វេណេស៊ុយអេឡា

From Wikipedia, the free encyclopedia

វេណេស៊ុយអេឡា
Remove ads

ប្រទេសវេណេស៊ុយអេឡា​ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបូលីវ៉ានៃវេណេស៊ុយអេឡា (ភាសាអេស្ប៉ាញRepública Bolivariana de Venezuela) គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងជើងនៃទ្វីបអាមេរិកខាងត្បូង ដែលរួមមានទឹកដីនៅក្នុងទ្វីបផ្ទាល់ និងបណ្ដុំកោះតូចៗជាច្រើននៅសមុទ្រការ៉ាអ៊ីប។ ប្រទេសវេណេស៊ុយអេឡាមានក្រឡាផ្ទៃសរុប ៩១៦,៤៤៥ គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុបចំនួន ២៩ លាននាក់បើគិតត្រឹមឆ្នាំ២០២២។ រដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមានឈ្មោះថា ការ៉ាកាស។ វេណេស៊ុយអេឡាមានព្រំដែនខាងជើងជាប់សមុទ្រការ៉ាអ៊ីប និងមហាសមុទ្រអាត្លង់ទិក ខាងលិចជាប់ប្រទេសកូឡុំប៊ី ឯខាងត្បូងជាបើប្រទេសប្រេស៊ីល រីឯភាគឦសានជាប់នឹងប្រទេសទ្រីនីតេ និងតូបាគោ និងប៉ែកខាងកើតជាប់នឹងប្រទេសគុយយ៉ាន។ វេណេស៊ុយអេឡាគឺជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតីដោយមានរដ្ឋក្នុងប្រទេសចំនួន ២៣​ ខណៈមណ្ឌលរដ្ឋធានី និងទឹកដីអនិស្សរភាពជាច្រើនលាតសន្ធឹងតាមតំបន់ឆ្នេរ និងនៅលើសមុទ្រ។ សព្វថ្ងៃ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានទីប្រជុំជនច្រើនបំផុតប្រចាំអាមេរិកឡាទីន។ ប្រជាជនវេណេស៊ុយអេឡាភាគច្រើនរស់នៅក្នុងទីប្រជុំជនប៉ែកខាងជើង និងក្នុងរដ្ឋធានីការ៉ាកាស។[១៥][១៦]

ព័ត៌មានសង្ខេប República Bolivariana de Venezuela (ភាសាអេស្ប៉ាញ), រដ្ឋធានី និង ទីក្រុងធំបំផុត ...

ទឹកដីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្នត្រូវបានអេស្ប៉ាញចូលមកដាក់អាណានិគមនៅក្នុងឆ្នាំ១៥២២ ទោះបីជាមានការប្រឆាំងពីសំណាក់ជនជាតិដើមក្នុងស្រុកក្ដី។ មកដល់ត្រឹមឆ្នាំ១៨១១ វេណេស៊ុយអេឡាបានក្លាយជាទឹកដីអេស្ប៉ាញ-អាមេរិកដំបូងគេមួយដែលបានប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ រួចបានចូលរួមក្នុងសាធារណរដ្ឋសហព័ន្ធនៃប្រទេសកូឡុំប៊ី (ដែលគេនិយមហៅថា ក្រង់កូឡុំប៊ី)។ វេណេស៊ុយអេឡាបានបំបែកចេញពីសហព័ន្ធនោះដោយក្លាយខ្លួនជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញនៅក្នុងឆ្នាំ១៨៣០។ នៅក្នុងកំឡុងសតវត្សរ៍ទី១៩ វេណេស៊ុយអេឡាត្រូវជួបនឹងវិបត្តិនយោបាយ និងរបបផ្តាច់ការជាបន្តបន្ទាប់ ខណៈប្រទេសជាតិទាំងមូលត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នាដោយតំបន់នីមួយៗត្រូវស្ថិតក្រោមអំណាចយោធាផ្ដាច់ការផ្សេងៗគ្នារហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។ ចាប់ពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាទីបំផុតក៏មានរដ្ឋាភិបាលប្រជាធិបតេយ្យ លើកលែងតែតំបន់មួយចំនួនក្នុងប្រទេសដែលនៅតែបន្តគ្រប់គ្រងដោយរបបផ្តាច់ការយោធា។ ទោះជាស្ថានការណ៍នយោបាយមិនសូវផ្លាស់ប្ដូរច្រើនក្ដី សេដ្ឋកិច្ចវេណេស៊ុយអេឡាបានស្ទុះងើបក្បាលយ៉ាងលឿនរហ័សនៅក្នុងសម័យកាលនោះ។

វិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ បាននាំឱ្យកើតមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ គួបផ្សំជាមួយបញ្ហាសង្គមដែលបន្តរីករាលដាលរហូតដល់ផ្ទុះកុប្បកម្មការ៉ាកាសូឡើងដែលបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងឆ្នាំ១៩៨៩។ មិនតែប៉ុណ្ណោះ រដ្ឋប្រហារប៉ុនប៉ងចំនួនពីរនៅក្នុងឆ្នាំ១៩៩២ និងការបោះឆ្នោតទម្លាក់ប្រធានាធិបតីប្រទេសជុំវិញបទកេងបន្លំថវិកាសាធារណៈនៅក្នុងឆ្នាំ១៩៩៣ បានអូសទាញប្រទេសវេណស៊ុយអេឡាឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។ ការបាត់បង់ទំនុកចិត្តក្នុងចំណោមគណបក្សនយោបាយក្នុងប្រទេសបាននាំឱ្យលោកហ៊ូហ្គោ ឆាវែសជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៩៨ ដែលជាកាតាលីករនាំឱ្យកើតបដិវត្តន៍បូលីវ៉ាបន្តរហូតមកដល់សព្វថ្ងៃ។ គោលនយោបាយសុខុមាលភាពសង្គមប្រជាភិថុតិរបស់រដ្ឋាភិបាលថ្មីបានដំណើរការទៅមុខដោយរលូន ក៏ព្រោះតែដោយសារកំណើនតម្លៃប្រេងកាត[១៧] កំណើនចំណាយលើសង្គម[១៨] និងកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។[ស ២] ប៉ុន្តែមិនយូរប៉ុន្មាន មកដល់សតវត្សរ៍ឆ្នាំ២០១០ អត្រានៃភាពក្រីក្រនៅក្នុងប្រទេសក៏បានចាប់ផ្តើមស្ទុះឡើងយ៉ាងឆាប់រហ័ស។[១៩][២០] លើសពីនេះ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីវេណស៊ុយអេឡាឆ្នាំ២០១៣ បាននាំឱ្យផ្ទុះវិវាទយ៉ាងធំ រួចក៏វិវត្តបន្តទៅជាចលនាបាតុកម្មនៅទូទាំងប្រទេស ដែលអូសបន្លាយរហូតមកដល់សព្វថ្ងៃ។[២១] មិនតែប៉ុណ្ណោះ លទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាថែមទាំងបានរអិលថយក្រោយ ប្រែក្លាយទៅជាប្រទេសផ្តាច់ការ។[] ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបនៅក្នុងសេរីភាពសារព័ត៌មាន និងសេរីភាពស៊ីវិល និងមានកម្រិតអំពើពុករលួយខ្ពស់បំផុតមួយផងដែរ។[២២] បច្ចុប្បន្ននេះ វេណេស៊ុយអេឡាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានធនធានរ៉ែប្រេងកាតបម្រុងដ៏ធំបំផុតមួយនៅលើលោក និងក៏ជាប្រទេសអ្នកនាំចេញប្រេងកាតឈានមុខគេមួយទៀតផងដែរ។ ដើមឡើយ ប្រទេសនេះនិយមនាំចេញផលិតផលកសិកម្មដូចជាកាហ្វេ និងកាកាវជាដើម ប៉ុន្តែរ៉ែប្រេងកាតបានក្លាយជាផលិតផលនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡាដោយកើបបានប្រាក់ចំណូលជាច្រើនចូលក្នុងសេដ្ឋកិច្ចជាតិ។ គោលនយោបាយធ្វេសប្រហែស និងការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាលបាននាំឱ្យសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡាទាំងមូលដួលរលំ។[២៣][២៤] ជាលទ្ធផល ប្រទេសនេះក៏ត្រូវប្រឈមនឹងបញ្ហាអតិផរណាខ្ពស់[២៥][២៦] កង្វះទំនិញជាមូលដ្ឋាន[២៧] ភាពអត់ការងារធ្វើ[២៨] ភាពក្រីក្រ[២៩] រោគជំងឺរាតត្បាត អត្រាមរណៈកុមារខ្ពស់ កង្វះអាហារូបត្ថម្ភ បញ្ហាបរិស្ថាន ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអំពើពុករលួយជាដើម។ល។ កត្តាទាំងអស់នេះបានបង្កើតជាវិបត្តិជនភៀសខ្លួនដ៏ធំមួយ ដោយមនុស្សជាង ៧.៧ លាននាក់បានរត់ភៀសខ្លួនចេញពីវេណេស៊ុយអេឡា បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។[៣០][៣១]

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤ មិនត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលខាតធ័រ និងអង្គការរដ្ឋអាមេរិកាំងឡើយ ក៏ព្រោះតែគ្មានលទ្ធផលជាក់លាក់ច្បាស់លាស់ និងមានការជំទាស់ប្រឆាំងពីក្រុមបក្សប្រឆាំង ដែលនាំឱ្យកើតបាតុកម្មនៅទូទាំងប្រទេស[៣២]

Remove ads

កំណត់សម្គាល់

  1. វេណេស៊ុយអេឡាត្រូវបានប្រភពជាច្រើនចាត់ទុកជារដ្ឋផ្ដាច់ការ៖ [][][][][]
  2. ប្រភព៖
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads