ប្រាសាទបាយ៉ង់កោរ

From Wikipedia, the free encyclopedia

Remove ads
ព័ត៌មានសង្ខេប ប្រាសាទបាយ៉ង់កោរ, ឈ្មោះ: ...

ប្រវត្តិប្រាសាទ

ប្រាសាទបាយ៉ង់កោរមានទីតាំងស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២១ គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តតាកែវ។ ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាប់ព្រំដែនវៀតណាមប្រហែល ២០គីឡូម៉ែត្រ។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំ ដែលមានកម្ពស់ប្រហែល ៣០០ម៉ែត្រនេះ។ ប្រាសាទនេះមានឈ្មោះដើមថា សិវបុរ។ ប្រាសាទនេះ គឺជាប្រាសាទទោលមានរាង៤ជ្រុង ដោយជ្រុងនីមួយៗមានប្រវែង ១០ម៉ែត្រ និងកម្ពស់ជាង១៤ម៉ែត្រ។ ប្រាសាទកសាងអំពីឥដ្ឋនៅសម័យបុរេអង្គរ(សម័យមុនអង្គរ) គឺមានតែប្រាសាទបាយ៉ង់នេះទេ ដែលសាងសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ។ ប្រាសាទបាយ៉ង់ ស្ថិតក្នុងអន្តរកាលរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង មានក្បាច់លម្អប្រាសាទចម្លងតូចៗ អមសងខាងទ្វារពិត និងទ្វារបញ្ឆោត ដែលគេហៅថា វិមានអាកាសជាដើម។ ប្រាសាទនេះមានសិលាចារឹកច្រើនជាភាសាខ្មែរបុរាណ និងភាសាសំស្រឹ្កត ដែលចាប់ផ្តើមចារពីសតវត្សរ៍ទី៧ រហូតដល់សតវត្សរ៍ទី១២ ដែលមានចុះលេខបញ្ជីដូចជា សិលាចារឹកលេខK.១៣ សិលាចារឹកលេខK.១៤ សិលាចារឹកលេខK.៤៨៣ សិលាចារឹកលេខK.៨៥០ សិលាចារឹកលេខK.៨៥១ សិលាចារឹកលេខK.៨៥២ សិលាចារឹកលេខK.៨៥៣ និងសិលចារឹកលេខK.៨៥៤។

Remove ads

សិលាចារឹក

សិលាចារឹកលេខK.១៣ និយាយអំពីការតម្កល់ សិវបាទ នៅលើកំពូលភ្នំដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាពិន្ទុ និងសាងស្រះទឹកចំនួន២។ សិលាចារឹកលេខK.១៤ ចារនៅឆ្នាំ៨៧៨ ក្នុងរជ្ជព្រះបាទឥន្ទ្រវរ្ម័នទី១បានចារថានៅក្នុងក្រុងសិវបុរៈ ស្តេចនៃកម្ពុជា បានធ្វើអំណោយដល់ទេព។ សិលាចារឹកលេខK.៤៨៣ និយាយអំពីឈ្មោះ ឧត្យន្នេស្វរ ដែលប្រហែលជាលិង្គនៃអំណាចរបស់ព្រះឥសូរ។ សិលាចារឹកលេខK.៨៥០ ចារនៅក្នុងសតវត្សរ៍ទី១២ ក្នុងរាជ្យ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ និយាយពីតង្វាយចំពោះប្រាសាទព្រះសិវបុរៈ មានអង្ករសម្រាប់បុណ្យសង្ក្រាន្ត នារីកិនគ្រឿងក្រអូប បុរសជាអ្នកបម្រើបុណ្យសង្ក្រាន្ត ដោយចែកចាយការងារតាមវេនខ្នើត និងរនោច។ សិលាចារឹកលេខ K.៨៥១ ចារនៅសម័យមុនអង្គរនៅសតវត្សរ៍ទី៧ មានពីរបន្ទាត់គឺ បន្ទាត់ទី១ អាគ្នេយ៍ និងបន្ទាត់ទី២ ឱជៃមិណយេស្វាហា ជាពាក្យបួងសួងដល់មហាឥសី ជៃមិណ ដែលល្បីល្បាញខាងវិជ្ជាតារាសាស្រ្ត។ សិលាចារឹកលេខK.៨៥២ ចារនៅឆ្នាំ១០២៩ មហាសករាជត្រូវនឹងឆ្នាំ១១០៧នៃគ.ស និយាយដល់កាល ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ឡើងសោយរាជ្យរួចហើយទ្រង់បានប្រតិស្ថាន ព្រះស្រីភទ្រេស្វរាស្រម នៅឯប្រាសាទព្រះសិវបុរៈ។ ទ្រង់បានថ្វាយព្រះជំនូនដល់ព្រះស្រីភទ្រេស្វរាស្រម និងស្រុកស្រីភទ្រេស្វរាស្រមជាមនុស្សបម្រើនៅទីនោះជាពីរក្រុមតាមវេនខ្នើត និងរនោច ព្រមទាងស្រែសម្រាប់ព្រាហ្មណ៍ជាស្មឹង ខែខ្នើត៥ ខែរនោច៥[]

ជារួមមក សិលាចារឹកភ្នំបាយ៉ង់ K.852 ខេត្តតាកែវ គឺពិតជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីព្រះរាជប្រវេណីរបស់ព្រះមហាក្សត្រខ្មែរ ដែលជានិច្ចកាលតែងតែសព្វព្រះរាជហឫទ័យកសាងអាស្រម និងថ្វាយតង្វាយដល់ព្រះនៅអាស្រម ជាក់ស្តែងដូចជា ព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) ដែលបានរៀបរាប់នៅក្នុងអត្ថបទសិលាចារឹកនេះស្រាប់តែម្តង។ ជាពិសេស ទិន្នន័យសិលាចារឹកនេះ យើងពិតជាដឹងយ៉ាងច្បាស់ថា នៅសម័យបុរាណ ភ្នំបាយ៉ង់ គេបានប្រសិទ្ធិនាមទៅជា “ក្រុងរបស់ព្រះសិវ” ដែលជាទេវស្ថានដ៏ស័ក្តសិទ្ធិសម្រាប់ព្រះរាជាជាច្រើនព្រះអង្គ។ ម្យ៉ាងវិញទៀត ប្រវត្តិវិទូជាច្រើនបានស្នើថា “ព្រះបាទធរណិន្រ្ទវម៌្មទេវ (ទី១)” មិនបានសោយរាជ្យនៅរាជធានីអង្គរនោះទេ ពោល គឺទ្រង់សោយរាជ្យនៅរាជធានីមហីធរបុរដែលជាទឹកដីបុព្វបុរសរបស់ទ្រង់។ ប៉ុន្តែ ទោះជាដូច្នេះក្តី នៅដើមរាជ្យរបស់ទ្រង់ (គ.ស.១១០៧) ទ្រង់បានសព្វព្រះរាជហឫទ័យសាងព្រះរាជផលបុណ្យកសាងអាស្រម និងចាត់ចែងមនុស្សបម្រើដល់ព្រះនៅតំបន់ភាគខាងត្បូងប្រទេស (ភ្នំបាយ៉ង់ ខេត្តតាកែវបច្ចុប្បន្ន) ដែលជាទីតាំងមួយស្ថិតនៅសែនឆ្ងាយពីរាជធានីមហីធរបុរ។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads