សហភាពឥណ្ឌូចិន
អតីតរដ្ឋសហព័ន្ធនៅអាស៊ីអាគ្នេយ៍ From Wikipedia, the free encyclopedia
ឥណ្ឌូចិននៃបារាំង (បារាំង៖ Indochine française) មានឈ្មោះជាផ្លូវការថា សហភាពឥណ្ឌូចិន (បារាំង៖ Union indochinoise) ពីឆ្នាំ១៨៨៧ និងមានឈ្មោះថា សហព័ន្ធឥណ្ឌូចិន (បារាំង៖ Fédération indochinoise) ពីឆ្នាំ១៩៤៧, គឺជាទឹកដីអាណានិគមរបស់ចក្រភពអាណានិគមបារាំងនៅភូមិភាគអាស៊ីអាគ្នេយ៍។ ទឹកដីរបស់សហព័ន្ធនេះរួមមាន៖ តំបន់ក្នុងប្រទេសវៀតណាមទាំងបីភូមិភាគគឺ តំបន់តុងកឹង (ជើង) អណ្ណាម (កណ្តាល) និងកូសាំងស៊ីន (ត្បូង), ប្រទេសកម្ពុជា លាវ និងទឹកដីចិនមួយភាគតូចហៅថាក្វាងចូវៀន។ រដ្ឋធានីរបស់សហព័ន្ធនេះគឺទីក្រុងហាណូយ (ជារដ្ឋធានីពីឆ្នាំ១៩០២ ដល់ឆ្នាំ១៩៤៥) និងទីក្រុងសៃហ្គន (ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៩០២ និងម្តងទៀតពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៤)។
សហភាពឥណ្ឌូចិន | |||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨៨៧–១៩៤៥ ១៩៤៥–១៩៥៤ | |||||||||||||||||||||||||||||||||||||||||||
ភ្លេងជាតិ | |||||||||||||||||||||||||||||||||||||||||||
![]() ផែនទីនៃសហភាពបារាំង | |||||||||||||||||||||||||||||||||||||||||||
ធានី | |||||||||||||||||||||||||||||||||||||||||||
ភាសាទូទៅ | ភាសាបារាំង (ផ្លូវការ)
| ||||||||||||||||||||||||||||||||||||||||||
សាសនា |
| ||||||||||||||||||||||||||||||||||||||||||
រដ្ឋាភិបាល | សហព័ន្ធបារាំង | ||||||||||||||||||||||||||||||||||||||||||
ឧត្តមសេនីយ៍អភិបាល | |||||||||||||||||||||||||||||||||||||||||||
▪ ១៨៨៧-១៨៨៨ (ដំបូង) | អឺនេស កុងស្តង់ | ||||||||||||||||||||||||||||||||||||||||||
▪ ១៩៥៥-១៩៥៦ (ចុងក្រោយ) | ហេនរី ហូប៉េណត[lower-alpha ១] | ||||||||||||||||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | ចក្រពត្តិនិយមថ្មី | ||||||||||||||||||||||||||||||||||||||||||
▪ យុទ្ធនាការតុងកឹង | ១៨៨៣–១៨៨៦ | ||||||||||||||||||||||||||||||||||||||||||
▪ និម្មិតកម្ម | ១៧ តុលា ១៨៨៧ | ||||||||||||||||||||||||||||||||||||||||||
▪ ការដាក់បញ្ចូលប្រទេសលាវ | ១៩ មេសា ១៨៩៩ | ||||||||||||||||||||||||||||||||||||||||||
▪ ការដាក់បញ្ចូលតំបន់ក្វាងចូវៀន (ចិន) | ៥ មករា ១៩០០ | ||||||||||||||||||||||||||||||||||||||||||
▪ ការឈ្លានពានរបស់ជប៉ុនលើសហភាពឥណ្ឌូចិន | ២២ កញ្ញា ១៩៤០ | ||||||||||||||||||||||||||||||||||||||||||
តុលា ១៩៤០–៩ ឧសភា ១៩៤១ | |||||||||||||||||||||||||||||||||||||||||||
▪ ការរំលាយចោលជាលើកដំបូង | ៩ មីនា ១៩៤៥ | ||||||||||||||||||||||||||||||||||||||||||
▪ ការបង្កើតឡើងវិញ | ២២ កញ្ញា ១៩៤៥ | ||||||||||||||||||||||||||||||||||||||||||
▪ ការរំលាយចោលជាលើកទីពីរ | ២១ កក្កដា ១៩៥៤ | ||||||||||||||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||||||||||||||
១៩៣៥ | ៧៣៧០០០ គ.ម២ (២៨៥០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||||||||||||||
▪ ១៩៣៥ | ២១,៥៩៩,៥៨២ | ||||||||||||||||||||||||||||||||||||||||||
រូបិយវត្ថុ | អ្នកប្រាជ្ញឥណ្ឌូចិនបារាំង | ||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||
ឥឡូវជាផ្នែកនៃ |
បារាំងបានកាត់យកទឹកដីកូសាំងស៊ីននៅឆ្នាំ១៨៦២ និងបង្កើតអាណាព្យាបាលភាពនៅកម្ពុជាក្នុងឆ្នាំ១៨៦៣។ បន្ទាប់ពីបារាំងបានកាន់កាប់តំបន់ភាគខាងជើងវៀតណាមតាមរយៈយុទ្ធនាការតុងកឹង ពួកគេក៏សម្រេចចិត្ដដាក់បញ្ចូលទឹកដីអាណានិគមខ្លួនទាំងប៉ុន្មាននៅអាស៊ីអាគ្នេយ៍ជាសហភាពតែមួយនៅឆ្នាំ១៨៨៧។ ក្រោមការគ្រប់គ្រងរបស់បារាំង ធនធានជាច្រើននៅឥណ្ឌូចិនត្រូវបានពួកគេរឹបអូសយកទុកជាផលប្រយោជន៍ខ្លួនប៉ុន្តែគេឃើញថាវិស័យអប់រំនិងសុខភាពមានការរីកចម្រើនខ្លាំងជាមុន។ ដោយសារការគ្រប់គ្រងបែបកេងប្រវ័ញ្ចរបស់បារាំងនេះហើយដែលជាហេតុធ្វើឱ្យកើតមានការបះបោរជាបន្តបន្ទាប់គ្នានៅទូទាំងឥណ្ឌូចិន។ បន្ទាប់ពីបារាំងត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមលោកលើកទី២ អាណានិគមឥណ្ឌូចិនក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវីចឈីហើយក្រោយបន្តិចមកក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ចក្រភពជប៉ុនរហូតដល់ខែមីនា ឆ្នាំ១៩៤៥។ ក្រោយពីជប៉ុនបានទទួលចុះចាញ់ បក្សពួកកុម្មុយនិស្តមួយក្រុមដែលគេស្គាល់ថាវៀតមិញដែលមានការដឹកដោយលោកហូ ជីមិញបានប្រកាសឯករាជ្យឱ្យវៀតណាមតែមិនយូរប៉ុន្មាន ពួកបារាំងក៏បានត្រឡប់មកគ្រប់គ្រងជ្រោយឥណ្ឌូចិនវិញ។ ដោយការប៉ះទង្គិចគ្នាបែបនេះ សង្គ្រាមឯករាជ្យមួយដែលគេស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១ បានផ្ទុះឡើងនៅចុងឆ្នាំ១៩៤៦ រវាងពួកបារាំងនិងកងកម្លាំងវៀតមិញ។
ដើម្បីប្រឆាំងនឹងក្រុងកុម្មុយនិស្តវៀតមិញ បារាំងក៏បានប្រកាសបង្កើតរដ្ឋមួយនៅឆ្នាំ១៩៤៩ ដែលគេស្គាល់ថារដ្ឋវៀតណាមដោយមានការដឹកនាំពីអតីតអធិរាជព្រះចៅបាវ ដាយ។ កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមវៀតណាមដោយបារាំងត្រូវបានទទួលបរាជ័យ។ ព្រះរាជាណាចក្រលាវនិងព្រះរាជាណាចក្រកម្ពុជាបានប្រកាសឯករាជ្យរៀងៗខ្លួននៅថ្ងៃទី២២ ខែតុលា និងថ្ងៃទី៩ ខែវិច្ឆិកានៃឆ្នាំ១៩៥៣។ បន្ទាប់ពីសន្ធិសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បានចុះ ប្រទេសវៀតណាមក៏ត្រូវបានបែងចែកជាពីរចំណែកឯបារាំងក៏បានដកខ្លួនចេញពីឥណ្ឌូចិន, របបអាណានិគមបារាំងនៅឥណ្ឌូចិនត្រូវបានបញ្ចប់នៅឆ្នាំនោះ។
ប្រវត្តិសាស្ត្រ
អន្តរាគមន៍បារាំងលើកទីមួយ
ទំនាក់ទំនងបារាំង–វៀតណាមបានចាប់ផ្តើមនៅដើមសតវត្សទី១៧ នៅពេលដែលសាសនទូតគ្រិស្តសាសនាម្នាក់ឈ្មោះអាឡិចសាន់ដឺ ដឺរ៉ូតស៍ជាមួយនឹងគ្នីគ្នារបស់គាត់បានធ្វើដំណើរមកដល់ដែនដីប្រទេសវៀតណាម។ នៅពេលនោះរដ្ឋវៀតណាមបានកំពុងតែពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងត្បូងដោយបានកាន់កាប់ដែនដីសណ្តរទន្លេមេគង្គដែលត្រូវជាផ្នែកមួយនៃអាណាចក្រខ្មែរ។[១]
ទំនាក់ទំនងរបស់ពួកអឺរ៉ុបជាមួយវៀតណាមនៅសតវត្សទី១៨ គឺភាគច្រើនផ្តោតទៅលើការធ្វើជំនួញពាណិជ្ជកម្មខណៈពេលដែលកិច្ចផ្សព្វផ្សាយសាសនារបស់ខ្លួនកំពុងតែមានការរីកចម្រើនខ្លាំង។ នៅឆ្នាំ១៧៨៧ បព្វជិតកាតូលិកជនជាតិបារាំងម្នាក់ឈ្មោះ Pierre Pigneau de Behaine បានដាក់ញត្តិទៅរដ្ឋាភិបាលបារាំងឱ្យរៀបចំកងស្ម័គ្រចិត្តយោធាមួយក្រុមទុកបញ្ជូនទៅជួយង្វៀន អាញ់ក្នុងការវាយដណ្តើមទឹកដីរបស់រាជវង្សព្រះអង្គឡើងវិញពីក្រុមតៃសឺន។ លោក Pigneau បានទទួលមរណភាពនៅវៀតណាមមែនប៉ុន្តែកងទ័ពបារាំងរបស់គាត់នូវតែបន្តប្រយុទ្ធរហូតដល់ឆ្នាំ១៨០២។
សតវត្សទី១៩

ឥទ្ធិពលរបស់ចក្រភពអាណានិគមបារាំងនៅវៀតណាមបានកើនឡើងយ៉ាងខ្លាំងសម្បើមនៅអំឡុងសតវត្សទី១៩, ឧទាហរណ៍៖ អន្តរាគមន៍របស់បារាំងត្រូវបានធ្វើឡើងជាញឹកញាប់ដើម្បីការពារកិច្ចការងាររបស់សមាគមបេសកកម្មបរទេសប៉ារីសនៅក្នុងប្រទេសវៀតណាម។ មិនយូរប៉ុន្មាន រាជវង្សង្វៀនបានចាប់ផ្តើមមើលឃើញថាអ្នកផ្សព្វផ្សាយសាសនាកាតូលិកទាំងនោះអាចក្លាយទៅជាឧបសគ្គផ្នែកនយោបាយរបស់ប្រជាជាតិខ្លួននាពេលអនាគត។ ឧទាហរណ៍៖ ស្រីពេស្យាដែលជាក្រុមដ៏មានឥទ្ធិពលមួយនៅក្នុងប្រព័ន្ធរាជវង្សបានកើតមានការព្រួយបារម្ភចំពោះឋានៈរបស់ពួកគេនៅក្នុងសង្គមថ្មីមួយដែលតម្រូវឱ្យមានភាពជាឯកពន្ធន៍។[២]
នៅឆ្នាំ១៨៥៨ បន្ទាប់ពីរយៈពេលខ្លីបន្តិចក្រោយពីរាជវង្សង្វៀនបានបង្រួបបង្រួមប្រទេសវៀតណាមទាំងមូលហើយ មានការវាយប្រហារមួយបានប្រព្រឹត្តិធ្វើឡើងមកលើបុរីដាណាងដោយក្រុមនាវិករបស់ឧត្តមនាវីបារាំងម្នាក់ឈ្មោះសាល រីហ្គាល់ដឺជេនូលីក្រោមព្រះរាជបញ្ជាពីព្រះចៅអធិរាជណាប៉ូលេអុងទី៣។ មុនពេលការវាយប្រហារនេះ មានអ្នកការទូតបារាំងម្នាក់ឈ្មោះសាល ដឺមនទីនីបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយដោយសន្តិវិធីប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមើលឃើញថាគ្មានមធ្យោបាយផ្សេងទៀត បារាំងក៏បានបញ្ជូនលោកជេនូលីក្នុងកិច្ចប្រឹងប្រែងខាងយោធាដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញនិងការបណ្តេញអ្នកផ្សព្វផ្សាយសាសនាកាតូលិកពីវៀតណាមដោយរាជវង្សង្វៀន។[៣]
សំពៅបារាំងចំនួនដប់បួនគ្រឿងជាមួយនឹងកម្លាំងទ័ពចំនួន ៣,៣០០ នាក់អមជាមួយទ័ពហ្វីលីពីនចំនួន ៣០០ នាក់ដែលឧបត្ថមដោយពួកអេស្ប៉ាញ[៤] បានបើកការវាយប្រហារលើកំពង់ផែក្រុងដាណាងដែលបណ្តាលឱ្យទីក្រុងនោះទទួលរងការខូចខាតយ៉ាងច្រើនហើយទីបំផុតក៏ធ្លាក់ក្រោមការត្រួតត្រារបស់បារាំង។ បន្ទាប់ពីប្រយុទ្ធចម្បាំងជាមួយយួនអស់រយៈពេលជាងបីខែហើយដោយមិនឃើញកងកម្លាំងខ្លួនរុលទៅមុខបាន លោកជេនូលីបានស្នើរដ្ឋាភិបាលបារាំងសុំវាយប្រហារលើទីក្រុងសៃហ្គន (ព្រៃនគរ) ហើយសំណើរបស់គាត់ក៏ត្រូវបានអនុម័តទទួលយល់ព្រមពីរដ្ឋាភិបាល។[៣][៥]
ក្រោយមក ជេនូលីជាមួយនឹងទ័ពរបស់លោកបានចេញដំណើរទៅកាន់ទីក្រុងសៃហ្គនហើយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៥៨៩ ទ័ពរបស់លោកក៏បានកាន់កាប់ទីក្រុងនោះបានសម្រេច។ ដូចមុនអញ្ចឹងដែរ ទ័ពរបស់លោកជូនេលីមិនអាចរុលទៅមុខចេញពីទីក្រុងបាននោះទេ។ ដោយហេតុនេះ សេចក្តីរិះគុនក៏កើតមានឡើងចំពោះភាពដឹកនាំរបស់លោកហើយនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ លោកជូនេលីក៏ត្រូវបានជំនួសដោយឧត្តមនាវីឯកថ្មីម្នាក់ឈ្មោះផែកដោយលោកមានគោលដៅបង្កើតសន្ធិសញ្ញាការពារជំនឿសាសនាកាតូលិកនៅវៀតណាមខណៈពេលដែលមិនចង់បន្តឈ្លានពានទឹកដីវៀតណាមតទៅមុខទៀត។[៣][៥]
ការចរចាដោយសន្តិវិធីបានប្រព្រឹត្តិទៅតែមិនបានផលអ្វីនោះទេដូច្នេះការប្រយុទ្ធគ្នានៅទីក្រុងសៃហ្គនត្រូវបានបន្ត។ ទីបំផុតនៅឆ្នាំ១៨៦១ បារាំងបាននាំកម្លាំងបន្ថែមទៀតដើម្បីទ្រទ្រង់យុទ្ធនាការសៃហ្គនហើយលើកនេះកម្លាំងពួកគេក៏រុលទៅមុខចេញពីទីក្រុងនិងទៅកាន់កាប់ទីប្រជុំជនផ្សេងៗទៀតនៅតំបន់ដីសណ្តរទន្លេមេគង្គបានសម្រេច។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ ភាគីវៀតណាមបានយល់ព្រមនិងចុះហត្ថលេខាលើសន្ធិសញ្ញាសៃហ្គនដោយក្នុងនោះវៀតណាមបានចាត់ទុកថាការអនុវត្តតាមសាសនាកាតូលិកគឺជាសកម្មភាពស្របនឹងច្បាប់វិញ បើកការធ្វើពាណិជ្ជកម្មនៅតំបន់ដីសណ្តរទន្លេមេគង្គ កាត់ខេត្តចំនួនបីនិងកោះមួយនៅភាគខាងត្បូងទៅឱ្យបារាំង និងបង់សំណងខូចខាតឱ្យបារាំងដែលស្មើនឹងមួយលានដុល្លារ។[៦][៧][៨]
នៅឆ្នាំ១៨៦៤ ខេត្តចំនួនបីដែលបានលើកឡើងទៅឱ្យបារាំងត្រូវបានបង្កើតជាអាណានិគមបារាំងនៃតំបន់កូសាំងស៊ីនជាផ្លូវការ។ ក្រោយមកនៅឆ្នាំ១៨៦៧ ឧត្តមនាវីបារាំងម្នាក់ឈ្មោះព្យែរ ដឺឡាក្រង់ឌែរបានបង្ខំឱ្យវៀតណាមប្រគល់ខេត្តចំនួនបីរបស់ខ្លួនបន្ថែមទៀតមកឱ្យបារាំង។ ខេត្តទាំងប្រាំមួយខាងលើរួមទាំងកោះចំនួនមួយក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់បារាំងចាប់ពីពេលនោះមក។[៧]
នៅក្នុងឆ្នាំ១៨៦៣ ព្រះរាជាខ្មែរព្រះបាទនរោត្តមបានស្នើសុំឱ្យបារាំងដាក់អាណានិគមលើប្រជាជាតិរបស់ទ្រង់។ នៅឆ្នាំ១៨៦៧ សៀមបានលះបង់ការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជាហើយទទួលស្គាល់ជាផ្លូវការនូវអាណានិគមកិច្ចបារាំងនៅកម្ពុជានៃឆ្នាំ១៨៦៣ ជាថ្នូរនឹងការត្រួតត្រាខេត្តបាត់ដំបងនិងខេត្តសៀមរាប (ខេត្តទាំងពីរបានប្រគល់មកប្រទេសកម្ពុជាវិញតាមរយៈសន្ធិសញ្ញាព្រំដែនរវាងបារាំងនិងសៀមនៅក្នុងឆ្នាំ១៩០៦)។
និម្មិតកម្ម
សូមមើលផងដែរ: អណ្ណាម (អាណាព្យាបាលភាពបារាំង), តុងកឹង (អាណាព្យាបាលភាពបារាំង), លាវក្រោមអាណាព្យាបាលបារាំង និង ក្វាងចូវៀន


បារាំងបានចូលកាន់កាប់លើតំបន់វៀតណាមខាងជើងបន្ទាប់ពីបានទទួលជ័យជម្នះលើចិននៅក្នុងសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)។ ឥណ្ឌូចិននៃបារាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៧ ដោយមានតំបន់អណ្ណាម តុងកឹង កូសាំងស៊ីន (បូកចូលគ្នាក្លាយជាប្រទេសវៀតណាមសព្វថ្ងៃ) ព្រះរាជាណាចក្រកម្ពុជា ហើយទីបំផុតគឺលាវ (បានមកពីឈ្នះសង្គ្រាមបារាំង‐សៀមក្នុងឆ្នាំ១៨៩៣) ជាទឹកដីរបស់ខ្លួន។
សហព័ន្ធមួយនេះមានអត្ថិភាពរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ នៅក្នុងអាណានិគមរបស់ខ្លួនទាំងបួនគឺបារាំងបានចាត់ឱ្យមេដឹកនាំក្នុងស្រុកជាអ្នកគ្រប់គ្រងដោយក្នុងនោះមានអធិរាជវៀតណាម ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រហ្លួងព្រះបាងប៉ុន្តែតាមការពិត រាល់អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃពួកបារាំងទាំងស្រុង។
ការបះបោរនៅវៀតណាម
ខណៈពេលបារាំងកំពុងព្យាយាមបង្កើតការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជា មានការបះបោរដ៏ធំមួយបានកើតឡើងនៅវៀតណាមដែលបង្កឡើងដោយចលនាកាន់វឿងដោយចលនានេះមានគោលដៅបណ្តេញបារាំងចេញនិងតម្លើងព្រះចៅអធិរាជវ័យក្មេងម្នាក់ព្រះនាមហាំម ង្គីជាមេដឹកនាំនៃរដ្ឋឯករាជ្យវៀតណាម។[៩] ចលនាមួយនេះគឺច្រើនផ្តោតប្រឆាំងទៅលើគ្រិស្តសាសនិកយួនដែលជាហេតុបណ្តាលឱ្យគ្រិស្តសាសនិកចំនួន ៤០,០០០ នាក់បានស្លាប់។[១០] ដោយខ្វះការសហការគ្នា មិនយូរប៉ុន្មាន ចលនានេះក៏ត្រូវបារាំងបង្ក្រាបបានតាមរយៈការចូលធ្វើអន្តរាគមន៍ពីក្រុមយោធា។[១១][១២][១៣]
គំនិតជាតិនិយមនៅវៀតណាមបានរីកធំឡើងជាលំដាប់នៅក្នុងនិងក្រោយសង្គ្រាមលោកលើកទី១ ប៉ុន្តែទោះជាយ៉ាងណា ការបះបោរនិងកិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មានគឺមិនបានផ្តល់ផលអ្វីនោះសោះដល់ប្រជាជាតិវៀតណាម។
សង្គ្រាមបារាំង-សៀម (១៨៩៣)
ការពង្រីកវាតទឹកដីឥណ្ឌូចិនដោយបារាំងបានបង្កើតឱ្យមានជម្លោះព្រំដែនមួយចំនួនជាមួយរដ្ឋជិតខាងហើយក្នុងនោះ ជម្លោះដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេគឺសង្គ្រាមបារាំង-សៀមនៃឆ្នាំ១៨៩៣។ នៅឆ្នាំ១៨៩៣ អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានប្រើប្រាស់ជម្លោះព្រំដែនហើយបន្ទាប់មកគឺព្រឹត្តិការណ៍កងនាវានៅប៉ាកណាមដើម្បីបង្កឱ្យមានវិបត្តិយោធាជាមួយសៀម។ ក្រោយមក សំពៅបារាំងបានបង្ហាញខ្លួននៅទីក្រុងបាងកកហើយបានទាមទារឱ្យសៀមចូលកាត់តំបន់ទឹកដីលាវនៅភាគខាងកើតទន្លេមេគង្គឱ្យបារាំង។
ព្រះចៅចុល្លាង្ករណ៍បានអំពាវនាវដល់អង់គ្លេសប៉ុន្តែរដ្ឋមន្ត្រីអង់គ្លេសបានប្រាប់ព្រះអង្គថាឱ្យដោះស្រាយទៅតាមលក្ខខណ្ឌអ្វីដែលខ្លួនមានហើយទ្រង់គ្មានជម្រើសណាផ្សេងក្រៅពីធ្វើតាម។ សកម្មភាពតែមួយគត់របស់ចក្រភពអង់គ្លេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំងដែលធានានូវបូរណភាពទឹកដីដែលនៅសល់របស់សៀម។ ជាថ្នូរ សៀមត្រូវប្រគល់តំបន់សាននៃភាគពាយព្យប្រទេសភូមាទៅអង់គ្លេសនិងកាត់ទឹកដីលាវមកឱ្យបារាំង។
ការទន្ទ្រានបន្ថែមទៀតលើប្រទេសសៀម (១៩០៤-១៩០៧)

ទោះជាយ៉ាងណា បារាំងបានបន្តដាក់សម្ពាធលើសៀមលុះនៅឆ្នាំ១៩០២ បារាំងបានបង្កើតឱ្យមានវិបត្តិមួយទៀត។ លើកនេះ សៀមត្រូវប្រគល់តំបន់ទឹកដីនៃច្រាងខាងលិចទន្លេមេគង្គផ្ទុយពីទឹកដីហ្លួងព្រះបាងនិងតំបន់ជុំវិញចម្ប៉ាស័កភាគខាងត្បូងប្រទេសលាវ និងព្រមទាំងភាគខាងលិចប្រទេសកម្ពុជា។ បារាំងក៏បានកាន់កាប់ប៉ែកខាងលិចនៃខេត្តចន្ទបុរីផងដែរ។
នៅឆ្នាំ១៩០៤ ដើម្បីយកចន្ទបុរីមកវិញ សៀមត្រូវតែប្រគល់ខេត្តត្រាចនិងកោះកុងមកឱ្យសហភាពឥណ្ឌូចិន។ ខេត្តត្រាចបានក្លាយកម្មសិទ្ធិរបស់ថៃវិញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ជាថ្នូរក្នុងការដោះដូរតំបន់មួយចំនួននៅភាគខាងកើតទន្លេមេគង្គដូចជាខេត្តបាត់ដំបង ខេត្តសៀមនគរ (សៀមរាប) និងខេត្តស៊ីសោភ័ណ (សិរីសោភ័ណ)។
ការបះបោររបស់ពួកយិនបៃ (១៩៣០)

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៣០ មានការបះបោរបង្កឡើងដោយពួកទាហានវៀតណាមនៅក្នុងយោធភូមិយិនបៃរបស់កងទ័ពអាណានិគមបារាំង។ ការបះបោររបស់ពួកយិនបៃគឺត្រូវបានគាំទ្រនិងឧបត្ថមដោយគណបក្សជាតិនិយមវៀតណាម (គ.ជ.វ.)។ ការវាយប្រហារគឺជាចលាចលដ៏ធំបំផុតដែលបន្តពីចលនាស្ដាររាជាធិបតេយ្យនិយមកាន់វឿងនៅចុងសតវត្សទី១៩។
គោលបំណងនៃការបះបោរនេះគឺដើម្បីជម្រុញឱ្យប្រជាជនទូទៅចូលគាំទ្រនិងផ្តួលរលំរបបអាណានិគមបារាំង។ កន្លងមក គ.ជ.វ.បានប៉ុនប៉ងប្រតិបត្តិសកម្មភាពសម្ងាត់ដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់បារាំងមានភាពទន់ខ្សោយក៏ប៉ុន្តែការបង្កើនការត្រួតពិនិត្យពីភាគីបារាំងលើសកម្មភាពពួកគេបាននាំក្រុមថ្នាក់ដឹកនាំមានការប្រថុយក្នុងការបង្កើតឱ្យមានការវាយប្រហារយោធាទ្រង់ទ្រាយធំនៅដីសណ្ដទន្លេក្រហមនៅភាគខាងជើងវៀតណាម។
បក្សពួកប្រឆាំងឆ្វេងនិយមនិងការបះបោរនៅកូសាំងស៊ីននាទស្សវត្តឆ្នាំ១៩៤០
ការគ្រប់គ្រងរបស់បារាំងនៅតំបន់កូសាំងស៊ីនគឺមានលក្ខណៈជាការត្រួតត្រាដោយផ្ទាល់ខុសពីតំបន់អាណានិគមដទៃ ដូច្នេះហើយស្ថានភាពនៅតំបន់នេះគឺងាយនឹងផ្លាស់ប្តូរទៅតាមទម្រង់នយោបាយរបស់បារាំង។ សម័យកាលផ្លាស់ប្តូរនយោបាយដ៏គួរឱ្យកត់សម្គាល់ជាងគេគឺនៅរវាងឆ្នាំ១៩៣៦ និងឆ្នាំ១៩៣៩ ជាពេលដែលរដ្ឋាភិបាលរណសិរ្សប្រជាជនបារាំងបានតែងតាំងលោកជូល ប្រេវីជាអង្គទេសភិបាលឥណ្ឌូចិន។[១៤] ក្នុងនាមជាអ្នកមានគំនិតសេរីនិយមម្នាក់ លោកប្រេវីបានព្យាយាមដោះស្រាយស្ថានការណ៍នយោបាយដ៏តានតឹងនៅកូសាំងស៊ីនដោយលើកលែងទោសអ្នកទោសនយោបាយ បន្ថយការរឹតត្បឹតលើសេរីភាពសារព័ត៌មាន គណបក្សនយោបាយ[១៤] និងសហជីព។[១៥]
នៅរដូវប្រាំងនៃឆ្នាំ១៩៣៧ ក្នុងទីក្រុងសៃហ្គន គេឃើញមានកោលាហលដែលបង្កឡើងដោយពួកពលករនៅតាមទីចតនាវានិងទីដឹកជញ្ជូន។[១៦] នៅខែមេសានៃឆ្នាំដដែលនោះ ពួកកុម្មុយនិស្តវៀតណាមនិងអ្នកទ្រុតស្គីនិយមដែលជាក្រុមប្រឆាំងបាននាំគ្នាឈរឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុងដោយក្រុមទាំងពីរបានទទួលសម្លេងនិងអាសនៈបានច្រើនគួរសម។[១៧]
បើយោងតាមលោកប្រេវីនៅអំឡុងឆ្នាំ១៩៣៩ លោកបានសរសេរថា៖ "ពួកទ្រុតស្គីនិយមក្រោមការដឹកនាំរបស់តា ទូតាវគឺចង់ទាញយកគុណសម្បត្តិពីសង្គ្រាមដែលអាចកើតមានដើម្បីដណ្តើមឯករាជ្យឱ្យវៀតណាម។" សម្រាប់ពួកស្តាលីននិយមគឺ"វាដើរតាមគោលជំហររបស់បក្សកុម្មុយនិស្តបារាំង"ហើយនិង"ងាកស្មោះត្រង់មករកបារាំងប្រសិនបើមានសង្គ្រាមផ្ទុះឡើង"។[១៨]
នៅខែសីហា ឆ្នាំ១៩៤០ ក្រុមបក្សពួកកុម្មុយនិស្តបានទទួលបញ្ជាពីរដ្ឋធានីមូស្គូឱ្យងើបឡើងប្រឆាំងនឹងបារាំង។[១៩] នៅខែវិច្ឆិកា ឆ្នាំ១៩៤០ បក្សពួកកុម្មុយនិស្តនៅកូសាំងស៊ីនក៏ចាប់ផ្តើមបង្កើតការបះបោរ។ ការប្រយុទ្ធប្រឆាំងគ្នានៅតំបន់ដីសណ្តរទន្លេមេគង្គត្រូវបានបន្តរហូតដល់ចុងឆ្នាំ។[២០][២១]
សង្គ្រាមលោកលើកទី២

នៅខែកញ្ញា ឆ្នាំ១៩៤០ នៅអំឡុងសង្គ្រាមលោកលើកទី២ របបបារាំងវិចឈីថ្មីបានអនុញ្ញាតឱ្យកងយោធាជប៉ុនចូលមកកាន់កាប់តំបន់តុងកឹងរួចក្រោយមកដែនដីឥណ្ឌូចិនទាំងមូលក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ជប៉ុនរហូតដល់ចប់សង្គ្រាម។ ទាំងនេះបានផ្តល់ភាពងាយស្រួលឱ្យជប៉ុនក្នុងការវាយលុកលើប្រទេសចិននៅក្នុងសង្គ្រាមចិន–ជប៉ុនលើកទី២។
ខណៈពេលដែលអាណានិគមឥណ្ឌូចិនរបស់បារាំងកំពុងចុះអន់ខ្សោយ ថៃក៏បានឆ្លៀតឱកាសវាយយកទឹកដីទាំងប៉ុន្មានដែលខ្លួនធ្លាប់បាត់បង់មកវិញដែលជាលទ្ធផលធ្វើឱ្យសង្គ្រាមបារាំង-ថៃផ្ទុះឡើងនៅរវាងខែតុលា ឆ្នាំ១៩៤០ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១។ កងកម្លាំងថៃបានប្រយុទ្ធដោយភាពស្វាហាប់ម៉ាំមួននៅលើដីគោកប៉ុន្តែគោលដៅរបស់ពួកគេមានការកំណត់។ នៅអំឡុងខែមករា កងកម្លាំងជើងទឹកបារាំងបានយកឈ្នះលើកងកម្លាំងជើងទឹកថៃនៅក្នុងសមរភូមិកោះដំរី។ សង្គ្រាមត្រូវបានបញ្ចប់នាអំឡុងខែឧសភាបន្ទាប់ពីមានការញុះញង់ពីជប៉ុនហើយបារាំងត្រូវបង្ខំខ្លួនប្រគល់ទឹកដីទាំងប៉ុន្មានដែលខ្លួនដណ្តើមបានទៅឱ្យថៃវិញ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ ដោយឃើញថាប្រទេសបារាំងត្រូវបានរំដោះ អាល្លឺម៉ង់ណាស៊ីកំពុងតែចុះចាញ់ ហើយជាមួយនឹងការចូលជ្រៀតជ្រែករបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ជប៉ុនក៏សម្រេចចិត្តកាន់កាប់តំបន់ឥណ្ឌូចិនទាំងស្រុងនិងគម្ទេចរដ្ឋបាលបារាំងចោល។ កម្ពុជា វៀតណាម និងឡាវត្រូវបានប្រកាសឯករាជ្យហើយបានក្លាយជាសមាជិកនៃសហវិបុលភាពមហាតំបន់អាស៊ីបូព៌ា។ ភាគីជប៉ុនបានបន្តរក្សាអំណាចត្រួតត្រារបស់ខ្លួននៅឥណ្ឌូចិនរហូតទាន់តែមានការប្រកាសចុះចាញ់ពីរដ្ឋាភិបាលរបស់ពួកគេនៅក្នុងខែសីហា។ ការបែកខ្ញែកនិងកង្វះការរៀបចំរដ្ឋបាលនៅតំបន់ឥណ្ឌូចិនបានធ្វើឱ្យតំបន់នេះជួបនឹងគ្រោះធម្មជាតិមួយចំនួននិងបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៤៥។ គេបានស្ទង់មើលថាប្រជាជននៅឥណ្ឌូចិនប្រមាណពីរាប់សែននាក់ទៅមួយលាននាក់បានបាត់បង់ជីវិតដោយសារការអត់ឃ្លាននៅរវាងឆ្នាំ១៩៤៤–៤៥។
សង្គ្រាមឥណ្ឌូចិនលើកទី១
បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ បារាំងបានដាក់ញត្តិសុំជំទាស់នឹងការលុបចោលនូវសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩៣៨ ហើយប៉ុនប៉ងចូលកាន់កាប់តំបន់ឥណ្ឌូចិនឡើងវិញ ប៉ុន្តែសំណើរបស់បារាំងត្រូវបានជំទាស់ដោយវៀតមិញ ដែលជាបក្សពួកចម្រុះកុម្មុយនិស្តនិងជាតិនិយមរៀតណាមក្រោមការដឹកនាំរបស់លោកហូ ជីមិញដែលត្រូវជាអ្នកស្ថាបនិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិន។ នៅអំឡុងសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានគាំទ្រក្រុមវៀតមិញក្នុងចលនាតស៊ូប្រឆាំងនឹងជប៉ុន ហើយក្រុមនេះបានគ្រប់គ្រងទីជនបទនៃប្រទេសវៀតណាមតាំងពីបារាំងបានបាត់បង់អំណាចទាំងស្រុងនៅខែមីនា ឆ្នាំ១៩៤៥ មកម្លេះ។
ប្រធានាធិបតីអាមេរិកលោករូសឺវេលត៍ និងឧត្តមសេនីយ៍អាមេរិកឈ្មោះស្ទីលវែលបានបញ្ជាក់យ៉ាងច្បាស់ជាសម្ងាត់ថាបារាំងនឹងមិនត្រូវត្រឡប់មកត្រួតត្រាលើតំបន់ឥណ្ឌូចិនវិញទេបន្ទាប់ពីសង្គ្រាម។ លោកបានប្រាប់រដ្ឋាលេខាធិការលោកថា តំបន់ឥណ្ឌូចិនបានទទួលរងនូវការជិះជាន់និងភាពអយុត្តិធម៌ពីបារាំងអស់ជាង ១០០ ឆ្នាំហើយ។ លោករូសឺវេលត៍បានសាកសួរប្រធានាធិបតីចិនលោកចាង កាយចៀកថាតើប្រទេសចិនមានគោលបំណងចង់គ្រប់គ្រងលើតំបន់ឥណ្ឌូចិនឬអត់។ លោកចាង កាយចៀកបានឆ្លើយតបសារទៅវិញថា"ទោះក្រោមកាលៈទេសៈណាក៏ដោយ"។[២២]

ក្រោយសង្គ្រាមបានបញ្ចប់ កងទ័ពចិនចំនួន ២០០,០០០ នាក់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍លូ ហានដែលទទួលបញ្ជាពីលោកចាង កាយចៀក បានចូលវាយប្រហារតំបន់ឥណ្ឌូចិនភាគខាងជើងនៅលើខ្សែស្របទី១៦ ហើយបន្តឈរជើងក្នុងឥណ្ឌូចិនរហូតដល់ឆ្នាំ១៩៤៦។[២៣] កងទ័ពជាតិនិយមចិនទាំងនោះបានចងសម្ព័ន្ធភាពជាមួយគណបក្សជាតិនិយមវៀតណាមក្នុងគោលបំណងពង្រីកឥទ្ធិពលរបស់ពួកគេនៅឥណ្ឌូចិននិងដាក់សម្ពាធទៅលើខ្មាំងសត្រូវរបស់ខ្លួន។[២៤]
ចាង កាយចៀកបានគំរាមបារាំងថានឹងមានសង្គ្រាមជាមួយគ្នាបើបារាំងហ៊ានធ្វើសមយុទ្ធប្រឆាំងនឹងវៀតមិញ។ ដោយដូច្នេះ ភាគីទាំងបីក៏សម្រេចចិត្តចុះលើកិច្ចព្រមព្រៀងសន្តិភាពមួយ។ នៅខែកុម្ភៈ ឆ្នាំ១៩៤៦ លោកចាង កាយចៀកបានបង្ខំឱ្យបារាំងប្រគល់សម្បទានទាំងប៉ុន្មានរបស់ពួកគេនៅក្នុងប្រទេសចិនមកឱ្យរដ្ឋាភិបាលរបស់លោកហើយព្រមទាំងឱ្យបារាំងលុបចោលនូវសិទ្ធិពិសេសរបស់ពួកគេនៅលើទឹកដីចិនដើម្បីជាថ្នូរនឹងការដកខ្លួនរបស់ទ័ពរបស់លោកចេញពីភាគខាងជើងតំបន់ឥណ្ឌូចិននិងប្រគល់តំបន់នេះមកឱ្យបារាំងវិញចាប់ផ្តើមពីខែមីនាតទៅ។[២៥][២៦][២៧][២៨]
បន្ទាប់ពីបញ្ចុះបញ្ចូលព្រះចៅអធិរាជបាវ ដាយឱ្យដាក់រាជ្យបានសម្រេចហើយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ហូ ជីមិញក៏បានប្រកាសឯករាជ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ប៉ុន្តែមិនទាន់ផុតខែកញ្ញាផង កងកម្លាំងអង់គ្លេសនិងរួមជាមួយទ័ពបារាំងសេរីបានធ្វើដំណើរមកដល់ជ្រោយឥណ្ឌូចិនរួចស្តារការត្រួតត្រារបស់ខ្លួនឡើងវិញ។ ដំបូងលោកហូ ជីមិញបានយល់ព្រមចរចាជាមួយបារាំងដើម្បីទទួលបាននូវស្វ័យភាពប៉ុន្តែកិច្ចចរចានោះមិនបានផ្តល់ផលអ្វីដល់ហូ ជីមិញនិងវៀតមិញឡើយ បន្តិចក្រោយមក ការប្រយុទ្ធគ្នាដ៏ជូរចត់នៃសង្គ្រាមឥណ្ឌូចិនលើកទី១ ក៏បានផ្ទុះឡើងរវាងកងកម្លាំងវៀតមិញប្រឆាំងនឹងការត្រួតត្រារបស់បារាំង។ នៅឆ្នាំ១៩៥៤ ដើម្បីបង្កើនសត្រូវនយោបាយច្រើនបន្ថែមឱ្យហូ ជីមិញ ពួកបារាំងក៏យល់ព្រមបង្កើតនូវរដ្ឋបង្រួមមួយដែលមានឈ្មោះថារដ្ឋវៀតណាមដោយមានអតីតព្រះចៅអធិរាជបាវ ដាយជាមេដឹកនាំ។ នៅពេលនោះផងដែរ រដ្ឋកម្ពុជា ឡាវ និងវៀតណាមត្រូវបានក្លាយជារដ្ឋសមាគមនៃសហភាពបារាំងនិងត្រូវផ្តល់នូវសិទ្ធិស្វ័យភាពបន្ថែម។
នៅឆ្នាំ១៩៥០ សង្គ្រាមក៏ឈានចូលមកដល់ចំណុចរបត់មួយ។ រដ្ឋាភិបាលហូ ជីមិញត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកុម្មុយនិស្តចិននិងសហភាពសូវៀតហើយរដ្ឋាភិបាលរបស់លោកម៉ៅសេទុងថែមទាំងបានផ្តល់ជំនួយកម្លាំងទ័ពបន្តិចបន្តួចនិងគ្រឿងសព្វាវុធជាច្រើនទៀតផង។ នៅខែតុលា ឆ្នាំ១៩៥០ កងទ័ពបារាំងបានទទួលរងនូវការបរាជ័យដ៏ធំដំបូងបង្អស់នៅក្នុងសមរភូមិផ្លូវអាណានិគមលេខ៤។ ចាប់តាំងពីពេលនោះមក កិច្ចខិតខំប្រឹងប្រែងយោធារបស់បារាំងគឺលែងសូវបានផលដូចមុនទៀតហើយ។ ចំណែកឯរដ្ឋាភិបាលនៃរដ្ឋវៀតណាមដែលខ្លួនបានបង្កើតពីមុននោះគឺមានសភាពខ្សោយនិងអស្ថេរភាព ខណៈពេលដែលរដ្ឋកម្ពុជាដែលនៅក្រោមការដឹកនាំរបស់សម្តេចព្រះបាទនរោត្តម សីហនុបានទទួលឯករាជ្យនៅខែវិច្ឆិកា ឆ្នាំ១៩៥៣។ ការប្រយុទ្ធចម្បាំងគ្នាបានអូសបន្លាយរហូតដល់ខែឧសភា ឆ្នាំ១៩៥៤ នៅពេលដែលវៀតមិញបានយកឈ្នះលើទ័ពបារាំងនៅក្នុងសមរភូមិឌៀនបៀនភូ។
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ សន្និសីទក្រុងហ្សឺណែវបានបង្កើតបានកិច្ចព្រមព្រៀងមួយរវាងវៀតណាមខាងជើង និងបារាំង។ ក្នុងកិច្ចសន្យានោះរួមមាន៖ ការគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពនៃតំបន់ឥណ្ឌូចិន ផ្តល់ឯករាជ្យភាពដល់ប្រទេសទាំងបីនៅក្នុងឥណ្ឌូចិន ប្រកាសពីការបញ្ឈប់អរិភាពនិងអន្តរាគមន៍របស់បរទេសក្នុងកិច្ចការផ្ទៃក្នុងឥណ្ឌូចិន និងគូសខ្សែបន្ទាត់នៅតំបន់ដែលបែកចែកវៀតណាទៅជាភាគខាងជើងនិងខាងត្បូងហើយកងទ័ពភាគីនីមួយៗគឺត្រូវតែដកថយចេញពីតំបន់នោះ។[១]
នេះគឺជាសន្និសីទមួយដែលបារាំងឈប់អះអាងថាឧបទ្វីបឥណ្ឌូចិនគឺជាផ្នែកមួយរបស់ប្រជាជាតិខ្លួន។ សហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូងបានច្រានចោលនូវកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនេះហើយមិនបានចុះហត្ថលេខាលើវានោះឡើយ។ មេដឹកនាំវៀតណាមខាងត្បូងឈ្មោះឌៀមបានច្រានចោលនូវគំនិតនៃការបោះឆ្នោតនៅទូទាំងប្រទេសដូចដែលបានស្នើឡើងនៅក្នុងកិច្ចព្រមព្រៀងដោយបាននិយាយថា ការបោះឆ្នោតសេរីមិនអាចប្រព្រឹត្តិទៅរួចទេនៅទឹកដីកុម្មុយនិស្តភាគខាងជើង ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកមិនត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវទេ។
ព្រឹត្តិការណ៍នៃឆ្នាំ១៩៥៤ បាននាំឱ្យមានការចូលធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិកនៅប្រទេសវៀតណាមនិងរួមទាំងការផ្ទុះឡើងនៃសង្គ្រាមវៀតណាមផងដែរ។ ប្រទេសកម្ពុជា និងឡាវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៤ ប៉ុន្តែក្រោយមកៗប្រទេសទាំងពីរក៏ត្រូវបានបរទេសទាញអូសឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដ៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់ឥណ្ឌូចិន។
ប្រជាសាស្ត្រ

ប្រជាជន
ក្រុមជនជាតិវៀតណាម លាវ និងខ្មែរគឺជាក្រុមជនជាតិដ៏ធំបំផុតនៅក្នុងសហភាពឥណ្ឌូចិន។ ជនជាតិមឿង តៃ ចាម និងចារ៉ៃត្រូវបានគេស្គាល់ជារួមថាម៉ុងតេញ៉ា (Montagnards) ហើយពួកគេភាគច្រើនមានទីលំនៅនៅតាមតំបន់ភ្នំនៃឧបទ្វីបឥណ្ឌូចិន។ ជនជាតិហាន (ចិន) ក៏មានវត្តមាននៅក្នុងសហភាពឥណ្ឌូចិនផងដែរហើយពួកគេភាគច្រើនចូលចិត្តរស់នៅតាមទីប្រជុំជនធំៗ ជាពិសេសគឺនៅផ្នែកខាងត្បូងវៀតណាមនិងប្រទេសកម្ពុជាព្រោះវាត្រូវជាតំបន់ពាណិជ្ជកម្មធំៗ។ ក្នុងឆ្នាំ១៩១៣ គេបានធ្វើការប៉ាន់ស្មានថា ប្រហែល ៩៥% នៃប្រជាជនឥណ្ឌូចិនគឺមានទីលំនៅនៅតំបន់ជនបទប៉ុន្តែតួលេខខាងលើត្រូវបានធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំបន្ទាប់ៗដោយសារតែការរីកចម្រើននៃនគរូបនីយកម្ម។
សាសនា

សាសនាគ្រឹះនៅសហភាពឥណ្ឌូចិនគឺព្រះពុទ្ធសាសនាដោយនៅវៀតណាមគឺគេប្រកាន់ព្រះពុទ្ធសាសនាមហាយានរីឯនៅកម្ពុជានិងឡាវគឺប្រកាន់ព្រះពុទ្ធសាសនាថេរវាទ។ សាសនទូតកាតូលិកអឺរ៉ុបបានដើរផ្សព្វផ្សាយសាសនានៅពាសពេញឥណ្ឌូចិនហើយនៅពេលបារាំងបានដកការត្រួតត្រារបស់ខ្លួន គេបានប៉ាន់ស្មានថាប្រជាជនតំបន់តុងកឹងប្រមាណ ១០% ជាអ្នកកាន់សាសនាកាតូលិក។ កាវដាយសាសនាក៏ចាប់ផ្តើមមានប្រជាប្រិយភាពនៅអំឡុងពេលនេះផងដែរ។
ការតាំងទីលំនៅរបស់បារាំង

ខុសពីអាណានិគមអាល់ហ្សេរី ជនជាតិបារាំងតិចតួចណាស់ដែលបានមកតាំងទីលំនៅនៅលើដែនដីឥណ្ឌូចិន។ ត្រឹមឆ្នាំ១៩៤០ មានជនជាតិបារាំងតែ ៣៤,០០០ នាក់ប៉ុណ្ណោះដែលរស់នៅក្នុងឥណ្ឌូចិនរួមជាមួយនឹងបុគ្គលិកយោធានិងបុគ្គលិករដ្ឋាភិបាលបារាំង។ មូលហេតុចម្បងដែលធ្វើឱ្យឥណ្ឌូចិនមានជនជាតិបារាំងរស់នៅតិចជាងអាណានិគមអាហ្រ្វិកខាងជើង (ដែលមានប្រជាជនបារាំងរស់នៅរហូតដល់ទៅ ១ លាននាក់ជាងឯណោះ) ព្រោះតំបន់ឥណ្ឌូចិនត្រូវបានជនជាតិបារាំងមើលឃើញថាជា colonie d'exploitation économique (អាណានិគមសេដ្ឋកិច្ច) ច្រើនជាជាង colonie de peuplement (ទឹកដីអាណានិគមដែលប្រមូលប្រជាជនបារាំងមករស់នៅដើម្បីកុំឱ្យប្រទេសបារាំងមានចំនួនប្រជាជនលើសលប់ពេក) និងមួយទៀតគឺព្រោះតែឥណ្ឌូចិនមានចម្ងាយឆ្ងាយពីប្រទេសបារាំង។
ភាសា
នៅក្រោមការត្រួតត្រារបស់បារាំង ភាសាបារាំងគឺត្រូវជាភាសាចម្បងដែលគេលើកយកមកប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា៖ វិស័យអប់រំ រដ្ឋាភិបាល ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានជាដើម។ ភាសាបារាំងគឺមានភាពពេញនិយមបំផុតនៅតាមទីប្រជុំជននិងក្រុងនានាហើយវាបានក្លាយជាភាសាចម្បងមួយសម្រាប់វរជននិងបញ្ញវន្តនាសម័យនោះ។ ជាពិសេសគឺនៅក្នុងតំបន់តុងកឹងនិងកូសាំងស៊ីនដែលឥទ្ធិពលភាសាបារាំងមានច្រើនចំណែកឯតំបន់អណ្ណាម កម្ពុជា និងឡាវវិញគឺមិនសូវមានប៉ុន្មានទេ។[២៩] ទោះបីជាភាសាបារាំងត្រូវបានគេប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យអប់រំក្តី ក៏ប្រជាជនក្នុងស្រុកនីមួយៗនូវតែនិយាយភាសាកំណើតរបស់ពួកគេដដែរ។ បន្ទាប់ពីការគ្រប់គ្រងរបស់បារាំងបានបញ្ចប់ ភាសាបារាំងគឺនូវតែគេយកមកប្រើជារឿយៗនៅក្នុងវិស័យរដ្ឋាភិបាលឯករាជ្យថ្មី, ឧទាហរណ៍៖ របបសង្គមរាស្រ្តនិយម និងសម័យសាធារណរដ្ឋខ្មែរ។ សព្វថ្ងៃ ភាសាបារាំងគឺនូវតែគេលើកមកបង្រៀបជាភាសាទីពីរឬទីបីនៅក្នុងប្រទេសនៃតំបន់ឥណ្ឌូចិនហើយត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចការរដ្ឋបាលមួយចំនួនផងដែរ។[២៩]
សេដ្ឋកិច្ច
សហភាពឥណ្ឌូចិនត្រូវបានរដ្ឋាភិបាលបារាំងចាត់ទុកថាជា"អាណានិគមអាជីវកម្មសេដ្ឋកិច្ច"។ រដ្ឋាភិបាលអាណានិគមបានប្រមូលថវិកានិងមូលនិធិពីឥណ្ឌូចិនដោយការយកពន្ធពីសំណាកប្រជាជនក្នុងស្រុក។ លើសពីនេះទៅទៀត រដ្ឋាភិបាលបារាំងបានបង្កើតឱ្យមានភាពផ្តាច់មុខលើពាណិជ្ជកម្មអាភៀន អំបិល ហើយនិងស្រាសជាដើម។ រដ្ឋបាលបារាំងបានបង្កើតនូវបមាណភាគនៃការប្រើប្រាស់សម្រាប់ភូមិនីមួយៗនៅវៀតណាមដោយបង្ខំអ្នកភូមិទាំងនោះឱ្យទិញនិងប្រើប្រាស់ទំនិញផលិតផលអាជីវកម្មផ្តាច់មុខ។[៣០] នៅឆ្នាំ១៩២០ ពាណិជ្ជកម្មផលិតផលទាំងនោះគឺមានតម្លៃស្មើនឹង ៤៤% នៃថវិការរដ្ឋាភិបាលអាណានិគមសរុបប៉ុន្តែវាបានថយចុះនៅត្រឹម ២០% ក្នុងឆ្នាំ១៩៣០ ដោយសារតែអាណានិគមបានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ច។
ធនាគារដ៏សំខាន់បំផុតរបស់អាណានិគមឥណ្ឌូចិនគឺមានឈ្មោះថា ធនាគារនៃឥណ្ឌូចិន ដែលបានបង្កើតឡើងនៅឆ្នាំ១៨៧៥ ហើយមានទំនួលខុសត្រូវចំពោះការធ្វើប្រាក់កាករូបិយប័ណ្ណរបស់ឥណ្ឌូចិន។ ឥណ្ឌូចិនគឺជាអាណានិគមដែលបារាំងបានចូលវិនិយោគច្រើនជាងគេទីពីរនៅឆ្នាំ១៩៤០ បន្ទាប់ពីអាល់ហ្សេរីដោយថវិកាវិនិយោគសរុបមានចំនួនរហូតទៅដល់ ៦.៧ លានហ្វ្រង់។
នៅឆ្នាំ១៩៣០ បារាំងបានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូចិនដោយបានជីករាស់ធនធានធម្មជាតិបន្ថែមដើម្បីនាំចេញទៅបរទេស។ តំបន់កូសាំងស៊ីន អណ្ណាម និងតុងកឹង (សព្វថ្ងៃប្រទេសវៀតណាម) បានក្លាយជាប្រភពនៃតែ ស្រូវ កាហ្វេ ម្រេច ធ្យូង ស័ង្កសី និងសំណប៉ាហាំង ចំណែកឯប្រទេសកម្ពុជាវិញគឺជាប្រភពចម្បងនៃដំណាំស្រូវនិងដំណាំម្រេច។ មានតែលាវទេដែលបារាំងគិតថាជាដែនដីអាណានិគមខ្វះខាតហើយលាវមានតែឈើតិចតួចប៉ុណ្ណោះសម្រាប់បារាំងយកទុកនាំចេញ។
នៅដើមសតវត្សទី២០ ការរីកចម្រើននៃឧស្សាហកម្មដោយប្រើប្រាស់គ្រឿងយន្តបានធ្វើឱ្យឧស្សាហកម្មដំណាំកៅស៊ូនៅឥណ្ឌូចិនផ្ទុះឡើងហើយចម្ការកៅស៊ូត្រូវបានគេបង្កើតឡើងនៅពាសពេញផ្ទៃឧបទ្វីបឥណ្ឌូចិនជាពិសេសគឺនៅក្នុងតំបន់អណ្ណាមនិងតុងកឹង។ មិនយូរប៉ុន្មាន ប្រទេសបារាំងបានក្លាយជាអ្នកផលិតដំណាំកៅស៊ូនាំមុខគេតាមរយៈអាណានិគមឥណ្ឌូចិនរបស់ខ្លួនហើយមិនតែប៉ុណ្ណោះដំណាំកៅស៊ូឥណ្ឌូចិនក៏បានក្លាយជាផលិតផលដ៏មានតម្លៃមួយនៅក្នុងពិភពឧស្សាហកម្មថែមទៀតផង។ ភាពជោគជ័យនៃផលិតកម្មដំណាំកៅស៊ូនៅតំបន់ឥណ្ឌូចិនបារាំងបានបណ្តាលឱ្យមានការចូលវិនិយោគពីសំណាកក្រុមហ៊ុនធំៗផ្សេងៗដូចជា មីឆែលីនជាដើម។ ការផ្ទុះឡើងនៃការវិនិយោគលើអណ្តូងរ៉ែ ដំណាំកៅស៊ូ តែ និងដំណាំកាហ្វេបានធ្វើឱ្យសហភាពឥណ្ឌូចិនចាប់ផ្តើមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មយ៉ាងរហ័សហើយរោងចក្រជាច្រើនក៏ចាប់ផ្តើមបើកដំណើរការចាប់តាំងពីពេលនោះមក។ រោងចក្រថ្មីៗទាំងនោះគឺជាប្រភពផលិតវាយនភ័ណ្ឌ បារី ស្រាបៀរ និងស៊ីម៉ងត៍រួចត្រូវនាំចេញយកទៅទូទាំងចក្រភពបារាំងលើពិភពលោក។
ហេដ្ឋារចនាសម្ព័ន្ធ


ខណៈពេលដែលសហភាពឥណ្ឌូចិនត្រូវបានគេចាត់ទុកថាជាអាណានិគមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់បារាំង រដ្ឋាភិបាលបារាំងក៏បានកំណត់នូវគោលដៅថ្មីគឺចាប់អភិវឌ្ឍន៍វិស័យដឹកជញ្ជូននិងបណ្តាញគមនាគមន៍នៅឥណ្ឌូចិន។ កំពង់ផែទីក្រុងសៃហ្គនបានក្លាយជាកំពង់ផែដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍និងត្រូវជាគូប្រជែងជាមួយនឹងកំពង់ផែទីក្រុងសិង្ហបុរីរបស់អង់គ្លេស។ ត្រឹមឆ្នាំ១៩៣៧ កំពង់ផែក្រុងសៃហ្គនបានក្លាយជាកំពង់ផែមមាញឹកបំផុតទីប្រាំមួយនៅក្នុងចំណោមកំពង់ផែដ៏មមាញឹកទាំងឡាយរបស់ចក្រភពបារាំង។
នៅឆ្នាំ១៩៣៦ ខ្សែរត់ភ្លើងដែលតភ្ជាប់ពីក្រុងហាណូយទៅសៃហ្គនត្រូវបានបើកដំណើរការឡើង។ ជាមួយនឹងការកែលម្អបន្ថែមទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឥណ្ឌូចិន វាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររវាងបារាំងនិងឥណ្ឌូចិន។ ត្រឹមឆ្នាំ១៩៣៩ នាវាបារាំងត្រូវការពេលតិចជាងមួយខែតែប៉ុណ្ណោះដើម្បីធ្វើដំណើរពីទីក្រុងម៉ាកសីមកដល់ឥណ្ឌូចិននិងប្រមាណប្រាំថ្ងៃសម្រាប់ការធ្វើដំណើរតាមយន្តហោះពីប៉ារីសមកសៃហ្គន។
សូមមើលផងដែរ
- ឥណ្ឌីបូព៌ា
- សហភាពបារាំង
- រដ្ឋបាលនយោបាយនៃសហភាពឥណ្ឌូចិន
- បញ្ជីរាយអាណានិគមរបស់បារាំង
កំណត់សម្គាល់
ឯកសារយោង
គន្ថនិទ្ទេស
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.