អ្នកភូមិថៃម្នាក់, ជនភៀសខ្លួនមួយចំនួនតូច និងកងទ័ពយួនប្រហែល ៧២-១០០ នាក់។ គេបានរាយការណ៍ថាមានជនភៀសខ្លួនរាប់រយនាក់ត្រូវបានស្លាប់ ភាគច្រើនគឺមកពីគ្រាប់ផ្លោងរបស់ថៃដែលបានបាញ់ចំជំរុំជនភៀសខ្លួនមួយ និងមួយភាគតិចត្រូវបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ត្រូវ។[៩][១០] កងទាហានយួនបានដណ្តើមបានភូមិនៅក្បែរព្រំដែនចំនួនពីរ និងភូមិផ្សេងៗទៀតត្រូវពួកវាបាញ់គំទិចចោល។
- ២៤ មិថុនា: កងទ័ពវៀតណាមដែលដណ្តើមបានជំរុំណងចាន់ក៏បានបន្តប្រយុទ្ធទរទល់នឹងកងកម្លាំងថៃហើយវាយប្រហារទៅលើទីតាំងទ័ពព្រៃនៅក្បែរៗនោះ។ នៅថ្ងៃដដែលនេះ, កងទ័ពវៀតណាមក៏បានបាញ់ទម្លាក់យន្តហោះយោធាថៃចំនួន ២ គ្រឿងផងដែរ។[១១]
- ២៦ មិថុនា: កងទ័ពវៀតណាមចាប់បានមន្រ្តីជួយសង្គ្រោះចំនួនពីរនាក់ (បុរសទីមួយគឺលោក Robert Ashe និងទីពីរគឺវេជ្ជបណ្ឌិត Pierre Perrin របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម) និងអ្នកថតរូបជនជាតិអាមេរិកពីរនាក់នៅណងចាន់។[១២][១៣]
ឆ្នាំ១៩៨១
- ៤ មករា: កងកម្លាំងវៀតណាមក៏បានសម្រុកបុកទម្លុះឆ្លងព្រំដែនហើយក៏បានបើកការបាញ់ប្រហារគ្រាប់រ៉ុក្កែតនៅក្នុងទឹកដីប្រទេសថៃ តែមិនយូរប៉ុន្មានក៏ត្រូវកងកម្លាំងថៃរុញច្រានដល់ព្រំដែនវិញ។[១៤] ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យទាហានថៃចំនួនពីរនាក់បានស្លាប់។ គេបានរាយការណ៍ថា ទាហានវៀតណាមប្រហែលពី ៥០ ទៅ ៦០ នាក់បានបើកការបាញ់ប្រហារមកលើកងល្បាត់របស់ថៃពីចម្ងាយកន្លះម៉ាយចូលក្នុងប្រទេសថៃ។ ចំណែកឯចំនួនអ្នកស្លាប់ខាងភាគីវៀតណាមវិញគឺមិនត្រូវបានឱ្យដឹងឡើយ។[១៥] កងទ័ពថៃបន្ថែមត្រូវបានបញ្ជូនទៅកាន់ព្រំដែននៅថ្ងៃបន្ទាប់ដើម្បីទប់ស្កាត់ការវាយប្រហារម្តងទៀតពីវៀតណាម។[១៦]
ឆ្នាំ១៩៨២
- ដើមខែមីនា: មានឧប្បត្តិហេតុមួយទៀតកើតឡើងនៅខាងព្រំដែនដោយកងទ័ពវៀតណាមប្រមាណ ៣០០ នាក់បានឈ្លានពានចូលទឹកដីថៃម្តងទៀតរួចបានសម្លាប់ប៉ូលីសល្បាត់ព្រំដែនថៃបានពីរបីនាក់បន្ថែម។
- ២១ តុលា: ទាហានវៀតណាមបានបើកការបាញ់ប្រហារទៅលើយន្តហោះឈ្លបយកការណ៍មួយរបស់ថៃនៅក្បែរព្រំដែនតែមិនត្រូវបណ្តាលឱ្យយន្តហោះនោះវិលត្រលប់ទៅចុះចតនៅមូលដ្ឋានរបស់វាវិញដោយសុវត្ថិភាព។[១៧]
១៩៨៣
- មករា: កងទ័ពរបស់រដ្ឋាភិបាលប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាមបានធ្វើការវាយលុកដ៏ធំមួយមកលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ការប្រយុទ្ធចម្បាំងគ្នានេះបានរាលដាលចូលមកក្នុងទឹកដីថៃ។ ប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់សង្គ្រាមនេះប្រមាណ ៤៧,០០០ នាក់ត្រូវបង្ខំចិត្តរត់ចោលស្រុកកំណើតខ្លួនដោយនិរទេសចូលជ្រកកោនក្នុងប្រទេសថៃ។
- ១៦ មករា: កងទ័ពវៀតណាមបានដណ្តើមកាន់កាប់ភូមិយាងដង្គំនៅខាងកើតណងចាន់។ ក្រុមបះបោររណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រជរបខ) បានដណ្តើមភូមិនេះមកវិញនៅថ្ងៃទី២៦ ខែធ្នូ។
- ២១ មករា: ការបាញ់ប្រហារដោយកាំភ្លើងធំរបស់វៀតណាមបានបង្ខំឱ្យមូលដ្ឋានទ័ព កបអរជខ នៅ 0'Bok ផ្លាស់ទៅតាំងជំរុំថ្មីនៅក្នុងប្រទេសថៃ។
- ៣១ មករា – ១ កុម្ភៈ : ដោយមានការគាំទ្រពីក្រុមកាំភ្លើងធន់ធ្ងន់, កងទ័ពវៀតណាមប្រហែល ៤,០០០ នាក់បានវាយចូលជំរុំណងចាន់, ដែលជាជំរុំជនភៀសខ្លួនធំបំផុតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ, ពេលពួកវាដណ្តើមបានហើយពួកវាក៏បានបំផ្លិចបំផ្លាញជំរុំណងចាន់ចោល។ គេបានរាយការណ៍តទៀតថាមានការប្រយុទ្ធគ្នាដ៏ធំមួយនៅតាមព្រៃក្បែរជំរុំនោះរវាងកងកម្លាំងយួននិងទ័ពព្រៃ កបអរជខ ប្រមាណ ២,០០០ នាក់។[១៨] ក្នុងពេលជាមួយគ្នានេះផងដែរ, ទាហានវៀតណាមបានរៀបចំកាំភ្លើងធំ, រ៉ុកកែត,កាំភ្លើងត្បាលជាដើម។ មិនយូរប៉ុន្មាន, ពួកវាក៏បានបាញ់គ្រាប់កាំភ្លើងធំរបស់ពួកវាទាំងនោះផ្លោងសំដៅទៅចូលដែនដីប្រទេសថៃ, បណ្តាលឱ្យកសិករអាយុ ៦៦ ឆ្នាំម្នាក់បាត់បង់ជីវិត, ខូចខាតផ្ទះសំបែង និងប្រាសាទព្រះពុទ្ធសាសនាផងដែរ។[១៩] ជនភៀសខ្លួនចំនួន ២៤,០០០ នាក់បានរត់ចូលទៅក្នុងប្រទេសថៃចំណែកឯកងកម្លាំងប្រឆាំងរបស់ម៉ូលីណាកាត្រូវបានកងកម្លាំងយួនច្រានទៅមួយចំហៀង, កងកម្លាំង កបអរជខ ក៏បានដកថាយបន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៣៦ ម៉ោង។[១៩]
- ៣១ មីនា: កងទាហានវៀតណាមចំនួន ២,០០០ នាក់និងកងទ័ពស្ម័គ្រចិត្ត សបក បានវាយប្រហារមកលើជំរុំខ្មែរក្រហមចំនួនពីរកន្លែងគឺនៅភ្នំឆាត់ និងភូមិចម្ការគ។ មន្រ្តីថៃបានរាយការណ៍ថាការវាយប្រហារលើកនេះនៅតែមាន"ការរីករាលដាល"ដដែរដោយគ្រាប់ផ្លោងរបស់វៀតណាមមួយចំនួនបានធ្លាក់ចូលទឹកដីថៃ។[២០] កងទ័ពវៀតណាមបានប៉ះទង្គិចជាមួយកងទ័ពថៃអស់រយៈពេលជាច្រើនថ្ងៃ ទីក្រុងបាងកកត្រូវបានរដ្ឋាភិបាលថៃបានដាក់ឱ្យនៅក្រោមលក្ខណៈត្រៀមប្រុងប្រយ័ត្ន។ ការប្រយុទ្ធគ្នាទៅវិញទៅមកដោយប្រើប្រាស់កាំភ្លើងធំនិងរថក្រោះបានសម្លាប់ជនស៊ីវិល ៣០ នាក់និងរងរបួសប្រមាណ ៣០០ នាក់។ ជនស៊ីវិលប្រមាណ ២២,០០០ នាក់បានភៀសខ្លួនកាន់តែជ្រៅទៅក្នុងប្រទេសថៃដើម្បីគិចពីគ្រាប់ផ្លោងនិងគ្រាប់កាំភ្លើង។
- ដើមខែមេសា: កងទ័ពវៀតណាមក៏បានបំផ្លាញជំរុំនៅភ្នំឆាត់បានដោយជោគជ័យ, ប្រជាជនដែលរស់នៅក្បែរភ្នំឆាត់បានរត់ទៅជ្រកកោននៅតំបន់ភ្នំក្រហម។ ជំរុំជនភៀសខ្លួនរបស់ទ័ពព្រះអង្គសីហនុដែលគេតែងហៅថាជំរុំដេវីតក៏ត្រូវបានទទួលរងការវាយប្រហារដែរ, ប្រជាជននៅក្បែរជំរុំដេវីតត្រូវបង្ខំចិត្តរត់ទៅតំបន់ភ្នំត្រួយចេក។ យន្តហោះចម្បាំងថៃមួយគ្រឿងក៏ត្រូវបានបាញ់ទម្លាក់ដោយវៀតណាមនៅដើមខែមេសានេះផងដែរ។
- ៣ មេសា: កងទ័ពវៀតណាម ១០០ នាក់បានឆ្លងចូលព្រំដែនហើយក៏ប្រយុទ្ធតទល់ជាមួយនឹងកងល្បាត់ព្រំដែនថៃ, ដែលបណ្តាលឱ្យទាហានថៃចំនួន ៥ នាក់បានស្លាប់ និងរបួស ៨ នាក់។[២១] ការវាយលុករបស់វៀតណាមមកលើជំរុំអំពិលដែលជាទីស្នាក់ការកណ្តាលរបស់ រជរបខ ត្រូវបានបរាជ័យពីព្រោះអង្គភាពអនត្ថការ រជរបខ បានបំផ្ទុះឃ្លាំងស្តុកប្រេងវៀតណាមជាច្រើននៅប៉ុន្មានសប្តាហ៍មុនការវាយប្រហារដែលធ្វើឱ្យទ័ពវៀតណាមខ្វះខាតប្រេងម៉ាស៊ូតហើយមិនអាចប្រមូលគ្រឿងសឹករបស់ខ្លួនបាន។[២២]
- ២៧ ធ្នូ: វៀតណាមបានចល័តទ័ព, រថក្រោះ, រថពាសដែកទៅក្នុងតំបន់មួយក្បែរព្រំដែនខាងកើតនៃប្រទេសថៃហើយទំនងជាកំពុងតែត្រៀមទ័ពវាយលុកទ័ពខ្មែរដែលបោះទីជម្រកនៅក្នុងព្រៃ។ កងទ័ពវៀតណាមប្រហែល ៣៥០ នាក់ជាមួយនឹងរថក្រោះ T-៥៤ និងរថពាសដែកជាច្រើននាក់បានដណ្តើមបានភូមិថ្មពួកដែលនៅភាគខាងលិចប្រទេសកម្ពុជា។ មន្ត្រីយោធានិងសន្តិសុខថៃបានរំពឹងថាកងកម្លាំងវៀតណាមនឹងចាប់ផ្តើមវាយលុកនៅរដូវប្រាំងមកលើក្រុមឧទ្ទាមកម្ពុជា។[២៣]
- ធ្នូ: កងទ័ពវៀតណាមបានប្រយុទ្ធប៉ះទង្គិចគ្នាជាមួយកងទ័ពថៃនៅលើគោកម្តងហើយម្តងទៀត ខណៈពេលនោះ កងនាវារបស់កងទ័ពជើងទឹកប្រជាជនវៀតណាមបានបើកការបាញ់ប្រហារទៅលើនាវានេសាទថៃចំនួន ១០ គ្រឿងដែលមានចម្ងាយ ២០ ម៉ាយពីឆ្នេរសមុទ្រវៀតណាមភាគខាងត្បូងហើយដណ្តើមបាននាវាអូសចៃរ៉ាថៃចំនួន ៥ គ្រឿង និងអ្នកនេសាទ ១៥០ នាក់។[២៤]
ឆ្នាំ១៩៨៤
- ២៥ មីនា–ដើមខែមេសា: កងទ័ពវៀតណាមពី ៤០០ ទៅ ៦០០ នាក់ដែលបំពាក់ដោយកាំភ្លើងធំ ១៣០ មម និងរថក្រោះសូវៀត T-៥៤ បានចាប់ធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនរយៈពេល ១២ ថ្ងៃចូលក្នុងដែនដីប្រទេសថៃក្នុងការស្វែងរកក្រុមឧទ្ទាមខ្មែរក្រហម។ ដូចនេះហើយ រដ្ឋាភិបាលថៃក៏បានបញ្ចេញកាំភ្លើងធំនិងយន្តហោះចម្បាំងរបស់ខ្លួនដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងកម្លាំងវៀតណាម, ជាលទ្ធផល យន្តហោះចម្បាំងថៃមួយគ្រឿងទៀតត្រូវបានកងទាហានវៀតណាមបាញ់ទម្លាក់ និងទាហានភាគីទាំងសងខាងប្រមាណរាប់សិបនាក់ត្រូវទទួលរងរបួសនិងបាត់បង់ជីវិត។ ការវាយឆ្មក់ឆ្លងព្រំដែនដោយវៀតណាម ការបាត់បង់ជីវិតជាច្រើននៃទាហាននិងប្រជាពលរដ្ឋថៃ ត្រូវបានចាត់ទុកជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់សុវត្ថិភាពនិងសន្តិសុខប្រទេសថៃទាំងមូល។[២៥]
- ១៥ មេសា: កងកម្លាំងវៀតណាមប្រាំមួយរយនាក់នៃកងពលធំវៀតណាមទី៥ បានបើកការបាញ់ប្រហារមកលើកងវរសេនាធំការពារព្រំដែនទី៨ របស់ថៃ រួចហើយក៏បំបុកវាយចូលជំរុំទ័ពព្រៃមួយហៅអំពិលដោយសម្លាប់ប្រជាជនខ្មែរចំនួន ៨៥ នាក់និងទទួលរងរបួសចំនួន ៦០ នាក់។[២៦] ពួកវៀតណាមក៏បានវាយលុកម្តងទៀតនាពេលព្រឹកប្រលឹមដោយមានរថក្រោះនិងកាំភ្លើងធំជួយអម។ គ្រាប់ផ្លោងពីកាំភ្លើងធំវៀតណាមប្រមាណ ៥០ គ្រាប់បានធ្លាក់មកលើទឹកដីប្រទេសថៃក្បែរជំរុំ រជរបខ។ យោងទៅតាមការចាក់ផ្សាយនៅទីក្រុងបាងកកបានឱ្យដឹងថា កងរវសេនាតូចចំនួន ៨ របស់វៀតណាមអាចនឹងធ្វើការវាយប្រហារមកលើជំរុំទ័ពសីហនុនៅតាទុម (ជំរុំទ័ពដែលស្ថិតនៅព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា)។ កងទ័ពថៃនៅតាមព្រំដែនទាំងអស់ត្រូវបានដាក់ឱ្យនៅជាលក្ខណៈត្រៀមប្រយុទ្ធការពារដើម្បីជៀសវាងកុំឱ្យការប្រយុទ្ធរាលដាលកាន់តែជ្រៅចូលដែនដីថៃតទៅទៀត។[២៧]
- ចុងខែឧសភាចូលដើមខែមិថុនា: កងទ័ពជើងទឹកវៀតណាមនៅតែបន្តការបាញ់ប្រហារម្តងហើយម្តងទៀតមកលើនាវានេសាទថៃនៅក្បែរឆ្នេរសមុទ្រវៀតណាមភាគខាងត្បូង ដែលបណ្តាលឱ្យអ្នកនេសាទថៃចំនួន ៣ នាក់បានបាត់បង់ជីវិត។
- ១០ សីហា: ទាហានជើងគោក, អាប៉េសេ, និងកងកាំភ្លើងធំវៀតណាមដែលឈរជើងនៅតំបន់ភាគខាងជើងនៃជំរុំអំពិល បានបាញ់គ្រាប់ផ្លោងទៅជំរុំណងចាន់និងអំពិល, ដែលបង្កឱ្យ កបអរជខ និងជនភៀសខ្លួនស៊ីវិលចំនួន ១០,០០០ នាក់បានរត់គេចចូលទៅក្នុងដែនដីរាជាណាចក្រថៃ។[២៨]
- ២៨ តុលា: ប៉ូលីសល្បាត់ព្រំដែនថៃចាប់បានទាហានជើងគោកវៀតណាមចំនួន ៥ នាក់ដែលកំពុងលួចចូលក្នុងទឹកដីប្រទេសថៃក្បែរភូមិបានវ៉ាងមនភាគអាគ្នេយ៍នៃស្រុកអារ៉ានយ៉ាប្រាថេតតែមិនមានឃើញអាវុធអ្វីជាប់ខ្លួនពួកគេទាល់តែសោះ, គេបានរាយការណ៍ថាបុរសទាំង ៥ នាក់បានកំពុងដើររកអាហារមុនពេលត្រូវចាប់ខ្លួន។[២៩]
- ៦ វិច្ឆិកា: កងទ័ពវៀតណាមបានវាយលុកមកលើបុស្តិ៍កងល្បាត់ព្រំដែនថៃនៅក្បែរក្រុងសុរិន្ទ។ ទាហានថៃពីរនាក់បានស្លាប់, រងរបួស ២៥ នាក់ និង ៥ នាក់ត្រូវបានបាត់ខ្លួននៅក្នុងពេលកំពុងប្រយុទ្ធដណ្តើមការត្រួតត្រាលើភ្នំ ៤២៤ នៅត្រាវែង, ដែលមានចម្ងាយ ១៨០ ម៉ាយពីទីក្រុងបាងកក។[៣០] ទាហានជើងគោកវៀតណាម ១០០ នាក់បានវាយឈ្លានពានចូលទឹកដីថៃបាន ១ ម៉ាយតែមិនយូរប៉ុន្មានក៏ត្រូវកងកម្លាំងប្រដាប់អាវុធថៃរុញច្រានមកដល់កម្ពុជាវិញ។ មានប្រភពមួយមកពីខាងយោធាថៃបានឱ្យដឹងថា ទ័ពវៀតណាមបានវាយឈ្លានពានចូលព្រំដែនថៃនេះគឺចង់ដើរតាមប្រមាញ់ក្រុមឧទ្ទាមខ្មែរក្រហម។[៣១]
- ១៨–២៦ វិច្ឆិកា: ជំរុំណងចាន់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់វៀតណាមបន្ទាប់ពីកងទ័ពវៀតណាមនៃកងពលធំទី៨ ចំនួន ២,០០០ នាក់[៣២] បានបើកការវាយប្រហារមកលើ បណ្តាលឱ្យកងទ័ពខ្មែរក្រហមចំនួន ៦៦ នាក់ត្រូវបាត់បង់ជីវិត។[៣៣] ប្រជាពលរដ្ឋចំនួន ៣០,០០០ នាក់ត្រូវបានផ្លាស់ទៅជំរុំជនភៀសខ្លួន សាយបី (អង្គសីឡា) បន្ទាប់មកទៅជំរុំ សាយប្រាំមួយ (ព្រៃចាន់)។
- ៨ ធ្នូ: ណាមយឿន, ដែលជាជំរុំតូចមួយស្ថិតនៅភាគខាងកើតប្រទេសថៃក្បែរព្រំដែនលាវ ត្រូវបានយួនបន្តក់គ្រាប់ផ្លោងចូលដែលធ្វើឱ្យអ្នកនៅក្នុងជំរុំនេះត្រូវផ្លាស់ទីទៅកន្លែងផ្សេង។
- ១១ ធ្នូ: ជំរុំសុខសានត្រូវបានរងគ្រាប់ផ្លោងពីវៀតណាមបណ្តាលឱ្យអ្នកនៅក្នុងជំរុំនេះផ្លាស់ទីទៅនៅជំរុំផ្សេង។
- ២៥ ធ្នូ: ជំរុំជនភៀសខ្លួន ណុងសាមិត ត្រូវបានយួនឈ្លានពានទាំងព្រឹកប្រលឹម[៣៤] ដោយកងទ័ពរបស់កងពលធំវៀតណាមទី៩ (ជាង ៤០០០ នាក់) រួមជាមួយនឹងកាំភ្លើងធំចំនួន ១៨ និងរថក្រោះ T-៥៤ ចំនួន ២៧ គ្រឿង។[៣៥] កបអរជបខ បានអះអាងថារថក្រោះវៀតណាមចំនួន ១៤ ត្រូវបានគម្ទិច។[៣៦] អ្នកប្រយុទ្ធទប់ទល់នឹងវៀតណាមសរុប ៥៥ នាក់ និងប្រជាជន ៦៦ នាក់[៣៧] ត្រូវបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះ, ប្រជាពលរដ្ឋជាង ៦០,០០០ នាក់ត្រូវបានជម្លៀសទៅជំរុំភ្នំក្រហម[៣៨] និង អ្នករបួស ២០០ នាក់ទៀតត្រូវបានជម្លៀសទៅជំរុំខាងអ៊ីដាង។ ទាហាននិងមេបញ្ជការ កបអរជបខ មួយចំនួនដូចជាលោកឧត្តមសេនីយ៍ដៀន ដែលបានរាយការណ៍ថា: នៅក្នុងសមរភូមិប្រយុទ្ធនាថ្ងៃទី២៧ ខែធ្នូនេះ ទាហានវៀតណាមបានប្រើផ្សែងពុលម៉្យាងពណ៌ត្រួយចេក[៣៩] កងទាហានណាដែលទទួលរងឥទ្ធិពលពីវានឹងមានទទួលរងភាពស្រងេងស្រងាំង[៤០][៤១] ចង់ក្អួតបន្តិចមិនចង់បន្តិច និងបង្កឱ្យចេញពពុះនៅតាមមាត់ (មិនអាចដល់ថ្នាក់បាត់បង់ជីវិតទេ)។[៤២] កបអរជបខ ប៉ុន្មាន ៣,៥០០ នាក់នូវតែបន្តស៊ូប្រយុទ្ធដើម្បីដណ្តើមជំរុំនេះមកវិញ[៤៣] ប៉ុន្តែមួយអាទិត្យក្រោយមក ពួកគេក៏បោះបង់ជំរុំនេះចោល។[៤៤]
- ៣១ ធ្នូ: ក្នុងខេត្តបុរីរ៉ាម កងល្បាត់ថៃ ៦ នាក់ត្រូវបានទទួលរងរបួស និង ២ នាក់ទៀតត្រូវបានទាហានវៀតណាមឡោមព័ទ្ធរួចចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល ២៤ ម៉ោង។[៤៥]
ឆ្នាំ១៩៨៥
- មករា-កុម្ភៈ : ការឈ្លានពានដ៏ធំមួយរបស់វៀតណាមបានប្រព្រឹត្តិមកលើស្ទើរគ្រប់មូលដ្ឋានទ័ពព្រៃកម្ពុជាសំខាន់ៗនៅជួរខាងមុខ (ជួរប្រយុទ្ធព្រំដែន) ដែលបន្សល់តែទ័ពថៃឱ្យប្រឈមមុខជាមួយវៀតណាមដោយផ្ទាល់។
- ៧–៨ មករា: កងទ័ពវៀតណាមចំនួនពីប្រាំពាន់ទៅប្រាំមួយពាន់នាក់ (អមដោយរថក្រោះ T-៥៤ និងកាំភ្លើងធំ) បានឈ្លានវាយលុកមកលើជំរុំអំពិល (បាងសាងែ)។[៤៦] ក្នុងចំណោមនោះ ក៏មានទាហាន ស.ប.ក ពី ៤០០–៥០០ នាក់ដែរ។[៤៧] ការវាយលុកនេះត្រូវបាននាំមុខដោយកាំភ្លើងធំធ្ងន់ៗរបស់វៀតណាម, គ្រាប់ផ្លោងប្រមាណពី ៧,០០០[៤៨] ទៅ ២០,០០០[៤៩] គ្រាប់ត្រូវបានបាញ់សម្តៅចូលក្នុងដែនដីប្រទេសថៃក្រោមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។[៥០] ចូលដល់ការប្រយុទ្ធគ្នាបានប្រហែលពីរបីម៉ោង ជំរុំអំពិលក៏ត្រូវបានធ្លាក់ក្នុងដៃពួកវៀតណាម។[៥១] ទ័ព កបអរជបខ បានបំផ្លាញគម្ទិចរថក្រោះយួនបាន ៦ ឫ ៧ គ្រឿង ប៉ុន្តែត្រូវបាត់បង់ទាហានខ្លួនចំនួន ១០៣ នាក់។[៥២] យន្តហោះអា-៣៧ ត្រាហ្កនហ្វ្លាយរបស់ថៃត្រូវបានយួនបាញ់ទម្លាក់ពេលកំពុងហោះលើខេត្តបុរីរ៉ាម,[៥៣] បណ្តាលឱ្យយានិកយន្តហោះចំនួន ២ នាក់បានស្លាប់។ ពេលកំពុងប្រយុទ្ធនៅអំពិល, ទ័ពថៃដែលកំពុងការពារភ្នំ ៣៧ ជិតបាងសាងែ ត្រូវបានទាហានយួនសម្លាប់អស់ ១១ នាក់ និងទទួលរងរបួស ១៩ នាក់។[៤៩]
- ២៣–២៧ មករា: ជំរុំដងរុក និងសានរ៉ូ ត្រូវបានរងគ្រាប់ផ្លោងរបស់វៀតណាមបណ្តាលឱ្យជនស៊ីវិល ១៨ នាក់បានស្លាប់ភ្លាមៗ។[៥៤] ចំនួនមនុស្ស ២៣,០០០ នាក់ត្រូវជម្លៀសទៅសាយអេ (Site A)។[៥៥]
- ២៣–៣០ មករា: កាំភ្លើងធំរបស់វៀតណាមបានបាញ់គ្រាប់ផ្លោងដែលមានប្រវែង ១៣០ មម, គ្រាប់កាំភ្លើងត្បាល់, គ្រាប់រ៉ុក្កែត សរុបប្រហែលចំនួន ១០០ គ្រាប់ ឆ្ពោះទៅទីតាំងកងពលលេខ ៣២០ របស់ខ្មែរក្រហម ក្បែរជំរុំជនភៀសខ្លួន ខាវដិន ដែលមានប្រវែងប្រហែល ៣៤ ម៉ាយពីភាគខាងត្បូងនៃក្រុងអរ៉ានយ៉ាប្រាថេត។ ក្រោយបន្តិចមក ជំរុំខាវតា-ង៉ុកក៏ត្រូវបានវាយប្រហារ។[៥៦]
- ១៣ កុម្ភៈ : ជំរុំ ណងព្រូ, អូសាឡាស និងតាព្រីក (ភាគខាងត្បូងនៃអរ៉ានយ៉ាប្រាថេត) ត្រូវបានយួនវាយប្រហារដែលធ្វើឱ្យជនភៀសខ្លួននៅជំរុំនោះរត់ទៅសាយប្រាំបី។
- ១៦ កុម្ភៈ : នៅក្នុងការប្រយុទ្ធប៉ះទង្គិចគ្នារវាងវៀតណាមនឹងកងកម្លាំងឧទ្ទាមឥតកុម្មុយនិស្តនៅជិតតាប្រាយ៉ា, ទាហានវៀតណាមបានបាញ់គ្រប់រ៉ុក្កែតចំនួន ៤ គ្រាប់ផ្ទុកទៅដោយឧស្ម័នពុលម៉្យាងដែលធ្វើឱ្យអ្នកភូមិថៃក្បែរៗនោះមានអារម្មណ៍ថាវិលមុខនិងចង់ក្អួតចង្អោរ។ មន្ទីរពិសោធន៍របស់កងទ័ពថៃបានរកឃើញថាឧស្ម័នដែលផ្ទុកនៅក្នុងរ៉ុក្កែតទាំងបួនគ្រាប់នោះគឺជាឧស្ម័ន Phosgene ( COCL2)។[៥៧]
- ១៨ កុម្ភៈ : កងទ័ពវៀតណាមចំនួន ៣០០ នាក់បានចូលវាយប្រហារលើទីតាំងទ័ពខ្មែរក្រហមនៅក្បែរខ្លុងណាមសៃ, ចម្ងាយ ១៩ ម៉ាយពីភាគអាគ្នេយ៍នៃក្រុងអរ៉ានយ៉ាប្រាថេត។ ការប្រយុទ្ធនេះបានផ្តើមឡើងដោយការបាញ់កាំភ្លើងដៃទៅគ្នាទៅវិញទៅមកហើយយូរៗទៅក៏ក្លាយទៅជាការប្រយុទ្ធគ្នាដោយប្រើប្រាស់កាំភ្លើងធ្ងន់ៗ។ កងកម្លាំងថៃក៏បានប្រើកាំភ្លើងធំពួកគេបាញ់ជាគ្រាប់ប្រមាននៅពេលឃើញទាហានវៀតណាមចាប់ផ្តើមឆ្លងព្រំដែនជាន់លើដែនដីថៃដើម្បីដេញកម្ចាត់ទ័ពខ្មែរក្រហម។ អ្នកភូមិថៃម្នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៃថ្ងៃទី ១៨ កុម្ភៈ នេះ។[៥៨]
- ២០ កុម្ភៈ : កងកម្លាំងថៃនិងវៀតណាមបានប្រឈមប្រយុទ្ធជាមួយគ្នានៅលើភ្នំ ៣៤៧, ភាគឥសាន្តនៃខេត្តបុរីរ៉ាម។[៥៩] ការប្រយុទ្ធនេះបានបណ្តាលឱ្យស្លាប់នាយទាហានថៃមួយនាក់និងរងរបួសទាហានថៃពីរនាក់។[៦០]
- ៥ មីនា: យួនបានវាយលុកលើជំរុំតាទុម ដែលបង្ខំអ្នកនៅទីនោះរត់គេចទៅជំរុំសាយបេ (Site B)។ អ្នកនៅតាមជំរុំដងរុក សានរ៉ូ, បាងសាងែ ត្រូវបានគេជម្លៀសទៅសាយបេទាំងអស់។ កងទ័ពវៀតណាម ១,០០០ នាក់តែងតែប្លាស់វេនគ្នាវាយចូលទឹកដីថៃក្នុងគោលបំណងចង់វាយបំបែកក្រុមឧទ្ទាមកម្ពុជា។[៦១]
- ៦ មីនា: កងពលទាហាននិងយន្តហោះយោធាថៃបានចាប់ផ្តើមធ្វើយុទ្ធនាការបណ្តេញទាហានយួនដែលតាំងជម្រកនៅតាមជើងភ្នំមួយក្នុងប្រទេសខ្លួន។ កងទ័ពអាកាសភូមិន្ទថៃបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងដែលមានបេសកកម្មបណ្តេញទាហានវៀតណាមចំនួន ១,០០០ នាក់ឱ្យដកថយចេញពីព្រំដែនថៃ។[៦២] ការវាយតបទៅវិញរបស់ថៃនេះបានបណ្តាលឱ្យមនុស្សចំនួន ៦០ នាក់បាត់បង់ជីវិត។[៦៣]
- ៧ មីនា: កូនភ្នំទាំងបីដែលយួនដណ្តើមបាននុះក៏ត្រូវក្រុមយោធាថៃវាយយកមកវិញ។ គេបានរាយការណ៍ថាទាហានវៀតណាមរាប់រយនាក់បានរត់ចូលទៅក្នុងប្រទេសកម្ពុជា។ ពួកវៀតណាមក៏បានវាយបកទៅវិញមកលើភ្នំ ៣៦១ ពីក្រោយមូលដ្ឋានទ័ពខ្មែរដែលយួនដណ្តើមបាន។ កងទាហានថៃ ១៤ នាក់ និង ប្រជាជនថៃ ១៥ នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។[៦៤]
- ៦ មេសា: កងល្បាត់ព្រំដែនថៃបានបាញ់សម្លាប់ទាហានវៀតណាមម្នាក់អំឡុងពេលកំពុងប្រយុទ្ធគ្នារយៈពេល ១០ នាទីនៅក្បែរព្រំដែន។[៦៥]
- ២០ មេសា: កងទ័ពវៀតណាមប្រហែល ១,២០០ នាក់បានវាយប្រហារមកលើទីតាំងយោធានៅភាគអាគ្នេយ៍នៃខេត្តត្រាត, ដែលមានចម្ងាយតែពី ៣ ទៅ ៤ គីឡូម៉ែត្រពីឈូងសមុទ្រថៃប៉ុណ្ណោះ។ កងទ័ពវៀតណាមបានបង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅលើកូនភ្នំមួយក្នុងប្រទេសថៃដែលមានចម្ងាយកន្លះម៉ាយពីព្រំដែន។ ក្រោយមក ពួកវាបានចាប់ផ្តើមបង្កប់គ្រាប់មីន និងសង់លេនដ្ឋានប្រយុទ្ធ។ មិនយូរប៉ុន្មាន, កងកម្លាំងថៃបានរុញច្រានទាហានវៀតណាមខ្លះៗមកកាន់ព្រំដែនកម្ពុជាវិញប៉ុន្តែវៀតណាមមិនបានទទួលចុះចាញ់ងាយៗទេដោយពួកគេបានបញ្ជូនកងរវសេនាតូចចំនួន ៦០០ ទៅ ៨០០ នាក់ទៅក្នុងប្រទេសថៃវិញ។[៦៦]
- ១០ ឧសភា: ទាហានថៃម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជាន់លើគ្រាប់មីនរបស់យួន។[៦៦]
- ១១ ឧសភា: យន្តហោះចម្បាំងនិងកាំភ្លើងធំថៃបានធ្វើការវាយបកមកលើបណ្តុំជំរុំកងទ័ពវៀតណាមនៅភ្នំមួយដែលមានចម្ងាយកន្លះម៉ាយពីព្រំដែន, រួចហើយកងកម្លាំងថ្មើរជើងថៃក៏ត្រៀមសម្រុកវាយចូលតំបន់ដែលយួនបានបង្កប់មីននោះ។ ដំបូងថៃបានចាត់ទម្លាក់គ្រាន់បែកនិងបាញ់គ្រាប់ផ្លោងទៅជំរុំទ័ពវៀតណាមនៅតាមជួរភ្នំបណ្ណថាតមុនពេលសម្រុកទ័ពខ្លួនចូល។ ពួកវៀតណាមក៏បានជីកចូលក្នុងដីដើម្បីកុំឱ្យគ្រាប់ផ្លោងធ្លាក់មកត្រូវចំពួកគេហើយថែមទាំងបានតម្រៀបបង្កប់មីនជាខ្សែទៀតផងដើម្បីជៀសវាងពីការវាយបករបស់កងទាហានថ្មើរជើងថៃ។ ជាលទ្ធផល ទាហានថៃប្រាំពីរនាក់ត្រូវបានស្លាប់និងរបួស ១៦ នាក់។ វិទ្យុក្រុងហាណូយបានចាក់ផ្សាយសេចក្តីថ្លែងការមួយរបស់ក្រសួងការបរទេសវៀតណាមដោយពួកគេបានបដិសេដអំពីសកម្មភាពចូលលុកលុយក្នុងប្រទេសថៃ។ ថៃបានចោទប្រទេសវៀតណាមដោយលើកយកការវាយឆ្លងព្រំដែនទាំង ៤០ ករណី (រាប់ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨៤ មក) មកបញ្ជាក់ក៏ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានបដិសេដការចោទប្រកាន់នេះ។[៦៦]
- ១៥ ឱសភា: កងកម្លាំងថៃនិងវៀតណាមបានប្រឈមប្រយុទ្ធគ្នាអស់រយៈពេល ៨ ម៉ោង។
- ១៧ ឱសភា: ទីបំផុតទាហានថៃបានរុញច្រានទាហានវៀតណាមចូលមកក្នុងប្រទេសកម្ពុជាវិញបន្ទាប់ពីការប្រយុទ្ធគ្នាដ៏សែនលំបាក។ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយសប្តាហ៍ កងល្បាត់និងកងទ័ពជើងទឹកថៃក៏បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃភ្នំដែលធ្លាប់កាន់កាប់ដោយវៀតណាមក្នុងទឹកដីប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុន។[៦៧]
- ពាក់កណ្តាលខែឱសភា: ជនស៊ីវិលខ្មែរប្រមាណ ២៣០,០០០ នាក់ត្រូវបានជម្លៀសទៅក្នុងប្រទេសថៃជាបណ្តោះអាសន្នបន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើតំបន់មួយចំនួនធំក្បែរព្រំដែន។
- ២៦ ឱសភា: កងកម្លាំងវៀតណាមនៅភាគខាងជើងនៃប្រទេសកម្ពុជាបានវាយឆ្លងព្រំដែនចូលខេត្តឧប៊ុននៃប្រទេសថៃក្នុងការស្វែងរកកម្ចាត់ទ័ពព្រៃខ្មែរ។ ទាហានថៃប្រាំនាក់និងជនស៊ីវិលមួយនាក់ត្រូវបានបាត់បង់ជីវិតខណៈពេលដែលកំពុងប្រយុទ្ធតតាំងនឹងកងកម្លាំងវៀតណាមក្នុងរយៈពេលមួយម៉ោង។ ការវាយឆ្លងព្រំដែននេះបានធ្វើឱ្យអាជ្ញាធរខេត្តឧប៊ុនប្រកាស់ជម្លៀសជនស៊ីវិលប្រមាណ ៦០០ នាក់ពីភូមិចំនួនពីរនៅក្បែរព្រំដែនឱ្យទៅតំបន់ដែលមានសុវត្ថិភាព។[៦៨]
- ១៣ មិថុនា: ទីបំផុតកងកម្លាំងថៃក៏ត្រូវប្រឈមជាមួយនឹងទ័ពវៀតណាមចំនួន ៤០០ នាក់ដែលឆ្លងពីព្រំដែន។[៦៩]
១៩៨៦
- ២៣ មករា: កាំភ្លើងធំរបស់វៀតណាមត្រូវបានតម្រង់សំដៅទៅលើទីស្នាក់ការរបសកង់ទ័ពជើងទឹកថៃមួយកន្លែងនៅហាតលេក, ជាភូមិមួយនៅចុងខាងត្បូងនៃព្រំដែន។ ដើម្បីធានាឱ្យបាញ់ចំគោលដៅ, ពួកវៀតណាមបានតម្រៀបកាំភ្លើងធំទាំងនោះនៅលើភ្នំមួយក្នុងទឹកដីប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃបាននិយាយថា "សកម្មភាពទាំងនេះគឺហាក់ដូចជាការបង្កឡើងដោយមានចេតនាពីវៀតណាមអញ្ជឹង" លោកបានបន្តទៀតថា "ទាំងនេះគឺមិនមែនជាសង្គ្រាមរីករាលដាលអ្វីពីកម្ពុជាទេ វាគឺជាសកម្មភាពឈ្លានពានរបស់វៀតណាមតែម្តង"។ ជាការសងវិញ, នាវាចម្បាំងថៃមួយគ្រឿងបានបាញ់គ្រាប់ផ្លោងចំនួន ១០០ គ្រាប់មកលើទីតាំងកាំភ្លើងធំរបស់វៀតណាម (ពោលគឺមកលើភ្នំក្នុងទឹកដីកម្ពុជា)។[៧០]
- ២៥ មករា: កាំភ្លើងធន់ធ្ងន់របស់វៀតណាមបានបើកការបាញ់ប្រហារមកលើព្រំដែនដែលបណ្តាលឱ្យនាវិកថៃចំនួន ៣ នាក់បាត់បង់ជីវិត និងបង្កឱ្យមានការបាញ់ប្រហារគ្នាទៅវិញទៅមករវាងកាំភ្លើងធំវៀតណាមនឹងនាវាចម្បាំងថៃ។[៧០]
- ៧ ធ្នូ: កងទាហានវៀតណាមបានប្រមានថៃកុំឱ្យបន្តគាំទ្រនិងការពារទ័ពព្រៃខ្មែរ (រ.ច.ក.ប) តទៅទៀត។ ការនិយាយប្រកាសតាមមីក្រូនិងការបាញ់គ្រាប់ផ្លោងទៅលើមេឃគឺជាការផ្តល់សញ្ញាឱ្យថៃឈប់ផ្តល់ទីជម្រកឱ្យទ័ពព្រៃកម្ពុជា បើហ៊ានបដិសេដនោះ (ប្រទេសថៃ) នឹងទទួលនូវ"ផលវិបាក"ជាមិនខាន។[៧១]
១៩៨៧
- ២៥ មីនា: អង្គមេបញ្ជាការកងទ័ពថៃគឺលោកឧត្តមសេនីយ៍ឆាវ៉ាលិត យ៉ុងឆៃយុទ្ធបានប្រកាសថានឹងមិនប្រណីទាហានវៀតណាមណាដែលឈរជើង ៥ គមក្នុងទឹកដីថៃនោះទេ។
- ១៧ មេសា: កងកម្លាំងថៃបានព្យាយាមបណ្តេញកងទ័ពជើងគោកវៀតណាមចេញពីតំបន់ចុងបុកដែលជាតំបន់ភ្នំមួយនៅជាប់ព្រំប្រទល់ប្រទេសថៃ លាវ និងកម្ពុជា។[៧២]
- ៣០ ឧសភា: ជាងមួយខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅចុងបុក កងល្បាត់ថៃបានចាប់ផ្តើមដើរល្បាត់នៅក្នុងតំបន់នោះដើម្បីញែកផ្តាច់កងទ័ពវៀតណាមដែលនៅសេសសល់កុំឱ្យលួចឈ្លានចូលទឹកដីពួកគេកាន់តែជ្រៅតទៅទៀត។[៧៣]
- ពាក់កណ្តាលឆ្នាំ១៩៨៧: កងកម្លាំងវៀតណាមនិងទ័ពប្រជាមានិតកម្ពុជាជាច្រើនត្រូវបានដាក់ពង្រាយយាមនៅតាមព្រំដែនកម្ពុជា-ថៃដែលមានប្រវែង ៨០០ គម។[៧៤]
១៩៨៨
- ២២ មេសា: កងទ័ពវៀតណាមបានឆ្លងកាត់ព្រំដែនហើយបានវាយស្ទាក់មកលើក្រុមប៉ូលីសព្រំដែនថៃដែលបង្កឱ្យស្លាប់ទាហានថៃចំនួន ៥ នាក់និងរងរបួសមួយនាក់។ គេបានបកស្រាយថាមានក្រុមប៉ូលីសព្រំដែនថៃ ៥ នាក់បានកំពុងដើរល្បាត់នៅក្បែរព្រំដែនក្នុងខេត្តបុរីរ៉ាមហើយស្រាប់តែទាហានវៀតណាមម្នាក់បានបោះគ្រាប់បែកទៅក្រុមប៉ូលីសព្រំដែនទាំង ៥ នាក់នោះរួចហើយពួកវាថែមទាំងបានរះកាំភ្លើងពួកវាទៅកាន់ប៉ូលីសព្រំដែនទាំង ៥ នាក់នោះថែមទៀតផងដែលធ្វើឱ្យពួកគេបាត់បង់ជីវិតភ្លាមៗ។[៧៥]
- ១២ មិថុនា: នៅប្រហែលម៉ោង ៩ យប់, កាំភ្លើងធន់ធ្ងន់វៀតណាមបានបាញ់គ្រាប់ផ្លោងចូលទៅក្នុងភូមិមួយក្នុងប្រទេសថៃបង្កឱ្យអ្នកភូមិពីរនាក់បាត់បង់ជីវិតនិងរបួសពីរនាក់ថែមទៀត។ គ្រាប់ផ្លោងប្រាំមួយគ្រាប់ទៀតត្រូវបានបាញ់ចូលចម្ងាយ ៤ ម៉ាយទៅក្នុងទឹកដីថៃ។[៧៦]
- ៤ សីហា: ប្រធានគណបក្សជាតិថៃឈ្មោះឆាត់ឆៃ ឆុនហាវណ្ណដែលបានក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃបានសន្យាថានឹង"ប្រែក្លាយទីលានសមរភូមិប្រយុទ្ធ (ពោលគឺព្រំដែនកម្ពុជា-ថៃ) ឱ្យទៅជាតំបន់ទីផ្សាវិញ"។
១៩៨៩
- ២៦ មេសា: ទាហានវៀតណាមបានបាញ់គ្រាប់ផ្លោងចូលទៅក្នុងជំរុំជនភៀសខ្លួន សាយធូ, ដែលជាជំរុំជនភៀសខ្លួនកម្ពុជាធំជាងគេដោយមានចំនួនជនភៀសខ្លួនប្រមាណ ១៩៨,០០០ នាក់។ មនុស្ស ៣ នាក់បានទទួលរងរបួសធ្ងន់។ ក្រោយពីគ្រាប់ផ្លោងបានធ្លាក់មកលើ ជំរុំសាយធូត្រូវបានបិទលែងទទួលជំនួយពីប្រទេសលោកខាងលិចទៀត ជាពិសេសពីប្រតិបត្តិការជំនួយព្រំដែនជាតិរបស់អង្គការសហប្រជាជាតិ។[៧៧]
- កញ្ញា–ធ្នូ: ទីបំផុតកងទ័ពវៀតណាមក៏បានដកថយចេញពីព្រំដែននិងទឹកដីប្រទេសកម្ពុជា។
Remove ads
មើលផងដែរ
កំណត់សំគាល់
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads