ប៉ាឡូ

From Wikipedia, the free encyclopedia

ប៉ាឡូ
Remove ads

ប្រទេសប៉ាឡូ (ភាសាប៉ាឡូBelau) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប៉ាឡូ (Beluu er a Belau) គឺជាប្រទេសកោះមួយ ស្ថិតនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះប្រហែល ៣៤០ ហើយភ្ជាប់នឹងខ្សែសង្វាក់ភាគខាងលិចនៃកោះការ៉ូលីន និងផ្នែកខ្លះនៃសហព័ន្ធរដ្ឋមីក្រូណេស៊ី។ វាមានផ្ទៃដីសរុប ៤៦៦ គីឡូម៉ែត្រក្រឡា។ កោះដែលមានប្រជាជនច្រើនជាងគេគឺ កូរ៉រ។ ចំណែកឯរដ្ឋធានីវិញមានឈ្មោះថា ងេរូលមូដ ដែលមានទីតាំងស្ថិតនៅក្បែរកោះបាបែលដាអូប ក្នុងរដ្ឋមេលីកេអុក។ ប្រទេសប៉ាឡូមាន​ព្រំ​ដែនសមុទ្រ​ជាប់ជាមួយ​ដែនដែនទឹក​អន្តរជាតិ​នៅ​ភាគខាងជើង មីក្រូណេស៊ី​នៅភាគ​ខាងកើត ឥណ្ឌូណេស៊ី​នៅ​ខាងត្បូង និង​ហ្វីលីពីន​នៅទិសពាយព្យ។

ព័ត៌មានសង្ខេប Beluu er a Belau (ភាសាប៉ាឡូ), រដ្ឋធានី ...
Remove ads

នៅចំងាយប្រហែល​៨០០គ.មខាងកើត​ប្រទេសហ្វីលីពីន និង​ចំងាយ​ប្រហែល​៣២០០គ.ម​ខាងត្បូង​ទីក្រុងតូក្យូ។ ប្រទេសនេះ​ផ្ដាច់ខ្លួន​ពី ដែនដីបញ្ញើរបស់អង្គការសហប្រជាជាតិ (គ្រប់គ្រងដោយ​សហរដ្ឋអាមេរិក) នៅឆ្នាំ១៩៩៤។

Remove ads

ប្រវត្តិសាស្ត្រ

បុរេប្រវត្តិ

ជនជាតិប៉ាឡាវ​ដើមដំបូង​ទំនង​ជាមាន​ប្រភព​មកពី​តំបន់​ប៉ូលីនេស៊ី​និង​អាស៊ី

ការកំនត់​កាលបរិច្ឆេទ​តាមអាយុកាល​កាបូន​និង​របកគំឃើញ​ប្រវត្តិសាស្ត្រ​នាពេលថ្មីៗនេះ បានទាញ​ចំណាប់អារម្មណ៍​ពិភពលោក​មកលើ​កោះនេះ។ ផ្នូរ​ទាំងឡាយ​ដែល​គេជីក​នៅលើកោះនេះ បង្ហាញថា​ប៉ាឡាវ​ជាប្រទេស​ដែលមាន​ផ្នូរចាស់​ជាងគេ​នៅអូសេអានី។ មាន​ការខ្វែងគំនិតគ្នា​ពីពេលវេលា​កំណកំណើត​ប្រទេសប៉ាឡាវ ដែលមួយ​ថា​ប្រហែលជា​នៅឆ្នាំ​២៥០០មុនគ.ស និង​មួយទៀត​ថានៅឆ្នាំ១០០០មុនគ.ស។ ការសិក្សា​ថ្មីបំផុត​បានបង្ហាញថា​តួលេខទាំង២នេះមិនត្រឹមត្រូវ​ទាំង២។ សាកសព​មនុស្ស​មានមាឌ​ល្អិតៗ ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ប៉ាឡាវ។

អស់​រយៈពេល​រាប់ពាន់ឆ្នាំ ជនជាតិប៉ាឡាវ​បានកសាង​សង្គម​យ៉ាងរឹងមាំ​មួយ​ដែលយក​ស្ត្រីជាធំ ដែលគេជឿថា​យកគំរូតាម​ជនជាតិជ្វា។ តាមប្រពៃណី ដី ប្រាក់កាស រួមទាំងងារ​ត្រូវបានបន្តវេន​តាម​ខ្សែខាងស្ត្រី។ ដីកុលសម្ព័ន្ធ​នៅតែអនុវត្ត​តាមវិធីនេះ ខណៈ​ប្រព័ន្ធទំនើប​ងាកមកយក​ខាងបុរស​ជាធំវិញ។

ទំនាក់ទំនងជាមួយអឺរ៉ុប

នៅមុន​សតវត្សរ៍ទី១៨ ប៉ាឡាវ​មិនសូវមាន​ទំនាក់ទំនង​​ជាមួយបរទេស ក្រៅពីជាមួយកោះយ៉ាប់​និង​ប្រទេសជ្វាទេ។ ជនជាតិអឺរ៉ុប​ដែលមកដល់មុនគេ​គឺជនជាតិអង់គ្លេស​ឈ្មោះហិនរី វីលសុន ដែលជា​កាពីតែន​នាវា​នាំសាររបស់​ក្រុមហ៊ុនបូព៌ាឥណ្ឌា។ នាវា​របស់គាត់​បានទៅទើរ​នៅក្បែរកោះអ៊ូឡុង​នៅឆ្នាំ១៧៨៣។ គឺវីលសុន​នេះឯង​ដែលបាន​ដាក់ឈ្មោះ​កំរងកោះ​នេះថា​កំរងកោះប៉ាឡាវ

ក្រោមការគ្រប់គ្រងរបស់អេស្ប៉ាញ

នៅចុង​សតវត្សរ៍ទី១៩ ចក្រភពអង់គ្លេស អេស្ប៉ាញ និង ចក្រភពអាល្លឺម៉ង់ បានប្រកាសខ្លួន​ជាម្ចាស់កម្មសិទ្ធ​លើ​កំរងកោះនេះ។ នៅឆ្នាំ១៨៨៥ បញ្ហានេះ​ត្រូវបាន​លើកឡើងទៅ​សម្ដេចប៉ាបឡេអូទី៨ អោយសំរេចចិត្ត។ សម្ដេចប៉ាប​​បានទទួលស្គាល់​ការប្រកាស​របស់​អេស្ប៉ាញ ប៉ុន្តែ​បានផ្ដល់សិទ្ធ​ខាងសេដ្ឋកិច្ច​អោយអង់គ្លេស​និងអាល្លឺម៉ង់។ ប៉ាឡាវ​បានក្លាយជា​ផ្នែកមួយ​របស់​អេស្ប៉ាញបូព៌ាឥណ្ឌី ជាមួយ​កំរងកោះម៉ារីយ៉ាណា កំរងកោះខារ៉ូលីន និងកំរងកោះម៉ាស្សលដែរ។ កំរងកោះទាំងនេះ​ស្ថិតក្រោម​រដ្ឋបាលហ្វីលីពីន។

បន្ទាប់ពីចាញ់​សង្គ្រាមអេស្ប៉ាញ-អាមេរិក នៅឆ្នាំ១៨៩៨ និងបាត់បង់សិទ្ធ​គ្រប់គ្រង​កំរងកោះហ្វីលីពីន អេស្ប៉ាញ​បានលក់​កំរងកោះប៉ាឡាវ​ទៅចក្រភពអាល្លឺម៉ង់ តាមរយៈសន្ធិសញ្ញាអាល្លឺម៉ង់-អេស្ប៉ាញឆ្នាំ១៨៩៩

សម័យអាល្លឺម៉ង់

ក្រោយមក ប៉ាឡាវ​ស្ថិតក្រោមរដ្ឋបាល​ញូហ្គីនេអាល្លឺម៉ង់ ហើយរយៈកាល​នៃ​ការរីកចំរើន​សេដ្ឋកិច្ច​បានចាប់ផ្ដើម។ វិស្វករអាល្លឺម៉ង់​បានចាប់ផ្ដើម​ជីករ៉ែបុកស៊ីត​និងផូស្វាត និងផលិតខូប្រា (ដូងហាល) និងសាគូ នៅលើ​កំរងកោះនេះ។ ប៉ុន្តែអាល្លឺម៉ង់​មិនបានស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​និងផ្ដល់​ការអប់រំ​ដល់ជនជាតិម្ចាស់ស្រុក​ទេ។​ ការគ្រប់គ្រង​របស់អាល្លឺម៉ង់​មានរយៈពេលខ្លី​ត្រឹមតែ១៥ឆ្នាំ​ប៉ុណ្ណោះ។

សម័យជប៉ុន

Thumb
ខូរ៉នៅសម័យជប៉ុន

ក្រោមផ្លាក​សម្ព័ន្ធមិត្តអង់គ្លេស-ជប៉ុន ចក្រភពជប៉ុន​បានប្រកាសសង្គ្រាម​ជាមួយ​ចក្រភពអាល្លឺម៉ង់នៅឆ្នាំ១៩១៤ និងបាន​ចូលឈ្លានពាន​ដែនដីនៅ​មហាសុមុទ្រប៉ាស៊ីហ្វិក​របស់អាល្លឺម៉ង់។ បន្ទាប់ពី​សង្គ្រាម ប៉ាឡាវត្រូវបានប្រគល់​ទៅអោយ​ជប៉ុន តាមការសំរេចចិត្ត​របស់សន្ធិសិទសន្តិភាពក្រុងប៉ារីស

ជប៉ុន​បានបញ្ចូល​កំរងកោះនេះ​ទៅជាផ្នែកមួយ​របស់ចក្រភពខ្លួន ដោយបាន​បង្កើតរដ្ឋាភិប៉ាលណាន់យ៉ូចូ​(南洋庁)​ដោយយកកោះខូរ៉ជារដ្ឋធានី។ ការគ្រប់គ្រង​តាមរបៀបស៊ីវិល​បានចាប់​អនុវត្ត​ពីឆ្នាំ១៩២២។ ជប៉ុន​បានជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ចលនាអត្តោប្រវេសន៍​​ប្រជាជនពី​ជប៉ុន អូគីណាវ៉ា និងកូរ៉េ។ ជនជាតិដើម​ប៉ាឡាវ​បានក្លាយជា​ជនជាតិភាគតិច​នៅលើ​ដែនដីខ្លួនឯង​មួយរំពេច។ អ្នករស់នៅ​ប៉ាឡាវ​៣ភាគ៤​ជា​ជនជាតិជប៉ុន​(ស្ថិតិឆ្នាំ១៩៤៣ក្នុងចំនោមប្រជាជនសរុប​(មិនរាប់កងទ័ពចូល) ៣៣៩៦០នាក់ មានជនជាតិជប៉ុន​២៥០២៦​នាក់ កូរ៉េ​២៤៦០នាក់​ ប៉ាឡាវ​៦៤៧៤នាក់ និងបុព្វជិតសាសនា​ជនជាតិអេស្ប៉ាញ​និង​អាល្លឺម៉ង់​១៨នាក់)។ ជប៉ុន​បានកសាងហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​សាលារៀន​ មន្ទីរពេទ្យ ផ្លូវថ្នល់ជាដើម។ នៅទសវត្សរ៍ឆ្នាំ១៩២០ ខូរ៉ផ្លាស់មុខមាត់​ជាទីក្រុង​ទំនើប​នាសម័យ​នោះ។ ព្រមជាមួយនោះ​ជប៉ុនក៏បាន​ប្រើប្រាស់​ភាសាជប៉ុន​ក្នុងការបង្ហាត់​បង្រៀន​(បញ្ចូល​មនោគមវិជ្ជា?)ដល់​ប្រជាជនប៉ាឡាវផងដែរ។ ជប៉ុន​បានបន្ដ​អាជីវកម្មរ៉ែ​ពីអាល្លឺម៉ង់ និងបង្កើត​រោងចក្រ​ធ្វើត្រីបូនីតូកំប៉ុង​និង​រោងចក្រកែច្នៃខូប្រា។

សម័យសង្គ្រាមលោកលើកទី២

វត្តមាន​ជប៉ុន​បានធ្វើអោយប៉ាឡាវ​ក្លាយជាគោលដៅ​វាយប្រហារ​យ៉ាងសំខាន់​​ពីសំណាក់កងទ័ព​សម្ព័ន្ធមិត្ត​​នៅសម័យ​សង្គ្រាមលោកលើកទី២សមរភូមិប៉េលេល្យូ​​នៅឆ្នាំ១៩៤៤ ជាឆាកប្រយុទ្ធ​យ៉ាងស៊ីសាច់ហុតឈាម​​រវាងកងទ័ពអាមេរិក​និង​ជប៉ុន។ ជ័យជំនេះ​បានទៅលើ​កងទ័ពសម្ព័ន្ធមិត្ត ប៉ុន្តែ​ទាំងសងខាង​បាត់បង់កងទ័ព​ច្រើនដូចគ្នា។ ជនជាតិជប៉ុន​ដែលនៅរស់​ត្រូវបានសង​ទៅជប៉ុន​វិញក្រោយពី​សង្គ្រាមចប់។

សម័យក្រោយសង្គ្រាម

នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានសំរេចអោយ​អាមេរិក​គ្រប់គ្រងរដ្ឋបាល​ប៉ាឡាវ​ក្នុងនាមជាដែនដីបញ្ញើនៃកំរងកោះប៉ាស៊ីហ្វិក។​ នៅឆ្នាំ១៩៧៩ ប្រជាជនប៉ាឡាវ​បានបោះឆ្នោត​ប្រឆាំង​មិនចូលក្នុង​សហព័ន្ធរដ្ឋមីក្រូនេស៊ី ដោយសារ​ភាពខុសគ្នា​ខាងភាសា​និង​វប្បធម៌។ បន្ទាប់ពី​សម័យ​អន្តរកាលយ៉ាងយូរ (រួមទាំងមរណភាព​ដោយអំពើហឹង្សា របស់ប្រធានាធិបតី២រូប គឺលោក ហារឹអុ រេមេលីក នៅឆ្នាំ១៩៨៥ និងលោក ឡាហ្សារុស សាលី នៅឆ្នាំ១៩៨៨) បាឡាវ​បានបោះឆ្នោត​នៅឆ្នាំ១៩៩៤ ជ្រើសយកឯករាជ្យភាព​និងភ្ជាប់ខ្លួនជាមួយអាមេរិក។

Remove ads

នយោបាយ និងរដ្ឋាភិបាល

នយោបាយ​ប៉ាឡាវ​អនុវត្តលទ្ធិពហុបក្ស​។ ប្រទេសនេះ​ជាសាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាស្រ័យសភា​និងប្រធានាធិបតី។ ប្រធានាធិបតីប៉ាឡាវ​ជាប្រមុខរដ្ឋ​ផងនិងជា​ប្រមុខរដ្ឋាភិបាលផង។ អំនាចនីតិប្រតិបត្តិ​ជារបស់រដ្ឋាភិបាល ខណៈ​អំនាចនីតិបញ្ញតិ្ត​ជារបស់រដ្ឋាភិបាលផង​និងជារបស់​សភាជាតិប៉ាឡាវផង។ អំនាចតុលាការ​ស្ថិតនៅឯករាជ្យ​ពីអំនាចទាំង២នេះ។ ប៉ាឡាវ​បង្កើត​រដ្ឋធម្មនុញ្ញ​ផ្ទាល់ខ្លួន​នៅឆ្នាំ១៩៨១។

ប្រធានាធិបតី​មានអាណត្តិ៤ឆ្នាំ។ សភាជាតិ​មាន២ ​(សភាជាន់ទាប​មានតំណាងរាស្ត្រ១៦រូប និង​សភាជាន់ខ្ពស់​មានតំណាងរាស្ត្រ៩រូប) មានអាណត្តិ៤ឆ្នាំដែរ។ នយោបាយ​បច្ចុប្បន្ន​ជួប​ប្រទះនឹង​បញ្ហាអាមេរិក​បញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​នៅឆ្នាំ២០០៩។

ទំនាក់ទំនងជាមួយអាមេរិក

ប៉ាឡាវ​ភ្ជាប់ទំនាក់ទំនង​ផ្នែករដ្ឋាភិបាល​ សេដ្ឋកិច្ចនិងសន្តិសុខ យ៉ាងសេរីនិងដោយស្ម័គ្រចិត្ត​ជាមួយ​សហរដ្ឋអាមេរិក។ ប៉ាឡាវ​មិនមាន​យោធា​ផ្ទាល់ខ្លួនទេ ហេតុនេះ​សន្តិសុខជាតិ​ត្រូវពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការការពារពីអាមេរិក។ តាមកិច្ចព្រមព្រៀង យោធាអាមេរិក​មានសិទ្ធចូល​ប្រទេសនេះ​ក្នុងរយៈពេល៥០ឆ្នាំ​(គិតចាប់ពីឆ្នាំ១៩៩៤)។ តួនាទី​កងទ័ពជើងទឹកអាមេរិក​​គឺតិចណាស់។ មានតែ​ក្រុមវិស្វករសាងសង់ជើងទឹក​មួយក្ដាប់តូចប៉ុណ្ណោះមានសកម្មភាព។ ប៉ុន្តែ​កងរក្សាសន្តិសុខ​សមុទ្រ​របស់អាមេរិក​​ពិតជាមាន​សារៈសំខាន់​ណាស់​ក្នុងការល្បាតផ្ទៃទឹក។

ទំនាក់ទំនងអន្តរជាតិ

ក្នុងនាមជា​ប្រជាជាតិឯករាជ្យ ប៉ាឡាវ​បានធ្វើ​ទំនាក់ទំនង​អន្តរជាតិ​ដោយខ្លួនឯង។ បន្ទាប់ពីឯករាជ្យជាតិ ប៉ាឡាវ​បានចង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មួយចំនួន រួមទាំង​បណ្ដា​ប្រទេសជិតខាង នៅប៉ាស៊ីហ្វិក។ ប៉ាឡាវ​ចូលជា​សមាជិក​អ.ស.បនៅថ្ងៃទី១៥ ធ្នូ ១៩៩៤ និងចូលជា​សមាជិក​អង្គការអន្តរជាតិ​ជាច្រើនទៀត។ នៅខែសីហា ២០០៦ ប៉ាឡាវ​បានធ្វើ​ជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​របស់ប្រទេស​នៅប៉ាស៊ីហ្វិក​និងតៃវ៉ាន់។

បំណែងចែករដ្ឋបាល

Thumb
រដ្ឋទាំង១៦របស់ប៉ាឡាវ

ប៉ាឡាវផ្សំឡើង​ដោយកោះតូចធំ​ប្រហែល២០០កោះ ដែលក្នុងនោះមានកោះតែមិនដល់១០ផង​ដែលមានមនុស្សរស់នៅ។ ប៉ាឡាវចែកចេញជា១៦រដ្ឋ ដូចខាងក្រោម៖

ព័ត៌មានបន្ថែម ឈ្មោះរដ្ឋ (ជាភាសាអង់គ្លេស), ឈ្មោះរដ្ឋ (ជាភាសាខ្មែរ) ...
Remove ads

ភូមិវិទ្យា

Thumb
ផែនទីសាធារណរដ្ឋប៉ាឡាវ

កោះ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​គឺកោះអាំងហ្គួរ កោះបាបែលដាអុប កោះខូរ៉ និងកោះប៉េឡេល្យូ។ ប្រជាជន​២ភាគ៣​រស់នៅខូរ៉។ កាយ៉ាងហ្គែល​ជាអាតុល (កងល្បាប់ផ្កាថ្ម) ស្ថិតនៅ​ខាងជើង​កោះទាំងនេះ។ ក្រុមកោះរ៉ក់ (មានប្រហែល​២០០កូនកោះ) ដែលនៅខាងលិចកោះសំខាន់ៗ គ្មានមនុស្ស​រស់នៅទេ។ រដ្ឋហាតុហូបេនិងរដ្ឋសុនសូរ៉ូល ជាបណ្ដុំកោះ៦​នៅចំងាយ៦០០គ.ម​ភាគនិរតី​នៃកោះសំខាន់ៗ។

អាកាសធាតុ

ប៉ាឡាវ​មានអាកាសធាតុ​ត្រូពិច​​ពេញមួយឆ្នាំ។ សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ​ប្រហែល​២៨ °C។ ភ្លៀង​អាចធ្លាក់​ពេញមួយឆ្នាំ ជាពិសេស​នៅចន្លោះ​ខែកក្កដា​ទៅខែតុលា។ សំណើមមធ្យម​ប្រចាំឆ្នាំ​ខ្ពស់ដល់ទៅ​៨២% ហើយ​កំពស់ទឹកភ្លៀង​មានដល់ទៅ​៣៨០០មម។ ព្យុះទីហ្វុង​មិនសូវមានទេ ដោយសារ​ប៉ាឡាវ​ស្ថិតនៅក្រៅ​តំបន់ខ្យល់ព្យុះនេះ។

បរិស្ថាន

បរិស្ថាន​ធម្មជាតិ​ប៉ាឡាវ​​មិនទាន់មាន​ការបំផ្លិចបំផ្លាញ​​ច្រើនទេ។ ប៉ុន្តែ​នៅតែមាន​បញ្ហា​គួរបារម្ភ​មួយចំនួន​ដែរដូចជា​ការនេសាទ​ខុសច្បាប់​ដោយប្រើ​គ្រាប់បែក ការគ្រប់គ្រង​កាកសំនល់រឺង​មិនសមរម្យ​នៅខូរ៉ និងការបាខ្សាច់​និង​ផ្កាថ្ម​ពីក្នុងឡាហ្គូន (បឹងក្នុងសមុទ្រ)។ ដូចបណ្ដា​ប្រទេសកោះ​នៅប៉ាស៊ីហ្វិក​ដទៃដែរ កំនើន​កំពស់ទឹកសមុទ្រ​ជាការគំរាមគំហែង​​បរិស្ថាន​ដ៏ធ្ងន់ធ្ងរ​បំផុត។ ទឹកសមុទ្រ​ដែលគ្របលើ​តំបន់រាក់ៗ​​មានឥទ្ធិពល​ទៅលើការកសិកម្មដាំដុះ​នៅតាមឆ្នេរ​​ព្រមទាំងភាពសុទ្ធ​របស់​ទឹកសាប​​សំរាប់ផ្គត់ផ្គង់​នៅទូទាំង​ប្រទេសដែរ។ ប៉ាឡាវ​មានបញ្ហា​ក្នុងការផ្គត់ផ្គង់​ទឹកសាប​និងទំហំដីកសិកម្មតូច​ប្រៀបធៀប​នឹងចំនួនប្រជាជន។ ប្រទេសនេះ​ឧស្សាហ៍ជួប​នឹងរញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះត្រូពិចផងដែរ។ ការគ្រប់គ្រង​ទឺកស្អុយ​និង​កាកសំនល់ពុល​ចេញពីជីគីមី​និងថ្នាំសំលាប់​សត្វល្អិត​ក៏ជា​កង្វល់មួយដែរ។

នៅថ្ងៃទី២៥ កញ្ញា ២០០៩ ប៉ាឡាវ​បានប្រកាស​បង្កើតតំបន់អភិរក្សត្រីឆ្លាម​ទី១នៅលើពិភពលោក។ ប៉ាឡាវ​បានហាមប្រាម​​ការនេសាទ​ត្រីឆ្លាម​ជាលក្ខណៈ​​អាជីវកម្ម។ តំបន់​អភិរក្សនេះ​នឹងជួយការពារ​​ផ្ទៃសមុទ្រ​ប្រហែល៦សែនគ.ម (ប្រហែល​ផ្ទៃដី​ប្រទេសបារាំង)។ ប៉ាឡាវ​ក៏អំពាវនាយ​អោយសហគមន៍​អន្តរជាតិ​ធ្វើការហាមប្រាម​ការនេសាទ​​ត្រីឆ្លាម​ផងដែរ។

ក្រពើទឹកប្រៃ មានឃើញ​ច្រើននៅប៉ាឡាវ។ វាច្រើន​រស់នៅតាម​ព្រៃកោងកាង​និងផ្នែកខ្លះ​នៃក្រុមកោះរ៉ក់។ ក្រពើទឹកប្រៃ​ជាសត្វមាន​គ្រោះថ្នាក់ខ្លាំង​ចំពោះមនុស្ស ប៉ុន្តែ​គេទើបតែ​ឃើញមាន​ករណី​វាយប្រហារ​មកលើ​មនុស្ស​តែម្ដង​ប៉ុណ្ណោះ​​គឺនៅ​ទសវត្សរ៍ឆ្នាំ៦០។ ក្រពើ​ដែលធំជាងគេ​នៅប៉ាឡាវ​មានប្រវែងធំ​ដល់ទៅ៤,៥ម ប៉ុន្តែ​ត្រូវគេចាត់ទុក​ជាទំហំមធ្យម​បើប្រៀបធៀប​ជាមួយ​ប្រភេទក្រពើដទៃ (ក្រពើនៅ​អូស្ត្រាលី​ដែលមាន​ប្រវែងលើស៦ម មិនមែន​ជារឿងចំលែកទេ)។

Remove ads

សេដ្ឋកិច្ច

សេដ្ឋកិច្ច​ប៉ាឡាវ​​ពឹងផ្អែក​ជាចំបង​ទៅលើ​វិស័យ​​ទេសចរណ៍ កសិកម្មមួយចំអែតក្រពះ និងការនេសាទ។ សកម្មភាពទេសចរណ៍​សំខាន់ៗ​មានការជ្រមុជទឹកសមុទ្រ​​និង​ការជ្រមុជទៅបាតសមុទ្រ។ រដ្ឋាភិបាល​ជានិយោជក​ដ៏សំខាន់​លើកំលាំង​ពលកម្ម ដោយពឹងផ្អែក​លើជំនួយ​ហិរញ្ញវត្ថុ​ពីអាមេរិក។ ចំនួនទេសចរណ៍​ដែលចូលមកលេង​មានប្រហែល​៥ម៉ឺននាក់​នៅឆ្នាំរដ្ឋបាល២០០០/២០០១។ ប្រាក់ចំណូល​សំរាប់ប្រជាជនម្នាក់ ស្មើនឹង២ដងធៀបនឹងហ្វីលីពីន និងច្រើនដាច់ធៀបនឹងមីក្រូនេស៊ី។ ការពង្រីក​ចរចរណ៍​តាមផ្លូវអាកាស​នៅប៉ាស៊ីហ្វិក រួមទាំង​កំនើន​វិបុលភាព​របស់បណ្ដាប្រទេស​នៅអាស៊ីខាងកើត និងការបោះវិនិយោគ​ពីបរទេស​លើហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ បានជួយទ្រទ្រង់​និងផ្ដល់ក្ដីសង្ឃឹម​រយៈពេលវែង​​ដល់វិស័យ​ទេសចរណ៍​ដ៏សំខាន់នេះ។

សេដ្ឋកិច្ចប៉ាឡាវមាន​តួលេខ​ក្រហម(រកស៊ីខាត)។ នៅឆ្នាំ២០០០ ប៉ាឡាវនាំចេញប្រហែលបានតែ​១៨លានដុល្លា ប៉ុន្តែ​នាំចូល​ដល់ទៅ​៩៦លានដុល្លា។ ផលិតផលនាំចេញ​សំខាន់ៗ​មានត្រីធូណា ខូប្រា និងសិប្បកម្ម។ ផលិតផលនាំចូលសំខាន់ៗមាន គ្រឿងយន្ត(២៤,២%) វត្ថុធាតុដើម(១៩,០%) ម្ហូបអាហារ(១៥,២%) អេឡិចត្រូនិច(១៣,៣%) ឥន្ធនៈ(១០,៤%)។ ប្រទេសដើមនាំចូលសំខាន់ៗមាន អាមេរិក(៣៩,៣%) ហ្គ័ម(១៤,០%) ជប៉ុន(១០,២%) សិង្ហបុរី(៧,៧%) កូរ៉េខាងត្បួង(៦,៤%)។

នៅខែកក្កដាឆ្នាំ២០០៤ ក្រុមហ៊ុនអាកាសចរណ៍ប៉ាឡាវមីក្រូនេស៊ី បានចាប់បំរើ​សេវា​ពីប៉ាឡាវទៅ កោះយ៉ាប់ ហ្គ័ម មីក្រូនេស៊ី សៃប៉ាន អូស្ត្រាលី និង ហ្វីលីពីន។ ក្រុមហ៊ុននេះ​ផ្ដល់សេវា​ក្នុងតំលៃទាប​ដើម្បី​​ប្រកួតប្រជែង​ជាមួយ​ ក្រុមហ៊ុនអាកាសចរណ៍កុងទីណង់តាល់មីក្រូនេស៊ី​។ ប៉ុន្តែក្រុមហ៊ុននេះ​បានបញ្ចប់​ប្រតិបត្តិការ​នៅខែធ្នូ​ឆ្នាំដដែល ដោយសារ​តំលៃប្រេង​ឡើងថ្លៃ។ ក្រុមហ៊ុននេះ​មិនទាន់ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញឡើយ ប៉ុន្តែ​បានចងសម្ព័ន្ធភាព​ប្រើលេខកូដរួម​ជាមួយក្រុមហ៊ុនអាកាសចរណ៍អេស៊ានស្ពីរីត (ក្រុមហ៊ុន​អាកាសចរណ៍​ដែលរត់ផ្លូវ​អាកាស​ប៉ាឡាវ-ហ្វីលីពីន)។

ពន្ធអាករ​មាន​កំរិតមធ្យម។ អត្រាពន្ធ​លើចំណូល​ចែកជា៣ដំណាក់ (៩,៣% ១៥% ១៩,៦%) អត្រាពន្ធ​លើសហគ្រាស៤% និងអត្រាពន្ធ​លើចំណាយ៧,៥%។ គ្មានពន្ធ​លើអចលនវត្ថុទេ។

Remove ads

ប្រជាសាស្ត្រ

ប្រជាជន​ប៉ាឡាវ​មានប្រហែល ២១០០០នាក់ ដែលក្នុងនោះ​៧០%ជា​ជនជាតិប៉ាឡាវដើម។ ជនជាតិទាំងនោះ​ជាកូនចៅកាត់​ចំរុះ​ជនជាតិមេឡានេស៊ី មីក្រូនេស៊ី និងម៉ាឡេ។ ជនជាតិប៉ាឡាវ​ជាច្រើន​​មានកាត់ខ្សែស្រឡាយ​អាស៊ីខ្លះដែរ ដែលជាលទ្ធផល​បានពីអាពាហ៍ពិពាហ៍​​ឆ្លងសាសន៍​រវាង​​ជនចំនួលស្រុក​និងជនជាតិប៉ាឡាវ​​នៅចន្លោះ​សតវត្សរ៍ទី​១៩​និងទី២០។ ជនជាតិប៉ាឡាវ​ខ្សែជប៉ុន​​មានច្រើនជាងគេ បន្ទាប់មក​ខ្សែហ្វីលីពីន ខ្សែចិន និង ខ្សែកូរ៉េ។

ភាសាផ្លូវការ​នៅប៉ាឡាវគឺ​ភាសាប៉ាឡាវ​និងភាសាអង់គ្លេស លើកលែងតែនៅរដ្ឋ២ (រដ្ឋហាតុហូបេ​និង​រដ្ឋសុងសូរ៉ូល) ដែលនៅទីនោះ​ភាសាតំបន់​ក៏ចាត់ទុកជា​ភាសាផ្លូវការដែរ។ ភាសាជប៉ុន​ត្រូវបានប្រើ​ក្នុងចំនោម​ជនជាតិប៉ាឡាវ​​ចំណាស់ៗ និងជាភាសាផ្លូវការ​នៅរដ្ឋអាំងហ្គួរ។ ភាសាតាហ្គាលោក​មិនមែនជា​ភាសាផ្លូវការ​នៅប៉ាឡាវទេ ប៉ុន្តែក៏​ជាភាសា​និយាយធំទី៤​នៅប៉ាឡាវដែរ។

៣ភាគ៤​នៃប្រជាជនប៉ាឡាវ​​កាន់សាសនាគ្រឹស្ដ (ភាគច្រើនកាន់​និកាយរ៉ូម៉ាន់កាតូលិក​​និង​​និកាយប្រូតេស្ដង់) ប៉ុន្តែ​គេក៏​ឃើញមាន​អ្នកកាន់​សាសនាម៉ូដេកង៉េ ​(បន្សំរវាងសាសនាគ្រឹស្ត​និង​សាសនា​ប្រពៃណី​របស់ប៉ាឡាវ​និងការទស្សន៍ទាយ) និងសាសនាប៉ាឡាវ​បុរាណច្រើន​ផងដែរ។ តាមការធ្វើ​ជំរឿនឆ្នាំ​២០០៥ ប្រជាជន៤៩,៤%​កាន់សាសនាគ្រឹស្ដ​និកាយរ៉ូម៉ាន់កាតូលិក ២១,៣%កាន់​សាសនាគ្រឹស្ត​និកាយប្រូតេស្តង់ ៨,៧%កាន់​សាសនាម៉ូដេង៉េ និង ៥,៣%កាន់​សាសនាគ្រឹស្ត​និកាយអេដវិនទីស៧ថ្ងៃ។ មានសហគមន៍​សាសនាជ្វីហ្វ​តូចមួយ​ដែរនៅប៉ាឡាវ។

គមនាគមន៍

អាកាសយានដ្ឋានអន្តរជាតិប៉ាឡាវ​ផ្ដល់ជើងហោះហើរ​ប្រចាំ​ទៅកាន់​ហ្គ័ម​និង​ម៉ានីល។ កំពង់ផែ​សំខាន់​គឺកំពង់ផែម៉ាឡាខល ដែលជា​ញឹកញាប់បាន​ទទួលការចត​នាវាដឹកទំនិញ នាវាយោធា និងនាវាទេសចរណ៍ផងដែរ។ ប៉ាឡាវ​គ្មានផ្លូវដែកទេ ហើយពាក់កណ្ដាល​នៃផ្លូវថ្នល់​ទាំងអស់​មិនមានចាក់​កៅស៊ូឡើយ។ គេបើកបរ​ប្រកាន់ស្ដាំ ហើយ​ល្បឿនអតិបរមា​គឺ ៤០គ.ម/ម៉ោង។ តាក់ស៊ី​មានរត់តែនៅ​ខូរ៉ទេ (មិនមែនជា​តាក់ស៊ីម៉ែតទេ ហេតុនេះ​គេអាចតថ្លៃបាន)។ មានតែនៅ​ខូរ៉ប៉ុណ្ណោះ​ដែលមាន​សេវា​ឡានក្រុង​រត់។ ការធ្វើដំណើរ​​រវាងកោះ​នានា​ពឹងផ្អែក​ជាសំខាន់​​ទៅលើ​ទូក​និង​កាណូតឯកជន និងសេវា​ផ្លូវអាកាស​ក្នុងស្រុក។

ថ្ងៃបុណ្យជាតិប្រចាំឆ្នាំ

ព័ត៌មានបន្ថែម ថ្ងៃខែ, ជាភាសាអង់គ្លេស ...
Remove ads

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads