ស្រីឥន្ទ្រាទិត្យ
From Wikipedia, the free encyclopedia
Remove ads
ពុកឃុនឝ្រីឥន្ទ្រាទិត្យ រឺ ពញារោង (ថៃ: พ่อขุนศรีอินทราทิตย์; ព.ប.ប.ស.ថ: ស៊ីអ៊ិនថៈរ៉ាធិត; ? – ១២៧០) បានសោយរាជ្យនៅអាណាចក្រសុខោទ័យចាប់ពីឆ្នាំ១២៣៨ ដល់រង្វង់ឆ្នាំ១២៧០។ ទ្រង់ត្រូវបានគេលើកសរសើរថាជាស្ថាបនិកនៃ រាជវង្សព្រះរោង ដែលរាជវង្សនេះខ្លួនឯងត្រូវបានចាត់ទុកថាជារាជវង្សឝ្យាមដំបូងគេក្នុងប្រវត្តិសាស្ត្រ ហើយក៏មានការអះអាងលើសពីឋានៈនេះ: ថាជាអណ្ដូងអរិយធម៌ច្បាស់លាស់មួយក្នុងតំបន់ចំណាំតែហៅដោយជនបរទេសថា "សៀម"ៗ (ខ្មែរ:ស្យាម, ចិន: សៀន, ។ល។) ហើយក៏ជារាជវង្សមួយដែលបានរំដោះមឿងថៃជាច្រើនពីច្រវាក់នឹមរបស់ខ្មែរផងដែរ។[១]
Remove ads
Remove ads
ព្រះនាម
១. បាងក្លាងហ្វា
២. ឝ្រីឥន្ទ្រាទិត្យ
៣. អរុណរាជ
៤. ឝៃយរ័ងតរាជ រឺ ឝុរ័ងតរាជ រឺ ឝៃយមរងតរាជ រឺ រ័ងតរាជ
៥. ព្រះរោង រឺ រោចមរាជ
៦. ព្រះឥន្ទ្រា រឺ ពុកឥន្ទ្រា
ការលំបាកក្នុងការប្រែសំរួល
ដើមឡើយគេស្គាល់ថា ពុកឃុនបាងក្លាងហាវ พ่อขุนบางกลางหาว ប្រែថា លោកម្ចាស់គ្រងមេឃ ភាពចំរូងចំរាស់ជុំវិញព្រះនាមនេះបង្ហាញនូវភាពមានកំរិតនៃអភិលេខន៍ (ចារឹកលេខន៍ រឺ ចារឹកសាស្ត្រ)។ វិទ្យាសាស្ត្រនេះសិក្សាអំពីចារឹក រឺ អភិលេខន៍ជាសំណេរ ដើម្បីកំណត់លេខតា បញ្ជាក់អត្ថន័យ បញ្ជាក់ពីរបៀបប្រើប្រាស់តាមរយៈកាលបរិច្ឆេទ និងបរិបទវប្បធម៌។ អត្ថបទនានាដែលបានចារលើសិលាចារឹកជារឿយៗបានបាត់បង់ផ្នែកខាងលើ រឺ ខាងក្រោម ត្រង់កន្លែងមួយដែលគេគិតថាមានកាលកំណត់ ជារឿងលំបាកក្នុងការទាញសេចក្ដីសន្និដ្ឋានអំពីសំណេរ និង អ្នកនិពន្ធ។ អ្វីដែលបានទាញចេញជាពិសេសពីចារឹកលេខន៍គឺជាចំណុចសំខាន់ខាងប្រវត្តិសាស្ត្រនៃចារឹក ប្រៀបដូូចជាឯកសារមួយ ហើយវាក៏ជាតំលៃសិល្បៈនៃបទតែងសេចក្ដីខាងអក្សរសាស្ត្រ។ ភាពស្មុគស្មាញទាំងនេះនាំអោយគេយល់ថាអ្នកដឹកនាំនៅគ្រាដំបូងនៃឆាកជីវិតជាធម្មតាបានយកងារជា ហ្វា (หาว)។ [ត្រូវការអំណះអំណាង]
Remove ads
ព្រះរាជជីវភាព
ព្រះអង្គធ្លាប់ជាម្ចាស់នៃសាមន្តរដ្ឋបាងយាង ទឹកដីដែលជាកម្មសិទ្ធិរបស់តំបន់ចុងខាងលិចបំផុតនៃអធិរាជាណាចក្រខ្មែរ (រជ្ជកាល ព្រះបាទឥន្ទ្រវម៌្មទី២ និង ជយវម៌្មទី៩) នៅពេលនោះ។ ទឹកដីនេះនាពេលឥឡូវលាតសន្ធឹងនៅជុំវិញបរិវេណខាងជើងភាគកណ្ដាលនៃប្រទេសថៃ។
ឃុនបាងក្លាងហ្វារួមជាមួយឃុនផាមឿង ដែលជាព្រះចៅនៃរ៉ាដ បានសំរេចចិត្តបះបោរ និង ប្រកាសឯករាជ្យពីអង្គរ។ ការត្រួតត្រា និងការយកពន្ធដារហួសហេតុពេករបស់ខ្មែរគឺជាកត្តាជំរុញយ៉ាងខ្លាំងនាំឱ្យមានការបះបោរ។ ភាពមហាវក់វីរបស់ខ្មែរជាមួយសំណង់ស្ថាបត្យកម្មធំៗ បានបន្សោយសមត្ថភាព និង ការប្រុងជើងការការពាររបស់ខ្មែរ ដែលជួយនាំឱ្យមានការបះបោរនេះឡើង។ ឃុនបាងក្លាងហ្វាបានកាន់កាប់បានឝ្រីសជនាល័យ ហើយប្រគល់ទឹកដីនេះឱ្យទៅផាមឿង។ ផាមឿងក៏បានប្រគល់សុខោទ័យអោយទៅទ្រង់ជាការតបស្នងវិញ។
ឃុនបាងក្លាងហ្វា ក្រោយមកបានប្រកាសអង្គឯងជាក្សត្រនៅសុខោទ័យ ដោយយកព្រះនាមចេញពីសំស្ក្រឹតថា ឝ្រីឥន្ទ្រាទិត្យ ដែលប្រែថា "អ្នកធំលើព្រះអាទិត្យ ខ្មែរ ហៅថា ម្ចាស់នៃថ្ងៃ"។ មន្តវិជ្ជាការ និង ភាពក្លាហានរបស់ទ្រង់មានការចាប់ចិត្តយ៉ាងខ្លាំងដោយប្រជារាស្ត្រក្នុងព្រះនគរ ដែលបានចាត់ទ្រង់ដូច្នោះថា ព្រះរោង (ព្រះអង្គម្ចាស់នៃភាពរុងរឿង)។ គោរម្យងារនេះត្រូវបានផ្ដល់ដោយក្សត្រចំណុះនៃសុខោទ័យ ដូចនោះហើយវាក៏ផ្ដល់ជាកំណើតដល់រាជវង្សសៀមដំបូងគេឡើង ហៅថា រាជវង្សព្រះរោង។
ឝ្រីឥន្ទ្រាទិត្យ និង ព្រះមហេសី ព្រះនាងសឿង មានព្រះរាជបុត្រាបីអង្គ។ បុត្រច្បងសុគតនៅវ័យកុមារ បុត្រទីពីរមានព្រះនាមថាបានមឿង និង បុត្រទីបីបានបង្ក្រាបព្រះអង្គម្ចាស់ខ្មែរមួយអង្គក្នុងចំបាំងលើខ្នងដំរី ទ្រង់បានថ្វាយព្រះនាមដល់បុត្រពៅថា រាមកំហែង ជាតឹកតាងនៃភាពអង់អាចក្លាហានរបស់ទ្រង់។ ឝ្រីឥន្ទ្រាទិត្យបានសោយទិវង្គតប្រហែលឆ្នាំ១២៧០ ហើយត្រូវស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ បានមឿង។
ពង្សាវលី
និទានក្នុងពង្សាវតារខ្មែរ
ប្រសូត
ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្ដ្រីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដនៅតាមដងទន្លេក្នុងតំបន់បាសាន្ត ដែលស្ថិតនៅក្នុងតំបន់ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេគង្គ និងទន្លេតូច។ ទីនោះមានទេសភាព និងដីខ្សាច់សក្បុសល្អណាស់ ។ ខណៈនោះព្រះអង្គបានជួបប្រទះឃើញនាងនាគមួយអង្គ ដែលដំណែងខ្លួនជានារីយ៉ាងល្អឥតខ្ចោះស្រស់ប្រិមប្រិយ មានសម្ផស្សសោភ័ណភាព លើសផុតអស់ស្រីទាំងពួង នាងមានសាច់សម្បុរពណ៌សស្អាត។ នាងនាគបានធ្វើដំណើរចេញពី ស្ថានភុជង្គនាគ មកកំសាន្ដលេងត្រង់ឆ្នេរខ្សាច់នោះដែរ គ្រាន់តែបានយល់ឃើញនាងនាគភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គក៏ស្ទុះយាងចូលទៅសុំសេចក្ដីស្នេហា ហើយសួរស្ដីដណ្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដសុខកាយ លុះទៅដោយសេចក្ដីស្នេហាលួងលោមរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រលប់ចូលព្រះមហានគរវិញ ព្រះអង្គបានប្រទានឋានៈជាព្រះអគ្គមហេសី ធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។ នាងនាគបានទទួលព្រះនាមថា ព្រះទេវត្តីសេរីរតន៍កញ្ញាមហាក្សត្រី។ មិនតែប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាឲ្យរាជការមុខមន្ដ្រី និងប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះរាជអាណាចក្រដាក់ឈ្មោះ និងហៅកន្លែងដែលព្រះអង្គបានជួបស្នេហានាងនាគថា ស្រីសឈរ។ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃ។ ក្នុងកាយវិការនេះ ព្រះបទុមវរវង្សចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគឲ្យស្ថិតនៅជាអមតៈជានិច្ច។
យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គំរប់គ្រប់១០ខែ ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការអាម៉ាស់មុខអាប់កិត្ដិយស និងខ្លាចមានចលាចលក្នុងព្រះនគរព្រះមហាក្សត្រ និងព្រះអគ្គមហេសីក៏សម្រេចចិត្ដយកពងនោះទៅកប់ចោលក្នុងឆ្នេរខ្សាច់នាតំបន់គីរិន្ដបូរ គឺស្រុកបរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។
នាសម័យកាលនោះនៅក្នុងស្រុកខ្មែរមានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នាដាក់ឈ្មោះឲ្យគាត់ថា គង់ស្រមូវ (បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំណែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះឲ្យថាគង់ពុកចង្កាអង្កាញ់។ ពង្សាវតារព្រះអង្គម្ចាស់នព្វរតន៍បានសរសេរថា គង់នេះត្រូវហៅគង់ស្រមូវ ឬគង់ក្រៅ)។ គាត់ជាមេក្រុមពួកកំណែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអាករ តាមរទេះ មានទឹក និងត្រីកន្ធរហាលមកថ្វាយស្ដេចខ្មែរ។ ថ្ងៃមួយ បំពេញភារៈកិច្ចផ្នែកកំណែនរួចហើយ គង់ស្រមូវរៀបចំឥវ៉ែឥវ៉ាន់គ្រប់បែបយ៉ាងសព្វសារពើរ ផ្ទុកដាក់ក្នុងរទេះ សំរាប់យកទៅលក់ដូរឯស្រុកភូមិវិញ ក្បួនរទេះសៀមគង់ស្រមូវ បានធ្វើដំណើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាមផ្លូវ កន្លែងមួយដែលមានដីទួលខ្ពស់ខុសអំពីធម្មតា បានធ្វើឲ្យគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅជីកដីទួលនោះ។ ជីកបានមួយសន្ទុះគាត់សង្កេតក្រឡេកមើលទៅឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះដោយថ្មមៗ ហើយលើកដាក់រទេះដឹកជញ្ជូនយកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្នជាទីបំផុត (បើតាមពង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅហើយ)។
គ្រប់ កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់ស្រមូវដាក់ឈ្មោះឲ្យថានាយរង។ គាត់ស្រឡាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបំរុងទារកនោះដូចជាកូនបង្កើត។
ពេញវ័យ
ចំណែកឯនាយរោង វិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈជំនួសឪពុក ជាមេក្រុមកងកំណែនដឹកជញ្ជូនទឹក និងត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ ដល់ពេលវេលាដែលត្រូវតែនាំពលកំណែនទៅដងទឹកយកទៅថ្វាយស្ដេចខ្មែរ នាយរោងបានបញ្ជាឲ្យក្រុមកំណែនទាំងនោះ ត្បាញកញ្ជើឲ្យញឹកល្អិតជាទីបំផុត ហើយឲ្យនាំគ្នាដងទឹកយកទៅចាក់ដាក់ក្នុងកញ្ជើទាំងនោះ កញ្ជើនោះមានឈ្មោះជាប់មកថា ជាលភ្នែកក្រួច។ បន្ទាប់មក នាយរោងនិយាយបង្គាប់ទៅកាន់ជាលទាំងនោះឲ្យធ្វើដូចម្ដេចកុំឲ្យទឹកលេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកឥតមានជ្រាបលេចបន្ដិចឡើយ។ ទឹកទាំងប៉ុន្មានត្រូវបាននាយរោងដឹកជញ្ជូនយកទៅថ្វាយព្រះ បទុមសូរ្យវង្សនៅឯព្រះមហានគរ ។
ពញារោង កាលអាយុ១១ឆ្នាំ បើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នុព្វរតន៍កូនព្រះបាទអង្គឌួងនាឱកាសអុំទូកលេងកំសាន្ដនៅជិតផ្ទះ ធ្លាប់ត្រូវបានខ្សែទឹកហូរយ៉ាងខ្លាំង ទាញនាំទូករកអុំបញ្ច្រាសទឹកឡើងត្រលប់មកផ្ទះវិញមិនរួច។ គ្រានោះដោយអស់កំលាំងកំហែង ពញារោងក៏ស្រែកបញ្ជាឲ្យទឹកហូរបញ្ច្រាសត្រលប់ឡើងលើវិញ ដើម្បីនាំទូកខ្លួនយកទៅដាក់ឲ្យដល់ផ្ទះ។ រំពេចនោះ ទឹកក៏ហូរបញ្ច្រាសឡើងទៅលើវិញមែន ហើយនាំទូកពញារោងទៅដល់ផ្ទះដូចសេចក្ដីប្រាថ្នា យស់ឃើញភាពអច្ឆរិយៈអស្ចារ្យដូច្នេះ ពញារោងដឹងច្បាស់ថាខ្លួនមានឫទ្ធានុភាពមានបុណ្យបារមីមានមាត់ទិព្វ ពីថ្ងៃនោះមក ពញារោងខំចិញ្ចឹមលាក់អាថ៌កំបាំងនេះជារៀងរហូត។
ចំណែក ព្រះបាទបទុមសុរិយវង្សដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹងថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះអង្គកោះប្រជុំអស់នាម៉ឺនមុខមន្ដ្រី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀមនឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយឡែក ដោយមិនចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះទៀតទេ។
ទំនាស់ជាមួយស្ដេចខ្មែរ
បើយោលទៅតាមឯកសារខ្លះទៀត បុព្វហេតុដែលបណ្ដាលឲ្យព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំពីមុខព្រះភ័ក្ត្រព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនឲ្យនាម៉ឺនមន្ត្រីពលសេនាម្នាក់មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសូរ្យវង្សមួយអង្គគត់ ដែលយាងចូលមកដល់ទើបមើលឃើញ។ អាកប្បកិរិយាព្រហើនច្រលោងខាមនេះ ហើយដែលធ្វើឲ្យព្រះអង្គខ្ញាល់ចេញបញ្ជារកចាប់នាយរោង។ ឃើញច្បាស់ជាក់នឹងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិឫទ្ធិតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏រត់ភៀសខ្លួនបាត់ស្រមោលទៅ។ ឧកញ៉ាមន្ដ្រីចៅពញាតេជោតំឌិនត្រូវនាំពលសេនាចំនួន៣០០នាក់ ជ្រែកដីទៅចាប់ពញារោងនៅឯស្រុកសុខោទ័យ។ កងទ័ពតេជោដាំដីវិញដេញតាមចាប់ប្រកិតពីក្រោយពញារោងរត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យមកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃសុំលោកចៅអធិការសាងផ្នួសបួសជាសាមណេរ។
រសៀលថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោដាំដីជ្រែកដីលេចចេញមកពាក់កណ្ដាលខ្លួនចំពីមុខ តែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោដាំដីក៏ទូលសុំសួរលោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួនបានមានពុទ្ធដីកាឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូនភ្លាមនោះដែរ រូបរាងកាយតេជោដាំដីប្រែទៅជារឹងបន្ដិចៗម្ដង ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោដាំដីបាននាំគ្នាដកថយត្រលប់ចូលនគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។
ក្រោយ ដែលស្ដេចសៀមនៅសុខោទ័យចូលទិវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀមពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថាព្រះបាទចន្ទ្រាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។
លើកទីមួយ ពញារោងបានធ្វើដំណើរលួចមកស្រុកខ្មែរ ដោយមាននាំមកជាមួយនូវពលរេហ៍ចំណានៗ និងមានលាក់ដាវពីរដាក់ជាប់ក្នុងខ្លួនផង មកដល់ព្រះមហានគរ ពញារោងបាននាំគ្នាបន្លំខ្លួនដើរសំដៅតំរង់ចូលទៅក្នុងព្រះបរមរាជវាំង។ ពេលនោះនាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ទាំងតូចទាំងធំ ទាំងមនុស្សទាំងនាគ កំពុងតែនាំគ្នាមកប្រជុំក្នុងព្រះបរមរាជវាំងរង់ចាំទទួលគោរព និងគាល់ព្រះមហាក្សត្រព្រះបាទបទុមសូរិយវង្ស ព្រះរាជាយាងគង់លើបល្លង្ករាជ្យ ហើយទ្រង់ត្រាស់មានបន្ទូលថា «តើមានមនុស្សក្រៅឯណាចូលមកក្នុងទីនេះឬទេ?» នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ឆ្លើយតបទូលព្រមគ្នាទៅវិញថា គ្មានបានឃើញមនុស្សចំលែកឯណាទេ ព្រះរាជាក៏មានបន្ទូលតទៅទៀតយ៉ាងខ្លាំងៗថា ជនជាតិសៀមឯង ដែលមានចិត្ដថ្លើមធំចូលមកដល់ទីនេះតើឯងមានគោលបំណងដូចម្ដេចដែរ?
ពញារោង ដែលអាងទៅលើមន្ដវិជ្ជាការសិល្ប៍សាស្ដ្របំបាំងខ្លួន លុះព្រះមហាក្សត្រខ្មែរមើលឃើញដឹងស្គាល់យល់អំពើអស់គ្រប់សកម្មភាពកាយវិការរបស់ខ្លួន ក៏កើតភ័យស្លន់ស្លោតក់ស្លុតរបូតដាវទាំងពីរធ្លាក់ពីដៃ ពញារោងខំប្រើមាត់ទិព្វដែរ តែគ្មានប្រសិទ្ធភាព ប្រើមិនកើត។ គ្រានោះ ពញារោងដឹងច្បាស់ណាស់ថាមហិទ្ធិឫទ្ធិតេជៈរបស់ខ្លួនមិនអាចនឹងយកជ័យជំនះលើព្រះបទុមសុរិយវង្សបានឡើយ ភ្លាមនោះដែរ ព្រះមហាក្សត្រយាងចុះពីលើរាជបល្លង្កដកដាវដើរសំដៅទៅរកប្រហារជីវិតពញារោង ពញារោងដឹងថាខ្លួនអស់ផ្លូវអស់ច្រកចេញ ក៏លុតជង្គង់គ្រឹបក្រាបថ្វាយបង្គំសុំខមាទានទោសព្រះបទុមសុរិយវង្ស ព្រះអង្គយល់ព្រមលើកលែងទោសឲ្យរួចរស់រានមានជីវិតដោយព្រមទាំងមានបន្ទូលថា «មិនពិតប្រាកដច្បាស់ជាមហិទ្ធិឫទ្ធិឯងខ្លាំងពូកែនោះទេ!»។
បន្ទាប់មក ពញារោងក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រខ្មែរដើម្បីវិលត្រលប់ទៅស្រុកសៀមវិញ ប៉ុន្ដែក្នុងចិត្ដពញារោងមិនដែលព្រមដាក់ខ្លួនចុះចាញ់ស្ដេចខ្មែរឡើយ ពញារោងគុំទុកជាប់ក្នុងក្រឳបេះដូងថាថ្ងៃល្អណាមួយនឹងធ្វើឃាតសំលាប់ស្ដេចខ្មែរដណ្ដើមយករាជសម្បត្ដិឲ្យទាស់តែបាន។
លើទី២ ឆ្លៀតឱកាសល្អពញារោងបានរៀបចំខ្លួន និងក្រុមបក្សពួកធ្វើដំណើរចូលមកមហានគរក្នុងគោលបំណងលួចប្រហារជីវិតស្ដេចខ្មែរ ថ្ងៃនោះ ព្រះបទុមសុរិយវង្សដោយមានព្រះខ័នជាប់នឹងខ្លួនបានយាងចុះមកក្រសាលលេងនៅទីធ្លាក្នុងបរមរាជវាំង។ ពញារោង ដែលអាងទៅលើមហិទ្ធិឫទ្ធិខ្លាំងពូកែរបស់ខ្លួន ជិះលើដំរីសារមួយយ៉ាងធំ បំបាំងខ្លួនហើយបំបោលដំរីនោះលឿនស្លេវសំដៅចូលទៅក្នុងវាំង ដើម្បីជាន់ឈ្លីសំលាប់ព្រះមហាក្សត្រនៅចំពោះមុខហេតុភេទដូច្នេះ គ្មាននាម៉ឺនមន្ដ្រីពលសេនាណាម្នាក់មើលឃើញពញារោងឡើយ។ តែព្រះបទុមសូរ្យវង្សដែលមានភ្នែកទិព្វបានក្រឡេកមើលឃើញទាន់ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ហើយស្រែកសន្ធាប់ថា «អាសៀមនេះ វាប្រមាថមាក់ងាយយើងជ្រុលពេកហើយ! វាគិតអាងមហិទ្ធិឫទ្ធិរបស់វាខ្លាំងពូកែម្ដងនេះ យើងលែងអត់ឱនលើកទោសឲ្យទៀតហើយ!»។
ពញារោងខំបំបោលដំរីឲ្យសំរុករឹងរឹតតែលឿនឡើងទៅជាន់សំលាប់ព្រះមហាក្សត្រខ្មែរ ក៏ប៉ុន្តែមកដល់មុខព្រះបទុមសុរិយវង្សកាលណាដំរីនោះទប់ជើងឈប់ងក់ហើយបែរជាលុតជង្គង់ថ្វាយបង្គំសំពះព្រះអង្គទៅវិញដោយមិនបានសំរេចជោគជ័យដូចដែលប៉ង ពញារោងភ័យណាស់លោតចុះពីលើខ្នងដំរីមកក្រាបថ្វាយបង្គំព្រះមហាក្សត្រខ្មែរសុំឲ្យព្រះអង្គលើកលែងទោសពៃឲ្យរួចរស់រានមានជីវិតបន្ដទៅទៀត។ ពញារោងប្រកាសជាឧឡារិកថា អំណឹះតទៅលែងហ៊ានប្រមាថកាតទានលើរូបព្រះអង្គទៀតហើយ ព្រះបទុមសុរិយវង្ស ដែលដឹងអំពីប្រវត្ដិពញារោងមានជាប់សាច់ឈាមជាបងប្អូនបង្កើត ព្រះអង្គក៏សុខចិត្ដសន្ដោសប្រោសប្រណីលើកលែងទោស ហើយថែមទាំងកាត់ផ្ដាច់ទឹកដីមួយចំណែកប្រគល់ឲ្យទៀត។
ក្នុងសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិចត្រូវថយរួញមកនៅត្រឹមបស្ចិមបុរី (បឝ្ចិមបុរ) ដែលសព្វថ្ងៃសៀមដាក់ឈ្មោះថា ប្រជិនបុរី ឬខេត្ដខាងកើត និងខាងជើងត្រឹមនគររាជសីមា ដែលសៀមកាឡៃប្ដូរឈ្មោះដាក់ជា កូរ៉ាត (គោរាជ) ជាមួយគ្នានេះដែរ ព្រះបទុមសុរិយវង្សបានដាក់កំណត់លក្ខខណ្ឌឲ្យគ្រប់ស្ដេចសៀមត្រូវតែនាំផ្កាមាសមកថ្វាយព្រះមហាក្សត្រខ្មែរក្នុងមួយឆ្នាំម្ដង បន្ទាប់មកពញារោងក្រាបថ្វាយបង្គំព្រះរាជាសុំអនុញ្ញាតវិលត្រលប់ទៅសុខោទ័យវិញ។ ពញារោងបានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា នឹងរលត់រលាយវិនាសខ្ចាត់ខ្ចាយ នៅថ្ងៃដែលរូបសំណាកចៅពញាតេជោដាំដីត្រូវបាក់បែកខ្ទេចខ្ទីអស់។
Remove ads
ឯកសារយោង
អំណានបន្ថែម
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads