ឥន្ទ្រទេវី (សតវត្សទី១៣)
From Wikipedia, the free encyclopedia
ព្រះនាងឥន្ទ្រទេវីទី២ (អានថា:អឹន-ទ្រៈ-ទេ-វី) រជ្ជកាល (ជយវម៌្មទី៧) គេមិនបានដឹងពីកាលបរិច្ឆេទប្រសូត និងចូលទិវង្គតពិតប្រាកដរបស់ព្រះនាងឥន្ទ្រទេវីឡើយ។ ប៉ុន្ដែគេអាចដឹងតាមរយៈការស្រាវជ្រាវប្រវត្ដិសាស្ដ្រថា ព្រះនាងគឺជាព្រះរាជអគ្គមហេសីទី២នៃព្រះបាទជយវម៌្មទី៧ ពីព្រោះព្រះនាងបានទទួលព្រះរាជាភិសេកជាមួយព្រះចៅអធិការរាជ ក្រោយពេលដែលព្រះមហេសីដើមដែលត្រូវជាព្រះរាជកន្និដ្ឋារបស់ព្រះនាង(ជ័យរាជាទេវី)សោយទិវង្គតទៅ។ ព្រះនាងឥន្ទ្រទេវី គឺជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះអង្គថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា ហើយនិងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះទៀតផង។ ដោយមានសេចក្ដីដំណាលនៅក្នុងសិលាចារឹកថា ព្រះនាងឥន្ទ្រទេវី គឺជាក្សត្រីយ៍ខ្មែរដ៏ពូកែលើសលប់ ឥតមាននរណាប្រៀបផ្ទឹមបាននៅសម័យអង្គរ ក្នុងផ្នែកភាសាសំស្ក្រឹតនិងបរមត្ថវិជ្ជា។ សិលាចារឹកដែលគេរកឃើញនៅប្រាសាទវិមានអាកាសនោះ សរសេរជាភាសាសំស្ក្រឹតដោយស្នាមព្រះហស្ថផ្ទាល់របស់ព្រះនាងបញ្ជាក់ថា ព្រះនាងគង់នៅក្នុងអាឝ្រមដែលជាមហាវិទ្យាល័យមួយនាសម័យនោះ ហើយព្រះនាងក៏ល្បីឈ្មោះក្ន្នុងទីនោះដោយសារការងារទាំងឡាយរបស់ព្រះនាងចំពោះនារីភេទ។ គេទាំងឡាយបានគោរពស្រឡាញ់ព្រះនាងទុកដូចជាទេពធីតា ឈ្មោះ សរស្វតី (មហេសីរបស់ព្រះព្រហ្ម) បែងភាគមក។ ព្រះនាងឥន្ទ្រទេវីគឺជាអ្នកអប់រំដ៏ប្រពៃចំពោះព្រះកន្និដ្ឋាដើម្បីកសាងបុគ្គលិកលក្ខណៈសម្បត្ដិ ស័ក្ដិសមជាព្រះរាជអគ្គមហេសីនៃព្រះមហាក្សត្រជាអាទិ៍ព្រះនាងមានចិត្ដជ្រះថ្លា។ នៅក្នុងព្រះពុទ្ធសាសនា និងក្រើនរំលឹកព្រះស្វាមីឱ្យប្រកាន់យកទសពិធរាជធម៌ក្នុងការគ្រប់គ្រងអាណាចក្រនិងប្រជានុរាស្ដ្រជាដើម។ ព្រះនាងឥន្ទ្រទេវីចារឹកទុកនៅក្នុងសិលាចារឹក ដែលគេបានរកឃើញនៅឯប្រាសាទវិមានអាកាសដែរនូវទុក្ខសោកនៃព្រះកន្និដ្ឋារបស់ព្រះនាង នៅពេលដែលព្រះបាទជយវម៌្មទី7ដែលត្រូវជាស្វាមីចេញទៅធ្វើសង្គ្រាមជាមួយពួកចាម្ប៉ា។ ចារឹកនោះពោលថា ព្រះនាងមានទឹកព្រះនេត្រជោរជន់ស្រោចព្រះកាយ ទ្រង់ព្រះកន្សែងសោយសោកដូចនាងសីតារលឹកអាល័យព្រះស្វាមីដែលឃ្លាតព្រាត់ចាកទៅថា ព្រះនាងទ្រង់សុបិនឃើញព្រះភក្ដ្រាព្រះស្វាមី ហើយថាទ្រង់យល់ឃើញនូវសេចក្ដីត្រេកអរផង សេចក្ដីទុក្ខផងថា ព្រះនាងតែងបែរបន់សូមឱ្យព្រះស្វាមីឆាប់បាន យាងត្រឡប់មកវិញថា ព្រះនាងទ្រង់រកឱសថរងាប់នូវសេចក្ដីទុក្ខសោកសង្រេងតាមរយៈព្រះពុទ្ធសាសនា និងការកាន់ក្រឹត្យ។ ព្រះនាងឥន្ទ្រទេវីបានឋិតនៅនែបនិត្យផ្ទាល់ជាមួយព្រះស្វាមី ក្នុងការកសាងក្រុងយឝោធបុរ (ក្រុងអង្គរ) ជាថ្មីឡើងវិញបន្ទាប់ពីក្រុងយឝោធបុរៈនេះត្រូវពួកចាមចូលលុកលុយនៅឆ្នាំ ១១៧៧។ ព្រះនាងបានជួយកិច្ចការព្រះនគរដល់ព្រះមហាក្សត្រ ពិសេសនៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលឱ្យប្រទេសជាតិសម្បូណ៌ទៅដោយ អ្នកប្រាជ្ញរាជបណ្ឌិតសំរាប់ជាការរៀបចំព្រះនគរនាសម័យនោះ ឱ្យបានចំរុងចំរើនភិយ្យោភាព។ ហេតុដូច្នេះហើយ បានជានៅក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៨ដែល មានព្រះនាងឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសី គេសង្កេតឃើញមាន សាលារៀន រោងព្យាបាលជំងឺជាច្រើន តួយ៉ាងភស្ដុតាងមានប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យមួយដ៏មហាអស្ចារ្យនាសម័យអង្គរ និងសំណង់ជាប្រយោជន៍សាធារណៈដទៃទៀតជាច្រើនស្អេកស្កះ។ ប្រជារាស្ដ្របានរស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ដចំរើនរុងរឿងក្នុងភាពស្ដុកស្ដម្ភនៃសេដ្ឋកិច្ច និងអរិយធម៌ដ៏ខ្ពង់ខ្ពស់ និងទទួលបាននូវមនុញ្ញផលពីសំណង់សាធារណៈនោះគ្រប់ៗគ្នា។ ព្រះនាងឥន្ទ្រទេវីមានព្រះជន្មរស់នៅតាំងពីសម័យអង្គរ ក៏ប៉ុន្ដែព្រះកិក្ដិនាមរបស់ព្រះនាងនៅតែក្រអូបសុសសាយទល់សម័យបច្ចុប្បន្នហើយនៅក្នុងសម័យសង្គមរាស្ដ្រនិយម វិទ្យាល័យមួយនៅរាជធានីភ្នំពេញ មានកិត្ដិយស ដោយបានប្រសិទ្ធនាមថា “វិទ្យាល័យឥន្ទ្រទេវី” និងជារៀងរាល់ឆ្នាំនាសម័យសង្គមរាស្ដ្រនិយម សមាគមអ្នកនិពន្ធខ្មែរបានបើកការប្រឡងប្រណាំងអក្សរសាស្ដ្រខ្មែរដើម្បីទទួលរង្វាន់ឥន្ទ្រទេវីទៀតផង។[១]

ព្រះនាងឥន្ទ្រទេវី ព្រះនាងឥន្ទ្រទេវីទី២ | |
---|---|
![]() បដិមាព្រះនាងឥន្ទ្រទេវីទី២ សិល្បៈបាយ័ន ប្រាសាទព្រះខ័ន . |

ព្រះបាទឥន្ទ្រវម៌្មទី២បានឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទជយវម៌្មទី៨ ក៏ប៉ុន្តែគេមិនបានដឹងច្បាស់ទេ ថាតើបុត្រអង្គណាមួយបានឡើងសោយរាជ្យស្នងពីព្រះអង្គទេ ដោយសារត្បិតព្រះអង្គមានព្រះរាជបុត្រច្រើន។ គេគ្រាន់តែសង្ស័យថា ព្រះរាជាអង្គនេះប្រហែលជាព្រះរាជបុត្ររបស់ព្រះនាងឥន្ទ្រទេវីទី២។ បើផ្អែកលើសិលាចារឹកមួយចំនួនបានបញ្ជាក់ថាក្រោយពីវិទ្យានន្ទន៍វាយបានវិជយ វិទ្យានន្ទន៍បានអោយអនុជថ្លៃនៃជយវម៌្មទី៨ សោយរាជ្យនៅទីនោះ ដែលមាននាមថាអិន អនុជអង្គនេះគឺជាប្អូនប្រុសរបស់ជយរាជទេវី ដូច្នេះព្រះនាងមានបងប្អូនបីនាក់។[២]
កំណត់
មុនដោយ ព្រះនាងជយរាជទេវី ព្រះអគ្គមហេសី១ នៃវ្រះបាទជយវម៌្មទី៧. |
ព្រះអគ្គមហេសីសម័យមហានគរ | តដោយ ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ) ព្រះអគ្គមហេសីនំ នៃវ្រះបាទឥន្ទ្រវម៌្មទី២ |
កំណត់
មើលផងដែរ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.