អ៊ិន តាំ
From Wikipedia, the free encyclopedia
Remove ads
លោកអ៊ិន តាំ (២២ កញ្ញា ១៩១៦ – ១ មេសា ២០០៦) គឺជាអ្នកនយោបាយខ្មែរមួយរូបដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីនោះពីថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៣ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៧៣ ហើយជាអ្នកនយោបាយជើងចាស់កម្ពុជាមួយរូបដែលបានប្រកបអាជីពនេះជាយូរឆ្នាំំ។ លោក អ៊ិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាលនៅកុមារ គាត់បានសិក្សាភាសាបាលី នៅវត្តស្ទឹងត្រង់ ។ បន្ទាប់មកបានបន្តការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ នាក្រុងភ្នំពេញ។ ក្រោយពីបានធ្វើជាចៅហ្វាយស្រុកជាបន្តបន្ទាប់មក ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៤ គាត់បានឡើងឋានៈជាអភិបាលខេត្តតាកែវ ។
ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៦៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៦៥ គាត់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធម្មការ។ ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៩ ក្នុងរាជរដ្ឋាភិបាលដែលឱ្យឈ្មោះថា រាជរដ្ឋាភិបាលសំណាងចុងក្រោយ ដោយមានប៉ែន នុត ជានាយករដ្ឋមន្រ្តី គាត់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
Remove ads
អាជីពនយោបាយ
លោកអ៊ិន តាំបានកើតនៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភាគខាងកើតនៃប្រទេសកម្ពុជា។ កាលនៅកុមារ លោកបានរៀនភាសាបាលីនៅវត្តស្ទឹងត្រង់ មុននឹងបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ បន្ទាប់ពីបានបំពេញតួនាទីជាអធិការនៃកងជីវពលខេត្ត ទីបំផុតលោកក៏បានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ ប្រេវិត និងឡើងកាន់តំណែងជាអភិបាលខេត្តតាកែវ។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លោកអ៊ិន តាំបានបម្រើការនៅក្នុងជួររដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សម្ដេចនរោត្ដម សីហនុដោយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៦។
លោកបានជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនក្មួយប្រុសរបស់លោកឈ្មោះព្រាប អ៊ិន ដែលត្រូវរងការចោទប្រកាន់ថាជាសមាជិកខ្មែរសេរី ដែលត្រូវជាអង្គការស្ដាំនិយមប្រឆាំងសីហនុ ហើយជាលទ្ធផល លោកព្រាប អ៊ិនក៏ត្រូវបានគេប្រហារជីវិត។ ថ្វីបើលោកមានភក្ដីភាពចំពោះសម្ដេចសីហនុពីដើមមកក្ដី ក៏ប៉ុន្តែលោកអ៊ិន តាំគឺជាបុគ្គលដ៏សំខាន់ម្នាក់នៅពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកបានដឹកនាំសភាបោះឆ្នោតដកសម្តេចសីហនុចេញពីអំណាច។ ក្នុងនាមជាប្រធានរដ្ឋសភា លោកអ៊ិន តាំបានប្រកាសបង្កើតសាធារណរដ្ឋខ្មែរឡើងផ្ទាល់នៅក្នុងខែតុលា ឆ្នាំ១៩៧០។[១]
ក្រោយឆ្នាំ១៩៧០ លោកតាំបានប៉ះទង្គិចគ្នាបង្កជាជម្លោះជាមួយមេដឹកនាំរដ្ឋប្រហារម្នាក់ទៀតគឺលោកសេនាប្រមុខលន់ នល់។ ក្រោយមកនៅខែតុលា ឆ្នាំ ១៩៧១ លោកលន់ នល់បានព្យាយាមដកសិទ្ធិអំណាចនីតិប្បញ្ញត្តិរបស់រដ្ឋសភា ដោយលើកឡើងពីកំណើនហានិភ័យនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ប៉ុន្តែត្រូវជួបនឹងសំឡេងប្រឆាំងតវ៉ាពីលោកអុិន តាំ និងព្រះសង្ឃចំនួន ៤០០ អង្គទៀត។[២]
នៅឆ្នាំ១៩៧២ លោកតាំបានឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយត្រូវប្រឈមជាមួយបេក្ខជនពីរផ្សេងទៀតគឺលោកលន់ នល់ និងកែវ អាន។ របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានវិនិច្ឆ័យថា លោកតាំគឺជាអ្នកនយោបាយកម្ពុជាដែលមានបទពិសោធន៍ និងចាស់ទុំបំផុតនាពេលនោះ រួមជាមួយនឹងកេរ្តិ៍ឈ្មោះដែលសក្តិសមសម្រាប់ភាពមិនពុករលួយ និងរបៀបរស់នៅសមរម្យសាមញ្ញៗ។[៣] ជាលទ្ធផល គាត់បានទទួលសំឡេងគាំទ្រច្រើនបំផុតទីពីរនៅតាមពីក្រោយលោកលន់ នល់ ជាមួយនឹងសំឡេងគាំទ្រ ២៤% ដោយគេបានជឿថា លោកអ៊ិន តាំប្រាកដជាអាចឈ្នះដាច់ប្រសិនបើការបោះឆ្នោតនោះបានប្រព្រឹត្តិទៅដោយតម្លាភាព និងភាពយុត្តិធម៌ ប៉ុន្តែយ៉ាងណា លោកនៅតែអាចឈ្នះមណ្ឌលរដ្ឋធានីភ្នំពេញ។[៤] រួមជាមួយគណបក្សសាធារណរដ្ឋរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ គណបក្សប្រជាធិបតេយ្យរបស់លោកអុិន តាំបានបដិសេធមិនចូលរួមការបោះឆ្នោតសភានៅចុងឆ្នាំដដែរនោះឡើយ ដោយយល់ឃើញថាស្ថានការណ៍ និងនីតិច្បាប់បានអនុគ្រោះច្រើនដល់គណបក្សសាធារណរដ្ឋសង្គមរបស់លោកលន់ នល់ និងប្អូនប្រុសរបស់លោកគឺលន់ ណុន។
នៅឆ្នាំបន្ទាប់ លោកអ៊ិន តាំបានឡើងបម្រើការជានាយករដ្ឋមន្ត្រីបានរយៈពេលប្រាំពីរខែក្នុងរដ្ឋាភិបាលលន់ នល់ ហើយក្រោយមកត្រូវបានតែងតាំងឱ្យទទួលបន្ទុកលើកម្មវិធីមួយដែលរៀបចំឡើងដើម្បីជំរុញកម្មាភិបាលកុម្មុយនីស្តឱ្យឆ្លាស់ខ្លួនមកចុះចូលជាមួយនឹងរដ្ឋាភិបាល តែមិនបានប៉ុន្មាន លោកក៏សម្រេចចិត្តសម្រាកពីនយោបាយ និងបានទៅរស់នៅជាមួយក្រុមគ្រួសារនិងអ្នកគាំទ្រលោកមួយចំនួននៅក្រុងបាត់ដំបង។ តំណែងនាយករដ្ឋមន្ត្រីលោកត្រូវបានលោកឡុង បូរ៉េតឡើងកាន់ជំនួសបន្ត។
នៅពេលដែលក្រុមខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជានៅខែមេសា ឆ្នាំ១៩៧៥ លោកអ៊ិន តាំបានកំពុងស្ថិតនៅកសិដ្ឋានរបស់គាត់ក្នុងក្រុងប៉ោយប៉ែត។ តាមគោលការណ៍ខ្មែរក្រហម រូបលោកប្រាកដណាស់នឹងត្រូវពួកខ្មែរក្រហមចាប់ប្រហារជីវិត ប៉ុន្តែលោកបានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃទាន់ រួចបានព្យាយាមរៀបចំចលនាបះបោរប្រឆាំងខ្មែរក្រហមនៅតាមតំបន់ព្រំដែន។ យ៉ាងណាមិញ មិនយូរប៉ុន្មានលោកក៏ត្រូវអាជ្ញាធរថៃចាប់និរទេសចេញ។ លោកតាំបានបន្តភៀសខ្លួនទៅប្រទេសបារាំង ហើយបន្ទាប់មកនៅឆ្នាំ១៩៧៦ ក៏បានផ្លាស់ទៅនៅ សហរដ្ឋអាមេរិកបន្ទាប់ពីទទួលបានសិទ្ធិជ្រកកោន។
Remove ads
និរទេសភាព
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លោកអ៊ិន តាំបានបែរមកគាំទ្រសម្ដេចនរោត្តម សីហនុ និងអង្គការហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយប្រទេសវៀតណាម។ លោកត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធហ្វ៊ុនស៊ិនប៉ិចដែលកាលនុះហៅថា ម៉ូលីណាកា មុនពេលត្រូវជំនួសដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិនៅក្នុងឆ្នាំ១៩៨៥។ លោកក៏ជារដ្ឋមន្ត្រីម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិទាំងបីនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យផងដែរ។[៥] លោកបានស្ដារគណបក្សប្រជាធិបតេយ្យកម្ពុជាឡើងវិញដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ប៉ុន្តែមិនបានឈ្នះអាសនៈមួយទេនៅក្នុងសភា ហើយនៅក្នុងឆ្នាំ១៩៩៧ លោកក៏បានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
Remove ads
មរណភាព
លោកអ៊ិន តាំបានទទួលមរណភាពនៅទីក្រុងឆានដ៍ឡឺរ រដ្ឋអារីហ្សូណា ភាគនិរតីនៃសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៦ ក្នុងជន្មាយុ ៨៩ ឆ្នាំ។ លោកត្រូវបានស្នងដោយកូនៗចំនួនបីនាក់ក្នុងចំណោមកូនចៅសរុបប្រាំពីរនាក់។
ឯកសារសម្គាល់
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads