ខេត្តសៀមរាប
ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
Remove ads
ខេត្តសៀមរាប[១] (អង់គ្លេស : Siem Reap Province) គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ទីរួមខេត្តរបស់ខេត្តសៀមរាបគឺក្រុងសៀមរាបនិងក្រុងរុនតាឯក។ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះគឺដើម្បីរំលឹកដល់ជ័យជម្នះរបស់កងទ័ពខ្មែរវាយឈ្នះលើកងទ័ពសៀមនៅសម័យលង្វែកក្នុងសតវត្សរ៍ទី ១៦។សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ខេត្តនេះគឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃទៀតជាច្រើន។ថ្មីៗនេះក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍។រមណីយដ្ឋានបុរាណនិងប្រាសាទបុរាណជាច្រើនដែលស្ថិតនៅក្នុងក្រុងនិងក្រៅក្រុងនៃខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ឲ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនានិងសិក្សាស្វែងយល់អំពីវប្បធម៌អរិយធម៌ខ្មែរ។តំបន់អង្គរត្រូវបានរងនូវការលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់ចោលនៅក្នុងឆ្នាំ ១៤៣១។គួររំលឹកផងដែរថារាជធានីរបស់ប្រទេសកម្ពុជាត្រូវបានប្តូរពីអង្គរទៅរាជធានីចតុមុខនៅក្នុងឆ្នាំ ១៤៣២ រួចបន្តទៅរាជធានីលង្វែកនិងរាជធានីឧដុង្គហើយត្រឡប់ទៅរាជធានីចតុមុខវិញនៅក្នុងឆ្នាំ ១៨៦៦។ជនជាតិបទេសដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំងលោកហង់រី មូហូនៅក្នុងឆ្នាំ ១៨៦០(នាសម័យលង្វែកសតវត្សរ៍ទី ១៦ ក៏មានជនបរទេសខាងបស្ចឹមលោកក៏បានមកមើលប្រាសាទអង្គរវត្តរួចមកហើយដែរ)។[២]តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោកហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើនអនេកដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។
ខេត្តសៀមរាប គឺជាខេត្តធំទី ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ចំនួនប្រជាជននៅក្នុងខេត្តនេះកើនឡើងដល់ខ្ទង់លាននាក់ហើយជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។មួយផ្នែកធំនៃព្រំដែនភាគខាងត្បូងរបស់ខេត្តសៀមរាបគឺជាប់នឹងបឹងទន្លេសាបដូច្នេះហើយបានជាខេត្តសៀមរាបគឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ០៩ ដែលបង្កើតបានជាតំបន់ទុនបម្រុងជីវមណ្ឌលទន្លេសាប។នាពេលបច្ចុប្បន្នខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនិងជាអច្ឆរិយវត្ថុរបស់ពិភពលោកផងដែរ។ហើយក៏ជាទីតាំងប្រាសាទល្បីល្បាញជាច្រើនផ្សេងទៀតក្រៅពីប្រាសាទអង្គរវត្តដូចជាប្រាសាទបន្ទាយស្រី ប្រាសាទបឹងមាលា ប្រាសាទបាគង ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្មនិងប្រាសាទនានាផ្សេងទៀតដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់អង្គការយូណេស្កូផងដែរ។ឧទ្យានជាតិភ្នំគូលែនគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិល្បីល្បាញមួយដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តមិនអាចរំលងបាន។


Remove ads
ឈ្មោះនៃខេត្ត
ខេត្តសៀមរាបគឺជាអតីតខេត្តខ្មែរមួយឈ្មោះថាខេត្តមហានគរ។ការប្ដូរឈ្មោះជាខេត្តសៀមរាបនេះគឺនៅក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។នៅក្នុងឆ្នាំ ១៥៣០ គ.ស(តាមពង្សាវតារ)មូលហេតុបានជាផ្លាស់ប្ដូរឈ្មោះខេត្តនេះបានបញ្ជាក់ថានៅក្នុងឆ្នាំ ១៥៣០ គ.សស្ដេចអយុធ្យាបានបញ្ជាឲ្យកងទ័ពខ្លួនវាយលុកកម្ពុជានៅខេត្តមហានគរដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា។ទ័ពសៀមដណ្ដើមខេត្តមហានគរមួយរយៈហើយមេដឹកនាំបានទៅទស្សនាប្រាសាទគួរឲ្យយ៉ាងស្ងប់ស្ងែង។បន្ទាប់មកទ័ពស្ដេចសៀមនេះបានជួបនឹងទ័ពស្ដេចខ្មែរនៅតំបន់អង្គរហើយបានប្រយុទ្ធគ្នាធ្វើឲ្យកងទ័ពសៀមទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ក្រោយពីទទួលបានជ័យជំនះមកព្រះបាទច័ន្ទរាជាបានបរិញ្ញាតិ្តឲ្យប្ដូរឈ្មោះខេត្តមហានគរនេះទៅជាខេត្តសៀមរាបវិញដែលមានន័យថាទ័ពសៀមត្រូវបង្ក្រាបឲ្យរាបនៅទីនេះ។[៥]
អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានពន្យល់ប្រហាក់ប្រហែលគ្នាថាពាក្យសៀមគឺទាក់ទងនឹងជាតិសាសន៍មួយដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃទៅហើយ។រីឯពាក្យថារាបគឺមានន័យថា ចាញ់ខ្លបខ្លាច។
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាលោកសំបូរ មាណ្ណារ៉ាបានពន្យល់ថាចាប់ពីសតវត្សរ៍ទី ០៩ និងទី ១០ នៃគ.សខេត្តសៀមរាបត្រូវបានគេប្រើឈ្មោះជាទីក្រុងយសោធបុរៈដោយសារតែព្រះមហាក្សត្រខ្មែរព្រះនាមព្រះបាទយសោវរ្ម័នទី ១ ជាអ្នកស្ថាបនិក។ក៏ប៉ុន្តែក្រោយមកត្រូវបានគេហៅថាអាណាចក្រអង្គរវិញ។នៅក្នុងរជ្ជកាលនៃព្រះរាជាក្រោយៗមកទៀតដែលបានផ្លាស់ប្ដូររាជធានីទៅតាំងនៅភាគខាងត្បូងនិងទួលបាសានរហូតដល់ចតុមុខជាដើមគឺទីក្រុងអង្គរត្រូវបានបោះបង់ចោលមួយរយៈ។ជាច្រើនឆ្នាំក្រោយមកទើបមានការចាប់ផ្ដើមគ្រប់គ្រងជារាជធានីនេះឡើងវិញ។
លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ាបានពន្យល់ទៀតថាបន្ទាប់ពីមានការគ្រប់គ្រងជារដ្ឋបាលឡើងវិញនោះគឺតំបន់អង្គរត្រូវបានទ័ពសៀមនៃនគរស្រីអយុធ្យាចូលមកលុកលុយជាច្រើនលើកចាប់តាំងពីសតវត្សរ៍ទី ១៤ នៃគ.ស។នៅក្នុងសតវត្សរ៍ទី ១៥ ដល់ ១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាមព្រះបាទច័ន្ទរាជាបានធ្វើចម្បាំងជាមួយកងទ័ពសៀមដើម្បីបណ្ដេញឲ្យពួកសៀមចេញពីតំបន់អង្គរ។នៅក្នុងការធ្វើសង្គ្រាមកាលនោះគឺកងទ័ពខ្មែរទទួលបានជោគជ័យយ៉ាងធំធេងហើយពាក្យថាសៀមរាប(អានថា : សៀមម៉ារាប)គឺត្រូវបានគេដាក់ឈ្មោះបន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម។ពាក្យថាសៀមរាបគឺមានន័យថាសៀមបានខ្លបខ្លាចលោក បានចាញ់លោក បានអស់ឫទ្ធានុភាព ចាញ់រាបដលដី។ដូច្នេះគេឲ្យឈ្មោះថាតំបន់សៀមរាបនេះគឺជាទស្សនៈរបស់ជាតិខ្មែររបស់អ្នកដែលបានលើកឡើងនៅក្នុងកេរតំណែលប្រវត្តិសាស្ត្រនេះផងដែរ។ចំណុចនេះហើយបានជាចាប់ផ្ដើមមានពាក្យថាសៀមរាប។
ការអធិប្បាយរបស់លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ានេះគឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀតផងដែរ។
សៀវភៅប្រវត្តិសាស្ត្រខ្មែរសង្ខេបមួយដែលសរសេរដោយលោកនួន សុធិមន្តដែលបច្ចុប្បន្នជាមន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រីបានអធិប្បាយថានៅក្នុងឆ្នាំ ១៥២៥ ព្រះមហាក្សត្រខ្មែរព្រះនាមព្រះបាទច័ន្ទរាជាបានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានឲ្យបរាជ័យយ៉ាងអាម៉ាស់នៅតំបន់អង្គរ។ដូច្នេះហើយបានជាព្រះអង្គបានដាក់ឈ្មោះថាសៀមរាបគឺមានន័យថាទ័ពសៀមចាញ់រាបដូចជាកន្ទេលឬទ័ពសៀមចាញ់រាបដល់ដី។
បច្ចុប្បន្ននេះខេត្តសៀមរាបមិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏កំពុងនាំប្រទេសកម្ពុជាឲ្យទទួលបាននាមថ្មីមួយទៀតគឺព្រះរាជាណាចក្រអច្ឆរិយៈដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។[៦]
Remove ads
ប្រវត្តិសាស្ត្រ
សម័យមុនអង្គរ


អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យានិងបុរាណវិទ្យាជាច្រើនបានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាបអង្គរបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ.សនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ ក្រោយពីព្រះមហាក្សត្រអង្គនេះបានយាងមកពីប្រទេសជ្វានៅក្នុងឆ្នាំ ៨០០ នៃគ.ស។តាមឯកសារខាងលើបានឲ្យដឹងថាព្រះបាទជ័យវរ្ម័នទី ២ កាលនៅក្នុងដំណាក់កាលទី ០២ ទ្រង់គង់នៅទីក្រុងឥន្រ្ទបុរៈនៅខេត្តកំពង់ចាមបន្ទាប់មកទ្រង់គង់នៅលើភ្នំគូលែន(មហិន្ទ្របព៌ត)និងចុងក្រោយបំផុតទ្រង់គង់នៅទីក្រុងហរិហរាល័យ ឬ តំបន់រលួសដែលជារាជធានីដើមនាសម័យអង្គរ។លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថាវប្បធម៌អង្គរបានផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ.សគឺនៅពេលដែលព្រះបាទជ័យវរ្ម័នទី ២ បានអភិសេកជាព្រះមហាក្សត្រនៅលើភ្នំគូលែន(មហិន្រ្ទបព៌ត)។ការអភិសេករបស់ព្រះអង្គគឺឈរនៅលើមូលដ្ឋាននៃពិធីទេវរាជដែលបានផ្តល់ចំពោះព្រះអង្គនូវមហិទ្ធិប្ញទ្ធិដើម្បីធ្វើការបង្រួបបង្រួមជាតិហើយជាឆ្នាំដែលព្រះបាទជ័យវរ្ម័នទី ២ ប្រារព្ធពិធីទេវរាជនៅលើភ្នំគូលែន(មហិន្រ្ទបព៌ត)។ព្រះអង្គបានបើកស័ករាជថ្មីមួយដែលធ្វើឲ្យអរិយធម៌វប្បធម៌ខ្មែររីកចម្រើនរុងរឿងនាសម័យមហានគរ។ការអះអាងបែបនេះក៏បានបង្អាញឲ្យដឹងទៀតថាវប្បធម៌សម័យបុរេអង្គរ(មុនអង្គរ)គឺយោងតាមឯកសារមួយចំនួនដែលផែ្អកតាមកំណត់ហេតុរបស់ចិន។ឯកសាររបស់គេបានសម្អាងលើកំណត់ត្រាផងនិងស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង។រីឯព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ជាខ្លាំងមួយទៀតគឺនៅក្នុងអំឡុងសម័យចេនឡានៅលើទឹកដីបវរនៃខេត្តសៀមរាបអង្គរ។កំណត់ហេតុចិនបានឲ្យដឹងថាទីក្រុងដំបូងបំផុតនៅខេត្តសៀមរាបមានឈ្មោះថានគរគម្ពីរដែលសិ្ថតនៅរវាងបារាយណ៍ខាងលិចនិងបារាយណ៍ខាងកើតនៃតំបន់សៀមរាបអង្គរ។សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅនគរគម្ពីរនេះគឺព្រះបាទចន្រ្ទវរ្ម័ន។លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថាកាលពីសម័យបុរេអង្គរនាអំឡុងឆ្នាំ ៨០២ នេះសេដ្ឋកិច្ចនិងបរិយាកាសង្គមរបស់តំបន់សៀមរាបអង្គរមានការវិវត្តជាវិជ្ជមាន។គេបានឃើញមានការរៀបចំដែនដីឬនគរូបនីយកម្មដែនដីក្នុងតំបន់នីមួយៗនៃខេត្តនេះយ៉ាងច្បាស់លាស់ទៅហើយចាប់តាំងពីចុងសតវត្សរ៍ទី ០៦ នៃដើមសតវត្សរ៍ទី ០៧ នៃគ្រិស្តសករាជ។ជនជាតិខែ្មរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រនិងពួកព្រាហ្មបុរោហិតបានចាប់ផ្តើមគម្រោងការកសាងប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ៍ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ៍ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និង ប្រាសាទព្រៃប្រាសាទជាដើម។រីឯវិស័យសង្គមកិច្ចវិញគេបានដឹងថាបុព្វការីជនខែ្មរចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗបឹងទនេ្លសាបកែ្បរអូរស្ទឹងធម្មជាតិជាដើម។ការកសាងប្រាសាទក៏ដូច្នោះដែរគឺបុព្វការីជនខែ្មរតែងតែជ្រើសរើសរកទីតាំងណាខ្ពស់មិនលិចទឹកនៅរដូវវស្សាគំនិតរបស់ខែ្មរនៅក្នុងការជ្រើសរើសទីតាំងខ្ពស់សម្រាប់ការកសាងសំណង់ផេ្សងៗគឺជាប្រយោជន៍រួមគឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ។[៧]
សម័យអង្គរ








ខ្មែរបានជ្រើសរើសទីតាំងតំបន់អង្គរធ្វើជារាជធានីព្រោះស្ថិតនៅចំចំណុចកណ្ដាលនៃអាណាចក្រខ្មែរនិងជាទីប្រជុំនៃជំនួញទាំង ០២ គឺជើងគោកនិងជើងទឹកហើយសម្បូរទៅដោយធនធានធម្មជាតិសព្វគ្រប់ដូចជាត្រីនៅក្នុងបឹងទន្លេសាប ព្រៃឈើ ថ្មភក់ ថ្មបាយក្រៀម ឥដ្ឋសម្រាប់កសាងប្រាសាទនិងដីដែលមានជីវជាតិផងដែរ។ខេត្តសៀមរាបនៅសតវត្សរ៍ទី ០៩ ដល់សតវត្សរ៍ទី ១៥ បានបម្រើការជារាជធានីនិងជាមជ្ឈមណ្ឌលដ៏សំខាន់នៃអំណាចនយោបាយ វប្បធម៌ និង សាសនារបស់អាណាចក្រខ្មែរ។ភាពថ្កើងថ្កានរបស់ទីក្រុងគឺជារាជធានីនៃអាណាចក្រខ្មែរដែលគ្រប់គ្រងដោយស្តេចដែលមានអំណាចជាបន្តបន្ទាប់។ខេត្តសៀមរាបមានទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្ដាលនៃអាណាចក្រហើយមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងត្រួតត្រានិងគ្រប់គ្រងទឹកដីដ៏ធំធេងមួយនេះ។ទីក្រុងនេះបានរីកចម្រើនក្លាយជាទីក្រុងដែលមានភាពអ៊ូអរបម្រើជាមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ច និង សាសនានៅក្នុងតំបន់។ខេត្តសៀមរាបមានចំណុចគួរឲ្យទាក់ទាញជាច្រើនដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះខ័នជាដើម។នៅក្នុងសម័យអង្គរខ្មែរបានអនុវត្តនយោបាយវាតទីទឹកដីពង្រឹងអរិយធម៌ឲ្យរីកចម្រើនរុងរឿងនិងកសាងសំណង់ប្រាសាទល្បីល្បាញមួយចំនួនទាំងធំទាំងតូចដែលបង្ហាញអំពីតម្លៃវប្បធម៌អរិយធម៌ខ្មែរពាសពេញអាណាចក្រខ្មែរ។តំបន់សៀមរាបត្រូវបានបម្រើការជារាជធានីអស់រយៈពេល ០៦ សតវត្សរ៍មកហើយ។នៅតំបន់សៀមរាបមានការអភិវឌ្ឍរីកចម្រើនលូតលាស់គ្រប់វិស័យនិងមានភាពសម្បូរសប្បាយប្រជាជនខ្មែររស់នៅតំបន់សៀមរាបអង្គរភាគច្រើនប្រកបមុខរបរកសិកម្មនិងនេសាទជាធំ។តំបន់ជុំវិញបឹងទន្លេសាបជាដីដ៏សម្បូរជីវជាតិ។គេអាចធ្វើស្រែនៅតំបន់នេះប្រហែលជាពីរទៅបីដងនៅក្នុងមួយឆ្នាំដូច្នេះហើយបានជាយើងឃើញមានប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។

សម័យក្រោយអង្គរ




បើយោងតាមឯកសារក្រោយពីទ័ពខ្មែររបស់ព្រះបាទច័ន្ទរាជាបានទទួលជ័យជម្នះលើកងទ័ពសៀមឈ្លានពានជាស្ថាពរនៅព្រះរាជនគរគឺអង្គរធំពោលគឺបានវាយកម្ទេចទ័ពសៀមរាបស្មើនឹងដីបានជាខ្មែរដាក់ឈ្មោះថាខេត្តសៀមរាប។ស្ថានការណ៍បែបនេះបានធ្វើឲ្យយើងយល់ថាជាដើមកំណើតនៃការកកើតឈ្មោះខេត្តសៀមរាបតាំងពីរជ្ជកាលរបស់ព្រះបាទច័ន្ទរាជាមកទល់នឹងសព្វថ្ងៃនេះបើទោះបីជាព្រះរាជពង្សាវតារខ្មែរច្បាប់ឧកញ៉ាព្រះឃ្លាំង(នង)មិនបាននិយាយដោយចំហក៏ដោយ។ប្រសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខ្មែរខាងលើមកមើលយើងពិតជាស្លុតចិត្តដោយហេតុថាកងទ័ពសៀមបានឈ្លានពានរុករានប្រទេសកម្ពុជាឥតឈប់ឈរជាច្រើនលើក។ពួកវាក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួនដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីសៀមរួចទៅហើយនោះក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តងគឺទីក្រុងមហានគរដែលស្ថិតក្នុងខេត្តសៀមរាបតែពីមុនហៅថាស្រុកនគរវត្តដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ប៉ុន្តែលើកនេះពួកវាត្រូវបង្ខំចិត្តរត់ត្រឡប់ទៅក្រុងអយុធ្យាវិញក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនឹងឆ្នាំ ១៥៤១ នៃគ.ស។កាលបើពិនិត្យលើទំព័រប្រវត្តិសាស្ត្រចាស់ដែលបានកើតឡើងនៅលើទឹកដីបវរដែលជាទីតាំងនៃព្រះរាជនគរយើងបានឲ្យដឹងថានៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៨ និងដើមរាជ្យរបស់ព្រះបាទស្រីឥន្ទ្រវរ្ម័នរវាងឆ្នាំ ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើមនៅក្នុងខេត្តសៀមរាបដើម្បីយកប្រទេសកម្ពុជាធ្វើជាស្រុកឬនគរចំណុះរបស់ខ្លួនហើយមហិច្ឆតានេះពួកវាបានសម្រេចជាស្ថាពរព្រោះថាអាណាខេត្តមួយចំនួនដែលស្ថិតនៅក្នុងភូមិភាគកណ្តាលដូចជាខេត្តសុខោទ័យ កំពែងពេជ្រ និង ខេត្តរណបនៃខេត្តទាំងនោះព្រមទាំងអាណាខេត្តដទៃៗឯទៀតដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាមដូចជាខេត្តអយុធ្យានិងសុពណ៌បុរី។បន្ទាប់ពីបានទទួលជ័យជម្នះលើខេត្តទាំងឡាយនោះពួកវាក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន។សង្គ្រាមឈ្លានពានមួយដែលគេត្រូវកត់សម្គាល់ដែលបានកើតឡើងជាលើកដំបូងបង្អស់នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងនៅក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជានៅក្នុងឆ្នាំ ១៣៥២។ចំពោះចម្បាំងនេះច្បាប់ពង្សាវតារខ្មែរបានបញ្ជាក់ថាគឺភាគីឈ្លានពានសៀមបានទទួលជ័យជម្នះលើទ័ពខ្មែរដោយពួកវាបានកាន់កាប់ទីក្រុងអង្គរធំនៅក្នុងឆ្នាំ ១៤៣១។មុននឹងដកថយចេញពួកវាបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់នាំទៅកាន់ប្រទេសសៀម។នៅក្នុងឱកាសនោះផងដែរពួកវាក៏បានលួចប្លន់យកទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទនៅក្នុងឆ្នាំ ១៤៣១ គឺជាឆ្នាំដែលកំណត់នូវឱនភាពខ្មែរដែលប្រឈមនិងការវាតទីនិយមរបស់សៀមដែលគ្មានទីបញ្ចប់។ពិតណាស់ទោះបីជាភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តីក៏ប៉ុន្តែវាបានបន្សល់ទុកនូវស្លាកស្នាមរបួសដ៏ឈឺចាប់នៅក្នុងផ្នត់គំនិតខ្មែរគ្មានថ្ងៃបំភ្លេចបាន។បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរគឺនៅក្នុងរាជ្យរបស់ព្រះបាទច័ន្ទរាជា(១៥១៦ ដល់ ១៥៥៥ នៃគ.ស)កងទ័ពសៀមមកឈ្លានពានខ្មែរហើយត្រូវបានកងទ័ពខ្មែរបង្ក្រាបរាបស្មើទល់នឹងដីនៅត្រង់ស្ទឹងអង្គរនៅក្នុងឆ្នាំ ១៥៤១ ដោយហេតុនេះហើយបានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះថាតំបន់សៀមរាបដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរអំពីជ័យជម្នះដ៏ត្រចះត្រចង់នេះមុនទីតាំងនេះបានក្លាយទៅជាស្រុកហើយបន្ទាប់មកទៀតក្លាយជាខេត្តនាសម័យអាណាព្យាបាលបារាំង។ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួនដែលព្រះបាទសូរ្យវរ្ម័នទី ២ មិនទាន់ឆ្លាក់រួច។ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តីទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយហើយអំពើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។នៅក្នុងឆ្នាំ ១៥៩៤ ទីក្រុងលង្វែកត្រូវបានសៀមដណ្តើមបានពីខ្មែរដោយស្តេចសៀមព្រះនាមស្ដេចនរិន្ទសួន។ចំពោះបរាជ័យនៃកងទ័ពសៀមដែលដឹកនាំដោយស្តេចសៀមដែលបានយកលេសថាដោយសារព្រះបាទច័ន្ទរាជាមិនបានប្រគល់ដំរីសមួយក្បាលបានជាមកវាយលុកទីក្រុងអង្គរធំ។បើតាមប្រសាសន៍របស់លោកហ្គ្រោរីយេបានបញ្ជាក់ថាព្រះបាទច័ន្ទរាជាគឺជាព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរដោយហេតុថាស្តេចអង្គនេះមិនគ្រាន់តែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះទេក៏ប៉ុន្តែទ្រង់ថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួននៅក្នុងប្រទេសសៀមបច្ចុប្បន្នដូចជាខេត្តនគររាជសីមា ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសង្គឹត ខេត្តគោកខ័ណ្ឌ ខេត្តសិរីសាកេត ខេត្តសុវណ្ណភូមិ ខេត្តឧប្បលរាជធានី ខេត្តច័ន្ទបុរី ខេត្តត្រាច ខេត្តស្រះកែវ ខេត្តស្ទឹងជ្រៅ ខេត្តរយ៉ង ខេត្តបស្ចឹមបុរីជាដើមដែលសៀមបានឈ្លានពានដណ្តើមយកបានពីមុនៗមក។មានហេតុផលជាច្រើនដើម្បីបញ្ជាក់ថាហេតុដូចម្តេចបានជានៅក្នុងព្រះរាជពង្សាវតារសៀមដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្នតែងឡើងនៅព.ស ២៤២០ ត្រូវនឹងគ.ស ១៨៧៧ បានប្រើពាក្យសៀមរ៉ាដ្ឋ(សៀម : เสียมราฐ)ជំនួសឲ្យពាក្យសៀមរាបទៅវិញ។តាមពិតទៅការប្រើពាក្យសៀមរ៉ាដ្ឋ(សៀមម៉ារ៉ាត)គឺដើម្បីហៅទីប្រជុំជនមួយដែលពីមុនគឺជាសមរភូមិឬទីលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរនិងសៀមស្ថិតនៅក្នុងស្រុកនគរវត្តគឺបណ្តាលមកពីអាជ្ញាធរសៀមនៅក្នុងរជ្ជកាលរបស់ស្ដេចព្រះចៅថាយស្រះមិនចង់រំលឹកនូវភាពបរាជ័យដ៏អាម៉ាស់មុខរបស់កងទ័ពឈ្លានពានសៀមរបស់ខ្លួនតែប៉ុណ្ណោះបើទោះបីជាសម័យនោះទ្រង់បានត្រួតត្រាព្រះរាជាណាចក្រកម្ពុជាក៏ដោយ។យ៉ាងណាមិញគឺដោយសារតែហេតុការណ៍នេះហើយទើបស្ដេចព្រះចោមក្លាវចៅយូហួដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយអាណ្ណាមទ្រង់ក៏បានប្រើពាក្យស្រុកឬមឿងព្រះនគរវត្តជំនួសឲ្យពាក្យស្រុកឬមឿងសៀមម៉ារ៉ាតផងដែរ។គ្មានឯកសាររបស់សៀមណាមួយដែលបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្តទៅជាសៀមរាបនោះទេហើយបើមានក៏អាចស្ថិតនៅក្នុងដើមសម័យរជ្ជកាលទី ០៣ ដែលជាសម័យបាងកកដែលគេហៅថារតនកោសិន្ទ្រ។ប៉ុន្តែចំពោះជនជាតិខ្មែរវិញឈ្មោះសៀមរាបពិតជាត្រូវបានផ្តើមឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទច័ន្ទរាជាយ៉ាងពិតប្រាកដឥតក្លែងក្លាយបើទោះបីជាទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយព្រោះថាការតាំងឈ្មោះសៀមរាបនេះមិនមែនជារឿងចៃដន្យឬជំនឿលេងសើចនោះទេជាពិសេសនៅក្នុងសម័យកាលមួយដែលខ្មែរនិងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ដូច្នេះការចង់យល់ឲ្យលម្អិតអំពីប្រវត្តិពិតនៃឈ្មោះសៀមរាបតម្រូវឲ្យយើងស្គាល់ពីបរិបទសង្គមនយោបាយហើយអំពើនេះគឺជាការចាំបាច់បំផុត។បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររៀបរៀងដោយលោកនួន សុធិមន្តបានអធិប្បាយថានៅក្នុងឆ្នាំ ១៥២៥ នៃគ្រឹស្ដសករាជព្រះបាទច័ន្ទរាជាបានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានឲ្យបរាជ័យនៅតំបន់អង្គរ។ដូច្នេះហើយបានជាព្រះអង្គបានដាក់ឈ្មោះថាសៀមរាបគឺមានន័យថាទ័ពសៀមចាញ់រាបដូចកន្ទេល។
ឯកសាររដ្ឋបាលខេត្តសៀមរាបបានសរសេរថានៅថ្ងៃសុក្រ ០៥ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ.ស ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាងទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្តនៃខេត្តសៀមរាបដោយបានលើកឡើងតាមឯកសារដែលឯកឧត្តមបានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖

- នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ស៊ីសុផុន(សិរីសោភ័ណ)មកឲ្យបារាំងតាមសន្ធិសញ្ញាបារាំង-សៀម
- នៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ១៩០៧ បារាំងបានថ្វាយខេត្តសៀមរាបមកឲ្យព្រះបាទស៊ីសុវត្ថិ
- នៅក្នុងឆ្នាំ ១៩១៧ មានខេត្តសៀមរាបនិងខេត្តជីក្រែងដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ពេលនោះបារាំងបានរៀបចំជនជាតិបារាំងជាចៅហ្វាយខេត្តហើយឲ្យខ្មែរដែលមាននាមស្មើចៅហ្វាយខេត្តនោះដោយបារាំងហៅយើងថាជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
- នៅក្នុងឆ្នាំ ១៩២១ មានកំណែទម្រង់ធំមួយដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្តដែលមានថ្នាក់ស្រុកនិងខណ្ឌនៅក្នុងខេត្តដោយខេត្តមួយចំនួនដូចជាខេត្តជីក្រែងប្ដូរមកជាស្រុកជីក្រែងវិញ
- នៅក្នុងឆ្នាំ ១៩២៥ បារាំងបានបង្កើតកងក្រវែលឃុំគឺជាប៉ូលីសជនបទនៅឃុំរួចក៏មានបន្តមកជាបាត្រុយបន្ទាប់ពីបាដេសបារាំងម្នាក់បានស្លាប់នៅពេលទៅយកពន្ធនៅក្រាំងលាវ ខេត្តកំពង់ឆ្នាំង
- នៅក្នុងឆ្នាំ ១៩៣៣ បារាំងបានបង្កើតសុរិយោដីដើម្បីយកពន្ធដី
- នៅក្នុងឆ្នាំ១៩៣៤ បានលុបខណ្ឌចោលវិញដោយសារគេបង្កើតខណ្ឌដើម្បីងាយស្រួលប្រមូលពន្ធហើយនៅពេលគេគ្រប់គ្រងការយកពន្ធបានល្អហើយក៏លុបថ្នាក់ខណ្ឌចោលវិញ
- នៅក្នុងឆ្នាំ ១៩០៣ បង្កើតក្រុមប្រឹក្សាដោយបារាំងកាន់អំណាចហើយឲ្យខ្មែរចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា
- នៅក្នុងឆ្នាំ ១៩០៤ មានខេត្តចំនួន ១២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មាន ០២ ក្រុមសរសេរប្រវត្តិខេត្តមានក្រុមទី ០១ ចៅហ្វាយខេត្តនិងមន្ត្រីខេត្ត និង ក្រុមទី ០២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យានៅក្នុងឆ្នាំ ១៩០៣
- នៅក្នុងឆ្នាំ ១៩៦៤ បានបង្កើតខេត្តព្រះវិហារដោយកាត់យកឃុំចំនួន ០៣ របស់ខេត្តសៀមរាបគឺឃុំអន្លង់វែង ឃុំផ្កូវ និង ឃុំកោះកែ។[៨][៩]
Remove ads
សាសនា
សាសនានៅក្នុងខេត្តសៀមរាប (ជំរឿនឆ្នាំ ២០១៩)[១០]
សាសនាព្រះពុទ្ធ (99.3%)
សាសនាគ្រិស្ត (0.4%)
សាសនាអុីស្លាម (0.2%)
សាសនាផ្សេងៗ (0.1%)
សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាង ៩៩.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធប្រមាណជា ០.៤% ជាអ្នកកាន់សាសនាគ្រិស្តនិងសាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមគឺ ០.២%។
ព្រះរាជដំណាក់ ឬ វាំងចាស់
ព្រះរាជដំណាក់ ឬ វាំងចាស់ នៅក្នុងក្រុងសៀមរាបគឺជាទីកន្លែងបណ្ដោះអាសន្នរបស់អតីតព្រះមហាក្សត្រនៃយើងគឺព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ និង ព្រះរាជអគ្គមហេសី។ព្រះរាជដំណាក់នេះគឺជាទីដែលព្រះអង្គស្នាក់នៅអាស្រ័យពេលស្ដេចយាងមកកាន់ទីក្រុងសៀមរាប។បើយើងធ្វើដំណើរពីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ០៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបមើលមកខាងស្ដាំដៃយើងនឹងឃើញអគារពណ៌សមួយអមដោយរបងនិងដើមឈើត្រឈឹងត្រឈៃនិងបរិវេណស្រស់ស្រាយដែលមានសួនច្បារធំនៅខាងមុខ(សួនព្រះរាជដំណាក់ឬបឹងកាឡូ)នោះហើយជាព្រះរាជដំណាក់។ព្រះរាជដំណាក់នេះត្រូវបានសាងសង់ឡើងនៅក្នុងសម័យបារាំងដាក់អាណានិគមនៅកម្ពុជាអំឡុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣។ព្រះរាជដំណាក់នៅក្នុងសម័យព្រះបាទស៊ីសុវត្ថិគឺស្ថិតនៅវត្តដំណាក់ហើយវត្តដំណាក់គឺជាវត្តមួយដែលស្ថិតនៅខាងកើតដងស្ទឹងសៀមរាបចំកណ្ដាលបេះដូងនៃក្រុងសៀមរាបតែម្ដង។វត្តដំណាក់ពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិនៅក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។លុះក្រោយមកព្រះរាជដំណាក់របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំងទីធ្លាបរិវេណព្រះរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាទីវត្តអារាមព្រះពុទ្ធសាសនាម្ដងវិញ។ជាអកុសលនៅក្នុងរបបខ្មែរក្រហមវត្តដំណាក់ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។បច្ចុប្បន្ននេះមិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃគង់នៅបដិបត្តិធម៌និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេតែវត្តនេះក៏ជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃផងដែរដោយសារតែនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រភាសាបាលី ភាសាសំស្ក្រឹត និង ព្រះធម៌នានា។លើសពីនេះនៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រផងដែរ។បន្ថែមពីលើនេះជារៀងរាល់ថ្ងៃតែងតែមានជនានុជនជាច្រើនបានអានសៀវភៅឬធ្វើកិច្ចការសាលានៅទីនោះ។ដោយឡែកនៅក្នុងវត្តក៏មានបណ្ណាល័យមួយហៅថាបណ្ណាល័យខេមរៈសិក្សាដែលបានប្រើសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សាស្រាវជ្រាវឯកសារនិងអានសៀវភៅនានាយ៉ាងសម្បូរបែប។នៅតាមដងផ្លូវក្នុងវត្តមានរៀបចំពាក្យស្លោកនិងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយជាកន្លែងថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជា។វត្តនេះក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាផងដែរ។ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យរន្ធត់និងសោកស្ដាយជាពន់ពេកដោយកាលពីវេលាម៉ោងប្រមាណជា ១០ និង ០៥ នាទីយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ អគ្គិភ័យបានឆាបឆេះអគារមួយនៃព្រះរាជដំណាក់សៀមរាបដែលជាកន្លែងទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។[១១]

ព្រះអង្គចេក ព្រះអង្គចម គឺជាព្រះពុទ្ធរូបបភេទស្រីហើយក៏ត្រូវបានមតិខ្លះគិតថារូបទាំង ០២ អង្គនេះគឺជាបងប្អូនបង្កើតជាមួយនឹងគ្នាផងដែរ។រូបធំនិងខ្ពស់គឺជាព្រះអង្គចេកនិងរូបតូចនិងទាបគឺជាព្រះអង្គចម។រូបសំណាកទាំង ០២ អង្គនោះត្រូវបានគេគិតថាសាងអំពីមាសនិងលង្ហិននិងខ្លះថាពីសំរិទ្ធហើយមានទម្ងន់ប្រមាណ ១៥០ គីឡូក្រាម។បើយោងទៅតាមការតំណាលតៗគ្នាដោយមិនមានប្រភពច្បាស់លាស់បានលើកឡើងថាព្រះអង្គចេក ព្រះអង្គចមគឺជាទេពធីតាដែលជាអតីតព្រះរាជបុត្រីរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលជាស្ថាបនិកកសាងប្រាសាទអង្គរវត្ត។គេជឿថាព្រះអង្គចេក ព្រះអង្គចមគឺទ្រង់មានភាពសុច្ចរិតទៀងត្រង់ទន់ភ្លន់និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ដែលព្រះអង្គទាំង ០២ តែងតែអាណិតអាសូរធ្វើបុណ្យដាក់ទានដល់អស់ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំង ០២ ជួយ។ពិសេសជាងនេះទៅទៀតព្រះនាងទាំង ០២ បានអប់រំអ្នកទោសទាំងឡាយឲ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនានិងបានដោះលែងពួកគេឲ្យមានសេរីភាពថែមទៀត។ព្រះនាងទាំង ០២ អង្គគឺជាអ្នកដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនដែលប្រជានុរាស្រ្តទូទាំងនគរបានដឹងអំពីចរិតលក្ខណៈដ៏ប្រពៃរបស់ទ្រង់ម្លោះហើយពីមួយជំនាន់ទៅមួយជំនាន់រហូតដល់រជ្ជកាលព្រះបាទច័ន្ទរាជាឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី ១៦ ព្រះអង្គក៏បានអនុញ្ញាតឲ្យគេកសាងរូបព្រះអង្គចេកនិងព្រះអង្គចមសម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា។តំណតៗមកទៀតរូបសំណាកទាំង ០២ អង្គនេះតែងតែធ្វើឲ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្តបានចាត់ទុករូបទាំង ០២ អង្គនេះជាព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិនិងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស។មិនត្រឹមតែប៉ុណ្ណោះរូបសំណាកទាំង ០២ នេះបានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាចនិងឈ្មួញទុច្ចរិតដោយពួកគេចាប់ផ្ដើមរៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងលក់ដូរហេតុនេះហើយបានជារូបព្រះអង្គចេក ព្រះអង្គចមបានបាត់មួយរយៈនៅក្នុងអំឡុងពេលនៃតំបន់អង្គរត្រូវបានគេបោះបង់ចោល។ក្រោយមកនាឆ្នាំ ១៩៥០ រូបសំណាកទាំង ០២ អង្គនេះត្រូវបានរកឃើញឡើងវិញនៅក្នុងព្រៃម្ដុំក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សអង្គរខេត្តសៀមរាបដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្តដែលជាសម័យកាលដ៏រុងរឿង។រូបសំណាកទាំង ០២ អង្គនេះធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ដាប ឈួនដែលជាសមាជិកកងទ័ពខ្មែរឥស្សរៈប្រឆាំងជាមួយបារាំងហើយបានទទួលតំណែងនិងងារជាដាប ឈួន ម្ជុលពេជ្រពីព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យនៅក្នុងឆ្នាំ ១៩៥៣ ហើយព្រះអង្គក៏បានប្រទានតំណែងឲ្យដាប ឈួនគ្រប់គ្រងខេត្តសៀមរាបនិងខេត្តកំពង់ធំ។មានពេលមួយបន្ទាប់ពីបានទទួលដំណឹងពីការរកឃើញរូបបដិមាទាំង ០២ នោះមកលោកដាប ឈួនជាមួយនឹងកងការពាររបស់គាត់បានទៅយករូបសំណាកពីការិយាល័យអភិរក្សអង្គរហើយដឹកតាមឡានទៅកាន់បន្ទាយដែលមានឈ្មោះបន្ទាយជើងក្រហមសព្វថ្ងៃទីតាំងនោះក្លាយជាសណ្ឋាគារអង្គរសិនជូរីនៅក្នុងក្រុងសៀមរាប។ថ្ងៃមួយលោកដាប ឈួនបានយករូបសំណាកទាំង ០២ អង្គនេះដាក់ក្នុងរថយន្តរបស់គាត់មកតម្កល់ទុកនៅក្នុងផ្ទះ(គេបានឲ្យដឹងថាក្នុងរូបមួយត្រូវបានសែងដោយទាហានចំនួន ០៥ នាក់ទើបអាចលើករួច)។រូបសំណាកទាំង ០២ អង្គនេះបានធ្វើឲ្យដាប ឈួនមានកម្លាំងលើសអស់មនុស្សលោកធម្មតាដោយគាត់អាចលីដាក់លើស្មាទាំងសងខាងក្នុងពេលតែមួយដោយប្រើដៃតែម្ខាងប៉ុណ្ណោះរួមទាំងអាចដឹងគ្រប់ហេតុការណ៍មុនដែលគ្រប់គ្នាហៅថាវិញ្ញាណទីប្រាំមួយផងដែរ។ដាប ឈួននិងទាហានរបស់គាត់ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចមដោយពួកគេតែងតែសូត្រធម៌មុខរូបសំណាកយ៉ាងហោចណាស់កន្លះម៉ោងនៅក្នុងមួយថ្ងៃនៅរៀងរាល់ព្រឹកនិងល្ងាចមិនដែលខានឡើយរហូតបានរយៈពេល ០២ ឆ្នាំជាពេលដែលគាត់អស់លក្ខណ៍។នៅក្នុងឆ្នាំ ១៩៥៧ ព្រះមហាវីរក្សត្រព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋទ្រង់បានបញ្ជូនទ័ពពីភ្នំពេញឲ្យទៅចាប់ខ្លួនចៅហ្វាយខេត្តដាប ឈួនដោយព្រះអង្គសង្ស័យថាដាប ឈួនក្បត់ជាតិពីព្រោះដាប ឈួនជាប់ទាក់ទងជាមួយគម្រោងការ Bangkok Plot ក្នុងបំណងទម្លាក់ព្រះអង្គពីរាជបល្ល័ង្កដែលគម្រោងក្បត់នេះផ្តួចផ្តើមឡើងដោយអ្នកនយោបាយស្តាំនិយមមួយចំនួន។ទោះបីជាដាប ឈួនបានក្បត់ប៉ុន្តែបារមីព្រះអង្គចេក ព្រះអង្គចមនៅតែតាមជួយគាត់ដោយឲ្យគាត់ដឹងខ្លួនជាមុនពីគម្រោងនៃការចាប់ខ្លួននេះ និងបានរត់គេចខ្លួនទៅព្រំដែនសៀមដោយប៉ងយករូបសំណាកទាំង ០២ អង្គនេះទៅជាមួយផង។នៅពេលដែលកម្លាំងខ្លាំងដូចដំរីសាបានបាត់បង់ដាប ឈួនបានកាច់ម្រាមចំនួន ០៥ ពីរូបសំណាកព្រះអង្គចេករួចគេចខ្លួនទៅកាន់ចម្ការគាត់មួយនៅភូមិត្បែងកើតតម្រង់ទៅកាន់ព្រំដែន។ពេលនោះហើយដែលដាប ឈួនត្រូវបានភរិយារបស់គាត់ជួយពាំងគ្រាប់កាំភ្លើងដែលទាហានបាញ់សង្គ្រប់ទៅលើគាត់។បន្ទាប់ពីបាញ់ជាច្រើនគ្រាប់ដាប ឈួនមិនស្លាប់ដោយសារតែភរិយាគាត់ចេះវិជ្ជាពិសេសដែលបញ្ចៀសគ្រាប់និងបាញ់មិនមុត។ទាហានទាំងនោះក៏ចាប់ពួកគេដាក់ឡានយកទៅដាក់ពន្ធនាគារប៉ុន្តែយោងទៅតាមឯកសារមួយចំនួនបានបង្ហាញថាដាប ឈួនត្រូវបាននាំទៅកន្លែងមួយហើយត្រូវបានសម្លាប់នៅទីនោះ។លោកដាប ឈួនត្រូវបានសម្លាប់និងកប់នៅក្នុងព្រៃគោកប្រមាដែលសាកសពជាប់ខ្នោះដៃនិងបាញ់សុសដោយគ្រាប់កាំភ្លើងព្រោះត្រូវអ្នកភូមិរកឃើញប៉ុន្មានថ្ងៃក្រោយមក។គេនិយាយតៗគ្នាថាគាត់ស្លាប់ដោយសារបាបកម្មគាត់ព្រោះគាត់ធ្វើអំពើអាក្រក់ច្រើនណាស់។ក្រោយដាប ឈួនស្លាប់មន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានយករូបព្រះអង្គចេក ព្រះអង្គចមទៅថែរក្សានៅក្នុងឆ្នាំ ១៩៥៨។១៥ ឆ្នាំក្រោយមករូបសំណាកទាំង ០២ អង្គនេះបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយម្តងទៀតនៅក្នុងអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជាបានផ្ទុះឡើងនៅពេលដែលទាហានខ្មែរក្រហមចាប់ផ្តើមវាយប្រហារទាហានរដ្ឋាភិបាលលន់ នល់នៅក្នុងខេត្តសៀមរាបនាឆ្នាំ ១៩៧៣។មន្រ្តីធម្មការនិងសាសនាខេត្តបានព្យាយាមផ្លាស់ប្តូរទីតាំងរបស់រូបសំណាកដើម្បីបញ្ចៀសពីការបំផ្លាញប៉ុន្តែត្រូវទាហានខ្មែរក្រហមរកឃើញពេលពួកគេគ្រប់គ្រង់ទីក្រុងនេះនៅក្នុងឆ្នាំ១៩៧៤។បើតាមគោលការណ៍ខ្មែរក្រហមគឺតម្រូវឲ្យលុបបំបាត់សាសនានៅក្នុងប្រទេសដូច្នេះមេបញ្ជាការទាហានខ្មែរក្រហមនៅក្នុងខេត្តសៀមរាបបានបញ្ជាឲ្យកូនទាហានយករូបសំណាកព្រះអង្គចេក ព្រះអង្គចមទៅទម្លាក់នៅក្នុងទឹកស្ទឹងសៀមរាប។ក្រោយប្រព្រឹត្តមេបញ្ជាការនិងទាហានខ្មែរក្រហមជាច្រើននាក់ស្លាប់ដោយសារជំងឺបន្ទាប់ពីបានទម្លាក់បដិមាទាំង ០២ អង្គនេះទៅក្នុងស្ទឹង។រូបសំណាកទាំង ០២ ព្រះអង្គនេះត្រូវត្រាំក្នុងទឹករហូតដល់ឆ្នាំ ១៩៧៩ ដែលទាហានខ្មែរក្រហមដកថយចេញពីខេត្តសៀមរាប។ក្រោយពីរបបខ្មែរក្រហមបានដួលរលំប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលដឹងពីរឿងនោះបាននាំគ្នាស្រង់ព្រះអង្គចេក ព្រះអង្គចមពីបាតស្ទឹងមកតម្កល់នៅក្នុងវត្តព្រះរាជដំណាក់ប៉ុន្តែនៅក្នុងឆ្នាំ ១៩៨២ ព្រះមេគណខេត្តសៀមរាបព្រះនាមពុត ពននិងអតីតអភិបាលខេត្តសៀមរាបលោកនៅ សំបានកសាងស្តូបដាក់តម្កល់រូបសំណាកដែលមានបារមីទាំង ០២ នៅក្នុងទីតាំងសព្វថ្ងៃនេះ។សូមជម្រាបថាបច្ចុប្បន្នរូបសំណាកព្រះអង្គចេក ព្រះអង្គចមដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបគឺជាទីកន្លែងសម្រាប់គោរពបូជារបស់អ្នកខេត្តសៀមរាបនិងមហាជនទូទៅដែលគេជឿថាមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ទីតាំងសក្ការៈបូជានេះជាទីតាំងស័ក្តិសិទ្ធិនិងមានប្រវត្តិបែបអច្ឆរិយៈតែមួយគត់ដែលប្រជាជនខ្មែរនៅពេលទៅដល់ទីនោះមិនអាចរំលងដោយមិនចូលគោរពបូជាបានឡើយ។[១២]
រូបសំណាកមេទ័ពពីសម័យអង្គរចំនួន ១២ រូបត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាបដែលសុទ្ធតែជាមេទ័ពនិងរាជវង្សសានុវង្សដ៏អង់អាចក្លាហាននិងមានស្នាព្រះហស្ថយ៉ាងធំធេងចំពោះព្រះនគរកម្ពុជាដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបបានស្គាល់។រូបចម្លាក់ចំនួន ១២ រូបនេះធ្វើពីលោហៈស្ពាន់សុទ្ធមានកំពស់ជាង ០២ ម៉ែត្រ ០១ តឹកដូចៗគ្នាដោយមិនគិតពីជើងទម្រនិងមានទម្ងន់ពី ២០០ ទៅ ៣០០ គ.ក្រទាំងរូបរាង សម្លៀកបំពាក់ ម៉ូដសក់ និង អាវុធបរិក្ខានៃមេទ័ពទាំង ១២ ត្រូវបានស្មូនរចនាតុបតែងឡើងទៅតាមលំនាំសម័យកាលនីមួយៗនៃមេទ័ពនោះហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះគឺសូននិងច្នៃឡើងតាមទម្រង់មុខអត្តចរិតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅនិងបម្រើការរាជការតាមរយ:រូបភាពនិងចម្លាក់នៅលើជញ្ជាំងប្រាសាទ។លោកជំទាវគង់ បញ្ញារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងមានប្រសាសន៍ថារូបសំណាកមេទ័ពខ្មែរសម័យអង្គរទាំង ១២ រូបនេះត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិស្នាដៃរួមទាំងរចនាបថដោយដកស្រង់ចេញអំពីសិលាចារឹកផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើនមុននឹងត្រូវបានសាងសង់ចេញជារូបសំណាកនៅក្នុងនោះមានមេទ័ពជាង ៣០ រូបដែលបានបម្រើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់និងប្រមូលទិន្នន័យ។លោកជំទាវក៏បានឲ្យដឹងទៀតថាការកំណត់យកចំនួនមេទ័ពទាំង ១២ រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់និងតំណាងឲ្យនគរទាំង ១២ នៅសម័យបាពួន សម័យអង្គរ និង សម័យបាយ័ន។បើទោះបីនេះជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មីប៉ុន្តែស្នាដៃដែលលេចឡើងនេះត្រូវបានរក្សានិងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ចដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រនោះឡើយ។រូបសំណាកមេទ័ពខ្មែរទាំង ១២ រូបដែលបានស្ថាបនាឡើងនោះរួមមាន ៖
- ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវរ្ម័ន ជាមេទ័ពដ៏អង់អាចមួយរូបនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ១(គ.ស ១០០៦-១០៥០)។ព្រះស្រីលក្ស្មីបតីវរ្ម័នក៏ជាអ្នកជាប់ខ្សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ(ស្រុកបាភ្នំ ខេត្តព្រៃវែង)ផងដែរហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ(ក្រុងអង្គរ)ឲ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារវតី្តរបស់ពួករាមន្យ(ជនជាតិមន)។គួរជម្រាបថា «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលាការ បុព្វជិតសាសនាជាដើម
- មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបនៅក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី ២(គ.ស ១០៥០-១០៦៦)ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ដូនតាវង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការនិងកងទ័ពច្រើនជំនាន់មកហើយពោលគឺតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី ២(គ.ស ៨០២-៨៣៤)មកម្ល៉េះ។គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ
- ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវរ្ម័ន ជាអ្នកសញ្ជកកវីស្វរៈនិងជាមេទ័ពដែលមានតួនាទីនិងឋានៈខ្ពស់បំផុតនៅក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២(គ.ស ១១១៣-១១៥០)។គួរជម្រាបថា «ព្រះកម្រតេងអញ» គឺជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រីដែលមានន័យថា «ព្រះបាទ»។ពាក្យ «កម្រតេងអញ» គឺជាពាក្យខ្មែរបុរាណដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់» រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ» ដូច្នេះពាក្យ «កម្រតេងអញ» គឺមានន័យថា «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»
- ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវរ្ម័ន ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ(?)និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស ១១១៣-១១៥០)រហូតដល់រាជ្យព្រះបាទជ័យវរ្ម័នទី ៧(គ.ស ១១៨១-១២១៨)
- ព្រះកម្រតេងអញ ស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី ៧(គ.ស ១១៨១-១២១៨)ជាមួយព្រះនាងជ័យរាជទេវី។ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា(កាលមិនទាន់សោយរាជ្យ)នៅក្នុងការទប់ទល់នឹងកងទ័ពចាមនិងបានច្បាំងតទល់នឹងជនក្បត់ភរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី ២(គ.ស ១១៦០-១១៦៥)ហើយក៏បានពលីជីវិតនៅក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀតផងដែរ។ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះទើបព្រះបាទជ័យវរ្ម័នទី ៧បានត្រាស់បង្គាប់ឲ្យកសាងប្រាសាទបន្ទាយឆ្មារ(ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ)ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឲ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោកតម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ
- ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថាអ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវរ្ម័នទី ២(គ.ស ១១១៣-១១៥០)។អ្នកសញ្ជក អជ៌នបានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវរ្ម័នទី ២(គ.ស ១១៦០-១១៦៥)ទប់ទល់នឹងពួកក្បត់ដឹកនាំដោយភរតរាហូរហូតដល់ពលីបាត់បង់ជីវិត។ដោយសារការពលីការពារព្រះនគរនេះហើយទើបព្រះបាទជ័យវរ្ម័នទី ៧(គ.ស ១១៨១-១២១៨)បានប្រទានងារដល់លោកជា «អំតេង» និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងជគតអជ៌នទេវ» តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារនិងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន។គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬ អ្នកសញ្ជក អជ៌ននេះនៅក្នុងក្បូនព្យុះហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្តនេះបញ្ជាក់ថាលោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ ផងដែរ។គួរជម្រាបថា «អំតេង» គឺជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រខណៈឋានន្តរនាមនេះគឺឃើញមានប្រើនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ សតវត្សរ៍ទី ១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់នៅក្នុងសមរភូមិការពារព្រះនគរនិងរាជបល្ល័ង្កស្របច្បាប់
- អ្នកសញ្ជក ស្រីវទ៌្ធន ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស ១១១៣-១១៥០)។គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ(ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)និងនៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២។អ្នកសញ្ជក ស្រីវទ៌្ធនមានបងប្អូនម្នាក់ឈ្មោះស្រីទេវហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមរហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ» តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ
- អ្នកសញ្ជក ស្រីទេវ ជាមេទ័ពនិងជាបងប្អូនរបស់មេទ័ពស្រីវទ៌្ធនដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ារហូតដល់ពលីបាត់បង់ជីវិត។ព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» ដូចបងប្អូនរបស់លោកដែរនិងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងអញជគតស្រីទេវ» ជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ
- អ្នកសញ្ជក ស្រីធរទេវបុរ ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌នចេញច្បាំងទប់ទល់នឹងពួកក្បត់ភរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី ២។នៅក្នុងសង្គ្រាមការពារព្រះនគរនេះអ្នកសញ្ជក ស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។ដោយសារស្នាដៃនិងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយទើបព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីធរទេវបុរ» ជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។គួរជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យជាជំនិតរបស់ព្រះរាជាដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជាតួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម
- ព្រះកម្រតេងអញ ស្រីជយសិង្ហវរ្ម័ន ជាមេទ័ពជាប់ខ្សែស្រឡាយព្រះរាជវង្សនិងមានគោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ(ទ្វារវតី្ត)
- ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវរ្ម័ន ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល(?)នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស ១១១៣-១១៥០)ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុះហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលចុះពីភ្នំសិវបាទ(ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)
- ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវរ្ម័ន។[១៣]
Remove ads
ប្រាសាទ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាបដោយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងប្រមូលផ្តុំយុវជននិងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយដោយរំលឹកនិងធ្វើឲ្យរស់រវើកឡើងនៃមរតកបេតិកភ័ណ្ឌអរូបីខ្មែរចូលរួមថែរក្សា អភិវឌ្ឍវប្បធម៌ជាតិ និង លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានសិក្សាអំពីកិត្តិនាមភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និង សាសនា។ទន្ទឹមនឹងនេះគឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជាជាពិសេសយុវជនកូនចៅខ្មែរជំនាន់ក្រោយឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទម្លាប់រួមទាំងបំផុសគំនិតឲ្យមានការរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយនិងជាគ្រួសារតែមួយព្រមទាំងបណ្តុះស្មារតីអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹងជាតិ និង អត្តសញ្ញាណជាតិខ្មែររួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និង សេវាកម្មនានាព្រមទាំងចូលរួមចំណែកនៅក្នុងការជំរុញទេសចរណ៍ជាតិនិងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។[១៤]

Remove ads
ស្ទឹងសៀមរាប


ស្ទឹងសៀមរាប ត្រូវបានគេចាត់ទុកថាជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។តាមពិតទៅស្ទឹងសៀមរាបគឺជាស្ទឹងសិប្បនិមិត្តដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។គ្មានឯកសារបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឲ្យជាក់លាក់នោះទេប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថាវាត្រូវគេបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅសម័យអង្គរ។ស្ទឹងសៀមរាបកកើតឡើងដោយសារការប្រសព្វគ្នារវាងអូរធំៗចំនួន ០២ គឺអូរធំនិងអូរក្បាលស្ពាន។ស្ទឹងសៀមរាបស្ថិតនៅក្នុងចំណោមស្ទឹងសំខាន់ៗទាំង ០៣ ដែលហូរកាត់តំបន់អង្គរដោយធ្វើដំណើរពីជើងទៅត្បូង។ស្ទឹងនេះស្ថិតនៅខាងកើតស្ទឹងពួកនិងខាងលិចស្ទឹងរលួស។យោងតាមឯកសាររបស់លោកអ៊ឹម សុខរិទ្ធីអនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានសរសេរថាស្ទឹងសៀមរាបដែលគេឃើញសព្វថ្ងៃចាប់ពីចំណុចបំពេញរាជមកជាសមិទ្ធិផលនៃស្នាដៃមនុស្សបង្កើតឡើងនៅក្នុងសម័យអង្គរ។ស្ទឹងនេះកើតពីអូរតូចៗដែលហូរពីភ្នំផ្សេងៗដែលស្ថិតនៅខាងជើងវាលរាបអង្គរបន្ទាប់មកវាជួបគ្នានៅច្រកមួយមុននឹងហូរធ្លាក់ទៅកាន់វាលរាប។ក្នុងនោះក៏មានដៃអូរតូចៗជាច្រើនបានហូរមកភ្ជាប់បន្ថែមទៀតដែលប្រភព ០២ សំខាន់ៗដែលគេស្គាល់ច្បាស់នោះគឺអូរធំនិងអូរក្បាលស្ពាន។អូរធំមានប្រភពពីភ្នំគូលែនដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទិសឦសាននៃរមណីយដ្ឋានអង្គរ។លោកអ៊ឹម សុខរិទ្ធីបានលម្អិតក្នុងឯកសាររបស់លោកបន្ថែមទៀតថាភ្នំគូលែនដែលមានលក្ខណៈខ្ពង់រាបមានបណ្តោយ ២៥ គីឡូម៉ែត្រលាតសន្ធឹងពីទិសពាយ័ព្យមកទិសអាគ្នេយ៍និងមានទទឹង ១៥ គីឡូម៉ែត្រពីទិសនិរតីមកឦសាននិងមានកម្ពស់ ៣០០ ម៉ែត្រទៅ ៤៥០ ម៉ែត្រប្រៀបនឹងវាលទំនាបជុំវិញ។ជ្រលងចុងខាងកើតនៃខ្ពង់រាបគូលែនមានជប់ធំមួយដែលឲ្យកំណើតទៅផ្លូវទឹកសំខាន់ៗពីរគឺអូរថ្មដាប់និងអូរធំ។ចេញពីជប់អូរធំហូរធ្លាក់ចុះមកពីទិសពាយ័ព្យដោយទទួលទឹកពីអូរតូចៗជាច្រើនបត់បែនតាមជ្រលងថ្មហើយប្រមាណ ១៥ គីឡូម៉ែត្រពីប្រភពទើបទៅដល់ទឹកធ្លាក់ម្តុំព្រះអង្គធំ។ជាបន្តបន្ទាប់វាបន្តដំណើរហូរទៅមុខហូរចុះយ៉ាងឆ្ងាយទើបទៅដល់ជើងភ្នំហប់ផ្នែកខាងកើត។ចុងក្រោយអូរធំហូរចុះមកខាងលិច ប្រសព្វនឹងស្ទឹងឬស្សីហើយហូរចុះមកត្បូងរួមគ្នាបង្កើតជាស្ទឹងសៀមរាប។ចំណែកអូរក្បាលស្ពានវិញអូរនេះមានប្រភពពីភ្នំក្បាលស្ពាននិងភ្នំក្រោល។ក្បាលស្ពានស្ថិតនៅភូមិឃុនរាម ស្រុកបន្ទាយស្រីមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រទិសឦសានពីប្រាសាទបន្ទាយស្រី។ឯកសាររបស់លោកអ៊ឹម សុខរិទ្ធីបានលម្អិតទៀតថាអូរក្បាលស្ពានស្ថិតនៅលើកម្ពស់ប្រមាណ ២០០ ម៉ែត្រពីផ្ទៃទឹកសមុទ្រហូរចុះពីទិសពាយ័ព្យមកអាគ្នេយ៍បង្កើតជាទឹកធ្លាក់មួយមានកម្ពស់ពី ០៥ ទៅ ០៦ ម៉ែត្ររួចចូលទៅក្នុងអូរឬស្សីនិងបន្តហូរទៅជួបអូរធំស្ថិតនៅជើងភ្នំហប់។អូរធំនិងអូរឬស្សីក៏ហូរចូលគ្នាបង្កើតជាស្ទឹងតែមួយគឺស្ទឹងសៀមរាបដែលហូរចុះទៅខាងត្បូងស្រោចស្រពតំបន់អង្គរមុននឹងហូរចាក់ទៅបឹងទន្លេសាប។ទឹកដែលហូរតាមអូរធំនិងអូរក្បាលស្ពានទទួលមន្តពីចម្លាក់ជាច្រើនមានដូចជាសហស្រលិង្គហៅថាលិង្គមួយពាន់ដែលត្រូវបានឆ្លាក់នៅក្នុងឆ្នាំ ១០៥៤ នៃគ.សក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ១។ទឹកនេះហូរធ្លាក់ចូលទៅស្ទឹងសៀមរាបបន្តកាត់តាមអង្គរនិងធ្លាក់ចូលបឹងទន្លេសាប។តាមអ្នកមានជំនឿទឹកនេះគឺជាប្រភពនៃសេចក្តីចម្រុងចម្រើននិងត្រជាក់ត្រជុំ។
ស្ទឹងសៀមរាបប្រៀបដូចជាទន្លេគង្គានៅទីក្រុងពារាណសី ប្រទេសឥណ្ឌា។ទន្លេគង្គាមានប្រភពពីភ្នំហិមពាន្ត។តាមសាសនាព្រាហ្មណ៍ទន្លេនេះមានកំណើតនៅឋានសួគ៌។ទន្លេគង្គាហូរធ្លាក់មកលើដីមានរូបរាងជាភ្លៀងរួចជ្រាបចូលទៅក្នុងដីនិងចុងបញ្ចប់ហូរចេញមកវិញផ្តល់ជាប្រភពទឹកទៅស្ទឹងទន្លេទាំងឡាយ។ភ្នំនៅក្បែរវាលនិងភ្នំហិមពាន្តទទួលទឹកភ្លៀងនៅរដូវវស្សាជាមួយគ្នាគឺរដូវមូសុងវស្សាភ្នំទាំងនោះជាអាងទឹកធម្មជាតិនិងជាប្រភពនៃស្ទឹងនិងទន្លេទាំងពូងដែលហូរមកកាន់តំបន់ទំនាប។បន្ទាប់មកមនុស្សបានចាត់ចែងរៀបចំយកទឹកស្ទឹងទន្លេទាំងនោះមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។នៅស្រុកខ្មែរគ្មានទន្លេគង្គាដូចឥណ្ឌាទេ។ដូច្នេះហើយខ្មែរបានកែច្នៃរៀបចំប្រភពស្ទឹងដើម្បីប្រដូចទៅនឹងទន្លេគង្គា។ដូចជានៅភ្នំគូលែននិងក្បាលស្ពានខ្មែរបានឆ្លាក់លិង្គនិងរូបទេពផ្សេងៗនៅតាមបណ្តោយអូរធំនិងអូរក្បាលស្ពាន។អូរទាំង ០២ នេះគឺជាប្រភពនៃស្ទឹងសៀមរាប។ទឹកហូរកាត់តាមលិង្គប្រៀបដូចជាភ្លៀងធ្លាក់មកពីភ្នួងព្រះកេសាព្រះឥសូរ។ហេតុនេះហើយដែលគេថាស្ទឹងសៀមរាបប្រៀបដូចនឹងទន្លេគង្គា។[១៥]

Remove ads
ប្រជាសាស្រ្ត
ខេត្តសៀមរាប មានប្រជាជនសរុប ១,០៩៩,៨២៥ ជាប់ចំណាត់ថ្នាក់លេខ ០៥ ជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ខេត្តសៀមរាបមានផ្ទៃដីចំនួន ១០២៩៩ គីឡូម៉ែត្រការ៉េជាខេត្តដែលមានផ្ទៃដីធំជាងគេលំដាប់ទី ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានក្រុងចំនួន ០២ ស្រុកមានចំនួន ១១ ឃុំមានចំនួន ៨៥ សង្កាត់ចំនួន ១៥ និង ភូមិចំនួន ៩១០។[១៦]ប្រជាជនដែលរស់នៅទីក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីខេត្តផ្សេងៗនិងពីស្រុកជនបទផ្សេងៗពីគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ខេត្តសៀមរាបគឺជាតំបន់គោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជាចម្បង។
Remove ads
លក្ខណៈភូមិសាស្ត្រ
ខេត្តសៀមរាប គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ ០៦ ដែលមានចម្ងាយ ៣១៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញមានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ ខេត្តព្រះវិហារខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង ខាងត្បូងជាប់នឹងខេត្តបាត់ដំបង បឹងទន្លេសាប។ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.មដែលស្ថិតជាប់នឹងស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់នេះគឺមានសីតុណ្ហភាព ក្ដៅហួតហែង រាំងស្ងួត មានសំណើម និង មានទឹកជំនន់យើងអាចបែងចែកតំបន់ទាំងនេះជា ០៣ ផ្នែកគឺផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន ៦៩ ឃុំ និង ផ្នែកខាងក្រោមជាប់នឹងបឹងទន្លេសាបមាន ១៨ ឃុំ។តំបន់ខាងលើសម្បូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទួលឬខ្ពង់រាបខ្វះខាតទឹកនិងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់។តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយនិងមានលំនៅឋានរបស់ប្រជាជនច្រើនព្រមទាំងប្រាង្គប្រាសាទនានានិងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំជាតំបន់ពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ពេលណាគ្មានភ្លៀងស្ងួតហួតហែងមានផ្ទៃក្រឡាសរុបប្រមាណ ១២.០១៥ គីឡូម៉ែត្រការ៉េចែកចេញជា ១២ ក្រុងនិងស្រុក ១០០ សង្កាត់និងឃុំ និង ៩០៧ ភូមិ។មុខរបរសំខាន់ៗនៃតំបន់ទាំង ០៣ នេះមានភាពខុសៗគ្នាពោលគឺ ៖
- ក. ផ្នែកខាងលើធ្វើស្រូវចម្ការនិងរុករកអនុផលព្រៃឈើ
- ខ. ផ្នែកកណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ
- គ. ផ្នែកខាងក្រោមធ្វើស្រែនិងចម្ការដំណាំតាមរដូវនិងប្រកបអាជីវកម្មនេសាទ។
ជាទូទៅខេត្តសៀមរាបជាតំបន់ជនបទ។ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីទីក្រុងដែលពឹងផ្អែកលើមុខរបរកសិកម្មជាអាជីព។ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់នឹងបឹងទន្លេសាបពឹងផ្អែកលើអាជីវកម្មនេសាទនិងធ្វើចម្ការដំណាំផ្សេងៗនិង ១២% ទៀតរស់នៅតាមទីប្រជុំជននិងទីក្រុងដែលមានមុខរបរជាពាណិជ្ជកម្ម ទេសចរណ៍ និង បុគ្គលិករដ្ឋជាដើម។

ភ្នំនៅក្នុងក្រុងនិងស្រុកទាំង ១២ របស់ខេត្តសៀមរាបមានចំនួនសរុបប្រមាណ ៤១ ភ្នំហើយមានភ្នំជាច្រើនទៀតដែលមិនបានទៅដល់ចំណែកភ្នំមួយចំនួននៅតាមបណ្តាក្រុងនិងស្រុកទាំង ១២ នោះមានវត្តនៅពីលើនិងមានប្រាសាទបុរាណជាច្រើនដែលនៅសល់តាំងពីសម័យសង្គ្រាមព្រមទាំងមានរមណីយដ្ឋានធម្មជាតិមួយចំនួនដែលនៅជាប់ជើងភ្នំកំពុងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលមកទស្សនានៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ហើយមានផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតជើងភ្នំទាំងនោះដែលប្រកបមុខរបរលក់ដូរនិងធ្វើស្រែចម្ការគ្រាន់បានចំណូលយកមកចិញ្ចឹមក្នុងក្រុមគ្រួសារជៀសវាងចេញទៅធ្វើចំណាកស្រុកនៅក្រៅប្រទេសផងដែរ។តាមរបាយការណ៍ពីអធិការក្រុងនិងស្រុកទាំង ១២ បានរៀបរាប់ប្រាប់ឲ្យដឹងអំពីភ្នំនីមួយៗរបស់ក្រុងនិងស្រុកថាភ្នំចំនួន ៤១ ភ្នំនៅខេត្តសៀមរាបនោះមានដូចជា ៖
- ក្រុងសៀមរាបមានភ្នំចំនួន ០២ ភ្នំគឺភ្នំក្រោមមានប្រាង្គប្រាសាទបុរាណនៅលើកំពូលភ្នំមានវត្តអារាមនៅលើកំពូលភ្នំនិងមានវត្តនៅតាមចំរ៉ាក់ជើងភ្នំក្រោមហើយមានផ្សារលក់ដូរព្រមទាំងមានទេសភាពស្រស់បំព្រងមើលពីលើភ្នំមកគួរឲ្យទាក់ទាញអារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិផងដែរហើយដែលបាននាំគ្នាបើកឡានជិះម៉ូតូកង់ឡើងទៅដល់កំពូលភ្នំដើម្បីថតផ្តិតយករូបភាពពីលើកំពូលភ្នំទៅបឹងទន្លេសាបនិងទេសភាពនៅជុំវិញបរិវេណជើងភ្នំផងដែរដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប និង ភ្នំបាក់ខែងមានប្រាសាទបុរាណជាច្រើននៅលើកំពូលភ្នំដែលភ្ញៀវបរទេសនាំគ្នាឡើងទៅមើលថ្ងៃរះពេលព្រលឹមនៅពេលល្ងាចនាំគ្នាឡើងទៅមើលថ្ងៃលិចហើយនៅខាងក្រោមទល់មុខប្រាសាទមានអ្នកលក់ដូរជាច្រើនស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
- ស្រុកជីក្រែង មានភ្នំចំនួន ០៧ ភ្នំគឺភ្នំរ៉ុន ភ្នំពើង ភ្នំបាក់រទេះមានវត្តនៅពីលើភ្នំក្បាលខ្មោច ភ្នំអាចម៍ស្រមោច ភ្នំខ្ទុំ និង ភ្នំល្អាងមានទីតាំងជាប់នឹងព្រំប្រទល់ស្រុកគូលែន ខេត្តព្រះវិហារហើយភ្នំទាំង ០៧ នោះគឺស្ថិតនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង។
- ស្រុកសូទ្រនិគមមានភ្នំចំនួន ០២ គឺភ្នំចង្ហា និង ភ្នំកង្ហិតស្ថិតនៅក្នុងភូមិស្រាស្ត្រឃុំពពែល ស្រុកសូត្រនិគម។
- ស្រុកស្វាយលើមានភ្នំចំនួន ០៥ ភ្នំគឺភ្នំគូលែនមានវត្តនៅលើកំពូលភ្នំគឺព្រះអង្គធំនិងមានប្រាសាទបុរាណជាច្រើនព្រមទាំងមានរមណីយដ្ឋានថែមទៀតផងដែរភ្នំរាមមានព្រៃសហគមន៍ភ្នំទំពូងនៅមានគ្រឹះថ្មប្រាសាទបុរាណដែលនៅសេសសល់ពីសង្គ្រាមហើយភ្នំទាំង ០៣ នេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយលើ ភ្នំតាវ៉ាស្ថិតនៅភូមិសាស្ត្រឃុំតាសៀម និង ភ្នំខ្យងស្ថិតនៅឃុំកន្ទួត។
- ស្រុកស្រីស្នំមានភ្នំចំនួន ០៥ ភ្នំគឺភ្នំតាស ភ្នំតាប៉ែន ភ្នំធំ ភ្នំព្រះច្បារ និង ភ្នំមហាឥសីពុំមានវត្តឬប្រាសាទបុរាណនៅទីនោះឡើយដែលមានទីតាំងស្ថិតនៅស្លែងស្ពានស្រុកស្រីស្នំ។
- ស្រុកអង្គរធំមានភ្នំចំនួន ០៤ ភ្នំគឺភ្នំដីស្ថិតនៅក្នុងឃុំលាងដៃភ្នំឆ្កែកូនមានវត្តនៅពីលើភ្នំតាទូសស្ថិតនៅក្នុងឃុំពាក់ស្នែង និង ភ្នំកងរីមានវត្តនៅពីលើហើយមានប្រាសាទបុរាណបាក់បែកផងដែរដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំជប់តាត្រាវនិងមានភ្នំជាច្រើនទៀតដែលយើងទៅមិនដល់។
- ស្រុកអង្គរជុំមានភ្នំចំនួន ០២ ភ្នំគឺភ្នំពើងតានន់ដែលមានសម្រស់ទេសភាពស្រស់ស្អាតជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំដែលមានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវទៅផ្សារពាក់ស្នែង និង ភ្នំម្រេចស្ថិតនៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ។
- ស្រុកវ៉ារិន មានភ្នំចំនួន ០៤ ភ្នំគឺភ្នំចង្ក្រានរយមានវត្តនៅពីលើហើយមានរមណីយដ្ឋានទឹកធ្លាក់ដែលមើលទៅគួរជាទីគយគន់ផងដែរស្ថិតនៅឃុំស្វាយសរ ភ្នំសង្កែ ភ្នំបាយដុតស្ថិតនៅឃុំល្វាវក្រាំង និង ភ្នំអាជ្ញារាមស្ថិតនៅឃុំប្រាសាទ។
- ស្រុកក្រឡាញ់មានភ្នំចំនួន ០១ ភ្នំគឺភ្នំទ្រង់បាតដែលមានប្រាសាទតូចៗនិងមានអាស្រមនៅពីលើផងដែរមានភូមិសាស្ត្រស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
- ស្រុកពួកមានភ្នំចំនួន ០២ ភ្នំគឺភ្នំរ៉ូងមានវត្តនៅពីលើស្ថិតនៅភូមិដូនកែវ និង ភ្នំដីដែលមានទីតាំងស្ថិតនៅជាប់បឹងទន្លេសាប។
- ស្រុកបន្ទាយស្រីមានភ្នំចំនួន ០៥ ភ្នំគឺភ្នំដីស្ថិតនៅឃុំខ្នារសណ្តាយ ភ្នំហប់មានវត្តនៅពីលើស្ថិតនៅឃុំខ្នារសណ្តាយ ភ្នំក្បាលស្ពានមានប្រាសាទបុរាណជាច្រើននិងមានរមណីយដ្ឋានផងដែរស្ថិតនៅក្នុងឃុំឃុនរាម ភ្នំទេវៈស្ថិតនៅក្នុងឃុំរំចេក និង ភ្នំគូលែនជាប់ចំរ៉ាក់ជើងភ្នំស្ថិតនៅក្នុងឃុំត្បែងហើយក៏ជាភ្នំមួយដែលជាប់ពាក់កណ្តាលម្ខាងម្នាក់នឹងស្រុកស្វាយលើផងដែរ។
- ស្រុកប្រាសាទបាគងមានតែប្រាសាទបុរាណជាច្រើនដូចជាប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទចៅស្រីវិបុលកេរ្តិ៍ជាដើមហើយនៅមានវត្តចាស់ៗដល់បច្ចុប្បន្នហៅថាវត្តត្រាច។
- ក្រុងរុនតាឯកមានភ្នំចំនួន ០១ ភ្នំគឺភ្នំបូកមានវត្តនិងប្រាសាទបុរាណនៅពីលើស្ថិតនៅសង្កាត់រុនតាឯក ក្រុងរុនតាឯក។[១៧]
Remove ads
រដ្ឋបាល
ខេត្តសៀមរាប ចែកចេញជា ១២ ក្រុង/ស្រុក ១០០ សង្កាត់/ ឃុំ និង ៩០៧ ភូមិ[១៨]៖
Remove ads
មធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូន
អាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺជាអាកាសយានដ្ឋានអន្តរជាតិដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបសម្រាប់បម្រើឲ្យខេត្តសៀមរាបទឹកដីអង្គរ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ ១៩៣២ និងបានបិទទៅវិញនៅក្នុងឆ្នាំ ២០២៣ នៅពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លូវការ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាអាកាសយានដ្ឋានដែលមមាញឹកជាងគេទី ០២ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។[១៩][២០][២១][២២]

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និង ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគមសម្រាប់បម្រើឲ្យខេត្តសៀមរាបទឹកដីអង្គរដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រភាគឦសានឃុំដំដែក ស្រុកសូទ្រនិគម ៤០ គីឡូម៉ែត្រខាងកើតប្រាសាទអង្គរវត្ត និង ៥០ គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគឺជាអាកាសយានដ្ឋានដែលធំជាងគេបង្អស់ទី ០២ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។[២០][២៣]អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរគ្របដណ្តប់លើផ្ទៃដី ៧០០ ហិកតានិងមានផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ។[២៤]

ភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរពីទីក្រុងបាងកក(ខេត្តបឹងកក់)ទៅកាន់ខេត្តសៀមរាបបានតាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រសិនបើភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមឡានតាក់ស៊ីពីទីក្រុងបាងកក(ខេត្តបឹងកក់)ទៅកាន់ទីក្រុងប៉ោយប៉ែតនិងពីទីក្រុងប៉ោយប៉ែតទៅកាន់ទីក្រុងសៀមរាបគឺត្រូវចំណាយពេលពី ០៦ ទៅ ១០ ម៉ោងអាស្រ័យលើពេលវេលាឆ្លងកាត់ព្រំដែន។ការធ្វើដំណើរទៅកាន់ទីក្រុងសៀមរាបដោយចេញពីទីក្រុងបាងកក(ខេត្តបឹងកក់)ទៅភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរតាមរយៈឡានក្រុងឬធ្វើដំណើរតាមរយៈរថភ្លើងទៅកាន់ស្ថានីយ៍ព្រំដែនផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវហើយបន្តដំណើរតាមរយៈឡានក្រុងឬតាក់ស៊ីទៅកាន់ទីក្រុងសៀមរាប។[២៥]
Remove ads
តំបន់ទេសចរណ៍ខេត្តសៀមរាប

បើតាមប្រវត្តិសាស្ដ្រទឹកដីខេត្តសៀមរាបៗគឺជាតំបន់រាជធានីរបស់ចក្រភពខ្មែរនៅក្នុងអំឡុងសតវត្សរ៍ទី ០៩ ដល់សតវត្សរ៍ទី ១៣។ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានសំណង់ប្រាសាទបុរាណយ៉ាងច្រើននៅពាសពេញទឹកដីដ៏បវរនៃខេត្តសៀមរាបនេះ[២៦]។ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាបដែលគ្របដណ្តប់លើផ្ទៃក្រឡា ៦០០ គ.មការ៉េ។សព្វថ្ងៃប្រាសាទមួយចំនួនត្រូវបានរកឃើញជាបន្តបន្ទាប់។ប្រាសាទទាំងឡាយត្រូវបានកសាងឡើងនៅរវាងសតវត្សរ៍ទី ០៩ និងទី ១៣។កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ខ្ជាប់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ដែលអាចប្រៀបធៀបបានទៅនឹងសំណង់ប្រាសាទមហាពីរ៉ាមីតនៃជីហ្សាដែលកសាងឡើងនៅក្នុងរជ្ជកាលរាជវង្សទី ០៤ នៃអេហ្ស៊ីបបុរាណនិងសំណង់ប្រាសាទដទៃទៀតនៅក្នុងប្រទេសអេហ្ស៉ីប។ព្រះរាជាខ្មែរបានកសាងប្រាសាទទាំងនេះដោយប្រើកម្លាំងកម្មករយ៉ាងច្រើនតាមការប៉ាន់ស្មានការធ្វើសំណង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០០០០ នាក់នៅក្នុងអំឡុងសតវត្សរ៍ទី ១២ និង ១៣។ទោះបីជាបានបន្សល់ទុកនូវប្រាសាទជាច្រើនក៏ដោយសព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចប៉ុណ្ណោះចំពោះមនុស្សដែលមករស់នៅពិតប្រាកដនៅទីក្រុងដ៏ចំណាស់មួយនេះកាលពីអតីតកាល។អ្នកធ្វើដំណើរជនជាតិព័រទុយហ្គាល់ត្រូវបានគេជឿថាគឺជាជនជាតិបស្ចឹមប្រទេសដំបូងគេដែលបានសម្លឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរវត្តនៅពេលទៅទស្សនានៅក្នុងអំឡុងសតវត្សរ៍ទី ១៦។ទោះបីជាយ៉ាងណាក៏ដោយកិត្តិយសធំបំផុតចំពោះការរកឃើញប្រាសាទអង្គរវត្តដ៏អស្ចារ្យបានធ្លាក់ទៅលើអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះហង់រី មូហូត(Henri Mouhot)ដែលបានមកទស្សនាប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៨៦០ ហើយបានតម្កល់ទុកនូវឯកសារនៅឯទីក្រុងប៉ារីសក្រោយមរណភាពរបស់លោកនៅក្នុងឆ្នាំ ១៨៦៨។នៅក្នុងសតវត្សរ៍ទី ១៩ និង ២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទបុរាណនិងធ្វើការកាប់ឆ្ការសម្អាតព្រៃពីប្រាសាទហើយបានប្រមូលនូវឯកសារបានយ៉ាងច្រើន។នៅក្នុងឆ្នាំ ១៩០៧ សៀមបានប្រគល់ទឹកដីអង្គរមកឲ្យខ្មែរគ្រប់គ្រងវិញដោយសារបារាំងគាបសង្កត់ខ្លាំងពេកហើយនៅក្នុងនោះបាននាំមកនូវភ្ញៀវទេសចរឲ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនៅលើទឹកដីអង្គរ។ភ្ញៀវទេសចរអាចជ្រើសរើសទស្សនាតាមវង់តូចដែលរួមមានទីក្រុងដ៏ល្បីល្បាញរបស់ព្រះរាជាគឺអង្គរធំនិងអង្គរតូចដែលមានប្រាសាទជាច្រើនដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ស្រះស្រង់និងរមណីយដ្ឋានជាច្រើនទៀត។ភ្ញៀវទេសចរអាចបន្តដំណើរទៅទស្សនានៅវង់ធំនោះគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ប្រសិនបើមានពេលវេលាភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទល្បីល្បាញផ្សេងៗទៀតដូចជាប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបឹងមាលា ប្រាសាទលលៃជាដើមដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។
ឯកសារពិគ្រោះ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads














