សាធារណរដ្ឋបារាំងទីមួយ
របបសាធារណរដ្ឋនៅបារាំង, ១៧៩២–១៨០៤ From Wikipedia, the free encyclopedia
Remove ads
នៅក្នុងប្រវត្តិសាស្ត្របារាំង សាធារណរដ្ឋទីមួយ (ភាសាបារាំង៖ Première République) ឬនៅក្នុងឯកសារប្រវត្តិសាស្ត្រខ្លះ គេហៅ បារាំងបដិវត្តន៍ និងមានឈ្មោះផ្លូវការថា សាធារណរដ្ឋបារាំង (ភាសាបារាំង៖ République française) គឺត្រូវបានប្រកាសស្ថាបនាឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ក្នុងអំឡុងបដិវត្តន៍បារាំង។ អត្ថិភាពនៃរបបសាធារណរដ្ឋទីមួយនេះបានបន្តរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ នៅពេលដែលណាប៉ូលេអុងបូណាប៉ារត៍បានប្រកាសបង្កើតរបបចក្រភពបារាំងឡើង។
របបសាធារណរដ្ឋទីមួយមានប្រភពចេញកិច្ចប្រជុំលើកទីមួយរវាងសមាជិកសភាអនុសញ្ញានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ហើយជាលទ្ធផល ពួកគេបានសម្រេចជាឯកច្ឆ័ន្ទលើការរំលាយរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសបារាំង។[១] ថ្វីបើរបបសាធារណរដ្ឋមិនទាន់ត្រូវបានគេប្រកាសជាផ្លូវការនៅថ្ងៃលុបរបបរាជានិយមនោះមែន ប៉ុន្តែនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៧៩២ គេក៏បានប្រកាសកំណត់ជាថ្ងៃកំណើតថ្មីនៃប្រទេសបារាំង ពោលគឺចាប់ផ្ដើមឆ្នាំទីមួយនៃសាធារណរដ្ឋ។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៧៩២ ទើបគេបានប្រកាសរបបសាធារណរដ្ឋបារាំងជាផ្លូវការ និងជារបប "តែមួយ និងមិនអាចបំបែកបាន" ។ នៅចន្លោះឆ្នាំ១៧៩២ ដល់ឆ្នាំ១៨០២ បារាំងបានធ្លាក់ក្នុងសឹកសង្រ្គាមជាមួយបណ្ដាប្រជាជាតិអឺរ៉ុបស្ទើរទាំងមូល ហើយក៏ត្រូវប្រឈមនឹងជម្លោះផ្ទៃក្នុងផងដែរ ដូចជាសង្គ្រាមនៅវ៉ង់ឌីជាដើម។
សម័យកាលមួយនេះមានរាប់ព្រឹត្តិការណ៍សំខាន់ធំៗជាច្រើនដូចជា ការដួលរលំ និងការលុបបំបាត់របបរាជាធិបតេយ្យបារាំង[២] ការបង្កើតអនុសញ្ញាជាតិ និងរជ្ជកាលសប្បដិភ័យ ប្រតិកម្មទែរមីដឺរ និងជាចុងក្រោយគឺការបង្កើតស្ថានកុងស៊ុលឡើង ដែលបានបើកផ្លូវឱ្យណាប៉ូលេអុងឡើងកាន់អំណាចជាមេដឹកនាំនៃប្រជាជាតិបារាំងថ្មី។
Remove ads
ទីបញ្ចប់នៃរបបរាជាធិបតេយ្យបារាំង
នៅក្រោមសភានីតិប្បញ្ញត្តិ ដែលជាស្ថាប័នកាន់អំណាចមុនការប្រកាសរបបសាធារណរដ្ឋឡើង ប្រទេសបារាំងបានកំពុងត្រូវជាប់ក្នុងសង្រ្គាមជាមួយព្រុស និងអូទ្រីស។ នៅខែកក្កដា ឆ្នាំ១៧៩២ ពញាក្សត្រប៊្រូនស្វីគ ព្រះអង្គម្ចាស់ឆាលស៍ វីល្លៀម ហ្វែឌីណង់ និងជាអគ្គមេបញ្ជាការនៃកងទ័ពចម្រុះព្រុស-អូទ្រីស បានប្រកាសចេញនូវនិវេទន៍ប័ណ្ណប៊្រូនស្វីគដោយក្នុងនោះព្រះអង្គបានថ្លែងថាទ្រង់នឹងលើកទ័ពទៅកម្ទេចទីក្រុងប៉ារីសឱ្យរលាយប្រសិនបើមានគ្រោះអ្វីមួយកើតឡើងចំពោះព្រះមហាក្សត្របារាំងព្រះបាទល្វីទី១៦។
សេចក្ដីគម្រាមកំហែងដោយបរទេសបែបនេះបានធ្វើឱ្យស្ថានការណ៍នយោបាយនៅបារាំងកាន់តែមានភាពយ៉ាប់យ៉ឺនធ្ងន់ធ្ងរបន្ថែម និងបានធ្វើឱ្យក្រុមបដិតវត្តន៍នីមួយៗកាន់តែខឹងនិងស្អប់ស្ដេចខ្លួនកាន់តែច្រើនឡើងផងដែរ។ នៅក្នុងកំឡុងកុបកម្ម ១០ សីហា ១៧៩២ មហាជននៅប៉ារីសបាននាំគ្នាសម្រុកវាយចូលវិមានធុយឡឺរី ដោយបានសម្លាប់ឆ្មាំស្វីសរបស់ព្រះមហាក្សត្របារាំងចំនួនប្រាំមួយរយនាក់ ហើយបានទាមទាដកអំណាចព្រះមហាក្សត្រទាំងស្រុងតែម្តង។[៣]
ក្រុមអ្នកបដិវត្តន៍ជាបន្ទាប់ក៏កើតការភ័យខ្លាចបារម្ភពីសកម្មភាពប្រឆាំងនឹងបដិវត្តន៍របស់ពួកគេ ដែលជាហេតុជំរុញឱ្យពួកគេប្រព្រឹត្តិអំពើហិង្សាសាហាវជាងមុនទ្វេដង។ នៅក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ឆ្នាំ១៧៩២ ប្រជាជនប៉ារីសមួយហ្វូងធំបានវាយសន្ធប់ចូលទៅក្នុងពន្ធនាគារក្នុងទីក្រុងពួកគេ ហើយនៅក្នុងនោះ ពួកគេបាននាំគ្នាចាប់សម្លាប់អ្នកទោសប្រមាណជាងពាក់កណ្តាលមានដូចជា អ្នកអភិជន បព្វជិតសាសនា និងអ្នកទោសនយោបាយផ្សេងៗ ប៉ុន្តែក្នុងនោះក៏រួមមានឧក្រិដ្ឋជនសាមញ្ញៗផងដែរដូចជា ស្រីពេស្យា និងចោរលួចឆក់ប្លន់ជាដើម។ អ្នកទោសរងគ្រោះទាំងនោះភាគច្រើនត្រូវបានគេសម្លាប់នៅក្នុងបន្ទាប់ឃុំឃាំងរបស់ពួកគេដោយការចាក់សម្លាប់ ឬរំលោភសម្លាប់។ ព្រឹត្តិការណ៍មួយនេះត្រូវបានគេស្គាល់ថា ការសម្លាប់រង្គាលខែកញ្ញា។[៤]
Remove ads
អនុសញ្ញាជាតិ (១៧៩២–១៧៩៥)

ជាលទ្ធផលនៃកំណើនហិង្សាសាធារណៈ និងអស្ថិរភាពនយោបាយក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សមាជិកសភានីតិប្បញ្ញត្តិបារាំងចំនួនប្រាំមួយរូបត្រូវបានផ្ដល់ភារកិច្ចត្រួតពិនិត្យរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុត។ ដូច្នេះ អនុសញ្ញាជាតិក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងចំនួនពីរគឺ រំលាយរបបរាជាធិបតេយ្យ និងសរសេររដ្ឋធម្មនុញ្ញថ្មី។
ការងារដំបូងរបស់អនុសញ្ញាជាតិនោះគឺស្ថាបនារបបសាធារណរដ្ឋឡើង និងដកហូតរាល់អំណាចនយោបាយទាំងប៉ុន្មានពីព្រះមហាក្សត្រ។ ក្រោយពីត្រូវគេដកហូតរាជអំណាចអស់ ព្រះបាទល្វីទី១៦ ក៏បានធ្លាក់ខ្លួមមកត្រឹមតែជាប្រជាជនសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយជាបន្ទាប់ គេក៏បានដំណើរការវិនិច្ឆ័យទោសព្រះអង្គពីបទឧក្រិដ្ឋកម្មក្បត់ជាតិធ្ងន់ធ្ងរ ដែលបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ១៧៩២។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៧៩៣ គេក៏បានកាត់ទោសប្រហារជីវិតទ្រង់ ហើយនៅថ្ងៃទី២១ ខែមករា ព្រះអង្គក៏ត្រូវបានគេប្រហារជីវិត។[៥]
ពេញមួយសិសិររដូវឆ្នាំ១៧៩២ និងវស្សានរដូវឆ្នាំ១៧៩៣ ដោយរងការអត់ឃ្លានធ្ងន់ធ្ងរ ប្រជាជននៅទីក្រុងប៉ារីសក៏បានចេញទៅទីសាធារណៈដើម្បីធ្វើកុបកម្មទាមទារស្បៀងអាហារ។ អនុសញ្ញាជាតិដែលកំពុងជាប់ការងាររឿងសង្គ្រាម មិនបានយកចិត្តទុកដាក់មើលប្រជាជនខ្លួនឡើយ។ ទីបំផុតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៧៩៣ អនុសញ្ញាក៏បានបង្កើតគណៈកម្មាធិការសុវត្ថិភាពសាធារណៈឡើងដើម្បីដោះស្រាយនឹងចលាចលដែលកំពុងកើតមានឡើងពេញផ្ទៃប្រទេសដូចជា ចលនាមូលវិវត្តរបស់ក្រុមអង់រ៉េជី កង្វះស្បៀងអាហារ និងសកម្មភាពបះបោរផ្សេងៗដូចជានៅវ៉ង់ឌី និងនៅប្រឺតាញី ក៏ដូចជាស៊ើបរកមូលហេតុបរាជ័យយោធាក្នុងសមរភូមិប្រយុទ្ធថ្មីៗ និងការរត់ចោលជួរដោយមេបញ្ជាការបារាំងមួយចំនួន។[៦]
ដើម្បីធ្វើឱ្យប្រជាជនមានការអត់ធ្មត់គោរពកោតខ្លាចអាជ្ញាធរថ្នាក់ដឹកនាំនិងដើម្បីស្ដារសណ្ដាប់ធ្នាប់សាធារណៈឡើងវិញ គណៈកម្មាធិការសុវត្ថិភាពសាធារណៈថ្មីនេះបានដាក់ចេញនូវគោលនយោបាយសប្បដិភ័យ ពោលគឺការចាប់រាល់បុគ្គលណាដែលគេគិតថាមានបំណង ឬឆន្ទៈប្រឆាំងនឹងសាធារណរដ្ឋទៅប្រហារជីវិតដោយការកាត់ក្បាល។ សម័យកាលក្រោមគណៈកម្មាធិការមួយនេះត្រូវបានគេនិយមស្គាល់ថា រជ្ជកាលសប្បដិភ័យ។[៧]
នៅក្នុងខែមិថុនា ឆ្នាំ១៧៩៣ អនុសញ្ញាបានព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានមហាជនបោះឆ្នោតផ្តល់សច្ចាប័ននៅដើមខែសីហា។ ប៉ុន្តែយ៉ាងណា គណៈកម្មាធិការសុវត្ថិភាពសាធារណៈដែលត្រូវបានគេមើលឃើញថាជារដ្ឋាភិបាល "អាសន្ន" នោះបានសម្រេចព្យួរនូវសិទ្ធិបុគ្គលដែលបានធានាដោយសេចក្តីប្រកាសឆ្នាំ១៧៨៩ ស្តីពីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ និងរួមទាំងរដ្ឋធម្មនុញ្ញថ្មីរបស់អនុសញ្ញាផងដែរដើម្បីបន្តអនុវត្តគោលនយោបាយបែបសប្បដិភ័យរបស់ខ្លួន។
រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋមិនបានចែងច្បាស់ថាតើស្ថាប័នណាជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលផ្លូវការនោះទេ។ យោងតាមច្បាប់អន្តរជាតិ យើងអាចសន្និដ្ឋានបានថា ប្រធានអនុសញ្ញាជាតិគឺជាប្រមុខរដ្ឋបារាំងនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៧៩៣។ ប៉ុន្តែក្រឡេកមកមើលការអនុវត្តជាក់ស្ដែង ថ្នាក់ដឹកនាំបារាំងនាពេលនោះត្រូវបានផ្លាស់ប្តូរស្ទើរតែជារៀងរាល់ពីរសប្តាហ៍ម្តង ដែលនាំឱ្យអនុសញ្ញាជាតិពិបាកយកជាការណ៍បាន។
Remove ads
នាយកាល័យ (១៧៩៥–១៧៩៩)
បន្ទាប់ពីការចាប់ខ្លួននិងការប្រហារជីវិតលោករ៉ូបេស្ពែរនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧៤ សមាគមនយោបាយចាកូបង់ស៍ក៏ត្រូវបានរំសាយចោល បើកផ្លូវឱ្យក្រុមជីអ៊ុងដាំងឡើងកាន់អំណាចវិញ។ មួយឆ្នាំក្រោយមក អនុសញ្ញាជាតិក៏បានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំទីបី។ ក្រុមដឹកនាំថ្មីបានស្ដារសេរីភាពសាសនាឡើងវិញ ចាប់ផ្ដើមដំណើរការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ហើយសំខាន់បំផុតនោះគឺបានផ្ដួចផ្ដើមការបោះឆ្នោតជ្រើសរើសតំណាងនីតិប្បញ្ញត្តិថ្មី។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៧៩៥ នាយកាល័យ (Directoire) ត្រូវបានបង្កើតឡើង។ នៅក្រោមប្រព័ន្ធថ្មីនេះ ប្រទេសបារាំងគឺប្រកាន់ប្រព័ន្ធសភាពីរថ្នាក់ដោយមានសភាជាន់ខ្ពស់ហៅថា ព្រឹទ្ធក្រុមប្រឹក្សា (មានសមាជិក ២៥០ នាក់) និងសភាជាន់ទាបហៅថា ក្រុមប្រឹក្សាប្រាំរយរូប បូករួមទាំងស្ថាប័នប្រតិបត្តិសមូហភាពដែលមានសមាជិកប្រាំនាក់ហៅថា នាយកាល័យ នេះឯង។ ដោយសារតែអស្ថិរភាពផ្ទៃក្នុងដែលបណ្តាលមកពីអតិផរណាខ្ពស់ប្រមាណ[៨] និងការបរាជ័យផ្នែកយោធានៅក្នុងឆ្នាំ១៧៩៨ និងឆ្នាំ១៧៩៩ នាយកាល័យបានកាន់អំណាចត្រឹមរយៈពេល ៤ ឆ្នាំប៉ុណ្ណោះមុនពេលត្រូវគេផ្តួលរំលំនៅក្នុងឆ្នាំ១៧៩៩។
ស្ថានកុងស៊ុល (១៧៩៩–១៨០៤)
ស្ថានកុងស៊ុលបារាំងបានឡើងកាន់អំណាចនៅបារាំងក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ ពោលគឺក្រោយពីរដ្ឋប្រហារ ១៨ ប៊្រុយមែរបានប្រព្រឹត្តិទៅ។ សមាជិកនៃនាយកាល័យបានធ្វើរដ្ឋប្រហារមួយនេះលើខ្លួនឯង ដែលបញ្ជាក់ឱ្យឃើញពីភាពបរាជ័យរបស់នាយកាល័យក្នុងការដឹកនាំប្រទេស។ ណាប៉ូលេអុងបូណាប៉ារត៍គឺជាបុគ្គលម្នាក់ដែលបានរួមគំនិតធ្វើរដ្ឋប្រហារនោះ ហើយក៏ត្រូវបានតែងតាំងជាអគ្គកុងស៊ុល ពោលគឺប្រមុខរដ្ឋាភិបាលថ្មី។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានព្រឹទ្ធសភាអភិរក្សប្រកាសជាព្រះចៅអធិរាជនៃប្រទេសបារាំង។ ក្រោយមក ណាប៉ូលេអុងក៏បានប្រកាសបញ្ជាក់ខ្លួនឯងជាអធិរាជនៃបារាំង បិទបញ្ចប់សម័យសាធារណរដ្ឋបារាំងទីមួយ និងបើកសករាជថ្មីនៃរបបចក្រភពបារាំងទីមួយ។[៩]
សភាចំនួនបួនត្រូវបានបង្កើតឡើងស្របទៅតាមស្ថានកុងស៊ុលដូចជា៖
- ក្រុមប្រឹក្សារដ្ឋ ដែលមានសមាជិកតែងតាំងដោយអគ្គកុងស៊ុល ហើយជាស្ថាប័នដែលទទួលខុសត្រូវលើការរៀបចំសេចក្តីព្រាងច្បាប់ និងជួយប្រមុខរដ្ឋក្នុងការវិនិច្ឆ័យវិវាទរដ្ឋបាល ដូចដែលបានកំណត់នៅក្នុងមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញឆ្នាំទីប្រាំបី (ទី២២ ខែហ្វ្រីមែរ ឆ្នាំទី៨)។
- ទ្រីប៊ូណាត៍ ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១១ ខែនីវ៉ូស ឆ្នាំទីប្រាំបី (ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ១៨០០) មានសមាជិកចំនួនមួយរយរូប (ត្រូវកាត់បន្ថយមកត្រឹមហាសិបរូបបន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញឆ្នាំទីដប់) ហើយត្រូវបានតែងតាំងដោយព្រឹទ្ធសភាសម្រាប់រយៈពេលប្រាំឆ្នាំក្នុងមួយអាណត្តិ ដោយមួយភាគប្រាំនៃសមាជិកអាចបន្តឈរឈ្មោះរៀងរាល់មួយឆ្នាំម្ដង។ ទ្រីប៊ូណាត៍បានកាន់កាប់មុខងារមួយចំនួនរបស់ក្រុមប្រឹក្សាប្រាំរយរូប ពោលមានតួនាទីក្នុងការពិនិត្យពិភាក្សាលើសំណើច្បាប់ថ្មីមុនពេលត្រូវបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិដើម្បីអនុម័ត។
- ស្ថាប័ននីតិប្បញ្ញត្តិ ដែលត្រូវបានបង្កើតឡើងដំណាលគ្នានឹងទ្រីបប៊ូណាត៍ និងជាស្ថាប័នស្នងបន្តពីព្រឹទ្ធក្រុមប្រឹក្សា។ ស្ថាប័ននេះមានសមាជិកចំនួនបីរយរូបដែលត្រូវបានតែងតាំងដោយព្រឹទ្ធសភាសម្រាប់រយៈពេលប្រាំឆ្នាំក្នុងមួយអាណត្តិដោយមួយភាគប្រាំនៃសមាជិកអាចបន្តឈរឈ្មោះរៀងរាល់មួយឆ្នាំម្ដង។ មុខងារចម្បងរបស់ស្ថាប័ននីតិប្បញ្ញត្តិគឺបោះឆ្នោតទទួលយកសំណើច្បាប់ដោយមិនបាច់ពិភាក្សា ឬធ្វើវិសោធនកម្ម។
- ព្រឹទ្ធសភាអភិរក្ស ដែលតួនាទីចម្បងគឺរក្សាអភិរក្សរដ្ឋធម្មនុញ្ញ និងតែងតាំងសមាជិកនៃស្ថាប័ននីតិប្បញ្ញត្តិ និងទ្រីប៊ូណាត៍ ក៏ដូចជាចៅក្រមនៃតុលាការកំពូល និងគណៈកម្មការគណនេយ្យ។ ស្ថាប័ននេះមានសមាជិកចំនួនហុកសិបរូបដែលមិនអាចដកចេញវិញបាន ដោយមានអាយុយ៉ាងតិចសែសិបឆ្នាំ និងត្រូវតែងតាំងដោយអគ្គកុងស៊ុលផ្ទាល់ ហើយពួកគេអាចរើសសមាជិកបន្ថែមម្ភៃរូបទៀត។ ព្រឹទ្ធសភាអភិរក្សាមានអំណាចអស្ចារ្យជាងស្ថាប័នសភាផ្សេងៗ ហើយក្រោយៗមកក៏ត្រូវបានទទួលតួនាទីតាក់តែងច្បាប់ (sénatus-consultes) ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំទីដប់។
ប្រមុខសមាជិកនៃរបបសាធារណរដ្ឋបារាំងទីមួយ (និងបក្សរបស់ពួកគេ) | ||||||||||||||||||
|
Remove ads
ឯកសារយោង
គន្ថនិទ្ទេសន៍
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads