មហាសមុទ្រអាកទិក
មហាសមុទ្រ From Wikipedia, the free encyclopedia
Remove ads
Remove ads
មហាសមុទ្រអាកទិក (ជាភាសាអង់គ្លេស៖ Arctic Ocean, ភាសាបារាំង៖ Océan Arctique) មានទីតាំងស្ថិតនៅអឌ្ឍគោលខាងជើង និង ខាងចុងបំផុតនៅតំបន់អាកទិក នៃប៉ូលខាងជើង គឺជាមហាសមុទ្រដែលតូចជាងគេ និង រាក់ជាងគេបង្អស់ក្នុងចំណោមមហាសមុទ្រទាំង០៥។ អង្គការទឹកអន្តរជាតិ បានទទួលស្គាល់ថា វាជាមហាសមុទ្រមួយ បើទោះជាអ្នកសាគរសាស្ត្រមួយចំនួន បានសន្មតថាវាគឺជា "សមុទ្រមេឌីទែរ៉ានេអាកទិក" ឬ ហៅយ៉ាងសាមញ្ញថា "សមុទ្រអាកទិក" ដោយចាត់ថ្នាក់ថាជា "សមុទ្រមេឌីទែរ៉ានេ" នៃមហាសមុទ្រអាត្លង់ទិក។

មហាសមុទ្រអាកទិក ត្រូវបានព័ន្ធស្ទើរតែជុំវិញដោយ "អឺរ៉ាស៊ី" និង "អាមេរិកខាងជើង" ។ មហាសមុទ្រអាកទិក ត្រូវបានគ្របដណ្ដប់មួយភាគធំដោយទឹកកកសមុទ្រពេញមួយឆ្នាំ។ សីតុណ្ហភាព និងកំហាប់អំបិលនៃមហាសមុទ្រអាកទិក ប្រែប្រួលទៅតាមរដូវកាល ដូចជាការកក និងរលាយនៃទឹកកក ហើយកំហាប់អំបិលរបស់វា មានកម្រិតទាបជាងកំហាប់អំបិលមធ្យមនៃមហាសមុទ្រទាំង០៥ ដោយសារតែ "រំហួត" មានកម្រិតទាប ទឹកសាបមានបរិមាណច្រើនហូរចាក់ពីទន្លេ និងប្រភពទឹកជាច្រើន ព្រមទាំងតំណភ្ជាប់ និងលំហូរចេញទៅផ្ទៃទឹកនៃមហាសមុទ្រខាងក្រៅ ដែលមានកំហាប់អំបិលខ្ពស់ជាងមានកម្រិត។ នារដូវក្ដៅ ទឹកកកត្រូវបានថយចុះប្រមាណ៥០%។ "មជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិ" (National Snow and Ice Data Center) បានប្រើប្រាស់ផ្កាយរណបដើម្បីទាញយកទិន្នន័យប្រចាំថ្ងៃ អំពីផ្ទៃទឹកកកនៃមហាសមុទ្រអាកទិក និងអត្រារលាយ ដើម្បីធ្វើការប្រៀបធៀបទៅនឹងអត្រាមធ្យម និង អត្រានៃឆ្នាំណាមួយ។
Remove ads
ភូមិសាស្ត្រ
មហាសមុទ្រអាកទិក ត្រូវបានកំណត់រាងជារង្វង់មូល និងគ្របដណ្ដប់លើក្រឡាផ្ទៃប្រហែល ១៤,០៥៦,០០០ គីឡូម៉ែត្រការ៉េ ដែលស្ទើរតែប៉ុនប្រទេសរុស្ស៊ី។ មហាសមុទ្រនេះ មានឆ្នេរប្រវែង ៤៥,៣៩០ គីឡូម៉ែត្រ។ មហាសមុទ្រអាកទិក មានលក្ខណៈស្ទើរតែបិទ វាត្រូវព័ន្ធជុំវិញដោយផ្ទាំងទ្វីប "អឺរ៉ាស៊ី" "អាមេរិកខាងជើង" "កោះហ្គ្រីនឡែន" និង បណ្ដាកោះជាច្រើនទៀត។ មហាសមុទ្រអាកទិក ត្រូវរួមបញ្ចូលដោយ៖ ឈូងសមុទ្របាហ្វីន (Baffin Bay), សមុទ្របារ៉េន (Barents Sea), សមុទ្រព្យូហ្វត (Beaufort Sea), សមុទ្រឆុកឈី (Chukchi Sea), សមុទ្រស៊ីបេរីខាងកើត (East Siberian Sea), សមុទ្រហ្គ្រីនឡែន (Greenland Sea), ឈូងសមុទ្រហុតសុន (Hudson Bay), ច្រកសមុទ្រហុតសុន (Hudson Strait), សមុទ្រការ៉ា (Kara Sea), សមុទ្រឡាប់តែវ (Laptev Sea), សមុទ្រស ( White Sea) និង ផ្ទៃទឹកមួយចំនួនទៀត។ មហាសមុទ្រនេះ ត្រូវបានភ្ជាប់ទៅកាន់ មហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈ "ច្រកសមុទ្រប៊េរីង" (Bering Strait) និង ភ្ជាប់ទៅកាន់ មហាសមុទ្រអាត្លង់ទិក តាមរយៈ សមុទ្រហ្គ្រីឡែន និងសមុទ្រឡាប្រាឌ័រ (Labrador Sea) ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads