ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​

From Wikipedia, the free encyclopedia

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​
Remove ads

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំទៅលើប្រទេសអ៊ុយក្រែន បង្កឱ្យកើតជាសង្គ្រាមដ៏ធំនិងសាហាវឃោរឃៅបំផុតក្នុងទ្វីបអឺរ៉ុបចាំងពីសង្គ្រាមលោកលើកទី២ មក។ ការឈ្លានពាននេះគឺបានវិវត្តចេញពីជម្លោះសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងដំបូងតាំងពីឆ្នាំ២០១៤ មកម៉្លេះ។[១៨][១៩][២០] ប្រតិបត្តិការឈ្លានពានមួយនេះបានបណ្តាលឱ្យមនុស្សរាប់ម៉ឺនរាប់សែននាក់របួសនិងបាត់បង់ជីវិត ក្នុងនោះមានទាំងយោធានិងស៊ីវិល។ គិតត្រឹមឆ្នាំ២០២៥ នេះ កងទ័ពរុស្ស៊ីបានកំពុងកាន់កាប់ទឹកអ៊ុយក្រែនប្រមាណ ២០%។ ចំពោះប្រជាជនអ៊ុយក្រែនសរុប ៤១ លាននាក់ មាន ៨ លាននាក់ត្រូវបង្ខំផ្លាស់ទីចាកចេញពីប្រទេសរបស់ពួកគេ បើគិតត្រឹមខែមេសា ឆ្នាំ២០២៣ បង្កបង្កើតជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២។

ព័ត៌មានសង្ខេប ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន, កាលបរិច្ឆេទ ...

ក្នុងរយៈពេលជាច្រើនខែមុនពេលឈ្លានពាន ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នានៅជុំវិញព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែមន្ត្រីរុស្ស៊ីបានចេញបដិសេធ និងច្រានចោលរាល់នូវផែនការវាយប្រហារដែលត្រូវបានគេចោទប្រកាន់។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសផ្តើម "ប្រតិបត្តិការយោធាពិសេស" ដើម្បីគាំទ្ររដ្ឋបំបែកខ្លួននៅអ៊ុយក្រែនពោលគឺ សាធារណរដ្ឋដូណេតស្ក៍ និងលូហ្កានស្ក៍នៃតំបន់ដុនបាស។ ពូទីន​បាន​និយាយ​ថា គោល​ដៅ​នៃប្រតិបត្តិការនេះគឺ​ដើម្បីធ្វើ"វិយោធកម្ម" និង"វិណាស៊ីកម្ម"នៅក្នុងប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានប្រកាន់ខ្ជាប់នូវមហិច្ឆតារុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានអះអាងមិនពិតថា អ៊ុយក្រែនត្រូវបានកំពុងគ្រប់គ្រងដោយក្រុមនិយមណាស៊ីដែលកំពុងតែធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្ស៊ី។ ប៉ុន្មាននាទីក្រោយពីការប្រកាសផ្តើមប្រតិបត្តិការពិសេសនោះ ការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកក៏បានចាប់ផ្តើមពីទិសខាងជើង ចេញពីប្រទេសបេឡារុសតម្រង់ឆ្ពោះទៅរដ្ឋធានីកៀវ និងតាមទិសផ្សេងៗទៀតរួមមាន៖ ទិសឦសានឆ្ពោះទៅទីក្រុងខាគីវ ទិសខាងត្បូងផ្តើមចេញពីតំបន់គ្រីមៀ និងទិសអាគ្នេយ៍ចេញពីតំបន់ដុនបាស។ ជាការឆ្លើយតបទៅរុស្ស៊ីវិញ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងបានបញ្ជាឱ្យមានការចល័តទ័ពទ្រង់ទ្រាយធំដើម្បីការពារប្រទេសរបស់ខ្លួន។

ទាហានរុស្ស៊ីបានដកថយចេញពីសមរភូមិភាគខាងជើងនៅអំឡុងខែមេសា។ ចំណែកនៅឯជួរប្រយុទ្ធខាងត្បូង និងអាគ្នេយ៍វិញ រុស្ស៊ីបានវាយដណ្ដើមយកបានទីក្រុងខឺសុនក្នុងខែមីនា និងទីក្រុងម៉ារីអ៊ូប៉ូលនៅខែឧសភា។ នៅថ្ងៃទី១៨ ខែមេសា រុស្ស៊ីបានប្រកាសផ្តើមសមរភូមិដុនបាសសារជាថ្មីឡើងវិញ។ កងកម្លាំងរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងស៊ីវិលដែលសុទ្ធសឹងតែមានទីតាំងនៅឆ្ងាយពីជួរប្រយុទ្ធ រួមទាំងបណ្តាញថាមពលរបស់អ៊ុយក្រែនពេញមួយសិសិររដូវ។ នៅចុងឆ្នាំ២០២២ អ៊ុយក្រែនបានប្រកាសវាយបកទៅវិញតាមជួរប្រយុទ្ធខាងត្បូង និងខាងកើត។ មិនយូរប៉ុន្មាន រុស្ស៊ីក៏បានប្រកាសកាត់ផ្ដាច់តំបន់ដែលខ្លួនកំពុងកាន់កាប់ចំនួនបួនមកបញ្ចូលជាទឹកដីរុស្ស៊ីដោយខុសច្បាប់។[២១][២២] នៅក្នុងខែវិច្ឆិកា អ៊ុយក្រែនបានវាយយកទីក្រុងខឺសុនបានមកវិញ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ីបានត្រៀមទាហានជិត ២០០,០០០ នាក់បន្ថែមទៀតសម្រាប់យុទ្ធនាការវាយប្រហារជាថ្មីសម្ដៅទៅរកទីក្រុងបាក់មុត[២៣]

សកម្មភាព​ឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែន​បាន​ទទួលរងនូវការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ[២៤] មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេច ES-១១/១ ដោយថ្កោលទោសលើការឈ្លានពាន និងបានទាមទារឱ្យរុស្ស៊ីដកទ័ពទាំងប៉ុន្មានរបស់ខ្លួនដែលមានវត្តមាននៅលើទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសរុស្ស៊ីចេញពីអង្គការរបស់ខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងរួមទាំងបេឡារុស ហើយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ និងយោធាដល់ប្រទេសអ៊ុយក្រែន។ បាតុកម្មប្រឆាំងរុស្ស៊ីបានកើតឡើងនៅជុំវិញពិភពលោក រីឯនៅក្នុងប្រទេស​រុស្ស៊ីវិញ បាតុករ​ប្រឆាំងនឹងសង្គ្រាមគឺនឹងត្រូវ​​ចាប់​ខ្លួនដាក់ពន្ធនាគារ ហើយសារព័ត៌មានផ្សេងៗត្រូវបានអាជ្ញាធរពិរុទ្ធមើលយ៉ាងតឹងរឹង។ ជាលទ្ធផលនៃការឈ្លានពាននេះ ក្រុមហ៊ុនបរទេសជាង ១,០០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងបេឡារុស។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការចាប់ពង្រត់កុមារ និងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងការឈ្លានពាន[២៥][២៦] ហើយនៅខែ​មីនា ឆ្នាំ​២០២៣ ICC បានចេញ​ដីកា​ចាប់​ខ្លួន​លោកពូទីន​។[២៧]

Remove ads

ផ្ទៃរឿង

Thumb
បាតុករនៅរដ្ឋធានីកៀវក្នុងអំឡុងបាតុកម្មអឺរ៉ូម៉ីដាន, វិច្ឆិកា ២០១៣

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែនដែលទើបតែទទួលបានឯករាជ្យថ្មីៗ និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយបានដោះកម្ទេចអាវុធនុយក្លេអ៊ែរទាំងប៉ុន្មានដែលបន្សល់ទុកពីអតីតសហភាពសូវៀត។[២៨] ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅឯទីក្រុងប៊ុយដាប៉ែស[២៩][៣០] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរប្រព័ន្ធសន្តិសុខរបស់ពួកគេ រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាពផងដែរ"។[៣១] ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសប្លុកបូព៌ាជាច្រើនបានចូលរួមជាមួយអង្គការណាតូ ព្រោះដោយសារការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា៖ វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។[៣២] មេដឹកនាំរុស្ស៊ីជាច្រើនបានអះអាងថា មហាអំណាចលោកខាងលិចបានសន្យានឹងរុស្ស៊ីថាសម្ព័ន្ធណាតូនឹងមិនពង្រីកឥទ្ធិពលរបស់ខ្លួនមកទិសខាងកើតនោះឡើយ ប៉ុន្តែអំណះអំណាងនេះត្រូវបានគេជំទាស់ និងច្រានចោលទៅវិញ។[៣៣][៣៤] នៅក្នុងកិច្ចប្រជុំកំពូលណាតូឆ្នាំ២០០៨ នៅឯទីក្រុងប៊ុយការែស ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំសិទ្ធិចូលរួមជាសមាជិកអង្គការណាតូ។[៣៥] យោបល់ឆ្លើយតបរបស់សមាជិកផ្លូវការណាតូនីមួយៗមានលក្ខណៈចម្រុះដោយបណ្តារដ្ឋនៅអឺរ៉ុបខាងលិចបានសម្តែងនូវសេចក្ដីព្រួយបារម្ភ​ជុំវិញការចេញ​ប្រឆាំង​របស់​រុស្ស៊ី។[៣៦] ទីបំផុត ណាតូបានបដិសេធមិនផ្តល់សមាជិកភាពដល់អ៊ុយក្រែន និងចចជី ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងពីរគង់តែក្លាយជាសមាជិកអង្គការណាតូនៅថ្ងៃណាមួយ"។ លោកពូទីនបានចេញមុខប្រឆាំងយ៉ាងពេញទំហឹងចំពោះការដេញថ្លៃសមាជិកភាពណាតូរបស់រដ្ឋទាំងពីរ[៣៧] ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ែរជី ឡាហ្វរូហ្វបាននិយាយថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់ប្រទេសទាំងពីរពីការចូលជាសមាជិកអង្គការណាតូ។[៣៨]

Thumb
ផែនទីប្រទេសអ៊ុយក្រែនក្រោយតំបន់គ្រីមៀ (ត្បូង) ធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី និងរដ្ឋផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ដុនបាស (កើត)។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ប្រធានាធិបតីអ៊ុយក្រែនលោកវិចទ័រ យ៉ានូកូវិចបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមន៍ជាមួយសហភាពអឺរ៉ុប (EU) ដោយបានប្រើប្រាស់អំណាចនយោបាយសង្កត់លើសភាជាតិ រួចបានបង្វែរខ្លួនមកជ្រើសរើសពង្រឹងទំនាក់ទំនងជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ីវិញ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីសម្ពាធដែលរុស្ស៊ីបានដាក់មកលើអ៊ុយក្រែនដែលបង្ខំឱ្យប្រមុខដឹកនាំអ៊ុយក្រែនបដិសេធនូវកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។[៣៩] ព្រឹត្តិការណ៍ទាំងនេះបានបង្កឱ្យមានរលកបាតុកម្មគាំទ្រសហភាពអឺរ៉ុបដែលគេនិយមហៅថា អឺរ៉ូម៉ីដាន (Euromaidan) ហើយជាលទ្ធផល លោកយ៉ានូកូវិចត្រូវបានផ្តួលទម្លាក់ចេញពីអំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងកើត និងត្បូងនៃទឹកដីអ៊ុយក្រែន។ ទាហានរុស្ស៊ីដែលមិនមានសញ្ញាសម្គាល់ពីសាមីខ្លួនបានឆក់យកឱកាសនេះចូលកាន់កាប់ទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រីមៀ ហើយថែមទាំងបានដណ្តើមកាន់កាប់សភាប្រចាំតំបន់គ្រីមៀទៀតផង។ នៅអំឡុងខែមីនា រុស្ស៊ីបានរៀបចំប្រជាមតិមួយ និងបានកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាកម្មសិទ្ធិទឹកដីរបស់ខ្លួន។ មួយខែក្រោយមកគឺនៅខែមេសា ឆ្នាំ២០១៤ សង្គ្រាមបានផ្ទុះឡើងនៅតំបន់ដុនបាស ហើយរដ្ឋផ្តាច់ខ្លួនចំនួនពីរក៏បានលេចជារូបរាងឡើង (គាំទ្រដោយប្រទេសរុស្ស៊ី)[៤០][៤១][៤២] ពោលគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍[៤៣][៤៤] កិច្ចព្រមព្រៀងទីក្រុងមីនស្កឹដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ គឺជាកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការប្រយុទ្ធប្រឆាំងគ្នា ប៉ុន្តែបទឈប់បាញ់មិនដែលត្រូវបានចុះជាផ្លូវការឡើយ។[៤៥] សមាជិកទម្រង់ន័រម៉ង់ឌី៖ ប្រទេសបារាំង អាល្លឺម៉ង់ និង​អ៊ុយក្រែនបានមើល​ឃើញ​កិច្ចព្រមព្រៀងក្រុងមីនស្កឹ ជា​កិច្ចព្រមព្រៀងតែ​រវាង​រុស្ស៊ី និង​អ៊ុយក្រែនប៉ុណ្ណោះ ខណៈ​រុស្ស៊ី​ទទូច​ថា អ៊ុយក្រែន​គួរ​តែចរចា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋ​បំបែក​ខ្លួន​ទាំងពីរនោះ។[៤៦][៤៧]

នៅឆ្នាំ២០២១ លោកពូទីនបានបដិសេធមិនព្រមធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយហ្សេឡេនស្គី ហើយរដ្ឋាភិបាលរុស្ស៊ីបានចេញគាំទ្រនូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវជាសាធារណៈ ដែលក្នុងនោះវាបានប្រកែកថា រាល់ដំណោះស្រាយរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺគ្មានអត្ថន័យអ្វីឡើយ ខណៈដែលអ៊ុយក្រែននៅតែបន្តដើរតួជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។[៤៨] ការកាត់ឧបទ្វីបគ្រីមៀធ្វើជាកម្មសិទ្ធិទឹកដីរបស់ខ្លួនបាននាំឱ្យមានរលកថ្មីនៃជាតិនិយមរុស្ស៊ី ដោយចលនាចក្រពត្តិនិយមរុស្ស៊ីថ្មីភាគច្រើនប្រាថ្នាចង់កាត់ទឹកដីអ៊ុយក្រែនបន្ថែមទៀត ដូចជាផែនការណូវ៉ូរ៉ូស៊ីយ៉ាជាដើម។[៤៩] នៅខែកក្កដា ឆ្នាំ២០២១ លោកពូទីនបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា "ស្តីពីការរួបរួមជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីនិងអ៊ុយក្រែន" ដោយបញ្ជាក់ជាថ្មីថាជនជាតិរុស្ស៊ីនិងអ៊ុយក្រែនគឺជា"ជនជាតិតែមួយ"។[៥០] អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរុស្ស៊ីមានទស្សនៈបំប្លែងចំពោះអ៊ុយក្រែនសម័យទំនើប ក៏ដូចជាប្រវត្តិសាស្រ្តរបស់ខ្លួន។[៥១][៥២][៥៣]

Remove ads

វិបត្តិមុនការឈ្លានពាន

ព្រឹត្តិការណ៍ឈ្លានពាន

Thumb
ការវិវត្តនៃសង្គ្រាមឈ្លានពានក្នុងទឹកដីអ៊ុយក្រែន (២៤ កុម្ភៈ ដល់ ២៤ មីនា)

ការឈ្លានពាននេះបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ វាគឺជាការវាយប្រហារដ៏ធំបំផុតមកលើប្រទេសមួយនៅទ្វីបអឺរ៉ុប និងក៏ជាសង្គ្រាមពេញលេញលើកដំបូងនៅក្នុងទ្វីបនេះផងដែរចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ រុស្ស៊ីបានបើកការវាយតាមរយៈកម្លាំងថ្មើរជើងនិងដែនអាកាសដំណាលៗគ្នា[៥៤][៥៥] ខណៈមីស៊ីលនិងគ្រាប់ផ្លោងរាប់រយគ្រាប់ត្រូវបានបាញ់បំផ្លោងចូលទៅទូទាំងប្រទេសអ៊ុយក្រែន។[៥៦] ជាក់ស្តែង កងពលថ្មើរជើង និងកងកម្លាំងរថក្រោះបានផ្តើមការវាយលុកពីបួនទិសរួមមាន៖ ទិសខាងជើង (សម្រុកទៅទីក្រុងកៀវ) ទិសខាងត្បូង (ចេញពីឧបទ្វីបគ្រីមៀ) ទិសអាគ្នេយ៍ (ចេញពីដែនដីលូហ្កានស្ក៍ និងដុនបាស) និងទិសខាងកើត។[៥៧][៥៨] យុទ្ធនាការ​ទម្លាក់​គ្រាប់​មីស៊ីល​ដ៏ធំ​ត្រូវ​បានប្រព្រឹត្តិទៅដោយរុស្ស៊ីបានបាញ់​មីស៊ីល​រាប់​សិប​គ្រាប់ចូល​ទូទាំង​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ភាគ​ខាងលិចក្នុង​ទីក្រុងល្វីវទៀតផង។[៥៩][៦០]

ការឈ្លានពានដំបូង

ជួរប្រយុទ្ធខាងជើង

Thumb
ការគ្រប់គ្រងយោធានៅជុំវិញទីក្រុងកៀវ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមកាន់កាប់រដ្ឋធានីកៀវ រុស្ស៊ីបានលើកទ័ពឈ្លានពានចេញពីប្រទេសបេឡារុសតាមច្រាំងខាងលិចនៃទន្លេឌីណេព័រ ដោយមានគោលដៅជាក់ស្តែងគឺឡោមព័ទ្ធរដ្ឋធានីរបស់អ៊ុយក្រែនពីទិសខាងលិច។[៦១][៦២] កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រដោយកម្លាំងវាយប្រហារចំនួនពីរនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីណេព័រ៖ ខាងលិចនៅទីក្រុងឈើហ៊ីនីវ និងភាគខាងកើតនៅក្រុងស៊ូមី[៥៥][៥៤] កងកម្លាំងរុស្ស៊ីបានចូលទៅដល់អូប្លាសឈើនីហ៊ីវនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានឡោមព័ទ្ធទីក្រុងរដ្ឋបាលនៃអូប្លាសនោះបន្ទាប់ពីប្រយុទ្ធគ្នាអស់បួនថ្ងៃ[៦៣][៦៤] ដោយធ្វើដំណើរតាមផ្លូវជាតិ កងកម្លាំងរុស្ស៊ីក៏បានចូលដល់ជាយរដ្ឋធានីកៀវភាគខាងកើត ពោលគឺក្រុងប្រូវ៉ារី នៅថ្ងៃទី៤ ខែមីនា។[៥៥][៥៤]

Thumb
សំណល់យន្តហោះ Antonov An-២២៥ Mriya ដែលត្រូវជាយន្តហោះមានទំហំធំបំផុតលើលោក ត្រូវបានរងការខូចខាតជាដំណំកំឡុងសមរភូមិអាកាសយានដ្ឋានអាន់តូណូហ្វ

គិតត្រឹមថ្ងៃទី៥ ខែមីនា ក្បួនរថយន្តយោធារុស្ស៊ីដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ៦៤ គីឡូម៉ែត្រ ត្រូវបានជាប់គាំងខណៈពេលធ្វើដំណើរការឆ្ពោះទៅកាន់ទីក្រុងកៀវ។[៦៥] កម្លាំងរុស្ស៊ីដែលមានគោលដៅដណ្តើមទីក្រុងឈើនីហ៊ីវក៏ត្រូវជាប់គាំងផងដែរ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តយាមឡោមព័ទ្ធជុំវិញទីក្រុងនោះ។ នៅឯភាគពាយព្យ កងកម្លាំងរុស្ស៊ីបានបន្តរុលទៅមុខដោយបានកាន់កាប់ក្រុងប៊ូតឆា ហូស្តូមឹល និងវ័រហ្សែលក្នុងដំណើរឆ្ពោះទៅរករដ្ឋធានីកៀវ បើគិតត្រឹមថ្ងៃទី៥ ខែមីនា។[៦៦][៦៧] ដល់ថ្ងៃទី១១ ខែមីនា វាត្រូវបានគេរាយការណ៍ថា ហ្វូងរថយន្តដ៏វែងនោះបានបំបែកទៅទីតាំងខុសៗគ្នា ដោយខ្លះបានចតនៅក្រោមម្លប់ដើមឈើដើម្បីគេចខ្លួនពីការចាប់យករូបភាពពីផ្កាយរណប។ គ្រាប់រ៉ុក្កែតជាច្រើនក៏ត្រូវបានគេរកឃើញផងដែរ។[៦៨] នៅថ្ងៃទី១៦ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនាការវាយតបវិញដើម្បីទប់កងកម្លាំងរុស្ស៊ីដែលត្រៀមនឹងចូលទីក្រុងកៀវតាមទិសដៅផ្សេងៗ។[៦៩] ដោយមិនអាចទទួលបានជ័យជំនះភ្លាមៗនៅក្នុងប្រតិបត្តិការកៀវ កងកម្លាំងរុស្ស៊ីក៏សម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្ត ហើយចាប់ផ្តើមប្រើប្រាស់អាវុធប្រឈម ការទម្លាក់គ្រាប់បែកមិនរើសមុខ និងសង្គ្រាមឡោមព័ទ្ធ។[៧០][៧១]

នៅថ្ងៃទី២៥ ខែមីនា សកម្មភាពវាយតបរបស់អ៊ុយក្រែននៅក្នុងទីក្រុងកៀវបានផ្តល់លទ្ធផលផ្លែផ្កាច្រើនលើសពីអ្វីដែលខ្លួនបានស្មាន់ បន្ទាប់ពីពួកគេបានដណ្តើមបានទីក្រុង និងតំបន់តូចៗនៅភាគខាងកើត និងលិចនៃទីក្រុងកៀវមកវិញ។[៧២] កងទ័ពរុស្ស៊ីជាច្រើនបានដកថយចេញពីភាគខាងជើងនៃទីក្រុងកៀវខណៈកំពុងរងការវាយប្រហារច្រើនឡើងៗពីយោធាអ៊ុយក្រែន ហើយនៅចុងខែមីនា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ក្រុងប៊ូតឆាបានដកថយចេញទាំងស្រុងទៅភាគខាងជើង។ កង​កម្លាំង​អ៊ុយក្រែន​បាន​ចូល​ក្នុង​ក្រុង​នេះនៅ​ថ្ងៃ​ទី​១ ខែ​មេសា។[៧៣] អ៊ុយក្រែន​បាន​អះអាង​ថាខ្លួន​បាន​ដណ្តើម​កាន់កាប់តំបន់​ទាំង​មូល​ជុំវិញ​រដ្ឋធានី​កៀវដោយក្នុងនោះរួមមានក្រុងអៀរពីន ប៊ូតឆា និងហូស្តូមឹល។ល។ នៅ​ត្រឹម​ថ្ងៃ​ទី២ ខែ​មេសា ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ត្រូវ​បាន​គេ​រក​ឃើញ​នៅទីក្រុងប៊ូតឆា។[៧៤]

ជួរប្រយុទ្ធខាងត្បូង និងកើត

Thumb
លទ្ធផលពីការទម្លាក់គ្រាប់បែកដោយរុស្ស៊ីនៅជាយក្រុងការគីវ, ១ មីនា

នៅថ្ងៃទី២៤ ខែកុម្ភៈ កងកម្លាំងរុស្សីបានផ្លាស់ទីចេញពីគ្រីមៀបុកសម្ដៅមកប៉ែកពាយព្យ ដោយបានកាន់កាប់ស្ពានឆ្លងទន្លេឌីណេព័រជាច្រើន[៧៥] និងរួមទាំងព្រែកជីកគ្រីមៀខាងជើងទៀតផង។[៧៦] នៅថ្ងៃទី១ ខែមីនា ទីក្រុងខឺសុនបានក្លាយជាទីក្រុងសំខាន់ដំបូងរបស់អ៊ុយក្រែនដែលបានធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី។[៧៧] បន្ទាប់មក កងទ័ពរុស្ស៊ីបានបន្តដំណើរទៅកាន់ក្រុងមិកូឡៃហ្វ ហើយបានបើកការវាយលុកព្យាយាមដណ្ដើមទីក្រុងនេះ ប៉ុន្តែត្រូវបានកងកម្លាំងអ៊ុយក្រែនរុញច្រានចេញវិញ។[៧៨] បន្តបន្ទាប់មកទៀត កងកម្លាំងរុស្ស៊ីបានផ្លាស់ទីខិតមកជិតរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ា និងបានឡោមព័ទ្ធទីក្រុងអេនែរ្ហូដារ[៧៩] គិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ កងទ័ពរុស្ស៊ីបានចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅក្រុងម៉ារីអ៊ូប៉ូល[៨០] ហើយមកដល់ថ្ងៃទី២៧ កម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងប៊ែរដាំនស្ក៍[៨១][៨២][៨៣]

មកត្រឹមថ្ងៃទី១៨ ខែមីនា ទីក្រុងម៉ារីអ៊ូប៉ូលត្រូវបានកម្លាំងរុស្ស៊ីឡោមព័ទ្ធទាំងស្រុង ហើយការប្រយុទ្ធគ្នាបានរាលដាលដល់កណ្តាលទីក្រុង ដែលជាហេតុនាំឱ្យកិច្ចប្រឹងប្រែងជម្លៀសជនស៊ីវិលមិនអាចប្រព្រឹត្តិទៅរួច។[៨៤] នៅថ្ងៃដដែរ ​រុស្ស៊ីបានទាមទារឱ្យអាជ្ញាធរក្រុងទម្លាក់អាវុធចុះចាញ់ ប៉ុន្តែខាងភាគីអ៊ុយក្រែនបានបដិសេធ។[៥៧][៥៨] នៅថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រីអុលហា ស្តេហ្វានីស៊ីណាបាននិយាយថា " ជាង ៨៥ ភាគរយនៃទីក្រុងម៉ារីអ៊ូបូលត្រូវបានរងការបំផ្លិចបំផ្លាញ"។[៨៥] ជាងនេះទៅទៀតនោះ រុស្ស៊ី​បាន​បដិសេធមិនអនុញ្ញាតឱ្យឡានក្រុងចំនួន ៥០ គ្រឿងបញ្ជូនដោយ​អង្គការសហប្រជាជាតិចូលជម្លៀស​ជនស៊ីវិលជាប់នៅក្នុងទីក្រុងឡើយ។​[៨៦]

នៅឯដែនដីភាគខាងកើត ទាហានរុស្ស៊ីបានព្យាយាមចូលកាន់កាប់ទីក្រុងខាគីវ ប៉ុន្តែពួកគេត្រូវប្រឈមនឹងកម្លាំងតស៊ូការពារដ៏រឹងមាំរបស់អ៊ុយក្រែន។[៨៧] ទីក្រុងអ៊ីហ្សូមរបស់អ៊ុយក្រែនត្រូវបានកងកម្លាំងរុស្ស៊ីចូលកាន់កាប់នៅថ្ងៃទី១ ខែមេសា បន្ទាប់ពីប្រយុទ្ធគ្នាអស់ជាងមួយខែ។[៨៨][៨៩] នៅថ្ងៃទី២៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រតិបត្តិការយោធាដំណាក់កាលទីពីរដោយមានគោលដៅកាន់កាប់ទីក្រុងធំៗនៅភាគខាងកើតប្រទេសអ៊ុយក្រែន។[៩០]

នៅថ្ងៃទី៣ ខែមេសា បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីរដ្ឋធានីកៀវ ប្រទេសរុស្ស៊ីក៏បានចាប់ផ្ដើមពង្រីកការវាយប្រហាររបស់ខ្លួនលើទឹកដីភាគខាងត្បូងប្រទេសអ៊ុយក្រែនតាមរយៈការទម្លាក់គ្រាប់បែក និងការវាយប្រហារដែនអាកាសទៅលើទីក្រុងអូដេសា មិកូឡៃហ្វ និងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ា។[៩១][៩២] មកដល់ថ្ងៃទី៧ ខែមេសា ការប្រមូលផ្តុំកងទ័ព និងរថក្រោះរុស្ស៊ីឡើងវិញនៅជុំវិញក្រុងអ៊ីហ្សូម ស្លូវីអានស្កិ៍ និងក្រាម៉ាតរស្កិ៍ បានជំរុញឱ្យមន្ត្រីអ៊ុយក្រែនចេញសេចក្ដីណែនាំឱ្យប្រជាជនដែលរស់នៅជិតព្រំដែនភាគខាងកើតទាំងប៉ុន្មានឱ្យជម្លៀសខ្លួនមកភាគខាងលិចអ៊ុយក្រែនជាបន្ទាន់។[៩៣]

ជួរប្រយុទ្ធភាគអាគ្នេយ៍ (៨ មេសា – ៥ កញ្ញា ២០២២)

Thumb
ផែនទីបង្ហាញពីដំណើរការឈ្លានពានរុស្ស៊ីនៅប្រទេសអ៊ុយក្រែនពីថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២

ត្រឹមថ្ងៃទី១៧ ខែមេសា ដំណើរឈ្លានពានរបស់កម្លាំងរុស្ស៊ីនៅជួរប្រយុទ្ធភាគអាគ្នេយ៍ត្រូវបានកងកម្លាំងអ៊ុយក្រែនបិទខ្ទប់នៅតំបន់ជុំវិញទីក្រុងម៉ារីអ៊ូប៉ូល។[៩៤] នៅថ្ងៃទី១៩ ខែមេសា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារតាមភាគខាងកើតប្រវែង ៤៨០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីទីក្រុងខាគីវទៅដល់ទីក្រុងដូណេតស្ក៍និងលូហ្កានស្ក៍ និងបូករួមទាំងការបាញ់មីស៊ីលស្របៗគ្នាផងដែរចូលសម្ដៅទីក្រុងកៀវនិងល្វីវ។[៩៥]

ត្រឹមថ្ងៃទី៣០ ខែឧសភា ព្រោះតែការនាំចូលបន្ថែមនៃអាវុធកាំភ្លើងធំចូលសមរភូមិ រុស្ស៊ីបានមានប្រៀបខ្លាំងលើអ៊ុយក្រែនជុំវិញគុណភាពនិងចំនួននៃកាំភ្លើងធំ។[៩៦] ដោយជាការឆ្លើយតបទៅនឹងពាក្យសម្ដីប្រធានាធិបតីបៃដិនដែលថាអាមេរិកនឹងបញ្ជូនកាំភ្លើងធំទំនើបៗមកឱ្យអ៊ុយក្រែន លោកពូទីនបាននិយាយថា រុស្ស៊ីនឹងពង្រីកប្រតិបត្តិការរបស់ខ្លួនដោយវាតទីលើទីប្រជុំជនសំខាន់ៗបន្ថែមទៀតរបស់អ៊ុយក្រែន។ បន្តិចក្រោយមកនៅថ្ងៃទី៦ ខែឧសភា ក្បាលគ្រាប់មីស៊ីលថ្មីៗបានហោះមកបំបុកទីតាំងជាច្រើនផ្សេងៗនៅទីក្រុងកៀវក្រោយពីរុស្ស៊ីបានខកខានបាញ់ប្រហារទីក្រុងនេះអស់ជាច្រើនសប្ដាហ៍។[៩៧]

នៅថ្ងៃទី២០ ខែកក្កដា លោកឡាហ្វរូហ្វបានប្រកាសថា ការពង្រីកប្រតិបត្តិការយោធាពិសេសរុស្ស៊ីនៅតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា និងខឺសុនគឺជាទង្វើដ៏សមស្របបំផុតបើប្រៀបទៅនឹងជំនួយយោធាពីបរទេសដែលបានបញ្ជូនមកឱ្យអ៊ុយក្រែន។[៩៨] កងកម្លាំងជើងគោករុស្ស៊ីបានចាប់ផ្តើមកែនទាហានស្ម័គ្រចិត្តពីតំបន់ខ្លួនកំពុងកាន់កាប់នៅក្នុងខែមិថុនា ហើយក៏បង្កើតបានជាកងអង្គទ័ពទីបីថ្មីដោយមានកម្លាំងប្រមាណចាប់ពី ១៦,០០០ ទៅ ៦០,០០០ នាក់។[៩៩] នៅក្នុងខែកញ្ញា អង្គភាពថ្មីថ្មោងនេះក៏ត្រូវបានរុស្ស៊ីបញ្ជូនទៅសមរភូមិខាគីវចំពេលដែលកងទ័ពរុស្ស៊ីនៅទីនោះបានកំពុងដកថយ។ បើយោងទៅតាមកាសែតព័ត៌មាន Forbes បានបញ្ជាក់ថា​ កងអង្គទ័ពទីបីមិនបានជួយកម្លាំងរុស្ស៊ីអ្វីច្រើនណាស់ណានោះទេ ពោលគឺគ្មានប្រសិទ្ធភាពដូចការគ្រោងទុកឡើយ។[១០០]

ការដួលរលំនៃទីក្រុងម៉ារីអ៊ូប៉ូល

នៅថ្ងៃទី១៣ ខែមេសា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារបន្ថែមទៅលើរោងចក្រផលិតដែកនិងដែកថែបមួយកន្លែងនៅទីក្រុងម៉ារីអ៊ូប៉ូល ដែលជាកន្លែងដែលកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារបិទកម្លាំងរុស្ស៊ីមិនឱ្យចូលកាន់កាប់ទីក្រុង។[១០១] នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកដេនីស ស្មីហាលបាននិយាយថា ទាហានអ៊ុយក្រែនបានប្តេជ្ញាទោះយ៉ាងណាក៏មិនព្រមទទួលឱសានវាទចុះចាញ់ពីរុស្ស៊ី និងប្រយុទ្ធការពារម៉ារីអ៊ូប៉ូលរហូតដល់ទីបញ្ចប់។[៩៤]

បន្ទាប់ពីបានជួបប្រជុំជាមួយពូទីន និងហ្សេឡេនស្គី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េសបានថ្លែងនៅថ្ងៃទី២៨ ខែមេសា ថា លោកនឹងព្យាយាមរៀបចំដំណើរជម្លៀសប្រជាជនស៊ីវិលចេញពីរោងចក្រនោះ។[១០២] នៅថ្ងៃទី៣០ ខែមេសា ទាហានរុស្ស៊ីបានអនុញ្ញាតឱ្យជនស៊ីវិលចាកចេញក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ។[១០៣] មកត្រឹមថ្ងៃទី៣ ខែឧសភា កងកម្លាំងរុស្ស៊ីបានផ្ដើមការវាយប្រហារសារថ្មីលើរោងចក្រនោះ[១០៤] ខណៈជនស៊ីវិលត្រូវបានជម្លៀសចេញអស់នៅថ្ងៃទី៧ ខែឧសភា។[១០៥] ក្រោយពីជនស៊ីវិលត្រូវជម្លៀសអស់ រោងចក្រមួយនោះនៅផ្ទុកទាហានអ៊ុយក្រែនប្រមាណ ២,០០០ នាក់ដោយក្នុងនោះមាន ៧០០ នាក់បានរងរបួស។

Thumb
មន្ទីរពេទ្យកុមារមួយកន្លែងនៅម៉ារីអ៊ូប៉ូលក្រោយរងការទម្លាក់គ្រាប់ពីរុស្ស៊ី

មេបញ្ជាការទ័ពជាប់នៅរោងចក្រនោះបានទាក់ទងរដ្ឋាភិបាលអ៊ុយក្រែនឱ្យចរចាជាមួយរុស្ស៊ីដើម្បីបើកច្រកផ្លូវចេញ ដោយពួកគេខ្លាចថាកម្លាំងរុស្ស៊ីនឹងប្រហារជីវិតពួកគេអស់ប្រសិនបើពួកគេសុំចុះចាញ់។[១០៦] មេបញ្ជាការរងទ័ពជាប់ក្នុងរោងចក្រនោះគឺលោកអ៊ីលីយ៉ា សាម៉ូលែនកូបាននិយាយថា "ពួកយើងដូចមនុស្សត្រៀមស្លាប់អញ្ចឹង ដូច្នេះហើយបានជាយើងខិតខំប្រឹងប្រយុទ្ធតបតវិញអស់ពីចិត្តពីថ្លើម"។[១០៧]

នៅថ្ងៃទី១៦ ខែឧសភា ការិយាល័យអគ្គសេនាធិការអ៊ុយក្រែនបានប្រកាសថា ទ័ពនៅម៉ារីអ៊ូប៉ូលនោះបាន "បំពេញបេសកកម្មប្រយុទ្ធរបស់គេហើយ" ហើយនិងកំពុងចាប់ផ្តើមជម្លៀសចេញ។ ទាហានចំនួន ២៦៤ នាក់ត្រូវបានជម្លៀសទៅពន្ធនាគារអូលេនីវកាក្រោមរុស្ស៊ី ខណៈដែល ៥៣ នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុងណូវ៉ូអាសូហ្វស្កិ៍ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដូចគ្នា។[១០៨][១០៩] ក្រោយការជម្លៀសទាហានអ៊ុយក្រែនទាំងប៉ុន្មានចេញអស់ កងកម្លាំងរុស្ស៊ីនិងដូណេតស្ក៍បានឈរជើងជាផ្លូវការនៅទីក្រុងម៉ារីអ៊ូប៉ូល។ វិមានក្រឹមឡាំងបានថ្លែងថា លោកពូទីនបានធានារួចហើយថាយុទ្ធជនអ៊ុយក្រែនដែលបានចុះចាញ់នោះនឹងត្រូវបានមើលថែស្របតាម "ច្បាប់អន្តរជាតិ" ខណៈដែលហ្សេឡេនស្គីបាននិយាយថា ខ្លួនកំពុងស្វះស្វែងរកវិធីនាំទាហានទាំងនោះមកផ្ទះវិញ...។[១១០]

សមរភូមិដុនបាសថ្មី

Thumb
ផែនទីបង្ហាញពីតំបន់ដុនបាសគិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៖ តំបន់ពណ៌ផ្កាឈូកគឺស្ថិតនៅក្រោមរុស្ស៊ីនិងក្រុមផ្ដាច់ខ្លួនអ៊ុយក្រែន ឯតំបន់ពណ៌លឿងគឺស្ថិតក្នុងដៃរដ្ឋាភិបាលអ៊ុយក្រែន។

ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ីមក​លើ​ស្ថានីយ​រថភ្លើងក្រុងក្រាម៉ាថូស្ក៍នៅថ្ងៃ​ទី៨ ខែ​មេសា បាន​សម្លាប់​មនុស្សប្រមាណ ៦១ នាក់[១១១] និងបង្ក​របួសដល់មនុស្សប្រមាណ ៨៧ ទៅ ៣០០ នាក់បន្ថែមទៀត​។[១១២] នៅថ្ងៃទី១១ ខែមេសា លោកហ្សេឡេនស្គីបាននិយាយថា អ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់យុទ្ធនាការវាយប្រហារថ្មីរបស់រុស្ស៊ីពីភាគខាងកើត។[១១៣] ភស្តុតាងពីរូបភាព​ផ្កាយរណបបានបង្ហាញឱ្យឃើញពីក្បួនរថយន្តយោធារុស្ស៊ីនៅភាគខាងត្បូងចាប់ពីទីក្រុងខាគីវ រហូតដល់អ៊ីហ្សូមនៅថ្ងៃទី១១ ខែមេសា ពោលជាការដាក់ពង្រាយរៀបចំទ័ពឡើងវិញដោយរុស្ស៊ី។[១១៤] នៅថ្ងៃទី១៨ ខែមេសា បន្ទាប់ពីទីក្រុងម៉ារីអ៊ូប៉ូលត្រូវបានធ្លាក់ក្នុងដៃរុស្ស៊ី រដ្ឋាភិបាលអ៊ុយក្រែនបានចេញប្រកាសថា ដំណាក់កាលទីពីរនៃការឈ្លានពានរុស្ស៊ីនៅតំបន់ដូណេតស្ក៍ លូហ្កានស្ក៍ និងខាគីវបានកំពុងតែរីករាលដាលខ្លាំង ដោយកងកម្លាំងរុស្ស៊ីស្ទើរតែកាន់កាប់តំបន់ដុនបាសទាំងមូល។[១១៥]

យោងទៅតាមរបាយការណ៍ពីសារព័ត៌មាន BBC​ នៅថ្ងៃទី២២ ឧសភា បានឱ្យដឹងថា ក្រោយពីក្រុងម៉ារីអ៊ូប៉ូលបានដួលរលំ រុស្ស៊ីបានបង្កើនការវាយលុករបស់ពួកគេនៅលូហ្កានស្ក៍ និងដូណេតស្ក៍ ខណៈគ្រាប់មីស៊ីលជាច្រើនរួមទាំងគ្រាប់កាំភ្លើងធំផងបានផ្លោងចូលក្រុងស៊ីវេរ៉ូដូណេតស្ក៍ ដែលជាទីក្រុងធំបំផុតរបស់អ៊ុយក្រែនក្នុងខេត្តលូហ្កានស្ក៍។[១១៦] នៅថ្ងៃទី២៣ ខែឧសភា កងកម្លាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានវាយចូលទីក្រុងលីម៉ាន់ ដោយបានកាន់កាប់ទីក្រុងនេះនៅថ្ងៃទី២៦ ខែឧសភា។[១១៧] នៅថ្ងៃទី២៤ ខែឧសភា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងស្វីតឡូដាស្ក៍មួយទៀត[១១៨] ហើយមកត្រឹមថ្ងៃទី២ ខែមិថុនា មានរបាយការណ៍ថ្មីប្រាប់ថា ទីក្រុងស៊ីវេរ៉ូដូណេតស្ក៍ប្រមាណ ៨០% កំពុងស្ថិតក្រោមកម្មសិទ្ធិរុស្ស៊ី។[១១៩] មួយថ្ងៃក្រោយមក កងកម្លាំងអ៊ុយក្រែនបានផ្ដើមយុទ្ធនាការវាយបកវិញ ហើយមកត្រឹមថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលអ៊ុយក្រែនបានចេញមុខអះអាងថា កម្លាំងអ៊ុយក្រែនបានដណ្ដើម ២០% នៃទីក្រុងនោះមកវិញ។[១២០]

ខណៈជួរការពារអ៊ុយក្រែននៅស៊ីវេរ៉ូដូណេតស្ក៍បានកំពុងចុះខ្សោយ កងទ័ពរុស្ស៊ីក៏បង្កើនការវាយប្រហារលើទីក្រុងលីស៊ីឆានស្ក៍នៅក្បែរនោះ។[១២១] នៅថ្ងៃទី៣ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាទីក្រុងលីស៊ីឆាន់ស្ក៍ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីជាផ្លូវការ។[១២២] សារព័ត៌មាន The Guardian នៅថ្ងៃទី៤ ខែកក្កដា បានចុះផ្សាយថា ក្រោយពីខេត្តលូហ្កានស្ក៍បានដួលរលំទៅក្រោមរុស្ស៊ី កងទ័ពរុស្ស៊ីនឹងបន្តការឈ្លានពានរបស់ពួកគេចូលទៅក្នុងខេត្តដូណេតស្ក៍ម្តង ដោយមានគោលដៅវាយបំបែកទីក្រុងស្លូវីអានស្កិ៍ និងបាក់មុត[១២៣]

សមរភូមិហ្សាប៉ូរីហ្ស៊ីយ៉ា

Thumb
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានសម្ដៅលើការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើផ្សារទំនើបមួយក្នុងក្រុងក្រេមិនឈូកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថាជា "ឧក្រិដ្ឋកម្មសង្គ្រាម"។

កងកម្លាំងរុស្ស៊ីបានបន្តបាញ់ស្រោបមីស៊ីល និងទម្លាក់គ្រាប់បែកជាច្រើនលើទីក្រុងឌីញីប្រូ និងហ្សាប៉ូរីហ្ស៊ីយ៉ា[៩៥] នៅថ្ងៃទី១០ ខែមេសា អាកាសយានដ្ឋានអន្តរជាតិឌីញីប្រូត្រូវបានរុស្ស៊ីវាយកម្ទេចដោយគ្រាប់មីស៊ីល។[១២៤] នៅថ្ងៃទី២៨​ ខែមិថុនា មីស៊ីលរុស្ស៊ីដែលបានធ្លាក់លើផ្សារទំនើបមួយកន្លែងនៅក្រុងក្រេមិនឈូកបានសម្លាប់មនុស្សចំនួន ១៨ នាក់ ខណៈប្រធានាធិបតីបារាំងបានចាត់ទុកវាជាឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិដោយរុស្ស៊ី។[១២៥]

Thumb
សពប្រជាជនស៊ីវិលអ៊ុយក្រែននៅហ្សាប៉ូរីហ្ស៊ីយ៉ាក្រោយការវាយប្រហារដោយមីស៊ីលពីកងទ័ពរុស្ស៊ីកំឡុងខែកញ្ញា ឆ្នាំ២០២២

ទីភ្ញាក់ងារនុយក្លេអ៊ែររបស់អ៊ុយក្រែនគឺអ៊ែនឺហួអាតូមបានសម្ដៅលើស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ាថាមាន "ភាពតានតឹងខ្លាំង" ដោយបញ្ជាក់ថា រោងចក្រនោះឥឡូវកំពុងបានគ្រប់គ្រងដោយទាហានរុស្ស៊ីរហូតដល់ទៅ ៥០០ នាក់ ខណៈរុស្ស៊ីបានបន្តបាញ់ផ្លោងនៅតំបន់ក្បែរៗនោះដោយមិនញញើត និងបានយករោងចក្រធ្វើជាកន្លែងស្តុកទុកអាវុធទៀតផង។[១២៦] ក្រោយមានការសន្ទនាតាមទូរស័ព្ទរវាងម៉ាក្រុងនិងពូទីន ប្រទេសរុស្ស៊ីបានយល់ព្រមអនុញ្ញាតឱ្យអធិការនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅចុះពិនិត្យនៅរោងចក្រនោះនៅថ្ងៃទី១៩ ខែសីហា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ការចូលស្ទាបស្ទង់ស្ថានការណ៍នៅរោងចក្រនោះត្រូវបានរុស្ស៊ីរឹតបន្តឹតយ៉ាងខ្លាំង ហើយត្រូវការទាមទារចរចាស្មុគស្មាញច្រើនដើម្បីឱ្យភាគីរុស្ស៊ីបើកផ្លូវចូលមើល។[១២៧]

ការកាត់ទឹកដី និងការបាត់បង់ទឹកដី (៦ កញ្ញា – ១១ វិច្ឆិកា ២០២២)

Thumb
ផែនទីបង្ហាញពីដំណើរការឈ្លានពានរុស្ស៊ីនៅប្រទេសអ៊ុយក្រែនពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កងកម្លាំងអ៊ុយក្រែនក្រោមបញ្ជាការរបស់នាយឧត្តមសេនីយ៍ស៊ីរស្គីបានបើកការវាយប្រហារតបតនឹងរុស្ស៊ីវិញនៅក្នុងតំបន់ខាគីវ ដោយផ្តើមចេញពីទីតាំងក្បែរក្រុងបាឡាគ្លីយ៉ា[១២៨] នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកវ្ល៉ាឌីមៀរ ពូទីនបានប្រកាសពីការចល័តទ័ពដោយផ្នែក ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកស៊ែរហ្គី ស៊ុយហ្គូបាននិយាយថា ទាហានបម្រុងប្រមាណ ៣០០,០០០ នាក់នឹងត្រូវបានកោះហៅចូលបម្រើមាតុភូមិ។[១២៩]

នៅចុងខែកញ្ញា ឆ្នាំ២០២២ មន្ត្រីអ៊ុយក្រែនដែលបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់រុស្ស៊ីកាន់កាប់បានរៀបចំការបោះឆ្នោតប្រជាមតិមួយស្តីពីការកាត់ទឹកដីអ៊ុយក្រែនទាំងនោះចូលទៅក្នុងប្រទេសរុស្ស៊ី។ ទឹកដីដែលត្រូវកាត់នោះរួមមាន ដូណេតស្ក៍និងលូហ្កានស្ក៍ និងព្រមទាំងទឹកដីរដ្ឋបាលយោធារុស្ស៊ីនៅក្នុងខេត្តខឺសុន និងហ្សាប៉ូរីហ្ស៊ីយ៉ាផងដែរ។ រដ្ឋាភិបាល​អ៊ុយក្រែនបានប្រកាសមិនទទួលស្គាល់ប្រជាមតិនោះយ៉ាងក្ដែងៗ ដោយបានចោតវាថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ខណៈលទ្ធផល​ផ្លូវការបាន​បង្ហាញ​ពី​សំឡេង​គាំទ្រ​លើសលប់​ចំពោះការចុះចូលក្នុងទឹកដីរុស្ស៊ី។[១៣០] នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកពូទីនក៏បានប្រកាសអំពីការកាត់បញ្ចូលតំបន់ដូណេតស្ក៍ លូហ្កានស្ក៍ ខឺសុន និងហ្សាប៉ូរីហ្ស៊ីយ៉ារបស់អ៊ុយក្រែនជាផ្លូវការតាមរយៈសុន្ទរកថាទៅកាន់សភារុស្ស៊ីទាំងពីរជាន់ថ្នាក់។[១៣១] ដំណាលគ្នានេះ អ៊ុយក្រែន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិសុទ្ធតែបានច្រានចោលទង្វើរុស្ស៊ី និងចាត់ទុកវាជាអំពើខុសច្បាប់។[១៣២]

Thumb
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានកំពុងចូលរួមពិធីបង្ហូតទង់ជាតិអ៊ុយក្រែននៅខឺសុន បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានរំដោះទីក្រុងនេះពីរុស្ស៊ីវិញ។

នៅថ្ងៃទី២៩ ខែសីហា លោកហ្សេឡេនស្គីបានប្រកាសចាប់ផ្ដើមយុទ្ធនាការវាយបកតបតនឹងរុស្ស៊ីនៅភាគអាគ្នេយ៍ដើម្បីដណ្តើមយកទឹកដីក្នុងតំបន់ខឺសុន និងមិកូឡៃហ្វមកវិញ។[១៣៣] នៅកំឡុងខែតុលា កងទ័ពអ៊ុយក្រែនបានបំបោលកម្លាំងបន្តមកភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុងខឺសុន ដោយបានកាន់កាប់ទឹកដីប្រមាណ ១,១៧០ គីឡូម៉ែត្រការ៉េ ខណៈការប្រយុទ្ធគ្នាបានរាលដាលដល់ភូមិឌូចឆានី[១៣៤][១៣៥] នៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកស៊ុយហ្គូបានបញ្ជាឱ្យកងកម្លាំងរុស្ស៊ីដកថយចេញពីខេត្តខឺសុនមួយផ្នែក និងរួមទាំងទីក្រុងខឺសុនផងដែរ ហើយផ្លាស់ទីទៅច្រាំងខាងកើតនៃទន្លេឌីណេព័រវិញ។[១៣៦] នៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីកម្លាំងរុស្ស៊ីបានដកថយចេញអស់ កងទ័ពអ៊ុយក្រែនក៏បានរុលចូលទីក្រុងខឺសុន ដែលត្រូវជាទីតាំង​ឈរ​ជើង​ចុងក្រោយបង្អស់របស់រុស្ស៊ីនៅ​ប៉ែក​ខាង​លិច (​ស្ដាំ) ​ទន្លេឌីណេព័រ។[១៣៧]

Thumb

       ទឹកដីអ៊ុយក្រែន
       ទឹកដីអ៊ុយក្រែនដណ្ដើមបានវិញ
       ទឹកដីក្រោមការត្រួតត្រារុស្ស៊ី
ផែនទីនៃជួរប្រយុទ្ធខាគីវគិតត្រឹមថ្ងៃទី២១ ខែសីហា ២០២៥

ក្រោមបញ្ជាការនាយឧត្តមសេនីយ៍ស៊ីរស្គី កងកម្លាំងអ៊ុយក្រែនបានបើកការវាយបកដោយសម្ងាត់មួយទៀតនៅថ្ងៃទី៦ ខែកញ្ញា នៅតំបន់ខេត្តខាគីវ ក្បែរក្រុងបាឡាគ្លីយ៉ា។[១២៨] មកត្រឹមថ្ងៃទី៧ ខែកញ្ញា កងកម្លាំងអ៊ុយក្រែនបានវាយចូលក្នុងទឹកដីរុស្ស៊ីកាន់កាប់បានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ដោយបានអះអាងថាខ្លួនបានដណ្តើមទឹកដីមកវិញបានប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ។[១៣៨] នៅថ្ងៃទី៨ ខែកញ្ញា កងកម្លាំងអ៊ុយក្រែនបានវាយយកក្រុងបាឡាគ្លីយ៉ាមកវិញ ហើយបានបន្តបោះជំហានសម្ដៅទៅក្រុងគូពានស្ក៍[១៣៩][១៤០] នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កញ្ញា កម្រងរូបថតថ្មីៗ​បាន​លេច​ឡើង​បង្ហាញ​ពី​សកម្មភាពទាហាន​អ៊ុយក្រែន​​លើក​បង្ហូតទង់ជាតិ​អ៊ុយក្រែន​នៅ​កណ្តាល​ទីក្រុងគូពានស្ក៍។[១៤១]

ត្រឹមថ្ងៃទី១៥ ខែកញ្ញា ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់ថា រុស្ស៊ីបានបាត់បង់ ឬបានដកខ្លួនចេញពីទីតាំងកាន់កាប់ស្ទើរតែទាំងអស់របស់ពួកគេនៅប៉ែកខាងលិចទន្លេអូស្គីល[១៤២] កម្លាំងអ៊ុយក្រែនបា​បន្ត​រុញ​ច្រានទៅ​ភាគ​ខាង​កើត ហើយ​នៅ​ថ្ងៃ​ទី១ ខែ​តុលា កងកម្លាំង​​អ៊ុយក្រែន​ក៏បាន​រំដោះ​ទីក្រុង​លីម៉ាន់ដោយជោគជ័យ។[១៤៣]

សង្គ្រាមឈានដល់វគ្គជាប់គាំង (១២ វិច្ឆិកា ២០២២ – ៧ មិថុនា ២០២៣)

បន្ទាប់ពីយុទ្ធនាគារវាយបកតបតដ៏ជោគជ័យទាំងពីររបស់អ៊ុយក្រែន សង្គ្រាមជួរមុខបានឈានចូលដល់ចំណុចជាប់គាំងនៅកំឡុងសិសិររដូវនៃឆ្នាំ២០២២។[១៤៤] ទន្ទឹមគ្នានេះដែរ រុស្ស៊ីក៏បានប្រកាសអំពីយុទ្ធនាការវាយតបតនឹងអ៊ុយក្រែនវិញ ប៉ុន្តែវាត្រូវបានបរាជ័យយ៉ាងអាម៉ាស់មុខសម្រាប់រុស្ស៊ី បន្ទាប់ពីខ្លួនមិនអាចចម្រាញ់បានសមិទ្ធផលអ្វីពីយុទ្ធនាការនោះ។[១៤៤][១៤៥] ក្រៅពីកត្ដារដូវរងា អ្នកវិភាគជាច្រើនបានចាត់ទុកកត្តាបរាជ័យរបស់រុស្ស៊ីលើកង្វះ "ទាហានមានវិជ្ជាជីវៈ" ពោលគឹខ្វះបទពិសោធន៍ បូករួមទាំងកត្តាភស្តុភារដែលជាហេតុនាំឱ្យកងទ័ពរុស្ស៊ីខ្វះអាវុធ និងគ្រាប់រំសេវដើម្បីបំពេញភារកិច្ចរបស់ពួកគេ។[១៤៤][១៤៥]

នៅថ្ងៃទី៧ ខែកុម្ភៈ កាសែត ដឹញូវយ៉កថែមស៍ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានធ្វើកំណែនទ័ពបន្ថែម ២០០,០០០​ នាក់ត្រៀមប្រយុទ្ធក្នុងសមរភូមិនៅដុនបាស។[១៤៦] នៅចុងខែមករា ឆ្នាំ២០២៣ ការប្រយុទ្ធគ្នានៅភាគខាងត្បូងខេត្តហ្សាប៉ូរីហ្ស៊ីយ៉ាបានពុះកញ្ជ្រោលឡើង នាំឱ្យទាហានទាំងសងខាងស្លាប់និងរបួសជាច្រើននាក់។[១៤៧] នៅភាគខាងត្បូងខេត្តដូណេតស្ក៍ក្បែរៗនោះ ប្រទេសរុស្ស៊ីបានបើកការវាយប្រហាររយៈពេលបីសប្ដាហ៍មកលើទីក្រុងរ៉ែធ្យូងមួយឈ្មោះវូលឡេដារ ដោយប្រើរថក្រោះនិងរថពាសធន់ធ្ងន់ជាច្រើនគ្រឿង។ យោងតាមមេបញ្ជាការអ៊ុយក្រែនទៅទីនោះ រថក្រោះនិងរថពាសរុស្ស៊ីជាច្រើនប្រមាណ ១៣០ គ្រឿងត្រូវបានកម្លាំងអ៊ុយក្រែនបំផ្លាញកម្ទេចចោល ខណៈក្រសួងការពារជាតិអង់គ្លេសបានថ្លែងថា កងពលតូចរថក្រោះរុស្ស៊ីក្នុងសមរភូមិនេះត្រូវបានអ៊ុយក្រែនវាយសាបអស់។[១៤៨][១៤៩]

យុទ្ធនាការវាយបកនឹងរុស្ស៊ី (៨ មិថុនា – ១ ធ្នូ ២០២៣)

Thumb
ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្តខឺសុននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីទំនប់ទឹកក្បែរនោះត្រូវរងការខូចខាតពីសង្គ្រាម

នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីសមរភូមិប្រយុទ្ធបានជាប់គាំងអស់ជាច្រើនខែ កងកម្លាំងអ៊ុយក្រែនក៏បានបើកយុទ្ធនាការវាយបកទៅនឹងរុស្ស៊ីតាមទិសដៅជាច្រើន។[១៥០][១៥១] ថ្វីបើកងកម្លាំងរុស្ស៊ីបានខិតខំប្រឹងប្រែងការពារទឹកដីកាន់កាប់របស់ខ្លួន[១៥២] អ៊ុយក្រែន​នៅតែអាច​វាយដណ្តើម​យក​ទឹកដី​ដុនបាសខ្លះៗបានមកវិញនៅចុងខែមិថុនា ហើយបាន​កំពុងវាយរំដោះទឹកដីបន្ថែមទៀតនៅក្នុងខេត្តខឺសុន។[១៥៣] កងទ័ពរុស្ស៊ីបានបង្កប់មីនជាច្រើននៅតាមតំបន់ដែលពួកគេកាន់កាប់ដែលជាហេតុធ្វើឱ្យប្រតិបត្តិការវាយបករបស់យោធាអ៊ុយក្រែនមានការពិបាកនិងយឺតយ៉ាវហួសពីការគ្រោងទុក ហើយលើសពីនេះ វាបានធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសមានមីនសកម្មច្រើនជាងគេនៅពិភពលោកថែមទៀតផង។[១៥៤]

នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ កងកម្លាំងអ៊ុយក្រែនបានរុលឆ្លងទន្លេឌីណេព័រដោយជោគជ័យ តែត្រូវរងការខាតបង់ជាទម្ងន់ដូចជាជីវិតទាហាននិងយានយន្តសម្ភារៈយោធាជាដើម។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកហ្សេឡេនស្គីបានថ្លែងថា យុទ្ធនាការវាយរុស្ស៊ីក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះត្រូវបានបរាជ័យ ដោយហេតុថាដំណើរការវាយតបតបានអូសបន្លាយយូរ និងពិបាកខ្លាំងក្នុងការវាយបំបែកកងការពាររបស់រុស្ស៊ី។[១៥៥][១៥៦] លោកហ្សេឡេនស្គីបាននិយាយបន្ថែមទៀតថា វាគឺងាយស្រួលជាងសម្រាប់អ៊ុយក្រែនក្នុងការវាយដណ្តើមយកគ្រីមៀមកវិញជាជាងដុនបាស ព្រោះថាតំបន់ដុនបាសនេះគឺមានប៉ុស្តិ៍ និងទីកន្លែងឈរយោធារុស្ស៊ីច្រើន ហើយណាមួយប្រជាជននៅទីនោះបានបង្ហាញឆន្ទៈគាំទ្ររុស្ស៊ីរួចទៅហើយ។[១៥៧]

សមរភូមិអាឌីហ្យកា

Thumb
សំណង់អគារខ្ទិចខ្ទាំនៅក្រុងអាឌីហ្យកាកំឡុងពេលប្រយុទ្ធគ្នានៅខែមករា ឆ្នាំ២០២៤

នៅខែតុលា ឆ្នាំ២០២៣ របាយការណ៍សារព័ត៌មានបានចុះផ្សាយថាទាហានរុស្ស៊ីមួយចំនួនបានធ្វើសង្កុបកម្មបង្ហាញការមិនពេញចិត្តនឹងថ្នាក់លើបន្ទាប់ពីកម្លាំងរបស់ពួកគេបានរងនូវការខាតបង់ច្រើនខ្លាំងខណៈកំពុងវាយដណ្ដើមទីក្រុងអាឌីហ្យកា ដោយក្នុងនោះរួមមានកង្វះខាតកាំភ្លើងធំ ស្បៀងអាហារ និងទឹកប្រើប្រាស់ជាដើម។[១៥៨] គិតមកត្រឹមខែវិច្ឆិកា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសបានបង្ហាញថា ក្នុងប៉ុន្មានសប្តាហ៍មកនេះ កងទ័ពរុស្ស៊ីមានអត្រាអ្នកស្លាប់ និងរបួសកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក។[១៥៩]

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីទីបំផុតក៏បានដណ្ដើមទីក្រុងអាឌីហ្យកាបានដោយជោគជ័យ ហើយត្រូវបានគេចាត់ទុកទីក្រុងនោះថាជាទ្វាបើកចំហសម្រាប់ឱ្យកងទ័ពរុស្ស៊ីបន្តវាយយកខេត្តដូណេតស្ក៍ទាំងមូលរបស់អ៊ុយក្រែន។[១៦០][១៦១][១៦២] អ្នកសារព័ត៌មាន Forbes ម្នាក់គឺលោកដេវីដ អាក្ស៍បានចាត់ទុកជ័យជម្នះរុស្ស៊ីមួយនេះថាជាជ័យជម្នះដ៏ខាតបង់ច្រើនប្រៀបបានដូចបរាជ័យទៅហើយ ព្រោះថាល្មមតែគេវាយបានក្រុងនេះមួយ រុស្ស៊ីត្រូវចំណាយកម្លាំងទាហានច្រើនហួសប្រមាណ (កងពលទីពីរបូករួមទាំងកម្លាំងទ័ពផ្សេងទៀត) បង្កឱ្យមានទាហានស្លាប់រហូតដល់ទៅ ១៦,០០០ នាក់ និងរបួសដល់ទាហានរាប់ពាន់រាប់ម៉ឺននាក់បន្ថែមទៀត ខណៈរថយន្តចម្បាំងជាង ៧០០ គ្រឿងត្រូវបានបំផ្លាញ។[១៦៣]

ការវាយបកពីរុស្ស៊ី និងការលុកលុយដោយអ៊ុយក្រែន (មេសា ២០២៤ – បច្ចុប្បន្ន)

យុទ្ធនាការវាយបកដោយរុស្ស៊ីប្រចាំវស្សានរដូវ និងនិទាឃរដូវ

Thumb
ទីក្រុងវូហ្វឆាន់ស្ក៍នៅកំឡុងយុទ្ធនាការវាយបកនៅខាគីវ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ រុស្ស៊ីបានបើកយុទ្ធនាការថ្មីវាយចូលទៅក្នុងខេត្តខាគីវ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ រុស្ស៊ីបានវាយកាន់កាប់ភូមិជាច្រើន ខណៈអ៊ុយក្រែនបានជម្លៀសប្រជាជនជាង ១១,០០០ នាក់ចេញពីតំបន់គិតត្រឹមថ្ងៃទី២៥​ ខែឧសភា។ អ៊ុយក្រែនបានអះអាងនៅថ្ងៃទី១៧ ខែឧសភាថាកងកម្លាំងរបស់ខ្លួនបានវាយបង្អង់ថយយុទ្ធនាការរុស្ស៊ី ហើយនៅថ្ងៃទី២៥ ខែឧសភា លោកហ្សេឡេនស្គីបានថ្លែងថាកងកម្លាំងអ៊ុយក្រែនបានចូលគ្រប់គ្រងទីតាំងដែលកងទ័ពរុស្ស៊ីវាយចូលមកនៅភាគឦសានខេត្តខាគីវ។ មន្ត្រីរុស្ស៊ីបាននិយាយថា កម្លាំងខ្លួនកំពុង "វាយអ៊ុយក្រែនពីគ្រប់ទិសដៅ" ហើយគោលដៅរបស់ពួកគេគឺបង្កើត "តំបន់ទ្រនាប់" ទុកជាព្រំដែនប្រយុទ្ធ។[១៦៤][១៦៥]

បន្ទាប់ពីទទួលបានជោគជ័យក្នុងសមរភូមិអាឌីហ្យកា កងកម្លាំងរុស្ស៊ីក៏បានបន្តរុលទៅទិសពាយ័ព្យដើម្បីប្រមូលផ្ដុំបង្កើនកម្លាំងឡើងវិញ ហើយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីនោះក៏បានចូលទៅដល់ក្រុងតូចមួយឈ្មោះអូឆេរីទីណេ ដោយបានកាន់កាប់កូនក្រុងមួយនេះនៅចុងខែមេសា[១៦៦][១៦៧] រួចក៏បន្តពង្រីកកម្លាំងខ្លួនបន្ថែមនៅខែបន្ទាប់។[១៦៨] ទន្ទឹមគ្នានេះដែរ រុស្ស៊ីក៏បានបើកការវាយលុកបន្ថែមទៅលើទីក្រុងឆាស៊ីវយា[១៦៩] ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅភាគខាងលិចបាក់មុត ហើយបានដណ្ដើមសង្កាត់នៅជាយខាងកើតបំផុតនៃក្រុងនោះនៅចុងខែកក្កដា។[១៧០][១៧១] ប្រតិបត្តិការរុស្ស៊ីមួយទៀតត្រូវបានប្រព្រឹត្តិធ្វើឡើងនៅពាក់កណ្ដាលខែមិថុនាដើម្បីវាយដណ្ដើមទីក្រុងតូរ៉េតស្ក៍[១៧២][១៧៣] ក្នុងកំឡុងខែកក្កដា កងកម្លាំងរុស្ស៊ីបានមកផ្ដុំពង្រីកកម្លាំងនៅភាគពាយព្យនៃក្រុងអាឌីហ្យកា ហើយនៅថ្ងៃទី១៩ ខែកក្កដា ពួកគេបានចាប់ផ្ដើមដំណើរសម្រុកទៅវាយយកក្រុងប៉ូក្រូហ្វស្ក៍[១៧៤][១៧៥]

អ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ី

Thumb
ទាហានអ៊ុយក្រែនកំពុងបំបោលរថក្រោះក្នុងខេត្តគូស្គិ៍របស់រុស្ស៊ី, សីហា ២០២៤

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំបំផុតដំបូងរបស់ខ្លួនចូលទៅក្នុងខេត្តគូស្គ៍នៃទឹកដីប្រទេសរុស្ស៊ី។[១៧៦] គោលដៅចម្បងដំបូងនៃប្រតិបត្តិការវាយលុកមួយនេះគឺវាយដណ្ដើមយកក្រុងស៊ូដចាដែលស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន[១៧៧] ហើយបើយោងតាមហ្សេឡេនស្គីគឺអ៊ុយក្រែនបានវាយដណ្ដើមវាដោយជោគជ័យនៅថ្ងៃទី១៥ ខែសីហា។[១៧៨] ដោយសារអង្គភាពយោធា និងកងការពារនៅគូស្គ៍មិនសូវមានបទពិសោធន៍ច្រើន ដូចនេះអ៊ុយក្រែនក៏បានឆក់យកឱកាសវាយកាន់កាប់តំបន់គាកព្រំដែនក្នុងខេត្តមួយនេះ។[១៧៩] ការលុកលុយរបស់អ៊ុយក្រែននេះបានធ្វើឱ្យរុស្ស៊ីបង្វែរទ័ពជាច្រើនពីទឹកដីអ៊ុយក្រែនខាងកើតដែលខ្លួនកំពុងកាន់កាប់ (លើកលែងតែដូណេតស្ក៍) ដើម្បីមកបិទដំណើរការលុកលុយរបស់អ៊ុយក្រែននៅគូស្គ៍។[១៨០][១៨១] ថ្វីបើពូទីនបានបញ្ជាដាក់កំហិត​​ឱ្យកងទ័ពរុស្ស៊ីវាយបណ្ដេញអ៊ុយក្រែនចេញពីគូស្គ៍ឱ្យឆាប់ក្ដី ប៉ុន្តែមកដល់ចុងខែមករា ឆ្នាំ២០២៥ កងទ័ពរុស្ស៊ីនៅតែមិនទាន់ជោគជ័យ ខណៈបញ្ជាការច្រើនជាប់ផ្ដោតលើប្រតិបត្តិការនៅដូណេតស្ក៍។[១៨២][១៨៣]

យុទ្ធនាការរុស្ស៊ីនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥

Remove ads

សមរភូមិប្រយុទ្ធ

ជម្លោះដែនទឹក

អ៊ុយក្រែនជាប្រទេសមួយស្ថិតនៅជាប់សមុទ្រខ្មៅដែលមានច្រកចូលតាមច្រកសមុទ្របូស្បូរូស និងដារដាណែល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសតួកគី។ នៅថ្ងៃទី២៨ ខែកុម្ភៈ តួកគីបានអនុវត្តតាមសន្ធិសញ្ញាម៉ុងទ្រុកឆ្នាំ១៩៣៦ និងបិទច្រកសមុទ្រទាំងពីរ ហាមឃាត់នាវាចម្បាំងរុស្ស៊ីដែលមិនបានចុះបញ្ជីនៅឯមូលដ្ឋានទឹកក្នុងសមុទ្រខ្មៅ ហើយមិនត្រឡប់ទៅចូលចតនៅកំពង់ផែដើមវិញ។ ជាក់ស្តែង តួកគីបានបដិសេធការឆ្លងកាត់នាវាកងទ័ពជើងទឹករុស្ស៊ីចំនួនបួនដែលរកឆ្លងកាត់ច្រកសមុទ្រតួកគី[១៨៤][១៨៥][១៨៦]

កាលពីថ្ងៃទី២៤ ខែកុម្ភៈ សេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនបានប្រកាសថា នាវាកងទ័ពជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារលើកោះពស់របស់ខ្លួននៅក្នុងសមុទ្រខ្មៅ។[១៨៧] នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់គ្រាប់ចូលទៅលើកោះនោះដោយកាំភ្លើងធំនៅលើនាវារបស់ពួកគេ។[១៨៨] បន្ទាប់​ពី​ការបាញ់ប្រហារ ទាហាន​រុស្ស៊ី​មួយ​ក្រុម​បាន​ចូលចត​នៅឆ្នេរកោះ ហើយក៏បានដណ្តើមកាន់កាន់យក​កោះ​ពស់បានដោយជោគជ័យ។[១៨៩] នៅថ្ងៃដដែរ កងកម្លាំងរុស្ស៊ីបានផ្តើមការវាយប្រហារលើមូលដ្ឋានទ័ពអាកាសឈូហ៊ូអ៊ី[១៩០] ដែលជាកន្លែងផ្ទុកដ្រូនប្រភេទ Bayraktar TB2។ ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​ការ​ខូច​ខាត​ដល់​កន្លែង​ស្តុក​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធក្បែរៗនោះ។[១៩១]

កាលពីថ្ងៃទី២៤ ខែមីនា មន្ត្រីអ៊ុយក្រែនបាននិយាយថា នាវារបស់រុស្ស៊ីបានចូលចតនៅទីក្រុងប៊ែរឌានស្ក៍ តែក្នុងនោះមាននាវាចំនួនពីរត្រូវបានកំទេចដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន។[១៩២][៧២][៨៣]

ចលនាតស៊ូរបស់ប្រជាជនអ៊ុយក្រែន

ជនស៊ីវិលអ៊ុយក្រែនបានរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយពួកគេបានស្ម័គ្រចិត្តចុះចូលជាមួយអង្គភាពការពារទឹកដី ផលិតគ្រាប់បែកដប បរិច្ចាគស្បៀងអាហារ សាងសង់របាំងការពារយោធា[១៩៣] និងជួយដឹកជញ្ជូនជនភៀសខ្លួន។ល។[១៩៤] ជាការឆ្លើយតបទៅនឹងការអំពាវនាវពីទីភ្នាក់ងារដឹកជញ្ជូនអ៊ុយក្រែន ប្រជាជនស៊ីវិលបានរុះរើ ឬផ្លាស់ប្តូរផ្លាកសញ្ញាផ្លូវគោក សាងសង់របាំងបណ្តោះអាសន្ន និងបិទច្រកផ្លូវផ្សេងៗ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីបាតុកម្មតាមដងផ្លូវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីកាន់កាប់ ហើយជារឿយៗវាបានវិវត្តទៅជាជម្លោះពាក្យសម្ដី និងការប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី។[១៩៥]

ក្នុង​ករណី​ខ្លះ មនុស្ស​មួយចំនួនបានយកខ្លួនប្រាណរបស់គេទៅ​រារាំង​យានយន្ត​យោធា​រុស្ស៊ី ហើយវាជាវិធីសាស្ត្រមួយដែលបង្ខំឱ្យកងកម្លាំងរុស្ស៊ីដកថយទៅក្រោយវិញ។[១៩៥][១៩៦][១៩៧] ប្រតិកម្មរបស់ទាហានរុស្ស៊ីចំពោះចលនាតស៊ូរបស់ជនស៊ីវិលគឺមានជាច្រើនទម្រង់ខុសៗគ្នាដែលក្នុងនោះមានដូចជា ការចូលរួមចរចាជាមួយក្រុមបាតុករ[១៩៥] ការបាញ់គំរាមទៅលើអាកាស ឬដោយផ្ទាល់ទៅក្នុងហ្វូងមនុស្ស។[១៩៨] នៅអំឡុងពេលឈ្លានពាន គេឃើញមានការចាប់ឃុំខ្លួនក្រុមបាតុករជនជាតិអ៊ុយក្រែនជាច្រើននាក់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីការបាត់ខ្លួន ការប្រល័យជីវិត ការចាប់ធ្វើចំណាប់ខ្មាំង ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទមកលើប្រជាជនអ៊ុយក្រែនដែលប្រព្រឹត្តដោយយោធារុស្ស៊ី។[១៩៩]

Remove ads

អន្តរាគមន៍ពីយោធាបរទេស

Thumb
  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេស​ដែល​បាន​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​រុស្ស៊ីចូលឈ្លានពាន
Thumb
  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេសដែលបញ្ជូនជំនួយអ្វីមួយ រួមទាំងជំនួយមនុស្សធម៌ទៅកាន់អ៊ុយក្រែន

ចាប់តាំងពីឆ្នាំ២០១៤ មក សហរាជាណាចក្រ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូបានផ្តល់ជំនួយយោធាដែលមិនផ្តល់ផលប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។[២០០] នៅពេលដែលរុស្ស៊ីកំពុងប្រមូលផ្តុំឧបករណ៍ និងកងកម្លាំងយោធារបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន សហរដ្ឋអាមេរិកក៏សម្រេចយល់ព្រមអនុញ្ញាតឱ្យរដ្ឋសមាជិកណាតូមួយចំនួនផ្ទេរអាវុធដែលផលិតដោយអាមេរិកទៅកាន់អ៊ុយក្រែន។[២០១] បន្ទាប់ពីការឈ្លានពានបានចាប់ផ្តើម ប្រទេសសមាជិកណាតូ រួមទាំងអាល្លឺម៉ង់ផង បានយល់ព្រមផ្គត់ផ្គង់គ្រឿងសព្វាវុធ ប៉ុន្តែណាតូក្នុងនាមជាអង្គការមួយមិនបានធ្វើសកម្មភាពដូចគ្នានោះទេ។[២០២][២០៣][២០៤] អង្គការណាតូ និងប្រទេសជាសមាជិករបស់ខ្លួនក៏បានបដិសេធមិនបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីអ៊ុយក្រែនផងដែរ ព្រោះថាវានឹងប្រថុយនឹងសង្រ្គាមទ្រង់ទ្រាយធំមួយ[២០៥][២០៦] អ្នកជំនាញមួយចំនួនបានចាត់ទុកសេចក្តីសម្រេចបែបនេះថាជាគោលនយោបាយសម្របសម្រួល។[២០៧][២០៨]

កាលពីថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនបានប្រកាសថា លោកបានរៀបចំទឹកដីប្រាក់ចំនួន ៣៥០ លានដុល្លារទុកជាជំនួយយោធា រួមទាំងប្រព័ន្ធប្រឆាំងគ្រឿងការពារ និងប្រឆាំងយន្តហោះផងដែរ។[២០៩][២១០] នៅថ្ងៃបន្ទាប់ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយយោធាដែលស្មើនឹងទឹកប្រាក់ចំនួន ៤៥០ លានអឺរ៉ូ (៥០២ លានដុល្លារអាមេរិក) និង ៥០ លានអឺរ៉ូ (៥៦ លានដុល្លារអាមេរិក) បន្ថែមទៀតសម្រាប់ជំនួយឧបករណ៍ដែលមិនប៉ះពាល់ជីវិតទៅដល់អ៊ុយក្រែន ដោយមានប្រទេសប៉ូឡូញដើរតួជាមជ្ឈមណ្ឌលចែកចាយ។[២១១][២១២] ក្នុងអំឡុងសប្តាហ៍ដំបូងនៃការឈ្លានពាន ប្រទេសសមាជិកណាតូបានផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះជាង ១៧,០០០ គ្រឿងដល់អ៊ុយក្រែន[២១៣] ហើយនៅពាក់កណ្តាលខែមីនា ចំនួននេះត្រូវបានគេប៉ាន់ស្មានថាបានកើនច្រើនជាង ២០,០០០ គ្រឿងទៅទៀត។[២១៤]

លោកអាណាតូលី ប៊ីប៊ីលូវ ប្រធានាធិបតីនៃរដ្ឋអូសេទីខាងត្បូងដែលជារដ្ឋបំបែកខ្លួនពីប្រទេសចចជីបានប្រកាសនៅថ្ងៃទី២៦ ខែមីនាថា កងទ័ពអូសេទីខាងត្បូងនឹងត្រូវបញ្ជូនចូលប្រទេសអ៊ុយក្រែន។[២១៥][២១៦] ក្រោយមក វាត្រូវបានបញ្ជាក់ឱ្យច្បាស់ថា លោកប៊ីប៊ីលូវបានសម្តៅលើប្រជាជនអូសេទីដែលមានសញ្ជាតិរុស្ស៊ីឬជាអ្នកបម្រើការក្នុងជួរយោធារុស្ស៊ីនៅឯមូលដ្ឋានយោធាទីបួននៃកងទ័ពរុស្ស៊ីទី ៥៨ ដែលកំពង់ឈរជើងនៅក្នុងរដ្ឋអូសេទីខាងត្បូងនេះឯង។[២១៧][២១៨]

កម្លាំងស្ម័គ្រចិត្តបរទេស

Remove ads

កំណត់សម្គាល់

  1. សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[]
  2. សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ គឺជារដ្ឋផ្តាច់ខ្លួនដែលបានប្រកាសឯករាជ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ដោយទទួលបានការទទួលស្គាល់ពីរដ្ឋអូសេទីខាងត្បូង (រដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួច) និងប្រទេសរុស្ស៊ី (ឆ្នាំ២០២២)។[][]
  3. កងកម្លាំងរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឈ្លានពានរបស់គេចេញពីទឹកដីប្រទេសបេឡារុស។[][] ប្រធានាធិបតីបេឡារុស លោកអាឡិចសាន់ដឺ លូកាឆេនកូក៏បានបញ្ជាក់ផងដែរថា កងទ័ពបេឡារុសអាចនឹងចូលរួមក្នុងយុទ្ធនាការឈ្លានពានមួយនេះ ប្រសិនបើមានការចាំបាច់[] ហើយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ត្រូវបានគេប្រទះឃើញបាញ់ចេញពីដែនដីបេឡារុស។[] មន្ត្រីអ៊ុយក្រែនជាច្រើនបានអះអាងថា ទាហានបេឡារុសបានហោះជំហានឆ្លងចូលដែនដីអ៊ុយក្រែនរួចទៅហើយ។[]
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads