ម៉ាឡាវី

From Wikipedia, the free encyclopedia

ម៉ាឡាវី
Remove ads

ប្រទេសម៉ាឡាវី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាឡាវី គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសហ្សំប៊ីនៅភាគខាងលិច ប្រទេសតង់ហ្សានីនៅភាគខាងជើង និងឦសាន្ត ហើយនិងប្រទេសម៉ូសំប៊ិកនៅភាគខាងកើត ត្បូង និងនិរតី។ ម៉ាឡាវីលាតសន្ធឺងលើផ្ទៃដី ១១៨,៤៨៤ គម និងប្រជាជនប្រមាណជាង ២១ លាននាក់ (គិតត្រឹមឆ្នាំ២០២៤)។ លីឡុងវេគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមួយនេះ។

ព័ត៌មានសង្ខេប រដ្ឋធានី និង ទីក្រុងធំបំផុត, ភាសាផ្លូវការ ...

ទឹកដីនៃប្រទេសម៉ាឡាវីសព្វថ្ងៃត្រូវបានកុលសម្ព័ន្ធអាកាហ្វូឡាចូលមករស់នៅដំបូងក្នុងកំឡុងសតវត្សរ៍ទី១០។ ក្រោយបន្តិចមក ក្រុមជនជាតិបង់ធូក៏បានចូលមកដល់ទឹកដីម៉ាឡាវី និងបានបណ្ដេញកុលសម្ព័ន្ធអាកាហ្វូឡាចេញ ហើយបានបង្កើតនគរតូចៗសម្រាប់ជនជាតិខ្លួនដូចជាម៉ារ៉ាវីជាដើម។[] នៅក្នុងឆ្នាំ១៨៩១ តំបន់នៃទឹកដីម៉ាឡាវីត្រូវបានអង់គ្លេសធ្វើអាណានិគមកិច្ច ហើយត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីអាណាព្យាបាលអង់គ្លេសនៅអាហ្វ្រិកកណ្ដាល ហើយក៏ត្រូវបានប្ដូរឈ្មោះមកថា នីយ៉ាសាឡង់ នៅក្នុងឆ្នាំ១៩០៧។ នៅក្នុងឆ្នាំ១៩៦៤ នីយ៉ាសាឡង់បានទទួលឯករាជ្យក្រោមនាយករដ្ឋមន្ត្រីហាស្ទីង បង់ដា ហើយឈ្មោះរដ្ឋក៏បានប្តូរម្តងទៀតមកជា ម៉ាឡាវី រហូតទល់បច្ចុប្បន្ន។ ពីរឆ្នាំក្រោយមក លោកបង់ដាក៏បានឡើងកាន់អំណាចជាប្រធានាធិបតី និងបានផ្លាស់ប្តូរប្រទេសខ្លួនទៅជារដ្ឋឯកបក្សមួយ ហើយបានប្រកាសខ្លួនជាប្រធានាធិបតីពេញមួយជីវិត។[][][] ទីបំផុត​នៅក្នុងឆ្នាំ១៩៩៣ ប្រព័ន្ធសេរីពហុបក្សក៏ត្រូវបានស្ដារឡើងវិញ ហើយលោកបង់ដាក៏បានបាត់បង់អំណាចប្រធានាធិបតីរបស់ខ្លួនបន្ទាប់ពីចាញ់ការបោះឆ្នោតសកលនៅក្នុងឆ្នាំ១៩៩៤។ បច្ចុប្បន្ន ម៉ាឡាវីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដោយមានប្រធានាធិបតីជាប់ឆ្នោតជាប្រមុខដឹកនាំប្រទេស។ យោងទៅតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០២៤ ដោយ V-Dem Democracy គេបានចាត់ចំណាត់ថ្នាក់ម៉ាឡាវីជាប្រទេសមានប្រជាធិបតេយ្យបំផុតទី៧៤ នៅលើពិភពលោក និងទី១១ នៅក្នុងទ្វីបអាហ្វ្រិក។[] ម៉ាឡាវីជាប្រទេសមានទំនាក់ទំនងល្អជាមួយប្រទេសក្រៅភាគច្រើន និងបានសកម្មចូលរួមក្នុងវេទិកា និងអង្គការអន្តរជាតិជាច្រើនដូចជា អង្គការសហប្រជាជាតិ សមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកភាគខាងត្បូង ទីផ្សារទូទៅសម្រាប់អាហ្វ្រិកខាងកើត និងត្បូង និងសហភាពអាហ្វ្រិកជាដើម។

ម៉ាឡាវីជាប្រទេសក្រីក្របំផុតមួយ និងកំពុងមានឈ្មោះស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ សេដ្ឋកិច្ចនៃប្រទេសម៉ាឡាវីច្រើនពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ខណៈប្រជាជនដែលរស់នៅតាមទីជនបទកំពុងកើនឡើងក្នុងកម្រិតខ្ពស់។ សូចនាករសំខាន់ៗនៃវឌ្ឍនភាពនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាលត្រូវបានគេឃើញថាមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៨។

ប្រជាជន​ម៉ាឡាវីមាន​អត្រា​សង្ឃឹម​រស់​ទាប និង​អត្រា​មរណភាព​ទារក​ខ្ពស់។ មេរោគអេដស៍/ជំងឺអេដស៍មានការរីករាលដាលជាខ្លាំង ដែលនាំឱ្យមានការកាត់បន្ថយកម្លាំងពលកម្ម និងការទាមទារបន្ថែមនូវការចំណាយរបស់រដ្ឋាភិបាល។ ប្រទេសម៉ាឡាវីនេះមានប្រជាជនចម្រុះជាតិសាសន៍ជាច្រើនដោយប្រជាជនខ្លួនខ្លះមួយចំនួនមានប្រភពដើមចេញពីអាស៊ី និងអឺរ៉ុប។ ប្រជាជនម៉ាឡាវីភាគច្រើនជាគ្រិស្តសាសនិក ហើយមួយភាគធំនៃគ្រិស្តសាសនិកអស់នោះកាន់និកាយប្រូតេស្តង់។ ទោះកាលពីអតីតកាល ប្រទេសនេះធ្លាប់មានជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយកង្វះឯកភាពគ្នារវាងក្រុមជនជាតិនីមួយៗក៏ពិតមែន ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០០៨ មក ជម្លោះផ្ទៃក្នុងនោះបានថយចុះគួរឱ្យកត់សម្គាល់ ហើយគំនិតនៃអត្តសញ្ញាណម៉ាឡាវីតែមួយបានកំពុងទទួលប្រជាប្រិយភាពជាថ្មី។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads