គង់ ណៃ
តន្ត្រីករខ្មែរ From Wikipedia, the free encyclopedia
Remove ads
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ( កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅខេត្តកំពត – មរណភាពនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤) គឺជាតន្ត្រីករខ្មែរម្នាក់ មកពីខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលលេងភ្លេងបុរាណគឺចាប៉ីដងវែង។ លោកគឺជាអ្នកសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យ ខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រ៉ាយ ឆាលស៍នៃកម្ពុជា។[១]

លោកបានទទួលរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគូអូកាឆ្នាំ២០១៧។[២][៣]
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោកគង់ ណៃបានទទួលមរណភាពដោយរោគាពាធនៅឯស្រុកកំណើត ក្នុងជន្មាយុ ៨០ ឆ្នាំ។[៤]
Remove ads
ប្រវត្តិសង្ខេប
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យ ៤ ឆ្នាំ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ មានគ្រួសារជាតន្ត្រី លោកតា គង់ ណៃ បានរៀនឧបករណ៍ប្រភេទនេះពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត ដោយបានចាប់ផ្ដើមការសិក្សាអំពីចាប៉ីដងវែងនៅអាយុ ១៣ ឆ្នាំ។[៥]
ក្នុងយុវវ័យរបស់លោក គង់ ណៃ ជារឿយៗ តែងតែប្រឈមនឹងការសើចចំអកពីមិត្តភ័ក្ដិ ព្រោះតែពិការភាពរបស់គាត់។ ទោះបីជាត្រូវបានគេមើលងាយដោយការរើសអើងយ៉ាងណា លោកតា គង់ ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យមួយ និងការឲ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។
រយៈពេល ២ ឆ្នាំ នៃការចាប់ផ្ដើមសិក្សាចាប៉ី គឺមកដល់អាយុ ១៥ ឆ្នាំ លោក គង់ ណៃ បានចាប់ផ្ដើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័ស។ មិនយូរប៉ុន្មាន គាត់បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្តែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។
Remove ads
ប្រវត្តិគ្រួសារ
ស្ថិតនៅក្នុងវ័យ ១៨ ឆ្នាំ លោកតា គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា គឺលោកយាយ តាត ឆេន ដែលជាអ្នកស្រុកជាមួយគ្នា។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកតា គង់ ណៃ និងភរិយាលោកយាយ តាត ឆេន ទទួលបានចំណងដៃកូន ១០ នាក់ (ស្រី ៤ នាក់ និងប្រុស ៦ នាក់)។
ជ័យលាភី និងស្នាដៃផ្សេងៗ
ក្នុងឆ្នាំ ១៩៩១ លោកតា គង់ ណៃ បានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈ នៃអង្គការខ្មែរអមត និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំង និងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ឆ្នាំ ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
ឆ្នាំ ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ ណៃ។
នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩០ នៅទីក្រុងហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌។ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី ៣ របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និងលោក អាំង ជូលាន។
គួរបញ្ជាក់ថា មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ៕
មើលផងដែរ
• វណ្ណដា
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads