កាតា
From Wikipedia, the free encyclopedia
ប្រទេសកាតា (ភាសាអារ៉ាប់៖ قطر)[10] ដោយមានឈ្មោះជាផ្លូវការថា រដ្ឋកាតា គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះបានគ្របដណ្តប់លើឧបទ្វីបកាតាទាំងមូលដែលមានទីតាំងនៅលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃឧបទ្វីបអារ៉ាប់ ហើយវាមានព្រំដែនគោកតែមួយគត់ជាប់ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង ចំណែកឯទឹកដីទាំងប៉ុន្មានរបស់វាត្រូវបានហ៊ុំព័ទ្ធដោយឈូងសមុទ្រពែក្ស។ ប្រទេសកាតាត្រូវបានបំបែកពីប្រទេសបារ៉ែនដោយឈូងសមុទ្របារ៉ែន ដែលជាច្រកចូលនៃឈូងសមុទ្រពែក្ស។ រាជធានីរបស់កាតាគឺ ទីក្រុងដូហា ដែលត្រូវជាទីលំនៅរបស់ប្រជាជនជាង ៨០% នៃប្រទេសនេះ។
دولة قطر (អារ៉ាប់) | |
---|---|
បាវចនា "الله الوطن الأمير" "ព្រះជាម្ចាស់ ជាតិ អេមារ" | |
ភ្លេងជាតិ السلام الأميري "សុខសន្តិភាពដល់អេមារ" | |
ទីតាំងប្រទេសកាតា (បៃតង) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | ដូហា 25°18′N 51°31′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[1] |
ភាសាទូទៅ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១៥)[2] |
|
សាសនា (ឆ្នាំ ២០២០)[3] |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- អេមារ | តាមីម ប៊ីន ហាម៉ាដ |
- នាយករដ្ឋមន្ត្រី | កាលីដ ប៊ីន កាលីហ្វា |
នីតិបញ្ញត្តិ | សភាប្រឹក្សា |
និម្មិតកម្ម | |
- ទិវាជាតិកាតា | ១៨ ធ្នូ ១៨៧៨ |
- ប្រកាសឯករាជ្យ | ១ កញ្ញា ១៩៧១ |
- ទទួលឯករាជ្យពីសហរាជាណាចក្រ | ៣ កញ្ញា ១៩៧១ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១១,៥៨១ គ.ម២ (ទី១៥៨) |
- ផ្ទៃទឹក (%) | ០.៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ២,៧៩៥,៤៨៤[4] (ទី១៣៩) |
- ជំរឿន (ឆ្នាំ ២០១០) | ១,៦៩៩,៤៣៥[5] |
- ដង់ស៊ីតេ | ១៧៦ នាក់/គ.ម២ (ទី៧៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៣៥៧.៣៣៨ ពាន់លានដុល្លារ[6] (ទី៥១) |
- ក្នុងម្នាក់ | ១៣៨,៩១០ ដុល្លារ[6] (ទី៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ១៨៣.៨០៧ ពាន់លានដុល្លារ[6] (ទី៥៦) |
- ក្នុងម្នាក់ | ៦៦,២០២ ដុល្លារ[6] (ទី៦) |
ជីនី (២០០៧) | ៤១.១[7] មធ្យម |
HDI (២០១៩) | ▬ ០.៨៤៨[8] ខ្ពស់ណាស់ · ទី៤៥ |
រូបិយវត្ថុ | រៀលកាតា (QAR) |
ល្វែងម៉ោង | UTC+៣ (AST) |
ទិសបើកបរ | ស្ដាំ[9] |
កូដហៅទូរស័ព្ទ | +៩៧៤ |
ដែនកម្រិតខ្ពស់ |
|
នៅដើមឆ្នាំ២០១៧ ប្រទេសកាតាមានប្រជាជនសរុបចំនួន ២.៦ លាននាក់ដោយក្នុងនោះមាន ជនជាតិអារ៉ាប់-កាតាប្រហែល ៣១៣,០០០ នាក់ និងជនបរទេសប្រមាណ ២.៣ លាននាក់។[11] ឥស្លាមសាសនាគឺជាសាសនាផ្លូវការរបស់រដ្ឋ។[12] បើនិយាយពីចំណូលប្រជាជនម្នាក់ៗវិញ ប្រទេសនេះមាន ផសស (យអទ) ខ្ពស់បំផុតទីបួននៅលើពិភពលោក។[13] កាតាត្រូវបានអង្គការសហប្រជាជាតិចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សខ្ពស់ និងមានលិបិក្រមអភិវឌ្ឍន៍មនុស្ស (HDI) ខ្ពស់បំផុតទីបីនៅក្នុងពិភពអារ៉ាប់។[14] វាជាប្រទេសសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់ ដោយមានឧស្ម័នធម្មជាតិបម្រុង និងប្រេងបម្រុងធំជាងគេទីបីនៅលើពិភពលោក។[15]
កាតាបានស្ថិតនៅក្រោមរាជវង្សតានីចាប់តាំងពីអង្គក្សត្រមហាម៉េដ ប៊ីន តានីបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអង់គ្លេសនៅក្នុងឆ្នាំ១៨៦៨ ដែលបានទទួលស្គាល់កាតាជាដែនដីដាច់ដោយឡែកពីអង្គភាពដទៃនៅក្នុងតំបន់។ បន្ទាប់ពីរួចផុតពីនឹមត្រួតត្រារបស់អូតូម៉ង់ កាតាបានក្លាយជាអាណាព្យាបាលក្រោមអង់គ្លេសនៅដើមសតវត្សទី២០ រហូតដល់ទទួលបានឯករាជ្យនៅឆ្នាំ១៩៧១។ អេមារបច្ចុប្បន្នគឺ ព្រះអង្គតាមីម ប៊ីន ហាម៉ាដ អាល់ តានីដែលទ្រង់មានអំណាចក្ដោបលើស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិស្ទើរតែទាំងអស់នៅក្រោមរដ្ឋធម្មនុញ្ញនៃរដ្ឋកាតា ក៏ដូចជាអំណាចលើស្ថាប័នតុលាការផងដែរ។[16] ព្រះអង្គមានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ សភាប្រឹក្សាមានអំណាចអាចរារាំងច្បាប់ និងសមត្ថភាពមានកំណត់ក្នុងការដកហូតរដ្ឋមន្ត្រីណាមួយចេញពីតំណែង។
នៅក្នុងសតវត្សទី២១ កាតាបានលេចមុខចេញជាមហាអំណាចដ៏សំខាន់មួយនៅពិភពអារ៉ាប់តាមរយៈធនធាន-ទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ខ្លួន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសកលដ៏ល្បីល្បាញមួយហៅថា Al Jazeera។ កាតាត្រូវបានគេរាយការណ៍ថាជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុក្នុងកិច្ខខិតខំប្រឹងប្រែងគាំទ្រក្រុមឧទ្ទាមមួយចំនួនក្នុងអំឡុងបដិវត្តន៍វស្សានរដូវអារ៉ាប់។[17][18][19] កាតាត្រូវគេបានកំណត់ថាជាប្រទេសមហាអំណាចកណ្តាល។[20][21] ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសកាតា ដែលធ្វើឱ្យវាក្លាយខ្លួនជាប្រទេសឥស្លាម និងអារ៉ាប់ដំបូងគេបង្អស់ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍បាល់ទាត់មួយនេះ។[22] មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០៣០ ក៏នឹងប្រព្រឹត្តដំណើរការឡើងនៅក្នុងប្រទេសកាតាផងដែរ។[23]