រណសិរ្សរំដោះជាតិប្រជាជនខ្មែរ

From Wikipedia, the free encyclopedia

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ

រណសិរ្សជាតិ​រំដោះ​ប្រជាពលរដ្ឋខ្មែរ; (Khmer People National Liberation Front) អាចសរសេរកាត់បានថា រ.ជ.រ.ប.ខ ( ជា​អង់គ្លេសថា KPNLF ជាបារាំងថា FNLPK) (ភាសាបារាំងFront national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមនោះយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប៉ុន្តែប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះ ដើម្បីប្រុងលេបត្របាក់ទឹកដីកម្ពុជាទាំងមូល។ ដូច្នេះហើយបានជា រ.ជ.រ.ប.ខ ត្រូវបានបង្កើតឡើង។

ព័ត៌មានសង្ខេប រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ Front national de libération du peuple khmer, ប្រធាន ...
រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ
Front national de libération du peuple khmer
ប្រធានសឺន សាន
ស្ថាបនិកសឺន សាន
បង្កើត៩ តុលា ១៩៧៩
រំលាយ១៩៩៣
បក្សស្នងគ.ប.ស.ព.ស
ស្លាបយោធាក.ប.អ.រ.ជ.ខ
មនោគមវិជ្ជាប្រឆាំងកុម្មុយនិស្តនិយម
គោលជំហរនយោបាយស្តាំនិយម
ទំនាក់ទំនងជាតិរ.ច.ក.ប
ទង់គណបក្ស
Thumb
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត
បិទ
Thumb
ជំរុំព្រំដែនដែលអរិភាពនឹងស.ប.ក (១៩៧៩-១៩៨៤)។ ជំរុំ រ.ជ.រប.ខ បង្ហាញជាពណ៌ខ្មៅ។

ដើមកំណើត

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសដោយមានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨) លោកស៊ឹម វ៉ា យ៉ែម សំបូរ ញ៉ឹក ជូឡុង ណុង គីមមី ថន ឱក ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង" ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងធ្វើការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។[][]

វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃបានចូលទាក់ទងជាមួយលោកសឺន សានដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់នរោត្ដម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។[]

នៅខែកុម្ភៈ ឆ្នាំ១៩៧៩ លោកឧត្តមសេនីយ៍ដៀន ដែល និងងួន ពិធូរិទ្ធបានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (ក.ប.អ.រ.ជ.ខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩ កបអរជខ មានទាហានទាំងអស់សរុបចំនួន ១,៦០០ នាក់។[]

នៅខែសីហា ឆ្នាំ១៩៧៩ លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនៗរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខសាន្តដែលជាជំរុំយោធាមួយស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។[] ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំងមឿង (កម្លាំងទាហានសរុប ៥០០ នាក់) ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត) ចលនាខ្មែរឥស្លាម ជំរុំព្រៃវែង ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។[] នៅខែបន្ទាប់ លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិនិងក្រុមប្រឹក្សាយោធារណសិរ្ស។[]

រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម ប្រកាន់យកនយោបាយបែបលោកខាងលិច ជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត និងជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។[]

ប្រធានាធិបតីអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[]

Thumb
រជរបខ បានជ្រើសយកទង់សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ជាទង់របស់ចលនាខ្លួន។

កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បីជួយរក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួនដែរ។ នៅឆ្នាំ១៩៨២ លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខាងអាកប្បកិរិយាដ៏ទន់ភ្លន់រួមជាមួយការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។[] បន្ថែមលើការធ្វើដំណើររបស់សាន រជរបខ បានចាត់ទុកខ្លួនឯងជាក្រុមមិនមែនកុម្មុយនិស្តដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។

ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនៈនិងគោលការរបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយ អសប ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់ក៏ដោយ។[១០]

កម្លាំងយោធា

ផ្នែកយោធានៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរគឺកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ១៩៧៩ ដោយឧត្តមសេនីយ៍ដៀន ដែល និងមានលោកសាក់ ស៊ុតសាខនជាមេបញ្ជាការពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩២។[១១] ទោះយ៉ាងណានៅក្នុងអង្គភាពនីមួយៗ មេបញ្ជាការតែងតែមានស្វ័យភាពរៀងខ្លួនៗ ដែលធ្វើឱ្យលោកឧត្តមសេនីយ៍សាខនមានការលំបាកក្នុងការសម្របសម្រួលសកម្មភាពរបស់អង្គភាពនីមួយៗ។ នេះអាចនាំឱ្យមានការភាន់ច្រលំនិងអប្រសិទ្ធភាពនៅពេលមានការប្រយុទ្ធបែបទ្រង់ទ្រាយធំ។ ម៉្យាងវិញទៀត អង្គការនេះទទួលបានអត្ថប្រយោជន៍ជាទម្រង់នៃភាពបត់បែននិងចលភាពដ៏ប្រសើររបស់កងកម្លាំងប្រដាប់អាវុធ។

ក្រុមយោធានេះមានទំនោរក្នុងការធ្វើសកម្មភាពដោយអង្គភាពរៀងៗខ្លួន ប៉ុន្តែនៅពេលខ្លះ កបអរជខ ក៏ត្រូវចូលរួមជាមួយកងកម្លាំងផ្សេងទៀតដែរដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅ ឬតំបន់ជាក់លាក់ណាមួយ។ ឧទាហរណ៍៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨៦ រចកប បានបើកការវាយប្រហារដណ្តើមបានក្រុងបាត់ដំបង ដែលជាក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា។[១២]

ការធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ កបអរជខ ត្រូវបានបញ្ចប់ បន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើនៅរដូវប្រាំងក្នុងអំឡុងឆ្នាំ១៩៨៤–៨៥។ ការវាយឆ្មក់របស់យួននេះបានបង្កឱ្យមានការខាតបង់ជាច្រើន វាមិនមែនខាតបង់តែខាង កបអរជខ មួយនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ប្រទេសថៃទៀតផង។ ទោះបីជាត្រូវបានបាត់បង់ចំនួនអាវុធ និងទាហានប្រហែល ៣០% ក្តី កបអរជខ នូវតែអាចបន្តធ្វើប្រតិបត្តិការនៅតាមព្រៃភ្នំបានពេញមួយអត្ថិភាពខ្លួនដដែរ។

វិបត្តិផ្ទៃក្នុងមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ដូចក្រុមបក្សពួកនយោបាយផ្សេងទៀតអញ្ចឹងដែរ រជរបខ ក៏មានចំនួនវិបត្តិផ្ទៃក្នុងគួរសមផងដែរ។ តាមប្រវត្តិសាស្រ្ត វិបត្តិផ្ទៃក្នុងរបស់រណសិរ្សនេះត្រូវបានបែកចែកជាពីរធំៗ ទីមួយគឺវិបត្តិមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងទីពីរគឺវិបត្តិក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

រណសិរ្សនេះត្រូវបានបែងចែកជាពីរក្រុមនៅចុងខែធ្នូ ឆ្នាំ១៩៨៥។ ក្រុមមួយគឺមានលោកសឺន សាន ប្រធានរណសិរ្សផ្ទាល់ ក្រុមពីរមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការយោធានៃរណសិរ្សព្រមទាំងប្រធានបុគ្គលិកលោកដៀន ដែល និងសមាជិករណសិរ្សពីរនាក់ទៀតឈ្មោះថាអាប់ឌុល ហ្កាហ្វា, ពាង មែត និងហ៊ីង គុន្ធថន (សូមបញ្ជាក់ថាឈ្មោះអ្នកទាំងពីរនេះអាចសរសេរខុស ព្រោះឈ្មោះបុគ្គលទាំងពីរនៅក្នុងឯកសារដើមគឺបានសរសេរជាភាសាអង់គ្លេស)។ ក្រុមទីពីរ ឬហៅថា"អ្នកប្រឆាំង"បានចោទប្រកាន់លោកសានថា គ្មានឆន្ទៈក្នុងការវាយប្រហារលើទាហានយួន ទោះបីជាមានការគាំទ្រពីក្រុមទាហានរបស់សីហនុក៏ដោយ និងចេះតែចូលជ្រៀតជ្រែកក្នុងកិច្ចការយោធា។ ពួកគេក៏បានចោតប្រកាន់លោកសានថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេដោយរបៀបគ្រប់គ្រងរបស់រូបលោកគឺដូចជាការយកអំណាចមកសង្កត់អញ្ចឹង។[១១]

នៅថ្ងៃទី២ ខែមករា ក្រុមអ្នកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេគឺជាអ្នកគ្រប់គ្រងថ្មីលើក្រុមរណសិរ្សនេះ។ លោកដៀន ដែល និងស៊ុតសាខនបានបង្កើតគណៈកម្មាធិការកណ្តាលនៃការស្រោចស្រង់ដែលមានមុខងារដឹកនាំរណសិរ្សទាំងមូល។ បន្ទាប់មក សានក៏បានចេញសេចក្តីជំទាស់មួយដោយនិយាយថាសកម្មភាពរបស់ដែល និងខនគឺខុសនឹងច្បាប់ ហើយប្រឆាំងនឹងស្មារតីបក្ស បើបុគ្គលទាំងពីរចង់ចុះសម្រួលជាមួយបក្សទាំងមូលនោះ អ្នកទាំងពីរនឹងត្រូវតែបញ្ឈប់សកម្មភាពទាំងនេះដែលកំពុងធ្វើឱ្យបែកបាក់សាមគ្គីភាពគ្នា។ ចំពោះលោកអាប់ឌុល និងគុន្ធថន សានជឿថាទាល់តែអ្នកទាំងពីរប្រព្រឹត្តិសកម្មភាពអ្វីមួយដែលគោរពនឹងវិន័យបក្សទើបពួកគេអាចមានសិទ្ធិចូលរួមម្តងទៀត។ សានបានបន្តទៀតថា លោកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក សមាគមអាស៊ាន និងចិន។

តែទោះជាយ៉ាងណាក៏ដោយ ការឈ្លោះប្រកែកគ្នារវាងមេដឹកនាំបក្សនៅតែបន្ត ដោយសារតែគ្មានភាគីណាមួយមានអំណាចអាចយកឈ្នះលើភាគីម្ខាងទៀតបាន។ ច្រើនខែតមកទៀត អាជ្ញាធរថៃបានចាប់ផ្តើមមានការព្រួយបារម្ភអំពីបញ្ហាផ្ទៃក្នុងរបស់ រជរបខ ហើយជាពិសេសគឺសមត្ថភាពរបស់ពួកគេក្នុងការវាយ សបក។ ដូច្នេះ ថៃក៏បានចាប់បង្កើតនូវគណៈកម្មាធិការយោធាបន្តោះអាសន្នមួយដែលមានសមាជិក ១០ រូបដោយមិនបានឱ្យខន និងសានដឹងនោះទេ។ គោលបំណងរបស់គណៈកម្មាធិការថ្មីនេះគឺត្រូវធ្វើប្រតិបត្តិការនិងបញ្ជាកងកម្លាំងយោធា រជរបខ ប្រឆាំងនឹង សបក រហូតទាល់តែជម្លោះត្រូវបានបញ្ចប់។ សមាជិកកំពូលនៃគណៈកម្មាធិការនេះមានលោកដៀន ដែល (ខាងស៊ុតសាខន) និងលោកព្រំ វិត (ជាប្រធានគណៈបញ្ជាការថ្មីរបស់សាន)។[១១]

ទីបំផុត ភាពមិនចុះសម្រុងគ្នានៃមេដឹកនាំបក្សក៏ត្រូវបានដោះស្រាយបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ដោយភាគីទីបី (ថៃ)។ សានត្រូវបានអនុញ្ញាតឱ្យរក្សាតំណែងជាប្រធានរណសិរ្ស និងអំណាចស៊ីវិលផ្សេងៗទៀត ខណៈពេលដែលលោកស៊ុតសាខនក៏បានរក្សាតំណែងខ្លួនជាមេបញ្ជាការ កបអរជខ និងបន្តធ្វើប្រតិបត្តិការយោធារួមគ្នារវាង កបអរជខ និងហ៊្វុនស៊ិនប៉ិច[] ប៉ុន្តែសន្តិភាពផ្ទៃក្នុងមិនបានបន្តទៅយូរទេ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្ត ស៊ុតសាខនបានរត់ទៅបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសេរី[១៣]

អត្ថិភាពក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅក្នុងឆ្នាំ១៩៩១ ប្រទេសបារាំង និងឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពមួយអំពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ បក្សពួកនយោបាយទាំងបួននៅប្រទេសកម្ពុជាក៏បានសម្រេចចិត្តចូលរួមក្នុងសន្និសីទនេះក៏ដូចជា អសប និងប្រទេសផ្សេងៗទៀតផងដែរ (មានសហរដ្ឋ សហភាពសូវៀត ចិន និងចក្រភពអង់គ្លេស)។ គោលបំណងនៃសន្និសីទមួយនេះគឺចង់ឱ្យមានសាមគ្គីភាព សន្តិភាព អព្យាក្រឹតភាព និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។[១៤] នៅខែតុលា ឆ្នាំ១៩៩១ គ្រប់ភាគីទាំងអស់បានយល់ព្រមចុះលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមានការបោះឆ្នោតដែលនឹងត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ដើម្បីកំណត់អនាគតនៃរដ្ឋាភិបាលកម្ពុជាថ្មី។ កម្ពុជានឹងត្រូវបានពិនិត្យឃ្លាំមើលដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថាអ៊ុនតាក់រហូតដល់ចប់ការបោះឆ្នោត។ កិច្ចព្រមព្រៀងសន្តិភាពបានកំណត់ថាបក្សពួកទាំងបួនត្រូវតែសហការជាមួយអ៊ុនតាក់ដើម្បីបញ្ឈប់ជម្លោះសង្គ្រាមនៅកម្ពុជា។ ក្រុមទាំងអស់បានអនុវត្តិតាមអ៊ុនតាក់ លើកលែងតែខ្មែរក្រហមទេដែលបានតវ៉ានិងមិនខ្ចីចូលរួមក្នុងការបោះឆ្នោត។

ភាពចាំបាច់ដើម្បីផ្លាស់ប្តូរពីក្រុមយោធាទៅគណបក្សនយោបាយនឹងត្រូវការសម្រួលប្តូរឈ្មោះ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ត្រូវបានប្តូរមកជា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (គ.ប.ស.ព.ស)។ គបសពស ត្រូវបានដឹកនាំដោយលោកសឺន សានដដែរហើយនៅក្នុងការបោះឆ្នោតដែលបានអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ គបសពស ដណ្តើមបាន ១០ អាសនៈលើអាសនៈសរុបចំនួន ១២០ នៅក្នុងរដ្ឋសភា[១៥]

ដោយសារតែអសមត្ថភាពនៃគណបក្សណាមួយក្នុងការឈ្នះសម្លេងភាគច្រើន គបសពស បានក្លាយជាសមាជិកជាន់ទាបនៃរដ្ឋាភិបាលចម្រុះថ្មី ដែលមានបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិចជាសមាជិកកំពូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាព រដ្ឋាភិបាលនឹងត្រូវផ្តល់ឱ្យ គបសពស នូវតួនាទីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីចែកអំណាច និងអាចក្លាយជាសមាជិកនៃរដ្ឋសភាជាតិបាន (ឧទាហណ៍: អៀង មូលីជារដ្ឋមន្រ្តីក្រសួងព័ត៌មានហើយលោកកឹម សុខាជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៅក្នុងរដ្ឋសភាជាតិ)។[១៦]

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.