ជាតក

From Wikipedia, the free encyclopedia

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក

សេចក្តី​ផ្តើម

ជាតក គឺ​ជា​ ប្រជុំរឿង​ស្តី​អំពី​កំណើត​​របស់​ព្រះ​ពោធិសត្វ​កាល​ពី​អតីតជាតិ ។

ជាតក​ទាំង​អស់​មាន​ចំនួន ៥៥០ ប៉ុន្តែ​មាន​តែ​ ១០ ជាតក​ចុង​ក្រោយ​​ប៉ុណ្ណោះ ដែល​​​ជា​ជាតក​សំខាន់​ ហៅ​ថា ទសជាតកមហាជាតក និង ទទួល​បាន​ការ​ពេញ​និយម ព្រម​ទាំងត្រូវ​បាន​គេ​លើក​យក​មកនិទានញឹកញាប់ជាងគេ ។

ឯកនិបាតជាតក

អបណ្ណកវគ្គ ទី១

អបណ្ណកជាតក ទី១

[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលពួកខ្លះជាបណ្ឌិត រមែងប្រកាន់ហេតុដែលមិនខុស បុគ្គលពួកខ្លះ ត្រិះរិះយកឯង រមែងប្រកាន់ហេតុទី ២ (ហេតុខុស) មេធាវីបុគ្គល បានដឹងនូវហេតុដែលខុស និងហេតុដែលមិនខុសនេះហើយ គប្បីកាន់យកនូវហេតុដែលមិនខុសនោះ ។

ចប់ អបណ្ណកជាតក ទី១ ។

វណ្ណុបថជាតក ទី២

[២] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនមិនខ្ជិលច្រអូស កាលជីក (ផែនដី) ត្រង់ផ្លូវខ្សាច់ ឬក្នុងទីទួល បាននូវទឹកត្រង់ផ្លូវនោះ (យ៉ាងណា) អ្នកប្រាជ្ញ បរិបូណ៌ដោយព្យាយាម និងកម្លាំងកាយ មិនខ្ជិលច្រអូស ក៏បាននូវ​សេចក្ដី​ស្ងប់រម្ងាប់នៃហឫទ័យយ៉ាងនោះដែរ ។

ចប់ វណ្ណុបថជាតក ទី២ ។

សេរិវវាណិជជាតក ទី៣

[៣] (ព្រះសម្ពុទ្ធត្រាស់ថា) បើអ្នកធ្វើនូវសោតាបត្តិមគ្គ ជាគ្រឿងកំណត់នូវព្រះសទ្ធម្មនោះ ឲ្យឃ្លាតចាកសាសនានេះហើយ អ្នករមែងក្តៅក្រហាយរឿយ ៗ អស់កាលយូរ ដូចជាពាណិជឈ្មោះសេរិវៈនេះ ។

ចប់ សេរិវវាណិជជាតក ទី៣ ។

ចុល្លកសេដ្ឋិជាតក ទី៤

[៤] (ព្រះសាស្ដា ត្រាស់ថា) អ្នកបា្រជ្ញ ឈ្លាសវៃ រមែងតាំងខ្លួនបានដោយទ្រព្យជាដើមទុន សូម្បីមានប្រមាណតិច ដូចបុគ្គលបង្កាត់ភ្លើងដ៏តូច ។

ចប់ ចុល្លកសេដ្ឋិជាតក ទី៤ ។

តណ្ឌុលនាឡិជាតក ទី៥

[៥] (អាមាត្យពោធិសត្វ សួរថា) អង្ករមួយនាឡិ ថ្លៃ (ស្មើនឹង) ក្រុងពារាណសី ទាំងខាងក្នុង ទាំងខាងក្រៅ ឬសេះ ៥០០ នេះ ថ្លៃត្រឹមតែអង្ករ ១ នាឡិទេឬ ។

ចប់ តណ្ឌុលនាឡិជាតក ទី៥ ។

ទេវធម្មជាតក ទី៦

[៦] (ព្រះមហិស្សាសរាជកុមារពោធិសត្វ ពោលថា) ពួកសប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ បរិបូណ៌ដោយហិរិ និងឱត្តប្បៈ តាំងមាំហើយក្នុងធម៌ស លោកពោលថាមានទេវធម៌ក្នុងលោក ។

ចប់ ទេវធម្មជាតក ទី៦ ។

កដ្ឋហារិជាតក ទី៧

[៧] (ព្រះរាជកុមារពោធិសត្វ ពោលថា) បពិត្រមហារាជ ខ្ញុំជាបុត្ររបស់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងពួកជន សូមព្រះអង្គចិញ្ចឹមខ្ញុំផង ព្រះសម្មតិទេពទ្រង់ចិញ្ចឹមពួកជនដទៃបាន ម្តេចព្រះសម្មតិទេពក៏មិនចិញ្ចឹមសត្វដែលជាបុត្ររបស់ព្រះអង្គផង ។

ចប់ កដ្ឋហារិជាតក ទី៧ ។

គាមណិជាតក ទី៨

[៨] (គាមណិកុមារ ពោលថា) ការប្រាថ្នានូវផល តែងសមេ្រចព្រម ដល់ពួកជនអ្នកមិនរួសរាន់ អញជាអ្នកមានព្រហ្មចារ្យចាស់ក្លាហើយ ម្នាលគាមណិ អ្នកចូរដឹងយ៉ាងនេះចុះ ។

ចប់ គាមណិជាតក ទី៨ ។

មឃទេវជាតក ទី៩

[៩] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) សក់ទាំងឡាយនេះ នាំទៅនូវវ័យ (ស្កូវ) កើតដល់អញហើយ ទេវទូត កើតបា្រកដហើយ (នេះ) ជាសម័យនៃផ្នួសរបស់អញ ។

ចប់ មឃទេវជាតក ទី៩ ។

សុខវិហារិជាតក ទី១០

[១០] (ឥសីពោធិសត្វ ពោលថា) ពួកជនដទៃ មិនរក្សាជនណា ម្យ៉ាងទៀត ជនណាមិនរក្សាពួកជនដទៃ បពិត្រព្រះរាជា ជននោះឯង មិនមាន​សេចក្ដី​អាឡោះអាល័យក្នុងកាមទាំងឡាយទេ រមែងដេកជាសុខ ។

ចប់ សុខវិហារិជាតក ទី១០ ។

ចប់ អបណ្ណកវគ្គ ទី១ ។

ឧទ្ទាននៃអបណ្ណកវគ្គនោះគឺ និយាយអំពីបុគ្គលខ្លះប្រកាន់ហេតុមិនខុសដ៏ប្រសើរ ក្នុងអបណ្ណកជាតក ១ វណ្ណុបថជាតក ១ សេរិវវាណិជជាតក ១ បុគ្គលមានបា្រជ្ញាជាគ្រឿងពិចារណា ក្នុងចុល្លកសេដ្ឋិជាតក ១ តណ្ឌុលនាឡិជាតក ១ បុគ្គលមានហិរិ ក្នុងទេវធម្មជាតក ១ ព្រះរាជបុត្ត ក្នុងកដ្ឋហារិជាតក ១ គាមណិជាតក ១ មឃទេវជាតក ១ ជនណាមិនរក្សាជនដទៃ ក្នុងសុខវិហារិជាតក ១ ត្រូវជា ១០ ជាតក ។

សីលវគ្គ ទី២

លក្ខណជាតក ទី១

[១១] (ម្រឹគពោធិសត្វ ពោលថា) ​សេចក្ដី​ចម្រើន តែងមានដល់ពួកជនអ្នកមានសីល អ្នកប្រព្រឹត្តបដិសន្ថារៈ នាងចូរមើលម្រឹគឈ្មោះលក្ខណៈ កំពុងដើរមក ដែលពួកញាតិហែហមហើយ នាងឃើញម្រឹគឈ្មោះកាឡៈនេះ ដែលសាបសូន្យចាកពួកញាតិ (កំពុងដើរមក) ឬទេ ។

ចប់ លក្ខណជាតក ទី១ ។

និគ្រោធមិគជាតក ទី២

[១២] (មេម្រឹគ ពោលថា) បុគ្គលគប្បីសេពនូវម្រឹគឈ្មោះនិគ្រោធៈតែម្យ៉ាង កុំគប្បីសេពនូវម្រឹគឈ្មោះសាខៈឡើយ ការស្លាប់ក្នុងសំណាក់នៃម្រឹគឈ្មោះនិគ្រោធៈ ជាការប្រសើរ ការរស់នៅក្នុងសំណាក់នៃម្រឹគឈ្មោះសាខៈ ពុំប្រសើរឡើយ ។

ចប់ និគ្រោធមិគជាតក ទី២ ។

កណ្ឌិនជាតក ទី៣

[១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ចូរតិះដៀលនូវបុរសអ្នកមានសរមុតចូលទៅ ដែលមានរបួសយ៉ាងខ្លាំង ស្រីជាបរិណាយិកា (អ្នកត្រួតត្រា) នៅក្នុងជនបទណា ចូរតិះដៀលនូវជនបទនោះ ម្យ៉ាងទៀត សត្វទាំងឡាយណា លុះអំណាចពួកស្រី សត្វទាំងឡាយនោះ ក៏បណ្ឌិតតិះដៀលហើយ ។

ចប់ កណ្ឌិនជាតក ទី៣ ។

វាតមិគជាតក ទី៤

[១៤] (ព្រះរាជាទ្រង់មានព្រះឱង្ការថា ឆន្ទរាគ) ដោយអាវាសៈទាំងឡាយ ឬដោយការសិ្នទ្ធស្នាលទាំងឡាយ ជាសភាវៈលាមកជាងឆន្ទរាគ ដោយរសទាំងឡាយមិនមានទេ ឧយ្យានបាលឈ្មោះ សញ្ជ័យ បាននាំសត្វឈ្លូសដែលអាស្រ័យនូវព្រៃស្បាត មកកាន់អំណាច (របស់ខ្លួន) បាន ព្រោះតែរសទាំងឡាយ ។

ចប់ វាតមិគជាតក ទី៤ ។ខរាទិយជាតក ទី៥

[១៥] (ម្រឹគពោធិសត្វ ពោលថា) ម្នាលនាងខរាទិយា យើងមិនអាចទូន្មានម្រឹគ មានក្រចក ៨ មានស្នែងវៀចគល់ និងស្រួចចុងដ៏ក្រៃលែង ជាសត្វកន្លងនូវកាលនៃដំបូន្មាន ៧ នោះបានឡើយ ។

ចប់ ខរាទិយជាតក ទី៥ ។

តិបល្លត្ថមិគជាតក ទី៦

[១៦] (ម្រឹគពោធិសត្វ ពោលថា) អញបានញ៉ាំងម្រឹគ មានដំណេក ៣ មានក្រចក ៨ ជាសត្វផឹកទឹកក្នុងពេលអធ្រាត្រ ឲ្យរៀនមាយាច្រើនហើយ ម្រឹគជាក្មួយបានដកដង្ហើមខ្ទប់នឹងផែនដី ដោយរន្ធច្រមុះម្ខាង បញ្ឆោត (ព្រានព្រៃ) ដោយកល់ ៦ យ៉ាង ។

ចប់ តិបល្លត្ថមិគជាតក ទី៦ ។

មាលុតជាតក ទី៧

[១៧] (ឥសីពោធិសត្វ ពោលថា) កាលណាខ្យល់បក់ ទោះខាងរនោចក្ដី ខាងខ្នើតក្ដី កាលនោះ ត្រជាក់ទាំងឡាយ ក៏កើតអំពីខ្យល់ អ្នកទាំងពីរ មិនចាលចាញ់ ក្នុងប្រស្នានេះឡើយ ។

ចប់ មាលុតជាតក ទី៧ ។

មតកភត្តជាតក ទី៨

[១៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បើពួកសត្វគប្បីដឹងយ៉ាងនេះថា ការកើតនៃជាតិនេះ រមែងនាំមកនូវទុក្ខ សត្វមិនត្រូវសម្លាប់សត្វ ព្រោះថា បុគ្គលអ្នកសម្លាប់សត្វ រមែងសោយសោក ។

ចប់ មតកភត្តជាតក ទី៨ ។

អាយាចិតភត្តជាតក ទី៩

[១៩] (រុក្ខទេវតា ពោលថា) បើអ្នកចង់រួច ត្រូវរួចក្នុងលោកខាងនាយ ព្រោះថា អ្នករួចឥឡូវនេះ គង់ជាប់ (ដោយបាបកម្ម) អ្នកបា្រជ្ញទាំងឡាយ មិនធ្លាប់រួចយ៉ាងនេះឡើយ ការរួចរបស់ជនពាល ឈ្មោះថាចំណងវិញទេ ។

ចប់ អាយាចិតភត្តជាតក ទី៩ ។

នឡបានជាតក ទី១០

[២០] (ស្វាពោធិសត្វ ពោលថា) យើងឃើញស្នាមជើងដែលមិនឡើង ឃើញតែស្នាមជើងដែលចុះ យើងផឹកទឹកដោយដើមបបុស អ្នកនឹងសម្លាប់យើងមិនបានឡើយ ។

ចប់ នឡបានជាតក ទី១០ ។

ចប់ សីលវគ្គ ទី២ ។

ឧទ្ទាននៃសីលវគ្គនោះគឺ និយាយអំពីលក្ខណជាតក ១ ម្រឹគឈ្មោះសាខៈ (ក្នុងនិគ្រោធមិគជាតក) ១ ចូរតិះដៀល (ក្នុងកណ្ឌិនជាតក) ១ មិនលាមកជាងរសទាំងឡាយ (ក្នុងវាតមិគជាតក) ១ ខរាទិយជាតក ១ ម្រឹគបញ្ឆោតព្រានព្រៃ (ក្នុងតិបល្លត្ថមិគជាតក) ១ មាលុតជាតក ១ បុគ្គលមិនត្រូវសម្លាប់សត្វដទៃ (ក្នុងមតកភត្តជាតក) ១ ការរួច (ក្នុងអាយាចិតភត្តជាតក) ១ នឡបានជាតក ១ ត្រូវជា ១០ ។

កុរុង្គវគ្គ ទី៣

កុរុង្គមិគជាតក ទី១

[២១] (ប្រើសពោធិសត្វ ពោលថា) ម្នាលដើមចម្បក់ អ្នកជម្រុះផ្លែមកដោយហេតុណា ហេតុនុ៎ះ អញជាប្រើសបានដឹងហើយ អញនឹងទៅកាន់ដើមចម្បក់ឯទៀត ផ្លែរបស់អ្នក អញមិនពេញចិត្តទេ ។

ចប់ កុរុង្គមិគជាតក ទី១ ។

កុក្កុរជាតក ទី២

[២២] (សុនខពោធិសត្វ ពោលថា) ពួកឆ្កែណាកើតក្នុងរាជត្រកូល បរិបូណ៌ដោយសម្បុរ និងកម្លាំង ចម្រើនហើយក្នុងរាជត្រកូល ឆ្កែទាំងនោះ គេមិនសម្លាប់ទេ យើងទាំងឡាយត្រូវគេសម្លាប់ នេះមិនឈ្មោះថាសម្លាប់ដោយត្រឹមត្រូវឡើយ នេះឈ្មោះថាសម្លាប់តែឆ្កែដែលមានកម្លាំងខ្សោយ ។

ចប់ កុក្កុរជាតក ទី២ ។

ភោជាជានីយជាតក ទី៣

[២៣] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះភោជាជានីយ សូម្បីត្រូវសរទាំងឡាយមុតហើយ ដេកផ្អៀង គង់ប្រសើរជាងសេះសាម័ញ្ញ នែសារថី អ្នកចូរទឹមខ្ញុំដោយគ្រឿងក្រឹសទាំងឡាយចុះ ។

ចប់ ភោជាជានីយជាតក ទី៣ ។

អាជញ្ញជាតក ទី៤

[២៤] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះអាជានេយ្យ ធ្វើនូវសន្ទុះក្នុងទីណា ក្នុងកាលណាម្តង‌ ៗ ឬក្នុងខណៈណា ក្នុងមណ្ឌលចម្បាំងណា ក្នុងកាលណាម្តង ៗ សេះសាម័ញ្ញទាំងឡាយ តែងសាបសូន្យ ក្នុងកាលនោះ ក្នុងទីនោះ ។

ចប់ អាជញ្ញជាតក ទី៤ ។

តិត្ថជាតក ទី៥

[២៥] (អាមាត្យពោធិសត្វ ពោលថា) ម្នាលសារថី អ្នកចូរញ៉ាំងសេះឲ្យផឹក (ទឹក) តាមកំពង់ទឹកទាំងឡាយដទៃ ៗ ចុះ ឯសេះឆ្អែតដោយបាយាស ដោយការស៊ីជ្រុលហើយ (រមែងមិនត្រូវការបរិភោគទៀតទេ) ។

ចប់ តិត្ថជាតក ទី៥ ។

មហិឡាមុខជាតក ទី៦

[២៦] (អាមាត្យពោធិសត្វ ពោលថា) ដំរីដ៏ឧត្ដមឈ្មោះមហិឡាមុខៈ បានស្ដាប់ពាក្យរបស់ចោរទាំងឡាយមុនហើយ ក៏ប្រព្រឹត្តតាម បានបោកសម្លាប់ (ហ្មដំរី) លុះបានស្ដាប់ពាក្យពួកលោកអ្នកមានខ្លួនសង្រួមល្អហើយ ក៏បានតាំងនៅក្នុងគុណគ្រប់យ៉ាង ។

ចប់ មហិឡាមុខជាតក ទី៦ ។

អភិណ្ហជាតក ទី៧

[២៧] (អាមាត្យពោធិសត្វ ពោលថា) (ដំរី) មិនអាចកាន់យកនូវពំនូតបាយ មិនអាចកាន់យកនូវដុំបាយ មិនអាចកាន់យកនូវស្មៅទាំងឡាយ មិនអាចត្រដុស (សរីរៈ) ទេ ខ្ញុំសម្គាល់ថាដំរីបានធ្វើ​សេចក្ដី​ស្រលាញ់ស្មោះចំពោះឆ្កែ ព្រោះការឃើញរឿយ ៗ ។

ចប់ អភិណ្ហជាតក ទី៧ ។

នន្ទិវិសាលជាតក ទី៨

[២៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនិយាយពាក្យជាទីគាប់ចិត្តតែម្យ៉ាង មិនគប្បីនិយាយពាក្យមិនជាទីគាប់ចិត្តក្នុងកាលណាឡើយ កាលព្រាហ្មណ៍និយាយពាក្យជាទីគាប់ចិត្ត (គោនន្ទិវិសាល) បានទាញភារៈដ៏ធ្ងន់រួច ញ៉ាំងព្រាហ្មណ៍នោះឲ្យបានទ្រព្យផង ជាសត្វមានចិត្តរីករាយដោយការញ៉ាំងព្រាហ្មណ៍នោះឲ្យបានទ្រព្យនោះផង ។

ចប់ នន្ទិវិសាលជាតក ទី៨ ។

កណ្ហជាតក ទី៩

[២៩] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ធុរៈធ្ងន់ ក្នុងទីណា ៗ ផ្លូវដ៏ជ្រៅ ក្នុងទីណា កាលនោះឯង ពួកជននាំគ្នាទឹមគោឈ្មោះកណ្ហៈ គោឈ្មោះកណ្ហៈនោះ ក៏អូសនូវធុរៈដ៏ធ្ងន់នោះទៅបាន ។

ចប់ កណ្ហជាតក ទី៩ ។

មុណិកជាតក ទី១០

[៣០] (គោពោធិសត្វ ឈ្មោះមហាលោហិតៈ ពោលថា) អ្នកកុំចូលចិត្ត (ភោជន) របស់ជ្រូកឈ្មោះមុណិកៈ (ព្រោះ) ជ្រូកមុណិកៈស៊ីភោជនក្តៅក្រហាយ អ្នកចូរមាន​សេចក្ដី​ខ្វល់ខ្វាយតិច ហើយស៊ីតែចំបើងចុះ នេះជាលក្ខណៈនៃអាយុវែង ។

ចប់ មុណិកជាតក ទី១០ ។

ចប់ កុរុង្គវគ្គ ទី៣ ។

ឧទ្ទាននៃកុរុង្គវគ្គគឺ និយាយអំពីកុរុង្គមិគជាតក ១ កុក្កុរជាតក ១ ភោជាជានីយជាតក ១ សេះដ៏ប្រសើរ (ក្នុងអាជញ្ញជាតក) ១ សេះសាម័ញ្ញ និងសេះដ៏ប្រសើរ (ក្នុងតិត្ថជាតក) ១ មហិឡាមុខជាតក ១ អភិណ្ហជាតក ១ បុគ្គលមិនត្រូវពោលពាក្យមិនគាប់ចិត្ត (ក្នុងនន្ទិវិសាលជាតក) ១ គោកណ្ហអូសនូវធុរៈ (ក្នុងកណ្ហជាតក) ១ មុណិកជាតក ១ ត្រូវជា ១០ ។

កុលាវកវគ្គ ទី៤

កុលាវកជាតក ទី១

[៣១] (ព្រះឥន្ទពោធិសត្វ ពោលថា) ម្នាលមាតលិ ពួកកូនគ្រុឌ (ទំ) នៅដើមរកា អ្នកចូរចៀសវាង (កុំឲ្យពួកវាលំបាក) ដោយមុខចន្ទោលរថឡើយ តាមពិត យើងស៊ូលះជីវិត ចំពោះពួកអាសុរវិញ កុំឲ្យតែកូនគ្រុឌទាំងនេះ មានសំបុកខ្ចាត់ខ្ចាយ ។

ចប់ កុលាវកជាតក ទី១ ។

នច្ចជាតក ទី២

[៣២] (ស្តេចហង្សមាស ពោលថា) សំឡេងយំ (របស់អ្នក) ក៏ពីរោះ ខ្នងក៏រុងរឿង ក មានសម្បុរប្រហែលគ្នានឹងពណ៌នៃកែវពិទូរ្យ ស្លាបទាំងឡាយ ប្រមាណមួយព្យាម អញមិនឲ្យកូនស្រីដល់អ្នក ព្រោះតែការរាំឡើយ ។

ចប់ នច្ចជាតក ទី២ ។

សម្មោទមានជាតក ទី៣

[៣៣] (ព្រានសត្វស្លាប ពោលថា) ពួកបក្សីស្រុះស្រួលគ្នា នាំយកលប់ទៅបាន តែបើពួកបក្សីទាំងនោះ ជជែកទាស់គ្នាក្នុងកាលណា ពួកបក្សីទាំងនោះ នឹងលុះអំណាចអញក្នុងកាលនោះមិនខានឡើយ ។

ចប់ សម្មោទមានជាតក ទី៣ ។

មច្ឆជាតក ទី៤

[៣៤] (ត្រីឈ្មោល ពោលថា) ត្រជាក់មិន (បៀតបៀន) អញទេ ក្តៅក៏មិន (បៀតបៀន) អញដែរ ការបៀតបៀនអញព្រោះលប មិនមានឡើយ (អញ) ព្រួយតែត្រង់ត្រីញីសម្គាល់អញថា ត្រីឈ្មោលនោះ ទៅរកត្រីញីដទៃ ដោយតម្រេក ។

ចប់ មច្ឆជាតក ទី៤ ។

វដ្តកជាតក ទី៥

[៣៥] (កូនចាបពោធិសត្វ ពោលថា) ស្លាបទាំងឡាយមាន តែហើរមិនរួច ជើងទាំងឡាយមាន តែដើរមិនបាន មេ និងបា (របស់យើង) ចេញបាត់ទៅហើយ នែភ្លើងព្រៃ អ្នកចូរថយទៅចុះ ។

ចប់ វដ្តកជាតក ទី៥ ។

សកុណជាតក ទី៦

[៣៦] (សត្វស្លាបពោធិសត្វ ពោលថា ពួកសត្វស្លាប) អាស្រ័យនឹងដើមឈើណា ដែលដុះលើផែនដី ដើមឈើនោះ ក៏បញ្ចេញភ្លើង ម្នាលអ្នកមានអវយវៈ (ក្បាល និងក) វៀចទាំងឡាយ អ្នកទាំងឡាយ ចូរគប់ទិស (ទាំង៤) ចុះ ភ័យកើតអំពីដើមឈើជាទីពឹងហើយ ។

ចប់ សកុណជាតក ទី៦ ។

តិត្តិរជាតក ទី៧

[៣៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ពួកជនណា ជាអ្នកឈ្លាសក្នុងធម៌ ប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចម្រើនហើយ ពួកជននោះ អ្នកផងគប្បីសរសើរ ក្នុងបច្ចុប្បន្នផង សម្បរលោក គឺសុគតិ ក៏កើត (ដល់ពួកជននោះ) ផង ។

ចប់ តិត្តិរជាតក ទី៧ ។

ពកជាតក ទី៨

[៣៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាជាគ្រឿងបញ្ឆោត រមែងមិនដល់​សេចក្ដី​សុខ អស់កាលជានិច្ច ព្រោះបញ្ញាជាគ្រឿងបញ្ឆោតឡើយ បុគ្គលមាន​ប្រាជ្ញាជាគ្រឿងបញ្ឆោត (នោះ) រមែងបាន (នូវលទ្ធផលអាក្រក់) ដូចសត្វកុក (បាននូវការដាច់ក) អំពីក្តាម ។

ចប់ ពកជាតក ទី៨ ។

នន្ទជាតក ទី៩

[៣៩] (កុដុម្ពិកពោធិសត្វ ពោលថា) យើងសម្គាល់ថា គំនរមាស និងកម្រងមាស មានក្នុងទីដែលខ្ញុំប្រុសឈ្មោះនន្ទកៈ ជាកូនរបស់ខ្ញុំស្រី ឈ្មោះអាមា ឈរពោលនូវពាក្យអាក្រក់នោះ ។

ចប់ នន្ទជាតក ទី៩ ។

ខទិរង្គារជាតក ទី១០

[៤០] (សេដ្ឋីពោធិសត្វ ពោលថា) តាមពិត ខ្ញុំព្រះអង្គ ស៊ូមានជើងឡើងលើ មានក្បាលចុះក្រោម ហើយធ្លាក់ទៅកាន់នរក ខ្ញុំនឹងពុំធ្វើអំពើមិនប្រសើរទេ បើដូច្នោះ សូមព្រះអង្គ ទទួលនូវចង្ហាន់បិណ្ឌបាតចុះ ។

ចប់ ខទិរង្គារជាតក ទី១០ ។

ចប់ កុលាវកវគ្គ ទី៤ ។

ឧទ្ទាននៃកុលាវកវគ្គនោះគឺ និយាយអំពីមាតលី (ក្នុងកុលាវកជាតក) ១ ធីតា (ក្នុងនច្ចជាតក) ១ ពួកបក្សីដ៏ប្រសើរ (ក្នុងសម្មោទមានជាតក) ១ ត្រីឈ្មោលទៅដោយតម្រេក (ក្នុងមច្ឆជាតក) ១ មេបា (ក្នុងវដ្តកជាតក) ១ ដើមឈើដុះលើផែនដី (ក្នុងសកុណជាតក) ១ បុគ្គលចម្រើន (ក្នុងតិត្តិរជាតក) ១ ក្តាមឈ្លាសវៃក្នុងពកជាតក ១ នន្ទជាតក ១ ដុំបាយដ៏ប្រសើរ ក្នុងខទិរង្គារជាតក ១ ត្រូវជា ១០ ។

អត្ថកាមវគ្គ ទី៥

លោសកជាតក ទី១

[៤១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកបា្រថ្នា​សេចក្ដី​ចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ រមែងសោកសៅ ដូចជាមិត្តវិន្ទុកៈប្រតោងជើងនៃមេពពែសោកសៅ ។

ចប់ លោសកជាតក ទី១ ។

កបោតកជាតក ទី២

[៤២] (ព្រាបពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកប្រាថ្នា​សេចក្ដី​ចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ តែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។

ចប់ កបោតកជាតក ទី២ ។

វេឡុកជាតក ទី៣

[៤៣] (ឥសីពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកប្រាថ្នា​សេចក្ដី​ចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ រមែងដេកស្លាប់ ដូចឥសីជាបិតានៃពស់ឈ្មោះវេឡុកៈ ។

ចប់ វេឡុកជាតក ទី៣ ។

មកសជាតក ទី៤

[៤៤] (ឈ្មួញពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែប្រកបដោយប្រាជ្ញា ប្រសើរជាង ឯបុគ្គលជាមិត្ត ដែលប្រាសចាកប្រាជ្ញា មិនប្រសើរឡើយ ដូចយ៉ាងកូនបង្កើតដែលល្ងង់ខ្លៅ គិតថាអញនឹងសម្លាប់មូស ត្រឡប់ជាបំបែកក្បាលបិតាវិញ ។

ចប់ មកសជាតក ទី៤ ។

រោហិណីជាតក ទី៥

[៤៥] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែជាអ្នកបា្រជ្ញ ប្រសើរជាង ឯបុគ្គលពាល ជាអ្នកទំនុកបម្រុង មិនប្រសើរឡើយ អ្នកចូរមើលទាសីឈ្មោះរោហិណី ជាស្រីអាក្រក់ សម្លាប់ម្តាយ ហើយសោកសៅ ។

ចប់ រោហិណីជាតក ទី៥ ។

អារាមទូសកជាតក ទី៦

[៤៦] (បណិ្ឌតបុរសពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្ដី​ចម្រើន របស់អ្នកមិនឈ្លាសក្នុងហេតុចម្រើន រមែងមិននាំមកនូវ​សេចក្ដី​សុខទេ បុគ្គលឥតប្រាជ្ញា តែងធ្វើប្រយោជន៍ឲ្យសាបសូន្យ ដូចស្វារក្សាសួន (បានធ្វើប្រយោជន៍ឲ្យវិនាស) ។

ចប់ អារាមទូសកជាតក ទី៦ ។

វារណិទូសកជាតក ទី៧

[៤៧] (សេដ្ឋីពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្ដី​ចម្រើនរបស់អ្នកមិនឈ្លាសក្នុងហេតុចម្រើន រមែងមិននាំមកនូវ​សេចក្ដី​សុខទេ បុគ្គលឥតប្រាជ្ញា តែងធ្វើប្រយោជន៍ឲ្យសាបសូន្យ ដូចកោណ្ឌញ្ញៈបានញ៉ាំងសុរាឲ្យវិនាស ។

ចប់ វារណិទូសកជាតក ទី៧ ។

វេទព្វជាតក ទី៨

[៤៨] (កូនសិស្សពោធិសត្វ ពោលថា) បុគ្គលណា ប្រាថ្នា​សេចក្ដី​ចម្រើនដោយខុសឧបាយ បុគ្គលនោះ រមែងលំបាក ដូចពួកចោរនៅក្នុងដែនចេតៈ បានសម្លាប់នូវវេទព្វព្រាហ្មណ៍ ចោរទាំងអស់នោះ ក៏ដល់នូវ​សេចក្ដី​វិនាស ។

ចប់ វេទព្វជាតក ទី៨ ។

នក្ខត្តជាតក ទី៩

[៤៩] (បណ្ឌិតបុរសពោធិសត្វ ពោលថា) ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ ដែលរាប់អាននក្ខត្តឫក្ស (ព្រោះ) ​សេចក្ដី​ចម្រើននៃប្រយោជន៍ ឈ្មោះថានក្ខត្តឫក្ស ឯផ្កាយទាំងឡាយ នឹងធ្វើអ្វីបាន ។

ចប់ នក្ខត្តជាតក ទី៩ ។

ទុម្មេធជាតក ទី១០

[៥០] (ព្រះរាជាពោធិសត្វ ពោលថា) ការបូជា អញបានបួងសួងហើយដោយសារមនុស្សអាប់ឥតប្រាជ្ញារាប់ពាន់នាក់ ឥឡូវនេះ អញនឹងបូជា (ព្រោះ) ជនមិនប្រកបដោយធម៌ច្រើននាក់ ។

ចប់ ទុម្មេធជាតក ទី១០ ។

ចប់ អត្ថកាមវគ្គ ទី៥ ។

ចប់ បឋមបណ្ណាសក ។

ឧទ្ទាននៃអត្ថកាមវគ្គនោះគឺ និយាយអំពីមិត្តវិន្ទុកៈ (ក្នុងលោសកជាតក) ១ កបោតកជាតក ១ វេឡុកជាតក ១ បុគ្គលល្ងង់ខ្លៅ (ក្នុងមកសជាតក) ១ រោហិណីជាតក ១ ស្វា (ក្នុងអារាមទូសកជាតក) ១ វារុណិទូសកជាតក ១ ចោរនៅក្នុងដែនចេតៈ (ក្នុងវេទព្វជាតក) ១ ផ្កាយ (ក្នុងនក្ខត្តជាតក) ១ ការបូជា (ក្នុងទុម្មេធជាតក) ១ ត្រូវជា ១០ ។

អាសឹសវគ្គ ទី៦

មហាសីលវជាតក ទី១

[៥១] (ព្រះរាជាសីលវៈពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប៉ុនប៉ងឲ្យមុតមាំ មិនគប្បីនឿយណាយឡើយ យើងឃើញខ្លួនយើងស្រាប់ហើយ យើងបា្រថ្នាយ៉ាងណា បានយ៉ាងនោះ ។

ចប់ មហាសីលវជាតក ទី១ ។

ចូឡជនកជាតក ទី២

[៥២] (ព្រះបាទជនកពោធិសត្វ ពោលថា) បុរសជាបណ្ឌិត ត្រូវតែប្រឹងប្រែង មិនត្រូវនឿយណាយឡើយ យើងឃើញខ្លួនយើងដែលឡើងអំពីទឹក កាន់គោកស្រាប់ហើយ ។

ចប់ ចូឡជនកជាតក ទី២ ។

បុណ្ណបាតិជាតក ទី៣

[៥៣] (សេដ្ឋីពោធិសត្វ ពោលថា) ភាជន៍សុរានៅពេញដដែល តែសំដីចេញទៅដោយឡែក យើងដឹងបានដោយហេតុ (នេះ) សុរានេះមិនមែនស្រួលទេ ។

ចប់ បុណ្ណបាតិជាតក ទី៣ ។

ផលជាតក ទី៤

[៥៤] (ឈ្មួញរទេះពោធិសត្វ ពោលថា) ឈើនេះ មិនមែនលំបាកឡើង ទាំងមិនឋិតនៅឆ្ងាយអំពីស្រុក ខ្ញុំដឹងបានដោយហេតុ (នេះ) ឈើនេះ មិនមែនមានផ្លែស្រួលទេ ។

ចប់ ផលជាតក ទី៤ ។

បញ្ចាវុធជាតក ទី៥

[៥៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុរសណា មានចិត្តមិនរួញរា ចម្រើនកុសលធម៌ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដោយចិត្តមិនរួញរា បុរសនោះ គប្បីដល់នូវធម៌ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួង តាមលំដាប់ ។

ចប់ បញ្ចាវុធជាតក ទី៥ ។

កញ្ចនក្ខន្ធជាតក ទី៦

[៥៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុរសណា មានចិត្តរីករាយ ចម្រើនកុសលធម៌ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដោយចិត្តដែលរីករាយ បុរសនោះ គប្បីដល់នូវធម៌ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួង តាមលំដាប់ ។

ចប់ កញ្ចនក្ខន្ធជាតក ទី៦ ។

វានរិន្ទជាតក ទី៧

[៥៧] (ក្រពើ ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៤ ដូចអ្នក គឺ​សេចក្ដី​ទៀងទាត់ ១ ធម៌ គឺប្រាជា្ញជាគ្រឿងពិចារណា ១ ព្យាយាមមិនដាច់ ១ ការលះ ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ។

ចប់ វានរិន្ទជាតក ទី៧ ។

តយោធម្មជាតក ទី៨

[៥៨] (អារក្សទឹក ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៣ ដូចអ្នក គឺ​សេចក្ដី​សង្វាត ១ ​សេចក្ដី​ក្លៀវក្លា ១ បញ្ញា ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ។

ចប់ តយោធម្មជាតក ទី៨ ។

ភេរិវាទជាតក ទី៩

[៥៩] (អ្នកវាយស្គរពោធិសត្វ ពោលថា) បុគ្គលគប្បីវាយ (ស្គរ) ចុះ ប៉ុនែ្តកុំវាយឲ្យជ្រុល ព្រោះការវាយស្គរជ្រុល ជាការអាក្រក់ កហាបណៈមួយរយ ដែលបានហើយដោយការវាយស្គរ (កូនវាឲ្យ) វិនាសហើយ ដោយការវាយស្គរជ្រុល ។

ចប់ ភេរិវាទជាតក ទី៩ ។

សង្ខធមនជាតក ទី១០

[៦០] (អ្នកផ្លុំស័ង្ខពោធិសត្វ ពោលថា) បុគ្គលគប្បីផ្លុំ (ស័ង្ខ) ចុះ ប៉ុនែ្តកុំគប្បីផ្លុំឲ្យជ្រុល ព្រោះការផ្លុំជ្រុល ជាការអាក្រក់ ភោគៈទាំងឡាយ ដែលបានហើយដោយការផ្លុំ បិតាផ្លុំបំផ្លាញភោគៈទាំងនោះ ។

ចប់ សង្ខធមនជាតក ទី១០ ។

ចប់ អាសឹសវគ្គ ទី៦ ។

ឧទ្ទាននៃអាសឹសវគ្គនោះគឺ និយាយអំពីអ្នកប្រាជ្ញប្រាថ្នាយ៉ាងណា ប្រយោជន៍ក៏កើតយ៉ាងនោះ (ក្នុងមហាសីលវជាតក) ១ ការឡើងអំពីទឹកមកកាន់គោក (ក្នុងចូឡជនកជាតក) ១ សុរា (ក្នុងបុណ្ណបាតិជាតក) ១ ឈើមានផ្លែមិនស្រួល (ក្នុងផលជាតក) ១ បុរសមានចិត្តមិនរួញរា (ក្នុងបញ្ចាវុធជាតក) ១ បុរសមានចិត្តរីករាយ (ក្នុងកញ្ចនក្ខន្ធជាតក) ១ ធម៌ ៤ (ក្នុងវានរិន្ទជាតក) ១ ធម៌ ៣ (ក្នុងតយោធម្មជាតក) ១ ការបានកហាបណៈមួយរយ (ក្នុងភេរិវាទជាតក) ១ ផ្លុំស័ង្ខបានភោគៈ (ក្នុងសង្ខធមនជាតក) ១ ត្រូវជា ១០ ។

ឥត្ថីវគ្គ ទី៧

អសាតមន្តជាតក ទី១

[៦១] (មាណព ពោលថា) ធម្មតាពួកស្រ្តីក្នុងលោក តែងមាន​សេចក្ដី​បា្រថ្នា (ចំពោះបុរសដែលមានចិត្តជាប់ចំពាក់នឹងខ្លួន) វេលា (ឬកម្រិត) របស់ស្រ្តីទាំងនោះ មិនមានឡើយ (ស្ត្រីទាំងនោះ) ត្រេកត្រអាលផង រលោរលាំផង ដូចភ្លើងដែលឆេះវត្ថុគ្រប់យ៉ាង (មិនរើសមុខ) ខ្ញុំនឹងលះបង់ស្រ្តីទាំងនោះ ហើយបួស ចម្រើននូវវិវេកធម៌ ។

ចប់ អសាតមន្តជាតក ទី១ ។

អណ្ឌភូតជាតក ទី២

[៦២] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ បានរុំមុខរបស់ខ្លួន ហើយដេញពិណដោយហេតុណា (មិនដឹងហេតុនោះទេ) ប្រពន្ធដែលខ្លួនចិញ្ចឹមតាំងពីនៅជាអណ្ឌៈ (កូននៅក្នុងគភ៌) អ្នកណាគប្បីទុកចិត្តចំពោះប្រពន្ធទាំងនោះ ដោយដាច់ខាតបាន ។

ចប់ អណ្ឌភូតជាតក ទី២ ។

តក្កជាតក ទី៣

[៦៣] (ព្រះសាស្តា ទ្រង់ត្រាស់ថា) (ធម្មតាស្រ្តី) ច្រើនខឹង មិនដឹងឧបការៈដែលគេធ្វើដល់ខ្លួន ជាអ្នកញុះញង់ បំបែកបំបាក់មិត្ត ម្នាលភិក្ខុ អ្នកចូរប្រព្រឹត្តព្រហ្មចរិយៈចុះ អ្នកនោះនឹងមិនវិនាស​សេចក្ដី​សុខ ។

ចប់ តក្កជាតក ទី៣ ។

ទុរាជានជាតក ទី៤

[៦៤] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អ្នកកុំត្រេកអរ (ថាស្ត្រីនេះ) បា្រថ្នាអញ កុំសោកសៅ (ថាស្ត្រីនេះ) មិនប្រាថ្នាអញ ភាពរបស់ស្រ្តីទាំងឡាយ ដឹងបានដោយក្រ ដូចជាដំណើរទៅនៃត្រីក្នុងទឹក ។

ចប់ ទុរាជានជាតក ទី៤ ។

អនភិរតិជាតក ទី៥

[៦៥] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ទនេ្លក្ដី ផ្លូវក្ដី តៀមស្រាក្ដី សាលាសំណាក់ក្ដី អណ្តូងទឹកក្ដី (ជារបស់សាធារណៈ) យ៉ាងណា ធម្មតាស្រ្តីទាំងឡាយក្នុងលោក ក៏យ៉ាងនោះដែរ បណ្ឌិតទាំងឡាយ មិនខឹងនឹងស្ត្រីទាំងនោះទេ ។

ចប់ អនភិរតិជាតក ទី៥ ។

មុទុលក្ខណជាតក ទី៦

[៦៦] (ឥសីពោធិសត្វ ពោលថា) មុនអំពីពេលដែលមិនទាន់បាននូវនាងមុទុលក្ខណា ​សេចក្ដី​ប្រាថ្នាមានតែមួយ កាលណាអាត្មាភាពបាននាងមុទុលក្ខណា ជាស្ត្រីមានភ្នែកល្អហើយ ​សេចក្ដី​ប្រាថ្នារឹតតែញ៉ាំង​សេចក្ដី​ប្រាថ្នា (ផ្សេងៗ) ឲ្យកើតឡើងទៀត ។

ចប់ មុទុលក្ខណជាតក ទី៦ ។

ឧច្ឆង្គជាតក ទី៧

[៦៧] (ស្រ្តីម្នាក់ ពោលថា) បពិត្រព្រះសម្មតិទេព កូនរបស់ខ្ញុំព្រះអង្គ (ដូចជាអន្លក់ដែលដក់) ក្នុងថ្នក់ (បានដោយងាយ) ស្ត្រីដែលដើរទៅតាមផ្លូវ រកប្តី (បានដោយងាយ) ឯខ្ញុំព្រះអង្គមិនឃើញប្រទេស គឺផ្ទៃនៃមាតានោះ ដែលខ្ញុំព្រះអង្គគួរនាំយកបងប្អូនប្រុសបង្កើតមកបាន ។

ចប់ ឧច្ឆង្គជាតក ទី៧ ។

សាកេតជាតក ទី៨

[៦៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចិត្តតាំងនៅស៊ប់ ឬក៏ចិត្តជ្រះថ្លា ក្នុងបុគ្គលណា ដែលខ្លួនមិនធ្លាប់ឃើញហើយ ជនតែងស្និទ្ធស្នាលចំពោះបុគ្គលនោះ ដោយពិត ។

ចប់ សាកេតជាតក ទី៨ ។

វិសវន្តជាតក ទី៩

[៦៩] (ពស់ ពោលថា) អញនឹងស្រូបយកពិសណាវិញ ដែលអញបានខ្ជាក់ចោលហើយ ព្រោះហេតុនៃជីវិត ចូរតិះដៀលនូវពិសដែលអញខ្ជាក់ចោលហើយនោះចុះ អញស្លាប់ ប្រសើរជាងរស់នៅ ។

ចប់ វិសវន្តជាតក ទី៩ ។

កុទ្ទាលជាតក ទី១០

[៧០] (កុទ្ទាលកបណ្ឌិតពោធិសត្វ ពោលថា) ​សេចក្ដី​ឈ្នះណា ត្រឡប់ចាញ់វិញបាន ​សេចក្ដី​ឈ្នះនោះ មិនឈ្មោះថា ឈ្នះប្រពៃទេ ​សេចក្ដី​ឈ្នះណា មិនត្រឡប់ចាញ់វិញបាន ​សេចក្ដី​ឈ្នះនោះ ទើបឈ្មោះថា ឈ្នះប្រពៃមែនពិត ។

ចប់ កុទ្ទាលជាតក ទី១០ ។

ចប់ ឥត្ថីវគ្គ ទី៧ ។

ឧទ្ទាននៃឥត្ថីវគ្គនោះគឺ និយាយអំពីភ្លើងឆេះវត្ថុគ្រប់យ៉ាង (ក្នុងអសាតមន្តជាតក) ១ ពិណដ៏ប្រសើរ (ក្នុងអណ្ឌភូតជាតក) ១ ស្ត្រីជាអ្នកញុះញង់ និងបំបែកបំបាក់មិត្រ (ក្នុងតក្កជាតក) ១ ការត្រេកអរ (ក្នុងទុរាជានជាតក) ១ ស្ទឹង (ក្នុងអនភិរតិជាតក) ១ នាងមុទុលក្ខណា (ក្នុងមុទុលក្ខណជាតក) ១ បងប្អូន (ក្នុងឧច្ឆង្គជាតក) ១ ចិត្ត (ក្នុងសាកេតជាតក) ១ ពិស (ក្នុងវិសវន្តជាតក) ១ ​សេចក្ដី​ឈ្នះប្រពៃ (ក្នុងកុទ្ទាលជាតក) ១ ត្រូវជា ១០ ។

វរុណវគ្គ ទី៨

វរុណជាតក ទី១

[៧១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អំពើទាំងឡាយ ដែលគេត្រូវធ្វើក្នុងកាលមុន នរៈណា បា្រថ្នាធ្វើខាងក្រោយវិញ នរៈនោះ រមែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ដូចជាមាណព ដែលកាច់ឧសឈើថ្លាន់ ។

ចប់ វរុណជាតក ទី១ ។

សីលវនាគជាតក ទី២

[៧២] (រុក្ខទេវតា ពោលថា) ប្រសិនបើគេឲ្យផែនដីទាំងមូលដល់បុរសអកតញ្ញូ ជាអ្នកឃើញទោសជានិច្ច ក៏មិនគប្បីញ៉ាំងបុរសអកតញ្ញូនោះឲ្យត្រេកអរបានឡើយ ។

ចប់ សីលវនាគជាតក ទី២ ។

សច្ចង្កិរជាតកទី៣

[៧៣] (តាបសពោធិសត្វ ពោលថា) បានឮថា នរៈពួកខ្លះ ក្នុងលោកនេះ បាននិយាយពិតយ៉ាងនេះថា ឧសដែលគេស្រង់ឡើងអំពីទឹក ប្រសើរជាង នរៈពួកខ្លះដែលគេស្រង់ឡើង (អំពីទឹក) មិនប្រសើរឡើយ ។

ចប់ សច្ចង្កិរជាតក ទី៣ ។

រុក្ខធម្មជាតក ទី៤

[៧៤] (រុក្ខទេវតាពោធិសត្វ ពោលថា) មានពួកញាតិច្រើននាក់ ប្រពៃ សូម្បីពួកឈើ ដែលដុះក្នុងព្រៃច្រើនដើម ក៏ប្រពៃដែរ ឯខ្យល់ រមែងរំលំនូវឈើជាធំក្នុងព្រៃ បរិបូណ៌ដោយមែក និងប្រគាប ដែលតាំងនៅតែឯង ។

ចប់ រុក្ខធម្មជាតក ទី៤ ។

មច្ឆជាតក ទី៥

[៧៥] (ត្រីពោធិសត្វ ពោលថា) បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យវិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ (និងពួកញាតិខ្ញុំ) ឲ្យរួចចាក​សេចក្ដី​សោក ។

ចប់ មច្ឆជាតក ទី៥ ។

អសង្កិយជាតក ទី៦

[៧៦] (តាបសពោធិសត្វ ពោលថា) យើងជាអ្នកមិនមាន​សេចក្ដី​រង្កៀសក្នុងស្រុក យើងជាអ្នកមិនមានភ័យក្នុងព្រៃ បានឡើងកាន់ផ្លូវត្រង់ ដោយមេត្តា និងករុណាហើយ ។

ចប់ អសង្កិយជាតក ទី៦ ។

មហាសុបិនជាតក ទី៧

[៧៧] (ព្រះរាជា ទ្រង់ត្រាស់ថា មហាសុបិន ១៦ គឺ) គោឡើងកទាំងឡាយ ១ ឈើទាំងឡាយ ១ មេគោទាំងឡាយ ១ គោឈោ្មលទាំងឡាយ ១ សេះ ១ ភាជន៍ (មាស) ១ មេចចក ១ ក្អម ១ ស្រះបោក្ខរណី ១ បាយឆៅ ១ ខ្លឹមចន្ទន៏ ១ ផែ្លឃោ្លកទាំងឡាយលិច ១ ថ្មទាំងឡាយអណែ្ដត ១ មេកង្កែបទាំងឡាយខាំពស់វែកទាំងឡាយ ១ រាជហង្សមាសទាំងឡាយចោមរោមកែ្អក ១ ខា្លដំបងទាំងឡាយ (រត់ទៅ) ព្រោះភ្ញាក់ផើ្អល ដោយសេចកី្ដខា្លចអំពីពពែទាំងឡាយ ១ បរិយាយចំឡែកប្រព្រឹត្តទៅ ន័យទាំងឡាយមានក្នុងសុបិនទាំងនេះ ។

ចប់ មហាសុបិនជាតក ទី៧ ។

ឥលិ្លសជាតក ទី៨

[៧៨] (ជាងកោរកាត់ពោធិសត្វ ពោលថា) ជនទាំងពីរនាក់ខ្ចក ជនទាំងពីរនាក់ក្ងែង ជនទាំងពីរនាក់មានភែ្នកស្រលៀង ពកកើត (លើក្បាល) របស់ជនទាំងពីរនាក់ ខ្ញុំព្រះអង្គមិនសា្គល់ (អ្នកណា) ជាឥលិ្លសសេដ្ឋីទេ ។

ចប់ ឥលិ្លសជាតក ទី៨ ។

ខរស្សរជាតក ទី៩

[៧៩] (ពាណិជពោធិសត្វ ពោលថា) កាលណា (ពួកចោរ) ប្លន់សម្លាប់គោទាំងឡាយ ដុតផ្ទះទាំងឡាយ និងនាំជនយកទៅហើយ ក្នុងកាលនោះ កូនរបស់ស្ត្រីដែលមានកូនស្លាប់ហើយ (គឺចៅហ្វាយស្រុកឥតមាន​សេចក្ដី​អៀនខ្មាស) វាយស្គរឲ្យមានសំឡេងខ្លាំង ដើរមក ។

ចប់ ខរស្សរជាតក ទី៩ ។

ភីមសេនជាតក ទី១០

[៨០] (ចូឡធនុគ្គហបណ្ឌិតពោធិសត្វ ពោលថា) ម្នាលភីមសេន ក្នុងកាលមុន ឯងបានអួតហើយ ក្នុងកាលក្រោយ ស្រាប់តែគ្រឿងសំអុយសម្រាប់ហូរចេញ (អាចម៍) របស់ឯង ហូរចេញមក ហេតុទាំងពីរមិនសមគ្នា គឺការនិយាយអំពីចម្បាំង និងការចង្អៀតចង្អល់ចិត្តរបស់ឯងនេះ ។

ចប់ ភីមសេនជាតក ទី១០ ។

ចប់ វរុណវគ្គ ទី៨ ។

ឧទ្ទាននៃវរុណវគ្គនោះគឺ និយាយអំពីវរុណជាតក ១ អកតញ្ញូ (ក្នុងសីលវនាគជាតក) ១ ពាក្យពិតដ៏ប្រសើរ (ក្នុងសច្ចង្កិរជាតក) ១ ឈើម្ចាស់ព្រៃ (ក្នុងរុក្ខធម្មជាតក) ១ ការធ្វើឲ្យផ្គរឲ្យលាន់ (ក្នុងមច្ឆជាតក) ១ ករុណា (ក្នុងអសង្កិយជាតក) ១ ថ្មអណ្តែត (ក្នុងមហាសុបិនជាតក) ១ ឥល្លិសសេដ្ឋី (ក្នុងឥល្លិសជាតក) ១ ស្គរ (ក្នុងខរស្សរជាតក) ១ គ្រឿងសំអុយសម្រាប់ហូរចេញ (ក្នុងភីមសេនជាតក) ១ ត្រូវជា ១០ ។

អបាយិម្ហវគ្គ ទី៩

សុរាបានជាតក ទី១

[៨១] (ពួកតាបស ពោលថា) ពួកយើងបានផឹកសុរា បានរាំ បានច្រៀង បានយំហើយ ពួកយើង មិនមែនជាពានរ ព្រោះតែផឹកសុរា ដែលធ្វើឲ្យខូចសញ្ញា ទើបឃើញ (អាក្រក់ជាល្អ) ។

ចប់ សុរាបានជាតក ទី១ ។

មិត្តវិន្ទជាតក ទី២

[៨២] (ទេវរាជពោធិសត្វ ពោលថា) អ្នកនោះ កន្លងនូវបា្រសាទកែវផ្លេកផង បា្រសាទបា្រក់ផង បា្រសាទកែវមណីផង ជាអ្នកត្រូវថ្ម (គឺចក្រមានមុខមុតដូចកាំបិតកោរ) គ្របសង្កត់ហើយ អ្នកកាលរស់នៅ មិនរួចអំពីចក្រនោះទេ ។

ចប់ មិត្តវិន្ទជាតក ទី២ ។

កាឡកណ្ណិជាតក ទី៣

[៨៣] (មហាយសសេដ្ឋីពោធិសត្វ ពោលថា) បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីរជំហាន បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន បុគ្គលដែលជាញាតិបាន ដោយ (ការនៅជាមួយគ្នា) មួយខែ ឬកន្លះខែ បុគ្គលដែលទុកសើ្មនឹងខ្លួន ព្រោះនៅលើសអំពីកាលនោះទៅទៀត ខ្ញុំនោះនឹងលះបង់នូវសំឡាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាលអស់កាលយូរ ព្រោះហេតុនៃ​សេចក្ដី​សុខរបស់ខ្លួនដូចម្ដេចបាន ។

ចប់ កាឡកណ្ណិជាតក ទី៣ ។

អត្ថស្ស ទា្វរជាតក ទី៤

[៨៤] (សេដ្ឋីពោធិសត្វជាបិតា ពោលថា) បុគ្គលគប្បីបា្រថ្នាលាភដ៏ឧត្ដម គឺការមិនមានរោគ ១ សីល (គឺមារយាទ) ១ ការយល់ឃើញតាមបណ្ឌិតអ្នកដឹង ១ ការឧស្សាហ៍ស្ដាប់ ១ ការអនុវត្តន៍នូវសុចរិតធម៌ ១ ការមិនរួញរានៃចិត្ត ១ ធម៌ទាំង ៦ នេះ ជាទា្វរ ទាំងជាប្រធាននៃសេចកី្ដចម្រើន ។

ចប់ អត្ថស្ស ទា្វរជាតក ទី៤ ។

កិម្បក្កជាតក ទី៥

[៨៥] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលណា មិនយល់ទោសក្នុងអនាគត ហើយសេពកាមទាំងឡាយ (កាមទាំងនោះ) តែងសមា្លប់បុគ្គលនោះ ក្នុងទីបំផុតនៃផល ដូចបុគ្គលស៊ីផែ្លឈើកិម្បក្កៈ (ឈើពុល) ។

ចប់ កិម្បក្កជាតក ទី៥ ។

សីលវីមំសនជាតក ទី៦

[៨៦] (ព្រាហ្មណ៍បុរោហិតពោធិសត្វ ពោលថា) បានឮថា សីលជាគុណជាតល្អ សីលជាគុណជាតដ៏លើសលុបក្នុងលោក សូមព្រះអង្គទតចុះ ពស់មានពិសដ៏ពន្លឹក មិនបៀតបៀនគេ ឈោ្មះថាជាសត្វមានសីល ។

ចប់ សីលវីមំសនជាតក ទី៦ ។

មង្គលជាតក ទី៧

[៨៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) មង្គលទាំងឡាយក្ដី ឧត្បាតទាំងឡាយក្ដី សុបិនទាំងឡាយក្ដី លក្ខណៈទាំងឡាយក្ដី ដែលបុគ្គលណា បានផ្ដាច់បង់ហើយ បុគ្គលនោះ ឈ្មោះថាអ្នកកន្លងផុតនូវទោសនៃមង្គល (ភា្ញក់ផ្អើល) ជាអ្នកគ្របសង្កត់នូវយុគក្កិលេស

[យុគក្កិលេសនេះ បានដល់កិលេសទាំងឡាយ គឺ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ជាដើម ។] និងយោគក្កិលេស

[យោគក្កិលេសនេះ បានដល់យោគៈ ៤យ៉ាង គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។

អដ្ឋកថា ។] រមែងមិនមកកើតទៀត ។

ចប់ មង្គលជាតក ទី៧ ។

សារម្ភជាតក ទី៨

[៨៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បីបញ្ចេញវាចាល្អតែម្យ៉ាង មិនគប្បីបញ្ចេញវាចាអាក្រក់ឡើយ ការបញ្ចេញវាចាល្អ ជាការប្រពៃ ព្រោះបុគ្គលបញ្ចេញវាចាអាក្រក់ រមែងក្ដៅក្រហាយ ។

ចប់ សារម្ភជាតក ទី៨ ។

កុហកជាតក ទី៩

[៨៩] (ឈ្មួញពោធិសត្វ ពោលថា) បានឮថា វាចារបស់អ្នកដែលពោលទន់ភ្លន់ ជាវាចាពីរោះ អ្នកបានជាប់ក្នុងវត្ថុត្រឹមតែស្មៅ ត្រង់នាំឆ្តោរមាស ១០០ យកទៅ មិនជាប់សោះ ។

ចប់ កុហកជាតក ទី៩ ។

អកតញ្ញូជាតក ទី១០

[៩០] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលណា មិនដឹងនូវអំពើល្អ ដែលគេធ្វើហើយ នូវប្រយោជន៍ដែលគេធ្វើហើយ ក្នុងកាលមុនទេ បុគ្គលនោះ កាលបើកិច្ចកើតព្រមហើយ ក្នុងកាលខាងក្រោយ រមែងមិនបាននូវបុគ្គលអ្នកធ្វើ (ឧបការគុណមុននោះជាគ្នា) ឡើយ ។

ចប់ អកតញ្ញូជាតក ទី១០ ។

ចប់ អបាយិម្ហវគ្គ ទី៩ ។

ឧទ្ទាននៃអបាយិម្ហវគ្គនោះគឺ យើងបានផឹកសុរា (ក្នុងសុរាបានជាតក) ១ ប្រាសាទកែវមណី (ក្នុងមិត្តវិន្ទជាតក) ១ ៧ជំហាន (ក្នុងកាឡកណ្ណិជាតក) ១ ធម៌ ៦ (ក្នុងអត្ថស្សទ្វារជាតក) ១ ទោសក្នុងអនាគត (ក្នុងកិម្បកជាតក) ១ ពស់មានសីល (ក្នុងសីលវីមំសជាតក) ១ ការប្រកាន់មង្គល (ក្នុងមង្គលជាតក) ១ វាចាលាមក (ក្នុងសារម្ភជាតក) ១ ឆ្តោរមាស ១០០ (ក្នុងកុហកជាតក) ១ ប្រយោជន៍ ដែលគេធ្វើតបវិញ (ក្នុងអកតញ្ញូជាតក) ១ ត្រូវជា ១០ ។

លិត្តវគ្គ ទី១០

លិត្តជាតក ទី១

[៩១] (អ្នកលេងស្កាពោធិសត្វ ពោលថា) បុរសកាលលេបនូវកូនសា្កប្រឡាក់ដោយថ្នាំពិស មានតេជះដ៏ខាំ្លង ក៏មិនដឹងខ្លួន ម្នាលអ្នកចង្រៃ អ្នកចូរលេបទៅ នែអ្នកលេងអាក្រក់ អ្នកចូរលេបទៅ ពិសដ៏ផ្សាក្ដៅ នឹងមានដល់អ្នក ក្នុងកាលជាខាងក្រោយ ។

ចប់ លិត្តជាតក ទី១ ។

មហាសារជាតក ទី២

[៩២] (ព្រះរាជា ទ្រង់ត្រាស់ថា) ក្នុងកាលសង្គ្រាមកើតឡើង ពួកជនរមែងប្រាថ្នានូវបុរសអ្នកក្លៀវក្លា ក្នុងពួកអ្នកប្រឹក្សាការ គេប្រាថ្នានូវបុរសអ្នកមានវាចាមិនរោយរាយ ក្នុងកាលមានបាយទឹកឆ្ងាញ់ គេប្រាថ្នានូវបុរសជាទីស្រលាញ់ ក្នុងកាលអាថ៌ (កំបាំង) កើតឡើង គេប្រាថ្នានូវបណ្ឌិត ។

ចប់ មហាសារជាតក ទី២ ។

វិស្សាសភោជនជាតក ទី៣

[៩៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមិនគប្បីស្និទ្ធស្នាលក្នុងបុគ្គលដែលមិនធ្លាប់ស្និទ្ធស្នាល មិនគប្បីស្និទ្ធស្នាលក្នុងបុគ្គល សូម្បីធ្លាប់ស្និទ្ធស្នាលហើយ ភ័យរមែងទៅតាមបុគ្គលនោះ ព្រោះ​សេចក្ដី​ស្និទ្ធស្នាល ដូចជាភ័យដែលជាប់តាមនូវសត្វសីហៈ ព្រោះមេម្រឹគ ។

ចប់ វិស្សាសភោជនជាតក ទី៣ ។

លោមហំសជាតក ទី៤

[៩៤] (អាជីវកពោធិសត្វ ពោលថា) អាត្មាអញ ក្ដៅណាស់ហើយ ត្រជាក់ណាស់ហើយ នៅតែម្នាក់ឯង ក្នុងព្រៃគួរខ្លាច ជាមនុស្សអាក្រាត ទាំងមិនអាំងភ្លើង ជាអ្នកខ្វល់ខ្វាយក្នុងការស្វែងរក (នូវព្រហ្មចរិយធម៌) ប្រតិបត្តិ ដើម្បីមោនៈ ។

ចប់ លោមហំសជាតក ទី៤ ។

មហាសុទស្សនជាតក ទី៥

[៩៥] (ព្រះពោធិសត្វ ពោលថា) សង្ខារទាំងឡាយមិនទៀងទេ មានការកើតឡើង និងសូន្យទៅជាធម្មតា (ព្រោះ) កើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់សង្ខារទាំងនោះបាន ទើបនាំមកនូវ​សេចក្ដី​សុខ ។

ចប់ មហាសុទស្សនជាតក ទី៥ ។

តេលបត្តជាតក ទី៦

[៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនាំទៅនូវភាជន៍ប្រេង ដែលពេញត្រឹមកណ្ដាប់មាត់ មិនឲ្យស្រក់ទៅបាន យ៉ាងណាមិញ (ព្រះយោគាវចរ) កាលប្រាថ្នានូវទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វាន គប្បីរក្សានូវចិត្តរបស់ខ្លួន (ដោយសតិ) យ៉ាងនោះដែរ ។

ចប់ តេលបត្តជាតក ទី៦ ។

នាមសិទិ្ធជាតក ទី៧

[៩៧] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាណពឈ្មោះបាបកៈ បានឃើញបុរសរស់ ហើយស្លាប់ផង ឃើញទាសីឈ្មោះនាងរក្សាទ្រព្យ ហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញហើយ ។

ចប់ នាមសិទ្ធិជាតក ទី៧ ។

កូដវាណិជជាតក ទី៨

[៩៨] (បិតារបស់អតិបណ្ឌិតពាណិជ ពោលថា) បុគ្គលដែលឈ្មោះថាបណ្ឌិត ជាអ្នកប្រពៃពិត ឯបុគ្គលឈ្មោះថាអតិបណ្ឌិត មិនប្រពៃទេ អាត្មាអញ ត្រូវភ្លើងរោល ព្រោះតែកូនឈ្មោះអតិបណ្ឌិត ។

ចប់ កូដវាណិជជាតក ទី៨ ។

បរោសហស្សជាតក ទី៩

[៩៩] (មហាព្រហ្មពោធិសត្វ ពោលថា) ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងពាន់នាក់ ជនទាំងនោះឥតប្រាជា្ញ គប្បីកន្ទក់កន្ទេញអស់ ១០០ ឆ្នាំ បុរសណា ប្រកបដោយប្រាជ្ញា បានដឹងច្បាស់នូវអត្ថនៃភាសិត បុរសនោះ នៅតែម្នាក់ឯង ប្រសើរជាង ។

ចប់ បរោសហស្សជាតក ទី៩ ។

អសាតរូបជាតក ទី១០

[១០០] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) របស់មិនឆ្ងាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃរបស់ឆ្ងាញ់ របស់មិនគួរស្រលាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃរបស់គួរស្រលាញ់ ​សេចក្ដី​ទុក្ខ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃ​សេចក្ដី​សុខ ។

ចប់ អសាតរូបជាតក ទី១០ ។

ចប់ លិត្តវគ្គ ទី១០ ។

ចប់ មជ្ឈិមបណ្ណាសកៈ ។

ឧទ្ទាននៃលិត្តវគ្គនោះគឺ និយាយអំពីការលេបកូនស្កា (ក្នុងលិត្តជាតក) ១ បុរសមានវាចាមិនរោយរាយ (ក្នុងមហាសារជាតក) ១ មេម្រឹគ (ក្នុងវិស្សាសភោជនជាតក) ១ ប្រតិបត្តិដើម្បីមោនៈ (ក្នុងលោមហំសជាតក) ១ សង្ខារមិនទៀង (ក្នុងមហាសុទស្សនជាតក) ១ ភាជន៍ប្រេង (ក្នុងតេលបត្តជាតក) ១ ទាសីឈ្មោះនាងរក្សាទ្រព្យ (ក្នុងនាមសិទ្ធិជាតក) ១ អតិបណ្ឌិតពាណិជ (ក្នុងកូដវាណិជជាតក) ១ ជនជាងពាន់នាក់ (ក្នុងបរោសហស្សជាតក) ១ របស់មិនឆ្ងាញ់ (ក្នុងអសាតរូបជាតក) ១ ត្រូវជា ១០ ។

បរោសតវគ្គ ទី១១

បរោសតជាតក ទី១

[១០១] ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងរយនាក់ ជនទាំងនោះឥតបា្រជ្ញា គប្បីពិចារណា (នូវអត្ថនៃភាសិត) អស់ ១០០ ឆ្នាំ បុរសណា ប្រកបដោយបា្រជ្ញា ដឹងច្បាស់នូវអត្ថនៃភាសិត បុរសនោះ នៅតែម្នាក់ឯងប្រសើរវិញ ។

ចប់ បរោសតជាតក ទី១ ។

បណ្ណិកជាតក ទី២

[១០២] (កូនស្រីរបស់ឧបាសក ពោលថា) បុគ្គលណា គប្បីជាទីពឹងរបស់ខ្ញុំ ដែលមានទុក្ខពាល់ត្រូវហើយ បុគ្គលនោះឈ្មោះថាជាបិតារបស់ខ្ញុំ នឹងធ្វើនូវការប្រទូស្តក្នុងព្រៃ ខ្ញុំនោះកន្ទក់កន្ទេញ ក្នុងកណ្ដាលព្រៃ ដើម្បីបុគ្គលដូចម្ដេច បុគ្គលណា ជាអ្នករក្សា បុគ្គលនោះនឹងធ្វើនូវកម្មដ៏ខ្លាំងក្លា (មេថុន) ។

ចប់ បណ្ណិកជាតក ទី២ ។

វេរិជាតក ទី៣

[១០៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា អ្នកបា្រជ្ញមិនគប្បីនៅក្នុងទីនោះ បុគ្គលនៅក្នុងសំណាក់នៃបុគ្គលមានពៀរអស់មួយរាត្រី ឬពីររាត្រី ក៏នាំមកនូវ​សេចក្ដី​ទុក្ខ ។

ចប់ វេរិជាតក ទី៣ ។

មិត្តវិន្ទជាតក ទី៤

[១០៤] (ទេវបុត្រពោធិសត្វ ពោលថា) អ្នក (ចេញ) អំពីវិមានិកប្រេត ៤ បានវិមានិកប្រេត ៨ (ចេញ) អំពីវិមានិកប្រេត ៨ បានវិមានិកប្រេត ១៦ (ចេញ) អំពីវិមានិកប្រេត ១៦ បានវិមានិកប្រេត ៣២ (ក៏នៅតែមិនស្កប់ស្កល់) ចក្រក៏វិលលើក្បាលនៃបុរស កាលប្រាថ្នា ក្នុងទីនោះ ៗ ទើបមកដល់កង់ចក្រ កង់ចក្រ រមែងវិលលើក្បាលបុគ្គលដែលមាន​សេចក្ដី​ប្រាថ្នាគ្របសង្កត់ ។

ចប់ មិត្តវិន្ទជាតក ទី៤ ។

ទុព្វលកដ្ឋជាតក ទី៥

[១០៥] (រុក្ខទេវតាពោធិសត្វ ពោលថា) ឈើគ្រាំគ្រា ដែលខ្យល់កាច់បំបាក់បានក្នុងព្រៃនោះ មានច្រើន ម្នាលដំរី ប្រសិនបើអ្នកខ្លាចឈើនោះ អ្នកមុខជានឹងស្គមមិនខាន ។

ចប់ ទុព្វលកដ្ឋជាតក ទី៥ ។

ឧទញ្ជនីជាតក ទី៦

[១០៦] (កូនតាបសពោធិសត្វ ពោលថា) មេចោរដុតចំអិន ល្មោភស៊ី ដូចជាភាជន៍ដងនូវទឹក រមែងសូមនូវប្រេងផង នូវអំបិលផង នឹងខ្ញុំដែលធ្លាប់រស់នៅជាសុខ ដោយសំដីហាក់ដូចជាប្រពន្ធ ។

ចប់ ឧទញ្ជនីជាតក ទី៦ ។

សាលិត្តកជាតក ទី៧

[១០៧] (អាមាត្យពោធិសត្វ ពោលថា) ធម្មតា សិល្បសាស្រ្តយ៉ាងណាក៏ដោយ សុទ្ធតែសំរេចប្រយោជន៍ សូមព្រះអង្គទត ស្រុកសួយទាំង ៤ ទិស ដែលបុរសខ្វិនបានហើយ ដោយការផ្ទាត់ (អាចម៍ពពែ) នៃបុរសខ្វិន ។

ចប់ សាលិត្តកជាតក ទី៧ ។

ពាហិយជាតក ទី៨

[១០៨] (អាមាត្យពោធិសត្វ ពោលថា) ជនគប្បីសិក្សានូវកិច្ចដែលត្រូវសិក្សា ពួកជន រមែងមាន​សេចក្ដី​ពេញចិត្តក្នុងកិច្ចនោះ ចំណែកស្រីអ្នកស្រុកពាហិយៈ បានញ៉ាំងព្រះរាជាឲ្យត្រេកអរ ដោយការខ្មាសអៀន (របស់ខ្លួន) ។

ចប់ ពាហិយៈជាតក ទី៨ ។

កណ្ឌកបូវជាតក ទី៩

[១០៩] (រុក្ខទេវតាពោធិសត្វ ពោលថា) បុរសស៊ីយ៉ាងណា ទេវតារបស់បុរសនោះ ក៏ស៊ីយ៉ាងនោះដែរ អ្នកចូរនាំយកនូវនំកុណ្ឌកនុ៎ះមក អ្នកកុំញ៉ាំងនំកុណ្ឌក ជាចំណែករបស់ខ្ញុំឲ្យវិនាសទៅ ។

ចប់ កុណ្ឌកបូវជាតក ទី៩ ។

សព្វសំហារកបញ្ហា ទី១០

[១១០] គ្រឿងអប់ទាំងពួងគ្មានទេ សុទ្ធតែផ្កាប្រយង្គុទេតើ បក់ផ្សាយទៅ (នោះ) ឯស្ត្រីអ្នកលេង រមែងពោលពាក្យមិនពិត ស្ត្រីចាស់ទើបបានពោលពាក្យពិត ។

ចប់ សព្វសំហារកបញ្ហា ទី១០ ។

ចប់ បរោសតវគ្គ ទី១១ ។

ឧទ្ទាននៃបរោសតវគ្គនោះគឺ និយាយអំពីបុគ្គលជាងមួយរយ ១ បុគ្គលជាទីពឹង ១ បុគ្គលមានពៀរ ១ ចក្រវិល ១ ដំរីប្រសើរ ១ រស់នៅជាសុខ ១ សិល្បៈ ១ ស្រីអ្នកស្រុកពាហិយៈ ១ នំកុណ្ឌក ១ ស្រីចាស់ ១ ត្រូវជា ១០ ។

ហំសិវគ្គ ទី១២

គទ្រភបញ្ហា ទី១

[១១១] បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គរីករាយ រមែងសម្គាល់ថា បិតាប្រសើរជាងកូនយ៉ាងនេះ បើដូច្នោះ មានតែសត្វលារបស់ព្រះអង្គនេះ ប្រសើរជាងសេះអស្សតរ ព្រោះសត្វលាជាបានៃសេះអស្សតរ ។

ចប់ គទ្រភបញ្ហា ទី១ ។

អមរាទេវិបញ្ហា ទី២

[១១២] (បពិត្រអ្នកម្ចាស់) រានផ្សារដែលគេលក់សដូវ និងម្ជូរ និងដើមរលួសមានស្លឹកពីរជាន់ មាននៅក្នុងទិសាភាគណា ខ្ញុំកាន់បបរដោយដៃណា ខ្ញុំម្ចាស់ប្រាប់ផ្លូវដោយដៃនោះ ខ្ញុំមិនបានកាន់បបរដោយដៃណា ខ្ញុំមិនប្រាប់ផ្លូវដោយដៃនោះទេ ទិសាភាគនុ៎ះឯងហើយ ជាផ្លូវនៃយាវមជ្ឈគ្រាម អ្នកចូរដឹងផ្លូវដ៏កំបាំងនុ៎ះចុះ ។

ចប់ អមរាទេវិបញ្ហា ទី២ ។

សិគាលជាតក ទី៣

[១១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកជឿពាក្យចចកដែលផឹកសុរាដូចម្ដេចបាន (សូម្បីសម្បក) ខ្យងចំនួនមួយរយ មិនមានទេ តើកហាបណៈ ពីររយ នឹងមានមកអំពីទីណា ។

ចប់ សិគាលជាតក ទី៣ ។

មិតចិន្តិជាតក ទី៤

[១១៤] (ព្រះសាស្ដា ត្រាស់ថា) ត្រីឈ្មោះពហុចិន្តី និងអប្បចិន្តី

[ត្រី ៣ មួយគិតច្រើន មួយគិតតិច មួយគិតល្មម ។] ទាំងពីរ បានជាប់នៅក្នុងសំណាញ់ ត្រីឈ្មោះមិតចិន្តី បានដោះឲ្យរួចខ្លួន ត្រីទាំងពីរ បានជួបគ្នាក្នុងទឹកនោះ ។

ចប់ មិតចិន្តិជាតក ទី៤ ។

អនុសាសិកជាតក ទី៥

[១១៥] (បក្សីជាធំពោធិសត្វ ពោលថា) មេបក្សីណា ប្រៀនប្រដៅនូវបក្សីដទៃ តែជាអ្នកប្រព្រឹត្តលោភដោយខ្លួនឯង មេបក្សីនោះដេកបាក់ស្លាប ដូចជាសត្វសាលិកា ដែលកង់កិនហើយ ។

ចប់ អនុសាសិកជាតក ទី៥ ។

ទុព្វចជាតក ទី៦

[១១៦] (កូនសិស្សពោធិសត្វ ពោលថា) បពិត្រលោកអាចារ្យ អំពើដែលធ្វើជ្រុលនេះ មិនគាប់ចិត្តខ្ញុំទេ លោកលោតបានតែផ្លែលំពែង ទី៤ ហើយត្រូវលំពែងទី ៥ មុតហើយ ។

ចប់ ទុព្វចជាតក ទី៦ ។

តិត្តិរជាតក ទី៧

[១១៧] (តាបសពោធិសត្វ ពោលថា) វាចាដែលខ្ពស់ហួស ខ្លាំងហួស ពោលហួសកាលវេលា រមែងសម្លាប់បុគ្គលពាល អ្នកឥតបញ្ញា ដូចជាវាចាដែលសម្លាប់នូវសត្វទទាដែលរងាវហួស ។

ចប់ តិត្តិរជាតក ទី៧ ។

វដ្តកជាតក ទី៨

[១១៨] (ចាបពោធិសត្វ ពោលថា) បុរសកាលមិនបានរិះគិត រមែងមិនបានសម្រេចនូវគុណវិសេសឡើយ អ្នកចូរឃើញផលនៃឧបាយដែលខ្ញុំគិតហើយ ព្រោះខ្ញុំ រួចអំពី​សេចក្ដី​ស្លាប់នឹងចំណង ។

ចប់ វដ្តកជាតក ទី៨ ។

អកាលរាវិជាតក ទី៩

[១១៩] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាន់នេះ ចម្រើននៅក្នុងសំណាក់នៃបុគ្គលមិនមែនជាមាតាបិតា កាលនៅក្នុងត្រកូលនៃបុគ្គលមិនមែនជាអាចារ្យ រមែងមិនដឹងច្បាស់នូវកាលគួររងាវ ឬកាលមិនគួររងាវ ។

ចប់ អកាលរាវិជាតក ទី៩ ។

ពន្ធនមោក្ខជាតក ទី១០

[១២០] (បុរោហិតពោធិសត្វ ពោលថា) ជនពាលទាំងឡាយ ពោលក្នុងទីណា ពួកជនដែលមិនទាន់ជាប់ រមែងជាប់នៅក្នុងទីនោះ អ្នកប្រាជ្ញទាំងឡាយ ពោលក្នុងទីណា ពួកជនសូម្បីជាប់ហើយ រមែងរួចក្នុងទីនោះ ។

ចប់ ពន្ធនមោក្ខជាតក ទី១០ ។

ចប់ ហំសិវគ្គ ទី១២ ។

ឧទ្ទាននៃហំសិវគ្គនោះគឺ និយាយអំពីគទ្រភបញ្ហា ១ សដូវ ១ រយកហាបណៈ ១ ត្រីឈ្មោះពហុចិន្តិ ១ មេបក្សី ១ អំពើដែលធ្វើជ្រុល ១ ហួសវេលា ១ គុណវិសេស ១ មាន់គ្មានអាចារ្យ ១ អ្នកប្រាជ្ញពោល ១ ត្រូវជា ១០ ។

កុសនាឡិវគ្គ ទី១៣

កុសនាឡិជាតក ទី១

[១២១] (រុក្ខទេវតា ពោលថា) ជនស្មើគ្នាក្ដី ទាំងជនប្រសើរជាងក្ដី គប្បីធ្វើ (នូវមិត្តធម៌) សូម្បីជនម្នាក់ជាអ្នកថោកទាប ក៏គប្បីធ្វើ (នូវមិត្តធម៌ដែរ) ព្រោះមិត្តទាំងនោះ គប្បីធ្វើនូវប្រយោជន៍ដ៏ឧត្ដមក្នុងកាលដែលមាន​សេចក្ដី​វិនាស ដូចជាខ្ញុំជាទេវតា ឈ្មោះកុសនាឡិ និងទេវតាឈ្មោះរុចា ធ្វើនូវប្រយោជន៍ដ៏ឧត្ដម (ក្នុងកាលដែលមាន​សេចក្ដី​វិនាស) ។

ចប់ កុសនាឡិជាតក ទី១ ។

ទុម្មេធជាតក ទី២

[១២២] (ទ្រម័កដំរី ពោលថា) បុគ្គលឥតប្រាជ្ញា បានយសបរិវារហើយ តែងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់ខ្លួន ទំាងប្រតិបត្តិ ដើម្បីបៀតបៀនដល់ខ្លួនឯងផង ដល់ជនទំាងឡាយដទៃផង ។

ចប់ ទុម្មេធជាតក ទី២ ។

នង្គលីសជាតក ទី៣

[១២៣] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលពាល រមែងពោលនូវវាចាដែលមិនទួទៅក្នុងវត្ថុទំាងពួង ក្នុងទីទំាងពួង មាណពនេះ មិនស្គាល់ទឹកដោះជូរ មិនស្គាល់ចន្ទោលនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ ថាជាចន្ទោលនៃនង្គ័លទៅវិញ ។

ចប់ នង្គលីសជាតក ទី៣ ។

អម្ពជាតក ទី៤

[១២៤] (តាបសពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប្រឹងប្រែង មិនគប្បីធុញទ្រាន់ឡើយ អ្នកចូរឃើញផលនៃ​សេចក្ដី​ព្យាយាមដ៏ជាក់ស្ដែង (ព្រោះ) ផ្លែស្វាយទំាងឡាយជាដើម ដែលពួកឥសីបរិភោគហើយ ។

ចប់ អម្ពជាតក ទី៤ ។

កដាហកជាតក ទី៥

[១២៥] (ធីតានៃសេដ្ឋី ពោលថា) ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋីជាម្ចាស់មកតាម (ម្ដងទៀត) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវភោគៈទាំងឡាយទៅ ។

ចប់ កដាហកជាតក ទី៥ ។

អសិលក្ខណជាតក ទី៦

[១២៦] (ព្រះរាជាពោធិសត្វ ពោលថា) ការកណ្ដាស់នោះ របស់បុគ្គលខ្លះល្អ ការកណ្ដាស់នោះ របស់បុគ្គលខ្លះអាក្រក់ ហេតុនោះ ការកណ្ដាស់ មិនមែនល្អទំាងអស់ មិនមែនអាក្រក់ទំាងអស់ទេ ។

ចប់ អសិលក្ខណជាតក ទី៦ ។

កលណ្ឌុកជាតក ទី៧

[១២៧] (កូនសេក ពោលថា) នោះជាប្រទេស នោះជាទីកន្លែង (គឺផ្ទៃនៃទាសី) សូម្បីខ្ញុំជាសត្វគោចរក្នុងព្រៃ (គង់ដឹងដំណើរនុ៎ះ ម្ចាស់ទាំងឡាយរបស់អ្នក) រកឃើញហើយ ចាប់អ្នកមិនខាន ម្នាលកលណ្ឌុកៈ អ្នកចូរផឹកនូវទឹកដោះ ។

ចប់ កលណ្ឌុកជាតក ទី៧ ។

មូសិកជាតក ទី៨

[១២៨] (កណ្ដុរពោធិសត្វ ពោលថា) បុគ្គលអ្នកបិទបាំងទោសណា ធ្វើនូវធម៌ឲ្យជាទង់ជ័យ ញ៉ាំងសត្វទាំងឡាយឲ្យទុកចិត្ត ហើយប្រព្រឹត្តនូវអំពើអាក្រក់ វត្តរបស់បុគ្គលនោះ ឈ្មោះថាពិឡារវត្ត (វត្តឆ្មា) ។

ចប់ មូសិកជាតក ទី៨ ។

អគ្គិកជាតក ទី៩

[១២៩] (កណ្ដុរពោធិសត្វ ពោលថា) កំប៉ោយនេះ មិនមែនមាន ព្រោះហេតុនៃបុណ្យទេ កំប៉ោយនេះមាន ព្រោះហេតុតែគ្រឿងបរិភោគ ការរាប់ដោយកន្ទុយ រមែងប្រព្រឹត្តទៅ នែអគ្គិកៈ ការនៅរួមគ្នា គួរដល់អ្នកហើយ ។

ចប់ អគ្គិកជាតក ទី៩ ។

កោសិយជាតក ទី១០

[១៣០] (ព្រាហ្មណ៍ជាប្ដី ពោលថា) នាងចូរបរិភោគឲ្យដូចជាសំដី ចូរលេប (ថ្នាំ) ឲ្យដូចជាបាយដែលនាងស៊ីហើយ ម្នាលព្រាហ្មណីជាកោសិយគោត្រ (ព្រោះ) វាចា និងភត្តដែលនាងបរិភោគហើយទាំងពីរ (នេះ) មិនស្មើគ្នាទេ ។

ចប់ កោសិយជាតក ទី១០ ។

ចប់ កុសនាឡិវគ្គ ទី១៣ ។

ឧទ្ទាននៃកុសនាឡិវគ្គនោះគឺ និយាយអំពីកុសនាឡិជាតក ១ យស ១ ទឹកដោះជូរ ១ ស្វាយ ១ ទាសៈឈ្មោះកដាហកៈ ជាគំរប់ប្រាំ ១ ទឹកដោះស្រស់ ១ វិឡារវត្ត ១ ចចកមានកំប៉ោយ ១ កណ្ដាស់អាក្រក់ ១ ព្រាហ្មណីជាកោសិយគោត្រ ១ ត្រូវជា ១០ ។

អសម្បទានវគ្គ ទី១៤

អសម្បទានជាតក ទី១

[១៣១] (សេដ្ឋីពោធិសត្វ ពោលថា) ការរាប់អានទាំងឡាយ របស់ជនពាល រមែងទៅជាទោស ព្រោះតែមិនទទួលនូវវត្តុ តាមមានតាមបាន ព្រោះហេតុនោះ បានជាយើងខ្ញុំនាំយកសំដីស្រូវកន្លះ មានៈ (៤ នាឡិ) មក កុំឲ្យការមេត្រីរាប់អានរបស់យើង បែកបាក់ទៅឡើយ សូមឲ្យការមេត្រីរាប់អាននេះ នៅទៀងទាត់ ។

ចប់ អសម្បទានជាតក ទី១ ។

បញ្ចភិរុកជាតក ទី២

[១៣២] (ព្រះរាជាពោធិសត្វ ពោលថា) យើងមិនបានលុះក្នុងអំណាចនៃពួកយក្ខិនីឡើយ ព្រោះមាន​សេចក្ដី​ព្យាយាមដ៏មាំ ក្នុងឧបាយ គ្រឿងណែនាំរបស់ព្រះបច្ចេកពុទ្ធ ជាអ្នកឈ្លាសផង ព្រោះភាពជាអ្នកគ្របសង្កត់​សេចក្ដី​ខ្លាច និង​សេចក្ដី​តក់ស្លុតផង សុវត្ថិភាពចាកភ័យដ៏ធំនោះ មានដល់ខ្ញុំ ។

ចប់ បញ្ចភិរុកជាតក ទី២ ។

ឃតាសនជាតក ទី៣

[១៣៣] (ស្ដេចបក្សីពោធិសត្វ ពោលថា) ​សេចក្ដី​ក្សេមក្សាន្ត មាននៅលើខ្នងទឹកណា លើខ្នងទឹកនោះ មានសត្រូវកើតហើយ ព្រោះភ្លើងឆេះត្រង់ពាក់កណ្ដាលនៃទឹក ទីអាស្រ័យនៅ (នៃពួកយើង) លើដើមឈើ (ដែលដុះ) លើផែនដីធំ ក្នុងថ្ងៃនេះគ្មានទេ អ្នកទាំងឡាយ ចូរទៅកាន់ទិសឯទៀតទៅ ថ្ងៃនេះភ័យកើតឡើងដល់យើងទាំងឡាយ អំពីឈើជាទីពឹងហើយ ។

ចប់ ឃតាសនជាតក ទី៣ ។

ឈានសោធនជាតក ទី៤

[១៣៤] (មហាព្រហ្មពោធិសត្វ ពោលថា) ពួកសត្វណា មានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត (មិនបានសមាបត្តិ) ពួកសត្វណា មិនមានសញ្ញា ពួកសត្វនោះក៏ទុគ៌ត អ្នកចូរវៀរនូវសត្វទាំងពីរពួកនោះចេញ សុខដែលកើតអំពីសមាបត្តិនោះ ឈ្មោះថា មិនមានទីទួល គឺកិលេសឡើយ ។

ចប់ ឈានសោធនជាតក ទី៤ ។

ចន្ទាភជាតក ទី៥

[១៣៥] (មហាព្រហ្មពោធិសត្វ ពោលថា) បុគ្គលណា ក្នុងលោកនេះ បាននូវកសិណ មានពន្លឺដូចព្រះចន្ទ (ឱទាតកសិណ) មានពន្លឺដូចព្រះអាទិត្យ (បីតកសិណ) ដោយបញ្ញា បុគ្គលនោះ រមែងទៅកើតក្នុងអាភស្សរព្រហ្មលោក ដោយឈានមិនមានវិតក្កៈ (ទុតិយជ្ឈាន) ។

ចប់ ចន្ទាភជាតក ទី៥ ។

សុវណ្ណហំសជាតក ទី៦

[១៣៦] (ព្រះសាស្ដា ត្រាស់ថា) ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះថា​សេចក្ដី​ល្មោភហួស ជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្ដេចហង្ស ។

ចប់ សុវណ្ណហំសជាតក ទី៦ ។

ពព្វុជាតក ទី៧

[១៣៧] (ព្រះសាស្ដា ត្រាស់ថា) ឆ្មា ១ បានកណ្ដុរក្នុងទីណា ឆ្មាជាគំរប់ពីរ គំរប់បី គំរប់បួន រមែងកើតក្នុងទីនោះ ឆ្មាទាំងនោះ (ប្រហារ) នូវរន្ធនេះ ហើយដល់នូវ​សេចក្ដី​ស្លាប់ ។

ចប់ ពព្វុជាតក ទី៧ ។

គោធជាតក ទី៨

[១៣៨] (ទន្សងពោធិសត្វ ពោលថា) ម្នាលតាបសឥតបញ្ញា ប្រយោជន៍អ្វីដោយជដារបស់អ្នក ប្រយោជន៍អ្វីដោយស្បែកខ្លាឃ្មុំរបស់អ្នក ព្រោះគ្រឿងសាំញាំដោយ (រាគាទិក្កិលេស) មានខាងក្នុងរបស់អ្នក អ្នកខំដុះខាត់តែខាងក្រៅទេ ។

ចប់ គោធជាតក ទី៨ ។

ឧភតោភដ្ឋជាតក ទី៩

[១៣៩] (រុក្ខទេវតាពោធិសត្វ ពោលថា) ភ្នែកទាំងឡាយបែកធ្លាយហើយ សំពត់បាត់ហើយ ការឈ្លោះ ក៏មានក្នុងផ្ទះនៃស្រ្តីជាសំឡាញ់ ការងារទាំងឡាយខូចទាំងសងខាង គឺក្នុងទឹកផង លើគោកផង ។

ចប់ ឧភតោភដ្ឋជាតក ទី៩ ។

កាកជាតក ទី១០

[១៤០] (ក្អែកពោធិសត្វ ពោលថា) ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។

ចប់ កាកជាតក ទី១០ ។

ចប់ អសម្បទានវគ្គ ទី១៤ ។

ឧទ្ទាននៃអសម្បទានវគ្គនោះគឺ

និយាយអំពីវត្ថុតាមមានតាមបាន ១ យក្ខិនី ១ ទីក្សេម ១ អាភស្សរមហាព្រហ្មដូចក្នុងបរោសតបញ្ហា ១ អាភស្សរមហាព្រហ្ម ១ ទៀត ហង្សឧត្ដមប្រសើរ ១ ឆ្មា ១ ជដា ១ ព្រានបាត់សំពត់ ១ ក្អែក ១ ត្រូវជា ១០ ។

កកណ្ដកវគ្គ ទី១៥

គោធជាតក ទី១

[១៤១] (ស្ដេចទន្សងពោធិសត្វ ពោលថា) បុគ្គលអ្នកសេពគប់នូវជនបាប រមែងមិនដល់នូវ​សេចក្ដី​សុខពិតទេ ដូចជាត្រកូលទន្សង មិនបាន​សេចក្ដី​សុខ ព្រោះត្រគួត រមែងញ៉ាំងខ្លួនឲ្យដល់នូវ​សេចក្ដី​វិនាស ។

ចប់ គោធជាតក ទី១ ។

សិង្គាលជាតក ទី២

[១៤២] (សេ្តចចចកពោធិសត្វ ពោលថា) អ្នកដេកធ្វើពុតជាស្លាប់ ដោយហេតុណា ហេតុរបស់អ្នកនុ៎ះ ដឹងបានដោយក្រ តែដំបងមិនរបូតអំពីដៃរបស់អ្នក កំពុងចាប់កាន់នោះ ។

ចប់ សិង្គាលជាតក ទី២ ។

វិរោចនជាតក ទី៣

[១៤៣] (កេសរសីហពោធិសត្វ ពោលថា) ខួរក្បាលរបស់អ្នកធ្លាយចេញផង រលាក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នក ដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។

ចប់ វិរោចនជាតក ទី៣ ។

នង្គុដ្ឋជាតក ទី៤

[១៤៤] (តាបសពោធិសត្វ ពោលថា) ម្នាលភ្លើង ជាអសប្បុរស យើងនឹងបូជាអ្នកដោយកន្ទុយណា កន្ទុយប៉ុណ្ណេះច្រើនហើយ ក្នុងថ្ងៃនេះ សាច់មិនមានដល់អ្នកដ៏គួរដល់សាច់ទេ អ្នកដ៏ចម្រើន ចូរទទួលយកតែកន្ទុយចុះ ។

ចប់ នង្គុដ្ឋជាតក ទី៤ ។

រាធជាតក ទី៥

[១៤៥] (សេកពោធិសត្វ ពោលថា) ម្នាលរាធៈ អ្នករមែងមិនដឹងច្បាស់ថា ពួកមនុស្សប៉ុណ្ណេះ ក្នុងពេលពាក់កណ្ដាលអធ្រាត្រមិនទាន់មកដល់ ពោលចរចានូវពាក្យមិនប្រាកដនឹងនាងព្រាហ្មណី ជាកោសិយគោត្រអ្នកមិនមានតម្រេក (នឹងស្វាមីខ្លួន) ។

ចប់ រាធជាតក ទី៥ ។

កាកជាតក ទី៦

[១៤៦] (ពួកក្អែក ពោលថា) អើ ចង្កាយើងក៏រោយ ទាំងមាត់ក៏ស្ងួតក្រៀមក្រោះ យើងមិនអាចបាចទឹក ក្នុងសមុទ្រឲ្យរីងបានទេ ព្រោះមហាសមុទ្រនៅតែពេញដដែល ។

ចប់ កាកជាតក ទី៦ ។

បុប្ផរត្តជាតក ទី៧

[១៤៧] (មនុស្សទុគ៌ត ពោលថា) ក្អែកចោះអញ ដោយហេតុណា ហេតុនេះ មិនជាទុក្ខទេ ​សេចក្ដី​ទុក្ខនោះ ក៏មិនមានដល់យើងឡើយ ទុក្ខមានដល់យើងនោះ ត្រង់ភរិយាឈ្មោះសាមា មិនស្លៀកសណ្ដប់សំពត់ ដែលជ្រលក់ដោយទឹកដកគាំ ដើរមើលមហោស្រព ក្នុងខែកត្តិក ។

ចប់ បុប្ផរត្តជាតក ទី៧ ។

សិង្គាលជាតក ទី៨

[១៤៨] (ចចកពោធិសត្វ ពោលថា) យើងនឹងមិនចូលកាន់ពោះដំរីទៀត យើងនឹងមិនចូលកាន់ពោះដំរីទៀត យើងនឹងមិនចូលកាន់ពោះដំរីញយ ៗ ទេ ព្រោះយើងត្រូវភ័យគម្រាមហើយ ដូច្នោះ ។

ចប់ សិង្គាលជាតក ទី៨ ។

ឯកបណ្ណជាតក ទី៩

[១៤៩] (ឥសីពោធិសត្វ ពោលថា) ឈើនេះ ទើបតែនឹងមានស្លឹកតែមួយៗ ដុះអំពីផែនដី មិនទាន់ដល់ ៤ធ្នាប់ មានផ្លែដូចជាថ្នាំពិសទៅហើយ ចំណង់ឈើនេះធំឡើង នឹងដូចម្ដេចទៅទៀត ។

ចប់ ឯកបណ្ណជាតក ទី៩ ។

សញ្ជីវជាតក ទី១០

[១៥០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលណា លើកដំកើងនូវជន ជាអសប្បុរសផង ចូលទៅសេពគប់នូវជនជាអសប្បុរសផង ជនជាអសប្បុរសនោះ រមែងធ្វើនូវបុគ្គលនោះឯង ឲ្យទៅជាអាហារ ដូចខ្លានិងសញ្ជីវមាណព ។

ចប់ សញ្ជីវជាតក ទី១០ ។

ចប់ កកណ្តកវគ្គ ទី១៥ ។

ឧទា្ទននៃកកណ្តកវគ្គនោះគឺ

និយាយអំពីបុគ្គលដល់នូវ​សេចក្ដី​សុខ ១ ដំបងប្រសើរ ១ ខួរក្បាល ១ កន្ទុយ ១ សេកឈ្មោះរាធៈ ដ៏ប្រសើរ ជាគំរប់ប្រាំ ១ សមុទ្ទ ១ មហោស្រពខែកត្តិក ១ ពោះដំរី ១ ឈើដុះ ៤ ធ្នាប់ ១ ខ្លាដ៏ប្រសើរ ១ ត្រូវជា ១០ ។

ឧទ្ទាននៃវគ្គមានក្នុងឯកនិបាតនោះគឺ

អបណ្ណកវគ្គ ១ សីលវគ្គ ១ កុរុង្គវគ្គ ១ កុលាវកវគ្គ ១ អត្ថកាមវគ្គ ជាគំរប់ប្រាំ ១ អសឹសវគ្គ ១ ឥត្ថីវគ្គ ១ វរុណវគ្គ ១ អបាយិម្ហវគ្គ ១ លិត្តវគ្គ ១ ត្រូវជា ១០ បរោសតវគ្គ ១ ហំសិវគ្គ ១ កុសនាឡិវគ្គ ១ អសម្បទានវគ្គ ១ កកណ្តកវគ្គ ១ ក្នុងឯកនិបាតប្រដាប់ (ដោយវគ្គដូច្នេះឯង) ។

ចប់ ឯកនិបាត ។

ទុកនិបាត

ទឡ្ហវគ្គ ទី១

រាជោវាទជាតក ទី១

[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែងបោះនូវរបស់មាំដល់បុគ្គលអ្នកមាំ ឈ្នះនូវបុគ្គលទន់ដោយកិរិយាទន់ ឈ្នះនូវសប្បុរស ដោយសប្បុរស ឈ្នះនូវអសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ ។

[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បីឈ្នះបុគ្គលអ្នកក្រោធ ដោយ​សេចក្ដី​មិនក្រោធ គប្បីឈ្នះអសប្បុរស ដោយសប្បុរស គប្បីឈ្នះបុគ្គលកំណាញ់ ដោយការឲ្យ គប្បីឈ្នះបុគ្គលអ្នកពោលពាក្យកុហក ដោយការពោលពាក្យពិត ព្រះរាជានេះ (មានសីល និងអាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ ។

ចប់ រាជោវាទជាតក ទី១ ។

សិគាលជាតក ទី២

[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញ៉ាំងបុគ្គលអ្នកមានការងារមិនបានពិចារណាដោយត្រឹមត្រូវ ឲ្យសំរេចដោយរួសរាន់ឲ្យក្ដៅក្រហាយ ដូចជាវត្ថុក្ដៅដែលបុគ្គលពមចូលទៅក្នុងមាត់ ។

[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញ៉ាំងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយសីហនាទ ចចកនៅក្នុងភ្នំប្រាក់ បានឮសំលេងគឹកកងនៃសត្វសីហៈហើយ ក៏ភ័យតក់ស្លុតបែកហ្ឫទ័យស្លាប់ ។

ចប់ សិគាលជាតក ទី២ ។

សូករជាតក ទី៣

[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាលសំឡាញ់ អ្នកឯងក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ចេញ ។

[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយមិនស្អាត មានរោមប្រឡាក់ដោយវត្ថុស្អុយ មានក្លិនអាក្រក់បក់ទៅ បើអ្នកចង់ច្បាំងគ្នា ម្នាលសំឡាញ់ យើងឲ្យជ័យដល់អ្នកឯង ។

ចប់ សូករជាតក ទី៣ ។

ឧរគជាតក ទី៤

[១៥៧] (គ្រុឌ ពោលថា) ស្ដេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មានភេទដូចជាកែវដែលកើតអំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅក្នុងសំពត់ស្លៀកនេះ ខ្ញុំកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរ ខ្ញុំប្រាថ្នានឹងបរិភោគ តែមិនអាចនឹងបរិភោគបាន ។

[១៥៨] (តាបសពោធិសត្វ ពោលថា) អ្នកមានបុគ្គលដ៏ប្រសើរគ្រប់គ្រងហើយ ចូររស់នៅអស់កាលយូរ អាហារជាទិព្វទាំងឡាយ ចូរកើតប្រាកដដល់អ្នក (ព្រោះថា) អ្នកកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរ អ្នកប្រាថ្នានឹងបិភោគ តែមិនអាចបរិភោគបាន ។

ចប់ ឧរគជាតក ទី៤ ។

ភគ្គជាតក ទី៥

[១៥៩] (មាណពពោធិសត្វ ពោលថា) បពិត្រភគ្គៈ សូមលោករស់នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយ ចូរកុំទំពាស៊ីនូវខ្ញុំឡើយ សូមលោករស់នៅអស់ ១២០ ឆ្នាំ ។

[១៦០] (បិតារបស់ពោធិសត្វ ពោលថា) ចូរអ្នករស់នៅអស់ ១២០ ឆ្នាំដែរ បិសាចទាំងឡាយ ចូរទំពាស៊ីនូវថ្នាំពិស អ្នកចូររស់នៅអស់ ១២០ ឆ្នាំ ។

ចប់ ភគ្គជាតក ទី៥ ។

អលីនចិត្តជាតក ទី៦

[១៦១] (ព្រះសាស្ដា ត្រាស់ថា) សេនាដ៏ច្រើន មានចិត្តរីករាយ ព្រោះអាស្រ័យនូវអលីនចិត្តរាជកុមារ បានញ៉ាំងដំរីឲ្យចាប់យកព្រះបាទកោសលទាំងរស់ដែលមិនត្រេកអរហើយ ដោយរាជសម្បត្តិរបស់ខ្លួនយ៉ាងណាមិញ ។

[១៦២] ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ មាន​សេចក្ដី​ព្យាយាមប្រារព្ធហើយ កាលចម្រើននូវកុសលធម៌ ដើម្បីសម្រេចនូវព្រះនិពា្វនជាទីក្សេមចាកយោគៈ គប្បីដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងដោយលំដាប់ ក៏យ៉ាងនោះដែរ ។

ចប់ អលីនចិត្តជាតក ទី៦ ។

គុណជាតក ទី៧

[១៦៣] (ចចក ពោលថា) អ្នកមានកម្លាំង បណ្ដេញ (នូវបុគ្គលអ្នកសេពគប់នឹងខ្លួន) តាម​សេចក្ដី​ប្រាថ្នាបាន បពិត្រស្ដេចម្រឹគ (នេះ) ជាធម្មតានៃអ្នកមានកម្លាំង បពិត្រស្ដេចម្រឹគ អ្នកមានចង្កូមស្រួច លោកចូរដឹងចុះ មរណភ័យកើតហើយអំពីទីជាទីពឹង (របស់យើង) ។

[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមានកម្លាំងខ្សោយ តែតាំងនៅក្នុងមិត្រធម៌ទាំងឡាយ បុគ្គលនោះ ហៅថាជាញាតិផង ជាផៅពង្សផង បុគ្គលនោះហៅថា មិត្រផង បុគ្គលនោះហៅថា សំឡាញ់របស់យើងផង ម្នាលមេម្រឹគមានចង្កូម នាងកុំមើលងាយចចកឈ្មោល និងចចកញីជាសំឡាញ់យើងឡើយ ព្រោះចចក ជាអ្នកឲ្យជីវិតដល់យើង ។

ចប់ គុណជាតក ទី៧ ។

សុហនុជាតក ទី៨

[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះសុហនុ ធ្វើនូវ​សេចក្ដី​ស្រលាញ់នេះ ជាមួយនឹងសេះឈ្មោះសោណៈ មិនមែនដោយមារយាទមិនស្មើគ្នាទេ ​សេចក្ដី​ប្រព្រឹត្តរបស់សេះឈ្មោះសោណៈយ៉ាងណា សេះឈ្មោះសុហនុ ក៏ប្រាកដយ៉ាងនោះដែរ ។

[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និងការឃ្នើសឃ្នង និងការខាំកាត់នូវខ្សែជានិច្ច អំពើអាក្រក់ស្មើគ្នា ដោយអំពើអាក្រក់ ការមិនរៀបរយស្មើគ្នា ដោយការមិនរៀបរយ ។

ចប់ សុហនុជាតក ទី៨ ។

មោរជាតក ទី៩

[១៦៧] (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងរះឡើង ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់វេលាថ្ងៃក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់​សេចក្ដី​ត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះ ធ្វើបរិត្តនេះរួចហើយ ទើបត្រាច់ទៅស្វែងរកអាហារ ។

[១៦៨] (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងអស្ដង្គតទៅ ខ្ញុំសូមនមស្ការ នូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់រាត្រីក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់​សេចក្ដី​ត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វ ធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ ។

ចប់ មោរជាតក ទី៩ ។

វិនីលកជាតក ទី១០

[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះវិនីលកៈទៅបានយ៉ាងណាមិញ សេះអាជានេយ្យទាំងឡាយ នាំនូវព្រះបាទវិទេហៈអ្នកគ្រប់គ្រងក្រុងមិថិលា ក៏យ៉ាងនោះដែរ ។

[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅវិនីលៈ អ្នកគប់រកនូវព្រៃភ្នំមានច្រកចង្អៀត ម្នាលកូន អ្នកសេពនូវកន្លែងមិនមែនជាទីរបស់អ្នក ៗ ចូរសេពនូវកន្លែងជាទីបំផុតនៃស្រុកចុះ ទីនោះជាលំនៅរបស់មាតាអ្នកហើយ ។

ចប់ វិនីលកជាតក ទី១០ ។

ចប់ ទឡ្ហវគ្គ ទី១ ។

ឧទ្ទាននៃទឡ្ហវគ្គនោះគឺ និយាយអំពីព្រះបាទពលិ្លកៈដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករៈ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្តៈ ១ ជាគំរប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះសុហនុដ៏ឧត្ដម ១ ក្ងោក ១ វិនីលកៈ ១ ត្រូវជា ១០ ។

សន្ថវវគ្គ ទី២

ឥន្ទសមានគោត្តជាតក ទី១

[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បីធ្វើ​សេចក្ដី​ស្និទ្ធស្នាលជាមួយនឹងបុរសលាមក អរិយបុគ្គល ដឹងច្បាស់នូវប្រយោជន៍ (ក៏មិនគប្បីធ្វើនូវ​សេចក្ដី​ស្និទ្ធស្នាល ជាមួយនឹងបុគ្គលមិនមែនជាអរិយៈ (បុគ្គលមិនមែនជាអរិយៈ) សូម្បីនៅជាមួយគ្នាអស់កាលយូរ រមែងធ្វើអំពើអាក្រក់ ដូចជាដំរីកាលព្រេចនូវតាបសឈ្មោះឥន្ទសមានគោត្រ ។

[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវមេត្រីជាមួយនឹងជននោះចុះ (ព្រោះ) ការគប់រកដោយសប្បុរស តែងនាំមកនូវ​សេចក្ដី​សុខដោយពិត ។

ចប់ ឥន្ទសមានគោត្តជាតក ទី១ ។

សន្ថវជាតក ទី២

[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយនឹងបុរសលាមក របស់ដទៃលាមកក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាភ្លើងដែលយើងឲ្យឆ្អែតដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹកដែលយើងធ្វើហើយដោយលំបាក ។

[១៧៤] ការស្និទ្ធស្នាលណា ជាមួយនឹងសប្បុរស របស់ដទៃប្រសើរក្រៃលែងជាងការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជាមេម្រឹគឈ្មោះសាមា លិទ្ធមាត់នៃស្ដេចរាជសីហ៍ផង ខ្លាធំផង ខ្លាដម្បងផង ព្រោះការស្និទ្ធស្នាល ។

ចប់ សន្ថវជាតក ទី២ ។

សុសីមជាតក ទី៣

[១៧៥] (ពោធិសត្វ ពោលថា) បពិត្រព្រះរាជា ទ្រង់ព្រះនាមសុសីមៈ ម្រឹគខ្មៅ មានភ្លុកស (ដំរី) នេះ របស់ព្រះអង្គច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ព្រះអង្គទ្រង់រឭកនូវព្រះបិតា និងធីតា (របស់ខ្ញុំព្រះអង្គ) ទើបត្រាស់ថា អញនឹងឲ្យដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែនឬ ។

[១៧៦] (ព្រះរាជា ត្រាស់ថា) ម្នាលមាណព ម្រឹគខ្មៅមានភ្លុកសនេះ របស់ខ្ញុំច្រើនជាងរយ បិទបាំងដោយបណ្ដាញមាស ខ្ញុំកាលរឭកនូវបិតា និងធីតា ទើបពោលថា ខ្ញុំនឹងឲ្យនូវដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះមែន ។

ចប់ សុសីមជាតក ទី៣ ។

គិជ្ឈជាតក ទី៤

[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើលឃើញសាកសពចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជាអ្នកហើរមកដល់បណ្ដាញ និងអន្ទាក់ហើយ ក៏នៅតែមិនភ្ញាក់ខ្លួន ។

[១៧៨] (ត្មាតពោធិសត្វ ពោលថា) ​សេចក្ដី​វិនាស មានក្នុងវេលាណា សត្វមកដល់បណ្ដាញ និងអន្ទាក់ រមែងមិនបានភ្ញាក់ខ្លួនក្នុងការអស់ទៅនៃជីវិត ក្នុងវេលានោះ ។

ចប់ គិជ្ឈជាតក ទី៤ ។

នកុលជាតក ទី៥

[១៧៩] (តាបសពោធិសត្វ ពោលថា) ម្នាលស្កាជាជលាពុជៈ អ្នកធ្វើនូវមិត្តភាពដោយសត្រូវដែលជាអណ្ឌជៈកំណើតហើយ មកដេកបញ្ចេញចង្កូម តើ​សេចក្ដី​ភ័យ មានមកដល់អ្នកអំពីទីណា ។

[១៨០] (ស្កា ពោលថា) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បីស្និទ្ធស្នាល សូម្បីក្នុងមិត្រ ភ័យដែលកើតឡើងអំពីជនដែលមិនគួរភ័យ រមែងកាត់នូវឫសគល់ទាំងឡាយបាន ។

ចប់ នកុលជាតក ទី៥ ។

ឧបសាឡ្ហកជាតក ទី៦

[១៨១] (តាបសពោធិសត្វ ពោលថា) ពួកញាតិឈ្មោះឧបសាឡ្ហកៈ ចំនួន ១៤០០០ នាក់ គេដុតហើយ ក្នុងប្រទេសនេះ ក្នុងលោករកទីដែលមិនមានគេស្លាប់ មិនមានឡើយ ។

[១៨២] សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាននៅក្នុងបគ្គលណា ព្រះអរិយៈទាំងឡាយ រមែងសេពគប់នូវបុគ្គលនុ៎ះ គុណជាតនុ៎ះឈ្មោះថា មិនចេះស្លាប់ ក្នុងលោក ។

ចប់ ឧបសាឡ្ហកជាតក ទី៦ ។

សមិទ្ធិជាតក ទី៧

[១៨៣] (នាងទេពធីតា ពោលប្រលោមថា) បពិត្រភិក្ខុ លោកមិនទាន់បរិភោគកាមសិន ហើយត្រាច់ទៅ ដើម្បីភិក្ខុភាព បើលោកបរិភោគកាមរួចហើយ សឹមត្រាច់ទៅ ដើម្បីភិក្ខា មិនបានឬ បពិត្រភិក្ខុ សូមលោកបរិភោគកាមសិន ហើយសឹមត្រាច់ទៅ ដើម្បីភិក្ខាចុះ កុំឲ្យកាល (ជាទីបរិភោគកាម) កន្លងនូវលោកបានឡើយ ។

[១៨៤] (តាបសពោធិសត្វ ពោលថា) យើងមិនបានដឹងនូវមរណកាលដោយពិត មរណកាលកំបាំងមិនប្រាកដ ព្រោះហេតុនោះ បានជាយើងមិនបរិភោគកាម ហើយត្រាច់ទៅដើម្បីភិក្ខា កុំឲ្យកាល (ធ្វើសមណធម៌) កន្លងនូវយើងបានឡើយ ។

ចប់ សមិទ្ធិជាតក ទី៧ ។

សកុណគ្ឃិជាតក ទី៨

[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក ដោយកម្លាំងរហ័ស ឆាបនូវសត្វប្រចៀចដែលទំនៅលើ (អាចម៍បំណះ) ជាទីគោចរ (របស់ខ្លួន) ក៏ដល់នូវ​សេចក្ដី​ស្លាប់ ដោយហេតុនោះទៅ ។

[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌ដោយឧបាយ ត្រេកអរក្នុងទីគោចរជារបស់បិតា ឃើញនូវប្រយោជន៍របស់ខ្លួន ហើយប្រាសចាកសត្រូវ នៅរីករាយ ។

ចប់ សកុណគ្ឃិជាតក ទី៨ ។

អរកជាតក ទី៩

[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោកទាំងមូល ដោយមេត្តាចិត្តក្នុងទិសខាងលើផង ទិសខាងក្រោមផង ទិសទទឹងផង ដោយអាការទាំងពួង រកប្រមាណមិនបាន ។

[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណមិនបាន ឈ្មោះថាបុគ្គលបានចម្រើនបរិបូណ៌ហើយ អំពើណា ដែលបុគ្គលបានធ្វើល្មមប្រមាណ អំពើនោះ រមែងមិនសល់នៅក្នុងចិត្តរបស់បុគ្គលអ្នកបានចម្រើននោះឡើយ ។

ចប់ អរកជាតក ទី៩ ។

កកណ្ឋកជាតក ទី១០

[១៨៩] (ព្រះបាទវិទេហៈ ត្រាស់ថា) កាលពីដើម បង្កួយនេះនៅលើក្លោងទ្វារ មិនក្រអឺតក្រអោងទេ ម្នាលមហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជាបង្កួយត្រឡប់ទៅជារបឹងរឹងរូសវិញ ។

[១៩០] (មហោសថពោធិសត្វ ពោលថា) បង្កួយបានរបស់ដែលមិនធ្លាប់បាន ចំនួនកន្លះមាសកៈ រមែងមើលងាយព្រះបាទវិទេហៈ ដែលសោយរាជ្យក្នុងនគរមិថិលា ។

ចប់ កកណ្ឋកជាតក ទី១០ ។

ចប់ សន្ថវវគ្គ ទី២ ។

ឧទ្ទាននៃសន្ថវវគ្គនោះគឺ

និយាយអំពីឥន្ទសមានតាបស ១ ខ្ទមស្លឹក ១ ព្រះរាជាសុសីមៈ ១ ត្មាត ១ ស្កាជាជលាពុជ ១ ឧបសាឡ្ហកព្រាហ្មណ៍ ១ ភិក្ខុ ១ ប្រចៀចដ៏ប្រសើរ ១ មេត្តាដ៏ប្រសើរ ១ បង្កួយក្រអើតក្រអោង ១ ត្រូវជា ១០ ។

កល្យាណធម្មវគ្គ ទី៣

កល្យាណធម្មជាតក ទី១

[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាលណា នរជនប្រកបដោយបញ្ញា ដល់នូវសមញ្ញា (ឈ្មោះ) ថាជាអ្នកមានកល្យាណធម៌ក្នុងលោក (កាលនោះ) មិនគប្បីឲ្យសាបសូន្យចាកសមញ្ញានោះ សប្បុរសទាំងឡាយ តែងកាន់យកនូវបព្វជ្ជាធុរៈដោយហិរិ និងឱត្តប្បៈ ។

[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមានកល្យាណធម៌ក្នុងលោក មកដល់ខ្ញុំក្នុងថ្ងៃនេះ ហើយខ្ញុំព្រះអង្គពិចារណាឃើញនូវសមញ្ញានោះ នឹងបួសក្នុងថ្ងៃនេះ ​សេចក្ដី​ពេញចិត្តក្នុងការបរិភោគកាមក្នុងលោកនេះ មិនមានដល់ខ្ញុំទេ ។

ចប់ កល្យាណធម្មជាតក ទី១ ។

ទទ្ទរជាតក ទី២

[១៩៣] (កូនសីហៈ សួរថា) បពិត្រសីហរាជ ជាធំជាងម្រឹគ នរណាហ្ន៎ មានសំឡេងខ្លាំង ញ៉ាំងភ្នំទទ្ទរៈឲ្យលាន់ឮ ពួកសីហៈ មិនបន្លឺតបទៅនឹងវាឡើយ សត្វដែលបន្លឺសំឡេងគឹកកងបាននុ៎ះ ជាសត្វឈ្មោះអ្វី ។

[១៩៤] (សីហៈពោធិសត្វ ពោលថា) ម្នាលកូន ចចក ជាសត្វថោកទាបជាងម្រឹគទាំងឡាយ វាបន្លឺឡើង ពួកសីហៈ កាលខ្ពើមរអើមនូវជាតិរបស់វា រមែងនាំគ្នាអង្គុយនៅស្ងៀម ។

ចប់ ទទ្ទរជាតក ទី២ ។

មក្កដជាតក ទី៣

[១៩៥] (តាបសជាកូន ពោលថា) បពិត្របិតា មាណពនុ៎ះ បានឈរផ្អែកនឹងគល់ត្នោត រោងរបស់យើងនេះមាន បើដូច្នោះ យើងនឹងប្រគល់រោងឲ្យទៅមាណពនោះចុះ ។

[១៩៦] (តាបសពោធិសត្វ ពោលថា) ម្នាលកូន អ្នកកុំហៅវាឡើយ វាគប្បីប្រទូស្តនូវរោងរបស់យើងមិនខាន មុខព្រាហ្មណ៍ដែលមានសីលធម៌ល្អ មិនមែនបែបយ៉ាងនេះទេ ។

ចប់ មក្កដជាតក ទី៣ ។

ទុព្ភិយមក្កដជាតក ទី៤

[១៩៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) យើងបានឲ្យទឹកច្រើនដល់ឯង ដែលត្រូវកំដៅថ្ងៃបៀតបៀនស្រេកហើយ ឥឡូវនេះ ឯងផឹកហើយ ធ្វើសំឡេងគំហកថា កិកិ ដូច្នេះ ការសេពគប់ដោយជនអាក្រក់ មិនប្រសើរឡើយ ។

[១៩៨] (ស្វាទេវទត្ត ពោលថា) អ្នកឯងដែលបានឮ ឬបានឃើញថា ស្វាណាមានសីលធម៌ ឥឡូវនេះ យើងនឹងបន្ទោបង់វច្ចៈលើក្បាលរបស់អ្នកឯង នេះជាធម្មតារបស់ពួកយើង ។

ចប់ ទុព្ភិយមក្កដជាតក ទី៤ ។

អាទិច្ទុបដ្ឋានជាតក ទី៥

[១៩៩] (ពួកមនុស្ស ពោលថា) បានឮថា បណ្ដាពួកសត្វទាំងអស់ (មានពួកសត្វខ្លះ) ប្រកបដោយសីលធម៌ អ្នកចូរមើលស្វាដ៏លាមកដែលកំពុងឈរនមស្ការព្រះអាទិត្យ ។

[២០០] (តាបសពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនបានដឹងច្បាស់នូវមារយាទរបស់ស្វានេះទេ អ្នកទំាងឡាយ ពោលសរសើរស្វា ព្រោះមិនដឹងស្វានោះ ដុតនូវរោងបូជាភ្លើងផង ទំលាយនូវក្អមទឹកពីរផង ។

ចប់ អាទិច្ទុបដ្ឋានជាតក ទី៥ ។

កឡាយមុដ្ឋិជាតក ទី៦

[២០១] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វាមិនមានទេ វាបានបាចសណ្ដែកមួយកំបង់ចោលអស់ ទើបទៅស្វែងរកសណ្ដែកមួយគ្រាប់ដែលជ្រុះទៅ ។

[២០២] បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្ដី ជនទាំងឡាយដទៃដែលល្មោភក្រៃលែងក្ដី គប្បីលះបង់របស់ច្រើនព្រោះរបស់តិច ដូចជាស្វាកាលលះបង់សណ្ដែកច្រើន ព្រោះសណ្ដែកតិចដូច្នោះឯង ។

ចប់ កឡាយមុដ្ឋិជាតក ទី៦ ។

តិន្ទុកជាតក ទី៧

[២០៣] (ពួកស្វា ពោលថា) យើងត្រូវពួកមនុស្សមានធ្នូ និងបំពង់ព្រួញក្នុងដៃ កាន់ដាវដ៏មុត ព័ទ្ធជុំវិញហើយ ធ្វើម្ដេចនឹងរួចខ្លួនបាន ។

[២០៤] (ស្វាពោធិសត្វ ពោលថា) ​សេចក្ដី​ត្រូវការនីមួយ គប្បីកើតឡើងដល់ពួកមនុស្សដែលមានកិច្ចច្រើនដោយពិត ផ្លែឈើច្រើន យើងរើសប្រមូលមកហើយ អ្នកទាំងឡាយ ចូរនាំគ្នាស៊ីនូវផ្លែទន្លាប់នោះចុះ ។

ចប់ តិន្ទុកជាតក ទី៧ ។

កច្ឆបជាតក ទី៨

[២០៥] (អណ្ដើក និយាយថា) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះ ធ្វើឲ្យទុព្វលភាព បពិត្រភត្តវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។

[២០៦] បុគ្គលបាន​សេចក្ដី​សុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើនរបស់បុរសជាអ្នកដឹង (នូវប្រយោជន៍ និងមិនមែនប្រយោជន៍ ) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។

ចប់ កច្ឆបជាតក ទី៨ ។

សតធម្មជាតក ទី៩

[២០៧] (មាណពឈ្មោះសតធម្ម ពោលថា) (អាហារណា ដែលបានបរិភោគហើយ) បាយនោះជារបស់តិចផង សល់ដែលផង បុរសចណ្ឌាល បានឲ្យបាយនោះដល់យើងដោយ​សេចក្ដី​លំបាក យើងប្រកបដោយជាតិជាព្រាហ្មណ៍ អាហារណាដែលយើងបានបរិភោគហើយ អាហារនោះឯង ក៏ក្អួតចេញមក ។

[២០៨] (ព្រះសាស្ដា ត្រាស់ថា) ភិក្ខុណាលះបង់នូវធម៌ គឺអាជីវបារិសុទ្ធិសីល ហើយចិញ្ចឹមជីវិតដោយខុសធម៌យ៉ាងនេះ ភិក្ខុនោះមិនត្រេកអរ ដោយលាភដែលខ្លួនបានហើយ ដូចជាសតធម្មមាណព ។

ចប់ សតធម្មជាតក ទី៩ ។

ទុទ្ទទជាតក ទី១០

[២០៩] (តាបសពោធិសត្វ ពោលថា) ពួកសប្បុរស កាលឲ្យនូវទាន ដែលគេឲ្យបានដោយកម្រ ធ្វើនូវអំពើដែលគេធើ្វបានដោយកម្រ ពួកអសប្បុរសធ្វើតាម (នូវអំពើនោះ) មិនបានសភាពនៃសប្បុរសទាំងឡាយ គេដឹងបានដោយកម្រ ។

[២១០] (ព្រោះហេតុនោះ ដំណើរអំពីលោកនេះរបស់សប្បុរស និងអសប្បុរស រមែងបែកផ្សេង ៗ គ្នា ពួកអសប្បុរស រមែងទៅកាន់នរក ពួកសប្បុរស រមែងទៅកាន់ឋានសួគ៌ ។

ចប់ ទុទ្ទទជាតក ទី១០ ។

ចប់ កល្យាណធម្មវគ្គ ទី៣ ។

ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ

និយាយអំពីសមញ្ញាល្អ ១ មិគាធិភូ ឬសីហៈជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្ដែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះសតធម្ម ១ ទានដែលឲ្យបានដោយក្រពេក ១ ត្រូវជា ១០ ។

អសទិសវគ្គ ទី៤

អសទិសជាតក ទី១

[២១១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជបុត្រទ្រង់ព្រះនាមអសទិសៈ ជាខ្មាន់ធ្នូមានកម្លាំងច្រើន បាញ់ធ្នូទៅក្នុងទីឆ្ងាយ បាញ់ត្រង់ ទំលាយនូវកងទ័ពធំបាន ។

[២១២] ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបានបៀតបៀននូវជនណាមួយឡើយ ធ្វើព្រះអនុជឲ្យសួស្ដី ហើយដល់នូវ​សេចក្ដី​សង្រួម គឺចូលទៅកាន់ផ្នួស ។

ចប់ អសទិសជាតក ទី១ ។

សង្គាមាវចរជាតក ទី២

[២១៣] (ទម័កដំរីពោធិសត្វ ពោលថា) ម្នាលដំរី អ្នកល្បីថាជាសត្វចូលសង្គ្រាម មានកម្លាំងក្លៀវក្លា ហេតុអ្វី មកដល់ក្លោងទ្វារហើយ ក៏ថយក្រោយទៅវិញ ។

[២១៤] ម្នាលដំរី អ្នកចូរញាំញីទំលាយនូវសន្ទះទ្វារ ហើយដកភើចសសរខឿនចេញឲ្យឆាប់ ចូរញាំញីនូវក្លោងទារ ហើយចូលទៅយ៉ាងឆាប់ ។

ចប់ សង្គាមាវចរជាតក ទី២ ។

វាលោទកជាតក ទី៣

[២១៥] (ព្រះរាជាពារាណសី ត្រាស់ថា) ​សេចក្ដី​ស្រវឹងកើតឡើងដល់ពួកលា ព្រោះផឹកទឹកដែលច្រស់ដោយសម្បកក្រចៅ មានរសតិច ជារបស់ថោកទាប ​សេចក្ដី​ស្រវឹងមិនកើតដល់ពួកសេះសិន្ធវៈ ព្រោះផឹកទឹកមានរសដ៏ឧត្ដមនេះទេ ។

[២១៦] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន សត្វដែលមានជាតិថោកទាប ផឹកទឹកមានរសតិចហើយ សត្វនោះ ត្រូវទឹកមានរសតិចពាល់ត្រូវហើយ រមែងស្រវឹង ចំណែកសត្វអ្នកនាំនូវធុរៈ និងមានមារយាទ កើតក្នុងត្រកូល (ដ៏ខ្ពស់) បានផឹកទឹកមានរសដ៏ប្រសើរ រមែងមិនស្រវឹងទេ ។

ចប់ វាលោទកជាតក ទី៣ ។

គិរិទត្តជាតក ទី៤

[២១៧] (អមាត្យពោធិសត្វ ក្រាបទូលថា) សេះឈ្មោះបណ្ឌវៈរបស់ព្រះរាជាទ្រង់ព្រះនាមសាមៈ ដែលគង្វាលឈ្មោះគិរិទត្តប្រទូស្តរ៉ាយហើយ បានលះប្រក្រតីរបស់ខ្លួនពីដើមចេញ ហើយប្រព្រឹត្តតាមនាយគង្វាលនោះ ។

[២១៨] ថាបើបុរសមានជាតិដ៏សមគួរដល់សេះនោះ កាត់កោរសក់ និងពុកមាត់ដោយអាការដ៏ល្អ គប្បីកាន់សេះនោះត្រង់បង្ហៀរ ហើយដឹកក្រឡឹងក្នុងមណ្ឌលក្រោល សេះនោះ នឹងលះបង់នូវ (អាការខ្ចកចេញ) ហើយធ្វើតាមបុរសនោះវិញដោយឆាប់ ។

ចប់ គិរិទត្តជាតក ទី៤ ។

អនភិរតិជាតក ទី៥

[២១៩] (អាចារ្យទិសាបាមោក្ខ ពោលថា) កាលបើទឹកល្អក់មិនថ្លា បុគ្គលរមែងមើលមិនឃើញនូវខ្ចងខ្ចៅ និងគ្រួស ដីខ្សាច់ ហ្វូងត្រី យ៉ាងណាមិញ កាលបើចិត្តល្អក់ហើយ បុគ្គលនោះ ក៏មើលមិនឃើញនូវប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ យ៉ាងនោះដែរ ។

[២២០] កាលបើទឹកថ្លាស្អាត បុគ្គលរមែងមើលឃើញនូវខ្ចងខ្ចៅ និងក្រួស ខ្សាច់ ហ្វូងត្រីបាន យ៉ាងណាមិញ កាលបើចិត្តមិនល្អក់ហើយ បុគ្គលនោះ ក៏មើលឃើញនូវប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃបាន យ៉ាងនោះដែរ ។

ចប់ អនភិរតិជាតក ទី៥ ។

ទធិវាហនជាតក ទី៦

[២២១] (ព្រះបាទទធិវាហនៈ ត្រាស់សួរថា) ក្នុងកាលមុន ដើមស្វាយនេះ ប្រកបដោយពណ៌ ក្លិន និងរស បាននូវគ្រឿងសក្ការៈបូជានោះដដែល ហេតុអ្វីស្វាយ ក៏មានផ្លែល្វីងទៅវិញ ។

[២២២] (អមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជាទ្រង់ព្រះនាមទធិវាហនៈ ស្វាយរបស់ព្រះអង្គ មានដើមស្ដៅដុះរួបរិតជុំវិញ ឫសច្រឡំគ្នាដោយឫស មែកពាក់ព័ន្ធគ្នានឹងមែក ដោយការនៅជាមួយនឹងដើមស្ដៅមិនមានរសផ្អែម ព្រោះហេតុនោះ បានជាស្វាយត្រឡប់ជាមានផ្លែល្វីងទៅវិញ ។

ចប់ ទធិវាហនជាតក ទី៦ ។

ចតុមដ្ឋជាតក ទី៧

[២២៣] (ចចក ពោលថា) អ្នកទាំងឡាយ ឡើងទៅលើប្រគាបឈើដ៏ខ្ពស់ ហើយនិយាយគ្នាក្នុងទីស្ងាត់ អ្នកទាំងឡាយ ចូរចុះមកខាងក្រោម និយាយគ្នាវិញ ស្ដេចម្រឹគនឹងស្ដាប់ផង ។

[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតានិយាយគ្នានឹងទេវតា ប្រយោជន៍អ្វីដល់ចចកជាសត្វទទេ ស្អាតចាកសម្បត្តិ ៤

[ហេតុ ៤យ៉ាង គឺ សរីរៈ ១ ជាតិ ១ សម្លេង ១ គុណ ១ (អដ្ឋកថា) ។] ក្នុងរឿងនោះ ម្នាលសត្វលាមក ឯងចូរទៅកាន់រូងវិញទៅ ។

ចប់ ចតុមដ្ឋជាតក ទី៧ ។

សីហកោត្ថុកជាតក ទី៨

[២២៥] (កូនសីហៈ ពោលថា) សីហៈ ១ នោះ មានម្រាមជើងជាសីហៈ មានក្រចកជាសីហៈ ឈរដោយជើងជាសីហៈ តែបន្លឺឡើងប្លែកម្នាក់ឯងក្នុងហ្វូងសីហៈ ។

[២២៦] (សីហពោធិសត្វ ពោលថា) ម្នាលកូនស្ដេចសីហៈ អ្នកកុំបន្លឺឡើយ អ្នកចូរមានសម្លេងតិចនៅក្នុងព្រៃ ហ្វូងសត្វគប្បីស្គាល់អ្នកដោយសម្លេង ព្រោះសម្លេងអ្នកមិនមែនកាត់បានមកខាងឪពុកឡើយ ។

ចប់ សីហកោត្ថុកជាតក ទី៨ ។

សីហធម្មជាតក ទី៩

[២២៧] (អ្នកស្រែពោធិសត្វ ពោលថា) នុ៎ះមិនមែនសម្រែកសីហៈ មិនមែនសម្រែកខ្លាធំ មិនមែនសម្រែកខ្លាដម្បងទេ លាដ៏លាមក គេដណ្ដប់គ្របដោយស្បែកសីហៈ ស្រែកទេតើ ។

[២២៨] (ពាណិជ ពោលថា) លាដណ្ដប់ដោយស្បែកសីហៈ ស៊ីស្រូវសំទូងនោះ អស់កាលជាយូរណាស់ហើយ ទាល់តែស្រែក (ឲ្យគេដឹង) បានជាប្រទូស្ដខ្លួន ។

ចប់ សីហធម្មជាតក ទី៩ ។

សីលានិសំសជាតក ទី១០

[២២៩] (សមុទ្ទទេវតាពោធិសត្វ ពោលថា) អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំឧបាសកមានសទ្ធា ។

[២៣០] បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវ​សេចក្ដី​ស្និទ្ធស្នាលជាមួយនឹងពួកសប្បុរស ដូចជាងផ្ងូតទឹក ដល់នូវសួស្ដី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។

ចប់ សីលានិសំសជាតក ទី១០ ។

ចប់ អសទិសវគ្គ ទី៤ ។

ឧទ្ទាននៃអសទិសវគ្គនោះគឺ

និយាយអំពីខ្មាន់ធ្នូ ១ កុញ្ជរ ១ មានរសតិច ១ គង្វាលសេះ ឈ្មោះគិរិទត្ត ១ ចិត្តថ្លាជាចិត្តប្រសើរ ១ ព្រះរាជាទធិវាហនៈ ១ ចចកជម្ពុកៈ ១ សត្វមានក្រចកជាសីហៈ ១ ស្រូវសំទូង ១ នាគដ៏ប្រសើរ ១ ត្រូវជា ១០ ។

រុហកវគ្គ ទី៥

រុហកជាតក ទី១

[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍ដ៏ចម្រើន ខ្សែបន្លោះធ្នូសូម្បីដាច់ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់ជាមួយនឹងនាងបូរាណីវិញចុះ កុំលុះក្នុងអំណាចនៃ​សេចក្ដី​ក្រោធឡើយ ។

[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅដែល (ទន់) មាន ទាំងជនអ្នកធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវខ្សែបន្លោះធ្នូដទៃ មិនគួរឡើយនឹងតភ្ជាប់ជាមួយនឹងនាងបូរាណីទេ ។

ចប់ រុហកជាតក ទី១ ។

សិរីកាឡកណ្ណិជាតក ទី២

[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមានរូបល្អ តែស្រ្តីនោះមានសីល បុរសមិនគប្បីប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ ។

[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំជឿ បុរសដែលថោកទាប (មិនត្រូវការនឹងស្រ្តីនោះទេ) (ព្រោះ) សិរី និងកាឡកណ្ណី រមែងមិនចួបប្រសព្វគ្នាក្នុងកាលណាម្ដងឡើយ ។

ចប់ សិរីកាឡកណ្ណិជាតក ទី២ ។

ចុល្លបទុមជាតក ទី៣

[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុត មិនមែនអ្នកដទៃឡើយ គឺអាកំបុតនេះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយ មិនមានពាក្យសច្ចៈ ។

[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធនៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀក និងច្រមុះនៃស្រ្តីដែលរស់នៅ គោរពប្ដីអាក្រក់នេះផង ។

ចប់ ចុល្លបទុមជាតក ទី៣ ។

មណិចោរជាតក ទី៤

[២៣៧] (នាងសុជាតា ពោលថា) ពួកទេវតា (ជាអ្នករមិលមើលពួកជនអ្នកមានសីលក្នុងលោកនេះ) មិនមាន រមែងប្រាសខ្ចាត់ខ្ចាយដោយពិត (ពួកសមណព្រាហ្មណ៍) ដែលគេសន្មតថាជាលោកបាលក្នុងលោកនេះ ក៏មិនមានដោយពិត ទាំងពួកជនអ្នកហាមឃាត់នូវជនទាំងឡាយអ្នកមិនសង្រួម ធ្វើតែអំពើដ៏សហ័ស (អាក្រក់) ក៏មិនមានដោយពិត ។

[២៣៨] (ព្រះឥន្រ្ទ ត្រាស់ថា) ក្នុងរាជ្យនៃស្ដេចមិនប្រកបដោយធម៌នោះ ភ្លៀងរមែងបង្អុរចុះក្នុងកាលមិនគួរ មិនបង្អុរចុះក្នុងកាលដែលគួរ ឯស្ដេចមិនប្រកបដោយធម៌នោះ រមែងច្យុតចាកឋានសួគ៌ ត្រូវគេសម្លាប់ចោលដោយហេតុត្រឹមប៉ុណ្ណេះដោយពិត ។

ចប់ មណិចោរជាតក ទី៤ ។

បព្វតូបត្ថរជាតក ទី៥

[២៣៩] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ស្រះបោក្ខរណីដ៏ត្រជាក់ កើតហើយក្បែរជើងភ្នំ ជាទីរីករាយ ចចកកាលដឹងថា ស្រះបោក្ខរណីនោះ សីហៈរក្សាហើយ ក៏នៅតែផឹក (ទឹកក្នុងស្រះនោះ) ។

[២៤០] (អមាត្យពោធិសត្វ ពោលថា) បពិត្រមហារាជ (មិនត្រឹមតែចចកប៉ុណ្ណេះទេ) ពួកសត្វដែលមានជើង រមែងនាំគ្នាចុះផឹកទឹកស្ទឹងធំដែរ (តែស្ទឹងធំនោះ) នឹងក្លាយទៅជាមិនមែនស្ទឹងដោយហេតុនោះក៏ទេ បើ (ស្រ្ដីនោះ) ជាទីស្រលាញ់របស់ព្រះអង្គហើយ សូមព្រះអង្គអត់ទោសចុះ ។

ចប់ បព្វតូបត្ថរជាតក ទី៥ ។

វលាហកជាតក ទី៦

[២៤១] (ព្រះសាស្ដា ត្រាស់ថា) ពួកនរជនណា មិនធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវ​សេចក្ដី​វិនាស ដូចពួកឈ្មួញដែលអារក្សទឹកទាំងឡាយ (លួងលោមហើយ) ។

[២៤២] (ម្យ៉ាងទៀត ពួកនរជនណា ធ្វើតាមឱវាទដែលព្រះពុទ្ធសំដែងហើយ ពួកនរជននោះ នឹងដល់នូវត្រើយ គឺព្រះនិព្វានដោយសួស្ដី ដូចពួកឈ្មួញ (ធ្វើតាមពាក្យ) ដែលស្ដេចវលាហក (ពោលហើយ) ។

ចប់ វលាហកជាតក ទី៦ ។

មិត្តាមិត្តជាតក ទី៧

[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គលនោះហើយ មិនញញឹមផង មិនរីករាយតបនឹងបុគ្គលនោះផង មិនឲ្យភ្នែកចំពោះបុគ្គលនោះ គឺមិនសំឡឹងចំភ្នែកនឹងភ្នែកផង ប្រព្រឹត្តខ្មាំងសត្រូវ (ចំពោះបុគ្គលនោះផង) ។

[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវបុគ្គលមិនមែនជាមិត្ត ដោយអាការៈទាំងឡាយណា អាការៈទាំងឡាយនុ៎ះ រមែងមានតាំងនៅក្នុងបុគ្គលមិនមែនជាមិត្ត ។

ចប់ មិត្តាមិត្តជាតក ទី៧ ។

រាធជាតក ទី៨

[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពីទីព្រាត់ប្រាសហើយ ទើបនឹងមកដល់ក្នុងកាលអម្បាញ់មិញនេះ ម្នាលអ្នក ចុះមាតារបស់អ្នក មិនចូលទៅសេពនឹងបុរសដទៃខ្លះទេឬ ។

[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោលវាចា ដែលប្រកបដោយសច្ចៈនេះ តែមិនល្អ គប្បីដេកដូចជាសេកឈ្មោះបោដ្ឋបាទ ត្រូវនាងព្រាហ្មណីដុត ក្នុងជើងក្រានដូច្នោះ ។

ចប់ រាធជាតក ទី៨ ។

គហបតិជាតក ទី៩

[២៤៧] (គហបតីពោធិសត្វ ពោលថា) ហេតុទាំងពីរយ៉ាង មិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។

[២៤៨] ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គម ហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកទឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ ។

ចប់ គហបតិជាតក ទី៩ ។

សាធុសីលជាតក ទី១០

[២៤៩] (ព្រាហ្មណ៍ សួរថា) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃបុគ្គលចាស់ ភាពនៃបុគ្គលមានជាតិល្អ ភាពនៃបុគ្គលមានសីលល្អ យើងសូមសួរអ្នកជាព្រាហ្មណ៍ថា បណ្ដាបុគ្គលទាំងបួននាក់នោះ តើយើងប្រាថ្នានូវបុគ្គលណា ។

[២៥០] (អាចារ្យពោធិសត្វ ពោលថា) ​សេចក្ដី​ចម្រើនរមែងមានក្នុងបុគ្គលមានសរីរៈល្អ យើងសូមធ្វើនមស្ការចំពោះបុគ្គលចាស់ ​សេចក្ដី​ចម្រើន រមែងមានក្នុងបុគ្គលដែលមានជាតិល្អ តែសីលរមែងពេញចិត្តដល់យើងទាំងឡាយ ។

ចប់ សាធុសីលជាតក ទី១០ ។

ចប់ រុហកវគ្គ ទី៥ ។

ឧទ្ទាននៃរុហកវគ្គនោះគឺ

និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែលគេប្រហារដោយអង្រែ ១ ទេវតាព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគំរប់ ៥ តពីនោះមក ពួកឈ្មួញរួចពីអារក្សទឹក ១ ញញឹម ១ ការមកអស់កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក ។

នតំទឡ្ហវគ្គ ទី៦

ពន្ធនាគារជាតក ទី១

[២៥១] (តាបសពោធិសត្វ ពោលថា) ចំណងណា កើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅដំណេកទន្សាយក្ដី ចំណងនោះ អ្នកប្រាជ្ញទាំងឡាយមិនហៅថាចំណងមាំឡើយ ជនទាំងឡាយមាន​សេចក្ដី​ត្រេកអរដ៏ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលទាំងឡាយផង ​សេចក្ដី​អាឡោះអាល័យ ក្នុងកូន និងប្រពន្ធទាំងឡាយផង ។

[២៥២] អ្នកប្រាជ្ញទាំងឡាយ ពោលថា ចំណងនុ៎ះមាំ អាចទាញសត្វទំលាក់ចុះក្នុងអបាយ ជាចំណងដ៏ធូរ តែបុគ្គលស្រាយបានដោយក្រ ចំណែកខាងអ្នកប្រាជ្ញទាំងឡាយ បានកាត់នូវចំណង គឺកិលេសនេះ ហើយមិនមាន​សេចក្ដី​អាឡោះអាល័យ បានលះបង់នូវ​សេចក្ដី​សុខក្នុងកាម ចៀសចេញទៅ ។

ចប់ ពន្ធនាគារជាតក ទី១ ។

កេឡិសីលជាតក ទី២

[២៥៣] (ព្រះសាស្ដា ត្រាស់ថា) ហង្សទាំងឡាយក្ដី ក្រៀលទាំងឡាយក្ដី ក្ងោកទាំងឡាយក្ដី ដំរីទាំងឡាយក្ដី ពួកម្រឹគពិសេសក្ដី សត្វទាំងអស់ រមែងខ្លាចសត្វសីហៈ (ព្រោះ) ការប្រៀបផ្ទឹមក្នុងកាយមិនមានឡើយ ។

[២៥៤] បណ្ដាមនុស្សទាំងឡាយ (មនុស្សណា) បើទុកជាខ្លួននៅក្មេង តែមានប្រាជ្ញាវាងវៃ មនុស្សនោះ ទើបឈ្មោះថា ធំក្នុងពួកមនុស្សនោះ មនុស្សល្ងង់ខ្លៅ សូម្បីមានសរីរៈ (ធាត់ធំ) ក៏មិនឈ្មោះថាធំឡើយ ។

ចប់ កេឡិសីលជាតក ទី២ ។

ខន្ធបរិត្តជាតក ទី៣

[២៥៥] (តាបសពោធិសត្វ ពោលថា) ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះវិរូបក្ខៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះឯរាបថៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះឆព្យាបុត្តៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងត្រកូលស្ដេចនាគឈ្មោះកណ្ហាគោតមកៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វឥតជើងទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងពីរទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើង ៤ ទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមានជាមួយ) នឹងសត្វជើងច្រើនទាំងឡាយផង សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ សត្វជើងពីរកុំបៀតបៀនអាត្មាអញឡើយ សត្វជើង ៤ កុំបៀតបៀនអាត្មាអញឡើយ សត្វជើងច្រើនកុំបៀតបៀនអាត្មាអញឡើយ សព្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា សូមសព្វសត្វ (ទាំងនោះ) ឃើញនូវ​សេចក្ដី​ចម្រើនទាំងឡាយ ​សេចក្ដី​លាមកអាក្រក់តិចតួច កុំមកដល់ឡើយ គឺថា កុំកើតមានដល់សត្វទាំងនោះឡើយ ។

[២៥៦] ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្ដុរ សុទ្ធតែមានប្រមាណ (មិនច្រើនដូចគុណព្រះរតនត្រ័យ) កិរិយារក្សា អាត្មាអញបានធ្វើហើយ កិរិយាការពារ អាត្មាអញបានធ្វើហើយ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀសចេញទៅ អាត្មាអញ (ធ្វើ) នូវនមស្ការ ចំពោះព្រះមានព្រះភាគ នមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧ ព្រះអង្គ ។

ចប់ ខន្ធបរិត្តជាតក ទី៣ ។

វីរកជាតក ទី៤

[២៥៧] (ប្រពន្ធរបស់ក្អែកគោក សួរថា) នែក្អែកទឹកឈ្មោះវីរកៈ អ្នកឃើញសត្វស្លាបដែលពោលពាក្យពីរោះ មានភ្នួតកដូចជាភ្នួតកនៃក្ងោក ជាក្អែកគោកឈ្មោះសវិដ្ឋកៈ ជាប្ដីរបស់ខ្ញុំដែរឬ ។

[២៥៨] (ក្អែកទឹកពោធិសត្វ ពោលថា) ក្អែកសវិដ្ឋកៈ កាលធ្វើតាមសត្វស្លាប អ្នកត្រាច់ទៅក្នុងទឹក និងលើគោក បានបរិភោគត្រីស្រស់ជានិច្ចនោះ ត្រូវសារាយព័ន្ធព័ទ្ធស្លាប់ទៅហើយ ។

ចប់ វីរកជាតក ទី៤ ។

គង្គេយ្យជាតក ទី៥

[២៥៩] (អណ្ដើក ពោលថា) ត្រីទាំងឡាយ នៅក្នុងទន្លេគង្គាក៏ល្អ ត្រីទាំងឡាយនៅក្នុងទន្លេយមុនាក៏ល្អ តែបុរសមានជើង ៤ នេះ

[បុរសមានជើង ៤ នេះ សំដៅយកអណ្តើកនេះឯង ។

អដ្ឋកថា ។] មានបរិមណ្ឌលដូចដើមជ្រៃផង មានកវែងដូចចន្ទោលនៃរថផង ល្អរុងរឿងលើសអ្នកទាំងឡាយរាល់គ្នាទៅទៀត ។

[២៦០] (ត្រីទាំងឡាយ ពោលថា) យើងសួរហេតុណា មិនប្រាប់ហេតុនោះ យើងសួរហើយត្រឡប់ប្រាប់ហេតុដទៃវិញ សត្វសរសើរតែខ្លួនឯងនេះ មិនគាប់ចិត្តយើងទេ ។

ចប់ គង្គេយ្យជាតក ទី៥ ។

កុរុង្គមិគជាតក ទី៦

[២៦១] (សត្វចចាត ពោលថា) ម្នាលអណ្ដើក សូមអ្នកកាត់នូវអន្ទាក់ព្រ័ត្រ ដោយធ្មេញចុះ យើងនឹងធ្វើព្រានមិនឲ្យមកបាន ។

[២៦២] (ព្រះសាស្ដា ត្រាស់ថា) អណ្ដើកចូលទៅកាន់ទឹក សត្វប្រើសក៏ចូលទៅព្រៃ ឯសត្វចចាត បាននាំកូនទាំងឡាយអំពីចុងឈើ ទៅក្នុងទីឆ្ងាយ ។

ចប់ កុរុង្គមិគជាតក ទី៦ ។

អស្សកជាតក ទី៧

[២៦៣] (សត្វកំពោងញី ពោលថា កាលពីដើម) ឧយ្យានប្រទេសនេះ ខ្ញុំបានត្រាច់ទៅជាមួយនឹងស្ដេចអស្សកៈ ជាប្ដី ជាទីស្រលាញ់ដែលខ្ញុំប្រាថ្នាគេ ៗ ប្រាថ្នានូវខ្ញុំ ។

[២៦៤] ​សេចក្ដី​សុខ និងទុក្ខថ្មី តែងបិទបាំងនូវសុខ និងទុក្ខចាស់ ព្រោះហេតុនោះ សត្វកំពោងឈ្មោល ជាទីស្រលាញ់របស់ខ្ញុំជាងស្ដេចអស្សកៈទៅទៀត ។

ចប់ អស្សកជាតក ទី៧ ។

សុំសុមារជាតក ទី៨

[២៦៥] (ស្វាពោធិសត្វ ពោលថា) ផ្លែឈើទាំងឡាយណា (ដែលអ្នកឃើញហើយ) នាត្រើយសមុទ្រខាងនាយ ផ្លែឈើទាំងនោះ គឺផ្លែស្វាយក្ដី ផ្លែព្រីងក្ដី ផ្លែខ្នុរក្ដី មិនគួរដល់យើងឡើយ ដើមល្វា (នេះឯង) ជាឈើដ៏ប្រសើររបស់យើង ។

[២៦៦] សរីរៈរបស់អ្នក ធំមែន ប៉ុន្តែប្រាជ្ញាសមគួរនឹងសរីរៈនោះមិនមាន នែក្រពើ ឯងត្រូវអញបញ្ឆោតហើយ ឥឡូវ ចូរឯងទៅតាមស្រួលចុះ ។

ចប់ សុំសុមារជាតក ទី៨ ។

កក្ករជាតក ទី៩

[២៦៧] (មាន់ព្រៃ ពោលថា) ដើមត្រចៀកប្រើស និងដើមស្រម៉ពិភេទទាំងឡាយដុះក្នុងព្រៃ យើងធ្លាប់ឃើញហើយ អ្នកអាចឈានដើរទៅកាន់ដើមឈើបានយ៉ាងណា ឯឈើទាំងនោះ មិនអាចឈានដើរទៅបានយ៉ាងនោះទេ ។

[២៦៨] (ព្រាន ពោលថា) មាន់ព្រៃចាស់នេះ ទំលាយនូវទ្រុងចេញមកហើយ ជាសត្វឈ្លាសក្នុងអន្ទាក់ ដែលធ្វើដោយរោមកន្ទុយ ក៏បានចេញទៅផង និយាយផង ។

ចប់ កក្ករជាតក ទី៩ ។

កន្ទគលកជាតក ទី១០

[២៦៩] (សត្វសសេះឈ្មោះកន្ទគលកៈ ពោលថា) ម្នាលសសេះឈ្មោះខទិរវនិយៈដ៏ចម្រើន អំបែងក្បាលបែកហើយ ដោយការប្រហារតែម្ដង ឰដ៏ដើមឈើណា ដើមឈើនេះ មានស្លឹកល្អិតប្រកបដោយបន្លា តើជាឈើឈ្មោះអ្វី ។

[២៧០] (ខទិរនិវយបក្សី ពោលថា) ឱហ្ន៎ សសេះនេះ កាលចោះនូវឈើក្នុងព្រៃទាំងឡាយ បានហើរទៅក្នុងពួកឈើមិនមានខ្លឹម ជាចំណែកនៃឈើស្ងួត ក្នុងកាលជាខាងក្រោយមក សសេះ (នេះ) បានហើរមកទំលាយអំបែងក្បាល (របស់ខ្លួន) នឹងដើមសង្កែ ជាឈើ

[ន័យដោយច្រើន គេប្រែថា ដើមគគី ។] មានខ្លឹមអំពីកំណើត ។

ចប់ កន្ទគលកជាតក ទី១០ ។

ចប់ នតំទឡ្ហវគ្គ ទី៦ ។

ឧទ្ទាននៃនតំទឡ្ហវគ្គនោះគឺ

និយាយអំពីចំណងមាំ ១ ហង្សប្រសើរ ១ ស្ដេចនាគឈ្មោះវិរូបក្ខៈ ១ ក្អែកគោកឈ្មោះសវិដ្ឋកៈ ១ ត្រីដ៏ប្រសើរ ១ ប្រើស ១ ស្ដេចឈ្មោះអស្សកៈ ១ ផ្លែស្វាយដ៏ប្រសើរ ១ មាន់ ១ សសេះ ១ ត្រូវជា ១០ ។

ពីរណត្ថម្ភកវគ្គ ទី៧

សោមទត្តជាតក ទី១

[២៧១] (ពោធិសត្វ ពោលថា បពិត្រលោកអាពុក) លោកមិនមាន​សេចក្ដី​ធ្វេសប្រហែសជានិច្ច បានធ្វើ​សេចក្ដី​ព្យាយាម ក្នុងព្រៃស្មសាន ដ៏ដេរដាសដោយគុម្ពនៃស្បូវអណ្ដាស អស់ ១ ឆ្នំា (កាលបើដូច្នេះ) លោកចូរទៅកាន់បរិសទ្យ ហើយធ្វើ (នូវហេតុនោះ) ឲ្យទៅជាហេតុដទៃវិញ ​សេចក្ដី​ព្យាយាម រមែងមិនរក្សានូវបុគ្គលដែលឥតប្រាជ្ញាឡើយ ។

[២៧២] (ព្រាហ្មណ៍ ពោលថា) ម្នាលសោមទត្តជាកូន ធម្មតាជនអ្នកសូមគេ រមែងដល់នូវហេតុពីរយ៉ាង គឺមិនបាននូវទ្រព្យ ១ បាននូវទ្រព្យ ១ ព្រោះថា ការសូមគេ រមែងមានសភាពយ៉ាងនេះជាធម្មតា ។

ចប់ សោមទត្តជាតក ទី១ ។

ឧច្ឆិដ្ឋភត្តជាតក ទី២

[២៧៣] (ព្រាហ្មណ៍ ពោលថា) អាការខាងលើដទៃ អាការខាងក្រោមដទៃ ម្នាលនាងព្រាហ្មណី អញសួរចំពោះនាងថា បាយខាងក្រោម តើដូចម្ដេច បាយខាងលើ តើដូចម្ដេច ។

[២៧៤] (កូនអ្នករបាំពោធិសត្វ ពោលថា) ម្នាលអ្នកដ៏ចម្រើន ខ្ញុំអ្នករបាំ ជាអ្នកសូម មកដល់ក្នុងទីនេះ ឯសហាយរបស់នាងព្រាហ្មណីនេះ ចុះទៅហើយកាន់ជង្រុក អ្នកស្វែងរកនូវបុរសណា បុរសនោះ នេះឯង ។

ចប់ ឧច្ឆិដ្ឋភត្តជាតក ទី២ ។

ភរុរាជជាតក ទី៣

[២៧៥] (ព្រះសាស្ដា ត្រាស់ថា) តថាគតបានឮដូច្នេះថា ស្ដេចនៅក្នុងដែនភរុ បានធ្វើនូវទោសដល់ពួកឥសី ស្ដេចនោះ (ដល់នូវឆន្ទាគតិ) ក៏ដាច់សូន្យព្រមទាំងដែន ដល់នូវ​សេចក្ដី​វិនាស ។

[២៧៦] ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ តែងមិនសសើរនូវការលុះក្នុងឆន្ទាគតិ (បុគ្គល) មានចិត្ត គឺកិលេសមិនប្រទូស្តហើយ គប្បីពោលនូវវាចាដែលប្រកបដោយសច្ចៈ ។

ចប់ ភរុរាជជាតក ទី៣ ។

បុណ្ណនទីជាតក ទី៤

[២៧៧] (ព្រះរាជាទ្រង់លិខិតក្នុងព្រះរាជសាសន៍ថា) ជនទាំងឡាយពោលនូវស្ទឹង ដែលល្មមសត្វណាផឹកបាន ថាជាស្ទឹងពេញហើយផង ជនទាំងឡាយពោលនូវសន្ទូង ដែលល្មមសត្វណាពួនបាន ថាជាសន្ទូងកើតហើយផង ជនទាំងឡាយហៅរកនូវបុគ្គលដែលទៅហើយកាន់ទីឆ្ងាយដោយសត្វណាផង សត្វនោះ យើងនាំមកហើយដើម្បីអ្នក ម្នាលព្រាហ្មណ៍ ចូរអ្នកបរិភោគ (នូវសាច់ក្អែកនេះ) ចុះ ។

[២៧៨] (ពោធិសត្វ ពោលថា) កាលណាស្ដេចរឭកអញ សូម្បីតែសាច់ក្អែកក៏ផ្ញើមក (កាលស្ដេចបាន) ហង្សក្ដី ក្រៀលក្ដី ក្ងោកក្ដី (ហេតុអ្វីក៏មិនរឭក) ការមិនរឭកនេះឯង ជា​សេចក្ដី​លាមកបំផុត (ក្នុងលោក) ។

ចប់ បុណ្ណនទីជាតក ទី៤ ។

កច្ឆបជាតក ទី៥

[២៧៩] (អាមាត្យពោធិសត្វ ពោលថា) អណ្ដើក កាលបើឈើ ខ្លួនពាំស៊ប់ហើយ ហានិយាយសម្លាប់នូវខ្លួនឯង ឈ្មោះថាសម្លាប់ដោយវាចារបស់ខ្លួន ។

[២៨០] បពិត្រព្រះអង្គមានព្យាយាមប្រសើរជាងជន (ឯបណ្ឌិតបុរស) ឃើញនូវហេតុនេះហើយ មិនគប្បីបញ្ចេញវាចាជាកុសល ឲ្យហួសវេលា ព្រះអង្គគង់នឹងទតឃើញអណ្ដើក ដែលដល់នូវ​សេចក្ដី​វិនាស ព្រោះតែនិយាយច្រើន ។

ចប់ កច្ឆបជាតក ទី៥ ។

មច្ឆជាតក ទី៦

[២៨១] (ត្រីឈ្មោល ពោលថា) ភ្លើងនេះអញមិនក្ដៅ ឈើស្រួចដែលគេបិតសំរួចល្អហើយ ក៏អញមិនឈឺ អញឈឺតែត្រង់មេត្រីសម្គាល់អញ ថាទៅត្រេកអរនឹងមេត្រីដទៃនោះ ។

[២៨២] ភ្លើង គឺរាគៈនោះ រលាកនូវអញផង ចិត្ត (ដ៏សម្បយុត្តដោយរាគៈ) ក៏ញ៉ាំងអញឲ្យក្ដៅផង បពិត្រព្រានសំណាញ់ទាំងឡាយ សូមអ្នកទាំងឡាយលែងខ្ញុំទៅ (សត្វដែលឋិតនៅ) ក្នុងកាម អ្នកទាំងឡាយកុំបៀតបៀនក្នុងហេតុនីមួយ ។

ចប់ មច្ឆជាតក ទី៦ ។

សេគ្គុជាតក ទី៧

[២៨៣] (បិតា ពោលថា) សត្វលោកទាំងអស់ ជាអ្នកមានចិត្តរីករាយ (ដោយការសេពកាម) នាងសេគ្គុ ជាស្រីមិនឈ្លាសក្នុងធម៌របស់អ្នកស្រុក នាងដែលយើងចាប់ហើយ យំក្នុងព្រៃ ដោយធម្មតាណា ធម្មតានោះរបស់នាង ឈ្មោះថា នៅក្មេងទេឬ ។

[២៨៤] (នាងសេគ្គុកុមារិកា ពោលថា) ជនណាគប្បីជាទីពឹងរបស់ខ្ញុំ ដែលទុក្ខពាល់ត្រូវហើយ ជននោះជាបិតារបស់ខ្ញុំ បានប្រទូស្តក្នុងព្រៃ ខ្ញុំនោះកន្ទក់កន្ទេញចំពោះអ្នកណា ក្នុងកណ្ដាលព្រៃ បិតាណា ជាអ្នកការពារ បិតានោះធ្វើនូវកម្មដ៏សហ័ស ។

ចប់ សេគ្គុជាតក ទី៧ ។

កូដវាណិជជាតក ទី៨

[២៨៥] (វិនិច្ឆយាមាត្យពោធិសត្វ ពោលថា) កលបញ្ឆោតតបចំពោះបុគ្គលអ្នកមានកលបញ្ឆោត អ្នកគិតល្អហើយ ការកោងតបចំពោះបុគ្គលអ្នកកោង អ្នកបានតទល់ (ល្អ) ហើយ ថាបើកណ្តុរទាំងឡាយ គប្បីស៊ីនូវផាលមែន ហេតុអ្វីក៏សត្វខ្លែងទាំងឡាយ នាំក្មេងទៅមិនបាន ។

[២៨៦] ព្រោះថា បុគ្គលកោងតបទាំងឡាយ រមែងមានចំពោះបុគ្គលអ្នកកោង បុគ្គលអ្នកបោកប្រាស ដទៃអំពីបុគ្គលអ្នកបោកប្រាស រមែងមាន (ដល់) បុគ្គលអ្នកបោកប្រាស ម្នាលបុរសអ្នកបាត់កូន អ្នកចូរឲ្យនូវផាលដល់បុរសអ្នកបាត់ផាល កុំឲ្យអ្នកបាត់ផាលលួចកូនអ្នកទៅឡើយ ។

ចប់ កូដវាណិជជាតក ទី៨ ។

គរហិតជាតក ទី៩

[២៨៧] (ពានរពោធិសត្វ ពោលថា) វាចាដែលពោលថា ប្រាក់របស់អញ មាសរបស់អញ អស់យប់ និងថ្ងៃនេះ ជាវាចារបស់មនុស្សទាំងឡាយអ្នកឥតប្រាជ្ញា មិនឃើញអរិយធម៌ ។

[២៨៨] ក្នុងផ្ទះមួយ មានម្ចាស់ផ្ទះពីរ ៗ នាក់ បណ្ដាម្ចាស់ផ្ទះពីរនាក់នោះ ម្ចាស់ផ្ទះម្នាក់

[សំដៅយកមនុស្សស្រី ។

អដ្ឋកថា ។] មិនមានពុកមាត់ មានដោះយារចុះ មានផ្នួងសក់បួងហើយ មានត្រចៀកចោះប្រដាប់ហើយ ដែលគេទិញដោយទ្រព្យដ៏ច្រើន ម្ចាស់ផ្ទះនោះ តែងពោលចាក់ដោតនូវជននោះ ។

ចប់ គរហិតជាតក ទី៩ ។

ធម្មទ្ធជជាតក ទី១០

[២៨៩] (សក្កទេវរាជ ពោលថា) អ្នកមានសភាពរស់នៅជាសុខ ចេញចាកដែន ហើយមកកាន់ព្រៃដ៏ស្ងាត់ អ្នកនោះតែម្នាក់ឯង អង្គុយសញ្ជប់សញ្ជឹងនៅជិតគល់ឈើ (ក្នុងព្រៃ) ដូចជាមនុស្សកំព្រា ។

[២៩០] (បុរោហិតពោធិសត្វ ពោលថា) ខ្ញុំមានសភាពរស់នៅជាសុខ ចេញចាកដែន ហើយមកកាន់ព្រៃស្ងាត់ ខ្ញុំនោះតែម្នាក់ឯង ការរឭកធម៌របស់សប្បុរស អង្គុយសញ្ជប់សញ្ជឹង ជិតគល់ឈើ (ក្នុងព្រៃ) ដូចជាមនុស្សកំព្រា ។

ចប់ ធម្មទ្ធជជាតក ទី១០ ។

ចប់ ពីរណត្ថម្ភកវគ្គ ទី៧ ។

ឧទ្ទាននៃពីរណត្ថម្ភកវគ្គនោះគឺ

និយាយអំពីគុម្ពស្មៅរណ្ដាសដ៏ប្រសើរ ១ អ្នករបាំ ១ ស្ដេចភុរុដ៏ឧត្ដមប្រសើរ ១ ស្ទឹងពេញដោយទឹក ១ បុគ្គលនិយាយច្រើន ១ ភ្លើង ១ ព្រៃធំ ១ សត្វកណ្ដុរ ១ មនុស្សដោះយារ ១ មនុស្សកំព្រា ១ ត្រូវជា ១០ ។

កាសាវវគ្គ ទី៨

កាសាវជាតក ទី១

[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេសមិនទាន់លះចេញហើយ ជាអ្នកប្រាសចាកទមៈ (ការទូន្មាននូវឥន្រ្ទិយ) និងសច្ចៈ និងស្លៀកដណ្ដប់នូវសំពត់ ដែលជ្រលក់ដោយទឹកចត់ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់ឡើយ ។

[២៩២] ចំណែកខាងបុគ្គលណា មានទឹកចត់ គឺកិលេសខ្ជាក់ចោលហើយ មានចិត្តតាំងមាំល្អក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្ដប់នូវសំពត់ជ្រលក់ដោយទឹកចត់បាន ។

ចប់ កាសាវជាតក ទី១ ។

ចុល្លននិ្ទយជាតក ទី២

[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោលនូវពាក្យណាថា បាបកម្មណា ដែលធ្វើហើយ ញ៉ាំងអ្នកឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបកម្មនោះឡើយ នេះជាពាក្យរបស់អាចារ្យ ។

[២៩៤] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវអំពើទាំងឡាយនោះ ចំពោះខ្លួន បុរសអ្នកធ្វើអំពើល្អ រមែងទទួលផលល្អ ចំណែកខាងបុរសអ្នកធ្វើអំពើអាក្រក់ រមែងទទួលផលអាក្រក់ បុគ្គលសាបព្រោះនូវពូជណា រមែងបាននូវផ្លែបែបនោះ ។

ចប់ ចុល្លននិ្ទយជាតក ទី២ ។

បុដភត្តជាតក ទី៣

[២៩៥] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលគប្បីឱនលំទោនតបចំពោះបុគ្គលអ្នកឱនលំទោនខ្លួន គប្បីគប់រកនូវបុគ្គលអ្នកគប់រកខ្លួន គប្បីធ្វើកិច្ចតបចំពោះបុគ្គលអ្នកធ្វើនូវកិច្ចដល់ខ្លួន កុំគប្បីធ្វើប្រយោជន៍ដល់បុគ្គលអ្នកប្រាថ្នានូវ​សេចក្ដី​វិនាសដល់ខ្លួន មិនគប្បីរាប់រកនូវបុគ្គលអ្នកមិនរាប់រកខ្លួន ។

[២៩៦] បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បីធ្វើនូវឈើដែលតាំងនៅក្នុងព្រៃ គឺ​សេចក្ដី​ប៉ុនប៉ងក្នុងបុគ្គលនោះ មិនគប្បីសមាគមជាមួយនឹងបុគ្គលដែលមានចិត្តវិប្បលាស សត្វស្លាបដឹងនូវឈើដែលមានផ្លែអស់ហើយ រមែងសំឡឹងរកនូវដើមឈើឯទៀត ដែលមានផ្លែយ៉ាងណា (បុគ្គលគប្បីគប់រកបុគ្គលដទៃ យ៉ាងនោះដែរ) ព្រោះថា លោកសន្និវាសនៅធំទូលាយណាស់ ។

ចប់ បុដភត្តជាតក ទី៣ ។

កុម្ភីលជាតក ទី៤

[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណាមានធម៌ ៤ យ៉ាង គឺសច្ចៈ ១ សុចរិតធម៌ ១ ​សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចម្រើនក្រៃលែង បុគ្គលនោះ រមែងកន្លងនូវសត្រូវបាន ។

[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ ​សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចម្រើនក្រៃលែង បុគ្គលនោះ រមែងមិនកន្លងនូវសត្រូវបានទេ ។

ចប់ កុម្ភីលជាតក ទី៤ ។

ខន្តិវណ្ណនជាតក ទី៥

[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរសរបស់ទូលព្រះបង្គំម្នាក់ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សម្គាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹងធ្វើដូចម្ដេច ។

[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នកប្រទូស្ត) ក្នុងផ្ទះរបស់យើងមានដែរ ឯបុរសបែបនេះ (ឥឡូវនេះ) មានក្នុងទីនេះ តែបុរសអ្នកប្រកបដោយចំណែកនៃគុណ គេរកបានដោយកម្រ បានជាយើងចូលចិត្តអត់ធន់ ។

ចប់ ខន្តិវណ្ណនជាតក ទី៥ ។

កោសិយជាតក ទី៦

[៣០១] (អាមាត្យពោធិសត្វ ពោលថា) ការចេញទៅក្នុងកាលគួរ ជាការប្រពៃ ការចេញទៅក្នុងកាលមិនគួរ មិនជាការប្រពៃទេ ព្រោះថា (ជនណាមួយ) ចេញទៅក្នុងកាលមិនគួរ រមែងមិនញ៉ាំងប្រយោជ៍តិចតួចឲ្យកើតបាន ជនជាសត្រូវដ៏ច្រើន នឹងចោមចាប់នូវបុរសតែម្នាក់ឯង (ដែលចេញទៅក្នុងកាលមិនគួរ ហើយឲ្យដល់នូវ​សេចក្ដី​វិនាសដ៏ធំ) ដូចសេនាក្អែក (ចោមចឹក) នូវសត្វមៀម (ដែលចេញទៅក្នុងកាលមិនគួរ) ។

[៣០២] អ្នកប្រាជ្ញដឹងនូវរបៀប និងការចាត់ចែង ដឹងនូវទោសរបស់ជនទាំងឡាយដទៃ បានធ្វើនូវមិត្រទាំងអស់ឲ្យលុះក្នុងអំណាចរបស់ខ្លួន គប្បីបាននូវ​សេចក្ដី​សុខដូចសត្វមៀម (មានប្រាជ្ញាចឹកក្បាលក្អែកឲ្យដាច់ស្លាប់) បាន​សេចក្ដី​សុខដូច្នោះ ។

ចប់ កោសិយជាតក ទី៦ ។

គូថបាណកជាតក ទី៧

[៣០៣] (សត្វកំពោង ពោលថា) អ្នកជាសត្វក្លៀវក្លា មកចួបប្រទះនឹងយើងជាអ្នកក្លៀវក្លា មាន​សេចក្ដី​ប្រឹងប្រែង អាចប្រហារគ្នាបាន នែដំរី អ្នកចូរមក អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជារត់ទៅ អ្នកស្រុកអង្គៈ និងមគធៈទាំងឡាយ ចូរមើល​សេចក្ដី​ព្យាយាម របស់យើង និងអ្នក ។

[៣០៤] (ដំរី ពោលថា) យើងនឹងមិនសម្លាប់អ្នកដោយជើង មិនសម្លាប់ដោយភ្លុក មិនសម្លាប់ដោយប្រមោយទេ យើងនឹងសម្លាប់អ្នកដោយអាចម៍ សត្វស្អុយ ចូរវិនាសដោយរបស់ស្អុយ ។

ចប់ គូថបាណកជាតក ទី៧ ។

កាមនីតជាតក ទី៨

[៣០៥] (ព្រះបាទពារាណសី ត្រាស់ថា) យើងប្រាថ្នានូវដែន ជាចន្លោះនៃក្រុងទាំង ៣ គឺដែនបញ្ចាលៈ ១ កុរុ ១ កេកកៈ ១ ម្នាលព្រាហ្មណ៍ យើងត្រូវការរាជសម្បត្តិ ក្នុងក្រុងទាំង ៣ នោះ ក្រៃលែងជាងរាជសម្បត្តិក្នុងក្រុងពាណសីនោះទៅទៀត ម្នាលព្រាហ្មណ៍ អ្នកចូររក្សានូវយើង ដែលកាមនាំទៅហើយ ។

[៣០៦] (សក្កទេវរាជពោធិសត្វ ត្រាស់ថា) ពេទ្យពួកខ្លះ រមែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលពស់ចឹកហើយ បណ្ឌិតទាំងឡាយ តែងធ្វើ (នូវការរក្សា) ចំពោះបុគ្គលដែលខ្មោចចូលហើយ បុគ្គលនីមួយ (ក្រៅពីបណ្ឌិត) រមែងមិនធ្វើនូវការរក្សា ចំពោះបុគ្គលដែលកាមនាំទៅហើយ ព្រោះថា ការរក្សាដូចម្ដេច ចំពោះបុគ្គលដែលមានធម៌សដាក់ចុះហើយ ។

ចប់ កាមនីតជាតក ទី៨ ។

បលាយិជាតក ទី៩

[៣០៧] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) ក្រុងតក្កសិលា យើងឡោមព័ទ្ធជុំវិញហើយ ដោយពពក គឺពលដំរី ស្រែកសំទារដ៏ប្រសើរដោយកម្រងផ្កា គឺពលសេះដ៏ប្រសើរ ដោយរលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរ ដោយខ្មាន់ធ្នូជាអ្នកលបចាំប្រហារមាំ ។

[៣០៨] អ្នកទាំងឡាយ ចូរស្ទុះទៅផង ចូរលោតផ្លោះទៅផង ចូរស្រែកដោយសម្លេងផ្សេងៗ (មួយអន្លើ) ដោយពលដំរីទាំងឡាយ សម្លេងគឺកកងដ៏ខ្លាំង (ប្រាកដស្មើដោយសម្លេងនៃរន្ទះ) ចូរប្រព្រឹត្តទៅក្នុងថ្ងៃនេះ ដូចជាផ្លេកបន្ទោរ ដែលចេញផុតចាកមេឃកាលគ្រហឹមដូច្នោះ ។

ចប់ បលាយិជាតក ទី៩ ។

ទុតិយបលាយិជាតក ទី១០

[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថប្រមាណមិនបាន ពលពាហនៈមានត្រើយមិនមានទីបំផុត (រាប់មិនបាន) ពួកសត្រូវគ្របសង្កត់បានដោយក្រ ដូចជាសមុទ្ទសាគរ ដែលហ្វូងក្អែក (គ្របសង្កត់បានដោយក្រ) (ពួកពលរបស់យើងនេះ) ពួកពលដទៃគ្របសង្កត់បានដោយក្រ ដូចជាភ្នំដែលខ្យល់គ្របសង្កត់បានដោយក្រ ក្នុងថ្ងៃនេះ អាត្មាអញប្រកបដោយពលប្រាកដដូច្នោះ កម្រអ្នកណានឹងគ្របសង្កត់បាន ។

[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយនូវអំពើពាលឡើយ ព្រោះបុគ្គលប្រហែលដូចព្រះអង្គ មិន (អាចយករាជសម្បត្តិបានទេ) ព្រះអង្គក្ដៅអន្ទះអន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈតែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គរមែងមិនបាននូវបុគ្គលប្រាកដស្មើដោយខ្ញុំ ដែលជាអ្នកកំចាត់បង់ទេ ដំរីណា នឹងគក់បោកនូវព្រះអង្គ ដូចជាជាន់ឈ្លីនូវដើមបបោសដោយជើង ព្រះអង្គដូចជាដំរី (ចុះប្រេង) ចូលទៅរក ត្រាច់ទៅតែម្នាក់ឯងនោះ ។

ចប់ ទុតិយបលាយិជាតក ទី១០ ។

ចប់ កាសាវវគ្គ ទី៨ ។

ឧទ្ទាននៃកាសាវវគ្គនោះគឺ

និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែឈើអស់ហើយ ១ ធម៌ដ៏ប្រសើរ ៤ យ៉ាង ១ បុរសដ៏ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជនក្នុងដែនមគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏ប្រសើរស្រែកសំទារ ១ ទង់ដ៏ប្រសើរ ១ ត្រូវជា ១០ ។

ឧបាហនវគ្គ ទី៩

ឧបាហនជាតក ទី១

[៣១១] (ទ្រម័កដំរីពោធិសត្វ ពោលថា) ស្បែកជើងដែលបុរសទិញហើយ ដើម្បីប្រយោជន៍ដោយ​សេចក្ដី​សុខ ជាស្បែកជើងក្ដៅហើយដោយកំដៅថ្ងៃ បៀតបៀនផ្ទៃជើង គប្បីនាំមកនូវ​សេចក្ដី​ទុក្ខ គប្បីស៊ីនូវជើងនៃបុរសនោះឯង មានឧបមាយ៉ាងណា ។

[៣១២] បុគ្គលណា កើតក្នុងត្រកូលអាក្រក់ ជាអ្នកមិនប្រសើរ បានរៀនវិជ្ជា និងសូត្រ (អំពីសំណាក់) នៃអ្នកទាំងឡាយ (អាចារ្យ) ហើយ រមែងស៊ីនូវខ្លួននោះឯង ព្រោះវិជ្ជា និងសូត្រដែលខ្លួនរៀនហើយ ក្នុងសំណាក់នៃអាចារ្យនោះ បុគ្គលនោះ (បណ្ឌិតពោលថា) ជាមនុស្សមិនប្រសើរ មានឧបមាដោយស្បែកជើង ដែលធ្វើមិនល្អហើយ យ៉ាងនោះដែរ ។

ចប់ ឧបាហនជាតក ទី១ ។

វីណាថូណជាតក ទី២

[៣១៣] (សេដ្ឋីពោធិសត្វ ពោលថា) ប្រយោជន៍នេះ នាងគិតតែម្នាក់ឯង បុរសពាល នាំនាងទៅមិនបាន ម្នាលនាងដ៏ចម្រើន ព្រោះថា នាងមិនគួរដើម្បីទៅជាមួយនឹងបុរសគមតឿឡើយ ។

[៣១៤] (សេដ្ឋីធីតា ពោលថា) ខ្ញុំសម្គាល់បុរសគម ថាជាបុរសឧសភៈ បានប្រាថ្នាហើយ បុរសគមនេះ ដេករួញអង្កុញ ដូចជាពិណដែលមានខ្សែដាច់ ។

ចប់ វីណាថូណជាតក ទី២ ។

វិកណ្ណកជាតក ទី៣

[៣១៥] (បុរសអ្នកឲ្យបាយត្រី ពោលថា) ឯងប្រាថ្នាក្នុងទីណាប្រាកដ ចូរទៅក្នុងទីនោះចុះ ឯងត្រូវច្បូកមុតហើយ ត្រង់ទីជាទីស្លាប់ ឯងជាសត្វរលោរលាំ ដេញតាមចាប់នូវត្រីទាំងឡាយ ត្រូវគេសម្លាប់ហើយដោយបាយ ព្រមទាំងគ្រឿងប្រគំ ។

[៣១៦] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលកាលប្រព្រឹត្តទៅតាមលោកាមិសៈ ជាអ្នកលុះក្នុងអំណាចនៃចិត្ត រមែងក្ដៅក្រហាយ បុគ្គលនោះ រមែងក្ដៅក្រហាយក្នុងកណ្តាលពួកញាតិ និងសំឡាញ់ បុគ្គលនោះ ដូចក្រពើដេញតាមនូវត្រីដូច្នោះ ។

ចប់ វិកណ្ណកជាតក ទី៣ ។

អសិតាភុជាតក ទី៤

[៣១៧] (នាងអសិតាភូ ពោលថា) (ខ្ញុំ) អស់​សេចក្ដី​ស្រលាញ់ចំពោះអ្នកព្រោះអំពើណា អ្នកបានធ្វើអំពើនេះ ក្នុងកាលឥឡូវនេះ ​សេចក្ដី​ស្រលាញ់នោះ មិនតជាប់វិញទេ ដូចជាភ្លុកដំរីដែលគេកាត់ដោយរណាដូច្នោះ ។

[៣១៨] (ព្រហ្មទត្តរាជកុមារ មានបន្ទូលថា) បុគ្គលមាន​សេចក្ដី​ប្រាថ្នាលើសលុប រមែងសាបសូន្យចាកប្រយោជន៍ ព្រោះលោភហួសហេតុផង ព្រោះ​សេចក្ដី​ស្រវឹងក្នុងការចង់បានហួសហេតុផង ដូចយើងសាបសូន្យចាករាជធីតាឈ្មោះអសិតាភូ ។

ចប់ អសិតាភុជាតក ទី៤ ។

វច្ឆនខជាតក ទី៥

[៣១៩] (ពារាណសីសេដ្ឋី ពោលថា) បពិត្រវច្ឆនខតាបស លោកជាអ្នកមិនមាន​សេចក្ដី​ខ្វល់ខ្វាយ គប្បីបរិភោគផង ផឹកផង ហើយដេកក្នុងផ្ទះទាំងឡាយណា ផ្ទះទាំងឡាយនោះ ប្រកបដោយប្រាក់ និងមាស ប្រកបដោយភោជន ជាសុខ (យ៉ាងក្រៃលែង) ។

[៣២០] (វច្ឆនខតាបស ពោលថា) ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលឥតព្យាយាម ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិននិយាយពាក្យកុហក ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិនកាន់យកនូវអាជ្ញា មិនធ្វើទោសដល់ជនទាំងឡាយដទៃ បុគ្គលណានឹងគ្រប់គ្រងផ្ទះដែលធ្លុះ បំពេញបានដោយកម្រយ៉ាងនេះ ។

ចប់ វច្ឆនខជាតក ទី៥ ។

ពកជាតក ទី៦

[៣២១] (ពួកត្រី ពោលថា) សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាបទាំងពីរសម្លបហើយ ឈរសំកុកហាក់ដូចជាមានកម្លាំងខ្សោយ ។

[៣២២] (ត្រីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនដឹងច្បាស់នូវសីលរបស់កុកនោះទេ អ្នកទាំងឡាយ មិនដឹងហើយ នាំគ្នាសរសើរសត្វស្លាបមិនមែនរក្សានូវយើងឡើយ ព្រោះហេតុនោះ ទើបសត្វស្លាប (នេះ) មិនកម្រើកខ្លួន ។

ចប់ ពកជាតក ទី៦ ។

សាកេតជាតក ទី៧

[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះ ក្នុងលោកនេះ ។

[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ​សេចក្ដី​ស្រលាញ់នោះ រមែងកើតដោយហេតុពីរយ៉ាង គឺដោយធ្លាប់នៅរួមគ្នា ក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នាក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹក ដោយហេតុពីរយ៉ាង គឺទឹក ១ ភក់ ១ ។

ចប់ សាកេតជាតក ទី៧ ។

ឯកបទជាតក ទី៨

[៣២៥] (កុមារជាកូននៃព្រះពោធិសត្វ ពោលថា) បពិត្របិតា យើងញ៉ាំងប្រយោជន៍ឲ្យសម្រេច ដោយបទណា សូមអញ្ជើញលោកបា្រប់នូវបទនោះតែមួយ ដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន ដែលសង្គ្រោះ (រួមចូល) តែមួយ ។

[៣២៦] (បិតា ប្រាប់ថា) នែកូន ​សេចក្ដី​ឧស្សាហ៍ (ប្រកបដោយញាណ) ជាបទតែមួយដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន តែ​សេចក្ដី​ឧស្សាហ៍នោះ ប្រកបដោយសីល ប្រកបដោយខន្តិធម៌ អាចញ៉ាំងពួកមិត្រឲ្យសុខ ឬដើម្បី​សេចក្ដី​ទុក្ខដល់ពួកបុគ្គលមិនមែនជាមិត្រ ។

ចប់ ឯកបទជាតក ទី៨ ។

ហរិតមាតជាតក ទី៩

[៣២៧] (សត្វពស់ សួរថា) ម្នាលអ្នកជាកូននៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវយើង ដែលជាសត្វមានពិស ដែលចូលទៅកាន់មាត់លប ដោយហេតុណា ហេតុនេះ ពេញចិត្ត (ដល់អ្នកដែរឬ) ។

[៣២៨] (នីលមណ្ឌុកពោធិសត្វ ពោលថា) (ឥស្សរភាព) របស់បុរសនោះ បានប្រព្រឹត្តទៅ ដរាបណា បុរស (នោះ) រមែងរឹបជាន់ (ជនដទៃដរាបនោះ) លុះពួកជនដទៃ (បានឥស្សរភាព) រមែងរឹបជាន់វិញ ក្នុងកាលណា បុរសអ្នករឹបជាន់នោះ ត្រូវពួកជនដទៃរឹបជាន់វិញ ក្នុងកាលនោះ ។

ចប់ ហរិតមាតជាតក ទី៩ ។

មហាបិង្គលជាតក ទី១០

[៣២៩] (ព្រះពោធិសត្វ ពោលថា) ជនទាំងអស់ ត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ កាលស្ដេចនោះសោយទិវង្គតហើយ ជនទាំងឡាយ រមែងបាននូវ​សេចក្ដី​ត្រេកអរ ម្នាលទ្វារបាល សេ្ដចអកណ្ហនេត្រ ជាទីស្រលាញ់របស់អ្នកឬ ព្រោះហេតុអ្វីបានជាអ្នកយំ ។

[៣៣០] (ទ្វារបាលបុរស ពោលថា) ស្ដេចអកណ្ហនេត្រ មិនមែនជាទីស្រលាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចស្ដេចនោះត្រឡប់មកវិញ (ព្រោះសេ្ដចនោះ) ទៅអំពីមនុស្សលោកនេះ គប្បីបៀតបៀននូវមច្ចុរាជ មច្ចុរាជនោះ ក្រែងត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ គប្បីនាំមកទុកក្នុងមនុស្សលោកនេះវិញ ។

[៣៣១] (ព្រះពោធិសត្វ ពោលថា) ព្រះបាទបិង្គលៈនោះ គេដុតដោយឧស ១ ពាន់ដឹក គេស្រោចដោយទឹកមួយរយក្អម ឯទីសម្រាប់ដុត គេបិទបាំងជុំវិញហើយ អ្នកកុំភ័យឡើយ ស្ដេចបិង្គលៈនោះ នឹងមិនមកវិញបានទេ ។

ចប់ មហាបិង្គលជាតក ទី១០ ។

ចប់ ឧបាហនវគ្គ ទី៩ ។

ឧទ្ទាននៃឧបាហនវគ្គនោះគឺ

និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវច្បូកមុត ១ ព្រះរាជធីតាឈ្មោះអសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ ​សេចក្ដី​ស្រលាញ់ដ៏ប្រសើរឧត្ដម ១ បទតែមួយ ១ មាត់លប ១ សេ្ដចឈ្មោះបិង្គលៈ ១ ត្រូវជា ១០ ។

សិគាលវគ្គ ទី១០

សព្វទាឋិជាតក ទី១

[៣៣២] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចចក រឹងត្អឹងដោយមានះ ត្រូវការដោយបរិវារ (ច្រើន) ក៏ដល់ភូមិសម្បត្តិដ៏ធំ បានជាសេ្ដចនៃពួកសត្វមានចង្កូមទាំងពួង ។

[៣៣៣] បណ្ដាមនុស្សទាំងឡាយ មនុស្សណា ជាអ្នកមានបរិវារ មនុស្សនោះ ឈ្មោះថាជាធំក្នុងពួកបរិវារនោះ ដូចជាចចក (បានជាធំ) ជាងសត្វមានចង្កូមទាំងឡាយ ដូច្នោះឯង ។

ចប់ សព្វទាឋិជាតក ទី១ ។

សុនខជាតក ទី២

[៣៣៤] (ព្រះពោធិសត្វ ពោលថា) ឆ្កែណា មិនស៊ីព្រ័ត្រ ឆ្កែនុ៎ះពេញជាល្ងង់ ម្យ៉ាងទៀត ឆ្កែគួរដោះខ្លួនអំពីចំណង ស៊ីព្រ័ត្រឆ្អែតហើយ គប្បីទៅកាន់ផ្ទះ (របស់ខ្លួន) ។

[៣៣៥] (ឆ្កែពោលថា ពាក្យរបស់អ្នក) ខ្ញុំបានតាំងទុកក្នុងចិត្តខ្ញុំហើយ ម្យ៉ាងទៀត ខ្ញុំបានធ្វើទុកក្នុងហឫទ័យខ្ញុំហើយ ជនដេកលក់ស៊ប់ដរាបណា ខ្ញុំរង់ចាំនូវកាល ដរាបនោះ ។

ចប់ សុនខជាតក ទី២ ។

គុត្តិលជាតក ទី៣

[៣៣៦] (ព្រះពោធិសត្វ ពោលថា) បពិត្រព្រះឥន្រ្ទកោសិយ ខ្ញុំបាន (ញុំាំងសិស្សឈ្មោះមុសិលៈ) ឲ្យរៀននូវពិណមានខ្សែ ៧ មានសម្លេងពីរោះ ជាទីរីករាយនៃចិត្ត (ឥឡូវនេះ) សិស្សឈ្មោះមុសិលៈនោះ ហៅខ្ញុំក្នុងកណ្ដាលរង្គមណ្ឌល (កន្លែងរាំ) សូមព្រះអង្គជាទីពឹងនៃខ្ញុំ ។

[៣៣៧] (សក្កទេវរាជ ទ្រង់មានព្រះបន្ទូលថា) ម្នាលសំឡាញ់ ខ្ញុំនឹងជាទីពឹងរបស់អ្នក ខ្ញុំជាអ្នកបូជានូវអាចារ្យ សិស្សនឹងមិនឈ្នះអ្នក បពិត្រអាចារ្យ អ្នកនឹងឈ្នះនូវសិស្សវិញ ។

ចប់ គុត្តិលជាតក ទី៣ ។

វិគតិច្ឆជាតក ទី៤

[៣៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលឃើញនូវរបស់ណា មិនប្រាថ្នានូវរបស់នោះ មួយទៀត មិនឃើញនូវរបស់ណា ចង់បានរបស់នោះ យើងសម្គាល់ថា បុគ្គលនោះ នឹងត្រាច់ទៅ (ក្នុងសង្សារ) អស់កាលយូរ ព្រោះថា បុគ្គលនោះប្រាថ្នារបស់ណា មិនបាននូវរបស់នោះ ។

[៣៣៩] (បុគ្គលបាននូវរបស់ណា) មិនត្រេកអរនឹងរបស់នោះ ប្រាថ្នាសម្បត្តិណា មើលងាយនូវសម្បត្តិ ដែលបានហើយនោះ ព្រោះថា​សេចក្ដី​ប្រាថ្នា ជាដំណើររកទីបំផុតគ្មាន យើងសូមធ្វើនមស្ការចំពោះពួកបណ្ឌិត ដែលមាន​សេចក្ដី​ប្រាថ្នាទៅប្រាសហើយ ។

ចប់ វិគតិច្ឆជាតក ទី៤ ។

មូលបរិយាយជាតក ទី៥

[៣៤០] (អាចារ្យទិសាបាមោក្ខពោធិសត្វ សួរថា) កាល រមែងស៊ីនូវពួកសត្វទាំងអស់ ព្រមទាំងខ្លួនឯង ចំណែកសត្វណា ជាអ្នកស៊ីនូវកាល សត្វនោះ ឈ្មោះថា ដុតនូវតណ្ហាដែលជាធម្មជាតិដុតសត្វ ។

[៣៤១] (ព្រះពោធិសត្វ តិះដៀលថា) ក្បាលនរជនទាំងឡាយដ៏ច្រើន ក្បាលទាំងនោះ មានរោមផង ធំផង គ្របនៅលើ ក បណ្តាមនុស្សទាំងអម្បាលនេះ គង់មានមនុស្សណាមួយ ដែលមានប្រាជ្ញាមិនខាន ។

ចប់ មូលបរិយាយជាតក ទី៥ ។

ពាលោវាទជាតក ទី៦

[៣៤២] (កុដុម្ពិក៍ម្នាក់ ពោលថា) បុគ្គលអ្នកមិនត្រូវសង្រួមប្រហារសត្វផង ធ្វើសត្វឲ្យលំបាកផង ធ្វើសត្វឲ្យស្លាប់ផង ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ កាលបរិភោគនូវភត្តបែបនេះ ឈ្មោះថា ប្រឡាក់ដោយបាបដែរ ។

[៣៤៣] (ព្រះពោធិសត្វ តបថា) ប្រសិនបើបុគ្គលអ្នកមិនសង្រួម សូម្បីសម្លាប់នូវកូន និងប្រពន្ធ ហើយឲ្យទាន (ដល់សមណៈណា) សមណៈនោះ ជាអ្នកប្រកបដោយប្រាជ្ញា ទុកជាកាលបរិភោគ ក៏មិនប្រឡាក់ដោយបាបឡើយ ។

ចប់ ពាលោវាទជាតក ទី៦ ។

បាទញ្ជលិជាតក ទី៧

[៣៤៤] (អាមាត្យពោធិសត្វ សរសើរថា) ព្រះរាជកុមារព្រះនាមបាទញ្ជលី រុងរឿងកន្លងនូវពួកយើងទាំងអស់គ្នា ដោយប្រាជ្ញាពិតមែន ដូច្នោះ បានជាទ្រង់ពេបព្រះឱស្ឋ ទ្រង់ទតឃើញនូវហេតុដ៏ក្រៃលែងដោយពិត ។

[៣៤៥] (ព្រះពោធិសត្វ ដៀលថា) ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ មិនទ្រង់ជា្របនូវសភាពជាធម៌ និងសភាពមិនមែនជាធម៌ផង នូវប្រយោជន៍ និងមិនមែនជាប្រយោជន៍ផង ព្រះរាជកុមារព្រះនាមបាទញ្ជលីនេះ វៀរលែងតែការពេប នូវព្រះឱស្ឋចេញហើយ ទ្រង់មិនជ្រាបនូវហេតុតិចតួចឡើយ ។

ចប់ បាទញ្ជលិជាតក ទី៧ ។

កឹសុកោបមជាតក ទី៨

[៣៤៦] (ព្រះរាជា ពោលថា) ដើមចា អ្នករាល់គ្នាបានឃើញហើយ អ្នកទាំងឡាយនៅសង្ស័យក្នុងដើមចានោះ ថាដូចម្ដេចហ្ន៎ ដ្បិតអ្នកទាំងឡាយ មិនបានសាកសួរនាយសារថី ក្នុងទីទាំងពួងសោះ ។

[៣៤៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ ដែលពួកជនណា មិនបានដឹងហើយ ដោយញាណទាំងឡាយទាំងពួង យ៉ាងនេះ ពួកជននោះឯង រមែងសង្ស័យក្នុងធម៌ទាំងឡាយ ដូចជា (ព្រះរាជបុត្រទាំង ៤ ព្រះអង្គ) ជាបងប្អូននឹងគ្នា សង្ស័យក្នុងដើមចាដូច្នោះ ។

ចប់ កឹសុកោបមជាតក ទី៨ ។

សាលកជាតក ទី៩

[៣៤៨] (ហ្មពស់ ពោលថា) នែសាលកវានរៈ អ្នកជាក់ជាកូនប្រុសតែមួយ (នៃយើង) មួយទៀត អ្នកនឹងបានជាធំក្នុងត្រកូលរបស់យើង ចូរអ្នកចុះអំពីដើមឈើមក យើងនឹងទៅផ្ទះ ក្នុងកាលឥឡូវនេះ ។

[៣៤៩] (ស្វាពោលតបថា) ក្រែងអ្នកសម្គាល់ខ្ញុំថាជាសត្វមានហឫទ័យល្អ តែអ្នកបៀតបៀនខ្ញុំដោយបន្ទះឫស្សី ខ្ញុំត្រេកអរក្នុងព្រៃស្វាយ ដែលមានផ្លែទុំ អ្នកចូរទៅផ្ទះតាមសប្បាយចុះ ។

ចប់ សាលកជាតក ទី៩ ។

កបិជាតក ទី១០

[៣៥០] (តាបសកុមារ ពោលថា) ឥសីអង្គនេះ ត្រេកអរក្នុងការស្ងប់ និងការសង្រួម លោកត្រូវភ័យអំពីរងាបៀតបៀនហើយ សូមឲ្យតាបសនេះ ចូលមកកាន់ផ្ទះនេះ ដើម្បីបន្ទោបង់នូវត្រជាក់ និង​សេចក្ដី​ក្រវល់ក្រវាយចេញ កុំឲ្យមានសេសសល់ឡើយ ។

[៣៥១] (ពោធិសត្វ ពោលថា) អ្នកនេះមិនមែនជាឥសីអ្នកត្រេកអរក្នុងការស្ងប់ និងការសង្រួមទេ អ្នកនេះជាសត្វស្វា ជាសត្វគោចរនៅលើមែកល្វា ស្វានោះជាសត្វខឹងប្រទូស្ត មានសន្ដានចិត្តដ៏លាមក បើវាចូលមក មុខតែប្រទូស្តផ្ទះនេះមិនខាន ។

ចប់ កបិជាតក ទី១០ ។

ចប់ សិគាលវគ្គ ទី១០ ។

ឧទ្ទាននៃសិគាលវគ្គនោះគឺ និយាយអំពីសេ្ដចចចក ១ សុនខ ១ ព្រះឥន្រ្ទកោសិយ ១ បុគ្គលប្រាថ្នា ១ បុគ្គលអ្នកស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០ ។

ឧទ្ទាននៃវគ្គគឺ និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡ្ហវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០ ។

ចប់ ទុកនិបាត ។

តិកនិបាតជាតក

សង្កប្បវគ្គ ទី១

សង្កប្បរាគជាតក ទី១

[៣៥២] (តាបសពោធិសត្វ ពោលថា) អាត្មាត្រូវ (សរ គឺកិលេស) ដែលលាងដោយទឹក គឺសង្កប្បរាគៈ (រាគៈប្រកបដោយកាមវិតក្កៈ) ផង ដែលសំលៀងដោយថ្ម គឺកាមវិតក្កៈផង មិនបានចម្រើនដោយគ្រឿងតាក់តែងផង (មិនមែន) ជាងសរធ្វើហើយផង ។

[៣៥៣] មិនមែនទាញមកនូវគុម្ពត្រចៀកហើយលែងទៅវិញផង ទាំងមិនជាប់ដោយស្លាបក្ងោកផង ជាសរអាចដុតអវយវៈទាំងអស់ឲ្យក្ដៅនោះ បានមុតហើយត្រង់ហឫទ័យ ។

[៣៥៤] ឈាមគប្បីហូរចេញ ចាកមុខរបួស ដែលសរណាមុតហើយ អាត្មាមើលមិនឃើញមុខរបួស ដែលសរនោះមុតហើយទេ ចិត្ត (របស់អាត្មា ត្រូវសរមុតជាប់ហើយ) ព្រោះខុសទំនង អាត្មានាំមកនូវ​សេចក្ដី​ទុក្ខដោយខ្លួនឯង ។

ចប់ សង្កប្បរាគជាតក ទី១ ។

តិលមុដ្ឋិជាតក ទី២

[៣៥៥] (ព្រះបាទព្រហ្មទត្ត ពោលថា) អ្នកចាប់យើងត្រង់ដើមដៃ ហើយវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្ដាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើង ដរាបដល់ថ្ងៃនេះ ។

[៣៥៦] ម្នាលព្រាហ្មណ៍ អ្នកមកដោយហេតុណា អ្នកមិនត្រេកអរក្នុងជីវិតដោយហេតុនោះទេឬ ព្រោះអ្នកចាប់យើងត្រង់ដើមដៃ ហើយវាយ អស់វារៈបីដង ។

[៣៥៧] (ព្រាហ្មណ៍ ពោលថា) អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ កាលធ្វើនូវអំពើអាក្រក់ដោយអាជ្ញា ការហាមឃាត់របស់អរិយជននោះ រាប់ថាជាពាក្យប្រៀនប្រដៅ ការហាមឃាត់ អរិយជននោះ មិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយរមែងដឹងនូវហេតុនោះ ដូច្នេះឯង ។

ចប់ តិលមុដ្ឋិជាតក ទី២ ។

មណិកណ្ឋជាតក ទី៣

[៣៥៨] (មណិកណ្ឋនាគរាជ ពោលថា) បាយ និងទឹក កើតដល់ខ្ញុំច្រើនពេកក្រៃ ព្រោះហេតុនៃកែវមណីនេះ ខ្ញុំនឹងមិនឲ្យកែវមណីនោះដល់លោក លោកជាអ្នកសូមហួសហេតុ ខ្ញុំនឹងមិនមកកាន់អាស្រមរបស់លោកទេ ។

[៣៥៩] លោកកាលសូមកែវមណីដែលកើតអំពីថ្ម នាំឲ្យខ្ញុំតក់ស្លុត ដូចមនុស្សកំឡោះ មានដៃកាន់ដាវសំលៀងហើយដោយថ្ម មកញ៉ាំងខ្ញុំឲ្យតក់ស្លុតដូច្នោះ ខ្ញុំមិនឲ្យកែវមណីនោះដល់លោកទេ (ព្រោះ) លោកជាអ្នកសូមហួសហេតុ ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកហើយ ។

[៣៦០] (តាបសពោធិសត្វជាបង ពោលថា) បុគ្គលដឹងនូវវត្ថុណាថា ជាទីស្រលាញ់របស់គេ មិនត្រូវសូមវត្ថុនោះទេ ​សេចក្ដី​ស្អប់ រមែងមាន ព្រោះការសូមជ្រុលពេក ដូចស្ដេចនាគដែលត្រូវព្រាហ្មណ៍សូមកែវមណី ទៅកាន់ទីលែងមើលឃើញតាំងអំពីកាលនោះ ។

ចប់ មណិកណ្ឋជាតក ទី៣ ។

កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤

[៣៦១] (ឈ្មួញសេះពោធិសត្វ ពោលថា) អ្នកធ្លាប់បរិភោគស្មៅដ៏សល់ដែល ធ្លាប់បរិភោគបាយក្ដាំង និងកុណ្ឌកមកហើយ នេះជាភោជនរបស់អ្នក ឥឡូវនេះ ហេតុអ្វីក៏អ្នកមិនបរិភោគ ។

[៣៦២] (កូនសេះសិន្ធវៈ ពោលថា) បពិត្រមហាព្រហ្ម ជនទាំងឡាយមិនស្គាល់សត្វដែលគួរចិញ្ចឹមដោយជាតិ ឬដោយមារយាទដែលគួរទូន្មាន ក្នុងទីណា ក្នុងទីនោះ ថ្វីក៏ខ្ញុំមិនបរិភោគបាយក្ដាំង និងកុណ្ឌកច្រើន ។

[៣៦៣] ចំណែកខាងលោក ស្គាល់ខ្ញុំច្បាស់ថា សេះនេះឧត្ដមយ៉ាងណា ៗ ខ្ញុំកាលដឹង ព្រោះអាស្រ័យអ្នកជាអ្នកដឹង ទើបមិនបរិភោគនូវកុណ្ឌករបស់អ្នក ។

ចប់ កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤ ។

សុកជាតក ទី៥

[៣៦៤] (ព្រះសាស្ដា ត្រាស់ថា) សត្វហើរ គឺសេកនោះ ដឹងប្រមាណក្នុងភោជន ដរាបណា ក៏បានដល់នូវអាយុវែងផង បានចិញ្ចឹមមាតាផង ដរាបនោះ ។

[៣៦៥] មួយទៀត សេកនោះបរិភោគនូវភោជនដ៏ច្រើនលើសលុប ក្នុងកាលណា ក៏លិចចុះក្នុងសមុទ្រនោះឯង ក្នុងកាលនោះ ព្រោះសេកនោះមិនស្គាល់ប្រមាណ ។

[៣៦៦] ព្រោះហេតុនោះ ការដឹងប្រមាណ មិនល្មោភក្នុងភោជន ជាការប្រពៃ ព្រោះពួកជនដែលមិនដឹងប្រមាណ រមែងលិច ពួកជនដែលដឹងប្រមាណ រមែងមិនលិចទេ ។

ចប់ សុកជាតក ទី៥ ។

ជរូទបានជាតក ទី៦

[៣៦៧] (ព្រះសាស្ដា ត្រាស់ថា) ពួកឈ្មួញអ្នកត្រូវការដោយទឹក កាលជីកអណ្ដូងចាស់ ក៏បាននូវដែក និងទង់ដែងផង នូវសំណរភក់ផង នូវកែវមណីទាំងឡាយផង នូវប្រាក់ និងមាសផង នូវកែវមុក្តា និងកែវពៃទូរ្យទាំងឡាយផងដ៏ច្រើន ។

[៣៦៨] តែពួកឈ្មួញទាំងនោះ មិនសន្ដោសដោយទ្រព្យនោះ រឹងរឹតតែជីកចុះទៅទៀត សត្វមានពិសដ៏ក្លៀវក្លា មានតេជះ ក៏សម្លាប់នូវពួកឈ្មួញទាំងនោះ ដោយតេជះ (នៃពិស) ក្នុងអណ្ដូងទឹកនោះឯង ។

[៣៦៩] ព្រោះហេតុនោះ បុគ្គលគប្បីជីក តែកុំជីកឲ្យជ្រៅហួសពេក ព្រោះការជីកអណ្ដូងជ្រៅហួសពេក ជាការលាមក ទ្រព្យ (ដែលពួកឈ្មួញ) បានហើយដោយការជីក ក៏វិនាសអស់ ព្រោះតែការជីកជ្រៅហួសពេក ។

ចប់ ជរូទបានជាតក ទី៦ ។

គាមណិចន្ទជាតក ទី៧

[៣៧០] (ព្រះរាជកុមារពោធិសត្វ ពោលថា) សត្វនេះជាសត្វមិនឈ្លាស (ក្នុងការធ្វើ) នូវផ្ទះទាំងឡាយ សត្វនេះជាសត្វខិលខូច មានមុខជ្រួញ បានតែខាងប្រទូស្ត ចំពោះកិច្ចការដែលគេធ្វើហើយ ៗ ត្រកូលនេះជាធម្មតាយ៉ាងនេះឯង ។

[៣៧១] រោមនេះ មិនមែនជារោមនៃសត្វមានចិត្ត (សម្បយុត្តដោយបញ្ញា ជាគ្រឿងពិចារណា) ទេ ម្រឹគ គឺស្វានេះ មិនអាចធ្វើគេឲ្យចូលចិត្តបានទេ ក្បួនខ្នាតព្រះរាជបិតារបស់ខ្ញុំ ទ្រង់ព្រះនាមជនសន្ធៈ (បានត្រាស់ហើយ) ថា ស្វានេះ មិនដឹងនូវហេតុតិចតួចឡើយ ។

[៣៧២] បុរសប្រាកដដូច្នោះ មិនគប្បីចិញ្ចឹមនូវមាតាបិតា បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួនបានទេ ព្រះបាទទសរថ (ជាព្រះបិតា) បានប្រៀនប្រដៅខ្ញុំ (យ៉ាងនេះ) ។

ចប់ គាមណិចន្ទជាតក ទី៧ ។

មន្ធាតុរាជជាតក ទី៨

[៣៧៣] (ព្រះសាស្ដា ត្រាស់ថា) ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយ (ដើរក្រឡឹង) ភ្នំសិនេរុ ទិសទាំងឡាយភ្លឺរុងរឿង រហូតទីមានកំណត់ត្រឹមណា សត្វទាំងឡាយណា ដែលអាស្រ័យលើផែនដី សត្វទាំងអស់នោះ ជាទាសៈរបស់សេ្ដចមន្ធាតុ រហូតទីមានកំណត់ត្រឹមណោះ ។

[៣៧៤] ការឆ្អែតក្នុងកាមទាំងឡាយ រមែងមិនមាន ដោយភ្លៀងកហាបណៈទេ បណ្ឌិតបានដឹងថា កាមទាំងឡាយមាន​សេចក្ដី​សុខតិច មាន​សេចក្ដី​ទុក្ខ (ច្រើន) ។

[៣៧៥] ព្រោះហេតុនោះ សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះ មិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្យ ជាអ្នកត្រេកអរតែក្នុងធម៌ ជាគ្រឿងអស់ទៅនៃតណ្ហា ។

ចប់ មន្ធាតុរាជជាតក ទី៨ ។

តិរិតិវច្ឆជាតក ទី៩

[៣៧៦] (ឧបរាជទូលសួរព្រះរាជាថា) កម្មតិចតួចដែលសម្រេចដោយវិជ្ជារបស់តាបសនេះ មិនមានឡើយ មួយទៀត តាបសនេះមិនមែនជាផៅពង្ស ទាំងមិនមែនជាសំឡាញ់របស់ព្រះអង្គទេ កាលបើយ៉ាងនេះ ហេតុអ្វីបានជាតាបសឈ្មោះតិរិតិវច្ឆៈ កាន់ឈើច្រត់មានចំពាម ៣ បរិភោគនូវដុំបាយមានរសដ៏ប្រសើរ ។

[៣៧៧] (ព្រះរាជា ត្រាស់ថា) ក្នុងគ្រាមានអន្តរាយ កាលអញច្បាំងចាញ់គេ (តាបសនេះ) បានធ្វើ (នូវ​សេចក្ដី​អនុគ្រោះ) ដល់អញម្នាក់ឯង ក្នុងព្រៃគួរខ្លាចដ៏ពន្លឹក បានលានូវដៃ (យោងអញ) ដែលដល់នូវ​សេចក្ដី​លំបាក (ក្នុងអណ្តូង) ព្រោះហេតុនោះ អញដែលត្រូវ​សេចក្ដី​ទុក្ខគ្របសង្កត់ ទើបបានឡើងរួចមក ។

[៣៧៨] អញ (ឋិតនៅ) ក្នុងជីវលោក (នេះ ដល់) នូវវិស័យនៃ​សេចក្ដី​ស្លាប់ ទៅហើយ តែមកក្នុងទីនេះបាន ព្រោះ​សេចក្ដី​លំបាកនៃតាបសនេះ ម្នាលកូន រីតិរិតិវច្ឆតាបស ជាបុគ្គលគួរដល់លាភ អ្នកទាំងឡាយ ចូរឲ្យនូវគ្រឿងបរិភោគផង ចូរបូជានូវវត្ថុដែលគួរបូជាផង ដល់លោក ។

ចប់ តិរិតិវច្ឆជាតក ទី៩ ។

ទូតជាតក ទី១០

[៣៧៩] (លោលបុរស ពោលថា) សត្វទាំងឡាយមកកាន់ប្រទេសឆ្ងាយ ដើម្បីសូមនូវវត្ថុនឹងបុគ្គលសូម្បីជាសត្រូវ ដើម្បីប្រយោជន៍ដល់ផ្ទៃណា ខ្ញុំព្រះអង្គជាទូតរបស់ផ្ទៃនោះ បពិត្រព្រះអង្គប្រសើរក្នុងពលរថ សូមទ្រង់កុំខ្ញាល់នឹងខ្ញុំព្រះអង្គឡើយ ។

[៣៨០] មាណពទាំងឡាយ លុះអំណាចនៃផ្ទៃណា ទាំងថ្ងៃទាំងយប់ ខ្ញុំព្រះអង្គជាទូតរបស់ផ្ទៃនោះ បពិត្រព្រះអង្គប្រសើរក្នុងពលរថ សូមទ្រង់កុំខ្ញាល់នឹងខ្ញុំព្រះអង្គឡើយ ។

[៣៨១] (ព្រះរាជា ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ យើងឲ្យនូវគោសម្បុរក្រហម ១ ពាន់ ព្រមទាំងគោបា ដល់អ្នក ព្រោះយើងជាទូត (របស់ផ្ទៃ) នឹងមិនឲ្យដល់អ្នក ជាទូត (របស់ផ្ទៃដែរ) ដូចម្ដេចកើត យើងទាំងឡាយ សុទ្ធតែជាទូតរបស់ផ្ទៃដូចគ្នា ។

ចប់ ទូតជាតក ទី១០ ។

ចប់ សង្កប្បវគ្គ ទី១ ។

ឧទ្ទាននៃសង្កប្បវគ្គនោះគឺ និយាយអំពីជាងសរប្រសើរ ១ ល្ងមួយក្ដាប់ ១ កែវមណី ១ ស្ដេចសេះ ១ សត្វហើរឰដ៏អាកាស ១ ពស់មានពិសដ៏ក្លៀវក្លា ១ ស្ដេចទ្រង់ព្រះនាមជនសន្ធៈ ១ ភ្លៀងកហាបណៈ ១ តាបសឈ្មោះតិរិតិវច្ឆៈ ១ ទូតរបស់ផ្ទៃ ១ ត្រូវជា ១០ ។

បទុមវគ្គ ទី២

បទុមជាតក ទី១

[៣៨២] (សេដ្ឋីបុត្រទី ១ ពោលថា) សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរកាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។

[៣៨៣] (សេដ្ឋីបុត្រទី ២ ពោលថា) ពូជក្នុងសរទកាល (រដូវរំហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។

[៣៨៤] (សេដ្ឋីបុត្រពោធិសត្វ ទី៣ ពោលថា) ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសំឡាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។

ចប់ បទុមជាតក ទី១ ។

មុទុបាណិជាតក ទី២

[៣៨៥] (ព្រះរាជធីតា ពោលថា) បើចូឡុបដ្ឋាក មានដៃដ៏ទន់ ១ ដំរីដែលព្រះអង្គបង្ហាត់រាបសារហើយ ១ ពេលងងឹតសូន្យឈឹង ១ ភ្លៀងបង្អុរចុះ ១ គប្បីមានក្នុងកាលណា ​សេចក្ដី​ប៉ងក្នុងព្រះរាជហឫទ័យរបស់ព្រះអង្គ គង់នឹងសម្រេច ក្នុងកាលនោះមិនខាន ។

[៣៨៦] (ព្រះរាជាពោធិសត្វជាបិតា ពោលថា) ស្រីទាំងឡាយនោះ បុគ្គលមិនគួរនិយាយដោយពាក្យទន់ភ្លន់ឡើយ ជាស្រីដែលបំពេញបានដោយកម្រ ប្រាកដស្មើដោយស្ទឹង រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរសដឹងច្បាស់ហើយ គួរគេចចេញអំពីចម្ងាយ ។

[៣៨៧] ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ដោយ​សេចក្ដី​ពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវទីនៅរបស់ខ្លួន ។

ចប់ មុទុបាណិជាតក ទី២ ។

ចុល្លបលោភនជាតក ទី៣

[៣៨៨] (ព្រះរាជបុត្រពោធិសត្វ ពោលថា) លោកមក (តាមអាកាស) ដោយខ្លួនឯង លើទឹកមិនបែករលក ដោយអំណាចនៃឫទ្ធិ លុះទៅច្រឡូកច្រឡំដោយស្រី ក៏លិចចុះក្នុងសមុទ្រធំ ។

[៣៨៩] ធម្មតាស្រីទាំងឡាយ រមែងញ៉ាំងបុរសឲ្យវិលវល់ មានមាយាច្រើន ញ៉ាំងព្រហ្មចរិយធម៌ឲ្យកំរើក រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់ហើយ គប្បីចៀសវាងអំពីចម្ងាយ ។

[៣៩០] ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយ​សេចក្ដី​ពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅរបស់ខ្លួន ។

ចប់ ចុល្លបលោភនជាតក ទី៣ ។

មហាបនាទជាតក ទី៤

[៣៩១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាអង្គនោះ ទ្រង់ព្រះនាមបនាទៈ មានប្រាសាទមាស មានទទឹងប្រវែងកិរិយាធ្លាក់ចុះនៃកូនសរ ១៦ (កន្លះយោជន៍) (អ្នកប្រាជ្ញទាំងឡាយ) ពោលថា ប្រាសាទនោះកំពស់ ១ ពាន់តំណនៃកូនសរ (២៥ យោជន៍) ។

[៣៩២] ប្រាសាទនោះ កំពស់ ១ ពាន់តំណនៃកូនសរ មានជាន់ប្រាំពីរ បរិបូណ៌ដោយទង់ ព័ន្ធព័ទ្ធហើយដោយកែវមណីមានពណ៌ខៀវ ពួករបាំ ៦០០០ ចែកជាប្រាំពីរចំណែក បានរាំលើប្រាសាទនោះ (គ្រប់ ៗ ថ្នាក់) ។

[៣៩៣] ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះមានហើយ ក្នុងកាលនោះ យ៉ាងនោះ តថាគតកើតជាព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក ។

ចប់ មហាបនាទជាតក ទី៤ ។

ខុរប្បជាតក ទី៥

[៣៩៤] (កូនរបស់ឈ្មួញរទេះ ពោលថា) អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាល​សេចក្ដី​ស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វីក៏អ្នកមិនមាន​សេចក្ដី​តក់ស្លុតសោះ ។

[៣៩៥] (ពោធិសត្វ ជាមេអ្នករក្សាដងព្រៃ ពោលថា) ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាល​សេចក្ដី​ស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខ ខ្ញុំក៏ត្រឡប់បាន​សេចក្ដី​ត្រេកអរច្រើនដ៏លើសលុប ។

[៣៩៦] ខ្ញុំនោះមាន​សេចក្ដី​ត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើ​សេចក្ដី​អាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លាក្នុងកាលណា ៗ មិនបានទេ ។

ចប់ ខុរប្បជាតក ទី៥ ។

វាតគ្គសិន្ធវជាតក ទី៦

[៣៩៧] (កូនលា ពោលថា) អ្នកម្ដាយកើតរោគស្គមលឿង ព្រោះតែប្ដីណា មិនពេញចិត្តនឹងភត្ត ព្រោះតែប្ដីណា ប្ដីនោះមកដល់ហើយ ឥឡូវនេះ ហេតុអ្វីបានជាអ្នកម្ដាយរត់ចេញទៅ ។

[៣៩៨] (មេលា ពោលថា) ម្នាលកូន ម្ដាយយល់ថា ធម្មតា សន្ថវៈ (របស់ស្រ្តី) កើតដោយហេតុពីដម្បូង (ភ្លាម) យសរបស់ស្រ្តីទាំងឡាយ ក៏សាបសូន្យ ហេតុនោះបានជាអញរត់ចេញ ។

[៣៩៩] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ស្រ្តីណាមិនប្រាថ្នានូវបុរសមានយសកើតក្នុងត្រកូល ដែលគេនាំមកឲ្យ ស្រ្តីនោះ រមែងសោកសៅអស់កាលយូរអង្វែង ដូចជាមេលា (ដែលយំសោកស្ដាយ) សេះសន្ធព ឈ្មោះវាតគ្គៈ ។

ចប់ វាតគ្គសិន្ធវជាតក ទី៦ ។

សុវណ្ណកក្កដកជាតក ទី៧

[៤០០] (ដំរីពោធិសត្វ ពោលថា) ម្រឹគមានសម្បុរដូចមាស (ក្ដាម) ជាសត្វមានភ្នែកលៀនវែង មានឆ្អឹងជាស្បែក ជាសត្វនៅក្នុងទឹក មិនមានរោម យើងត្រូវក្ដាមនោះថ្កៀបហើយ ទើបកំសត់ទួញយំ សូមភរិយាកុំលះបង់នូវខ្ញុំដែលស្មើដោយជីវិតឡើយ ។

[៤០១] (មេដំរី ពោលថា) បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនលះបង់អ្នកដែលជាដំរីថមថយកម្លាំងក្នុងកាលនៃខ្លួនមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំស្រលាញ់អ្នកក្រៃលែងជាងប្រថពីដែលទល់នឹងសមុទ្រទាំង ៤ ទៅទៀត ។

[៤០២] (មេដំរី ពោលថា) ពួកក្ដាមណា ដែលនៅក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គាក្ដី យមុនាក្ដី អ្នកជាសត្វទឹកប្រសើរជាងក្ដាមទាំងនោះ សូមអ្នកមេត្តាលែងប្ដី កាលដែលខ្ញុំកំពុងទួញយំរកប្ដី សូមអ្នកមេត្តាលែងប្ដី (របស់ខ្ញុំ) មកវិញ ក្នុងកាលឥឡូវនេះ ។

ចប់ សុវណ្ណកក្កដកជាតក ទី៧ ។

អារាមទូសកជាតក ទី៨

[៤០៣] (បុរសពោធិសត្វ ពោលថា) ស្វាណា ដែលគេសន្មតថា ជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញាដូចម្ដេចទៅ ។

[៤០៤] (ហ្វូងស្វា ពោលថា) បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។

[៤០៥] (ពោធិសត្វ ពោលថា) យើងមិនតិះដៀលពួកអ្នកដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើដើម្បីប្រយោជន៍ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេតិះដៀលបាន ។

ចប់ អារាមទូសកជាតក ទី៨ ។

សុជាតាជាតក ទី៩

[៤០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ពួកជនប្រកបដោយសម្បុរ មានសំឡេងពីរោះ មានរូបជាទីស្រលាញ់ គួររមិលមើល តែជាអ្នកមានវាចារឹងរូស មិនជាទីស្រលាញ់របស់អ្នកផងក្នុងលោកនេះ និងលោកខាងមុខទេ ។

[៤០៧] ព្រះមាតាឃើញមេតាវ៉ៅខ្មៅនេះ ដែលមានសម្បុរអាក្រក់ ដេរដាសដោយពណ៌ពព្រុះអុច ៗ តែថាជាទីស្រលាញ់ របស់សត្វច្រើន ដោយសារវាចាពីរោះឬទេ ។

[៤០៨] ព្រោះហេតុនោះ បុគ្គលគប្បីជាអ្នកមានវាចាល្អិតល្អ ជាអ្នកពោលពាក្យលៃតាមប្រាជ្ញា មិនមានចិត្តរាយមាយ រមែងសំដែងនូវអត្ថ និងធម៌ ភាសិតរបស់បុគ្គលនោះ ទើបឈ្មោះថាពីរោះ ។

ចប់ សុជាតាជាតក ទី៩ ។

ឧលូកជាតក ទី១០

[៤០៩] (ក្អែកពោលថា) ឮថាពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាត ខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់ ។

[៤១០] (ហ្វូងសត្វស្លាប ពោលថា) ម្នាលសំឡាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និងពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេង ៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវ​សេចក្ដី​រុងរឿង នៅមាន ។

[៤១១] (ក្អែក ពោលថា) សូមឲ្យអ្នកទាំងឡាយ មាន​សេចក្ដី​ចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយ ចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខដូចម្ដេចទៅ ។

ចប់ ឧលូកជាតក ទី១០ ។

ចប់ បទុមវគ្គ ទី២ ។

ឧទ្ទាននៃបទុមវគ្គនោះគឺ និយាយអំពីផ្កាឈូកដ៏ឧត្ដម ១ ដំរីមានសិរី ១ សមុទ្រធំ ១ ប្រាសាទ ១ ព្រួញដ៏ប្រសើរ ១ លាញីឈ្មោះភទ្ទលី ១ ដំរី ១ ដើមឈើ ១ វាចារឹងរូស ១ ស្ដេចមៀម ១ ត្រូវជា ១០ ។

ឧទបានវគ្គ ទី៣

ឧទបានទូសកជាតក ទី១

[៤១២] (ឥសីពោធិសត្វ សួរថា) ម្នាលសំឡាញ់ ហេតុអ្វីបានជាអ្នកប្រទូស្តអណ្ដូងទឹក ដែលបុគ្គលធ្វើបានដោយក្រ របស់ឥសីអ្នកនៅក្នុងព្រៃ ប្រព្រឹត្តតបធម៌ អស់រាត្រីដ៏អង្វែង ។

[៤១៣] (ចចក ពោលថា) ពួកយើងផឹកទឹកក្នុងទីណា ហើយជុះនោម បំផ្លាញ (ទីនោះ) នេះជាធម្មតារបស់ចចកទាំងឡាយ នេះជាធម្មតារបស់មាតា និងជីតា អ្នកមិនគួរពោលទោសចំពោះធម្មតានោះ ។

[៤១៤] (ពោធិសត្វ ពោលថា) អាការនេះធម្មតារបស់ពួកអ្នកណា ចំណង់បើអាការមិនមែនជាធម្មតា នឹងប្រាកដដូចម្ដេចទៅ យើងសូមកុំឲ្យជួបប្រទះនឹងអាការជាធម្មតា ឬមិនមែនជាធម្មតារបស់ពួកនោះ ក្នុងកាលណាឡើយ ។

ចប់ ឧទបានទូសកជាតក ទី១ ។

ព្យគ្ឃជាតក ទី២

[៤១៥] (រុក្ខទេវតាពោធិសត្វ ពោលថា)​សេចក្ដី​ក្សេមចាកយោគៈ គឺ​សេចក្ដី​សុខកាយ សុខចិត្ត រមែងសាបសូន្យទៅ ព្រោះច្រឡូកច្រឡំដោយបាបមិត្តណា បណ្ឌិតគប្បីញាំញីនូវបាបមិត្តនោះជាមុន ហើយគប្បីរក្សា (ខ្លួន) ដូចបុគ្គលកាលរក្សានូវភ្នែកដូច្នោះ ។

[៤១៦] ​សេចក្ដី​ក្សេមចាកយោគៈ រមែងចម្រើនឡើង ព្រោះច្រឡូកច្រឡំដោយកល្យាណមិត្តណា បណ្ឌិតគប្បីធ្វើនូវការប្រព្រឹត្តិក្នុងកិច្ចទាំងពួងឲ្យស្មើនឹងខ្លួន ។

[៤១៧] (ទេវតាពាល ពោលថា) នែខ្លា និងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់ទៅកាន់ព្រៃធំវិញចុះ កុំឲ្យមហាជនកាប់ព្រៃរបស់យើង ព្រោះតែព្រៃមិនមានខ្លា កុំឲ្យខ្លា និងសីហៈជាសត្វមិនមានព្រៃឡើយ ។

ចប់ ព្យគ្ឃជាតក ទី២ ។

កច្ឆបជាតក ទី៣

[៤១៨] (តាបសពោធិសត្វ ពោលថា )បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលអ្នកមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូលទៅរកបុគ្គលណា ដែលមានសទ្ធា ។

[៤១៩] (ពានរ ពោលថា) ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូម​សេចក្ដី​ចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។

[៤២០] (ពោធិសត្វ ពោលថា) ពួកអណ្ដើក ជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែងកោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។

ចប់ កច្ឆបជាតក ទី៣ ។

លោលជាតក ទី៤

[៤២១] (ព្រាបពោធិសត្វ ពោលថា) កុកនេះដូចម្ដេច មានសីរជាសត្វល្មួច មានពពកជាជីតា នែកុក អ្នកចូលមកអាយ (ព្រោះ) ក្អែកជាសំឡាញ់យើង ជាសត្វកាច ។

[៤២២] (ក្អែក ពោលថា) ខ្ញុំមិនមែនជាកុកមានសីរទេ ខ្ញុំជាក្អែករលោរលាំ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលត្រូវគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់អ្នក ។

[៤២៣] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀតពុំខាន ព្រោះថាសីល (មារយាទ) របស់អ្នកប្រាកដដូច្នោះ គ្រឿងបរិភោគទាំងឡាយ ជារបស់នៃមនុស្ស មិនមែនសត្វស្លាបបរិភោគបានដោយងាយឡើយ ។

ចប់ លោលជាតក ទី៤ ។

រុចិរជាតក ទី៥

[៤២៤] (ពោធិសត្វ ពោលថា) កុកនេះជាអ្វី មានសម្បុររលើប មកនៅក្នុងសំបុកក្អែក សំបុកនេះជារបស់ក្អែកណា ក្អែកជាសំឡាញ់របស់ខ្ញុំនោះ កាចណាស់ ។

[៤២៥] (ក្អែក ពោលថា) ម្នាលសំឡាញ់ស្មើចិត្ត ជាសត្វមានកំណើតពីរ ក្រែងអ្នកស្គាល់ខ្ញុំដែលជាសត្វមានពូជស្មៅជាភោជនដែរឬ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់អ្នក ។

[៤២៦] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀតពុំខាន ព្រោះថា សីលធម៌របស់អ្នកប្រាកដដូច្នោះ គ្រឿងបរិភោគទាំងឡាយ ជារបស់មនុស្ស មិនមែនសត្វស្លាបបរិភោគបានដោយងាយឡើយ ។

ចប់ រុចិរជាតក ទី៥ ។

កុរុធម្មជាតក ទី៦

[៤២៧] (ពួកព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះជនាធិបតី យើងទាំងឡាយ ដឹងច្បាស់នូវសទ្ធា និងសីលរបស់ព្រះអង្គហើយ នឹងទទួលយកនូវដំរីមានសម្បុរប្រាកដស្មើដោយផ្កាអញ្ជ័ន ទៅក្នុងសំណាក់នៃព្រះបាទកាលិង្គៈ ។

[៤២៨] (ព្រះរាជាពោធិសត្វ ពោលថា) ពួកសត្វដែលយើងចិញ្ចឹមដោយបាយក្ដី មិនចិញ្ចឹមក្ដី សត្វណាក្នុងជីវលោកនេះ ដើរមកសំដៅយើង ពួកសត្វទាំងអស់នោះ យើងមិនបានឃាត់ឡើយ នេះជាពាក្យរបស់បុព្វាចារ្យ (មាតា បីតារបស់យើង) ។

[៤២៩] ម្នាលព្រាហ្មណ៍ទាំងឡាយ យើងឲ្យដំរីដ៏ប្រសើនេះ ដែលសមគួរដល់ព្រះរាជា ជាជំនិះរបស់ព្រះរាជា មានយស ប្រដាប់តាក់តែងហើយ បំពាក់ហើយដោយបណ្ដាញមាស ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ព្រមទាំងសារថី (ចូរនាំ) ទៅតាមប្រាថ្នាចុះ ។

ចប់ កុរុធម្មជាតក ទី៦ ។

រោមជាតក ទី៧

[៤៣០] (តាបស ពោលថា) ម្នាលរោមកៈ យើងនៅក្នុងគុហាភ្នំ ជាង ៥០ ឆ្នាំ ពួកអណ្ឌជសត្វ (សត្វកើតអំពីពងទាំងនេះ ) មិនមាន​សេចក្ដី​រង្កៀស ជាសត្វមានចិត្តស្លូតត្រង់ រមែងមកកាន់កណ្ដាប់ដៃនៃយើងក្នុងកាលមុន ។

[៤៣១] ម្នាលសត្វមានអវយវៈក្ងក់ ឥឡូវនេះ ពួកទិជសត្វ (សត្វកើតពីរដង) ទាំងនោះ (ឃើញ) ហេតុអ្វីបានជាមាន​សេចក្ដី​ខ្វល់ខ្វាយ (គេចចេញអំពីញកភ្នំនេះ) ទៅនៅញកភ្នំដទៃវិញ ក្រែង (ពួកបក្សីទាំងនេះ) ទៅឃ្លាតយូរ បានជាមិនស្គាល់យើងដូចជាក្នុងកាលមុន ឬក៏ពួកបក្សីទាំងនេះ មិនមែនជាពួកបក្សីទាំងនោះទេ ។

[៤៣២] (ពោធិសត្វ ពោលថា) ពួកយើងស្គាល់លោក មិនមែនច្រឡំទេ លោក ក៏គឺលោកហ្នឹងដដែល ពួកយើង គឺសត្វទាំងនោះ មិនមែនជាសត្វដទៃទេ តែថា ចិត្តរបស់លោក ប្រទូស្តចំពោះពួកជននេះ ម្នាលអាជីវក ព្រោះហេតុនោះ បានជាពួកយើងតក់ស្លុតនឹងលោក ។

ចប់ រោមជាតក ទី៧ ។

មហិសជាតក ទី៨

[៤៣៣] (រុក្ខទេវតា ពោលថា) អ្នកអាស្រ័យហេតុដូចម្ដេច ទើបអត់ទ្រាំនូវ​សេចក្ដី​លំបាកនេះនឹងស្វាមានចិត្តរហ័ស ជាសត្វប្រទូស្ត មិត្ត (ដូចជាបុគ្គលអត់ទ្រាំនឹង​សេចក្ដី​លំបាក) នឹងម្ចាស់ដែលជាអ្នកឲ្យ​សេចក្ដី​ប្រាថ្នាទាំងពួង ។

[៤៣៤] អ្នកចូរវ័ធស្វានេះដោយស្នែង ចូរជាន់កំទេចដោយជើងចុះ ប្រសិនបើមិនមានអ្នកកំចាត់បង់ទេ ពួកពាលនឹងគប្បីរឹងរឹតបៀតបៀនឡើង ។

[៤៣៥] (ពោធិសត្វ ពោលថា) ស្វានេះ កាលមើលងាយខ្ញុំបាន គង់នឹងធ្វើ (អនាចារ) យ៉ាងនេះ នឹងក្របីដទៃទៀត ក្របីទាំងនោះ នឹងសម្លាប់វាក្នុងទីនោះ ការរួច (ចាក​សេចក្ដី​លំបាក) នោះ នឹងមានដល់ខ្ញុំ ។

ចប់ មហិសជាតក ទី៨ ។

សតបត្តជាតក ទី៩

[៤៣៦] (ព្រះសាស្ដា ត្រាស់ថា) មាណពសម្គាល់នូវមេចចកក្នុងផ្លូវ ជាសត្វគោចរទៅក្នុងព្រៃ ប្រាថ្នានូវ​សេចក្ដី​ចម្រើន តែងប្រាប់ហេតុឲ្យដឹង ថាជាសត្វប្រាថ្នានូវ​សេចក្ដី​វិនាស សម្គាល់នូវសត្វចចាត ជាសត្វប្រាថ្នានូវ​សេចក្ដី​វិនាស ថាជាសត្វប្រាថ្នានូវ​សេចក្ដី​ចម្រើន យ៉ាងណាមិញ ។

[៤៣៧] បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកប្រាកដដូច្នោះ ដែលជនទាំងឡាយ អ្នកប្រាថ្នានូវប្រយោជន៍ ពោលពាក្យ (ប្រៀនប្រដៅ) ទទួលយកឆ្វេងទៅវិញ ក៏យ៉ាងនោះដែរ ។

[៤៣៨] មួយទៀត ពួកបុគ្គលណា សរសើរនូវបុគ្គលនោះក្ដី លើកដំកើងបុគ្គលនោះ ព្រោះភ័យក្ដី បុគ្គលនោះ រមែងសម្គាល់ពួកបុគ្គលថាជាមិត្ត ដូចមាណព (កាលសម្គាល់) នូវសត្វចចាត ថាជាមិត្តដូច្នោះ ។

ចប់ សតបត្តជាតក ទី៩ ។

បូដទូសកជាតក ទី១០

[៤៣៩] (ពោធិសត្វ ពោលថា) មិគរាជ គឺស្ដេចស្វា ជាសត្វឈ្លាសក្នុងការធ្វើកញ្ចប់ស្លឹកឈើដោយពិត ព្រោះហេតុដូច្នោះ ទើបបានបំផ្លាញកញ្ចប់ចោល នឹងធ្វើកញ្ចប់ដទៃឲ្យល្អជាងកញ្ចប់មុនដោយពិត ។

[៤៤០] (ពានរ ពោលថា) បិតា ឬមាតារបស់ខ្ញុំ មិនមែនជាសត្វឈ្លាសក្នុងការធ្វើកញ្ចប់ទេ តែពួកខ្ញុំ បានតែខាងបំផ្លាញនូវវត្ថុដែលគេធ្វើហើយ ៗ ប៉ុណ្ណោះ នេះជាត្រកូល (របស់ពានរ) តែងមានយ៉ាងនេះ ជាធម្មតា ។

[៤៤១] (ពោធិសត្វ ពោលថា) ធម្មតារបស់ពួកអ្នកណា ប្រាកដយ៉ាងនេះទៅហើយ ចំណង់បើមិនមែនធម្មតា តើនឹងដូចម្ដេចទៅវិញ យើងសូមកុំឲ្យជួបប្រទះនឹងអាការជាធម្មតា ឬមិនមែនជាធម្មតារបស់ពួកអ្នកនោះ ក្នុងកាលណាឡើយ ។

ចប់ បូដទូសកជាតក ទី១០ ។

ចប់ ឧទបានវគ្គ ទី៣ ។

ឧទ្ទាននៃឧទបានវគ្គនោះគឺ និយាយអំពីអណ្ដូងទឹកប្រសើរ ១ ខ្លាក្នុងព្រៃ ១ ស្វា ១ កុកមានសីរ ១ កុកដ៏រលើបល្អ ១ ជនាធិបតីល្អ ១ ព្រាបឈ្មោះរោមកៈ ១ ស្វាប្រទូស្ត ១ សត្វចចាត ១ ការធ្វើកញ្ចប់ ១ ត្រូវជា ១០ ។

អព្ភន្តរវគ្គ ទី៤

អព្ភន្តរជាតក ទី១

[៤៤២] (សក្កទេវរាជ ត្រាស់ថា) នាងនារីមានបែបចាញ់ផ្ទៃ បានបរិភោគផ្លែឈើ (ស្វាយ) ឈ្មោះអព្ភន្តរៈជាទិព្វ ហើយប្រសូត (ព្រះរាជបុត្រ) ជាសេ្ដចចក្រពត្តិ ។

[៤៤៣] ម្នាលនាងដ៏ចម្រើន នាងជាមហេសី ទាំងជាទីស្រលាញ់របស់ព្រះរាជាជាភស្តា ព្រះរាជានឹងនាំផ្លែស្វាយ ឈ្មោះអព្ភន្តរៈនេះ មកដល់នាង ។

[៤៤៤] (កូនសេក ពោលថា) បុគ្គលអ្នកក្លៀវក្លា ស៊ូលះបង់ខ្លួន ប្រឹងប្រែងក្នុងប្រយោជន៍របស់បុគ្គលអ្នកចិញ្ចឹម

[បុគ្គលអ្នកចិញ្ចឹម មាន៣ គឺ មាតា បិតា ស្វាមី ។

អដ្ឋកថា ។] ខ្លួន រមែងបាននូវឋានៈណា ខ្ញុំបាននូវឋានៈនោះដែរ ។

ចប់ អព្ភន្តរជាតក ទី១ ។

សេយ្យជាតក ទី២

[៤៤៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា គប់រកនូវបុគ្គលប្រសើរ (បុគ្គលនោះ) ជាអ្នកមានចំណែកប្រសើរ ជាអ្នកប្រសើរបំផុត ខ្ញុំបានធ្វើនូវការជាប់តជាមួយនឹងស្ដេច ជាចោរម្នាក់ (ដោយមេត្តាភាវនា) បានដោះអ្នកទាំងឡាយ ១០០ នាក់ ដែលត្រូវគេសំឡាប់ (ឲ្យរួចបាន) ។

[៤៤៦] ព្រោះហេតុនោះ បុគ្គលម្នាក់ឯង ធ្វើនូវការជាប់តជាមួយនឹងលោកទាំងមូល (ដោយមេត្តាភាវនា) លុះទំលាយខន្ធទៅ គប្បីបានឋានសួគ៌ អ្នកទាំងឡាយដែលនៅក្នុងដែនកាសី ចូរស្ដាប់នូវពាក្យរបស់យើងនេះចុះ ។

[៤៤៧] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាជាធំ ព្រះនាមកំសៈ ព្រះអង្គគ្រប់គ្រងក្រុងពារាណសី បានត្រាស់ដូច្នេះហើយ ទ្រង់ដាក់ធ្នូ និងព្រួញចោល ហើយទើបចូលទៅកាន់ការសង្រួម គឺបព្វជ្ជា ។

ចប់ សេយ្យជាតក ទី២ ។

វឌ្ឍកីសូករជាតក ទី៣

[៤៤៨] (ជដិលមានចិត្តកោង ពោលថា) ការពីដើម អ្នករឹបជាន់នូវជ្រូកទាំងឡាយ ក្នុងប្រទេសនេះ តែងសំឡាប់ជ្រូកដ៏ប្រសើរ ៗ បាន ម្នាលខ្លា ឥឡូវនេះ អ្នកនោះត្រឡប់មកម្នាក់ឯង សញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះកម្លាំងកាយរបស់អ្នកគ្មានទេឬ ។

[៤៤៩] (ខ្លា ពោលថា) កាលពីដើម ជ្រូកទាំងនេះជាច្រើន ត្រូវភ័យបៀតបៀនហើយ ក៏ស្វែងរកទីជ្រកកោន ហើយក៏បោលទៅកាន់ទិសតូចទិសធំ ឥឡូវនេះ ជ្រូកទាំងនេះ ឋិតនៅក្នុងទីណា ដែលខ្ញុំបៀតបៀនមិនបាន ជ្រូកទាំងនោះ ក៏មកជួបជុំគ្នា នៅក្នុងទីនោះជាមួយគ្នា ។

[៤៥០] (រុក្ខទេវតា ពោលថា) យើងសូមថ្វាយបង្គំពួកជ្រូក ដែលមកជួបជុំគ្នា (ក្នុងទីនេះ) យើងបានឃើញនូវមិត្តភាព (របស់អ្នកទាំងឡាយ) ដ៏អស្ចារ្យដោយខ្លួនឯងទើបពោល ព្រោះថា ពួកម្រឹគមានខ្នាយ បានឈ្នះនូវខ្លា រួចចាក (មរណភ័យ) ដោយ​សេចក្ដី​ព្រមព្រៀងក្នុងពួកជ្រូកមានខ្នាយជាកម្លាំង ។

ចប់ វឌ្ឍកីសូករជាតក ទី៣ ។

សិរីជាតក ទី៤

[៤៥១] (ព្រះសាស្ដា ត្រាស់ថា) ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គលអ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។

[៤៥២] ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គលអ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួង សូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។

[៤៥៣] មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិតសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។

ចប់ សិរីជាតក ទី៤ ។

មណិសូករជាតក ទី៥

[៤៥៤] (ពួកជ្រូក ពោលថា) យើងខ្ញុំប្រមាណ ៣០ នាក់ នៅក្នុងមណិគុហា អស់ប្រាំពីរឆ្នាំ យើងខ្ញុំប្រឹក្សាគ្នាថា យើងខ្ញុំកំចាត់បង់នូវពន្លឺនៃកែវមណីដូច្នេះ ។

[៤៥៥] យើងខ្ញុំដដុសកែវមណី ដរាបណា កែវមណីរឹងរឹតតែភ្លឺឆ្លុះឡើង ឥឡូវនេះ យើងខ្ញុំសូមសួរនូវហេតុនេះថា លោកយល់នូវកិច្ចដូចម្ដេច ក្នុងរឿងនេះ ។

[៤៥៦] (ពោធិសត្វ ពោលថា) កែវមណីនេះ ដូចជាកែវពៃទូរ្យ មិនមែនកញ្ចក់ ជាកែវស្អាតឥតមន្ទិល អ្នកណាមួយមិនអាចដើម្បីកំចាត់បង់ពន្លឺនៃកែវមណីនុ៎ះ ឲ្យស្អាប់សម្បុរបាន នែជ្រូកទាំងឡាយ ពួកអ្នក ចូរចៀសចេញទៅ ។

ចប់ មណិសូករជាតក ទី៥ ។

សាលុកជាតក ទី៦

[៤៥៧] (គោឈ្មោះមហាលោហិតពោធិសត្វ ពោលថា) អ្នកកុំប្រាថ្នា (នូវអាហារ) របស់ជ្រូកឈ្មោះសាលុកឡើយ (ដ្បិតជ្រូកនេះ) បរិភោគបាយ ជាគ្រឿងក្ដៅក្រហាយ អ្នកចូរមាន​សេចក្ដី​ខ្វល់ខ្វាយតិច ហើយបរិភោគនូវអង្កាមចុះ ការបរិភោគនូវអង្កាមនេះឯងហើយ ជាលក្ខណៈនៃហេតុឲ្យអាយុវែង ។

[៤៥៨] បុរសអ្នករៀបការនោះជាសេវកៈ (ប្រកបដោយបរិសទ្យ) ជាភ្ញៀវមកប្រជុំក្នុងទីនេះ ក្នុងកាលឥឡូវនេះ អ្នកនឹងឃើញជ្រូកឈ្មោះសាលុកដេកស្ងៀម ត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែមិនខាន ។

[៤៥៩] (ព្រះសាស្ដា ត្រាស់ថា) គោចាស់ (ទាំងពីរ) ឃើញជ្រូកដេកស្ងៀម ត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែដែលគេកាច់ហើយ ក៏គិតថា អង្កាមជាអាហារដ៏ប្រសើររបស់យើង ។

ចប់ សាលុកជាតក ទី៦ ។

លាភគរហិកជាតក ទី៧

[៤៦០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលមិនឆ្កួត រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិននិយាយញុះញង់ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិនមែនអ្នករបាំ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមានសំដីក្រអឹមក្រអៀម រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ នេះជាពាក្យប្រៀនប្រដៅរបស់អ្នក ។

[៤៦១] (កូនសិស្ស ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមតិះដៀលនូវការបានយស និងការបានទ្រព្យ ព្រោះតែប្រព្រឹត្តចិញ្ចឹមជីវិតដោយធ្វើខ្លួនឲ្យលិចលង់ (ដោយកិច្ចមានកិរិយាសម្លាប់គេជាដើម) ឬដោយការប្រព្រឹត្តិនូវទុច្ចរិត ។

[៤៦២] បុគ្គលសូវធ្វើជាអ្នកបួស កាន់បាត្រ (ដើរសូមគេ) (ព្រោះថា) ការប្រព្រឹត្តិចិញ្ចឹមជីវិតនេះឯង ប្រសើរបំផុតជាងកិរិយាស្វែងរកចិញ្ចឹមជីវិតដោយអធម៌ ។

ចប់ លាភគរហិកជាតក ទី៧ ។

មច្ឆទានជាតក ទី៨

[៤៦៣] (ពោធិសត្វ ពោលថា) ត្រីទាំងឡាយ ថ្លៃមួយពាន់កហាបនៈ លើសដោយ (៧ មាសក) មិនមានអ្នកណាមួយ ជឿនូវហេតុនេះ តែថា (មក) ដល់អញក្នុងទីនេះនៅតែថ្លៃ ៧ មាសក អញគប្បីទិញនូវពួកត្រីនោះ ។

[៤៦៤] (នទីទេវតា ពោលថា) អ្នកបានឲ្យភោជនដល់ពួកត្រី ហើយផ្សាយចំណែកផលដល់ខ្ញុំ ខ្ញុំរលឹកនូវទក្ខិណានោះ ជា​សេចក្ដី​គោរពដែលអ្នកធ្វើហើយ (ទើបរក្សាទ្រព្យនេះទុកឲ្យអ្នក) ។

[៤៦៥] ​សេចក្ដី​ចម្រើន មិនមានដល់បុគ្គលអ្នកមានចិត្តប្រទូស្តឡើយ មួយទៀត បុគ្គលណាធ្វើអំពើអាក្រក់ បោកប្រាសទ្រព្យសម្បត្តិ ដែលជាកេរ្តិ៍មត៌ករបស់បិតា និងបងប្អូនឯង ពួកទេវតាក៏មិនបូជាបុគ្គលនោះឡើយ ។

ចប់ មច្ឆទានជាតក ទី៨ ។

នានាឆន្ទជាតក ទី៩

[៤៦៦] (ព្រាហ្មណ៍បុរោហិត ពោលថា) បពិត្រមហារាជ យើងខ្ញុំទាំងឡាយ មានចំណង់ផ្សេង ៗ គ្នា នៅក្នុងផ្ទះជាមួយគ្នា ចំណែកខ្ញុំព្រះអង្គចង់បានស្រុកសួយ នាងព្រាហ្មណីជាប្រពន្ធ ចង់បានគោ ១០០ ។

[៤៦៧] កូនប្រុស (របស់ខ្ញុំព្រះអង្គ) ចង់បានរថទឹមដោយសេះអាជានេយ្យ នាងកញ្ញា (កូនប្រសាស្រី) ចង់បានកុណ្ឌលកែវមណី ចំណែកខាងនាងបុណ្ណកាទាសីថោកទាប ចង់បានត្បាល់ (មួយអន្លើដោយចង្អេរ និងអង្រែ) ។

[៤៦៨] (ព្រះរាជា ត្រាស់ថា) អ្នកទាំងឡាយ ចូរឲ្យស្រុកសួយដល់ព្រាហ្មណ៍ ចូរឲ្យគោ ១០០ ដល់នាងព្រាហ្មណី ចូរឲ្យរថទឹមដោយសេះអាជានេយ្យដល់បុត្ត (របស់ព្រាហ្មណ៍) ចូរឲ្យកុណ្ឌលកែវមណីដល់នាងកញ្ញា មួយទៀត អ្នកទាំងឡាយ ចូរចាត់ចែងរកត្បាល់ (ព្រមទាំងចង្អេរ និងអង្រែ) ឲ្យនាងបុណ្ណកាទាសីថោកទាបនោះផង ។

ចប់ នានាឆន្ទជាតក ទី៩ ។

សីលវីមំសជាតក ទី១០

[៤៦៩] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) ឮថា សីល ជាគុណជាតល្អ សីល ជាគុណជាតប្រសើរបំផុតក្នុងលោក អ្នកចូរមើលចុះ ពស់មានពិសដ៏ពន្លឹក មិនបៀតបៀន (ហ្មពស់) ដោយយល់ថា អ្នកមានសីល ។

[៤៧០] បុគ្គលប្រព្រឹត្តស្មើតាមការប្រព្រឹត្តិរបស់ព្រះអរិយៈ ទើបបណ្ឌិតហៅថា អ្នកមានសីល ដោយសីលណា យើងនឹងសមាទាននូវសីលនោះ ដែលបណ្ឌិតយល់ព្រមហើយថា សីលនេះជារបស់ក្សេម (ចាកភ័យ) ក្នុងលោក ។

[៤៧១] ម្យ៉ាងទៀត បុគ្គលអ្នកមានសីលជាទីស្រលាញ់នៃពួកញាតិផង រមែងរុងរឿងក្នុងពួកមិត្រផង លុះបែកឆ្លាយរាងកាយ ក៏ទៅកើតក្នុងសុគតិភព ។

ចប់ សីលវីមំសជាតក ទី១០ ។

ចប់ អព្ភន្តរវគ្គ ទី៤ ។

ឧទ្ទាននៃអព្ភន្តរវគ្គនោះគឺ និយាយអំពីផ្លែឈើអព្ភន្តរៈ ១ ព្រះរាជាព្រះនាមកំសៈ ១ ជ្រូកដ៏ប្រសើរ និងម្រឹគ គឺខ្លា ១ កែវមណី ១ ជ្រូកនៅក្នុងគុហាកែវមណី ១ ជ្រូកឈ្មោះសាលុក ១ ការប្រៀនប្រដៅ ១ ត្រីដ៏ប្រសើរ ១ កុណ្ឌលកែវមណី ១ សីល ១ ត្រូវជា ១០ ។

កុម្ភវគ្គ ទី៥

ភទ្រឃដភេទកជាតក ទី១

[៤៧២] (ព្រះសាស្ដា ត្រាស់ថា) អ្នកលេងបាននូវឆ្នំាងកំណប់ ដែលឲ្យនូវ​សេចក្ដី​ប្រាថ្នាគ្រប់យ៉ាង ហើយរក្សាឆ្នំាងនោះ ដរាបណា អ្នកលេងនោះ ក៏ដល់នូវ​សេចក្ដី​សុខ ដរាបនោះ ។

[៤៧៣] ក្នុងកាលណា អ្នកលេងស្រវឹងផង គឃ្លើនផង បានបំបែកឆ្នំាង ព្រោះ​សេចក្ដី​ប្រមាទ ក្នុងកាលនោះ បុគ្គលពាលទៅជាអ្នកអាក្រាតផង ជាអ្នកស្លៀកកំណាត់សំពត់កន្ទបផង រមែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ។

[៤៧៤] បុគ្គលឥតប្រាជ្ញា បាននូវទ្រព្យយ៉ាងនេះហើយ ជាអ្នកមាន​សេចក្ដី​ប្រមាទប្រើប្រាស់ រមែងក្ដៅក្រហាយក្នុងកាលខាងក្រោយ ដូចជាអ្នកលេង (ដែលក្ដៅក្រហាយស្ដាយក្រោយ) ព្រោះតែបំបែកឆ្នំាងចោល ។

ចប់ ភទ្រឃដភេទកជាតក ទី១ ។

សុបត្តជាតក ទី២

[៤៧៥] (ក្អែក ពោលថា) បពិត្រមហារាជ ស្ដេចក្អែកឈ្មោះសុបត្តៈ នៅអាស្រ័យក្បែរក្រុងពារាណសី មានក្អែក ៨០ ០០០ ជាបរិវារ ។

[៤៧៦] នាងសុបស្សា ជាភរិយារបស់ស្ដេចក្អែកនោះ មាន​សេចក្ដី​ចាញ់ផ្ទៃ ចង់បរិភោគនូវក្រយាស្ងោយមានថ្លៃច្រើន ដែលនាយពិសេសចំអិន ដើម្បីថ្វាយព្រះរាជា ក្នុងរោងសំរាប់ចំអិនក្រយាស្ងោយ ។

[៤៧៧] ឯខ្ញុំព្រះអង្គជារាជទូតរបស់ស្ដេចក្អែកទាំងនោះ ត្រូវស្ដេចបញ្ជូនមក បានជាមកក្នុងទីនេះ ខ្ញុំព្រះអង្គធ្វើនូវ​សេចក្ដី​គោរព ចំពោះម្ចាស់ ហើយបានធ្វើឲ្យមានរបួស ត្រង់ច្រមុះ (របស់នាយពិសេស) ។

ចប់ សុបត្តជាតក ទី២ ។

កាយនិព្វិន្ទជាតក ទី៣

[៤៧៨] (តាបសពោធិសត្វ ពោលថា) កាលអញត្រូវព្យាធិរោគណាមួយប៉ះពាល់ហើយ ដល់នូវ​សេចក្ដី​ទុក្ខយ៉ាងខ្លាំងក្លា ដែលរោគកំពុងបៀតបៀន រាងកាយនេះ ដ៏នឹងរីងស្ងួតយ៉ាងឆាប់ ដូចជាផ្កាឈើដែលគេដោតលើអាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួតដូច្នោះ) ។

[៤៧៩] (រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាលពោលថា ជាទីគាប់ចិត្ត មិនស្អាតទេ តែជនពាល សន្មតថាជារបស់ស្អាត រាងកាយដ៏ពេញប្រៀប ដោយសាកសពផ្សេង ៗ មានសភាពជាទីគាប់ចិត្តនៃជនពាល ។

[៤៨០] យើងគួរតិះដៀលនូវកាយស្អុយនេះ ជារបស់ឈឺជានិច្ច គួរខ្ពើមរអើម មិនស្អាត មានព្យាធិជាធម្មតា ដែលពួកសត្វប្រមាទ ជ្រប់ជាប់ ញ៉ាំងផ្លូវនៃសុគតិភព ឲ្យវិនាសសាបសូន្យ ។

ចប់ កាយនិព្វិន្ទជាតក ទី៣ ។

ជម្ពូខាទកជាតក ទី៤

[៤៨១] (ចចក ពោលថា) អ្នកណានេះ មានសំឡេងក្រលួច ពីរោះឧត្ដមជាងពួកសត្វ ដែលមានសំឡេង ទំលើមែកព្រីង ហើយយំពីរោះ ដូចជាសំឡេងនៃកូនក្ងោក ។

[៤៨២] (ក្អែក ពោលថា) កុលបុត្តចេះសរសើរកុលបុត្ត (ដូចគ្នា) ម្នាលសំឡាញ់ មានសម្បុរដូចជាសម្បុរនៃកូនខ្លា ខ្ញុំសូមជូន (ផ្លែព្រីង) ដល់អ្នក ចូរអ្នកពិសាចុះ ។

[៤៨៣] (រុក្ខទេវតា ពោលថា) យូរណាស់ហើយ យើងទើបតែឃើញនូវក្អែកជាសត្វស៊ីនូវកំអួតផង នូវចចកជាសត្វស៊ីនូវសាកសពផង ជាសត្វពោលពាក្យកុហក មកចួបគ្នា ហើយសរសើរគ្នាទៅវិញទៅមក ។

ចប់ ជម្ពូខាទកជាតក ទី៤ ។

អន្តជាតក ទី៥

[៤៨៤] (ក្អែក ពោលថា) ករបស់អ្នក ដូចជាកនៃគោឧសភៈ ការមិតពត់របស់អ្នក ដូចជាការមិនពត់នៃសត្វសីហៈ បពិត្រមិគរាជ ខ្ញុំសូមថ្វាយបង្គំអ្នក ធ្វើម្ដេចយើងនឹងបាននូវសាច់តិចតួច ។

[៤៨៥] (ចចក ពោលថា) កុលបុត្រចេះសរសើរនូវកុលបុត្រដូចគ្នា ម្នាលក្អែកមានផ្នួតកដូចជាក្ងោក អ្នកចូរចុះអំពីដើមល្ហុងនេះមក ។

[៤៨៦] (រុក្ខទេវតា ពោលថា) ចចកជាសត្វថោកទាបជាងម្រឹគទាំងឡាយ ឯក្អែកជាសត្វថោកទាប ជាងបក្សីទាំងឡាយដែរ ដើមល្ហុងជាឈើថោកទាបជាងឈើទាំងឡាយ ពួកថោកទាបទាំង ៣ មកជួបប្រទះគ្នា ។

ចប់ អន្តជាតក ទី៥ ។

សមុទ្ទជាតក ទី៦

[៤៨៧] (សមុទ្ទទេវតា ពោលថា) អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រមានទឹកប្រៃ ហាមឃាត់នូវពួកត្រី និងពួកមករ លំបាកក្នុងរលកទឹក ។

[៤៨៨] (ក្អែកសមុទ្រ ពោលថា) ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ ។

[៤៨៩] (សមុទ្ទទេវតា ពោលថា) សមុទ្ទធំនោះ ជួនកាល ក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្ទនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយ ក៏មិនអាចផឹកទឹកឲ្យអស់បានឡើយ ។

ចប់ សមុទ្ទជាតក ទី៦ ។

កាមវិលាបជាតក ទី៧

[៤៩០] (បុរសម្នាក់ ពោលថា) ម្នាលសត្វស្លាប អ្នកទៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភ្លៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ ។

[៤៩១] ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវ និងលំពែងនេះឯង ដែលគេដោតចុះហើយ វាជាស្រីឆ្នាស តែងធ្វើនូវ​សេចក្ដី​ក្រោធ ការក្រោធរបស់វានោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវ និងលំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ ។

[៤៩២] ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។

ចប់ កាមវិលាបជាតក ទី៧ ។

ឧទុម្ពរជាតក ទី៨

[៤៩៣] (ស្វាធំ ពោលថា) ពួកដើមល្វាផង ដើមជ្រៃផង ដើមខ្វិតផង ទាំងនេះឯង សុទ្ធតែមានផ្លែទុំ អ្នកចូរមក ហើយចេញទៅបរិភោគ (នូវផ្លែឈើទាំងនោះ) អ្នកស្លាប់ដោយ​សេចក្ដី​ឃ្លានដូចម្ដេចកើត ។

[៤៩៤] (ស្វាតូច ពោលថា) បុគ្គលណា គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ បុគ្គលនោះ បានឈ្មោះថា ឆ្អែតស្កប់ស្កល់ហើយយ៉ាងនេះ ដូចជាក្នុងថ្ងៃនេះ ខ្ញុំបានបរិភោគផ្លែឈើទុំឆ្អែតស្កប់ស្កល់ហើយ ។

[៤៩៥] (ស្វាធំ ពោលថា) ស្វាដែលកើតក្នុងព្រៃ គប្បីបញ្ឆោតនូវស្វាដែលកើតក្នុងព្រៃដូចគ្នា ព្រោះហេតុណា ហេតុនោះ ស្វាដែលនៅក្មេង (ដូចជាអ្នក) មិនគប្បីជឿបានទេ ស្វាចាស់គ្រាំគ្រា (ដូចយើង) ក៏មិនគប្បីជឿបានដែរ ។

ចប់ ឧទុម្ភរជាតក ទី៨ ។

កោមារិយបុត្តជាតក ទី៩

[៤៩៦] (ពួកតាបស ពោលថា) មា្នលស្វា កាលពីដើម អ្នកឯងលោតលេងជិតអាស្រម ក្នុងសំណាក់នៃយើងអ្នកមានសីល អ្នកចូរធ្វើ (នូវអាការទាំងឡាយ មានញាក់មុខជាដើម) ដែលជាល្បែងរបស់ស្វា យើងមិនត្រេកអរនឹងសីលវ័តនោះទេ ។

[៤៩៧] (ស្វា ពោលថា) ​សេចក្ដី​បរិសុទ្ធិដ៏ក្រៃលែងរបស់តាបសឈ្មោះកោមារិយបុត្ត ជាពហូសូត ខ្ញុំបានឮហើយ ឥឡូវនេះ លោកកុំសម្គាល់ខ្ញុំដូចមុនឡើយ នែអាវុសោ (ឥឡូវនេះ) ពួកយើងជាអ្នកប្រកបក្នុងឈាន ។

[៤៩៨] (តាបស ពោលថា) ប្រសិនបើ បុគ្គលគប្បីព្រោះនូវពូជលើថ្ម ទោះភ្លៀងបង្អុរចុះក៏ដោយ ឯពូជនោះ មិនគប្បីលូតលាស់បានឡើយ ​សេចក្ដី​បរិសុទ្ធិដ៏ក្រៃលែង នោះអ្នកបានឮហើយ នែស្វា អ្នកឆ្ងាយអំពីឈានភូម៌ណាស់ ។

ចប់ កោមារិយបុត្តជាតក ទី៩ ។

ពកជាតក ទី១០

[៤៩៩] (ព្រះសុគត ទ្រង់ត្រាស់ថា) កុកកាលរស់នៅ មានសាច់ និងឈាមជាភោជន ព្រោះសម្លាប់តែសត្វដទៃ (ហើយអួតថា) សមាទាននូវវត្ត រក្សាឧបោសថ ។

[៥០០] សក្កទេវរាជ បានដឹងច្បាស់នូវវត្តរបស់កុកនោះ ហើយចូលមកដោយ (ក្លែងខ្លួន) ជារូបពពែ កុកមានតបៈទៅប្រាសហើយ ជាសត្វផឹកនូវឈាម (នៃសត្វដទៃ) បានស្ទុះចូលទៅ (ដើម្បីចឹកពពែស៊ី) ហើយក៏ទំលាយបង់នូវតបៈ ដែលខ្លួនសមាទានហើយ ។

[៥០១] បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានកំឡាំថយ ក្នុងការសមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាកុក (ដែលទំលាយនូវតបៈរបស់ខ្លួន) ព្រោះហេតុតែពពែ ក៏យ៉ាងនោះឯង ។

ចប់ ពកជាតក ទី១០ ។

ចប់ កុម្ភវគ្គ ទី៥ ។

ឧទ្ទាននៃកុម្ភវគ្គនោះគឺ និយាយអំពីឆ្នំាងដ៏ប្រសើរ ១ ស្ដេចក្អែកឈ្មោះសុបត្តៈ ១ រូបកាយដែលសន្មតថាស្អាត ១ ក្អែកមានសំឡេងក្រឡៅ ១ ចចកមានកដូចឧសភៈ ១ សមុទ្រជាម្ចាស់នៃទន្លេ ១ ប្រពន្ធឆ្នាស ១ ស្វាចាស់ ១ ល្បែងរបស់ស្វា ១ កុក ១ ត្រូវជា ១០ ។

ឧទ្ទាននៃវគ្គគឺ និយាយអំពីសង្កប្បវគ្គ ១ បទុមវគ្គ ១ ឧទបានវគ្គ ជាគំរប់បី ១ អព្ភន្តរវគ្គ ១ កុម្ភវគ្គ ១ (ទាំងអស់នេះ) រួមបញ្ចូលក្នុងតិកនិបាត ។

ចប់ តិកនិបាត ។

ចតុក្កនិបាតជាតក

កាលិង្គវគ្គ ទី១

ចុល្លកាលិង្គជាតក ទី១

[៥០២] (នន្ទសេនាមាត្យ ពោលថា) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយព្រះរាជធីតាទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេចចូលទៅខាងក្នុងព្រះនគរ ដែលខ្ញុំជាអាមាត្យឈ្មោះនន្ទិសេន ជាបុរសសីហៈរបស់ព្រះបាទអរុណ ដែលអាចារ្យប្រៀនប្រដៅល្អ រក្សាល្អហើយ ។

[៥០៣] (ព្រះបាទកាលិង្គៈ ពោលថា) ម្នាលព្រហ្មចារិតាបស អ្នកពោលយ៉ាងនេះថា ជំនះនឹងមានដល់ពួកកាលិង្គៈ ដែលជាអ្នកអត់ធន់ចំពោះទុក្ខភ័យ ដែលគេអត់ធន់មិនបាន បរាជ័យនឹងមានដល់ពួកអស្សកៈដូច្នេះ ជនទាំងឡាយ អ្នកមានសន្ដានស្លូតត្រង់ មិនពោលនូវពាក្យមិនពិតឡើយ ។

[៥០៤] (តាបសពោធិសត្វ ពោលថា) បពិត្រសក្កទេវរាជ ពួកទេវតាប្រព្រឹត្តកន្លងហើយនូវមុសាវាទ ព្រះអង្គគួរធ្វើនូវពាក្យពិតដ៏ទៀងទាត់យ៉ាងក្រៃលែង បពិត្រមឃវទេវរាជ ជាធំលើផែនដី ម្យ៉ាងទៀត ព្រះអង្គអាស្រ័យហេតុអ្វី ទើបពោលនូវពាក្យមុសាវាទនោះ ។

[៥០៥] (ព្រះឥន្ទ្រ ពោលថា) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮពាក្យគេនិយាយថា ពពួកទេវតាមិនច្រណែនចំពោះ​សេចក្ដី​ព្យាយាមរបស់បុរសទេ ការទូន្មានខ្លួន ១ ការតម្កល់មាំ មិនបែកចិត្ត ១ ការមិនបន្ធូរបន្ថយ ការប្រឹងប្រែងក្នុងការគួរ ១ ព្យាយាមដ៏មាំ ១ ការសង្វាតរបស់បុរស ១ (មានដល់ពួកអស្សកៈ) ហេតុនោះ បានជាជ័យជំនះមានហើយ ដល់ពួកអស្សកៈ ។

ចប់ ចុល្លកាលិង្គជាតក ទី១ ។

មហាអស្សារោហជាតក ទី២

[៥០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា កាលឲ្យចំពោះជនទាំងឡាយដែលមិនដែលឲ្យ (ដល់ខ្លួន) មិនឲ្យចំពោះជនទាំងឡាយដែលធ្លាប់ឲ្យ បុគ្គលនោះ បានដល់នូវ​សេចក្ដី​វិនាស មិនបាននូវមិត្រសំឡាញ់ ក្នុងគ្រាមាន​សេចក្ដី​អន្តរាយទាំងឡាយ ។

[៥០៧] បុគ្គលណា មិនឲ្យទានចំពោះជនទាំងឡាយ ដែលមិនដែលឲ្យ បានឲ្យចំពោះជនទាំងឡាយដែលឲ្យ បុគ្គលនោះ ក៏ដល់នូវ​សេចក្ដី​វិនាស មិនបាននូវសំឡាញ់ ក្នុងកាលមាន​សេចក្ដី​អន្តរាយទាំងឡាយ ។

[៥០៨] ការសំដែងនូវ​សេចក្ដី​ស្និទ្ធស្នាល និងការបរិភោគរួម ឲ្យវិសេសក្នុងពួកជនអ្នកមានធម៌មិនប្រសើរ ជាអ្នកអួតអាង ក៏រមែងវិនាស ម្យ៉ាងទៀត សូម្បីទានបន្តិចបន្តួច ដែលបុគ្គលធ្វើហើយ ចំពោះពួកព្រះអរិយៈផង ចំពោះពួកបុគ្គលអ្នកមានចិត្តស្លូតត្រង់ផង ជាទានមានផលច្រើន ។

[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គលនេះ ឈ្មោះថា បានធ្វើអំពើដែលគេធ្វើបានដោយក្រក្រៃពេកក្នុងលោក លុះដល់កាលជាខាងក្រោយ បុគ្គលនោះ ធ្វើ (គុណនីមួយដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថាជាបុគ្គលគួរដល់កិរិយាបូជាដោយពិត ។

ចប់ មហាអស្សារោហជាតក ទី២ ។

ឯករាជជាតក ទី៣

[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គនៅសោយកាមគុណទាំងឡាយ ជារបស់ស្ដុកស្ដម្ភ រកអ្វីប្រសើរជាងគ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅក្នុងរណ្ដៅក្រហេងក្រហូងហើយ នៅតែមិនលះបង់នូវពណ៌សម្បុរ និងកម្លាំងពីដើម ។

[៥១១] (ព្រះបាទពារាណសី ពោលថា) បពិត្រព្រះបាទទុព្ភិសេន ​សេចក្ដី​អត់ធន់ក្ដី ​សេចក្ដី​ប្រព្រឹត្តិតបៈក្ដី ខ្ញុំមានបំណងទុកហើយពីមុន បពិត្រមហារាជ ឥឡូវនេះ ខ្ញុំបានសម្រេចនូវ​សេចក្ដី​ប្រាថ្នានោះហើយ តើគប្បីលះបង់នូវពណ៌សម្បុរ និងកម្លាំងពីដើមដូចម្ដេចកើត ។

[៥១២] (ទាន សីល ឧបោសថកម្ម) ទាំងអស់របស់ខ្ញុំ សម្រេចហើយ បពិត្រព្រះអង្គមានយស មានប្រាជ្ញារកនរណាគ្របសង្កត់មិនកើត ខ្ញុំបានយសដ៏ធំ ជាយសដែលខ្ញុំមិនធ្លាប់បានក្នុងកាលពីដើមហើយ ទើបខ្ញុំមិនលះបង់ពណ៌សម្បុរ និងកម្លាំងពីដើម ។

[៥១៣] បពិត្រព្រះជនិន្ទ្រ ពួកសប្បុរស បន្ទោបង់នូវរជ្ជសុខដោយទុក្ខ បន្ទោបង់នូវ​សេចក្ដី​ទុក្ខ ដែលបុគ្គលគ្របសង្កត់មិនបាននោះ ដោយសារឈានសុខ ជាអ្នកមានចិត្តត្រជាក់ ស្មើក្នុង​សេចក្ដី​សុខ និងទុក្ខទាំង ២ យ៉ាង ។

ចប់ ឯករាជជាតក ទី៣ ។

ទទ្ទរជាតក ទី៤

[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យអាក្រក់ទាំងឡាយនេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យក្ដៅក្រហាយ ឯពួកក្មេងទាំងឡាយនេះ មិនមានពិសសោះ ប៉ុន្តែហ៊ានជេរខ្ញុំដែលមានពិស ថាជាអ្នកស៊ីកង្កែបផង នៅក្នុងទឹកផង ។

[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែលគេបំបរបង់ចេញចាកដែនរបស់ខ្លួនហើយ ទៅកាន់ជនបទឯទៀត ត្រូវធ្វើជង្រុកឲ្យធំ ដើម្បីដាក់នូវពាក្យអាក្រក់ទាំងឡាយចុះ ។

[៥១៦] ពួកជនមិនដឹងនូវបុរសដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិក្នុងទីណា បុគ្គលកាលនៅក្នុងសំណាក់នៃពួកជនដែលខ្លួនមិនស្គាល់ មិនត្រូវធ្វើ​សេចក្ដី​ប្រកាន់ក្នុងទីនោះឡើយ ។

[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមានអានុភាព) ស្មើដោយភ្លើង កាលនៅក្នុងប្រទេសដទៃ ត្រូវតែអត់សង្កត់ពាក្យ ទោះបីមនុស្សជាខ្ញុំគេ គម្រាមក៏ដោយ ។

ចប់ ទទ្ទរជាតក ទី៤ ។

សីលវីមំសជាតក ទី៥

[៥១៨] (មាណពពោធិសត្វ ពោលថា) ធម្មតា​សេចក្ដី​ស្ងាត់កំបាំង របស់បុគ្គលអ្នកធ្វើអំពើអាក្រក់ មិនមានក្នុងលោកទេ ពួកភូតដែលនៅក្នុងព្រៃ គង់គេឃើញបាន បុគ្គលពាល រមែងសម្គាល់នូវអំពើអាក្រក់ដែលធ្វើនោះថា ស្ងាត់កំបាំង ។

[៥១៩] ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែលសូន្យ (ចាកសត្វ) ក៏មិនមាន ខ្ញុំមិនឃើញថា សូន្យ ក្នុងទីណា ទីនោះក៏មិនសូន្យអំពីខ្ញុំទេ ។

[៥២០] (ព្រះសាស្ដា ត្រាស់ថា) ពួកមាណព គឺ ទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ (ជាដើម) នោះ ជាអ្នកត្រូវការ (ដោយស្រ្តី) ក៏សាបសូន្យចាកសភាវៈ (ការបាននូវស្ត្រី) ។

[៥២១] ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាមក្នុងសច្ចៈ បានរក្សានូវធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់នូវត្រើយនៃធម៌ទាំងពួង តើគប្បីសាបសូន្យ (ចាកការបាននូវស្ត្រី) ដូចម្ដេចកើត ។

ចប់ សីលវីមំសជាតក ទី៥ ។

សុជាតាជាតក ទី៦

[៥២២] (នាងសុជាតាទេវី សួរថា) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូលរលីង មានពណ៌ក្រហម ដូចជាឈាម ដែលដាក់ក្នុងភាជន៍មាស ខ្ញុំម្ចាស់សួរហើយ សូមព្រះអង្គប្រាប់ឲ្យទាន ។

[៥២៣] (ព្រះបាទពារាណសី ទ្រង់ត្រាស់ថា) ម្នាលទេវី ក្នុងកាលមុន នាងមានក្បាលរលីង ស្លៀកកំណាត់សំពត់ចាស់ មានដៃក្នុងថ្នក់ ហើយបេះនូវផ្លែឈើទាំងឡាយណា (នេះ) គឺផ្លែពុទ្រា របស់នាងនោះហើយ ។

[៥២៤] ស្ត្រីថោកទាប រមែងក្ដៅក្រហាយ មិនត្រេកអរ (ក្នុងរាជត្រកូល) ភោគៈរបស់ស្ដេចទាំងឡាយ រមែងលះបង់នូវស្ត្រីឥតបុណ្យនោះ ស្ត្រីថោកទាប បេះនូវផ្លែពុទ្រាក្នុងទីណា អ្នកទាំងឡាយ ចូរនាំស្ត្រីនោះទៅ ក្នុងទីនោះចុះ ។

[៥២៥] (អាមាត្យពោធិសត្វ ទូលថា) បពិត្រមហារាជ ទោសខុស ព្រោះ​សេចក្ដី​ប្រមាទទាំងនេះ រមែងមកដល់នាងនារី ដែលដល់នូវយសសក្តិ បពិត្រព្រះទេវៈ សូមព្រះអង្គអត់ទោសដល់ព្រះនាងសុជាតាទេវី បពិត្រព្រះអង្គប្រសើរក្នុងរថ សូមព្រះអង្គកុំទ្រង់ព្រះពិរោធ ចំពោះព្រះនាងសុជាតាទេវីនេះឡើយ ។

ចប់ សុជាតាជាតក ទី៦ ។

បលាសជាតក ទី៧

[៥២៦] (រុក្ខទេវតាពោធិសត្វ ពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹងថាដើមចារនេះ ជាឈើឥតចេតនា ឥតចេះស្ដាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធព្យាយាម មិនប្រហែសធ្វេសជានិច្ច ហេតុអ្វី ក៏សួររកការដេកជាសុខ (របស់ដើមឈើ) ។

[៥២៧] (ព្រាហ្មណ៍ ពោលថា) ដើមឈើ ប្រាកដក្នុងទីដ៏ឆ្ងាយផង ធំផង ដុះនៅក្នុងទី (ទួល) មានសភាពជាទីនៅរបស់ភូត ហេតុនោះ បានជាខ្ញុំថ្វាយបង្គំដើមចារនេះ ពួកភូតណា នៅអាស្រ័យលើដើមឈើនេះ (ខ្ញុំថ្វាយបង្គំ) ពួកភូតនោះ ព្រោះហេតុតែទ្រព្យ ។

[៥២៨] (រុក្ខទេវតា ពោលថា) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯង កាលសម្លឹងឃើញនូវការដឹងគុណ ដែលអ្នកធ្វើហើយ ខ្ញុំនឹងធ្វើនូវការតបគុណដល់អ្នក តាមសមគួរដល់អានុភាព ការដែលអ្នកមកខ្វល់ខ្វាយ ក្នុងសំណាក់សប្បុរស និងជារបស់សោះសូន្យដូចម្ដេចកើត ។

[៥២៩] ដើមលៀបណា ដុះនៅខាងមុខដើមទន្លាប់ យ័ញ្ញដែលគេធ្វើហើយក្នុងកាលមុនច្រើន ជាកំណប់ដែលគេកប់ព័ទ្ធជុំវិញក្បែរគល់លៀបនោះឯង ជាកំណប់មិនមានអ្នកទទួល អ្នកចូរទៅគាស់យកកំណប់ទ្រព្យនោះចុះ ។

ចប់ បលាសជាតក ទី៧ ។

ជវសកុណជាតក ទី៨

[៥៣០] (សត្វសសេះ ពោលថា) កម្លាំងណារបស់យើង មានហើយ យើងធ្វើកិច្ចដល់អ្នកតាមកម្លាំងនោះ បពិត្រមិគរាជ ខ្ញុំសូមក្រាបថ្វាយបង្គំអ្នក យើងត្រូវបានសាច់បន្តិចបន្តួចខ្លះ ។

[៥៣១] (រាជសីហ៍ ឆ្លើយតបថា) អ្នកឯងចូរទៅតាមចន្លោះនៃធ្មេញរបស់ខ្ញុំ ដែលជាអ្នកស៊ី (សាច់) និងឈាម ធ្វើនូវអំពើអាក្រក់ទាំងឡាយជានិច្ច រស់នៅដោយសាច់ណា សាច់នោះមានច្រើន ។

[៥៣២] (សសេះឆ្លើយតបថា) ​សេចក្ដី​ដឹងគុណដែលគេធ្វើហើយ មិនមានក្នុងបុគ្គលណា ការសេពគប់នឹងបុគ្គលអ្នកមិនដឹងគុណដែលគេធ្វើហើយ មិនធ្វើ (គុណនឹងអ្នកណា) មិនតបស្នងសងគុណ ដល់អ្នកដែលធ្វើគុណហើយដល់ខ្លួននោះ ជាការឥតប្រយោជន៍ ។

[៥៣៣] បណ្ឌិត មិនបានមិត្តធម៌ ដោយសារគុណដែលខ្លួនសន្សំហើយ ក្នុងទីចំពោះមុខបុគ្គលណា បណ្ឌិតមិនត្រូវឫស្យា មិនត្រូវជេរ ត្រូវតែគេចចេញចាកបុគ្គលនោះ ដោយសន្សឹម ៗ ។

ចប់ ជវសកុណជាតក ទី៨ ។

ឆវជាតក ទី៩

[៥៣៤] (ពោធិសត្វ ក្រាបទូលព្រះបាទពារាណសីថា) កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គលទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាកប្រក្រតីផង ។

[៥៣៥] (ព្រាហ្មណ៍បុរោហិត ឆ្លើយតបថា) ខ្ញុំបរិភោគបាយស្រូវសាលីស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ ។

[៥៣៦] (ពោធិសត្វ ពោលថា ) អ្នកចូរជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំងឡើយ ។

[៥៣៧] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយស និងការបានទ្រព្យ ព្រោះការប្រព្រឹត្តិបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តិអធម៌ ។

ចប់ ឆវជាតក ទី៩ ។

សយ្ហជាតក ទី១០

[៥៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលមិនគប្បីប្រាថ្នានូវផែនដី ដែលមានសណ្ឋានដូចកុណ្ឌល ក្នុងកណ្ដាលសាគរ មានសមុទ្រព័ទ្ធជុំវិញ មួយអន្លើដោយពាក្យនិន្ទាឡើយ ម្នាលសយ្ហាមាត្យ ចូរអ្នកដឹងយ៉ាងនេះចុះ ។

[៥៣៩] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលការបានយស និងការបានទ្រព្យ ព្រោះការប្រព្រឹត្តិបំផ្លាញខ្លួន ឬដោយការប្រព្រឹត្តិអធម៌ ។

[៥៤០] សូវអាត្មា ជាអ្នកមិនមានផ្ទះសម្បែងប្រព្រឹត្តិកាន់បាត្រ (សូមគេ) ការចិញ្ចឹមជីវិតនោះឯង ប្រសើរជាជាងការស្វែងរក មិនប្រកបដោយធម៌ ។

[៥៤១] សូវអាត្មាជាអ្នកមិនមានផ្ទះសំម្បែង ប្រព្រឹត្តកាន់បាត្រ មិនបៀតបៀននូវសត្វដទៃក្នុងលោក ការប្រព្រឹត្តិនោះ ប្រសើរជាជាងរាជសម្បត្តិទៅទៀត ។

ចប់ សយ្ហជាតក ទី១០ ។

ចប់ កាលិង្គវគ្គ ទី១ ។

ឧទ្ទាននៃកាលិង្គវគ្គនោះគឺ និយាយអំពីការបើកទ្វារ ១ ជនមិនឲ្យ ១ កាមគុណដ៏មំាមួន ១ នាគឈ្មោះទទ្ទរៈ ១ អំពើបាបមិនមានស្ងាត់កំបាំង ១ ផ្លែពុទ្រា ១ ដើមចារ ១ ការធ្វើអំពើដ៏ប្រសើរ ១ អំពើលាមក ១ ផែនដីមានសមុទ្រព័ទ្ធជុំវិញ ១ ត្រូវជា ១០ ។

បុចិមន្ទវគ្គ ទី២

បុចិមន្ទជាតក ទី១

[៥៤២] (និម្ពរុក្ខទេវតា ពោលថា) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នកដេកធ្វើអ្វី ប្រយោជន៍អ្វីដោយការដេកលក់របស់អ្នក កុំឲ្យរាជបុរសទាំងឡាយ ចាប់អ្នកដែលធ្វើកម្មអាក្រក់ក្នុងស្រុកឡើយ ។

[៥៤៣] (អស្សត្ថទេវតា និយាយថា) រាជបុរសទាំងឡាយនឹងចាប់តែចោរដែលធ្វើកម្មអាក្រក់ក្នុងស្រុកទេតើ ប្រយោជន៍អ្វីដល់បុចិមន្ទទេវតា ដែលឋិតនៅក្នុងព្រៃនោះ ។

[៥៤៤] (បុចិមន្ទទេវតា ពោលថា) ម្នាលអស្សត្ថទេវតា អ្នកមិនដឹងនូវទោសនៃខ្ញុំផង នៃចោរផង ពួករាជបុរសចាប់បានចោរ អ្នកធ្វើអំពើអាក្រក់ក្នុងស្រុក ហើយដោតចោរនោះដោយមែកស្ដៅស្រួច ខ្ញុំរង្កៀសចិត្តក្នុងហេតុនោះ ។

[៥៤៥] (អស្សត្ថទេវតា ពោលថា) អ្នកប្រាជ្ញគប្បីរក្សានូវហេតុដែលគួររង្កៀស គប្បីរក្សានូវភ័យដែលមិនទាន់មកដល់ អ្នកប្រាជ្ញតែងសំឡឹងមើលនូវលោកទាំងពីរ ព្រោះអនាគតភ័យ ។

ចប់ បុចិមន្ទជាតក ទី១ ។

កស្សបមន្ទិយជាតក ទី២

[៥៤៦] (តាបសពោធិសត្វ ពោលថា) បពិត្រកស្សបជាបិតា បើក្មេងតូចជេរ ឬវាយ ព្រោះវាជាក្មេង បណ្ឌិតអ្នកមានប្រាជ្ញា តែងអត់សង្កត់នូវកំហុសទាំងអស់នោះ ។

[៥៤៧] ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរសរមែងតបានវិញយ៉ាងឆាប់ ឯក្មេងពាលទាំងឡយ រមែងបែកគ្នាដូចបាត្រដី ក្មេងពាលទាំងនោះ មិនដល់នូវការស្ងប់រម្ងាប់ឡើយ ។

[៥៤៨] ជនណាដឹងនូវទោស ដែលខ្លួនធ្វើឲ្យកន្លងហួសទៅហើយផង ជនណាដឹងនូវការសំដែងនូវទោសផង ជនទាំងពីរពួកនោះ (បើទុកជាបែកគ្នាហើយ) ច្រើនរួបរួមគ្នាវិញបាន ការតមិត្តរបស់ជនទាំងពីរពួកនោះ មិនរលុបរលាយឡើយ ។

[៥៤៩] ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃដែលទោសគ្របសង្កត់ហើយ ដោយខ្លួនឯងបាន ជននោះជាមនុស្សខ្ពង់ខ្ពស់លើសលុប ជាមនុស្សនាំទៅនូវភារៈបាន ជាមនុស្សទ្រទ្រង់នូវធុរៈបាន ។

ចប់ កស្សបមន្ទិយជាតក ទី២ ។

ខន្តិវាទិជាតក ទី៣

[៥៥០] (សេនាបតី ពោលថា) បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់លោក សូមលោកខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។

[៥៥១] (តាបសពោធិសត្វ ពោលថា) ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។

[៥៥២] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។

[៥៥៣] ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។

ចប់ ខន្តិវាទិជាតក ទី៣ ។

លោហកុម្ភិជាតក ទី៤

[៥៥៤] (សត្វនរកម្នាក់ ពោលថា) ពួកយើងដែលមិនបានឲ្យទាន បានជាពួកយើងរស់នៅដោយត្រដាបត្រដួស កាលភោគៈទំាងឡាយមាន ពួកយើងមិនបានធ្វើនូវទីពឹងបម្រុងខ្លួនសោះ ។

[៥៥៥] (សត្វនរកម្នាក់ទៀត ពោលថា) ពួកយើងដែលឆេះក្នុងនរក គ្រប់ជា ៦០ ០០០ ឆ្នាំ ដោយអាការៈទាំងពួងហើយ កាលណា នឹងមានទីបំផុត (នៃទុក្ខ) ។

[៥៥៦] (សត្វនរកម្នាក់ទៀត ពោលថា) ម្នាលអ្នកស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុតនឹងមានមកពីណា ទីបំផុតនឹងមិនប្រាកដទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើបាបក្នុងកាលនោះ ។

[៥៥៧] (សត្វនរកម្នាក់ទៀត ពោលថា) ខ្ញុំនោះ លុះទៅអំពីទីនេះ បានកំណើតជាមនុស្ស ចាប់អំពីដឹងក្ដីទៅ សូមជាអ្នកបរិបូណ៌ដោយសីល ធ្វើកុសលឲ្យច្រើន ។

ចប់ លោហកុម្ភិជាតក ទី៤ ។

មំសជាតក ទី៥

[៥៥៨] (ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្រ ទី១ ថា) វាចារបស់អ្នកអាក្រក់ណាស់ អ្នកជាអ្នកសុំសាច់ តែវាចាប្រហែលនឹងវាវ នែសំឡាញ់ យើងនឹងឲ្យវាវដល់អ្នក ។

[៥៥៩] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី២ ថា) ជនជាបងប្អូន គេទុកជាអវយវៈរបស់មនុស្សទាំងឡាយក្នុងលោក វាចារបស់អ្នក ប្រហែលនឹងអវយវៈ នែសំឡាញ់ យើងនឹងឲ្យសាច់អវយវៈដល់អ្នក ។

[៥៦០] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៣ ថា) កូនកាលហៅបិតាថា ឪពុក ឪពុក ដូច្នេះ រមែងធ្វើបេះដូងបិតាឲ្យកម្រើក វាចារបស់អ្នក ប្រហែលនឹងបេះដូង នែសំឡាញ់ យើងនឹងឲ្យបេះដូងដល់អ្នក ។

[៥៦១] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៤ ថា) សំឡាញ់របស់បុរសណា មិនមានក្នុងស្រុក លំនៅរបស់បុរសនោះ ក្នុងស្រុកនោះឯង ដូចព្រៃ វាចារបស់អ្នកប្រហែលនឹងសម្បត្តិទាំងពួង នែសំឡាញ់ យើនឹងឲ្យសាច់ទាំងអស់ដល់អ្នក ។

ចប់ មំសជាតក ទី៥ ។

សសបណ្ឌិតជាតក ទី៦

[៥៦២] (ភេ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រានសន្ទូចស្រង់ឡើងពីទឹកដាក់លើគោក ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចម្រើនសមណធម៌) នៅក្នុងព្រៃចុះ ។

[៥៦៣] (ចចក និយាយនឹងឥន្ទព្រាហ្មណ៍ថា) ភត្តរបស់អ្នករក្សាស្រែឯណោះ គឺសាច់ពីរជ្រនួចផង ទន្សងមួយផង ដបទធិមួយផង ខ្ញុំបាននាំមកក្នុងវេលាយប់ ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចម្រើនសមណធម៌) នៅក្នុងព្រៃចុះ ។

[៥៦៤] (ស្វា និយាយនឹងឥន្ទព្រាហ្មណ៍ថា) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមានម្លប់ត្រជាក់ ជាទីគាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចម្រើនសមណធម៌) នៅក្នុងព្រៃចុះ ។

[៥៦៥] (ទន្សាយ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ទន្សាយ មិនមានល្ង មិនមានសណ្ដែក មិនមានអង្ករទេ អ្នកចូរបរិភោគនូវខ្ញុំ ដែលឆ្អិនដោយភ្លើងនេះ ហើយ (ចម្រើនសមណធម៌) នៅក្នុងព្រៃចុះ ។

ចប់ សសបណ្ឌិតជាតក ទី៦ ។

មតរោទនជាតក ទី៧

[៥៦៦] (សេដ្ឋីពោធិសត្វ ពោលថា) អ្នកទាំងឡាយ យំរកបុគ្គលស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នកទាំងឡាយ មិនយំរកបុគ្គលនោះសោះ ពួកសត្វទាំងអស់ ជាអ្នកទ្រទ្រង់នូវសរីរៈ តែងលះបង់នូវជីវិតតាមលំដាប់ ។

[៥៦៧] ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួកពស់ ប្រកបដោយភ្នេន មិនជាធំក្នុងសរីរៈឡើយ តែងលះបង់ជីវិត ទាំងកំពុងត្រេកអរ (ក្នុងឋានៈដែលខ្លួនកើតហើយ) ។

[៥៦៨] សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាងនៅយ៉ាងនេះ បុគ្គលគួររមិលមើលក្នុងពួកមនុស្ស ការកន្ទក់កន្ទេញ ការយំសោក ជារបស់មិនមានប្រយោជន៍ទេ ព្រោះហេតុអ្វី ក៏គំនរនៃ​សេចក្ដី​សោក គ្របសង្កត់អ្នកទាំងឡាយ ។

[៥៦៩] ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (​សេចក្ដី​ចម្រើន) ជាមនុស្សពាល ក្លៀវក្លា មិនមាន​សេចក្ដី​ព្យាយាម មិនឈ្លាសក្នុងធម៌ ពួកជននោះ តែងសម្គាល់នូវអ្នកប្រាជ្ញ (ដែលមិនយំសោកជាដើម) ថាជាមនុស្សពាលទៅវិញ ។

ចប់ មតរោទនជាតក ទី៧ ។

កណវេរជាតក ទី៨

[៥៧០] (ពួករបាំ ច្រៀងថា) អ្នកឱបរឹតនាងសាមាណា ដោយដើមដៃ ក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យ ក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះ ប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។

[៥៧១] (ពោធិសត្វ ពោលថា) នែនាងដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណា ស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។

[៥៧២] (ពួករបាំ ច្រៀងថា) នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង ឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។

[៥៧៣] (ព្រះពោធិសត្វ ពោលថា) នាងសាមា ប្ដូរយកខ្ញុំ ដែលមិនឆ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និទ្ធស្នាល អស់កាលយូរ ប្ដូរយកខ្ញុំជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ នាងសាមា មុខតែប្ដូរយកបុរសដទៃ ដោយខ្ញុំ ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះទៅទៀត ។

ចប់ កណវេរជាតក ទី៨ ។

តិត្តិរជាតក ទី៩

[៥៧៤] (សត្វទទា សួរតាបសពោធិសត្វថា) ខ្ញុំរស់នៅជាសុខសប្បាយណាស់ ទាំងបានបរិភោគ (ដោយស្រួល) តែខ្ញុំឋិតនៅក្នុង​សេចក្ដី​អន្តរាយ បពិត្រលោកដ៏ចម្រើន តើគតិរបស់ខ្ញុំដូចម្ដេច ។

[៥៧៥] (ព្រះពោធិសត្វ ពោលថា) ម្នាលចៅបក្សី បើចិត្តរបស់អ្នកមិនបង្អោនទៅរកអំពើបាបទេ បាបក៏មិនប្រឡាក់នូវអ្នកដ៏ចម្រើនដែលជាអ្នកមិនខ្វល់ខ្វាយឡើយ ។

[៥៧៦] (ទទា ពោលថា) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិយើងទំនៅ (ត្រង់ទីនោះ) ព្រានប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យខ្ញុំ ចិត្តរបស់ខ្ញុំ ក៏រង្កៀសក្នុងរឿងនោះ ។

[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យអ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់នូវអ្នកដ៏ចម្រើន ដែលមិនមាន​សេចក្ដី​ខ្វល់ខ្វាយឡើយ ។

ចប់ តិត្តិរជាតក ទី៩ ។

សុចជជាតក ទី១០

[៥៧៨] (នាងទេវី ពោលថា) ព្រះរាជាកាលមិនប្រទានភ្នំ (សូម្បី) ដោយព្រះវាចា ឈ្មោះថាមិនលះបង់នូវរបស់ដែលគួរលះបង់ដោយងាយទេ (ប្រសិនបើព្រះរាជាបានប្រទានភ្នំ (សូម្បី) ដោយព្រះវាចា ព្រះរាជានោះ (ដែលខ្ញុំសូមហើយ) គង់លះបង់វត្ថុខ្លះ ។

[៥៧៩] (ព្រះរាជា ត្រាស់ថា) បុគ្គលធ្វើអំពើណា គប្បីនិយាយអំពើនោះ មិនធ្វើអំពើណា មិនគប្បីនិយាយអំពើនោះ ពួកបណ្ឌិតរមែងកំណត់ដឹងនូវបុគ្គល ដែលមិនធ្វើ (គ្រាន់តែ) និយាយ ។

[៥៨០] (ព្រះនាងទេវី ពោលថា) បពិត្រព្រះរាជបុត្រ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ដែលឋិតនៅក្នុងវចីសច្ចៈផង ក្នុងសភាវធម៌ផង សូម្បីដល់នូវ​សេចក្ដី​វិនាស ក៏ព្រះហឫទ័យ របស់ព្រះអង្គនៅតែត្រេកអរក្នុងសច្ចៈ ។

[៥៨១] (ព្រះពោធិសត្វ សំដែងគុណរបស់ព្រះនាងទេវីថា) ភរិយាណា របស់ប្ដីអ្នកទ័លក្រ ក៏ជាស្រីទ័លក្រដែរ របស់ប្ដីអ្នកស្ដុកស្ដម្ភ ក៏ជាស្រីស្ដុកស្ដម្ភ មានកេរ្តិ៍ឈ្មោះដែរ ភរិយានោះ ឈ្មោះថាជាភរិយាដ៏ឧត្ដមរបស់ប្ដីនោះ ស្រីទាំងឡាយរបស់អ្នកមានប្រាក់ (ក៏ដូច្នោះដែរ) ។

ចប់ សុចជជាតក ទី១០ ។

ចប់ បុចិមន្ទវគ្គ ទី២ ។

ឧទ្ទាននៃបុចិមន្ទវគ្គនោះគឺ និយាយអំពីចោរ ១ កស្សបតាបស ១ តាបសខន្តិវាទី ១ ការរស់នៅអាក្រក់ ១ សំដីអាក្រក់ ១ ទន្សាយ ១ បុគ្គលស្លាប់ ១ វសន្តកាល ១ ការរស់នៅជាសុខ ១ ព្រះរាជាមិនលះបង់នូវរបស់ដែលលះបង់ងាយ ១ ត្រូវជា ១០ ។

កុដិទូសកវគ្គ ទី៣

កុដិទូសកជាតក ទី១

[៥៨២] (គ្រលេងគ្រលោង ពោលថា) នែពានរ ក្បាល ដៃ និងជើងរបស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន ។

[៥៨៣] (ពានរ ឆ្លើយថា) នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណា ដែលបោរាណាចារ្យពោលថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះ របស់ខ្ញុំមិនមានទេ ។

[៥៨៤] (គ្រលេងគ្រលោង ពោលថា) ធម្មតា អ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមាន​សេចក្ដី​សុខ ។

[៥៨៥] នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់ និងខ្យល់ ។

ចប់ កុដិទូសកជាតក ទី១ ។

ទុទ្ទុភាយជាតក ទី២

[៥៨៦] (ទន្សាយ និយាយថា) សូម​សេចក្ដី​ចម្រើនមានដល់លោកចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេសនោះធ្វើសំឡេងឮទុទ្ទុភ

[ឮទុភ ៗ ។] តែខ្ញុំមិនដឹងនូវប្រទេសនុ៎ះថា អ្វីនេះ ធ្វើសំឡេងឮទុទ្ទុភ ។

[៥៨៧] (ព្រះសាស្ដា ទ្រង់សំដែងថា) ទន្សាយឮសូរផ្លែព្នៅជ្រុះថាទុទ្ទុភ ដូច្នេះ ក៏ស្ទុះបោលប្រេច ហ្វូងសត្វម្រឹគបានឮពាក្យទន្សាយ ក៏ភ័យតក់ស្លុត ។

[៥៨៨] ពួកជនពាលនោះ មិនទាន់សម្រេចនូវចំណែកនៃសោតវិញ្ញាណ ឮសំឡេងនៃជនដទៃ មាន​សេចក្ដី​ប្រហែសធ្វេសដ៏ក្រៃលែង ជនពាលទាំងនោះ រមែងលុះតាមពាក្យជនដទៃ ។

[៥៨៩] ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរក្នុងការស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរចាកបាប ធីរជននោះ មិនលុះតាមពាក្យជនដទៃទេ ។

ចប់ ទុទ្ទុភាយជាតក ទី២ ។

ព្រហ្មទត្តជាតក ទី៣

[៥៩០] (តាបសពោធិសត្វ ពោលថា) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គលអ្នកសូម រមែងបានផលពីរយ៉ាង គឺការមិនបានទ្រព្យ ១ ការបានទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាងនេះជាធម្មតា ។

[៥៩១] បពិត្រព្រះអង្គជាឥស្សរៈលើរថនៃដែនបញ្ចាល អ្នកប្រាជ្ញទាំងឡាយ បានពោលនូវការសូមថាជាការយំ បុគ្គលណា ឃាត់នូវការសូម អ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាអ្នកមានការយំតប ។

[៥៩២] កុំឲ្យពួកជនអ្នកដែនបញ្ចាលមកប្រជុំគ្នា ឃើញអាត្មាភាពកំពុងយំ ឬព្រះអង្គកំពុងយំតបឡើយ ព្រោះហេតុនោះ បានជាអាត្មាភាពត្រូវការទីស្ងាត់ ។

[៥៩៣] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) បពិត្រព្រាហ្មណ៍ ខ្ញុំនឹងឲ្យគោញីសម្បុរក្រហម ១០០០ ព្រមទាំងគោឈ្មោលដល់លោក ព្រោះថាអរិយជន បានស្ដាប់នូវគាថាប្រកបដោយធម៌ របស់លោកជាអរិយៈ មិនគប្បីឲ្យ ដូចម្ដេចកើត ។

ចប់ ព្រហ្មទត្តជាតក ទី៣ ។

ចម្មសាដកជាតក ទី៤

[៥៩៤] (ចម្មសាដកបរិព្វាជក ពោលថា) ឱ ពពែដ៏ប្រសើរនេះ ជាសត្វជើង ៤ មានសភាពល្អ ដ៏ចម្រើនល្អ មានមារយាទ ជាទីស្រលាញ់ មានយស តែងគោរពព្រាហ្មណ៍អ្នកបរិបូណ៌ដោយជាតិ និងមន្ត ។

[៥៩៥] (បណ្ឌិតពាណិជពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកកុំស្និទ្ធស្នាលនឹងសត្វជើង ៤ ដោយការឃើញមួយរំពេចឡើយ ដ្បិតសត្វពពែនេះ ប្រាថ្នានឹងធ្វើនូវការប្រហារដ៏មាំ បានជាថយក្រោយ និងព្រលែងនូវការប្រហារឲ្យងាយ ។

[៥៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ឆ្អឹងភ្លៅរបស់ព្រាហ្មណ៍ក៏បាក់ អម្រែករបស់ព្រាហ្មណ៍ក៏ធ្លាក់ចុះ ទ្រព្យទាំងអស់របស់ព្រាហ្មណ៍ ក៏បែកហើយ ព្រាហ្មណ៍លើកដៃទាំងពីរឡើង កន្ទក់កន្ទេញថា ពពែស្ទុះមកសម្លាប់ព្រហ្មចារីបុគ្គល ។

[៥៩៧] (បរិព្វាជក និយាយតទៅទៀតថា) ខ្ញុំជាមនុស្សឥតប្រាជ្ញា ត្រូវពពែបុះសម្លាប់ក្នុងថ្ងៃនេះយ៉ាងណា បុគ្គលណា សរសើរបុគ្គលដែលមិនគួរបូជា បុគ្គលនោះ ត្រូវគេសម្លាប់ ដេកនៅ (ក្នុងទីនេះ) យ៉ាងនោះដែរ ។

ចប់ ចម្មសាដកជាតក ទី៤ ។

គោធជាតក ទី៥

[៥៩៨] (ទន្សងពោធិសត្វ និយាយនឹងតាបសថា) ខ្ញុំស្មានអ្នកថាជាសមណៈ បានចូលទៅរកអ្នក ជាអ្នកមិនសង្រួម អ្នកនោះ ប្រហារខ្ញុំដោយដម្បង ដូចមនុស្សមិនមែនជាសមណៈដែរ ។

[៥៩៩] ម្នាលតាបសកម្លៅ ប្រយោជន៍អ្វីដោយផ្នួងសក់របស់អ្នក ប្រយោជន៍អ្វី ដោយស្បែកខ្លាឃ្មុំរបស់អ្នក ខាងក្នុងរបស់អ្នកសាំញុំាដោយកិលេស អ្នកបោសរំលីងតែសរីរៈខាងក្រៅ ។

[៦០០] (តាបស និយាយថា) នែទន្សង ឯងចូរមកណេះ ឯងត្រឡប់មកវិញ ចូរបរិភោគបាយស្រូវសាលីចុះ ប្រេង និងអម្បិលរបស់អញក៏មាន ដីប្លីរបស់អញក៏មានច្រើន ។

[៦០១] (ទន្សងឆ្លើយថា) ខ្ញុំនោះនឹងចូលទៅរកដំបូក ជំរៅ ១០០ជួរបុរសយ៉ាងក្រៃលែង ថ្វីបើអ្នកឯងមានប្រេង និងអម្បិល ដីប្លីរបស់អ្នក មិនជាប្រយោជន៍ដល់ខ្ញុំឡើយ ។

ចប់ គោធជាតក ទី៥ ។

កក្ការុជាតក ទី៦

[៦០២] (ទេវបុត្តជាធំ ពោលថា) បុគ្គលណា មិនលួចទ្រព្យគេដោយកាយ មិននិយាយកុហកដោយវាចា បានយសសក្តិហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់ផ្កាត្រឡាចជាទិព្វទាំងឡាយ ។

[៦០៣] (ទេវបុត្តទី២ ពោលថា) បុគ្គលណា ស្វះស្វែងរកទ្រព្យដោយធម៌ មិននាំយកទ្រព្យគេដោយបោកប្រាស បានទ្រព្យទាំងឡាយហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់នូវផ្កាត្រឡាចបាន ។

[៦០៤] (ទេវបុត្តទី៣ ពោលថា) បុគ្គលណា មានចិត្តមិនឆាប់ហើរដូចរមៀត មានសទ្ធាមិនរសាយ មិនបរិភោគវត្ថុមានរសឆ្ងាញ់តែម្នាក់ឯង បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន ។

[៦០៥] (ទេវបុត្តទី៤ ពោលថា) បុគ្គលណា មិនជេរប្រទេចពួកសប្បុរសក្នុងទីចំពោះមុខ ឬកំបាំងមុខ ជាអ្នកនិយាយយ៉ាងណា ធ្វើយ៉ាងនោះ បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន ។

ចប់ កក្ការុជាតក ទី៦ ។

កាកាតិជាតក ទី៧

[៦០៦] (នដកុវេរគន្ធព្វច្រៀងថា) ស្ត្រីជាទីស្រលាញ់របស់ទូលព្រះបង្គំនៅក្នុងទីណា ក្លិនក្រអូបនេះ ក៏បក់មកអំពីទីនោះ ចិត្តរបស់ទូលព្រះបង្គំត្រេកអរក្នុងស្ត្រីណា ស្ដ្រីនោះឈ្មោះនាងកាកាតិ ទៅនៅក្នុងទីឆ្ងាយអំពីទីនេះ ។

[៦០៧] (ស្ដេចគ្រុឌ ពោលថា) អ្នកបានឆ្លងសមុទ្រ ដោយឧបាយដូចម្ដេច បានឆ្លងទន្លេឈ្មោះកេបុកៈ ដោយឧបាយដូចម្ដេច បានឆ្លងសមុទ្រទាំង ៧ ជាន់ ដោយឧបាយដូចម្ដេច បានឡើងដើមរកា (ជាលំនៅរបស់យើង) ដោយឧបាយដូចម្ដេច ។

[៦០៨] (នដកុវេរគន្ធព្វ ឆ្លើយតបថា) ខ្ញុំបានឆ្លងសមុទ្រជាមួយនឹងលោក បានឆ្លងទន្លេឈ្មោះកេបុកៈជាមួយនឹងលោក បានឆ្លងសមុទ្រទាំង ៧ ជាន់ជាមួយនឹងលោក បានឡើងដើមរកាជាមួយនឹងលោក ។

[៦០៩] (ស្ដេចគ្រុឌ ពោលថា) អញនាំមក ទាំងនាំទៅនូវសហាយរបស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀលខ្លួនអញ មានកាយធំ គួរតិះដៀលខ្លួនអញ ដែលមិនមានគំនិត ។

ចប់ កាកាតិជាតក ទី៧ ។

អននុសោចិយជាតក ទី៨

[៦១០] (តាបសពោធិសត្វ ពោលថា) នាងសម្មិល្លហាសិនី ជាស្រីដ៏ចម្រើន មានក្នុងចន្លោះពួកសត្វដ៏ច្រើនដែលស្លាប់ហើយ ពួកសត្វដែលស្លាប់ហើយនោះ នឹងមានប្រយោជន៍អ្វីដល់ខ្ញុំ ហេតុនោះ បានជាខ្ញុំមិនសោកស្ដាយនាងសម្មិល្លហាសិនី ជាទីស្រលាញ់នុ៎ះឡើយ ។

[៦១១] វត្ថុណា ៗ មិនមានដល់សត្វនោះ បើសត្វគប្បីសោកស្ដាយ ចំពោះវត្ថុដែលគ្មាននោះ ៗ គប្បីសោយសោកចំពោះខ្លួនឯង ដែលលុះក្នុងអំណាចនៃមច្ចុគ្រប់កាលផង ។

[៦១២] អាយុសង្ខារមិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរទៅមកឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វតែងរំកិលទៅដរាបនោះ ។

[៦១៣] កាលបើ​សេចក្ដី​ព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យនោះហើយ បុគ្គលគប្បីអាណិតសត្វរស់នៅដ៏សេសសល់ មិនគួរសោយសោក ចំពោះសត្វដែលច្យុតហើយទេ ។

ចប់ អននុសោចិយជាតក ទី៨ ។

កាឡពាហុជាតក ទី៩

[៦១៤] (សេកឈ្មោះបោដ្ឋបាទជាប្អូន និយាយថា) កាលពីដើម យើងបានបាយ និងទឹកណា អំពីសំណាក់នៃស្ដេចនោះ ឥឡូវនេះ បាយ និងទឹកនោះ បានទៅស្វាវិញហើយ បពិត្របងរាធៈ ឥឡូវនេះ យើងនឹងនាំគ្នាទៅព្រៃវិញ ព្រោះព្រះបាទធនញ្ជ័យ លែងរាប់អានយើងហើយ ។

[៦១៥] (សេកពោធិសត្វ ឈ្មោះរាធៈជាបង និយាយតបថា) លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោកធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្សសត្វទាំងឡាយទេ ម្នាលបោដ្ឋបាទ អ្នកកុំសោកស្ដាយឡើយ អ្នកនឹងសោកស្ដាយធ្វើអ្វី ។

[៦១៦] (សេកឈ្មោះបោដ្ឋបាទ និយាថា) បពិត្របងរាធៈ បងជាអ្នកប្រាជ្ញមែនពិតហើយ បងដឹងនូវប្រយោជន៍ ដែលមិនទាន់មានមក តើយើងនឹងឃើញស្វាដ៏លាមក ដែលត្រូវគេបណ្ដេញពីរាជត្រកូលដោយឧបាយដូចម្ដេចហ្ន៎ ។

[៦១៧] (រាធៈ និយាយតបថា) ស្វាខ្មៅឈ្មោះកាឡពាហុ ញាក់ត្រចៀក ធ្វើមុខក្រញូវ គង់ធ្វើឲ្យព្រះរាជកុមារភិតភ័យ ដោយការសង្ឃកថា មុហុំ មុហុំ វាមុខជានឹងឋិតនៅឆ្ងាយអំពីបាយ និងទឹក ដោយហេតុណា វានឹងធ្វើនូវហេតុនោះ ដោយខ្លួនឯងពុំលែងឡើយ ។

ចប់ កាឡពាហុជាតក ទី៩ ។

សីលវីមំសជាតក ទី១០

[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាតដ៏ល្អ សីល ជាគុណដ៏ប្រសើរក្រៃលែងក្នុងលោក សូមព្រះអង្គទតមើលចុះ ដូចយ៉ាងនាគ ជាសត្វមានពិសដ៏ខ្លាំងពន្លឹក មិនហ៊ានបៀតបៀន ដោយយល់ថា បុគ្គលនេះមានសីល ។

[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់ខ្លែងនោះ ដរាបណា ពួកប្រមង់ក្នុងលោក ចោមចឹកខ្លែងនោះ ដរាបនោះដែរ សត្វបក្សីដ៏សេស មិនបានបៀតបៀនខ្លែងដែលមិនមានសាច់ជាគ្រឿងកង្វល់នោះ ។

[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមាន​សេចក្ដី​ប្រាថ្នា ​សេចក្ដី​ប្រាថ្នាដែលមានលទ្ធផលក៏ជាសុខ នាងបិង្គលាទាសី បានធ្វើនូវ​សេចក្ដី​ប្រាថ្នា ឲ្យគ្មាន​សេចក្ដី​ប្រាថ្នាវិញ ក៏ដេកលក់ជាសុខដែរ ។

[៦២១] ក្នុងលោកនេះក្ដី ក្នុងលោកខាងមុខក្ដី មិនមានធម៌ដទៃប្រសើរជាងសមាធិឡើយ (ព្រោះ) បុគ្គលអ្នកតាំងនៅក្នុងសមាធិហើយ រមែងមិនបៀតបៀនបុគ្គលដទៃផង មិនបៀតបៀនខ្លួនឯងផង ។

ចប់ សីលវីមំសជាតក ទី១០ ។

ចប់ កុដិទូសកវគ្គ ទី៣ ។

ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ និយាយអំពីក្បាល និងដៃជើងរបស់ស្វាដូចមនុស្ស ១ ប្រទេសធ្វើនូវសំឡេងថាទុទ្ទុភៈ ១ បុគ្គលអ្នកសូម ១ សត្វពពែប្រសើរ ១ សត្វទន្សងប្រសើរ ១ ការមិនល្អដោយកាយ ១ ទន្លេឈ្មោះកេបុកៈ ១ ស្ត្រីចម្រើនប្រសើរ ១ សេកឈ្មោះរាធៈ ១ សីលប្រសើរ ១ ត្រូវជា ១០ ។

កោកិលវគ្គ ទី៤

កោកាលិកជាតក ទី១

[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណានិយាយហួសប្រមាណ ក្នុងកាលដែលមិនសម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវគេកំចាត់ចេញ ដេកនៅតែម្នាក់ឯង ដូចកូនតាវ៉ៅ (ដែលមេក្អែកចឹកកំចាត់ចេញ) ។

[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិសដ៏ក្លាខ្លាំង ក៏មិនទាញបុគ្គលឲ្យធ្លាក់ចុះ ដូចវាចាជាទុព្ភាសិតទេ ។

[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាលដែលគួរ និងកាលមិនគួរ មិនគួរនិយាយហួសប្រមាណ សូម្បីចំពោះបុគ្គលដែលស្មើនឹងខ្លួន ។

[៦២៥] ចំណែកបុគ្គលណាមានគំនិតគិតទុកមុន មានប្រាជ្ញាជាគ្រឿងពិចារណា និយាយល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់សត្រូវទាំងពួងបាន ដូចគ្រុឌចាប់នាគដូច្នោះ ។

ចប់ កោកាលិកជាតក ទី១ ។

រថលដ្ឋិជាតក ទី២

[៦២៦] (អាមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា បុគ្គលខ្លះប្រហារខ្លួន ដោយខ្លួនឯង ហើយនិយាយថា គេប្រហារក៏មាន ផ្ចាញ់គេហើយនិយាយថា គេផ្ចាញ់ខ្លួនក៏មាន អ្នកប្រាជ្ញកុំគប្បីជឿពាក្យនៃអ្នកនិយាយមុនដោយដាច់ខាតឡើយ ។

[៦២៧] ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យរបស់បុគ្គលក្រៅពីនេះផង លុះស្ដាប់ពាក្យរបស់ជនទាំងពីរនាក់ហើយ គប្បីធ្វើតាមច្បាប់ចុះ ។

[៦២៨] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួសមិនសង្រួម មិនប្រសើរ ព្រះរាជាមិនពិចារណាហើយធ្វើ មិនប្រសើរ បណ្ឌិតដែលជាអ្នកច្រើនក្រោធ ក៏ពុំប្រសើរ ។

[៦២៩] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បីពិចារណាហើយសឹមធ្វើ បើមិនទាន់ពិចារណា មិនត្រូវធ្វើទេ យសក្ដី កិត្តិស័ព្ទក្ដី រមែងចម្រើនដល់ព្រះរាជា ដែលពិចារណាហើយទើបធ្វើ ។

ចប់ រថលដ្ឋិជាតក ទី២ ។

គោធជាតក ទី៣

[៦៣០] (នាងទេវី ក្រាបបង្គំទូលថា) ព្រះអង្គណា ដែលមានព្រះខ័នសៀត ទ្រង់ស្អិតស្អាងហើយ ទ្រទ្រង់នូវសំពត់តិរីដិ ទ្រង់មានទន្សងឆ្អើរ បានបោលទៅអំពីមែកអស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរក្នុងរថ គឺខ្ញុំដឹងច្បាស់ហើយ ក្នុងកណ្ដាលព្រៃ ក្នុងកាលនោះឯង ។

[៦៣១] (ពោធិសត្វ ពោលថា) បុគ្គលគប្បីសំពះបុគ្គលអ្នកសំពះខ្លួន គប្បីសេពគប់បុគ្គលអ្នកសេពគប់ខ្លួន គប្បីធ្វើកិច្ចរបស់បុគ្គលដែលជួយធ្វើកិច្ចខ្លួន មិនគប្បីធ្វើនូវ​សេចក្ដី​ចម្រើនដល់បុគ្គលអ្នកប្រាថ្នា​សេចក្ដី​វិនាស មិនគប្បីគប់រកនូវបុគ្គលដែលមិនគប់រក (ខ្លួននោះឡើយ) ។

[៦៣២] គប្បីលះបង់នូវបុគ្គល ដែលលះបង់ខ្លួន មិនគប្បីធ្វើនូវ​សេចក្ដី​ស្រលាញ់ដោយតណ្ហា (ក្នុងបុគ្គលនោះ) មិនគប្បីគប់រកនូវបុគ្គលដែលមានចិត្តរវើរវាយ ដូចសត្វបក្សីដឹងថា ឈើមានផ្លែអស់ហើយ (ហើរទៅរកដើមឈើដែលមានផ្លែបរិបូណ៌) គប្បីរមិលមើលបុគ្គលដទៃ ព្រោះថា លោកសន្និវាសធំណាស់ ។

[៦៣៣] (ព្រះរាជា ត្រាស់ថា) យើងនោះ ជាក្សត្រិយ៍ កាលឃើញនូវភាពនៃកតញ្ញូ នឹងធ្វើតបដល់នាងតាមសមត្ថភាព យើងនឹងឲ្យឥស្សរិយយសទាំងអស់ដល់នាង នាងចង់បានរបស់ណា យើងនឹងឲ្យរបស់នោះដល់នាង ។

ចប់ គោធជាតក ទី៣ ។

រាជោវាទជាតក ទី៤

[៦៣៤] (ព្រះពោធិសត្វ ពោលថា) កាលដែលពួកគោញីឆ្លងដើរទៅ បើគោមេហ្វូងដើរវៀច ពួកគោញី ក៏ដើរវៀចតាមដែរ ព្រោះគោមេហ្វូងដើរវៀចនោះ ។

[៦៣៥] ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរជាងគេ បើមនុស្សនោះ ប្រព្រឹត្តអធម៌ នឹងបាច់និយាយទៅថ្វី ដល់ប្រជាជនឯទៀត បើព្រះរាជាជាអ្នកប្រព្រឹត្តអធម៌ រាស្រ្តទាំងអស់ រមែងដេកជាទុក្ខ ។

[៦៣៦] កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូងដើរត្រង់ ពួកគោញីទាំងអស់ ក៏ដើរត្រង់ដែរ កាលបើគោមេហ្វូងនាំដើរទៅត្រង់ ។

[៦៣៧] ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរជាងគេ បើមនុស្សនោះ ប្រព្រឹត្តិធម៌ នឹងបាច់និយាយទៅថ្វី ដល់ប្រជាជនក្រៅនេះ បើព្រះរាជាជាអ្នកប្រព្រឹត្តធម៌ រាស្រ្តទាំងអស់ក៏ដេកជាសុខ ។

ចប់ រាជោវាទជាតក ទី៤ ។

ជម្ពុកជាតក ទី៥

[៦៣៨] (រាជសីហ៍ និយាយថា) នែចចក ដំរីនោះធំណាស់ មានកាយក៏ខ្ពស់ មានភ្លុកក៏វែង ពួកសត្វកើតក្នុងត្រកូលរាជសីហ៍ណា រមែងចាប់ដំរីបាន អ្នកឯងមិនមែនកើតក្នុងត្រកូលរាជសីហ៍នោះទេ ។

[៦៣៩] សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយមានះថា អញជារាជសីហ៍ សត្វនោះ រមែងដេកថ្ងូរលើផែនដី ដូចជាចចកមកកាន់ដំរី (ត្រូវដំរីជាន់) ។

[៦៤០] ចចកនេះ មិនដឹងកម្លាំងកាយ កម្លាំងប្រាជ្ញា និងកំណើតរបស់សីហៈ ដែលជាសត្វមានយស ជាសត្វឧត្ដម ជាសត្វមានខ្លួនមាំមួន ជាសត្វមានកម្លាំងខ្លាំងសោះ ទើបត្រូវដំរីជាន់ស្លាប់ ។

[៦៤១] ក្នុងលោកនេះ បុគ្គលណា បានពិចារណាឲ្យដឹងច្បាស់នូវកម្លាំងកាយ និងកម្លាំងប្រាជ្ញាក្នុងខ្លួន ជាអ្នកកំណត់ដោយការស្វាធ្យាយ ដោយការប្រឹក្សា ដោយសុភាសិត (ជាមុន) ទើបធ្វើការងារ បុគ្គលនោះឈ្មោះថា ឈ្នះនូវប្រយោជន៍ធំ គឺមិនសាបសូន្យប្រយោជន៍ ។

ចប់ ជម្ពុកជាតក ទី៥ ។

ព្រហាឆត្តជាតក ទី៦

[៦៤២] (អាមាត្យពោធិសត្វ ទូលថា) ព្រះអង្គត្រាស់ថា ស្មៅ ៗ ដូច្នេះ តើនរណាហ្ន៎ លួចយកស្មៅរបស់ព្រះអង្គទៅ ហេតុដូចម្តេច បានជាព្រះអង្គមានកិច្ចដោយស្មៅ ទើបត្រាស់រកតែស្មៅប៉ុណ្ណោះ ។

[៦៤៣] (ព្រះបាទពារាណសី ត្រាស់ថា) តាបសឈ្មោះឆត្ត មានរាងកាយដ៏ខ្ពស់ ជាព្រហ្មចារីបុគ្គល ជាពហូស្សូត បានមកក្នុងទីនេះ លោកបានប្រមូលទ្រព្យរបស់យើងទាំងអស់ រួចដាក់ស្មៅ (ក្នុងពាងទាំងឡាយ) ហើយទៅបាត់ ។

[៦៤៤] (ព្រះពោធិសត្វ ពោលថា) ការកាន់យកទ្រព្យទាំងអស់ របស់ខ្លួនក្ដី ការមិនកាន់យកស្មៅ (ដែលមិនគួរយកទៅ) នេះក្ដី ជាកិច្ចដែលអ្នកប្រាថ្នានូវទ្រព្យដ៏ច្រើន ដោយយកស្មៅបន្តិចបន្តួច (ជាលេស) គប្បីធ្វើយ៉ាងនេះឯង (ព្រោះហេតុនោះ) ឆត្តតាបស ដាក់ស្មៅក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការខ្សឹកខ្សួលធ្វើអ្វី ក្នុងរបស់នោះ ។

[៦៤៥] (ព្រះបាទពារាណសី ត្រាស់ថា) ពួកលោកអ្នកមានសីលធម៌ មិនធ្វើបែបនេះទេ ចំណែកមនុស្សពាល ទើបធ្វើសីលធម៌ទាំងឡាយរបស់ខ្លួន (ឲ្យអាក្រក់) ភាពជាបណ្ឌិត នឹងធ្វើខ្លួនឲ្យជាបុគ្គលអ្នកទ្រូស្តសីល មានសីលមិនខ្ជាប់ខ្លួន ដូចម្ដេចកើត ។

ចប់ ព្រហាឆត្តជាតក ទី៦ ។

បីឋជាតក ទី៧

[៦៤៦] (ពារាណសីសេដ្ឋី ពោលថា) យើងខ្ញុំទាំងឡាយមិនបានប្រគេនតំាង មិនបានប្រគេនទឹក ទាំងមិនបានប្រគេនភោជនាហារដល់លោក សូមលោកជាព្រហ្មចារីអត់ទោសដល់ខ្ញុំ ខ្ញុំឃើញទោសនុ៎ះហើយ ។

[៦៤៧] (ពោធិសត្វ ពោលថា) អាត្មាមិនជាប់ចំពាក់ផង មិនខឹងផង ទាំងវត្តុតិចតួច ដែលមិនជាទីស្រលាញ់របស់អាត្មា ក៏មិនមានឡើយ មួយទៀត អាត្មាមាន​សេចក្ដី​ត្រិះរិះ ក្នុងចិត្តថា ធម្មតា នៃត្រកូលប្រាកដដូច្នេះ ដោយពិត ។

[៦៤៨] (សេដ្ឋី ពោលថា) យើងខ្ញុំបានប្រគេនអាសនៈ ប្រគេនទឹក ប្រគេនប្រេងសម្រាប់លាងជើងទាំងអស់នេះ នេះជាធម្មតារបស់ឪពុក និងជីតា ក្នុងត្រកូលរបស់យើងខ្ញុំ សព្វ ៗ កាល ។

[៦៤៩] យើងខ្ញុំនឹងបម្រើ (សមណព្រាហ្មណ៍អ្នកប្រព្រឹត្តធម៌ល្អ) ដូចជាញាតិជាន់ខ្ពស់ ដោយ​សេចក្ដី​គោរព នេះជាធម្មតារបស់ឪពុក និងជីតាក្នុងត្រកូលរបស់យើងខ្ញុំ សព្វ ៗ កាល ។

ចប់ បីឋជាតក ទី៧ ។

ថុសជាតក ទី៨

[៦៥០] (ព្រះរាជា ទ្រង់ត្រាស់ថា) កណ្ដុរទាំងឡាយ ស្គាល់ច្បាស់នូវអង្កាម ស្គាល់ច្បាស់នូវអង្ករ កណ្ដុរទាំងឡាយ វៀរបង់នូវអង្កាម ស៊ីតែអង្ករ ។

[៦៥១] ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត (ប្រុងប្រហារ) ណា រឿងទាំងនេះ អញដឹងច្បាស់ហើយ ។

[៦៥២] ឮថាទំនៀម ស្វាជាឪពុក តែងយកធ្មេញទៅខាំផ្ដាច់នូវអង្គជាតរបស់កូនតូច ដែលកើតហើយ ។

[៦៥៣] អ្នកឯងលូនវារ ដូចជាពពែខ្វាក់ក្នុងចំការស្ពៃ បុគ្គលណា ដេកខាងក្រោមទីដេក អំពើរបស់បុគ្គលនោះ យើងដឹងច្បាស់ហើយ ។

ចប់ ថុសជាតក ទី៨ ។

ពាវេរុជាតក ទី៩

[៦៥៤] (ព្រះសាស្ដា ត្រាស់ថា) ជនទាំងឡាយ បានយកសាច់ និងផ្លែឈើ បូជាក្អែកក្នុងដែននោះ ព្រោះមិនទាន់ឃើញសត្វក្ងោក ជាសត្វមានសីរ្ស៍ មានសំឡេងពីរោះ ។

[៦៥៥] ក្ងោកជាសត្វបរិបូណ៌ដោយសំឡេងពីរោះ បានមកដល់ដែនពាវេរុ ក្នុងកាលណា លាភ និងសក្ការៈរបស់ក្អែក ក៏សាបសូន្យក្នុងកាលនោះ ។

[៦៥៦] ព្រះពុទ្ធជាធម្មរាជ ទ្រង់ធ្វើនូវពន្លឺ មិនទាន់កើតឡើងដរាបណា ពួកជនឯទៀត បានបូជាសមណព្រាហ្មណ៍ដ៏ច្រើន ដរាបនោះ ។

[៦៥៧] ព្រះពុទ្ធ ព្រះអង្គបរិបូណ៌ដោយសំឡេង បានសំដែងនូវព្រះធម៌ក្នុងកាលណា លាភ និងសក្ការៈរបស់តិរ្ថិយទាំងឡាយ ក៏សាបសូន្យអស់ក្នុងកាលនោះ ។

ចប់ ពាវេរុជាតក ទី៩ ។

វិសយ្ហជាតក ទី១០

[៦៥៨] (សក្កទេវរាជ ត្រាស់ថា) នែវិសយ្ហសេដ្ឋី ក្នុងកាលមុន អ្នកបានឲ្យទានទាំងឡាយហើយ កាលអ្នកចេះតែឲ្យ សភាវៈអស់ទៅនៃភោគៈទាំងឡាយ បានកើតមានហើយ ខាងមុខអំពីនេះទៅ បើអ្នកមិនឲ្យទានទេ ភោគសម្បត្តិទាំងឡាយរបស់អ្នក ដែលឈប់ឲ្យ ទើបគង់នៅ ។

[៦៥៩] (វិសយ្ហសេដ្ឋី ពោលថា) នែសហស្សនេត្រ ព្រះអរិយៈទាំងឡាយ បានពោលថា អំពើដ៏លាមក អរិយជនសូម្បីជាអ្នកកំសត់ ក៏មិនគប្បីធ្វើដែរ នែជនិន្ទ្រ យើងលះបង់ហើយនូវ​សេចក្ដី​ជឿក្នុងទាន ព្រោះហេតុតែទ្រព្យណា ទ្រព្យនោះពុំមានដល់យើងឡើយ ។

[៦៦០] រថមួយ បរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាមផ្លូវនោះដែរ នែវាសវៈ កិច្ចវត្តដែលយើងបំពេញមកក្នុងកាលមុន ចូរប្រព្រឹត្តទៅចុះ ។

[៦៦១] បើទ្រព្យមាន យើងនឹងឲ្យបាន កាលបើទ្រព្យមិនមាន យើងនឹងឲ្យដូចម្ដេចកើត ថ្វីបើយើងជាអ្នក (ច្រូតស្មៅលក់) យើងនៅតែឲ្យទាន យើងមិនប្រហែសក្នុងទានទេ ។

ចប់ វិសយ្ហជាតក ទី១០ ។

ចប់ កោកិលវគ្គ ទី៤ ។

ឧទ្ទាននៃកោកិលវគ្គនោះគឺ និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គលផ្ចាញ់ខ្លួនឯង ១ ព្រះរាជាប្រសើរក្នុងរថកណ្ដាលព្រៃ ១ គោដើរវៀច ១ ឆ្កែចចក ១ ស្ដេចត្រាស់ថាស្មៅ ១ ជើងតាំងជាអាសនៈដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវជា ១០ ។

ចុល្លកុណាលវគ្គ ទី៥

កុណ្ឌលិកជាតក ទី១

[៦៦២] (ព្រះអង្គ ត្រាស់ថា) ស្ត្រីទាំងឡាយ អ្នកធ្វើនូវ​សេចក្ដី​ត្រេកអរ ចំពោះបុរសទាំងឡាយ ជាស្ត្រីមានចិត្តច្រើនផង ផ្ទញ់ផ្ទាល់មិនបានផង ប្រសិនបើស្រ្តីទាំងអស់ ធ្វើនូវ​សេចក្ដី​ពេញចិត្ត (ចំពោះបុរស) ដោយខ្លួនឯងក៏ដោយ បុរសមិនគប្បីទុកចិត្តទេ ព្រោះថា ស្រីទាំងឡាយ ស្មើដោយកំពង់ទឹក ។

[៦៦៣] ហេតុនៃ​សេចក្ដី​ធុញទ្រាន់ណា នៃព្រះរាជាទ្រង់ព្រះនាមកិន្នរៈ និងនាងទេវីទ្រង់ព្រះនាមកិន្នរី (ហេតុនៃ​សេចក្ដី​ធុញទ្រាន់នោះ) បុគ្គលឃើញហើយ (គប្បីដឹងចុះ) ស្រីទាំងពួង រមែងមិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះរបស់ខ្លួន នាងកិន្នរីទេវី ជាភរិយា លះបង់នូវព្រះរាជាកិន្នរៈនោះ ជាស្វាមីប្រាកដដូច្នោះ ព្រោះតែឃើញនូវបុរសខ្វិនដទៃ ។

[៦៦៤] នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទពកៈផង របស់ព្រះបាទពាវរិកៈផង ដែលលុះក្នុងកាមដ៏ជ្រុលពេក ក៏បានប្រព្រឹត្តបទមិនគួរ ជាមួយនឹងបុរសអ្នកបម្រើ ធ្វើម្ដេចហ្ន៎ ស្រ្ដីមិនប្រព្រឹត្តបទមិនគួរ នឹងបុរសដទៃនោះ ។

[៦៦៥] អគ្គមហេសីឈ្មោះនាងបិយង្គានី ជាទីគាប់ព្រះហឫទ័យរបស់ព្រះបាទព្រហ្មទត្ត ជាធំក្នុងលោកទាំងមូល បានប្រព្រឹត្តបទមិនគួរជាមួយនឹងបុរសអ្នកឃ្វាលសេះមង្គល ជាអ្នកបម្រើនៃអគ្គមហេសីនោះ ជាស្រីប្រាថ្នាកាម ក៏មិនបាននូវបុរសអ្នកឃ្វាលសេះនោះផង (នូវទីជាអគ្គមហេសីផង) ។

ចប់ កុណ្ឌលិកជាតក ទី១ ។

វានរជាតក ទី២

[៦៦៦] (ពានរពោធិសត្វ ពោលថា) នែសត្វទឹកក្រពើ អញអាចរើខ្លួនអំពីទឹកមកលើគោកហើយ ឥឡូវនេះ អញមិនលុះអំណាចនៃអ្នកឯងទៀតទេ ។

[៦៦៧] ផ្លែឈើទាំងឡាយណា ដែលយើងគប្បីទៅកាន់ត្រើយនៃសមុទ្រ ហើយស៊ីផ្លែឈើទាំងឡាយនោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិនគួរដល់យើងឡើយ ឯផ្លែល្វារបស់យើង ទើបប្រសើរជាង ។

[៦៦៨] បុគ្គលណា មិនដឹងហេតុដែលកើតឡើងភ្លាម ៗ ទេ បុគ្គនោះ គង់លុះក្នុងអំណាចសត្រូវផង រមែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយផង ។

[៦៦៩] បុគ្គលណា ដឹងនូវហេតុដែលកើតឡើងភ្លាម បុគ្គលនោះ គង់រួចចាក​សេចក្ដី​ចង្អៀត គឺសត្រូវផង មិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយផង ។

ចប់ វានរជាតក ទី២ ។

កុន្តិនីជាតក ទី៣

[៦៧០] (មេក្រៀលទូលស្ដេចថា) ខ្ញុំនៅអាស្រ័យក្នុងព្រះរាជដំណាក់របស់ព្រះអង្គ ៗ ធ្វើសក្ការបូជាជានិច្ច ឥឡូវនេះ ព្រះអង្គបានធ្វើ (នូវហេតុឲ្យខ្ញុំចេញទៅ) បពិត្រមហារាជ បើដូច្នោះ ខ្ញុំព្រះអង្គនឹងទៅ ។

[៦៧១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា (ដឹង) អំពើអាក្រក់ ដែលអ្នកដទៃធ្វើហើយចំពោះខ្លួន (ដឹង) អំពើអាក្រក់តប ដែលខ្លួនធ្វើតបតវិញ ពៀររបស់បុគ្គលនោះ រមែងស្ងប់រម្ងាប់ដោយអាការយ៉ាងនេះ នែនាងក្រៀល ចូរនាងនៅចុះ កុំទៅឡើយ ។

[៦៧២] (មេក្រៀល និយាយថា) មិត្តភាពនៃបុគ្គលដែលត្រូវគេធ្វើ និងបុគ្គលអ្នកធ្វើ (តប) រមែងមិនតគ្នាទៀតបានឡើយ ចិត្តរបស់ខ្ញុំ មិនយល់តាមទេ បពិត្រព្រះអង្គប្រសើរក្នុងរថ ខ្ញុំនឹងទៅមិនខាន ។

[៦៧៣] (ព្រះរាជា ត្រាស់ថា) មិត្តភាពរបស់បុគ្គលដែលត្រូវគេធ្វើ និងបុគ្គលអ្នកធ្វើ (តប) រមែងតគ្នាទៀតបានចំពោះពួកជនជាអ្នកប្រាជ្ញ មិនចំពោះពួកជនពាលទេ ម្នាលនាងក្រៀល នាងចូរនៅចុះ នាងកុំទៅឡើយ ។

ចប់ កុន្តិនីជាតក ទី៣ ។

អម្ពជាតក ទី៤

[៦៧៤] (សេដ្ឋីធីតាទី១ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះ ចូរលុះក្នុងអំណាចនៃបុរសដែលប្រដាប់ដោយវត្ថុសម្រាប់ធ្វើសក់ឲ្យខ្មៅ លំបាកដោយសណ្ឌាសចុះ (បានប្ដីចាស់) ។

[៦៧៥] (សេដ្ឋីធីតាទី២ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីបែបនោះ ទោះបីអាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏ថយពី ៣០ ឆ្នាំ ក៏កុំឲ្យបានប្ដីឡើយ ។

[៦៧៦] (សេដ្ឋីធីតាទី៣ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះតែម្នាក់ឯង ពឹងផ្អែកតែនឹងប្ដី ហើយដើរទៅកាន់ផ្លូវឆ្ងាយ កុំឲ្យចួបនឹងប្ដីក្នុងទីដែលសន្យាគ្នាឡើយ ។

[៦៧៧] (សេដ្ឋីធីតាទី៤ ពោលថា) ស្ត្រីណាលួចស្វាយរបស់លោកម្ចាស់ ស្ត្រីនោះមានខ្លួនប្រដាប់ហើយ មានសំលៀកបំពាក់ដ៏ស្អាត ទ្រទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចូរដេកនៅលើទីដេកតែម្នាក់ឯងចុះ ។

ចប់ អម្ពជាតក ទី៤ ។

គជកុម្ភជាតក ទី៥

[៦៧៨] (អាមាត្យពោធិសត្វ ពោលថា) កាលណាភ្លើង

[អគ្គិ បាវកោ គណ្ហវត្តនី ទាំង៣សព្ទនេះ ជាឈ្មោះនៃភ្លើងតែម្យ៉ាង ។

អដ្ឋកថា ។] ឆេះពៃ្រ ម្នាលបចលកៈ អ្នកនឹងធ្វើដូចម្ដេច បើអ្នកមាន​សេចក្ដី​ព្យាយាមយឺតយូរយ៉ាងនេះ ។

[៦៧៩] (គជកុម្ភៈ (ខ្យងសោក) ពោលថា) ប្រហោងឈើ ក្រហែងដីមានច្រើន បើយើងទៅមិនដល់ទីទាំងនោះទេ យើងទៀងតែស្លាប់ ។

[៦៨០] (ពោធិសត្វ ពោលថា) បុគ្គលណា រហ័សរហួនក្នុងកាលដែលខ្លួនធ្វើការងារយឺតយូរផង យឺតយូរក្នុងការងារដែលគេត្រូវធ្វើឲ្យរហ័សរហួនផង បុគ្គលនោះ ឈ្មោះថា បំបាក់នូវប្រយោជន៍របស់ខ្លួនចោល ដូចជាបុរសដើរជាន់ស្លឹកត្នោតស្ងួតឲ្យខ្ទេចដូច្នោះ ។

[៦៨១] បុរសណា យឺតយូរក្នុងការងារដែលខ្លួនត្រូវធ្វើឲ្យយឺតយូរផង រហ័សរហួនផង ក្នុងការងារដែលខ្លួនធ្វើឲ្យរហ័សផង ប្រយោជន៍របស់បុរសនោះ តែងពេញគ្រប់គ្រាន់ ដូចជាព្រះចន្ទ្រវែករាត្រី (ឲ្យលេចពន្លឺធំម្ដងបន្តិច ៗ ) ។

ចប់ គជកុម្ពជាតក ទី៥ ។

កេសវជាតក ទី៦

[៦៨២] (នារទាមាត្យ ទូលសួរកេសវតាបសថា) កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសំរេច​សេចក្ដី​ប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយក្នុងអាស្រមរបស់កូនសិស្សឈ្មោះកប្បកៈ តើដោយឧបាយដូចម្ដេច ។

[៦៨៣] (កេសវតាបស និយាយថា) ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បកៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។

[៦៨៤] (នារទាមាត្យ ពោលថា) លោកម្ចាស់ ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែរ និងស្មៅគែលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។

[៦៨៥] (កេសវតាបស និយាយតបថា) បុគ្គលមាន​សេចក្ដី​ស្និទ្ធស្នាល បរិភោគភោជនទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាមួយដែលបុគ្គលបរិភោគហើយ ក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មាន​សេចក្ដី​ស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។

ចប់ កេសវជាតក ទី៦ ។

អយកូដជាតក ទី៧

[៦៨៦] (ពោធិសត្វ ពោលថា) អ្នកណា ឈរកាន់ញញួរដែកទាំងមូលធំហួសប្រមាណ លើអាកាស អ្នកនោះមកឋិតនៅ ដើម្បីរក្សាអញ (ក្នុងថ្ងៃនេះ) ឬព្យាយាម ដើម្បីសម្លាប់អញ ។

[៦៨៧] (យក្ស ពោលថា) បពិត្រមហារាជ ខ្ញុំព្រះអង្គជាទូតរបស់អារក្សទឹក ខ្ញុំព្រះអង្គត្រូវពួកអារក្សទឹកប្រើមកក្នុងទីនេះ ដើម្បីសម្លាប់ព្រះអង្គ តែថា ព្រះឥន្ទ្រជាស្ដេចទេវតារក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គនឹងបំបែកព្រះសិរ្ស៍របស់ព្រះអង្គមិនបានទេ ។

[៦៨៨] (ពោធិសត្វ ពោលថា) បើទេវរាជ ទេវានមិន្រ្ទ មឃវៈ សុជម្បតិ រក្សានូវអញ ម្នាលបិសាច អារក្សទាំងអស់ ចូរបន្លឺឡើងតាម​សេចក្ដី​ប្រាថ្នាចុះ យ៉ាងអញមិនតក់ស្លុត ចំពោះពួកអារក្សទឹកទេ ។

[៦៨៩] ពួកកុម្ភណ្ឌ និងពួកបិសាចនៅលើគំនរសំរាមទាំងអស់ ចូរកំចាត់តាម​សេចក្ដី​ប្រាថ្នាចុះ នែបិសាច ពួកបិសាចទាំងអស់ មិនអាចដើម្បីច្បាំងនឹងអញបានទេ ការបន្លាចគួរឲ្យខ្លាចនោះធំណាស់ (តែអញមិនខ្លាចឯងទេ) ។

ចប់ អយកូដជាតក ទី៧ ។

អរញ្ញជាតក ទី៨

[៦៩០] (តាបសកុមារ និយាយប្រាប់បិតាថា) បពិត្របិតា ខ្ញុំបាទចេញអំពីព្រៃ មករកស្រុកវិញ គួរសេពគប់នឹងបុរសមានមារយាទដូចម្ដេច មានវត្តប្រតិបត្តិដូចម្ដេច ខ្ញុំបាទសួរហើយ សូមបិតាប្រាប់ហេតុនោះ (ដល់ខ្ញុំ) ឲ្យទាន ។

[៦៩១] (តាបសពោធិសត្វជាបិតា ប្រាប់ថា) ម្នាលកូន បុរសណា គប្បីស្និទ្ធស្នាលនឹងអ្នក គប្បីអត់ទ្រាំនូវ​សេចក្ដី​ស្និទ្ធស្នាលរបស់អ្នក ជាអ្នកចង់ស្ដាប់ពាក្យរបស់អ្នក អត់ទោសដល់អ្នក អ្នកទៅអំពីព្រៃនេះទៅ ចូរសេពគប់នឹងបុរសនោះចុះ ។

[៦៩២] បុរសណា មិនមានអំពើអាក្រក់ដោយកាយ វាចា ចិត្ត បើអ្នកចេញអំពីព្រៃនេះទៅ អ្នកចូរសេពគប់បុរសនោះចុះ ធ្វើដូចជា កូនដែលតាំងនៅឰដ៏ទ្រូង ។

[៦៩៣] បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នកវៀរចាកកាយទុច្ចរិតជាដើមទេ ម្នាលកូន អ្នកកុំសេពគប់នឹងបុរសដែលមានចិត្តដូចទឹកល្មៀតជាគ្រឿងជ្រលក់ (មានចិត្តមិនបានខ្ជាប់ខ្លួន) មានចិត្តដូចជាអាការនៃស្វា ជួនត្រេកអរ ជួនមិនត្រេកអរ (ប្រែប្រួលភ្លាម ៗ) ប្រាកដដូច្នោះឡើយ ។

ចប់ អរញ្ញជាតក ទី៨ ។

សន្ធិភេទជាតក ទី៩

[៦៩៤] (ព្រះរាជា មានព្រះឱង្ការនឹងសារថីថា) ម្នាលសារថី ​សេចក្ដី​ស្មើគ្នា (របស់សត្វទាំងពីរ) ក្នុងសត្វញីទាំងឡាយ មិនមាន ក្នុងចំណីអាហារទាំងឡាយ ក៏មិនមានដែរ អ្នកចូរមើលគំនិតរបស់ចចកអ្នកបំបែកនូវតំណនៃមិត្រនោះ គិតមើលឲ្យល្អចុះ ។

[៦៩៥] ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះ​សេចក្ដី​ញុះញង់ណា ​សេចក្ដី​ញុះញង់នោះ រមែងប្រែប្រួលដូចជាដាវមុតក្នុងសាច់ ។

[៦៩៦] ម្នាលសារថី អ្នកឃើញកិរិយាដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យរបស់បុគ្គលអ្នកញុះញង់ បំបែកនូវតំណនៃមិត្រ បុគ្គលនោះ រមែងដេកស្លាប់យ៉ាងនេះ (ពុំខាន) ។

[៦៩៧] ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់របស់អ្នកបំបែកនូវតំណនៃមិត្រ ពួកជននោះ តែងបាននូវ​សេចក្ដី​សុខ ដូចជាពួកនរជនអ្នកទៅកើតក្នុងឋានសួគ៌ដូច្នោះ ។

ចប់ សន្ធិភេទជាតក ទី៩ ។

ទេវតាបញ្ហជាតក ទី១០

[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារដោយដៃទាំងពីរផង ដោយជើងទាំងពីរផង ប្រហារនូវមាត់ផង បពិត្រមហារាជ បុគ្គលនោះ ជាទីស្រលាញ់នៃគេ ហេតុនោះ ព្រះអង្គយល់ថាបុគ្គលណា ។

[៦៩៩] បុគ្គលណា ជេរប្រទេចតាម​សេចក្ដី​ប្រាថ្នា តែមិនប្រាថ្នានូវការមកដល់បុគ្គលនោះ បពិត្រមហារាជ បុគ្គលនោះ ជាទីស្រលាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។

[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាសប្រាប់ឲ្យឮដោយពាក្យឡូឡា បពិត្រមហារាជ បុគ្គលនោះ ជាទីស្រលាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។

[៧០១] ពួកអ្នកនាំយកទៅ បាននាំយកបាយផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដោយពិត បពិត្រមហារាជ ពួកអ្នកនាំយកទៅនោះ ជាទីស្រលាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។

ចប់ ទេវតាបញ្ហជាតក ទី១០ ។

ចប់ ចុល្លកុណាលវគ្គ ទី៥ ។

ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ និយាយអំពីស្រីធ្វើ​សេចក្ដី​ត្រេកអរដល់ពួកបុរស ១ ព្រះពោធិសត្វបានរើខ្លួន ១ មេក្រៀលនៅក្នុងដំណាក់ស្ដេច ១ វត្តុធ្វើសក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែកដ៏ប្រសើរ ១ ការចេញអំពីព្រៃ ១ នាយសារថី ១ ប្រហារដោយដៃ ១ ត្រូវជា ១០ ។

ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គ គំរប់ជា ៥ លោកសំដែងល្អហើយ ។

ចប់ ចតុក្កនិបាត ។

ចប់ ភាគ៥៨ ។

  1. មហានារទកស្សបជាតក ទី ៨
  2. វិធុរជាតក ទី ៩
  3. ព្រះវេស្សន្តរជាតក ទី ១០

បទវិភាគអំពីនិទានរបស់​សាសនា

ទសជាតក គឺ​ជា​ និទាន​សំខាន់​ៗ ក្នុង​ពុទ្ធសាសនា​និកាយ​ថេរវាទ ស្តី​អំពី​អតីតជាតិ​ ១០ ជាតិ​ចុង​ក្រោយ ​ដែល​ព្រះ​ពោធិសត្វ​​​ទាំង​ឡាយ​ខាង​និកាយ​ថេរវាទ​ បាន​សាង​សន្សំ​បារមី​ទាំង ១០ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ គោតម ។

ទសជាតក និង​ ជាតក ដទៃ​ទៀត​ដែរ គឺ​ជា​បណ្តុំ​រឿង​និទាន ​​​ដែល​អ្នក​ចេះ​ដឹង​សម័យ​បុរាណ​ បាន​តាក់តែង​ឡើង ​ក្នុង​គោលបំណង​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ ​ឲ្យ​ចេះ​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​នឹង​សង្គម​មនុស្ស​ មាន​​មនុស្សធម៌ មាន​សាមគ្គីធម៌ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​​មេត្តា​ដល់​សព្វ​សត្វ មាន​ចិត្ត​ស្រឡាញ់​និង​អភិរក្ស​បរិស្ថាន តាម​រយៈ​ការ​អនុវត្តន៍​តាម​ក្រម​សីលធម៌​ល្អ​ទាំង​ឡាយ​ ដែល​បង្កប់​នៅ​ក្នុង​រឿង​និទាន​ទាំង​នោះ ។

អ្នក​អាន ឬ អ្នក​សិក្សា​គួរ​អាន​រឿង​ទាំង​នោះ​នៅ​ក្នុង​ស្មារតី​​វិភាគ​ពិចារណា ​ដើម្បី​ស្រង់​យក​ន័យ​សំខាន់​ៗ​ ដែល​លាក់​បង្កប់​ក្នុង​​សាច់​រឿង​ទាំង​នោះ ពោល​គឺ​មិន​មែន​​ចេះ​តែ​ជឿ​តាម​ទាំង​ស្រុង​ថា សត្វ​នេះ​ចេះ​និយាយ, សត្វ​នេះ​បូជា​ជីវិត​ដើម្បី​សត្វ​នោះ, ឬ ព្រះ​ពោធិសត្វ​នេះ​ហោះ​ចុះ​ហោះ​ឡើង​ នោះ​ទេ ។​ ការ​អាន​ ជាតក​ ទាំង​អស់ ​ក្នុង​ព្រះ​ត្រៃ​បិដក ឬ រឿង​និទាន​ទាំង​ឡាយ​របស់​សាសនា​​ទាំង​អស់​ ដូច​ជា​​​គម្ពីរ​លទ្ធិព្រាហ្មណ៍ ឬ​ គម្ពីរ​​គ្រិស្តសាសនា​ អ្នក​អាន​មិន​គួរ​ជឿ​តាម​ទាំង​ស្រុង ​ដោយ​ខ្វះ​ការ​ពិចារណា​ឡើយ ។

​រឿង​និទាន​គ្រាន់​តែ​​ជា​យាន​សម្រាប់​នាំ​សារ ​ដែល​បង្កប់​អត្ថន័យ​សម្រាប់​បង្រៀន​ក្រមសីលធម៌​ប្រភេទ​ណា​មួយ​ប៉ុណ្ណោះ ។

ហើយ​ការ​បង្រៀន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ល្អ ឬ​ មាន​ប្រយោជន៍​សម្រាប់​មនុស្ស​សម័យ​ទំនើប​ទាំង​ស្រុង​នោះ​ទេ ។

មាន​ក្រម​សីលធម៌​ខ្លះ ឬ​ ទ្រឹស្តី​មួយ​ចំនួន ​ដែល​មនុស្ស​សម័យ​ដើម​យល់​ថា​ល្អ​នោះ ​មនុស្ស​សម័យ​ទំនើប​គិត​ថា​គ្មាន​ប្រយោជន៍ ឬ លែង​ត្រឹមត្រូវ​ហើយ ។

ឧទាហរណ៍ ការ​បូជាយញ្ញ​ក្នុង​លទ្ធិព្រហ្មណ៍, ការ​បូជា​សត្វ​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​នៃ​គ្រិស្តសាសនា, ព្រះ​យេស៊ូ​ដើរ​លើ​ទឹក កើត​ពី​ម្តាយ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​​ក្រោក​ពី​ស្លាប់, ទ្រឹស្តី​​សំសារៈ, ទ្រឹស្តី​​វិល​កើត​វិល​ស្លាប់, ទ្រឹស្តី​ស្ថាន​នរក ប្រេត ទេវតា ព្រហ្ម សួគ៌ ។ល។​ លែង​មាន​ការ​ពេញ​និយម ឬ គ្មាន​ការ​​ពិត​ ឬ​ លែង​ផ្តល់​ប្រយោជន៍​អ្វី​ សម្រាប់​​អូស​ទាញ​មនុស្ស​សម័យ​ទំនើប​ឲ្យ​ដើរ​តាម​​ហើយ ព្រោះ​​មនុស្ស​សម័យ​វិទ្យាសាស្ត្រ​​ទំនើប​លែង​ត្រូវ​ការ​ សេចក្តី​​​​អធិប្បាយ​​រាល់​​បាតុភូត​ធម្មជាតិ​​ដោយ​សំអាង​លើ​​អាទិទេព ឬ ទ្រឹស្តី​សាសនា​​ទាំង​ឡាយ ។

ប្រសិនបើ​គេ​ចង់​ដឹង​ចម្លើយ​ចំពោះ​បាតុភូត​ធម្មជាតិ​ណា​មួយ​ គេនឹង​​​ពិគ្រោះ​ឯកសារ​វិទ្យាសាស្ត្រ គេនឹង​​មិន​​ពិគ្រោះ​ឯកសារ​ខាង​សាសនា​ទេ ។

រីឯ​ ឯកសារ​សាសនា​​​​បាន​​ពន្យល់​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​ក្រម​សីលធម៌​នៃ​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កាន់​តាម​សាសនា​នោះ​ប៉ុណ្ណោះ វា​មិន​ត្រឹម​ត្រូវ​សម្រាប់​ក្រុម​មនុស្ស​នៃ​សាសនា​ដទៃ​ទៀត​សោះ ។

មក​ដល់​ដំណាក់​កាល​នេះ យើង​ត្រូវ​ការ​ក្រម​សីលធម៌​សកល​មួយ ​ដែល​មិន​ប្រកាន់​តាម​ស្តង់ដារ​របស់​ព្រះ​នេះ ឬ របស់​ព្រះ​នោះ​​ ពោល​គឺ​ជា​ក្រម​សីលធម៌​ដែល​ឲ្យ​តម្លៃ​លើ​​មនុស្សធម៌​បែប​សកល និង ​ឯករាជ​ពី​​ឥទ្ធិពល​សាសនាទាំង​ឡាយ ។​

ទសជាតក

  1. រឿង​តេមិយ (តេមិយជាតក) ពោធិសត្វ​បំពេញ នេក្ខម្មបារមី
  2. រឿង​មហាជនក (មហាជនកជាតក) ពោធិសត្វ​បំពេញ វីរិយបារមី
  3. រឿង​សុវណ្ណសាម (សុវណ្ណសាមជាតក) ពោធិសត្វ​បំពេញ មេត្តា​បារមី
  4. រឿង​នេមិរាជ (នេមិរាជ​ជាតក) ពោធិសត្វ​បំពេញ អធិដ្ឋាន​បារមី
  5. រឿង​មហោសថ (មហោសថជាតក) ពោធិសត្វ​បំពេញ បញ្ញាបារមី
  6. រឿង​ភូរិទត្ត (ភូរិទត្តជាតក) ពោធិសត្វ​បំពេញ សីលបារមី
  7. រឿង​ចន្ទកុមារ (ចន្ទកុមារជាតក) ពោធិសត្វ​បំពេញ ខន្តិបារមី
  8. រឿង​នារទ (នារទជាតក) ពោធិសត្វ​បំពេញ ឧបេក្ខាបារមី
  9. រឿង​វិធុរៈ (វិធុរជាតក) ពោធិសត្វ​បំពេញ សច្ចបារមី
  10. រឿង​វេស្សន្តរ (វេស្សន្តរជាតក) ពោធិសត្វ​បំពេញ ទានបារមី

ឯកសារ​យោង

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក​ (សៀវភៅ​ភាគ៥៨​, ភាគ៥៩, ភាគ៦០, ភាគ៦១, ភាគ៦២ និង ភាគ៦៣)

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៥៨

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៥៩

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៦០

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៦១

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៦២

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > សៀវភៅភាគ៦៣

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.