វៀតមិញ
ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងអាណានិគមបារាំងដើម្បីឯករាជ្យវៀតណាម From Wikipedia, the free encyclopedia
Remove ads
Remove ads
វៀតមិញ (ភាសាវៀតណាម៖ Việt Minh, មានឈ្មោះពេញថា "Việt Nam độc lập đồng minh", ភាសាខ្មែរ៖ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម, ជាបារាំង៖ "Ligue pour l'indépendance du Viêt Nam") គឺឈ្មោះសម្តៅលើចលនាតស៊ូរបស់វៀតណាមខាងជើង (កុម្មុយនិស្ត) ប្រឆាំងនឹងពួកអាណានិគមបារាំង និងជប៉ុន។[១] វៀតមិញត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញនៅឯភូមិប៉ាកបូ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។[២] នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀតមិញបាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិន។ នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួលឯករាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញក៏នូវតែបន្តយុទ្ធនាការខ្លួនតទៅមុខទៀតដោយលើកនេះគឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។ អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះគឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។

'វៀតមិញ'នេះត្រូវបានបក្សកុម្មុយនិស្តយួនចាត់ទុកជារណសិរ្សរួបរួមជាតិមួយដើម្បីដណ្តើមឯករាជ្យភាពរបស់វៀតណាមពីបារាំង ពួកវាក៏មានឈ្មោះមួយទៀតសម្គាល់ឱ្យចលនានេះដែរហៅថា"រណសិរ្សរួបរួមឯករាជ្យវៀតមិញ"។[៣]
Remove ads
សង្គ្រាមលោកលើកទី២
ក្នុងសង្គ្រាមលោកលើកទី២, ជប៉ុនបានចុះមកដណ្តើមដែនដីឥណ្ឌូចិនពីបារាំង។ ដូច្នេះហើយ វៀតមិញក៏បានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយទៀតប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន។ ដល់ចុងឆ្នាំ១៩៤៤, វៀតមិញបានអះអាងថាចលនាខ្លួនមានសមាជិកសរុបចំនួន ៥០០,០០០ នាក់ដោយក្នុងនោះ ២០០,០០០ នាក់មាននៅតំបន់តុងកឹង (វៀតណាមខាងជើង) ១៥០,០០០ នាក់នៅតំបន់អណ្ណាម (វៀតណាមកណ្តាល) និង ១៥០,០០០ នាក់នៅតំបន់កូសាំងស៊ីន (វៀតណាមខាងត្បូង)។ ក្រោយពីបានប្រកាសថាខ្លួនប្រឆាំងនឹងជប៉ុន ពួកវៀតមិញក៏ត្រូវបានទទួលជំនួយពីក្រុមសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត និងសាធារណរដ្ឋចិន។ ពេលដែលជប៉ុនបានចុះចាញ់សង្គ្រាមលោកលើកទី២ នៅខែសីហា ឆ្នាំ១៩៤៥, មុនពេលចាកចេញពីឥណ្ឌូចិន ទាហានជប៉ុនបានប្រគល់អគារសាធារណៈនិងអាវុធមួយចំនួនធំដែលត្រូវជាកម្មសឹទ្ធរបស់បារាំងទៅឱ្យពួកវៀតមិញ។ កាលនៅក្រោមការកាន់កាប់របស់ជប៉ុន ពួកវៀតមិញបានកេណ្ឌពោលទាហានជប៉ុនជាង ៦០០ នាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងបារាំងរហូតដល់ឆ្នាំ១៩៤៥។ បន្ទាប់ពីអង្គការជាតិនិយមបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមពីបារាំង ហូ ជីមិញក៏បានប្រកាសឡើងពីអត្ថិភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
Remove ads
សង្គ្រាមឥណ្ឌូចិនលើកទី១
រយៈពេលពីរបីថ្ងៃក្រោយ កងទ័ពជាតិនិយមនៃសាធារណរដ្ឋចិន (គួមីងតាង) បានចូលមកក្នុងប្រទេសវៀតណាមដើម្បីពិនិត្យមើលការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពជប៉ុន។ កាលនោះសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគ្រាន់តែមានជាឈ្មោះប៉ុណ្ណោះ ពួកគេគ្មានការគ្រប់គ្រងលើដែនដីអ្វីនោះទេ។ ប៉ុន្មានខែក្រោយមក ពួកចិន (គួមីងតាង) វៀតណាម (វៀតមិញ) និងបារាំងបានឈានចូលដល់ការយល់ព្រមព្រៀងគ្នាដោយពួកបារាំងបានយល់ស្របថានឹងដកឥទ្ធិពលរបស់ខ្លួនចេញពីប្រទេសចិន, ពួកវៀតមិញបានទទួលស្គាល់ពីការវិលត្រឡប់មកវិញនៃពួកអាណានិគមបារាំងដោយមានកិច្ចសន្យាមួយបានបញ្ជាក់ថានឹងផ្តល់សឹទ្ធអំណាចដល់ក្រុមវៀតមិញនៅពេលប្រទេសវៀតណាមទទួលបានឯករាជ្យ និងចំណែកពួកចិនវិញបានយល់ព្រមដកទ័ពខ្លួនចេញពីប្រទេសវៀតណាម។ កិច្ចចរចាគ្នារវាងពួកវៀតមិញនិងបារាំងបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដែលជាលទ្ធផលបាននាំឱ្យផ្ទុះសង្គ្រាមជាច្រើនឆ្នាំជាមួយនឹងបារាំងដែលគេច្រើនស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១។
ពួកវៀតមិញដែលមិនសូវមានចំណេះដឹងនិងបទពិសោធន៍ខាងយោធាទំនើបបានទៅបង្កើតសាលាបង្ហាត់បង្រៀនក្បួនយោធាមួយនៅខែមិថុនា ឆ្នាំ១៩៤៦ ក្នុងខេតុក្វាងងៃ។ ជនជាតិវៀតណាមប្រមាណជាង ៤០០ នាក់ត្រូវបានបង្ហាត់បង្រៀនបណ្តុះបណ្តាលដោយពលទាហានជប៉ុនដែលបានរត់ចោលជួរកាលពីសង្គ្រាមលោកលើកទី២។ យូរៗទៅ សិស្សខ្លះក៏បានក្លាយជាមេបញ្ជាការឧត្តមសេនីយ៍ខាងកុម្មុយនិស្តវៀតណាមប្រយុទ្ធប្រឆាំងនឹងអាមេរិកក្នុងសង្គ្រាមវៀតណាម។
ឧត្តមសេនីយ៍បារាំងឈ្មោះហ្សង់ អ៊ីធាន វ៉ាលុយជាមួយនឹងកងកម្លាំងលោកបានវាយពួកវៀតមិញចេញពីទីក្រុងហាណូយភ្លាមៗ។ កងកម្លាំងប្រដាប់អាវុធរបស់លោកបានប្រយុទ្ធជាមួយនឹងក្រុមវៀតមិញតូចៗនៅពាសពេញទីក្រុងហាណូយ។ ក្រោយមក កងកម្លាំងលោកក៏បានឡោមព័ទ្ធវៀតបាកដែលជាមូលដ្ឋានទ័ពរបស់វៀតមិញក្នុងឆ្នាំ១៩៤៧ ប៉ុន្តែទាហានលោកត្រូវបានបរាជ័យក្នុងការវាយយកមូលដ្ឋាននោះហើយក៏ត្រូវដកថយចេញវិញព្រោះមិនអាចយកឈ្នះលើទាហានវៀតមិញក្នុងមូលដ្ឋាននោះបាន។ យុទ្ធនាការរបស់បារាំងត្រូវបានពួកវៀតមិញបំបែកបាន គេគ្រប់គ្នាគឺនឹកស្មានមិនដល់ថាពួកវៀតមិញអាចយកឈ្នះទៅលើកងកម្លាំងទាហានបារាំងដែលបំពាក់ដោយអាវុធយោធាល្អៗបានដោយងាយអញ្ចឹងសោះ។
ក្រុមវៀតមិញបានបន្តប្រយុទ្ធជាមួយនឹងបារាំងរហូតដល់ឆ្នាំ១៩៤៩ នៅពេលដែលពួកគេបានគ្រប់គ្រងលើព្រំដែនវៀតណាម-ចិន។ ដោយឃើញដូចនេះ រដ្ឋតែទើបនឹងលេចឡើងថ្មីៗគឺសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយពួកកុម្មុយនិស្តចិនបានផ្តល់ទីជម្រកនិងគ្រឿងសព្វាវុធធ្ងន់ៗទៅឱ្យវៀតមិញដើម្បីបន្តប្រយុទ្ធនឹងបារាំង។ ដោយមានជំនួយពីចិនដូច្នេះ ពួកវៀតមិញអាចវាយយកបានតំបន់ជនបទជាច្រើនពីបារាំង។ មិនយូរប៉ុន្មាន ពួកវៀតមិញបានបន្តវាយយកតំបន់សំខាន់ៗបន្ថែមដែលធ្លាប់កាន់កាប់ដោយរដ្ឋាភិបាលបារាំងដូចជាទីប្រជុំជនជាដើម។
Remove ads
ការលេចរូបរាងឡើងនៃវៀតណាមខាងជើង
បន្ទាប់ពីបារាំងបានទទួលបរាជ័យម្តងទៀតនៅក្នុងសមរភូមិឌៀនបៀនភូ ពួកគេក៏ចាប់ផ្តើមធ្វើការចរចាជាមួយវៀតមិញដើម្បីបញ្ចប់សង្គ្រាម។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស បានបែងចែកវៀតណាមទៅជាពីរប្រទេសគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងនៅត្រង់ខ្សែស្របទី១៧ ជាបណ្តោះអាសន្នសិនមុនពេលដែលការបោះឆ្នោតបង្រួបបង្រួមប្រទេសអាចប្រព្រឹត្តិធ្វើឡើងបានក្នុងឆ្នាំ១៩៥៦។ ការផ្ទេររដ្ឋបាលរបស់វៀតណាមខាងជើងទៅឱ្យពួកវៀតមិញត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៥៤។ ហូ ជីមិញត្រូវបានគេតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងជើងហើយប្រទេសលោកត្រូវបានដើរតួជារដ្ឋសង្គមនិយម។ លោកង៉ូ ឌិនយៀមដែលពីមុនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូងដោយព្រះចៅអធិរាជបាវ ដាយ នៅទីបំផុតក៏បានកាន់កាប់វៀតណាមខាងត្បូងទាំងស្រុង។
កិច្ចព្រមព្រៀងក្រុងហ្សឺណែវបានសន្យាថានឹងមានការបោះឆ្នោតនៅឆ្នាំ១៩៥៦ ដើម្បីកំណត់រដ្ឋាភិបាលជាតិតែមួយសម្រាប់ប្រទេសវៀតណាមរួម។ ទាំងរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលវៀតណាមខាងត្បូងរបស់ង៉ូ ឌិនយៀម មិនបានចុះលើកិច្ចព្រមព្រៀងអ្វីទាំងអស់នៅក្នុងសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤។ ទាក់ទងនឹងសំណួរនៃការបង្រួបបង្រួមប្រទេសវៀតណាម គណៈប្រតិភូវៀតណាម (មិនមែនកុម្មុយនិស្ត) បានជំទាស់យ៉ាងខ្លាំងចំពោះការបែងចែកណាមួយនៃប្រទេសវៀតណាមប៉ុន្តែត្រូវបានចាញ់គេនៅពេលដែលបារាំងបានទទួលយកសំណើរបស់ប្រតិភូវៀតមិញគឺលោកផាំ វ៉ាន់ដុង,[៤] ដែលបានស្នើថា ប្រទេសវៀតណាមនឹងរួបរួមគ្នាវិញដោយធ្វើការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់"គណៈកម្មាធិការមូលដ្ឋាន"។[៥] សហរដ្ឋអាមេរិកក៏បានប្រឆាំងនឹងសំណើនោះជាមួយនឹងសំណើរបស់ពួកគេហៅថា"ផែនការអាមេរិក" ដែលមានការគាំទ្រពីវៀតណាមខាងត្បូងនិងចក្រភពអង់គ្លេស។[៦] សំណើ"ផែនការអាមេរិក"បានយល់ឱ្យដឹងថានឹងមានការបោះឆ្នោតបង្រួបបង្រួមក្រោមការត្រួតពិនិត្យពីអង្គការសហប្រជាជាតិ ប៉ុន្តែសំណើនេះត្រូវបានបដិសេដដោយគណៈប្រតិភូសូវៀត។[៦] ពីគេហដ្ឋានរបស់ព្រះអង្គនៅបារាំង ព្រះចៅអធិរាជយួនគឺបាវ ដាយបានតែងតាំងលោកង៉ូ ឌិនយៀមជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូង។ ដោយមានជំនួយពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៥៥ យៀមបានប្រើប្រជាមតិមួយដើម្បីដកអតីតអធិរាជចោលហើយក៏ប្រកាសខ្លួនជាប្រធានាធិបតីយនៃសាធារណរដ្ឋយួន។
នៅពេលដែលការបោះឆ្នោតមិនបានសម្រេចកើតឡើងបាន កម្មាភិបាលវៀតមិញដែលនៅវៀតណាមខាងត្បូងបានងើបបះបោរនិងប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។ វៀតណាមខាងជើងក៏បានចូលកាន់កាប់ផ្នែកខ្លះនៃប្រទេសឡាវដើម្បីបង្កើតជាផ្លូវឆ្លងទៅជួយផ្គត់ផ្គងរណសិរ្សរំដោះជាតិ (វៀតកុង) នៅក្នុងទឹកដីវៀតណាមខាងត្បូង។ យូរៗទៅសង្គ្រាមនេះបានប្រែក្លាយទៅជាសង្គ្រាមឥណ្ឌូចិនលើកទី២ ដែលគេបានស្គាល់ជាទូទៅថា"សង្គ្រាមវៀតណាម"។
Remove ads
ខ្មែរវៀតមិញ
ពួកខ្មែរវៀតមិញគឺជាកម្មាភិបាលកុម្មុយនិស្តខ្មែរដែលមានចំនួនពី ៣,០០០ នាក់ទៅ ៥,០០០ នាក់និងជាសមាជិកឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ។ ក្រោយឆ្នាំ១៩៥០ ពួកគេបានប្រមូលជាគ្នាម្តងទៀតនៅក្នុងសមាគមខ្មែរឥស្សរៈ សមាជិកខ្មែរវៀតមិញភាគច្រើនបានទៅរស់នៅក្នុងវៀតណាមខាងជើងបន្ទាប់ពីសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ បានបញ្ចប់។ 'ខ្មែរវៀតមិញ' គឺជាពាក្យប្រមាថមួយដែលប្រើដោយសម្តេចនរោត្ដម សីហនុបន្ទាប់ពីទ្រង់បានដឹងថាចលនាឯករាជ្យអ្នកទាំងនោះត្រូវបានទទួលការគាំទ្រនិងជំនួយពីកុម្មុយនិស្តនវៀតណាម។[៧] ការរិះគុណនិងការចំអករបស់សីហនុចំពោះក្រុមខ្មែរវៀតមិញបានធ្វើឱ្យមានការកើននូវឥទ្ធិពលប្រឆាំងនឹងយួន ប៉ុន្តែវាក៏បង្កើនឱ្យមានការប្រឆាំងនឹងរាជានិយមផងដែរ ជាពិសេសពីសមាជិកបក្សកុម្មុយនិស្តកម្ពុជា (បកក) ដែលដឹកនាំដោយប៉ុល-ពត។[៨]
ពួកខ្មែរវៀតមិញក៏ជាជំនួយដ៏សំខាន់ដែរក្នុងការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (FUNSK) នៅក្នុងឆ្នាំ១៩៧៨។ រណសិរ្សនេះបានរួមដៃជាមួយយួនហើយវាយចូលក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត។ ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម ខ្មែរវៀតមិញជាច្រើនបានរៀបមង្គលការជាមួយស្រ្តីយួន។[៩]
Remove ads
សូមមើលផង
- វៀតកុង
- ប៉ៈថេតលាវ
- ប្រវត្តិសាស្ត្រយួន
- បដិវត្តន៍ខែសីហា
- គណបក្សកុម្មុយនិស្តយួន
- ប្រវត្តិសាស្រ្តនៃបក្សកុម្មុយនិស្តវៀតណាម
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads