សារមន្ទីរទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន ។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។