សាធារណរដ្ឋអាហ្វ្រិកកណ្តាល
From Wikipedia, the free encyclopedia
Remove ads
សាធារណរដ្ឋអាហ្វ្រិកកណ្តាល (ភាសាសង់គោ៖ Ködörösêse tî Bêafrîka, ភាសាបារាំង៖ République centrafricaine, RCA[៩]) គឺជាប្រទេសមួយស្ថិតនៅតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសឆាដនៅភាគខាងជើង ស៊ូដង់នៅភាគឦសាន ស៊ូដង់ខាងត្បូងនៅភាគអាគ្នេយ៍ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោនៅភាគខាងត្បូង សាធារណរដ្ឋកុងគោនៅភាគនិរតី និងប្រទេសកាមេរូននៅប៉ែកខាងលិច។
កុំភាន់ច្រឡំជាមួយ អាហ្វ្រិកកណ្ដាល។
Remove ads
សាធារណរដ្ឋមួយនេះបានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២០,០០០ គីឡូម៉ែត្រការ៉េ ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រទេសនេះមានចំនួនប្រជាជនប្រហែល ៥.៥ លាននាក់។ សាធារណរដ្ឋអាហ្រ្វិកកណ្តាលសព្វថ្ងៃកំពុងទទួលរងនូវភ្លើងសង្រ្គាមស៊ីវិលដែលបានឆាបឆេះតាំងពីឆ្នាំ២០១២ មកម៉្លេះ។[១០] ដែនដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលភាគច្រើនគ្របដណ្តប់ដោយតំបន់វាលស្មោងស៊ូដាណូ-គីនេ ហើយនៅភាគខាងជើងជាតំបន់សាអែល–ស៊ូដង់ និងភាគខាងត្បូងស្ថិតក្នុងតំបន់ព្រៃអេក្វាទ័រ។ ពីរភាគបីនៃទឹកដីប្រទេសទាំងមូលគឺស្ថិតនៅក្នុងអាងទន្លេអ៊ូបង់ហ្គី (ដែលបន្តហូរចូលទៅក្នុងទន្លេកុងគោ) ហើយមួយភាគទៀតគឺស្ថិតនៅក្នុងអាងទន្លេឆារី ដែលបន្តហូរទៅចូលបឹងឆាដ។
ទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលបច្ចុប្បន្នត្រូវបានមនុស្សចូលមករស់នៅអស់ជាច្រើនសហស្សវត្សរ៍មកហើយ។ ព្រំដែនប្រទេសនេះសព្វថ្ងៃត្រូវបានបង្កើតឡើងដោយបារាំង ដែលធ្លាប់កាន់កាប់ជាដែនអាណានិគមនៅចុងសតវត្សទី១៩។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្រ្វិកកណ្តាលត្រូវធ្លាក់ក្រោមការដឹកនាំរបស់មេផ្តាច់ការជាច្រើនរូប។[១១]
គិតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានការតស៊ូអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាច្រើនលើកកន្លងមក ទីបំផុតការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សក៏បានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ១៩៩៣។ លោកអង្គ ហ្វេលីក-ប៉ាតាសេបានជាប់ឆ្នោតជាប្រធានាធិបតី ប៉ុន្តែក្រោយមកក៏ត្រូវបានឧត្តមសេនីយ៍ហ្វ្រង់ស័រ បូហ្ស៊ីហ្សេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៣។ មួយឆ្នាំក្រោយរដ្ឋប្រហារ សង្គ្រាមស៊ីវិលមួយបានផ្ទុះឡើង ហើយទោះជាមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ២០០៧ និងម្តងទៀតក្នុងឆ្នាំ២០១១ ក្តីក៏សង្រ្គាមស៊ីវិលនៅតែបន្តរហូតមកដល់សព្វថ្ងៃ។ ជាលទ្ធផលនៃសង្គ្រាម អាហ្វ្រិកកណ្ដាលត្រូវទទួលរងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបក្សសម្ព័ន្ធប្រដាប់អាវុធគ្រប់ភាគី ហើយសកម្មភាពបំពានសិទ្ធិមនុស្សទាំងនោះរួមមាន ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការធ្វើដំណើរ។ល។
ទោះមានឈ្មោះជាប្រទេសដែលសំបូរទៅដោយកំណប់រ៉ែដ៏មានតម្លៃនិងធនធានផ្សេងៗទៀត[១២] ក៏ដូចជាដីដាំដុះកសិកម្មច្រើនពិតមែន ប៉ុន្តែសាធារណរដ្ឋអាហ្រ្វិកកណ្តាលនៅតែជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតទាំងដប់នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (យអទ) ទាបបំផុតគិតត្រឹមឆ្នាំ២០១៧។[១៣] បើយោងទៅតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅឆ្នាំ២០១៩ បានឱ្យដឹងថាប្រទេសនេះមានកម្រិតអភិវឌ្ឍន៍មនុស្សទាបបំផុតទីពីរ (នាំមុខប្រទេសនីហ្សេ) ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៨ ក្នុងចំណោមប្រទេសចំនួន ១៨៩។ ប្រទេសនេះផងដែរមានចំណាត់វិសមភាពសន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាបបំផុត (IHDI) ដោយជាប់ចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម ១៥០ ប្រទេស។[១៤] សាធារណរដ្ឋអាហ្រ្វិកកណ្តាលក៏ត្រូវបានគេប៉ាន់ប្រមាណដែរថាជាប្រទេសមានកំណត់ត្រាសុខភាពមនុស្សអាក្រក់បំផុត[១៥] ក៏ដូចជាប្រទេសដែលមិនសមរម្យមួយសម្រាប់ជីវិតកុមារ។[១៦]
សាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads