ចៅហ្វាទឡ្ហៈទេព

From Wikipedia, the free encyclopedia

សម្ដេចចៅហ្វាទឡ្ហៈទេព កាន់តំណែង (គ.ស.១៥១៦-១៥៦៧) លោកជាព្រះភីលៀងផ្ទាល់របស់ព្រះបាទចន្ទរាជា កាលពីមុនមានយសសក្ដិជា ព្រះទិព្វជាញជ័យ។ ក្រោយពីឈ្នះសង្គ្រាមនៅបន្ទាយមានជ័យខែត្រពោធិ៍សាត់មកលោកក៏ត្រូវតែតាំងជាប្រមុខនៃសេនាបតីទាំងឡាយមានងារជា សម្ដេចចៅហ្វាទឡ្ហៈ មានសក្ដិ ជា សម្ដេចចៅពញា

ព័ត៌មានសង្ខេប ចៅហ្វាទឡ្ហៈទេព, សម្ដេចចៅហ្វាទឡ្ហៈកម្ពុជាធិបតី ...
ចៅហ្វាទឡ្ហៈទេព
សម្ដេចចៅហ្វាទឡ្ហៈកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស.១៥១៦–១៥៦៧
ព្រះមហាក្សត្រចន្ទរាជា
មុនទើបបង្កើត
បន្ទាប់សម្ដេចចៅហ្វាទឡ្ហៈដុង
ព្រះទិព្វជាញជ័យនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស ១៥១៦  ១៥១៦
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ទេព
បិទ


សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨

លុះ ​ការ​បុណ្យ​ទ្វារទសមាស​ចប់ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វាកៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយគ្មាន​ស្រូវវេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខែត្រ​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជ​ព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាមជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ្វាទឡ្ហៈ​ទេព ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជលើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថាជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយមុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញាពេជ្រមេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន្ត។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​​មហាសេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះយក​បានខែត្រ​ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម។ ចៅ​មឿង​ដែល​ឡើង​ខែត្រ​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខែត្រ​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅពញា​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជាជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​នៅព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង៖

  • ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​ខែត្រសំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច។
  • ឲ្យ​ឧកញ៉ា​មនោមេត្រី ចៅហ្វាយស្រុកខែត្របាត់ដំបង កាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។
  • ឲ្យ​ឧកញ៉ា​រាជា​មេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ ជា​មេទ័ព​ឆ្វេងកាន់​ពល ​១០០០០ ​នាក់។
  • ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ កូនចៅពញា​មឿង កាន់​ពល​ ៣០០០០ ​នាក់​ជា​ទ័ព​មុខ។
  • ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភគិនេយ្យោជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រព្រៃវែងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន។

ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​ខែត្រអាសន្ទុកជា​មេទ័ព​មុខ។
  • ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង។
  • ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។
  • ចៅពញា​មន្ដ្រី​ភក្ដីជា​កងទ័ព​ក្រោយ។

ទាំង ​៤​ កងឃុំ​ពល ​៥០០០០ ​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ខែត្រ​កំពង់សៀមឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំងស្ទាក់ផ្លូវ​កុំឲ្យសម្ដេចចៅពញាកំហែងជា​ឪពុកក្មេក​ ព្រះស្ដេច​កនលើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣ ​ពញា​មឿង ឃុំ​ពល​ ២០០០០​ នាក់ជា​មេកង​ទ័ព​មុខ។
  • ឧកញ៉ា​យមរាជឃុំ​ពល​ ១០០០០ ​នាក់​ជា​ទ័ព​ឆ្វេង។
  • ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ស្ដាំ។
  • ព្រះ​អង្គ​ឯង​ទ្រង់​ពល​ ៤០០០០ ​នាក់ជា​ទ័ព​ហ្លួង។
  • ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល ​៥០០០​ នាក់ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ។

ព.ស ​២០៦៨, គ.ស​ ១៥២៤, ម.ស​ ១៤៤៦, ច.ស ​៨៨៦ ឆ្នាំវក ​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​កកុធភណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​ បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយានព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​ ៩ ​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ សព្រាតឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត។ ឯ​អស់​មន្ដ្រី​សេនារេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក-​ង មួង យោង​ពីមុខនៅ​ពីក្រោយតាម​អណ្ដាប់​អណ្ដោយលើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ។ រីឯ​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខែត្រ​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន្ត។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខែត្រ​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថាមេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទខែត្រ​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​ ២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។ ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០ ​នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​នឹងគ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួសឃុំ​ពល​ ២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភគិយ្យោយសរាជាជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។ សម្ដេចចៅហ៊្វា​កៅ​ដែល​ នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរជាលន់នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។

សមរភូមិមហានគរ

សម្ដេចព្រះចៅចក្រពត្រាធិរាជ សម័យថ្ងៃមួយនោះ ចេញគង់ចុងព្រះរោងរម្យជួបជុំអគ្គមហាសេនា សេនាធីបតី មន្ត្រីតូចធំ ខ្ញុំរាជការ ក្រាបបង្គំគាល់តាមតំណែងទើបព្រះអង្គទ្រង់មានព្រះរាជឱង្ការ ត្រាស់ប្រឹក្សាថា ចៅពញាចន្ទរាជាបានត្រឡប់ទៅក្រុងកម្ពុជាប្រាប់សឹកសង្គ្រាមបានជាធំនោះព្រោះដោយអំណាចរេហ៍ពល ស្បៀងអាហារ គ្រឿងសាស្ត្រាវុធ ដំរីសេះរបស់យើងឱ្យទៅ។ ឥឡូវបានសំរេចហើយ តែពុំឃើញឱ្យនាំសួយសារមកថ្វាយយើងនៅឡើយ។ ដូច្នេះ យើងគួរលើកទ័ពទៅប្រាបប្រាម ឬធ្វើដោយប្រការដូចម្ដេច ទើបអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការ ទទួលព្រះរាជបរិហារ ប្រឹក្សាយល់ព្រម ក្រាបបង្គំទូលថា: កាលចៅពញាចន្ទរាជាទទួលព្រះរាជឱង្ការទៅទាក់ដំរីស ហើយមានពុតត្បុតរត់ទៅស្រុកនោះ យើងបានឱ្យបំរើទៅតាមយកខ្លួនមកនោះ ពញាចន្ទរាជាបានសញ្ញាថា បើខ្លួនបានសំរេចព្រះនគរកាលណានឹងនាំសួយសារមកក្រាបទូលថ្វាយ។ ឥឡូវនេះ ពញាចន្ទបានសំរេចហើយ តែកន្តើយព្រងើយទៅនេះ គួរតែយើងលើកយោធាទាហានទៅប្រាបប្រាមឱ្យដឹងថ្វីដៃ។ តែថា ធ្វើដូច្នេះ ដូចជាទាស់នឹងច្បាប់ទំនៀមទៅហើយ ព្រោះដែនដីក្រុងកម្ពុជានេះ ពីដើមជាឯករាជ្យដែរ តែក្រោយមកបានពឹងបារមីផែនដីក្រុងទេពនេះជាច្រើនដងមានទាំងខ្លួនពញាអុង សួគ៌លោកនៅជាតួយ៉ាងសព្វថ្ងៃនេះស្រាប់។ ដូច្នេះ ទូលព្រះបង្គំយល់ថាគួរតែមានព្រះរាជសារឱ្យទៅរំលឹកម្ដងសិន បើកាលណាឃើញថា ចៅពញាចន្ទរឹងទទឹងសឹមយើងលើកទៅធ្វើទោសឱ្យបានសំរេច។ ព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់អស់មន្ត្រីទៅ ទ្រង់យល់ផ្លូវត្រូវសេចក្ដីហើយ ទើបទ្រង់ត្រាស់ឱ្យតែងព្រះរាជសារ ចាត់ឱ្យចៅពញាមហាទេព មហាមន្ត្រី និង ព្រះរាជវរានុកូលជារាជទូត ឧបទូត ត្រីទូត អញ្ជើញព្រះរាជសារនោះមកដល់ក្រុងកម្ពុជាធិបតី។

ទូតទាំង ៣ នាក់មកដល់ក្រៅបន្ទាយនគរក៏ឱ្យបំរើទៅប្ដឹងសេនាបតីតាមជើងសារ ដែលចៅហ្វាយស្រុកពោធិ៍សាត់បញ្ជូនមកនោះគ្រប់ប្រការ។ ក្នុងខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ និងសេនាបតីទាំង ៤ សំរាប់នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបសព្វគ្រប់ហើយ ព្រះបរមនាថ បរមបពិត្រស្ដេចត្រាស់ថា: ជាតិអាសៀមនេះ ចិត្តវាលាមកអាក្រក់ពន់ប្រមាណណាស់បានជាកាលផែនដី ប្រឋមក្ស័ត្រ ខត្តិយាវង្សតំរងរាជ្យក្នុងមហានគរនោះរៀងមក ទ្រង់ឱ្យសាងប្រាសាទរាជដំណាក់ជាន់ក្រៅចាំទទួលព្រះរាជទូតគ្រប់ប្រទេសច្រើនតំបន់នោះ ឥឡូវសៀមវាឱ្យរាជទូតវា អញ្ជើញព្រះរាជសារវាមកនេះត្រូវយើងឱ្យធ្វើព្រះរោង ព្រះពន្លាទទួលព្រះរាជសារនោះ ក្រៅកំពែងព្រះនគរដែរ។ អគ្គមហាសេនា សេនាបតី ទទួលព្រះរាជឱង្ការហើយ ចាត់មន្ត្រីក្រុមមេការ ឱ្យកេណ្ឌរាស្ត្រធ្វើព្រះរោង ព្រះពន្លា រាយទ័ពទាហាន ឱ្យចាំរក្សា ច្រើនសង្កាត់កំណត់តែ ៣ ថ្ងៃ ៣ យប់ ក៏រួចដូចព្រះរាជបញ្ជាការ ទើបក្រុមមេការក៏យកសេចក្ដីចូលទៅប្ដឹងសេនាបតី សេនាបតីយកសេចក្ដីនាំឡើងក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ សម័យថ្ងៃនោះ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា: រាជទូតសៀមមកនោះយើងនឹងចេញទទួលវាឱ្យរួសរាន់ពេកហាក់ដូចជាយើងកោតខ្លាចវាខ្លាំងណាស់ ទើបទ្រង់ត្រាស់បង្គាប់លួងរាជាមាត្យ មហាមាត្យថា: ឱ្យទៅប្រាប់រាជទូតសៀមថា ឱ្យវារង់ចាំ ១៥ ថ្ងៃទៀត ព្រះករុណានឹងចេញទទួល។ តែស្ដេចបានអាយ័តរាជាមាត្យ មហាមាត្យថា: ឱ្យចាត់ស្បៀងអាហារនាំយកទៅឱ្យវាឱ្យបរិបូណ៍។ ព្រះរាជបំរើទាំងពីរ ក៏ថ្វាយបង្គំលាចេញទៅធ្វើតាមព្រះរាជបញ្ជាគ្រប់ប្រការ។ ក្រោយនោះ ១៥ ថ្ងៃ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់គ្រឿងអលង្ការ មហាឧត្តម ព្រមទាំងព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការចាំដង្ហែស្ដេចព្រះរាជដំណើរទៅប្រថាប់នៅព្រះពន្លាកាក។ លង់លុះព្រឹកព្រាងហើយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គចេញទៅគង់លើ ព្រះរាជហានុកាមាត្យមាស ឱកាសឧត្តម ព្រះបរមវង្សាសេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការ ហែស្ដេចចេញប្រថាប់ លើព្រះពន្លាកាកខាងជើងបន្ទាយព្រះនគរ ១០ សិនប្លាយ។ រាជទូតសៀមទាំង ៣ ក៏ក្រាបថ្វាយបង្គំថ្វាយព្រះរាជសារ។ ព្រះបរមនាថ បរមបពិត្រទ្រង់ត្រាស់ឱ្យលាមប្រែសេចក្ដី អាលក្សប្រែថ្វាយថា: ព្រះរាជសារ សុន្ទរបវរសេដ្ឋា មហាវិមល ពលាការ សម្ដេចព្រះចៅចក្រពត្រាធិរាជ ព្រះចៅក្រុងមហានគរ បវរធារាវតី ស្រីអយុធ្យា មហារដ្ឋរាជធានី បុរីរម្យ ឧត្តមមហាឋាន ជាសម្ដេចព្រះបិតុលាធិរាជ។ បំរើផ្លូវព្រះរាជមេត្រីមក សម្ដេចព្រះបរមរាជា រាមាធិបតី ព្រះចៅក្រុងកម្ពុជាជាសម្ដេចព្រះអគិនេយ្យោ។ បានទ្រង់ជ្រាប។ ដ្បិតក្រុងកម្ពុជានេះ កាលពីដើមតាំងពីផែនដីព្រះលំពង្សរាជា ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្សនោះ សៀមបានវាយបែកមហានគរ ពីរបីដង ហើយបានយកមហានគរនេះជាចំណុះទៀត។ ក្រោយមកទៀត ក្នុងផែនដីព្រះបាទសម្ដេចព្រះធម្មរាជា ព្រះធម្មរាជាក៏មានព្រះរាជសារទៅដល់យើងឱ្យសង្គ្រោះព្រះអង្គផង។ យើងក៏បានជួយបានយកទាំងសម្ដេចព្រះស្រីរាជា ព្រះសុរិយោទ័យទៅទុកក្នុងក្រុងយើង ហើយរាជសម្បត្តិខ្មែរ ក៏យើងឱ្យស្រេចជារបស់សម្ដេចព្រះធម្មរាជា ជាព្រះបិតារបស់សម្ដេចព្រះក្មួយ។ ចំពោះព្រះក្មួយទៀត កាលភិតភ័យក្នុងគ្រា អាព្រះស្ដេចកន វាយបែកព្រះនគរនោះ សម្ដេចព្រះក្មួយ ក៏បានរត់ចូលទៅពឹងបុណ្យបារមីក្រុងទេពបុរី ស្រីអយុធ្យាដែរ ក្រុងទេពបូរី ក៏ចាត់ពលថ្មើរជើង និង ពលសេះ ដំរី ឱ្យជូនសម្ដេចព្រះក្មួយត្រឡប់មកក្រុងកម្ពុជា ហើយព្រះក្មួយបានសន្មតនឹងម៉ឺនពេជ្រពិចិត្រថា: តែព្រះក្មួយបានសំរេចព្រះនគរកាលណា ព្រះក្មួយនឹងនាំសួយទៅថ្វាយយើងជាព្រះបិតុលា។ ឥឡូវព្រះក្មួយសំរេចព្រះនគរហើយ ម្ដេចឡើយក៏ពុំឃើញនាំសួយសារ ផ្កាមាសទៅថ្វាយយើងតាមទំនៀម ដូច្នេះឱ្យព្រះក្មួយ ចាត់ឱ្យនាំសួយសារ ផ្កាមាស ប្រាក់ទៅថ្វាយយើងជាព្រះបិតុលាឱ្យត្រឹមត្រូវតាមទំនៀម។ ព្រះបរមនាថ បរមខត្តិយា មហាចន្ទរាជាធិរាជ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបសេចក្ដីក្នុងព្រះរាជសារហើយ ទ្រង់ព្រះពិរោធណាស់ តែទ្រង់ខំសង្កត់អត់ទុកក្នុងព្រះរាជហឫទ័យ ហើយក្លែងធ្វើជាទ្រង់ព្រះសំរួលក្អាកក្អាយ ទើបទ្រង់ត្រាស់ថា ក្រុងកម្ពុជាធិបតី មហាឥន្ទបត្តបុរីនេះ កាលដើមឡើយជានាយកលើនគរនានាទាំងអស់ ទាំងអាសៀមនេះ ក៏តែងនាំសួយសារ មកក្រាបទូលថ្វាយព្រះមហាក្សត្រខ្មែរ ក្នុងមហានគរនេះ ពុំដែលខាតខានមួយរដូវឡើយ។ លុះក្រោយមកដល់ផែនដី ព្រះបទុមសូរ្យវង្ស ព្រះអង្គមានព្រះនេត្រទិព្វ ទ្រង់យល់ថា: ពញារោងនោះ ជាព្រះរៀមផ្ទាល់ព្រះអង្គរួមព្រះមាតាមួយ បែកទៅនៅស្រុកសុខោទ័យ ក៏ទ្រង់តាំងឱ្យជាឯករាជ្យនៅក្នុងស្រុកនោះឱ្យសៀមទាំង ៧ ស្រុកឡើងស្ដាប់បង្គាប់សម្ដេចព្រះជេដ្ឋា។ ទ្រង់ខ័ណ្ឌព្រំបុរីត្រឹមនគររាជសីមា។ លុះឥតពីព្រះរោងទៅស្រុកសៀមក៏នៅឱ្យនាំសុវណ្ណបុប្ផា តំបារផ្កាមាសមកក្រាបទូលថ្វាយជាចំណុះស្រុកមហានគរតមកទៀត។ លុះដល់ស្រុកសៀមកើតសង្គ្រាមនឹងលាវពោះខ្មៅ លាវនោះតាំងឡើងជាព្រះមហាក្សត្រទៀត។ លុះដល់ស្រុកសៀមកើតសង្គ្រាមនឹងលាវពោះខ្មៅ លាវនោះតាំងឡើងជាព្រះមហាក្សត្រហើយបានបង្ក្រាបព្រះរាជត្រកូលពញារោងបាន ក៏តាំងខ្លួនជាឯករាជ្យ។ លុះដល់មកផែនដី សម្ដេចព្រះបរមរាជា សៀមឡើងរាជ្យជាសម្ដេចព្រះរាមាធិបតី សៀមលើកទ័ពមកធ្វើសង្គ្រាមនឹងព្រះបរមរាជា តែពុំបានធ្វើតាមទំនៀមព្រះមហាក្សត្រគឺឱ្យសំបុត្រចុតហ្មាយមកប្រាប់ជាមុនថា សុំធ្វើសង្គ្រាមទេ។ ស្រាប់តែឱ្យលបលើកជាទ័ពមកចោមបំបែកមហានគរដោយខ្មែរពុំដឹងខ្លួន។ ជ័យជំនះនឹងរាប់ថា មានរឹទ្ធីអានុភាពក៏ពុំបាន។ កាលយើងទៅនៅស្រុកសៀម ៩ ឆ្នាំនោះទៀតយើងបានសុំឱ្យកងទ័ពមកជួយយើងច្រើនដង ក៏ព្រះចៅចក្រពត្តិពុំឱ្យកងទ័ពនឹងស្បៀងអាហារយើងសោះ។ ហេតុតែ កុសលផងរបស់ក្រុងកម្ពុជាធិបតី មិនឱ្យប្រទេសយើងទាបថោក ក៏បណ្ដាលឱ្យព្រះចៅចក្រពត្តិចាញ់ឧបាយកលយើងឱ្យយើងទៅទាក់ដំរីស យើងក៏រត់មកច្បាំងបានដោយបញ្ញាធិការ និង តំរិះប្រាជ្ញាបុណ្យវាសនារបស់យើងទៅ។ តើព្រះចៅចក្រពត្តិមានឱ្យអ្វីជាកំលាំងមក ក៏បានជាឱ្យមកតាមទារសួយសារដូច្នេះ ឥឡូវនេះ បើយើងព្រមថ្វាយ ក៏ជាការឥតប្រយោជន៍ដែរ។ ទ្រង់ត្រាស់តែម៉្លោះហើយ ក៏ទ្រង់ឱ្យអាលក្សតែងព្រះរាជសារ ប្រគល់ឱ្យព្រះរាជទូតទាំង ៣ នាយនាំត្រឡប់ទៅក្រុងទេពបុរី ស្រីអយុធ្យាវិញ។ ព្រះរាជទូតទាំង ៣ នាក់បានឮព្រះបរិហារត្រាស់កណ្ដាលជំនុំ ជាសេចក្ដីផ្ទុញផ្ទាល់ដូច្នោះ ក៏នឹកក្រេវក្រោធពន់ប្រមាណ តែពុំហ៊ានឆ្លើយទាស់ព្រះរាជឱង្ការ ព្រោះសេចក្ដីដែលព្រះអង្គត្រាស់ទាំងប៉ុន្មាននោះជាសេចក្ដីសុចរិត ពិតត្រង់ប្រាកដទាំងអស់ ក៏ថ្វាយបង្គំទទួលព្រះរាជសារហើយ នាំត្រឡប់ទៅក្រាបទូលថ្វាយព្រះចៅចក្រពត្តិវិញ។

ស្ដេចសៀមឱ្យលាមប្រែព្រះរាជសារទៅមានសេចក្ដីថា: "ព្រះរាជាសុន្ទរ បវរ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមា មហាចន្ទរាជាធិរាជ រាមាធិបតី សិរីយសោធរ បវរវង្សកូល កំពូលកម្ពុជា មហាឥន្ទបត្តបុរីរម្យ ឧត្តមកុរុរដ្ឋ រាជធានី។ ចំរើនផ្លូវព្រះរាជមេត្រី តបមកសម្ដេច ព្រះចៅចក្រពត្តិ ព្រះចៅក្រុងទេពបូរី ស្រីអយុធ្យាជាសម្ដេចព្រះបិតុលាបានទ្រង់ជ្រាប។ ដ្បិតយើងជាក្មួយបានឃើញព្រះរាជសារ មើលឃើញសេចក្ដីទាស់ច្រើនប្រការណាស់ ពុំត្រូវតាមប្រវេណីអំពីបុរាណរាជ្យរៀងមកទេ។ ឯក្រុងកម្ពុជាធិបតី មហានគរនេះជានគរធំ ឧត្តមប្រសើរណាស់ ក្រុងស្រីអយុធ្យាធ្លាប់តែជាចំណុះចុះចូល ថ្វាយសួយសាររៀងមកច្រើនផែនដី។ កាលយើងធ្វើសង្គ្រាមនឹងអាព្រះស្ដេចកននោះទៀត ក៏សៀមពុំបានជួយកំលាំងសឹកអ្វីសោះនឹងឱ្យនាំសួយសារមកថ្វាយសម្ដេចព្រះបិតុលានេះមិនគួរ។ យើងបានជំនុំយល់ព្រមនឹងព្រះវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជការទាំងប៉ុន្មានទៅយល់ថា សៀមពុំបានមានគុណជួយអ្វីសោះទេមានតែលបលើកជាទ័ពចោរទៅប្លន់រាស្ត្រយកព្រះនគរ ពុំមានព្រះរាជសារណាត់សង្គ្រាមតាមប្រវេណីក្រស័ត្រហើយកំហែងកៀរគ្រួខ្មែរប្រែទុច្ចរិតខ្លាំងណាស់ នឹងជឿស្ដាប់យកជាទីពឹងពុំគួរ។" សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ចប់ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ថា: ពញាលង្វែកនិយាយតមកយើងក្នុងព្រះរាជសារនេះ ឃើញថាជាសេចក្ដីព្រហើនភ្លើនព្រះរាជអាជ្ញាខ្លាំងណាស់ ដូច្នេះមានតែយើងគិតធ្វើសង្គ្រាមនឹងពញាលង្វែកឱ្យឃើញថ្វីដៃម្ដង។ ខ្មែរធ្លាប់បែកនគរនឹងដៃសៀមពីរបីដងហើយ នៅតែពុំទាន់រៀង បើយើងឈ្នះបានព្រះនគរម្ដងនេះទៀត យើងនឹងកៀរយករាស្ត្រឱ្យអស់ពីនគរវាមកទុកក្នុងនគរយើងឱ្យស្យាមប្រទេសនេះរាងចាលថ្វីដៃយើងតទៅ។ តែអស់សេនាបតី មន្ត្រីគ្រប់ក្រសួង​យល់ដូចម្ដេច សេនាបតី មន្ត្រីទាំងពួង ក៏ថ្វាយបង្គំក្រាបទូលថា ទ្រង់ព្រះតំរិះនេះ យើងខ្ញុំទូលព្រះបង្គំយល់ថាត្រូវព្រមៗគ្នា។

ព្រះបាទចក្រពត្តិរាជាធិរាជបានទ្រង់ព្រះសណ្ដាប់អស់មុខមន្ត្រីយកសេចក្ដីក្រាបបង្គំត្រូវនឹងព្រះតំរិះនោះ ពេញព្រះរាជហឫទ័យណាស់ ទើបទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ព។ លុះបានរេហ៍ពលមកជួបជុំហើយ​ នៅព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំខាល ទោស័ក សម្ដេចព្រះចៅចក្រពត្តិ រាជាធិរាជ ត្រាស់ចាត់មេកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ស្រេច សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសំរាប់ពិជ័យយុទ្ធនាស្រេច ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រឈ្មោះ ប្លាយមង្គលទ្វីប ហើយក៏ឱ្យគោះគង ទូងភេរី លើកយោធាមុខ ក្រោយ ឆ្វេង ស្ដាំតាមក្បួនពិជ័យសង្គ្រាមដើរ។ ទ័ពធំមកត្រូវនគររាជសីមា និង មហានគរ។ ឯព្រះបាទបរមបពិត្រ ឧត្តមបរមខត្តិយា មហាចន្ទរាជាធិរាជ ក្រោយរាជទូតសៀមត្រឡប់ទៅវិញនោះ ស្ដេចមានព្រះរាជឱង្ការនឹងអស់មុខមន្ត្រីថា: កាលមុន ពញាដែកទាយថា: ពីរឆ្នាំទៀត សៀមនឹងលើកទ័ពនោះ ឃើញហេតុថាត្រូវនឹងទំនាយដែកហើយ។ ពញាដែកនោះ ដូចជាមានទេវតាសណ្ឋិតមាត់ ប្រសិនណាបើគាត់នៅរស់ យើងនឹងតាំងគាត់ជាហោរាក៏បាន។ ឧកញ៉ាចក្រីទេពក្រាបទូលថា: ពញាដែកនោះ កាលទ្រង់ប្រោសព្រះរាជទានរង្វាន់ឱ្យធ្វើជាចៅហ្វាយស្រុកលង្វែក និងប្រាក់មួយហាប ហើយនិងសំពត់អាវ ១០០ មួយមុខនោះគាត់មិនទទួលទេ។ គាត់ថាឱ្យទុកចែកសេនាទាហានចុះ សំដីនេះ ឃើញថាគាត់គ្មានចិត្តលោភសោះ បើទុកជាគាត់រស់នៅក៏ពុំព្រមចូលធ្វើរាជការដែរ ដែលគាត់ទៅជាបិសាចបានជាគូនឹងបិតាទូលព្រះបង្គំជាខ្ញុំនេះ ឃើញប្រសើរជាង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទើបទ្រង់ត្រាស់បញ្ញត្តមុខងារថែមទៀតថា: ឱ្យព្លីការ ឱ្យគ្រប់រដូវចូលឆ្នាំ និង ចេញចូលវស្សា ហើយនិងភ្ជុំបិណ្ឌនៅកន្លែងពញាពេជ្រ និង ពញាដែកនោះ កុំឱ្យខ្វះខាតឡើយ ហើយទ្រង់ត្រាស់បង្គាប់ឱ្យសមហាត់ សេនាទាហានទុកបំរុងរាជការកុំឱ្យធ្វេសប្រហែស។ ឯបំរើសេះ ខាងក្រុងកម្ពុជា ដែលឱ្យទៅស៊ើបកិច្ចរាជការ ក្នុងក្រុងទេពនោះដឹងថា សៀមឱ្យកេណ្ឌរេហ៍ពលមកត្រៀមទ័ពហើយ ក៏ប្រញាប់មកប្ដឹងសេនាបតី សេនាបតី នាំយកសេចក្ដីក្រាបបង្គំទូលព្រះបាទជាអម្ចាស់។ ស្ដេចទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឱ្យកេណ្ឌកងទ័ពតាមជនបទតូចធំថែមទៀត។ លុះមកជួបជុំហើយ ទ្រង់ត្រាស់បង្គាប់ សម្ដេចព្រះរាមា ជាព្រះឱរសាធិរាជ និង សម្ដេចចៅហ្វាទឡ្ហៈ នៅចាំក្រោយព្រះមហានគរ ចាត់ដូច្នេះរួចហើយ ទើបទ្រង់ត្រាស់អស់មុខមន្ត្រីតូចធំថា បើយើងចាំទទួលទ័ពសៀមក្នុងព្រះនគរនោះឃើញថាអស់រាស្ត្រ ដែលនៅតាមផ្លូវមុខសឹកនឹងទៅជាឈ្លើយសៀមប្រាសវិនាសពីភូមិលំនៅអស់ពុំខាន។ ដូច្នេះ អញយល់ថា យើងត្រូវលើកទ័ពទៅទទួលទ័ពសៀម នៅទីប្រទល់ដែនទើបជា។ នោះអស់មុខមន្ត្រី ក៏ក្រាបទូលថា ទ្រង់ព្រះតំរិះយល់សេចក្ដី ទ្រង់ព្រះមហាករុណាដល់ប្រជានុរាស្ត្រនេះជាត្រឹមត្រូវណាស់។ ទើបព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ឱ្យក្រុមព្រះរាជគ្រូបុរោហិត និង ក្រុមពិជ័យរាជហោរាតាំងព្រះរាជពិធីប្រក់ពលស្រេច លុះបានឫក្សជាពេលាល្អហើយ សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ផែនដី ស្ដេចទ្រង់គ្រឿងអលង្ការសំរាប់រាជ្យ ចេញរណយុទ្ធឡើងគង់លើព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធកុញ្ចរក្លាខ្លាំងបាំងនូវបវរស្វេត្រច្ឆ័ត្រមានជាន់ ៧ ដោយពុំទាន់ប្រាប្ដាភិសេកនៅឡើយ ហើយទ្រង់ចាត់ឱ្យអស់អគ្គសេនាចតុរង្គជាទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ព្រមដោយគ្រឿងអភិរម្យរាជនានា និង ដាវ កាំភ្លើង គ្រឿងប្រដាប់សំរាប់យុទ្ធទង់ជ័យ ប្រពៃថ្លៃថ្លា និងសេះសឹក សន្ធឹកមហិមា។ នោះព្រះពិជ័យរាជហោរាគោះគង ទូងភេរី ព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ប្រាប្ដាភិសេកហែទង់ជ័យផ្លុំត្រែស័ង្ខ សុរិយាតន្ត្រី ដំណើរក្បួនទ័ពចេញអំពីព្រះនគរ តាមរយៈផ្លូវទៅដល់ស្រុកពោធិ៍សាត់។ ឯទ័ពសៀម លុះមកដល់ស្រុកនាងរង ក៏រំលងមកដល់ស្រុកមហានគរវត្ត។ ចៅហ្វាយស្រុកខែត្រមហានគរ កេណ្ឌបានពល ៥០០០ នាក់ ចេញទទួលច្បាំងនឹងទ័ពមុខ។ សៀមបានច្បាំងដោយអាវុធវែងខ្លី ពលស្លុតស្លាប់ទាំងសងខាង តែពលខ្មែរឃើញពលសៀមច្រើនណាស់លប់កំលាំងនឹងទប់ទល់ពុំបានក៏រត់បែកទ័ពចេញទៅទីទៃ។ ទើបចៅហ្វាយស្រុកខែត្រមហានគរឃើញកងទ័ពខ្លួនបែកទ័ពរត់ចោលខ្លួនដូច្នោះក៏នាំតែទាហានរួមចិត្តចំនួន ៥០ នាក់រត់ទៅដល់ខែត្រពោធិ៍សាត់ជួបនឹងទ័ពហ្លួងត្រេកអរណាស់ ក៏ចូលទៅក្រាបថ្វាយបង្គំគាល់ ក្រាបទូលតាមហេតុសព្វសេចក្ដី ហើយថាដែលទូលព្រះបង្គំជាខ្ញុំរត់ចោលស្រុកនេះមានទោសដល់ជីវិត ស្រេចនៅព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោស។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ យល់ថាទ័ពសៀមជាទ័ពក្រស័ត្រ ពលក៏ច្រើនត្រាស់តែម៉្លោះហើយ ក៏តឿនឱ្យគ្រប់នាយកងទ័ពឱ្យលើកចេញពីខែត្រពោធិ៍សាត់ទៅទល់ដែនស្រុកនគរវត្ត។ ទ្រង់ត្រាស់ឱ្យតាំងទ័ពនៅមាត់វាលខាងលិចរង់ចាំស្ដាប់ជើងសឹកព្រះចៅចក្រពត្តិ។ ឯព្រះចៅចក្រពត្តិ លុះចៅហ្វាយស្រុកមហានគររត់ទៅហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយមហានគរ ហើយទ្រង់ទតអស់ប្រាសាទរាជរដ្ឋខ្មែរ។ ទ្រង់យល់ល្អត្រកាលណាស់ទ្រង់ត្រាស់សរសើរថា: ស្រុកនេះគប្បីជាស្រុក សម្ដេចអម្រិន្ទ្រាធិរាជសាងថ្វាយព្រះបាទអរិដ្ឋពលពាហនោជាព្រះបុត្រមែន សមជាស្រុកមហានគរមានក្សត្រាធិរាជ ១២១ ជាចំណុះមែន។ ស្ដេចកំពុងតែត្រាស់សរសើរ ដូច្នេះកងល្បាតសេះចូលទៅក្រាបទូលថា ទ័ពស្ដេចខ្មែរលើកមកតាំងបន្ទាយនៅមាត់វាលខាងលិចចំងាយប្រមាណ ៥០ សិន។ ឯព្រះចៅចក្រពត្រាធិរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់បង្គាប់អស់នាយកងទ័ពឱ្យប្រុងខ្លួនគ្រប់គ្នា។ លុះព្រឹកឡើងទ្រង់ត្រាស់បង្គាប់ឱ្យរៀបក្បួនទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ និង ដំរី សេះសឹកជាសន្ធឹកពន្លឹកមហិមាឱ្យទាហានពាក់អាវក្រហម មួកក្រហម ដែលមានចៅពញាមហាសេនាជាមេកងទ័ពមុខ។ ឯទ័ពឆ្វេងឱ្យព្រះសន្ធរសង្គ្រាមជាមេកងរេហ៍ពលពាក់អាវខៀវ មួកខៀវ ប៉ែកស្ដាំឱ្យចៅពញាព្រះឃ្លាំងធិបតីជាមេកងរេហ៍ពលពាក់អាវបៃតង មួកបៃតង។ ឯទ័ពក្រោយ ឱ្យចៅពញាចក្រីជាមេកងរេហ៍ពល ពាក់អាវខ្មៅ មួកខ្មៅ។ ឯទ័ពហ្លួង រេហ៍ពលពាក់អាវលឿង មួកលឿង។ លុះបាននពឫក្សហើយ សម្ដេចព្រះចៅចក្រពត្រាធិរាជ ទ្រង់គ្រឿងសុវណ្ណរាជភូសា ព្រះមណីរតន៍ សង្វារប្រដាប់ដោយមណីរតន៍ សំរាប់រាជសង្គ្រាម ស្រេចស្ដេចឡើងគង់ព្រះទីនាំង ប្លាយមង្គលទ្វីបចុះប្រេងបាំងនូវស្វេត្រច្ឆ័ត្រ ៩ ជាន់គង់នៅលើរយាងបិទមាសឱភាសសោភា ហើយឱ្យមន្ត្រីម្នាក់នៅជិះជាកណ្ដាល កាន់កន្ទុយក្ងោកឱ្យមន្ត្រីម្នាក់ទៀតជិះកន្សៃ វាយខ្ជែងឱ្យអស់នាយកង នាយទ័ពជិះដំរី សេះ សឹក ហើយវាយគងទូងស្គរសុរិយាតន្ត្រី ប្រគុំរងំរអើកកក្រើកលើកទ័ពតំរង់ទៅទ័ពស្ដេចខ្មែរ។ ឯព្រះចៅក្រុងខេមរាប្រទេស វិសេសខត្តិយា មហាចន្ទរាជាធិរាជក្នុងវេលាយប់នោះ ព្រះអង្គត្រាស់ប្រាប់ឱ្យប្រុងខ្លួនគ្រប់នាយកងទ័ព។ លុះព្រឹកឡើង ទ្រង់ចាត់សម្ដេចព្រះរាមាជាព្រះរាជបុត្រាច្បងឱ្យធ្វើជាមេទ័ពមុខគង់ព្រះទីនាំងពិជ័យកុញ្ជរបវរហត្ថីឱ្យចៅពញាសួគ៌ាលោកសុខ កូនពញាពេជ្រ (មឿង) ទី៣ ជាមេទ័ពមុខបង្អស់ឧកញ៉ាចក្រីទេព កូនពញាពេជ្រ (មឿង) ទី៤ ជាមេកងទ័ពប៉ែកស្ដាំឱ្យឧកញ៉ាយមរាជសួសជាមេកងទ័ព ប៉ែកឆ្វេងឱ្យសម្ដេចព្រះសុទត្តជាមេកងក្រវែលក្រោយ។ លុះបានដល់ឫក្សល្អហើយ ព្រះរាជគ្រូហោរាចារ្យ អញ្ជើញសម្ដេចចៅពញាចន្ទរាជា បរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គចូលស្រង់ទឹកមន្តភិសេកហើយ ព្រាហ្មណ៍ថ្វាយទឹកស័ង្ខ រួចទ្រង់គ្រឿងសិរីរាជ្យ អលង្ការបវរពិចិត្រ ពិភិតភូសា សំរាប់ទ្រង់រាជរណយុទ្ធ ស្ដេចឡើងគង់ព្រះទីនាំងកុញ្ជរគជសារសឹកពន្លឹកចុះប្រេងមហិមា គង់នៅលើរយាងទិព្វមាស បោះបាំងនូវស្វេត្រច្ឆ័ត្រមានមន្ត្រីជិះកណ្ដាលកាន់កន្ទុយមយូរាសំរាប់ឱ្យសញ្ញាទ័ព ហើយបង្គាប់ឱ្យមន្ត្រីម្នាក់ជិះកន្សៃសំរាប់វាយខ្ជែ។ ឯអស់មន្ត្រីខ្ញុំរាជការដែលជាសេនាទាហានធំ តូច ក៏ជិះដំរី សេះសឹករាល់ខ្លួនតាមពួកតាមកងជាអធិកពន្លឹកដោយក្លស់ក្លំអភិរម្យ សែនត្វាន់កាន់នូវទង់ជ័យ ប្រពៃថ្លៃថ្លា សស្ត្រាវុធ។ លុះព្រះសុរិយារឿងរះ ស្រឡះនភាកាសស្ដេចត្រាស់ឱ្យសម្ដេចព្រះរាជបុត្រាគឺសម្ដេចព្រះរាមធិបតីចេញទ័ពមុខ ទាហានក៏តគោះគង ទូងភេរីតាំងហ៊ោ ដំណើរពេលទៅជាមុន ឯព្រះទីនាំង គជេន្ទ្រក៏ស្រែក។

"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជា នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។

ព្រះបាទចន្ទរាជាទ្រង់កែនទ័ពហើយលើកទៅវាយតទល់គ្នាត្រង់ ‘’ស្ទឹងអង្គរ’’ ត្រង់ភូមិមួយដែលជាប់ឈ្មោះថា‘’សៀមរាប” រហូតដល់សព្វថ្ងៃដែលជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវសៀម។ នៅក្នុងសង្គ្រាមនេះខ្មែរចាប់បានឈ្លើយសឹកបានជាច្រើន។

ឯកសារយោង

  • ឯកសារមហាបុរសខ្មែរ
ព័ត៌មានបន្ថែម យសស័ក្ដិខ្មែរ ...
យសស័ក្ដិខ្មែរ
មុនដោយ
ចៅហ្វាកៅ
ចៅហ្វាទឡ្ហៈ (ឝ្រីឝៅគន្ធបទ)
ចៅហ្វាទឡ្ហៈនៃក្រុងមានជ័យ និង កម្ពុជាធិបតី
គ.ស.១៥១៦-ប្រ.១៥៦៧
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ព្រះទិព្វជាញជ័យនៃក្រុងមានជ័យ
គ.ស.១៥១៦
តដោយ
មិនស្គាល់
បិទ
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.