![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a9/Flag_of_Democratic_Kampuchea.svg/langkm-640px-Flag_of_Democratic_Kampuchea.svg.png&w=640&q=50)
ខ្មែរក្រហម
ឈ្មោះដែលសម្តៅលើអ្នកគាំទ្របក្សកុម្មុយនិស្តកម្ពុជា / From Wikipedia, the free encyclopedia
ខ្មែរក្រហម (ជាភាសាបារាំង៖ Khmer Rouge) គឺជាឈ្មោះដែលសម្តេចព្រះបាទនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅលើក្រុមកុម្មុយនីស្ត (ពោលជាសមាជិកនៃបក្សកុម្មុយនីស្តកម្ពុជា) ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០ ហើយក្រុមនេះបានឡើងកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បក្សកុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ និងគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់រហូតដល់ឆ្នាំ១៩៧៧ ហើយមិនមាននរណាម្នាក់នៅក្រៅបក្សកុម្មុយនីស្តកម្ពុជាដឹងថានរណាជាអ្នកដឹកនាំបក្សនោះទេ (ថ្នាក់ដឹកនាំបក្សតែងសម្តៅលើខ្លួនថា 'អង្គការបដិវត្តន៍')។[5]
ខ្មែរក្រហម | |
---|---|
![]() | |
មេដឹកនាំ | ប៉ុលពត |
កាលបរិច្ឆេទនៃប្រតិបត្តិការ | មិថុនា ១៩៥១ (មិថុនា ១៩៥១)–ធ្នូ ១៩៩៩ (ធ្នូ ១៩៩៩)
|
ទីស្នាក់ការកណ្តាល | ភ្នំពេញ |
មនោគមវិជ្ជា | កុម្មុយនីស្តនិយម[1][2] ស្វ័យាធិបតេយ្យ[1] ជាតិខ្មែរនិយម [1]:xx[2] |
គោលចំហរនយោបាយ | ឆ្វេងនិយម[3][4] |
សម្ព័ន្ធមិត្ត | សង្គ្រាមស៊ីវិលកម្ពុជា៖![]() ![]() ![]() ![]() ![]() ![]() សង្គ្រាមកម្ពុជា–វៀតណាម៖ ![]() ![]() ![]() ![]() ![]() ![]() ![]() |
សត្រូវ | សង្គ្រាមស៊ីវិលកម្ពុជា៖![]() ![]() ![]() ![]() សង្គ្រាមកម្ពុជា–វៀតណាម៖ ![]() ![]() ![]() ![]() |
សមរភូមិនិងសង្គ្រាម | សង្គ្រាមស៊ីវិលកម្ពុជា សង្គ្រាមកម្ពុជា-វៀតណាម |
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ កងកម្លាំងខ្មែរក្រហមបានចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងៗនៅតាមតំបន់ព្រៃភ្នំនៃភាគខាងកើតប្រទេសកម្ពុជា ដោយមានការគាំទ្រពីកងកម្លាំងកុម្មុយនីស្តវៀតណាម កុម្មុយនីស្តឡាវ និងគណបក្សកុម្មុយនីស្តចិន។ ដើមឡើយ ពួកខ្មែរក្រហមតែងតែប្រឆាំងនឹងព្រះអង្គសីហនុជានិច្ច ក៏ប៉ុន្តែបន្ទាប់ពីទទួលបានយោបលខ្លះៗពីមន្ត្រីបក្សកុម្មុយនីស្តចិន ហើយនិងក្រោយពីសីហនុត្រូវបានលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ ខ្មែរក្រហមក៏បានផ្លះប្តូរគោលគំនិតមកគាំទ្រព្រះអង្គសីហនុវិញ។ ដោយហេតុនេះហើយ ទើបសង្គ្រាមស៊ីវិលបានផ្ទុះឡើងរវាងរបបថ្មីគឺសាធារណរដ្ឋខ្មែរ និងក្រុមខ្មែរក្រហម ហើយជាលទ្ធផល សាធារណរដ្ឋខ្មែរក៏បានដួលរលំក្រោយពីទីក្រុងភ្នំពេញបានធ្លាក់មកនៅក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល ទាហានខ្មែរក្រហមដែលនៅក្រោមបញ្ជារបស់ប៉ុល-ពត នួន ជា អៀង សារី និងខៀវ សំផនបានបង្ខំប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យចាកចេញពីទីក្រុងរបស់ពួកគេឆ្ពោះទៅតំបន់ជនបទ។ ខ្មែរក្រហមបានប្តូរឈ្មោះផ្លូវការរបស់ប្រទេសមកកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ១៩៧៦។
សង្គមរបបខ្មែរក្រហមគឺសម្បូរទៅដោយអត្ថាធិបតេយ្យភាព ការស្អប់ខ្ពើមជនបរទេស និងការគាបសង្កត់មកលើប្រជាជនខ្លួនឯង។ មរណភាពរបស់ប្រជាជនក្នុងរបបនេះភាគច្រើនគឺបណ្តាលមកពីគោលនយោបាយរបស់បក្សដែលគេតែងហៅថា'មហាលោតផ្លោះ' ដែលជាការយកត្រាប់តាមយុទ្ធនាការនយោបាយរបស់ចិនគឺមហាលោតផ្លោះដែលជាហេតុបណ្តាលឱ្យប្រជាជនចិនជាច្រើននាក់ធ្លាក់នៅក្រោមការស្រេកឃ្លាន។ គោលបំណងរបស់ខ្មែរក្រហមគឺចង់កែទម្រង់វិស័យកសិកម្មតាមរយៈការប្រមូលផ្តុំប្រជាជនឱ្យធ្វើការរួមគ្នាដែលជាហេតុនាំឱ្យមានការអត់ឃ្លាននៅពាសពេញផ្ទៃប្រទេស ខណៈពេលដែល'អង្គការ'បានស្បថថានឹងជួយមើលថែរក្សាប្រជាជន ប៉ុន្តែតាមពិតវាបែរជាផ្ទុយពីនោះទៅវិញ។ បន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសម្លាប់រាល់អ្នកនយោបាយណាដែលប្រឆាំងនឹងពួកគេ ជាពិសេសគឺមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយគំនិតប្រកាន់ជាតិសាសន៍ជ្រុលនិយមរបស់ពួកគេបានបណ្តាលឱ្យកើតមានអំពើប្រល័យពូជសាសន៍មកលើជនជាតិភាគតិចថែមទៀតផង។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជំនួយខ្មែរក្រហមភាគច្រើនដូចជា ស្បៀងអាហារ គ្រឿងអាវុធជាដើមសុទ្ធតែមានប្រភពមកពីប្រទេសចិន ដោយគេបានប៉ាន់ស្មានថាជំនួយបរទេសដែលផ្តល់មកពីចិននេះមានប្រមាណ ៩០%។ នៅទីបំផុត របបដ៏ឃោឃៅមួយនេះក៏ត្រូវបានផ្តួលរំលំនៅដើមឆ្នាំ១៩៧៩ គឺនៅពេលដែលកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជា ហើយកម្ចាត់កម្លាំងខ្មែរក្រហមបានយ៉ាងរហ័ស។ ខ្មែរក្រហមក៏បានដកថយរត់ទៅភាគពាយព្យនៃប្រទេសកម្ពុជា ពោលគឺនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ទីនោះ រដ្ឋាភិបាលថៃក៏បានឆ្លៀតយកឱកាសនេះប្រើប្រាស់ពួកខ្មែរក្រហមដើម្បីជាខែលទប់ស្កាត់ឥទ្ធិពលកុម្មុយនីស្តយួនកុំឱ្យជ្រៀតចូលទៅក្នុងប្រទេសខ្លួន។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិន និងសហរដ្ឋអាមេរិកបានរួមគ្នាគាំទ្រប៉ុល ពតពីចម្ងាយដើម្បីប្រឆាំងនឹងអំណាចឥទ្ធិពលរបស់សហភាពសូវៀត និងវៀតណាមនៅប្រទេសកម្ពុជា ដូចជាការផ្តល់សត្តិប្រាជ្ញា ស្បៀងអាហារ គ្រឿងសព្វារុធ និងការហ្វឹកហាត់ផ្នែកយោធាជាដើម...ក៏ប៉ុន្តែមិនយូរប៉ុន្មាន ការគាំទ្ររបស់អាមេរិកក៏ត្រូវបានកាត់ផ្តាច់ចោល។ ទោះជាយ៉ាងណាក្តី ខ្មែរក្រហមក៏នូវតែបន្តខំប្រឹងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងវៀតណាម និងរដ្ឋាភិបាលកម្ពុជាថ្មីគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា ជម្លោះមួយនេះត្រូវគេស្គាល់ថា សង្គ្រាមកម្ពុជា-វៀតណាម។ ទោះត្រូវបាត់បង់អំណាចក្តី រដ្ឋាភិបាលខ្មែរក្រហមនូវតែបន្តក្លាយជាអ្នកតំណាងប្រទេសកម្ពុជាពេញច្បាប់នៅឯអាសនៈអង្គការសហប្រជាជាតិដដែរ រហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលប្រព័ន្ធរាជាធិបតេយ្យត្រូវបានស្តើរឡើងវិញនៅប្រទេសកម្ពុជា។ មួយឆ្នាំក្រោយមក ទ័ពព្រៃខ្មែរក្រហមរាប់ពាន់នាក់បានសុំទទួលចុះចាញ់បន្ទាប់ពីដឹងឮថារដ្ឋាភិបាលកម្ពុជានាពេលនោះបានប្រកាសលើកលែងទោសឱ្យពួកគេ។ នៅឆ្នាំ១៩៩៦ គណបក្សនយោបាយថ្មីមួយត្រូវបានបង្កើតឡើងគឺ ចលនាសហភាពជាតិប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកអៀង សារី។ ចាប់តាំងពីពេលនោះមក ចំនួនក្រុមខ្មែរក្រហមក៏ចាប់ផ្តើមស្រុតចុះឡើងៗ។ នៅឆ្នាំ២០១៤ មេដឹកនាំខ្មែរក្រហមចំនួនពីររូបគឺលោកនួន ជា និងខៀវ សំផន ត្រូវបានតុលាការកម្ពុជាដែលមានអង្គការសហប្រជាជាតិនៅពីក្រោយបានកាត់ក្តីដាក់ពន្ធនាគាអ្នកទាំងពីរអស់មួយជីវិតដោយបានរកឃើញថាពួកគេមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះតួនាទីរបស់ពួកគេនៅក្នុងយុទ្ធនាការប្រល័យពូជសាសន៍ខ្មែរក្រហម។