ប្រាសាទត្រាវ

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទត្រាវមានទីតាំងស្ថិតនៅក្នុង ភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចំងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទត្រាវសាងបែរមុខទៅទិសខាងកើត ស្ថិតនៅលើទីទួលមួយដោយមានកសិណទឹក ព័ទ្ធជុំវិញ និងជ្រកពីក្រោមរុក្ខា ចោលម្លប់ត្រឈឹងត្រឈៃ។ នៅពីមុខប្រាសាទ មានផ្លូវចូលមានជណ្តើរខ្លោងទ្វារ និងមានរូបសំណាក​តោទ្វារ១គូ​ដែល​នៅ​សល់​តែដងខ្លួនប៉ុណ្ណោះ ឯក្បាលត្រូវជនទុច្ចរិត លួចដាប់យកទៅបាត់។ នៅតាមជញ្ជាំងក៏មានក្បូរក្បាច់រចនា លើថ្មភក់ យ៉ាងវិចិត្រ ប៉ុនែ្តបានជ្រុះរប៉ាត់រប៉ាយរបេះក្បាច់ ដោយសារ​តែសង្រ្គាម​អូសបន្លាយ ខ្វះកិច្ចអភិរក្ស និងត្រូវឈ្មួញរកស៊ីជួញក្បាលអ្នកតាចាំតែបំផ្លាញគ្មានស្រណោះ។ តាមការពិនិត្យល្អិតល្អន់ទៅប្រាសាទនេះ នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មខែ្មរសុទ្ធសាធ ប៉ុនែ្តពុំដឹងថា បានកសាងនៅក្នុងរជ្ជកាលសេ្តចអង្គណាឡើយ គ្រាន់តែឭតាមរយៈការតំណាលតៗ គ្នាប៉ុណ្ណោះថា កកើតឡើងនៅដើមសម័យអង្គរ បើគិតទៅមានអាយុជាង ១ពាន់ឆ្នាំហើយ ។ សិលាចារឹកប្រាសាទត្រាវ ចារឹកឡើងនៅលើមេទ្វារ ហើយកំពុងស្ថិតនៅទីតាំងដើមនៅឡើយ​។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.249 ចារឹកជាភាសាខ្មែរបុរាណ មានចំនួន ១៧ បន្ទាត់ ដែលរៀបរាប់អំពីព្រឹត្តិការណ៍នយោបាយនៅមហាសករាជឆ្នាំ១០៣១ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ១១០៩ ត្រូវនឹងរជ្ជកាលព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ (គ.ស.១១០៧ – ១១១៣)។ សិលាចារឹកប្រាសាទត្រាវ សិក្សាដំបូងគេបង្អស់ដោយលោក Aymonier និងសិក្សាឡើងវិញដោយលោក Coedès។ អត្ថន័យជារួមរបស់សិលាចារឹកប្រាសាទត្រាវ រៀបរាប់អំពីក្រុមមន្រ្តីជាច្រើននាក់ក្នុងរាជ្យព្រះបាទស្រីធរណីន្រ្ទវរ្ម័នដែលមានគោរម្យងារជា ខ្លោញពល ខ្លោញភូតាស កំស្តែង តេងតួន នាំគ្នាធ្វើបញ្ជីកត់ត្រាឈ្មោះខ្ញុំបម្រើ និងភោគផលដែលបានពីដីខ្លោញពលធម្មសីលសម្រាប់ប្រើប្រាស់ជាតង្វាយក្នុងកិច្ចបូជាដល់ព្រះលិង្គបុរ ព្រះកន្លោងជាម្ចាស់ (ក្សត្រីអង្គណាមួយដែលចូលទិវង្គត) អាស្រមនៅស្តុកព្រីង និងព្រះនៅច្បារឫស្សី។ ដូច្នេះហើយ ជាសន្និដ្ឋានជារួមមក ប្រាសាទត្រាវ គឺជាសាសនដ្ឋានព្រហ្មញ្ញសាសនាមួយកន្លែងដែលបានស្ថាបនាកសាងឡើងនៅក្នុងស.វ.ទី១០ ពោល គឺរវាងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ឬព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០)។ ប៉ុន្តែ សិលាចារឹកដែលចារឹកនៅលើមេទ្វារ គឺចារឹកឡើងនៅសម័យក្រោយនាស.វ.ទី១២ ដោយមន្រ្តីមួយចំនួនដែលធ្លាប់បម្រើដល់ព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ (គ.ស.១១០៧ – ១១១៣)។ យោងទៅតាមការសិក្សារបស់ប្រវត្តិវិទូជាច្រើនសន្និដ្ឋានថា​ ព្រះបាទស្រីធរណីន្រ្ទវរ្ម័នទី១ ទំនងមិនបានឡើងសោយរាជ្យនៅតំបន់អង្គរ (រាជធានីស្រីយសោធរបុរ) នោះទេ ពោល គឺទ្រង់ទំនងសោយរាជ្យនៅតំបន់ភិមាយ (ក្រុងមហីធរបុរ)​ ដូចនឹងស្តេចអង្គមុនដែលជាព្រះអនុជរបស់ទ្រង់ដែរ (ព្រះបាទស្រីជ័យវរ្ម័នទី៦)។

Remove ads

សូមមើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads