សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

From Wikipedia, the free encyclopedia

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
Remove ads

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន[ស ៤] ដែលកំពុងឆាបឆេះបច្ចុប្បន្នបានផ្ទុះឡើងដំបូងនៅកំឡុងខែកុម្ភៈ ឆ្នាំ២០១៤។ បន្ទាប់ពីបដិវត្តភាពថ្លៃថ្នូរនៅអ៊ុយក្រែនបានបញ្ចប់ក្នុងឆ្នាំ២០១៤ ប្រទេសរុស្ស៊ីក៏បានបញ្ជូនទ័ពចូលកាន់កាប់ និងកាត់តំបន់គ្រីមៀពីប្រទេសអ៊ុយក្រែន និងថែមទាំងបានគ្រាំទ្រផ្ដល់ជាជំនួយដល់ចលនាផ្ដាច់ខ្លួននិយមនៅអ៊ុយក្រែនក្នុងសង្គ្រាមដុនបាសផងដែរ។ ក្នុងប៉ុន្មានប្រាំបីឆ្នាំដំបូងនៃជម្លោះនេះក៏មានការប៉ះទង្គិចផ្លូវទឹក និងសង្គ្រាមបច្ចេកវិទ្យាដែរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែន​ដែលនាំឱ្យរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនច្រើនបន្ថែមទៀត។ វាត្រូវបានគេចាត់ទុកថាជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ សង្គ្រាមនេះផងដែរបាននាំឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរមួយនៅលើទឹកដីអឺរ៉ុប និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។

ព័ត៌មានសង្ខេប សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, កាលបរិច្ឆេទ ...

នៅដើមឆ្នាំ២០១៤ មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាអឺរ៉ូម៉ីដានបានផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននាពេលនោះដែលស្ថិតនៅក្រោមអំណាចប្រធានាធិបតីវិចទ័រ យ៉ានូកូវិចដែលមានទំនោរទៅកាន់រុស្ស៊ី។ មិនយូរប៉ុន្មាន ចលនារើបម្រះគាំទ្ររុស្ស៊ីបានផ្ទុះឡើងនៅប៉ែកខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន​ ខណៈទាហានរុស្ស៊ីបានវាតទីចូលកាន់កាប់តំបន់គ្រីមៀ។​ ភ្លាមៗនោះ រុស្ស៊ីបានធ្វើប្រជាមតិកាត់តំបន់គ្រីមៀជាទឹកដីកម្មសិទ្ធិរបស់ខ្លួន​ នាំឱ្យសហគមន៍អន្តរជាតិជាច្រើនបានបដិសេដមិនទទួលស្គាល់។ នៅក្នុងខែមេសា ឆ្នាំ២០១៤ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ីបានវាយកាន់កាប់ទីក្រុងមួយចំនួននៅក្នុងតំបន់ដុនបាស​ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ជារដ្ឋឯករាជ្យដែលជាដើមហេតុនាំឱ្យផ្ទុះសង្គ្រាមតំបន់ដុនបាសឡើង។ រុស្ស៊ីបានគាំទ្រក្រុមផ្ដាច់ខ្លួននិយមទាំងពីរនេះដោយបញ្ជូនកងទ័ព និងរថក្រោះរបស់ខ្លួនចូលជាសម្ងាត់ ខណៈអ៊ុយក្រែនបានបរាជ័យក្នុងការដណ្ដើមទឹកដីជាយខាងកើតនិងត្បូងរបស់ខ្លួនមកវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ប្រទេសរុស្ស៊ី​ និងអ៊ុយក្រែនបានយល់ស្របចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីនស្កឹទីពីរក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានភាគីទាំងពីរអនុវត្តខ្ជាប់ខ្ជួននោះឡើយ។ សង្គ្រាមដុនបាសបានបន្តវិវត្តទៅជាជម្លោះលេណដ្ឋានរវាងកងកម្លាំងអ៊ុយក្រែន រុស្ស៊ី​ និងចលនារដ្ឋបំំបែកខ្លួនទាំងពីរ ហើយនៅប៉ុន្មានឆ្នាំបន្ទាប់ បទឈប់បាញ់មួយចំនួនក៏ត្រូវបានចុះ ប៉ុន្តែសុពលភាពនិងប្រសិទ្ធភាពរបស់វាគឺមិនគ្រប់គ្រាន់ដើម្បីរក្សាសន្តិភាពបានស្ថិតស្ថេរយូរប៉ុន្មានទេ។

ចាប់ផ្ដើមនៅឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួននៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន និងព្រមទាំងនៅក្នុងប្រទេសបេឡារុសផង។​ មន្ត្រីរុស្ស៊ីនាពេលនោះបានប្រកែកម្តងហើយម្តងទៀតថារុស្ស៊ីមិនមានផែនការអ្វីក្នុងវាយប្រហារលើប្រទេសអ៊ុយក្រែននោះទេ។ នៅកំឡុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ចេញទស្សនៈជាតិនិយមជ្រុលជ្រើម និងថែមទាំងបានបដិសេធសិទ្ធិអត្ថិភាពរបស់អ៊ុយក្រែនទៀតផង។ លោក​បាន​ទាមទារ​ឱ្យអ៊ុយក្រែនហាមមិនចូ​ល​រួម​ជាមួយ​សម្ព័ន្ធ​យោធាណាតូជាដាច់ខាត។ នៅដើមឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ជារដ្ឋឯករាជ្យ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបានប្រកាស"ប្រតិបត្តិការយោធាពិសេស" "ដើម្បីធ្វើវិយោធកម្ម និងវិណាស៊ីកម្ម"ប្រទេសអ៊ុយក្រែន ដោយអះអាងថា រុស្ស៊ីមិនមានផែនការកាន់កាប់ប្រទេសអ៊ុយក្រែននោះឡើយ។ សកម្មភាពឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនត្រូវបានសហគមន៍អន្តរជាតិជាច្រើនប្រកាសថ្កោលទោស ហើយប្រទេសជាច្រើនផងដែរក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយបានបញ្ជូនជំនួយមនុស្សធម៌ និងយោធាទៅឱ្យប្រទេសអ៊ុយក្រែន។ ដោយត្រូវប្រឈមនឹងជួរការពារ​ដ៏ស្អិតរមួតរបស់អ៊ុយក្រែន រុស្ស៊ី​ក៏បាន​បញ្ឈប់ប្រតិបត្តិការវាយយករដ្ឋធានីកៀវរបស់អ៊ុយក្រែននៅ​អំឡុងដើម​ខែ​មេសា។ ចាប់ពីខែសីហាមក កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមវាយដណ្តើមយកទឹកដីរបស់ខ្លួនវិញបន្តិចម្តងៗជាពិសេសនៅតំបន់ភាគឦសាន និងខាងត្បូង។ មក​ចុង​ខែ​កញ្ញា រុស្ស៊ី​បាន​ប្រកាស​កាត់ខេត្ត​ចំនួន​បួនរបស់អ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់​ដោយ​ផ្នែកដោយ​ត្រូវ​រងការ​​ថ្កោលទោសជាអន្តរជាតិបន្ថែម។ ចាប់តាំងពីពេលនោះមក ស្ថានការណ៍សង្គ្រាមរវាងរដ្ឋទាំងពីរមិនមានការប្រែប្រួលអ្វីច្រើននោះទេ។ ខណៈសង្គ្រាមឈ្លានពានកំពុងតានតឹង កងកម្លាំងអ៊ុយក្រែនក៏បានឆ្លៀតឱកាសវាយប្រហាររុស្ស៊ីវិញដូចជា ការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់គូស្គិ៍របស់រុស្ស៊ីកាលពីខែសីហា ឆ្នាំ២០២៤។ ដោយហេតុឃើញថារុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ចេតនា និង​មិន​រើសអើង​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​ជន​ស៊ីវិល​ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏បានចេញដីកាចាប់ខ្លួនលោកពូទីន និងមន្ត្រីរុស្ស៊ីមួយចំនួនទៀត។[១៨][១៩][២០]

Remove ads

ផ្ទៃរឿង

អ៊ុយក្រែនឯករាជ្យ និងបដិវត្តន៍ពណ៌ទឹកក្រូច

Thumb
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបេឡូវេហ្សា ដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសបេឡារុស រុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ១៩៩១

បន្ទាប់ពីសហភាពសូវៀតបានរំលាយនៅក្នុងឆ្នាំ១៩៩១ ប្រទេសរុស្ស៊ី និងអ៊ុយក្រែននូវតែបន្តទំនាក់ទំនងយ៉ាងជិតស្និទជាមួយគ្នា។ នៅឆ្នាំ១៩៩៤​ អ៊ុយក្រែនបានទទូលយល់ស្របតាមសន្ធិសញ្ញាស្ដីពីការមិនសាយភាយអាវុធនុយក្លេអ៊ែរក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ[២១] ហើយជាលទ្ធផល អាវុធនុយក្លេអ៊ែរទាំងប៉ុន្មានរបស់អតីតសហភាពសូវៀតក៏ត្រូវបានយកចេញពីប្រទេសអ៊ុយក្រែនដើម្បីទៅកម្ទេចចោល។[២២] ជាថ្នូរតបស្នងវិញ ប្រទេសរុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នារក្សាបូរណភាពទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែន​តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅទីក្រុងប៊ុយដាប៉ែស[២៣][២៤] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសហត្ថលេខីមួយនៃធម្មនុញ្ញសម្រាប់សន្តិសុខអឺរ៉ុបដែល "បញ្ជាក់ឡើងវិញនូវសិទ្ធិសេរីភាពនៃរដ្ឋដែលចូលរួមនីមួយៗក្នុងការជ្រើសរើស ឬផ្លាស់ប្តូរកិច្ចការសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ស្របទៅតាមការវិវត្តន៍របស់ពួកគេនីមួយៗ"។[២៥] ប៉ុន្មានឆ្នាំក្រោយពីសហភាពសូវៀតបានរំលាយ អតីតរដ្ឋប្លុកបូព៌ាជាច្រើនបានចុះចូលរួមជាមួយអង្គការណាតូ ពិសេសបន្ទាប់ពីមើលឃើញពីការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ពីសំណាក់ប្រទេសរុស្ស៊ី ដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។ លោកពូទីនធ្លាប់បាននិយាយទាក់ទងនឹងរឿងនេះថា មហាអំណាចលោកខាងលិចបានក្បត់ការសន្យារបស់ពួកគេនៅក្នុងការមិនឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតចូលរួមក្នុងអង្គការបក្សសម្ព័ន្ធខ្លួនដូចជាណាតូជាដើម។[២៦][២៧]

Thumb
បាតុករនៅឯទីលានឯករាជ្យនៃរដ្ឋធានីកៀវនៅអំឡុងបដិវត្តន៍ពណ៌ទឹកក្រូច ខែវិច្ឆិកា ឆ្នាំ២០០៤

ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០០៤ គឺជាការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ុយក្រែន។ នៅអំឡុងយុទ្ធនាការបោះឆ្នោតនេះ បេក្ខភាពបក្សប្រឆាំងលោកវិចទ័រ យូស្តឆិនកូត្រូវទទួលរងនឹងការបំពុលដោយសារធាតុគីមីម៉្យាង[២៨][២៩] ហើយក្រោយមកលោកក៏បានចោតប្រកាន់រុស្ស៊ីពីការជាប់ពាក់ព័ន្ធនឹងរឿងបំពុលនោះ។[៣០] នៅខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីវិចទ័រ យ៉ានូកូវិចក៏ត្រូវបានប្រកាសជាអ្នកឈ្នះឆ្នោត ទោះត្រូវអ្នកសង្កេតការណ៍ចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតក្ដី។[៣១] ដោយហេតុនេះ ប្រជាជនអ៊ុយក្រែនក៏នាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោតដែលបានអូសបន្លាយអស់រយៈពេលពីរខែ ដោយគេតែងនិយមហៅព្រឹត្តិការណ៍នោះថា បដិវត្តន៍ពណ៌ទឹកក្រូចតុលាការកំពូលនៃប្រទេសអ៊ុយក្រែនក៏បានលុបលទ្ធផលបោះឆ្នោតនោះចោលបន្ទាប់ពីរកឃើញពីការក្លែងបន្លំសន្លឹកឆ្នោតដូចការចោទពិតប្រាកដមែន ហើយក៏សម្រេចរៀបចំការបោះឆ្នោតមួយជុំបន្ថែមទៀត ហើយជាលទ្ធផល លោកយូស្តឆិនកូក៏បានឡើងកាន់អំណាចជាប្រធានាធិបតី ខណៈលោកយ៉ានូកូវិចបានធ្លាក់មកជាមេដឹកនាំបក្សប្រឆាំងវិញ។[៣២] បដិវត្តន៍ពណ៌ទឹកក្រូចជារឿយៗត្រូវបានគេរាប់បញ្ចូលទៅក្នុងក្រុមបដិវត្តន៍ពណ៌ដែលកាលនុះបានផ្ទុះឡើងនៅតាមបណ្ដាប្រទេសនៃអតីតសហភាពសូវៀតជាច្រើន។ រុស្ស៊ីមើលឃើញបដិវត្តន៍ពណ៌ទាំងអស់នោះថាជាការប៉ុនប៉ងរបស់អាមេរិក និងលោកខាងលិចក្នុងការនាំអស្ថិរភាពដល់ប្រទេសជិតខាងរបស់រុស្ស៊ី និងសន្តិសុខប្រទេសរុស្ស៊ីផ្ទាល់។​[៣៣] មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោកវ៉្លាឌីមៀរ ពូទីនបានចោទប្រកាន់អ្នករៀបចំបាតុកម្មនៅរុស្ស៊ីកាលអំឡុងឆ្នាំ២០១១–២០១៣ ថាជាអតីតទីប្រឹក្សារបស់លោកយូន្តឆិនកូ ហើយជាទង្វើប៉ុនប៉ងនាំយកបដិវត្តន៍ពណ៌ចូលប្រទេសរុស្ស៊ី។[៣៤]

នៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការែសក្នុងឆ្នាំ២០០៨ ប្រទេសអ៊ុយក្រែន និងចចជីបានសម្ដែងនូវការចង់ចូលជាសមាជិកនៃអង្គការណាតូ។​ សមាជិកណាតូនីមួយៗមានមតិខុសៗគ្នាចំពោះសំណើនោះ ដោយបណ្ដាប្រទេសអឺរ៉ុបខាងលិចបានប្រឆាំងនឹងសំណើរបស់អ៊ុយក្រែន និងចចជីដើម្បីជៀសវាងបង្កើតភាពតានតឹងជាមួយរុស្ស៊ី ខណៈអាមេរិកវិញបានបើកសិទ្ធិឱ្យប្រទេសទាំងពីរចូលជាសមាជិកថ្មីនៃណាតូ។[៣៥] ក្រោយការពិភាក្សាវែកញែកគ្នាច្រើនដង អង្គការណាតូទាំងមូលបានបដិសេធមិនផ្តល់សមាជិកភាពឱ្យអ៊ុយក្រែន និងចចជី ប៉ុន្តែបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយយល់ព្រមថា "ប្រទេសទាំងពីរនឹងក្លាយជាសមាជិកណាតូ" នៅចំណុចណាមួយនាពេលអនាគត។[៣៦] គិតមកដល់ខែមករា ឆ្នាំ២០២២ លទ្ធភាពនៃការចូលជាសមាជិកណាតូរបស់អ៊ុយក្រែមនៅតែមានភាពមិនច្បាស់លាស់ដដែរ។[៣៧]

នៅក្នុងឆ្នាំ២០០៩ លោកយ៉ានូកូវិចបានប្រកាសពីបំណងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០១០[៣៨] ដោយលើកនេះ លោកក៏បានឈ្នះក្លាយជាប្រធានាធិបតីអ៊ុយក្រែន។[៣៩] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ រលកបាតុកម្មធំៗគាំទ្រសហភាពអឺរ៉ុបបានផ្ទុះឡើង បន្ទាប់ពីយ៉ានូកូវិចបានសម្រេចចិត្តមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមន៍សហភាពអឺរ៉ុបជាមួយនឹងអ៊ុយក្រែន ដោយផ្ទុយមកវិញ លោកបានជាជ្រើសរើសទៅពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីទៅវិញ។ ជាចុងក្រោយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ សភាអ៊ុយក្រែនក៏បានអនុម័តលើការបំពេញកិច្ចព្រមព្រៀងរវាងអ៊ុយក្រែនជាមួយសហភាពអឺរ៉ុប។[៤០] ជាលទ្ធផល រុស្ស៊ី​បាន​ដាក់​សម្ពាធលើ​អ៊ុយក្រែន​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​នេះ​ដោយ​គំរាម​ពីការដាក់ទណ្ឌកម្មបើនូវតែបន្តធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ ទីប្រឹក្សាវិមានក្រឹមឡាំង លោកស៊ែរហ្គី ក្លាសយែហ្វបាននិយាយបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះ រុស្ស៊ីនឹងមិនអាចធានាប្រទេសអ៊ុយក្រែនជារដ្ឋពេញសិទ្ធិបាននោះឡើយ។[៤១][៤២]

អឺរ៉ូម៉ីដាន បដិវត្តន៍ភាពថ្លៃថ្នូរ និងចលនាគាំទ្ររុស្ស៊ី

Thumb
បាតុករនៅរដ្ឋធានីកៀវលើកគ្រវីទង់ជាតិអ៊ុយក្រែន និងទង់អឺរ៉ុបក្នុងអំឡុងព្រឹត្តិការណ៍អឺរ៉ូម៉ីដាន ឆ្នាំ២០១៣

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីប្រជាជនអ៊ុយក្រែនបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់ជាច្រើនខែ (ដែលគេនិយមហៅថាអឺរ៉ូម៉ីដាននោះ) លោកយ៉ានូកូវិច និងមេដឹកនាំបក្សប្រឆាំងក៏បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សាមួយដែលនឹងបើកឱ្យមានបោះឆ្នោតមុនអាណត្តិ។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចក៏បានភៀសខ្លួនចេញពីរដ្ឋធានីកៀវ មុនពេលដំណើរការបោះឆ្នោតដកលោកចេញពីអំណាចជាប្រធានាធិបតីបានប្រព្រឹត្តិទៅ។[៤៣][៤៤][៤៥][៤៦] នៅថ្ងៃទី២៣ ខែកុម្ភៈ សភាអ៊ុយក្រែងបានអនុម័តសេចក្តីព្រាងច្បាប់មួយបម្រុងនឹងលុបច្បាប់ឆ្នាំ២០១២ ដែលត្រូវជាច្បាប់កំណត់ភាសារុស្ស៊ីជាភាសាផ្លូវការមួយក្នុងប្រទេសអ៊ុយក្រែន។[៤៧] ជាលទ្ធផល ប្រជាជនក្នុងតំបន់និយាយភាសារុស្សីបានចេញប្រឆាំងយ៉ាងពេញទំហឹង ខណៈសារព័ត៌មាននៅប្រទេស​រុស្ស៊ីបានផ្សព្វផ្សាយបន្លាចពីគ្រោះហានិភ័យផ្សេងៗនៃច្បាប់ព្រាងនោះ។[៤៨][៤៩]

នៅថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបណ្តោះអាសន្នមួយត្រូវបានបង្កើតឡើង ហើយថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក៏បានប្រកាស។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចបានលេចមុខជាថ្មីនៅក្នុងប្រទេសរុស្ស៊ី ហើយនៅក្នុងសន្និសីទសារព័ត៌មាន ដោយលោកបានប្រកាសថាលោកនៅតែជាប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែនដដែរ ស្របពេលដែលរុស្ស៊ីកំពុងចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់គ្រីមៀ។ មេដឹកនាំនៃតំបន់ភាគខាងកើតអ៊ុយក្រែនដែលនិយមនិយាយភាសារុស្ស៊ីនោះបានប្រកាសពីភក្ដីភាពចំពោះយ៉ានូកូវិច[៤៤][៥០] រួចចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើង។

មូលដ្ឋានយោធារុស្ស៊ីនៅគ្រីមៀ

Thumb
នាវាល្បាតយោធារុស្ស៊ី ម៉ូស្គូ (កណ្ដាល) នៅឆកទីក្រុងសេវ៉ាស្តូប៉ូលក្នុងឆ្នាំ២០១២

នៅពេលដែលជម្លោះគ្រីមៀបានផ្ទុះឡើងដំបូង ប្រទេសរុស្ស៊ីបានបញ្ជូនទាហានយោធានៃកងនាវាចរសមុទ្រខ្មៅប្រហែល ១២,០០០ នាក់ទៅតាមទីតាំងជាច្រើននៅក្នុងឧបទ្វីបគ្រីមៀ[៤៩]

យោងតាមសន្ធិសញ្ញាដើមស្តីពីបំណែងចែកកងនាវាចរសមុទ្រខ្មៅរបស់សូវៀតដែលបានចុះកាលពីឆ្នាំ១៩៩៧ បានអនុញ្ញាតឱ្យប្រទេសរុស្ស៊ីបន្តមានមូលដ្ឋានយោធានៅក្នុងតំបន់គ្រីមៀហូតដល់ឆ្នាំ២០១៧ រួចបន្ទាប់មក រុស្ស៊ីនឹងត្រូវជម្លៀសអង្គភាពយោធាទាំងអស់រួមទាំងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួនផងដែរចេញពីតំបន់ស្វយ័តគ្រីមៀ​ និងទីក្រុងសេវ៉ាស្តូប៉ូល។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១០ អតីតប្រធានាធិបតីអ៊ុយក្រែន លោកវិចទ័រ យ៉ានូកូវិចបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយប្រទេសរុស្ស៊ីដែលគេតែងនិយមស្គាល់ថា កតិកាសញ្ញាទីក្រុងខឺគាវ ដើម្បីដោះស្រាយជម្លោះឧស្ម័នរុស្ស៊ី–អ៊ុយក្រែនឆ្នាំ២០០៩។ គួរសម្គាល់ផងដែរថា កតិកាសញ្ញាមួយនោះបានពន្យារវត្តមានរបស់រុស្ស៊ីនៅក្នុងគ្រីមៀរហូតដល់ឆ្នាំ២០៤២ ព្រមទាំងមានជម្រើសពន្យារបន្តទៀតផងដែរ។[៥១]

Remove ads

ប្រវត្តិ

ការកាត់តំបន់គ្រីមៀដោយរុស្ស៊ី

Thumb
ផែនទីបង្ហាញពីដំណើរប្រមូលផ្ដុំរបស់កងកម្លាំងរុស្ស៊ីនៅតាមព្រំដែនប៉ែកខាងកើតប្រទេសអ៊ុយក្រែននៅរវាងខែកុម្ភៈ–មីនា ឆ្នាំ២០១៤
Thumb
ការបិទផ្លូវរារាំងអង្គភាពយោធានៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រចាំតំបន់គ្រីមៀក្នុងអំឡុងពេលត្រួតត្រារបស់រុស្ស៊ីនៅរវាងខែកុម្ភៈ–មីនា ឆ្នាំ២០១៤
Thumb
ទាហានរុស្ស៊ីកំពុងឈរបិទច្រកផ្លូវចូលក្នុងមូលដ្ឋានយោធាអ៊ុយក្រែនមួយនៅក្បែរភូមិប៉េរ៉េវ៉ាល់ណ៍

នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ រុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ ដែលនាំឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផ្ទុះឡើង។[៥២][៥៣][៥៤] នៅចន្លោះថ្ងៃទី២២ និងទី២៣ អំឡុងពេលដែលអ៊ុយក្រែនគ្មានប្រធានាធិបតីក្រោយការដកតំណែងរបស់លោកយ៉ានូកូវិច[៥៥] ទាហានរុស្ស៊ី និងព្រមទាំងកងកម្លាំងពិសេសរុស្ស៊ីបាននាំគ្នាប្រមូលផ្ដុំនៅក្បែរព្រំដែនតំបន់គ្រីមៀនៃប្រទេសអ៊ុយក្រែន។​[៥៤] នៅថ្ងៃទី២៧ ខែកុម្ភៈ កងកម្លាំងរុស្ស៊ីដែលគ្មាននិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណបានឆ្លងចូលព្រំដែនរួចបានកាន់កាប់ឧបទ្វីបគ្រីមៀ។[][៥៦] រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ថាទាហានឈ្លានពានទាំងនោះជាកងទ័ពរបស់ខ្លួនដោយបានអះអាងថាពួកគេជាកងអង្គភាព "ការពារខ្លួន" តាមតំបន់ទៅវិញ។ ក្រុមទាហានទាំងនោះបានដណ្ដើមកាន់កាប់អគារសភា និងរដ្ឋាភិបាល​​ប្រចាំតំបន់គ្រីមៀ រួចបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយោធាដើម្បីរឹតបន្តឹងសកម្មភាពធ្វើដំណើរទាំងឡាយនៅពាសពេញឧទ្វីបគ្រីមៀ។[][៥៦] នៅប៉ុន្មានថ្ងៃបន្ទាប់ កងកម្លាំងពិសេសរុស្ស៊ីដែលគ្មានអត្តសញ្ញាណបញ្ជាក់បានចូលមកកាន់កាប់អាកាសយានដ្ឋាន និងមជ្ឈមណ្ឌលទំនាក់ទំនង និងព្រមទាំងបានបិទមូលដ្ឋានយោធាក្នុងតំបន់់របស់អ៊ុយក្រែន។ ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាដោយរុស្ស៊ីបានបិទគេហទំព័ររដ្ឋាភិបាលអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗក្នុងតំបន់។ សកម្មភាពវាយប្រហារតាមអ៊ីនធឺណិតនេះក៏បានបើកឱ្យរុស្ស៊ីចូលមើលទិន្នន័យទូរស័ព្ទចល័តរបស់មន្ត្រីអ៊ុយក្រែន និងសមាជិកសភាក្នុងតំបន់ផងដែរ ដែលបង្កឱ្យមានការរំខានបន្ថែមដល់វិស័យទំនាក់ទំនង។[៥៧] នៅថ្ងៃទី១ ខែមីនា សភារុស្ស៊ីបានអនុម័តឱ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនៅគ្រីមៀ។[៥៨]

សង្គ្រាមនៅដុនបាស (២០១៤–២០២១)

Thumb
ទាហានបក្សពួកនិយមរុស្ស៊ីកំពុងកាន់កាប់អគាររដ្ឋបាលទីក្រុងស្លូវីអានស្កិ៍, ១៤ មេសា ២០១៤

នៅក្នុងខែមេសា ឆ្នាំ២០១៤ ចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅតំបន់ដុនបាសបានវិវត្តទៅជាជម្លោះប្រដាប់អាវុធរវាងក្រុមផ្ដាច់ខ្លួននិយមរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ បក្សពួកផ្ដាច់ខ្លួនទាំងនោះភាគច្រើនជាជនជាតិរុស្ស៊ីរស់នៅក្នុងតំបន់ដុនបាស និងតំបន់ក្បែរៗនោះ។ រុស្ស៊ីបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅក្បែរព្រំដែនភាគខាងកើតនៃ​ប្រទេសអ៊ុយក្រែននៅចុងខែមីនានោះដោយចំនួនកងកម្លាំងបានកើនរហូតទៅដល់ប្រមាណ ៣០,០០០ ទៅ​ ៤០,០០០ នាក់មកនៅត្រឹមដើមខែមេសា។[៥៩][៤៩] សកម្មភាពប្រមូលផ្ដុំកម្លាំងរបស់រុស្ស៊ីនេះគឺធ្វើឡើងដើម្បីគំរាមកំហែងដល់ប្រទេសអ៊ុយក្រែន[៤៩] ដោយវាបានបង្ខំឱ្យអ៊ុយក្រែនបង្វែរកម្លាំងយោធាមួយចំនួនរបស់ខ្លួនទៅខាងព្រំដែនជាមួយរុស្ស៊ីជាជាងទៅនៅតំបន់ដុនបាស។[៤៩]

ដើមខែដំបូង

នៅថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៤ កងកម្លាំងនិយមរុស្ស៊ីចំនួន ៥០ នាក់បានវាយដណ្ដើមទីក្រុងស្លូវីនអានស្កិ៍ និងក្រាម៉ាតរស្កិ៍។[៦០] ពួកទាំងនេះត្រូវបានបញ្ជូនចេញពីតំបន់គ្រីមៀក្រោមការកាន់កាប់របស់រុស្ស៊ី និងមិនមានសញ្ញាយោធាអ្វីសម្គាល់លើខ្លួនពួកគេឡើយ។[៦០]​ កម្លាំងផ្ដាច់ខ្លួននេះ និងព្រមទាំងកម្លាំងដទៃទៀតគឺសុទ្ធតែត្រូវគាំទ្រដោយរុស្ស៊ីទាំងគ្រឿងសព្វាវុធ រថយន្តយោធា និងកម្លាំងទាហានជាដើម។[៦១][៦២][៦៣] លោកពូទីនបានអះអាងថាក្រុមទាំងនេះគឺមានភាពស្របច្បាប់ច្បាស់លាស់ ហើយតំបន់ដុនបាសគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ីថ្មីកាលពីសម័យអាណាចក្ររុស្ស៊ី និងមិនគួរត្រូវជារបស់អ៊ុយក្រែនឡើយ។[៦៤]

Thumb
ទាហានអ៊ុយក្រែននៃកងវរសេនាតូចដុនបាសនៅក្នុងតំបន់សង្គ្រាម, សីហា ២០១៤

ជាការឆ្លើយតបទៅវិញ នៅថ្ងៃទី១៥ ខែមេសា​ រដ្ឋាភិបាលបណ្ដោះអាសន្នអ៊ុយក្រែនក៏បានបើក "ប្រតិបត្តិការប្រឆាំងភេរវកម្ម" ប៉ុន្តែដោយសារកម្លាំងអ៊ុយក្រែននៅមិនទាន់ត្រៀមខ្លួនពេញលេញ ប្រតិបត្តិការនោះក៏នៅជាប់គាំងមួយកន្លែង។[៦៥] មកដល់ត្រឹមដំណាច់ខែមេសា​ អ៊ុយក្រែនបានប្រកាសថាខ្លួនបានបាត់បង់អំណាចគ្រប់គ្រងនៅក្នុងខេត្តដូណេតស្ក៍ និងលូហ្កានស្ក៍ទៅក្រុមផ្ដាច់ខ្លួនទាំងនោះ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនក៏បានប្រកាសពីការត្រៀមខ្លួនយ៉ាងពេញទំហឹងផងដែរចំពោះករណីដែលរុស្ស៊ីអាចចូលឈ្លានពាន និងបានប្រកាសអនុម័តច្បាប់កំណែនកម្លាំងទ័ព។[៦៦] ខណៈដែលជម្លោះរវាងអ៊ុយក្រែន និងកម្លាំងផ្ដាច់ទឹកដីកំពុងរាលដាលកាន់តែខ្លាំងនៅក្នុងខែឧសភា រុស្ស៊ីក៏បានចាប់ផ្ដើមប្រើប្រាស់ "វិធីសាស្ត្រប្រសង្ករណ៍" ដោយប្រឌិតព័ត៌មានមិនពិត ប្រើប្រាស់កម្លាំងទ័ពអនិយ័តលាយឡំជាមួយកម្លាំងទ័ពនិយ័តរុស្ស៊ី និងការគាំទ្រយុទ្ធសាស្ត្រសង្គ្រាមប្រឆាំងអ៊ុយក្រែនយ៉ាងពេញទំហឹង។[៦៧][៦៨][៦៩] សមរភូមិអាកាសយានដ្ឋានដូណេតស្ក៍ទីមួយគឺជាជំនួបដំបូងរវាងអ៊ុយក្រែន និងកម្លាំងផ្ដាច់ទឹកដីអ៊ុយក្រែនដែលមានកម្លាំងទ័ព"ស្ម័គ្រចិត្ត"រុស្ស៊ីចូលប្រឡូកអន្តរាគមន៍ច្រើន។[៧០][៧១]

ចំពេលជម្លោះកំពុងតែតានតឹង នៅថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០១៤ កងកម្លាំងខាងភាគីរុស្ស៊ីបានធ្វើការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង (ម៉ាឡេស៊ីអ៊ែរឡាញហ្វ្លាយ ១៧) ខណៈវាកំពុងហោះហើរលើប៉ែកខាងលិចប្រទេសអ៊ុយក្រែនដោយបានសម្លាប់ជនស៊ីវិលទាំង ២៩៨ នាក់នៅលើយន្តហោះនោះ។.[៧២] ការស៊ើបអង្កេត និងប្រតិបត្តិការស្វែងរកសាកសពបានចាប់ផ្តើមនៅក្នុងតំបន់ជម្លោះនោះ ខណៈដែលការប្រយុទ្ធគ្នានៅកំពុងបន្តរាល។[៧៣][៧៤][៧៥]

ការឈ្លានពានដោយរុស្ស៊ីនៅខែសីហា ឆ្នាំ២០១៤

មកត្រឹមខែសីហា ឆ្នាំ២០១៤ អ៊ុយក្រែនបានវាយដណ្ដើមទឹកដីជាច្រើនដែលធ្លាប់ធ្លាក់ក្រោមការកាន់កាប់របស់ក្រុមផ្ដាច់ទឹកអ៊ុយក្រែនមកវិញ។[៧៦] យោងតាមរបាយការណ៍ពីចារកម្មអ៊ុយក្រែននៅដើមខែសីហាបានឱ្យដឹងថា ទាហានរុស្ស៊ីជាច្រើននាក់បានសម្រាកពីករណីយកិច្ចកងទ័ពរបស់ពួកគេ ហើយបាននាំគ្នាមកធ្វើវិស្សមកាលនៅក្នុងតំបន់ដុនបាស។[៧៧] របាយការណ៍មួយទៀតបានឱ្យដឹងថានៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៤ ក្នុងសមរភូមិអ៊ីឡូវាយស្កិ៍ គេបានសង្កេតឃើញថា នៅក្នុងចំណោមកងទ័ពផ្ដាច់ទឹកដីប្រមាណពី ២០,០០០​ ទៅ ២៥,០០០ នាក់ ក្នុងនោះមានប្រមាណទាហានតែ ៤០ ទៅ ៤៥ ភាគរយប៉ុណ្ណោះដែលមានដើមកំណើតនៅក្នុងតំបន់ដុនបាស។[៧៨]

ប្រទេសរុស្ស៊ីបានបញ្ជូនរថយន្តធន់ធ្ងន់ជាច្រើនឆ្លងកាត់តំបន់ព្រំដែននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ដោយបានសម្ដៅលើវាថាជា "ក្បួនមនុស្សធម៌"។ សេវាសន្តិសុខអ៊ុយក្រែនបានចាត់ទុកសកម្មភាពនោះជា "ការឈ្លានពានដោយផ្ទាល់" ហើយបានថ្លែងថា រថយន្តធំៗទាំងនោះត្រូវបានរុស្ស៊ីប្រើប្រាស់ដើម្បីផ្លាស់ទីអាវុធ និងនាំយកសាកសពទាហានរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។[៧៩] នៅថ្ងៃទី២៥ ខែសីហា ក្បួនរថយន្តយោធារុស្ស៊ីមួយខ្សែទៀតត្រូវបានគេរាយការណ៍ថាបានឆ្លងចូលក្នុងប្រទេសអ៊ុយក្រែននៅក្បែរទីក្រុងណូវ៉ូអាសូហ្វស្កិ៍ជិតឆ្នេរសមុទ្រអាសូវ ហើយរថយន្តមួយខ្សែនោះហាក់ដូចជាកំពុងធ្វើដំណើរសម្ដៅទៅកាន់ទីក្រុងម៉ារីអ៊ូប៉ូលរបស់អ៊ុយក្រែន។[៨០][៨១][៨២][៨៣] នៅថ្ងៃបន្ទាប់ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ពលទាហានទាំងនោះបានឆ្លងចូលព្រំដែនអ៊ុយក្រែន "ដោយចៃដន្យ" ប៉ុណ្ណោះ[៨៤] ក៏ប៉ុន្តែក្រោយបន្តិចមក ពលទាហានដដែរនោះក៏បានចូលកាន់កាប់ក្រុងណូវ៉ូអាសូហ្វស្កិ៍ដែលគេទើបឆ្លងកាត់[៨៥] រួចបាននិរទេសប្រជាជនអ៊ុយក្រែនទាំងប៉ុន្មានដែលគ្មានអាសយដ្ឋានស្នាក់នៅក្នុងទីក្រុងនោះ។[៨៦]

Thumb
កងកម្លាំងគាំទ្ររុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ីឡូវាយស្កិ៍

ប្រធានសភាជាន់ខ្ពស់រុស្ស៊ី និងប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៊ីបានទទួលស្គាល់ថា ទាហានរុស្ស៊ីគឺពិតជាមានវត្តមានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនមែន ប៉ុន្តែពួកគេបានសម្ដៅលើទាហានរុស្ស៊ីទាំងនោះថាជា "យុទ្ធជនស្ម័គ្រចិត្ត" ប្រយុទ្ធដើម្បី "ពិភពរុស្ស៊ី"។[៨៧][៨៨] សារព័ត៌មានប្រឆាំងនៅរុស្ស៊ីឈ្មោះណូហ្វយ៉ាកាសែតបានចេញផ្សាយថា ថ្នាក់ដឹកនាំយោធារុស្ស៊ីបានបង់ប្រាក់ឱ្យទាហានខ្លួនលាលែងពីមុខតំណែងពួកគេ ហើយក៏បានចាប់ផ្ដើមប្ដូរទៅកាន់តួនាទីប្រយុទ្ធ ឬស្ម័គ្រចិត្តនៅអ៊ុយក្រែននៅដើមនិទាឃរដូវនៃឆ្នាំ២០១៤។[៨៩]

កិច្ចព្រមព្រៀងទីក្រុងមីនស្កឹ និងការប្រយុទ្ធជាបន្តបន្ទាប់

Thumb
ផែនទីនៃខ្សែបន្ទាត់គ្រប់គ្រង និងតំបន់ទ្រនាប់ដែលបង្កើតឡើងដោយពិធីសារទីក្រុងមីនស្កឹ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ប្រធានាធិបតីអ៊ុយក្រែន លោកប៉ូរ៉ូស្ហឹនកូបាននិយាយថា រូបលោករួមជាមួយលោកពូទីនបានសម្រេចយល់ស្របលើកិច្ចព្រមព្រៀង "បទឈប់បាញ់ជាអចិន្ត្រៃយ៍" ហើយ។[៩០] រុស្ស៊ីបានច្រានចោលសេចក្ដីថ្លែងការណ៍នោះ ដោយបដិសេធថាខ្លួនមិនដែលជាភាគីក្នុងជម្លោះនៅអ៊ុយក្រែនឡើយ ដោយបន្ថែមថា "រុស្ស៊ីគ្រាន់តែចូលរួមពិភាក្សាពីរបៀបដោះស្រាយជម្លោះប៉ុណ្ណោះ"។[៩១][៩២]

Thumb
ស្ថានភាពនៃអាកាសយានដ្ឋានអន្តរជាតិដូណេតស្ក៍នៅកំឡុងពេលប្រយុទ្ធគ្នាក្នុងខែធ្នូ ឆ្នាំ២០១៤

មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ កិច្ចព្រមព្រៀងបទឈប់បាញ់នៃពិធីសារមីនស្កឹបានគូសខ្សែបន្ទាត់កំណត់ព្រំដែនរវាងប្រទេសអ៊ុយក្រែន និងទឹកដីដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមផ្ដាច់ខ្លួននៃខេត្តដូណេតស្ក៍ និងលូហ្កានស្ក៍។ ថ្វីបើមានបទឈប់បាញ់ទីក្រុងមីនស្កឹក្ដី ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបានបន្តជុំវិញអាកាសយានដ្ឋានអន្តរជាតិដូណេតស្ក៍ ដែលជាទីតាំងចុងក្រោយនៅក្រោមការកាន់កាប់ដោយកងទ័ពអ៊ុយក្រែនក្នុងទីក្រុងដូណេតស្ក៍។ នៅថ្ងៃទី២៨ ខែកញ្ញា កងកម្លាំងគាំទ្រដោយរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដើម្បីដណ្តើមយកអាកាសយានដ្ឋានមួយនោះ ខណៈទាហាន​អ៊ុយក្រែន​ត្រូវ​បាន​ឡោមព័ទ្ធ​ជាប់ខ្លួនក្នុងអាកាសយានដ្ឋាន។ ការឡោមព័ទ្ធបានអូសបន្លាយពេញមួយសិសិររដូវ ហើយហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានភាគច្រើនត្រូវរងការខូចខាតជាដំណំ។ ទីបំផុតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ទើបក្រុមឧទ្ទាមដែលមានជំនួយពីកងកម្លាំងពិសេសរុស្ស៊ីបានវាយដណ្ដើមអាកាសយានដ្ឋានដូណេតស្ក៍បានដោយជោគជ័យ។[៩៣]

កិច្ចព្រមព្រៀងទីក្រុងមីនស្កឹលើកទីពីរ និងសមរភូមិដេបាល់ត្សេវេ

Thumb
ពលទាហានឧទ្ទាមនិយមរុស្ស៊ីនៅដូណេតស្ក៍ក្នុងខែឧសភា ឆ្នាំ២០១៥

នៅខែមករា ឆ្នាំ២០១៥ តំបន់ដូណេតស្ក៍ លូហ្កានស្ក៍ និងម៉ារីអ៊ូប៉ូលបានក្លាយជាទីសមរភូមិប្រយុទ្ធទាំងបីទីតាំង។[៩៤] តាមរយៈសុន្ទរកថារបស់លោកប៉ូរ៉ូស្ហឹនកូនៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោកបានឱ្យដឹងថា ជម្លោះថ្មីៗបានផ្ទុះឡើងនៅថ្ងៃទី២១ ខែមករា ដោយតាមរបាយការណ៍ពីភាគីអ៊ុយក្រែនបានបង្ហាញថា ទាហានរុស្ស៊ីបន្ថែមជាង ២,០០០ នាក់ រួមទាំងរថក្រោះចំនួន ២០០ គ្រឿង និងរថយន្តប្រដាប់អាវុធផ្សេងៗបានឆ្លងចូលព្រំដែនអ៊ុយក្រែន។[៩៥]

Thumb
ទីតាំងមួយកន្លែងនៅម៉ារីអ៊ូប៉ូលបន្ទាប់ពីរងគ្រាប់មីស៊ីលរុស្ស៊ី,​ មករា ២០១៥

​វិធានការ​ថ្មីជាច្រើនចំណុច​​ដើម្បី​បញ្ចប់​ជម្លោះដែលគេហៅ​ថា មីនស្កឹទីពីរ ត្រូវ​បានភាគីទាំងសងខាង​ព្រមព្រៀង​ទទួលយក​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០១៥ ដោយ​​បទ​ឈប់​បាញ់​ថ្មីនឹងត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ។[៩៦] ថ្វីបើបទឈប់បាញ់ត្រូវបានប្រកាសក្ដី កងកម្លាំងគាំទ្រដោយរុស្ស៊ីនៅតែបន្តបើកការវាយប្រហារលើទីក្រុងដេបាល់ត្សេវេរបស់អ៊ុយក្រែន ដែលគេចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់។ ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ កងទ័ពអ៊ុយក្រែនប្រមាណ ៨,០០០ នាក់ត្រូវបានសត្រូវឡោមព័ទ្ធស្ទើរទាំងស្រុងក្នុងទីក្រុងនោះ រួចក៏ត្រូវបង្ខំដកថយពីដេបាល់ត្សេវេ ខណៈពួកគេត្រូវរងការបាញ់ប្រហារឥតឈប់ឈរពីសត្រូវដែលនាំឱ្យទាហានស្លាប់​និងរបួសជាច្រើននាក់។ មេដឹកនាំនៃក្រុមឧទ្ទាមលូហ្កានស្ក៍គឺលោកអាឡិចសាន់ដឺ ហ្សាកហារឆិនកូបាននិយាយថា បទឈប់បាញ់ដែលបានព្រមពៀងគ្នាពីប៉ុន្មានថ្ងៃមុននោះគឺមិនប៉ះពាល់ដល់ប្រតិបត្តិការយោធានៅដេបាល់ត្សេវាទេ ហើយលោកបានបន្តអះអាងថាទីក្រុងនោះគឺស្ថិតនៅក្រោមកម្មសិទ្ធិរបស់ក្រុមលោកដោយស្របច្បាប់។[៩៧] អ៊ុយក្រែន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីរួមទាំងក្រុមឧទ្ទាមទាំងនោះថាបានរំលោភបំពានបទឈប់បាញ់ ហើយបន្ថែមទៀតថា យោធារុស្ស៊ីខ្លួនផ្ទាល់បានចូលរួមវាយប្រហារយកទីក្រុងដេបាល់ត្សេវេ។[៩៨]

នៅខែកញ្ញា ឆ្នាំ២០១៥ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានអ្នកស្លាប់និងរបួសប្រមាណ ៨,០០០ នាក់បានកើតចេញពីជម្លោះនៅអ៊ុយក្រែនភាគខាងកើតនេះ។[៩៩]

សង្គ្រាមឋិតិវត្ត

Thumb
ទាហានក្រុមឧទ្ទាមរុស្ស៊ីកំពុងប្រមើលស៊ើបរកសត្រូវពីទីតាំងការពាររបស់គេ

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងមីនស្កឹ ទឹកដីគ្រប់គ្រងដោយភាគីសង្គ្រាមមិនមានការផ្លាស់ប្ដូរអ្វីធំដុំច្រើននោះទេ ខណៈពេលដែលសង្រ្គាមបានវិវត្តទៅជាឋិតិភាព សង្គ្រាមជីកលេណដ្ឋាននៅជុំវិញខ្សែបន្ទាត់ព្រំដែនដែលចែកក្នុងកិច្ចព្រមព្រៀងនោះ។ អរិភាព​នៅតែបន្ត ប៉ុន្តែក្នុង​កម្រិត​ទាបបំផុត ខណៈភាគីទាំងសងខាងបានបន្តសាងប្រព័ន្ធលេណដ្ឋាន និងរូងក្រោមដីជាដើមដើម្បីពង្រឹងទីឈរជើងរបស់ពួកគេ។[១០០] ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បទឈប់បាញ់ចំនួន ២៩ ត្រូវបានបង្កើតឡើងដោយបទឈប់បាញ់នីមួយៗបានចូលជាធរមានក្នុងរយៈពេលខ្លីប៉ុណ្ណោះដោយមិនលើសពីពីរសប្តាហ៍ទេ។[១០១]

Thumb
រូបថតពីអ្នកឃ្លាំមើលរបស់អង្គការ​សន្តិសុខ​ និង​សហ​ប្រតិបត្តិការ​អឺរ៉ុប ដែលបង្ហាញពីការដកថយនូវអាវុធធុនធ្ងន់អ៊ុយក្រែនពីតំបន់សង្គ្រាម, មីនា ២០១៥

មន្ត្រីអាមេរិក និងអន្តរជាតិផ្សេងៗបានបន្តរាយការណ៍ពីវត្តមានដ៏សកម្មរបស់យោធារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន រួមទាំងនៅតំបន់ដេបាល់ត្សេវេផងដែរ។[១០២] នៅក្នុងឆ្នាំ២០១៥ កងកម្លាំងផ្ដាច់ខ្លួននិយមរុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រមាណ ៣៦,០០០ នាក់ (បើប្រៀបធៀបទៅនឹងកម្លាំងអ៊ុយក្រែនចំនួន ៣៤,០០០ នាក់) ដែលក្នុងនោះមានប្រមាណ ៨,៥០០ ទៅ ១០,០០០ នាក់ជាទាហានរុស្ស៊ី។ លើសពីនេះទៅទៀតនោះ ទាហានចារកម្មរុស្ស៊ីប្រមាណ ១,០០០ ក៏កំពុងមានវត្តមានធ្វើប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។[១០៣]

Thumb
ទាហានអ៊ុយក្រែននៅក្នុងលណដ្ឋានខ្លួនក្នុងតំបន់ដុនបាស, ឆ្នាំ២០១៥
Thumb
ប្រធានាធិបតីអ៊ុយក្រែន លោកពេត្រូ ប៉ូរ៉ូស្ហឹនកូកំពុងត្រួតពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងអ៊ុយក្រែន, មិថុនា​ ២០១៦

នៅក្នុងឆ្នាំ២០១៧ អ៊ុយក្រែនបានប្តឹងឧទ្ធរណ៍ទៅតុលាការមជ្ឈត្តកម្មជុំវិញការប្រើប្រាស់ច្រកសមុទ្រគែតឆ៍។ មកដល់ឆ្នាំ២០១៨ ប្រទេសរុស្ស៊ីបានសាងសង់ស្ពានឆ្លងកាត់ច្រកសមុទ្រនោះ និងថែមទាំងបានដាក់កំហិតលើទំហំនៃនាវាឆ្លងកាត់ និយ័តកម្មថ្មីៗ និងបានឃាត់នាវាអ៊ុយក្រែនជារឿយៗ។[១០៤] នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាវាអ៊ុយក្រែនចំនួនបីគ្រឿងដែលធ្វើដំណើរពីអូដេសាទៅម៉ារីអ៊ូប៉ូលត្រូវបាននាវាចម្បាំងរុស្ស៊ីស្ទាក់ចាប់ ខណៈនាវិកអ៊ុយក្រែនចំនួន ២៤ នាក់ត្រូវបានចាប់ឃាត់ខ្លួន។[១០៥][១០៦] មួយថ្ងៃក្រោយមកនៅថ្ងៃទី២៦ ខែវិច្ឆិកា រដ្ឋសភាអ៊ុយក្រែនបានគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តច្បាប់អាជ្ញាសឹកនៅតាមតំបន់ឆ្នេររបស់អ៊ុយក្រែនដែលជាប់នឹងរុស្ស៊ី។[១០៧]

Thumb
រថក្រោះ T-៦៤ របស់អ៊ុយក្រែនក្នុងកំឡុងវគ្គសង្គ្រាមឋិតិវត្ត

ទាហានអ៊ុយក្រែនជាង ១១០ នាក់ត្រូវបានបាត់បង់អាយុជីវិតនៅក្នុងសង្គ្រាមក្នុងឆ្នាំ២០១៩។[១០៨] នៅក្នុងខែឧសភា ឆ្នាំ២០១៩ ប្រធានាធិបតីអ៊ុយក្រែនជាប់ឆ្នោតថ្មីគឺលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានសន្យាថាលោកនឹងព្យាយាមបញ្ចប់សង្គ្រាមនៅដុនបាសឱ្យបាន។ នៅខែធ្នូ ឆ្នាំ២០១៩ អ៊ុយក្រែន និងក្រុមឧទ្ទាមផ្ដាច់ខ្លួននិយមទាំងនោះបានចាប់ផ្តើមផ្ដោះប្តូរឈ្លើយសឹក ដោយក្នុងនោះមានមនុស្សប្រមាណ ២០០ នាក់ត្រូវបានដោះដូរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។[១០៩][១១០][១១១] នៅខែធ្នូ ឆ្នាំ២០១៩ អ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់។ ក្នុងកិច្ចព្រមពៀងនោះ ភាគី​ទាំង​ពីរ​បាន​យល់ស្របលើការដោះដូរ​ឈ្លើយសឹកបន្ថែម និង​ដក​កម្លាំង​យោធាចេញពី​​តំបន់​មួយ​ចំនួន ក៏ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែននៅតែមិនអាចឯកភាពគ្នានៅលើការដកកម្លាំងនិយមរុស្ស៊ី និងដំណើរការបោះឆ្នោតនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនទាំងនោះ។[១១២]

យោងតាមអាជ្ញាធរអ៊ុយក្រែន ទាហានអ៊ុយក្រែនប្រមាណ ៥០ នាក់ត្រូវបានស្លាប់នៅក្នុងឆ្នាំ២០២០។[១១៣] នៅចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រុស្ស៊ីបានចេញលិខិតឆ្លងដែនផ្ទៃក្នុងរុស្ស៊ីជាង ៦៥០,០០០ ក្បាលទៅកាន់ប្រជាជនអ៊ុយក្រែនក្នុងតំបន់ដុនបាស។[១១៤] នៅក្នុងឆ្នាំ២០១៩ ចំនួនប្រជាជនស៊ីវិលចំនួន ២៧ នាក់បានស្លាប់ដោយសារសង្គ្រាម បូករួមទាំង​ ២៦ នាក់ក្នុងឆ្នាំ២០២០ និង ២៥ នាក់ក្នុងឆ្នាំ២០២១ ហើយចំនួនស្លាប់ទាំងនោះប្រមាណជាងពាក់កណ្ដាលគឺបានបណ្ដាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។[១១៥]

មុនការឈ្លានពាន

ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រមូលផ្ដុំកងកម្លាំងយោធារបស់គេនៅក្បែរព្រំដែនអ៊ុយក្រែន ហើយបានបន្តផ្ដុំកម្លាំងបន្ថែមទៀតជាលើកទីពីរចាប់ពីខែតុលា ឆ្នាំ២០២១ ទាំងនៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស។[១១៦] ក្នុងកំឡុងបណ្ដុំបង្កើនកម្លាំងទាហាននៅតាមព្រំដែននោះ ប្រទេសរុស្ស៊ីតែងតែនិយាយអះអាងថាខ្លួនគ្រាន់តែប្រមូលកម្លាំងធ្វើសមយុទ្ធយោធាប៉ុណ្ណោះ ខណៈរដ្ឋាភិបាលរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនមានផែនការអ្វីដើម្បីវាយប្រហារអ៊ុយក្រែននោះទេ។[១១៧][១១៨]

Thumb
រូបភាពផែនទីផ្សព្វផ្សាយដោយកាសែត The Washington Post បង្ហាញពីចលនាបណ្ដុំកម្លាំងយោធារុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនគិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ ប្រភពពីចារកម្មអាមេរិក។[១១៩]

នៅដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការបដិសេធដោយរុស្ស៊ីជុំវិញគោលបំណងឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានចារកម្មទាក់ទិននឹងផែនការឈ្លានពានរបស់រុស្ស៊ី រួមទាំងរូបភាពផ្ដិតពីផ្កាយរណបផងដែរ ដែលបានបង្ហាញពីវត្តមានកងទ័ព និងគ្រឿងសព្វាវុធរុស្ស៊ីនៅជិតព្រំដែន។[១២០] របាយការណ៍ចារកម្មនោះក៏បានបង្ហាញផងដែរនូវទីតាំងសំខាន់ៗដែលរុស្ស៊ីចង់បាន និងបុគ្គលដែលរុស្ស៊ីត្រូវសម្លាប់ ឬធ្វើអប្យក្រឹត្យកម្ម។[១២១]

នៅប៉ុន្មានខែមុនការឈ្លានពាន មន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីបទញុះញង់ឱ្យមានភាពតានតឹង ការរើសអើងជាតិសាសន៍រុស្ស៊ី និងការគាបសង្កត់ប្រជាជនរុស្ស៊ីនៅអ៊ុយក្រែន។ រុស្ស៊ីបានទាមទារនៅសំណើសន្តិសុខជាច្រើនពីអ៊ុយក្រែន ក៏ដូចជាអង្គការណាតូ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងៗទៀត។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកពូទីនបាននិយាយថា "ការរើសអើងស្អប់ខ្ពើមជាតិសាសន៍រុស្ស៊ីគឺជាជំហានដំបូងឆ្ពោះទៅរកការប្រល័យពូជសាសន៍ប្រជាជនលោក"។[១២២][១២៣] អំណះអំណាងរបស់ពូទីនត្រូវបានសហគមន៍អន្តរជាតិច្រានចោល[១២៤] ខណៈអំណះអំណាងរបស់រុស្ស៊ីជុំវិញការប្រល័យពូជសាសន៍ត្រូវបានគេចាត់ទុកថាគ្មានមូលដ្ឋានជាក់លាក់ច្បាស់លាស់។[១២៥] នៅក្នុងសុន្ទរកថាថ្ងៃទី២១ ខែកុម្ភៈ លោកពូទីន បានចោទសួរពីធម្មានុរូបភាពនៃរដ្ឋអ៊ុយក្រែន ដោយអះអាងម្ដងទៀតថា "អ៊ុយក្រែនមិនដែលមានភាពជារដ្ឋពិតប្រាកដទេ"។​[១២៦] លោកពូទីនបានបន្តអះអាងថា អ៊ុយក្រែនគឺគ្រាន់តែជារដ្ឋដែលបង្កើតឡើងដោយលោកវ្លាឌីមៀ លេនីនប៉ុណ្ណោះក្នុងនាមជាសាធារណរដ្ឋសូវៀតដាច់ដោយឡែកនៅលើទឹកដីរបស់រុស្ស៊ី ហើយថាលោកនីគីតា គ្រូឆេវ "បានកាត់ទឹកដីគ្រីមៀឱ្យទៅអ៊ុយក្រែនដោយគ្មានហេតុផល" នៅក្នុងឆ្នាំ១៩៥៤។[១២៧]

ស្ថានការណ៍សង្គ្រាមនៅដុនបាសបានវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ពិសេសចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទៅ។[១២៨] ក្រុមសកម្មប្រយុទ្ធនិយមរុស្ស៊ីបានចាប់ផ្ដើមបង្កើនការបាញ់ផ្លោងដោយកាំភ្លើងធំនៅតាមតំបន់ដុនបាស។ អ៊ុយក្រែន និងសហការីរបស់ខ្លួនបានជឿថា សកម្មភាពបាញ់គ្រាប់ផ្លោងដោយក្រុមផ្ដាច់ខ្លួននិយមនោះគឺដើម្បីញុះញង់កងទ័ពអ៊ុយក្រែនឱ្យបាញ់តបតវិញ ដែលវានឹងអនុញ្ញាតឱ្យរុស្ស៊ីមានលេសសម្រាប់ផ្ដើមការឈ្លានពាន។[១២៩][១៣០] នៅថ្ងៃទី១៨ ខែកុម្ភៈ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍បានបញ្ជាឱ្យអាជ្ញាធរខ្លួនធ្វើការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ងាយគ្រោះថ្នាក់ជាបន្ទាន់។[១៣១]

នៅថ្ងៃទី២១ ខែកុម្ភៈ ម៉ោង ២២:៣៥ (UTC+៣) ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានប្រកាសថារដ្ឋាភិបាលរុស្ស៊ីនឹងទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ជាផ្លូវការ។[១៣២] នៅល្ងាចនៃថ្ងៃដដែរនោះ លោកពូទីនបានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលបញ្ឈរជើងកម្លាំងនៅទូទាំងតំបន់ដុនបាស ដែលភាគីរុស្ស៊ីហៅវាថា បេសកកម្ម "រក្សាសន្តិភាព"។[១៣៣] នៅថ្ងៃទី២២ ខែកុម្ភៈ ក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតជាឯកច្ឆ័ន្ទឱ្យលោកពូទីនប្រើប្រាស់កម្លាំងយោធានៅខាងក្រៅប្រទេសរុស្ស៊ី។[១៣៤] ដោយឃើញបែបនេះ លោកហ្សេឡេនស្គីក៏បានបញ្ជាឱ្យកែនកម្លាំងទ័ពជំនួយ និងបម្រុងផ្សេងៗដែលខ្លួនមាន។[១៣៥] នៅថ្ងៃបន្ទាប់ រដ្ឋសភាអ៊ុយក្រែនបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេល ៣០ ថ្ងៃ និងបានបញ្ជាឱ្យមានការចល័តទ័ពជំនួយទាំងអស់។[១៣៦][១៣៧] ទន្ទឹមគ្នានេះដែរ រុស្ស៊ីក៏បានចាប់ផ្តើមកោះហៅតំណាងស្ថានទូតខ្លួននៅទីក្រុងកៀវឱ្យត្រឡប់ចូលស្រុកវិញ។[១៣៨]

នៅយប់ថ្ងៃទី២៣​ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន​ លោកហ្សេឡេនស្គីបានថ្លែងសុន្ទរកថាជាភាសារុស្សី ដោយលោកបានអំពាវនាវដល់ប្រជាជននៅប្រទេសរុស្ស៊ីឱ្យចូលរួមទប់ស្កាត់សង្គ្រាមគ្រប់បែបយ៉ាងដែលអាចកើតមានរវាងរុស្ស៊ី​ និងអ៊ុយក្រែន។[១៣៩][១៤០] នៅក្នុងសុន្ទរកថានោះដដែរ លោកហ្សេឡេនស្គីបានច្រានចោលអំណះអំណាងរបស់រុស្ស៊ីដែលថាអ៊ុយក្រែនកំពុងលើកតម្កើនមនោគមវិជ្ជាណាស៊ី ហើយបានបន្តនិយាយថា លោកនិងប្រទេសលោកមិនមានចេតនាអ្វីវាយប្រហារតំបន់ដុនបាសនោះទេ។[១៤១]

ការឈ្លានពានទ្រង់ទ្រាយធំដោយរុស្ស៊ីលើអ៊ុយក្រែន

Thumb
ផែនទីបង្ហាញពីការឈ្លានពានរបស់រុស្ស៊ីចូលទឹកដីប្រទេសអ៊ុយក្រែន (ចុចលើផែនទីដើម្បីឃើញពីដំណើរការឈ្លានពាន)

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមនៅពេលព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២[១៤២]​ ក្រោយពីលោកពូទីនបានប្រកាសពី "ប្រតិបត្តិការយោធាពិសេស" ដើម្បីរំដោះអ៊ុយក្រែនពីមនោគមវិជ្ជាណាស៊ី។[១៤៣] ប៉ុន្មាននាទីក្រោយការប្រកាសរបស់ពូទីន គ្រាប់មីស៊ីលជាច្រើនគ្រាប់បានហោះធ្លាក់លើទឹកដីអ៊ុយក្រែនរួមទាំងដល់រដ្ឋធានីកៀវផងដែរ ខណៈកងទ័ពរុស្ស៊ីបានដើរឆ្លងព្រំដែនជាន់ទឹកដីអ៊ុយក្រែនពីគ្រប់ទិសនៅប៉ែកខាងកើតប្រទេសអ៊ុយក្រែន។[១៤៤] ហ្សេឡេនស្គីបានប្រកាសច្បាប់អាជ្ញាសឹក និងកែនប្រជាជនអ៊ុយក្រែនជាៗបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំត្រៀមចូលបម្រើយោធា និងហាមឃាត់ពួកគេមិនឱ្យចាកចេញពីប្រទេសជាដាច់ខាត។[១៤៥][១៤៦]

ការវាយប្រហាររបស់រុស្ស៊ីគឺបានផ្តើមឡើងពីទិសខាងជើងចេញពីប្រទេសបេឡារុសឆ្ពោះទៅរករដ្ឋធានីកៀវរបស់អ៊ុយក្រែន បន្ទាប់មកគឺទិសខាងត្បូងចេញពីតំបន់គ្រីមៀ និងទិសអាគ្នេយ៍ចេញពីតំបន់លូហ្កានស្ក៍ និងដូណេតស្ក៍ឆ្ពោះទៅកាន់ទីក្រុងខាគីវ[១៤៧][១៤៨] នៅជួរប្រយុទ្ធភាគខាងជើង កងទ័ពអ៊ុយក្រែនបានប្រឹងប្រែងការពាររដ្ឋធានីកៀវយ៉ាងម៉ឹងម៉ាត់ពីការវាយសម្រុកឥតឈប់ឈរពីសំណាក់កងកម្លាំងរុស្ស៊ី ហើយមកដល់ខែមីនា កងទ័ពរុស្ស៊ីក៏ជាប់គាំងមិនអាចវាយបំបែកទីក្រុងកៀវបាន ហើយមកដល់ខែមេសា ពួកគេក៏បានដកថយចេញទៅវិញ។​ នៅថ្ងៃទី៨ ខែមេសា រុស្ស៊ីបានលើកកម្លាំងទ័ពខ្លួនចូលវាយប្រហារអ៊ុយក្រែនតាមភាគខាងត្បូង និងខាងកើត ហើយអង្គភាពមួយចំនួនដែលបានដកចេញពីជួរប្រយុទ្ធភាគខាងជើងនោះក៏ត្រូវបានបញ្ជូនមកប្រយុទ្ធក្នុងតំបន់ដុនបាស។[១៤៩] នៅថ្ងៃទី១៩ ខែមេសា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារជាថ្មីចូលទឹកដីអ៊ុយក្រែនដែលមានប្រវែង ៥០០ គីឡូម៉ែត្រលាតសន្ធឹងពីទីក្រុងខាគីវដល់ទីក្រុងដូណេតស្ក៍ និងលូហានស្ក៍។[១៥០] ត្រឹមថ្ងៃទី២០​ ខែឧសភា ទីក្រុងម៉ារីអ៊ូប៉ូលត្រូវបានធ្លាក់ទៅក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ីបន្ទាប់ពីកម្លាំងរុស្ស៊ីបានធ្វើការឡោមព័ទ្ធទីក្រុងនេះអស់ជាច្រើនខែ។[១៥១] សង្គ្រាមមួយនេះបានបង្កឱ្យកើតវិបត្តិមនុស្សធម៌ និងជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមយូហ្គោស្លាវីនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានបញ្ចប់មក[១៥២] ខណៈអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាភាពធ្ងន់ធ្ងរនៃវិបត្តិនេះអាចកើនឡើងរហូតឈានដល់កម្រិតស្មើសង្គ្រាមលោកលើកទី២ ប្រសិនបើមិនអាចបញ្ឈប់បាន។[១៥៣] នៅក្នុងសប្តាហ៍ដំបូងនៃការឈ្លានពាន អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សប្រមាណជាងមួយលាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។ មកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ចំនួនជនភៀសខ្លួនអ៊ុយក្រែនបានកើនឡើងដល់ជាង ៧,៤០៥,៥៩០ នាក់ ដែលជាចំនួនថយចុះពីជាងប្រាំបីលាននាក់ដោយសារតែការវិលត្រឡប់ចូលស្រុកវិញពីជនភៀសខ្លួនមួយចំនួនក្រោយការឈ្លានពានរបស់រុស្ស៊ីបានជាប់គាំង។[១៥៤][១៥៥]

សង្គ្រាមមួយនេះត្រូវបានសហគមន៍អន្តរជាតិជាច្រើនថ្កោលទោស និងបានចាត់ទុកវាជាសង្គ្រាមបំពានឈ្លានពាន។[១៥៦] សេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិបានទាមទារឱ្យរុស្ស៊ីដកកងកម្លាំងខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន ខណៈតុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធាខ្លួនជាបន្ទាន់ ចំណែកឯក្រុមប្រឹក្សាអឺរ៉ុបវិញបានដកសមាជិកភាពរុស្ស៊ីចេញពីស្ថាប័នរបស់ខ្លួន។ ប្រទេសជាច្រើនផងដែរបានប្រកាសដាក់ទណ្ឌកម្មថ្មីៗជាច្រើន ដែលនាំឱ្យប៉ះពាល់ដល់ទាំងសេដ្ឋកិច្ចរុស្ស៊ី និងពិភពលោក[១៥៧] ហើយក្នុងនោះផងដែរក៏មានប្រទេសគាំទ្រផ្ដល់ទាំងជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន។[១៥៨]

Thumb
សំណល់នៃរថប្រយុទ្ធរុស្ស៊ីនៅទីក្រុងប៊ូតឆា, ២៧ កុម្ភៈ

នៅក្នុងខែសីហា ឆ្នាំ២០២២ អ៊ុយក្រែនបានបើកការវាយបកទៅលើកងទ័ពរុស្ស៊ីវិញនៅភាគខាងត្បូង ហើយនិងនៅភាគឦសានក្នុងខែកញ្ញា។ នៅថ្ងៃទី៣០ ខែកញ្ញា រុស្ស៊ីបានកាត់ខេត្តប៉ែកខាងកើតរបស់អ៊ុយក្រែនចំនួនបួនបញ្ចូលជាទឹកដីរបស់ខ្លួនជាផ្លូវការ[១៥៩] ខណៈប្រទេសជាច្រើននៅលើពិភពលោកបានថ្កោលទោសលើរុស្ស៊ីជាទម្ងន់នូវទង្វើកាត់ទឹកដីនេះ។[១៦០] មកត្រឹមខែកញ្ញា អ៊ុយក្រែនបានដណ្ដើមខេត្តខាគីវស្ទើរទាំងមូលមកវិញតាមរយៈប្រតិបត្តិការវាយបកនៅភាគឦសានរបស់ខ្លួន។ នៅក្នុងប្រតិបត្តិការវាយបកភាគខាងត្បូង អ៊ុយក្រែនបានដណ្ដើមទីក្រុងខឺសុនមកវិញនៅក្នុងខែវិច្ឆិកា ខណៈដែលកម្លាំងរុស្ស៊ីបានដកថយទៅត្រើយខាងកើតនៃទន្លេឌីណេព័រ។[១៦១]

គិតមកត្រឹមខែសីហា ឆ្នាំ២០២៣ ចំនួនទាហានរុស្ស៊ីនិងអ៊ុយក្រែនដែលស្លាប់និងរបួសសរុបក្នុងកំឡុងសង្គ្រាមឈ្លានពានបានឈានដល់ជិត ៥០០,០០០ នាក់។[១៦២] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបានថ្លែងថា ប្រជាជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានបាត់បង់ជីវិតកំឡុងពេលរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន ដោយចំនួនអ្នកស្លាប់ជាងពាក់កណ្តាលនោះ (ប្រមាណ ៣ ខែមុនពេល អសប ​ធ្វើរបាយការណ៍) បានកើតឡើងនៅឆ្ងាយពីសមរភូមិជួរមុខ។ អង្គការសហប្រជាជាតិបានសន្មតថាករណីស្លាប់ដែលកើតឡើងនៅក្រោយសមរភូមិជួរមុខនោះគឺបណ្ដាលមកពីការបាញ់ប្រហារគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដោយរុស្សី និងការផ្ទុះគ្រឿងយុទ្ធភណ្ឌដែលបង្កប់នៅកន្លែងណាមួយ។[១៦៣]

នៅក្នុងខែសីហា ឆ្នាំ២០២៤ កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារចូលទៅក្នុងខេត្តគូស្គិ៍របស់រុស្ស៊ី ហើយបើយោងតាមរបាយការណ៍របស់អ៊ុយក្រែនបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមពីរបីថ្ងៃប៉ុណ្ណោះ ពួកគេបានកាន់កាប់ទឹកដីរុស្ស៊ីរហូតដល់ ៣៥០ គីឡូម៉ែត្រការ៉េ។[១៦៤] មកដល់ថ្ងៃទី១៩ ខែសីហា អ៊ុយក្រែនបានចាប់ទាហានរុស្ស៊ីប្រមាណរាប់រយនាក់ក្នុងអំឡុងប្រតិបត្តិការក្នុងខេត្តគូស្គិ៍របស់រុស្ស៊ី។[១៦៥]

នៅចុងខែតុលា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានរកឃើញភស្តុតាងជុំវិញរឿងកូរ៉េខាងជើងបញ្ជូនទាហានប្រមាណ ៣,០០០ នាក់មកជួយរុស្ស៊ីច្បាំងនៅអ៊ុយក្រែន។ នៅថ្ងៃទី២៨ ខែតុលា ប្រធានអង្គការណាតូ លោកម៉ាក រូតបានបញ្ជាក់តាមរយៈព័ត៌មានចារកម្មអ៊ុយក្រែនថា ទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនច្បាំងនៅខេត្តគូស្គិ៍ ខណៈមន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកបានរាយការណ៍ថា ចំនួនទាហានកូរ៉េខាងជើងប្រមាណ ១០,០០០ នាក់បន្ថែមត្រូវបានបញ្ជូនមកហ្វឹកហាត់នៅរុស្ស៊ី ហើយជាបន្តបន្ទាប់ក៏ត្រូវបានបញ្ជូនមកប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។[១៦៦][១៦៧] នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រុស្ស៊ីទីបំផុតក៏បានបញ្ជាក់ជាផ្លូវការនូវការចូលរួមពីសំណាក់កងទ័ពកូរ៉េខាងជើងដោយកត់សម្គាល់វាថាជា "ជំនួយដ៏សំខាន់" សម្រាប់យោធារុស្ស៊ីដើម្បីដណ្ដើមយកខេត្តគូស្គិ៍មកវិញ ហើយនៅថ្ងៃដដែរនោះ រុស្ស៊ីក៏បានប្រកាសអះអាងថាខ្លួនបានវាយយកគូស្គិ៍មកវិញដោយជោគជ័យ។[១៦៨]

Remove ads

ការរំលោភសិទ្ធិមនុស្ស

Thumb
សពប្រជាជនស៊ីវិលអ៊ុយក្រែនជាប់នឹងខ្នោះដៃប្លាស្ទិកនៅក្នុងបន្ទប់ក្រោមដីមួយកន្លែងក្នុងក្រុងប៊ូតឆា, ៣ មេសា ២០២២

សកម្មភាពរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មដ៏ឃោរឃៅជាច្រើនបានកើតឡើងក្នុងអំឡុងពេលសង្រ្គាមរវាងអ៊ុយក្រែន​ និងរុស្ស៊ី។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ប្រជាជនស៊ីវិលជាង ៣,០០០ នាក់ត្រូវបានបាត់បង់ជីវិត ដែលភាគច្រើនកើតឡើងនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។[១៦៩] សិទ្ធិធ្វើដំណើរត្រូវបានគេហាមឃាត់សម្រាប់អ្នករស់នៅក្នុងតំបន់ជម្លោះ។[១៧០] ការចាប់ឃុំខ្លួនមនុស្សដោយមជ្ឈត្តកម្មត្រូវបានអនុវត្តដោយភាគីទាំងសងខាងនៅកំឡុងឆ្នាំដំបូងនៃជម្លោះ។ ការអនុវត្តបែបនេះបានថយចុះវិញនៅក្រោយឆ្នាំ២០១៦ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ប៉ុន្តែវានៅតែបន្តអនុវត្តនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួននិយមរុស្ស៊ី។[១៧១] ការស៊ើបអង្កេតផ្សេងៗទៅលើការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយភាគីទាំងសងខាងគឺមិនសូវទទួលបានផ្លែផ្កាអ្វីនោះទេចាប់តាំងពីជម្លោះបានផ្ទុះឡើងមក។[១៧២][១៧៣]

Thumb
សពប្រជាជនស៊ីវិលអ៊ុយក្រែននៅជាយក្រុងហ្សាប៉ូរីហ្ស៊ីយ៉ាក្រោយការវាយប្រហារដោយមីស៊ីលពីកងទ័ពរុស្ស៊ី

ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនមក អាជ្ញាធរនិងព្រមទាំងកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមជាច្រើនក្នុងរូបភាពវាយប្រហារដោយចេតនាពិសេសសម្ដៅលើជនស៊ីវិល[១៧៤][១៧៥]ដូចជា៖ ការសម្លាប់រង្គាលលើជនស៊ីវិល ការធ្វើទារុណកម្មនិងការរំលោភលើស្ត្រីនិងកុមារ[១៧៦][១៧៧] និងការវាយប្រហារមិនរើសមុខជាច្រើនករណីនៅក្នុងតំបន់មានមនុស្សកុះកររស់នៅ។[១៧៨][១៧៩] បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់ភាគខាងជើងរដ្ឋធានីកៀវ ភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កឡើងដោយកងកម្លាំងរុស្ស៊ីជាច្រើនត្រូវបានផុសចេញមក។ ជាពិសេសនៅទីក្រុងប៊ូតឆាដែលភស្តុតាងសាកសពប្រជាជនស៊ីវិលបានបង្ហាញឱ្យឃើញពីការសម្លាប់រង្គាលដោយទាហានរុស្ស៊ីដូចជា ការធ្វើទារុណកម្ម ការសម្លាប់ដោយវិកលកម្ម ការរំលោភ លួចប្លន់ និងការសម្លាប់ជនស៊ីវិលដោយចេតនាជាដើម។[១៨០][១៨១] រុស្ស៊ីក៏ថែមទាំងបានវាយប្រហារជាប្រព័ន្ធទៅលើមន្ទីរពេទ្យរបស់អ៊ុយក្រែនទៀតផង ដោយអង្គការសុខភាពពិភពលោកបានរាយការណ៍ថាមានការវាយប្រហារមន្ទីរពេទ្យអ៊ុយក្រែនចំនួន ១,៤២២ ករណីគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។[១៨២]

ក្រៅពីរុស្ស៊ី កងកម្លាំង​អ៊ុយក្រែន​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ផងដែរ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផ្សេង​ៗរួម​មានការ​ធ្វើ​ទុក្ខទោស និងធ្វើបាប​អ្នក​ជាប់​ឃុំឃាំងជាដើម (ដែលភាគច្រើនជាទាហានរុស្ស៊ី)។[១៨៣][១៨៤]

Thumb
សពប្រជាជនស៊ីវិលដេកស្លាប់នៅស្ថានីយ៍រថភ្លើងក្រាម៉ាថូស្ក៍ក្រោយពីត្រូវរងគ្រាប់មីស៊ីលរបស់រុស្ស៊ី

នៅក្នុងឆ្នាំ២០២៤ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងទឹកដីប្រទេសអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ ដោយក្នុងនោះរួមមាន៖ ការចាប់ឃុំខ្លួនដោយមជ្ឈន្តកម្ម ការបង្ខំឱ្យបាត់ខ្លួន ការធ្វើទារុណកម្មផ្សេងៗ ការបង្រ្កាបបាតុកម្មនិងសេរីភាពនៃការបញ្ចេញមតិ ការបង្ខំធ្វើរុស្ស៊ីនីយកម្ម លាងខួរកុមារ ហើយនិងការគាបសង្កត់លើភាសានិងវប្បធម៌អ៊ុយក្រែន។[១៨៥] យោងតាមប្រភពពី អសប ដដែរបានបង្ហើបថា ប្រជាជនអ៊ុយក្រែនជាច្រើនត្រូវបានបង្ខិតបង្ខំឱ្យទទួលយកលិខិតឆ្លងដែនរុស្ស៊ី ពោលទទួលសញ្ជាតិ និងក្លាយជាប្រជាពលរដ្ឋរុស្ស៊ីដោយបង្ខំ។ អ្នក​ដែលបដិសេដ​មិនទទួលយកលិខិតឆ្លងដែនទាំងនោះ​ត្រូវ​បាន​អាជ្ញាធររុស្ស៊ីដកសិទ្ធិមើល​ថែទាំ​សុខភាព និង​សិទ្ធិ​មូលដ្ឋានៗផ្សេង​ទៀត[១៨៥] ហើយ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ក្នុង​នាម​ជា "ជនជាតិ​បរទេស" ទៀតផង។ បុរស​ជនជាតិអ៊ុយក្រែន​ដែល​ទទួល​សញ្ជាតិ​រុស្ស៊ី​​ត្រូវ​គេចារទុកក្នុងបញ្ជីដើម្បីត្រៀមកែន​យកទៅធ្វើជាទាហានរុស្ស៊ី​ប្រឆាំង​នឹង​ស្រុកកំណើតរបស់ខ្លួន។[១៨៦]

Remove ads

វិបត្តិផ្សេងៗ

នីត្យានុកូលភាព និងការប្រកាសសង្គ្រាម

Thumb
ស្ថានភាពទឹកដីអ៊ុយក្រែនបច្ចុប្បន្ន​ និងតំបន់ជុំវិញ

តាំងពីជម្លោះបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤​ មក ភាគីទាំងសងខាងមិនដែលបានចេញសេចក្ដីប្រកាសសង្គ្រាមផ្លូវការជាមួយនឹងគ្នានោះទេ។ នៅពេលដែលពូទីនបានប្រកាសការឈ្លានពានទៅលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ លោកបានសម្ដៅលើសកម្មភាពរបស់រុស្ស៊ីថាជា "ប្រតិបត្តិការយោធាពិសេស" ដោយមិនបាននិយាយអ្វីពីការប្រកាសសង្រ្គាមជាផ្លូវការនោះឡើយ។[១៨៧] តែទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែនបានចាត់ទុកសកម្មភាពរបស់រុស្ស៊ីថាជាការប្រកាសសង្រ្គាម[១៨៨] ហើយប្រភពព័ត៌មានអន្តរជាតិជាច្រើនក៏មានគំនិតយោបល់ដូចនឹងរដ្ឋាភិបាលអ៊ុយក្រែនដែរ។[១៨៩][១៩០] ជាលទ្ធផលនៃសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន សភាអ៊ុយក្រែនគ្រាន់តែប្រកាសសម្ដៅលើប្រទេសរុស្ស៊ីថាជា "រដ្ឋភេរវករ" ប៉ុណ្ណោះ[១៩១] និងមិនបានចេញសេចក្តីប្រកាសសង្គ្រាមជាផ្លូវការអ្វីនោះឡើយ។

ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ (ព្រមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ)។[១៩២][១៩៣][១៩៤][១៩៥] ការឈ្លានពានរបស់រុស្ស៊ីត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាននៅក្រោមច្បាប់ព្រហ្មទណ្ឌអន្តរជាតិ[១៩៦] និងព្រមទាំងនៅក្រោមក្រមព្រហ្មទណ្ឌក្នុងស្រុករបស់ប្រទេសមួយចំនួនផងដែរ រួមមានទាំងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែការកាត់ទោសនៅក្រោមច្បាប់ទាំងនេះត្រូវបានរារាំងដោយនីតិក្រមមួយចំនួន។[១៩៧][១៩៨]

Remove ads

ប្រតិកម្ម

ប្រតិកម្មចំពោះរុស្ស៊ីកាត់យកគ្រីមៀ

អ៊ុយក្រែន

Thumb
បន្ទាប់រុស្ស៊ីបានកាត់តំបន់គ្រីមៀជាទឹកដីរបស់ខ្លួន ប្រទេសអ៊ុយក្រែនបានបិទព្រែកជីកគ្រីមៀខាងជើង ដែលជាប្រភពផ្ដល់ទឹកស្អាតនិងជាប្រព័ន្ធបង្ហូរទឹក ៨៥% ទៅក្នុងតំបន់គ្រីមៀ

ប្រធានាធិបតីស្ដីទីនៃប្រទេសអ៊ុយក្រែនកាលនុះគឺលោកអូឡិចសាន់ដឹ ទួរឈីណូហ្វបានចោទប្រកាន់រុស្ស៊ីថា "កំពុងតែបង្កជម្លោះ"​ តាមរយៈគោលជំហរគាំទ្ររបស់ពួកគេចំពោះការរឹបអូសអគារសភាគ្រីមៀ និងការិយាល័យរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងឧបទ្វីបគ្រីមៀ។ លោកបានប្រៀបធៀបសកម្មភាពយោធារបស់រុស្ស៊ីទៅនឹងសង្គ្រាមរុស្ស៊ី-ចចជីកាលពីឆ្នាំ២០០៨ នៅពេលដែលកងទ័ពរុស្ស៊ីបានចូលកាន់កាប់ទឹកដីមួយផ្នែកតូចនៃសាធារណរដ្ឋចចជី ហើយទឹកដីក្រោមរុស្ស៊ីទាំងនោះក៏ត្រូវបានរៀបចំកែប្រែទៅជារដ្ឋអាប់កាស៊ី និងអូសេទីខាងត្បូងដោយមានរដ្ឋបាលគាំទ្រដោយរុស្ស៊ី។ លោក​បានបន្ត​អំពាវនាវ​ឱ្យប្រធានាធិបតីពូទីន​ដក​កងទ័ព​រុស្ស៊ី​ចេញ​ពី​តំបន់​គ្រីមៀ ហើយ​បាន​និយាយបន្ថែមទៀតថា ​អ៊ុយក្រែន​នឹង​ "រក្សា​ទឹកដី​ខ្លួន" និង "ការពារ​ឯករាជ្យ​ភាពខ្លួន" ឱ្យអស់ពីសមត្ថភាព។[១៩៩] នៅថ្ងៃទី១ ខែមីនា លោកបានព្រមានថា "ករណីមានអន្តរាគមន៍យោធានឹងក្លាយចំណុចចាប់ផ្តើមនៃសង្រ្គាម និងការបញ្ចប់រាល់ទំនាក់ទំនរវាងអ៊ុយក្រែននិងរុស្ស៊ី"។[២០០] នៅថ្ងៃដដែរ លោកអូឡិចសាន់ដឹបានបញ្ជាកងកម្លាំងអ៊ុយក្រែន​ឱ្យស្ថិតក្នុងការត្រៀមខ្លួន និងប្រុងប្រយ័ត្នបំផុត។[២០១]

ណាតូ និងសហរដ្ឋអាមេរិក

Thumb
ក្បួនកងទ័ពអាមេរិកនៅវីលសេក ប្រទេសអាល្លឺម៉ង់ កំឡុងប្រតិបត្តិការអាត្លង់ទិករីសូលហ្វ៍

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានប្ដេជ្ញាគាំទ្រអ៊ុយក្រែនតាមរយៈជំនួយជាទឹកប្រាក់សរុប ១ ពាន់លានដុល្លារអាមេរិក។​[២០២] សកម្មភាពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបាននាំឱ្យប្រទេសជិតខាងរុស្ស៊ី និងក៏ដូចជាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតជារួមកើតការព្រួយបារម្ភជាខ្លាំងជុំវិញសន្តិសុខក្នុងតំបន់។[២០៣] ដោយហេតុនេះ ប្រទេសខ្លះបានចំណាយធនធានរបស់ខ្លួនពង្រឹងវិស័យការពារជាតិរបស់ពួកគេ[២០៤] ហើយខ្លះទៀតបានសុំជំនួយពីអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ចំពោះប្រទេសជារដ្ឋសមាជិកស្រាប់)។[២០៣][២០៤] ជម្លោះនៅអ៊ុយក្រែនបានពង្រឹងចក្ខុវិស័យណាតូឡើងវិញ ដែលតាំងពីសហភាពសូវៀតបានដួលរលំមក អង្គការមួយនេះភាគច្រើនបានបង្វែរមកផ្ដោតលើ "បេសកកម្មរក្សាសន្តិភាព"។[២០៥] ក្រៅពីជំនួយការទូតទំនុកបម្រុងអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយយោធាក្នុងថវិកា ១.៥ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែនផងដែរក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០១០។[២០៦]

ទីផ្សារហិរញ្ញវត្ថុ

អត្រាប្ដូរប្រាក់អឺរ៉ូ/រូបរបស់រុស្ស៊ី
Thumb
អត្រាប្ដូរប្រាក់ដុល្លារ​អាមេរិក/រូបរបស់រុស្ស៊ី

ប្រតិកម្មដំបូងៗចំពោះកំណើនភាពតានតឹងនៅគ្រីមៀគឺការធ្លាក់ចុះនូវទីផ្សារភាគហ៊ុនរុស្ស៊ី និងអឺរ៉ុប។[២០៧] អន្តរាគមន៍យោធារុស្ស៊ីបានធ្វើឱ្យប្រាក់ហ្វ្រង់ស្វីសកើនតម្លៃឡើងក្នុងកម្រិតខ្ពស់សម្រាប់រយៈពេល ២ ឆ្នាំបើធៀបនឹងប្រាក់ដុល្លារ និងកម្រិតខ្ពស់រយៈពេល ១ ឆ្នាំធៀបនឹងប្រាក់អឺរ៉ូ។ ប្រាក់​អឺរ៉ូ និង​ដុល្លារ​អាមេរិក​បាន​ឡើង​ថ្លៃ​ដូចគ្នា ​ហើយ​សម្បីតែប្រាក់​ដុល្លារ​អូស្ត្រាលី​ក៏កើនឡើងផងដែរ។[២០៨] ទីផ្សារភាគហ៊ុនរុស្ស៊ីបានធ្លាក់ចុះជាង ១០ ភាគរយ ខណៈដែលប្រាក់រូបរបស់រុស្ស៊ីបានធ្លាក់ចុះទាបបំផុតបើធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ។[២០៩][២១០][២១១] តម្លៃ​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​បាន​កើន​ឡើងជាលំដាប់ ដោយ​ប្រទេសអ៊ុយក្រែន​ត្រូវជា​អ្នក​នាំ​ចេញ​ដ៏​សំខាន់​នៃ​ដំណាំ​ទាំង​ពីរទៅកាន់ទីផ្សារពិភពលោក។[២១២]

ប្រតិកម្មចំពោះសង្គ្រាមនៅដុនបាស

មតិសាធារណជនអ៊ុយក្រែន

Thumb
បាតុកម្មគាំទ្ររុស្ស៊ីនៅទីក្រុងដូណេតស្ក៍, ២០ ធ្នូ ២០១៤

ការស្ទង់មតិសាធារណជនអ៊ុយក្រែនជុំវិញការកាត់ឧបទ្វីបគ្រីមៀដោយរុស្ស៊ីនោះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤។[២១៣] ៨៩% នៃសាធារណជនអ៊ុយក្រែនបានជំទាស់នឹងអន្តរាគមន៍យោធារុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ បើបែងចែកទៅតាមតំបន់នីមួយៗនៃប្រទេសអ៊ុយក្រែន យើងអាចមើលឃើញថា ប្រជាជនអ៊ុយក្រែនភាគខាងកើត ៧៨% បានជំទាស់នឹងអន្តរាគមន៍យោធារុស្ស៊ី និងក៏ដូចជាប្រជាជនអ៊ុយក្រែនភាគខាងត្បូងជាមួយនឹងមតិជំទាស់ ៨៩%, អ៊ុយក្រែនភាគកណ្ដាលជំទាស់ ៩៣% និងអ៊ុយក្រែនភាគខាងលិចជំទាស់ ៩៩%។[២១៣] បើបែងចែកដោយផ្អែកតាមភាសាកំណើតវិញ យើងឃើញថា ប្រជាជននិយាយភាសារុស្ស៊ី ៧៩% និងប្រជាជននិយាយភាសាអ៊ុយក្រែន ៩៥% បានប្រឆាំងនឹងអន្តរាគមន៍យោធារុស្ស៊ីនេះ។[២១៣]

ការស្ទង់មតិសាធារណជនមួយទៀតត្រូវបានធ្វើឡើងនៅគ្រីមៀក្រោយតំបន់នេះត្រូវបានកាត់ចូលជាទឹកដីរុស្ស៊ី។​ ការស្ទង់មតិនោះត្រូវបានធ្វើឡើងដោយ GfK ដែលជាអង្គការស្រាវជ្រាវទីផ្សារដ៏ធំបំផុតរបស់អាល្លឺម៉ង់ នៅថ្ងៃទី១៦–២២ ខែមករា ឆ្នាំ២០១៥។ យោងតាមលទ្ធផលនៃការស្ទង់មតិនោះ៖ "ប្រជាជនគ្រីមៀ ៨២% បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបញ្ចូលឧបទ្វីបគ្រីមៀក្នុងប្រទេសរុស្ស៊ី ហើយ ១១% បានសម្តែងនូវការគាំទ្រខ្លះៗ ខណៈតែ ៤% ប៉ុណ្ណោះដែលប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។[២១៤][២១៥][២១៦]

មតិសាធារណជនរុស្ស៊ី

Thumb
ដំណើរព្យុហយាត្រាសន្តិភាពនៅទីក្រុងម៉ូស្គូ, ២១ កញ្ញា ២០១៤

ការស្ទង់មតិនៃខែសីហា ឆ្នាំ២០១៤ ដោយមជ្ឈមណ្ឌលឡេវ៉ាដាបានបង្ហាញថា ប្រជាជនរុស្ស៊ីតែ ១៣% ទេដែលបង្ហាញការគាំទ្រដល់រដ្ឋាភិបាលរុស្ស៊ីក្នុងការធ្វើសង្គ្រាមបើកចំហជាមួយអ៊ុយក្រែន។[២១៧] ទន្ទឹមគ្នានេះដែរ បាតុកម្មតាមដងផ្លូវប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែនបានកំពុងកើតឡើងក្នុងប្រទេសរុស្ស៊ី។ ដំណើរបាតុកម្មជាច្រើនវគ្គបាន​កើត​ឡើង​​ក្នុង​ខែ​មីនា[២១៨][២១៩] ហើយមកដល់ខែកញ្ញាក៏ផ្ទុះបាតុកម្មជាច្រើនវគ្គទៀតនៅរដ្ឋធានីម៉ូស្គូ ពិសេសគឺព្យុហយាត្រាមហាជនដើម្បីសន្តិភាពនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤។[២២០]

ប្រតិកម្មចំពោះការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី

មតិសាធារណជនអ៊ុយក្រែន

Thumb
ជនភៀសខ្លួនអ៊ុយក្រែននៅទីក្រុងក្រាកូវី ប្រទេសប៉ូឡូញ កំពុងបាតុកម្មប្រឆាំងនឹងការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន, ៦ មីនា ២០២២

នៅខែមីនា ឆ្នាំ២០២២ រយៈពេលមួយសប្តាហ៍បន្ទាប់ពីការរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ជនជាតិអ៊ុយក្រែន ៩៨% និងព្រមទាំងជនជាតិរុស្សីដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ៨២% បានមានមតិមិនជឿថារុស្ស៊ីគ្មានសិទ្ធិទាមទារ ឬកាន់កាប់ទឹកដីផ្នែកណាមួយរបស់អ៊ុយក្រែនឡើយ។ នេះបើយោងតាមការស្ទង់មតិរបស់លោកម៉ៃឃើល អ្សាសក្រូហ្វត៍ ដោយមិនមានរាប់បញ្ចូលប្រជាជនក្នុងតំបន់គ្រីមៀ និងតំបន់ដុនបាសដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួននិយម។[២២១]

នៅចុងឆ្នាំ២០២១ ប្រជាជនអ៊ុយក្រែន ៧៥% បាននិយាយថាពួកគេមានគំនិតវិជ្ជមានចំពោះជនជាតិរុស្ស៊ីទូទៅ ខណៈពេលមកដល់ខែឧសភា ឆ្នាំ២០២២ ប្រជាជនអ៊ុយក្រែន ៨២% បានប្រែមកប្រកាន់គំនិតអវិជ្ជមានចំពោះជនជាតិរុស្ស៊ីទូទៅវិញ។[២២២]

យោងតាមការស្ទង់មតិមតិរបស់អង្គការហ្កាល់លូបជុំវិញសំណួរថា តើប្រជាជនអ៊ុយក្រែនចង់ឱ្យមានការចរចាបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬក៏ចង់តស៊ូប្រយុទ្ធរហូតដល់អ៊ុយក្រែនឈ្នះសង្គ្រាម ក្នុងនោះមានមនុស្សតែ ២២% ប៉ុណ្ណោះដែលបានចង់តស៊ូប្រយុទ្ធរហូតដល់ឈ្នះសង្គ្រាម (ចម្លើយពេលសង្គ្រាមឈ្លានពានទើបចាប់ផ្ដើម) តែមកដល់ឆ្នាំ២០២៥ ចម្លើយនោះបានកើនឡើងរហូតដល់ ៦៩%។[២២៣][២២៤]

មតិសាធារណជនរុស្ស៊ី

Thumb
       ប្រទេសរុស្ស៊ី
       បណ្ដាប្រទេសដែលស្ថិតក្នុង"បញ្ជីប្រទេសអមិត្ត"របស់រុស្ស៊ី។ បញ្ជីនោះបានរាប់បញ្ចូលប្រទេសដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ីក្រោយការឈ្លានពានទៅលើអ៊ុយក្រែន។

ការស្ទង់មតិមួយក្នុងខែមេសា ឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលឡេវ៉ាដាបានបង្ហាញឱ្យឃើញថាប្រមាណ ៧៤% នៃប្រជាជនរុស្ស៊ីបានគាំទ្រ "ប្រតិបត្តិការយោធាពិសេស" នៅក្នុងប្រទេសអ៊ុយក្រែន ដែលចំនួននេះបានបង្ហាញពីបម្លាស់ប្ដូរមតិសាធារណជនរុស្ស៊ីបើប្រៀបទៅនឹងឆ្នាំ២០១៤។[២២៥] បើយោងតាមប្រភពមួយចំនួន ហេតុផលដែលប្រជាជនរុស្ស៊ីជាច្រើនគាំទ្រ "ប្រតិបត្តិការយោធាពិសេស" បែបនេះគឺភាគច្រើនបណ្ដាលមកពីការស្ដាប់ព័ត៌មានឃោសនាដោយរដ្ឋ និងការទទួលព័ត៌មានមិនពិតផ្សេងៗ។[២២៦][២២៧] មិនតែប៉ុណ្ណោះ ហេតុផលមួយទៀតគឺមកពីអ្នកឆ្លើយសំណួរមួយចំនួនមិនចង់ឆ្លើយសំណួរស្ទង់មតិទាំងនោះ ឬឆ្លើយតាមជំហររដ្ឋាភិបាល ដោយសារតែពួកគេខ្លាចមានរឿងអាក្រក់អ្វីម្យ៉ាងកើតឡើងចំពោះពួកគេនៅពេលខាងមុខ។[២២៨][២២៩] នៅចុងខែមីនា លទ្ធផលការស្ទង់មតិដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីដោយមជ្ឈមណ្ឌលឡេវ៉ាដាដដែរ អាចយកមកសន្និដ្ឋានបានថា៖ នៅពេលប៉ះសំណួរសួរថា តើហេតុអ្វីបានជាពួកគេគិតថាប្រតិបត្តិការយោធាកំពុងកើតឡើងដូច្នេះ អ្នកឆ្លើយតបបាននិយាយថា គឺដើម្បីការពារប្រជាជនស៊ីវិលដូចជា ជនជាតិរុស្ស៊ី ឬអ្នកនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន (៤៣%) ដើម្បីការពារកុំឱ្យមានការវាយប្រហារលើប្រទេសរុស្ស៊ី (២៥%) ដើម្បីកម្ចាត់អ្នកជាតិនិយមជ្រុលជ្រើមនិងរំដោះអ៊ុយក្រែនពីមនោគមវិជ្ជាណាស៊ី (២១%) និងដើម្បីកាត់ប្រទេសអ៊ុយក្រែនទាំងមូល ឬតំបន់ដុនបាសចូលជាទឹកដីរុស្ស៊ី (៣%) ។[២៣០]

ប្រតិកម្មបរទេស

Thumb
ប្រធានាធិបតីអាមេរិក លោកចូ បៃដិនកំពុងពរក្មេងភៀសសឹកអ៊ុយក្រែនម្នាក់នៅក្នុងជំនួបជួបជនភៀសខ្លួនអ៊ុយក្រែននៅកីឡដ្ឋានជាតិវ៉ាសូរី ប្រទេសប៉ូឡូញ

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោកចូ បៃដិនបានស្នើសុំរដ្ឋសភាឱ្យផ្ដល់នូវជំនួយថវិកាដល់អ៊ុយក្រែនបន្ថែម ៣៣ ពាន់លានដុល្លារដោយ ២០ ពាន់លានដុល្លារក្នុងនោះគឺសម្រាប់ជំនួយសព្វាវុធយោធា។[២៣១] នៅថ្ងៃទី៥ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកដេនីស ស្មីហាលបានប្រកាសថា អ៊ុយក្រែនបានទទួលអាវុធ និងជំនួយហិរញ្ញវត្ថុជាង ១២ ពាន់លានដុល្លារអាមេរិកពីបណ្តាប្រទេសលោកខាងលិច ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមឈ្លានពានដោយរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក។[២៣២] នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ផ្តល់ជំនួយបរទេសយោធា និងមនុស្សធម៌ជាថវិកាស្មើនឹង ៤០ ពាន់លានដុល្លារដល់អ៊ុយក្រែន នាំឱ្យវាក្លាយជាការប្តេជ្ញាផ្ដល់ជំនួយមូលនិធិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។[២៣៣][២៣៤]

នៅក្រោមរដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំលើកទីពីរ ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនបានធ្លាក់ចុះ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែនមួយរយៈបន្ទាប់ពីជំនួបអវិជ្ជមានរវាងត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គី។[២៣៥] នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៥ បន្ទាប់ពីការចរចារកសន្តិភាពអស់ជាច្រើនខែដោយគ្មានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីអ្វីរវាងរុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាមេរិក និងព្រមទាំងបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងប្រាំពីរបានប្រកាសថ្កោលទោសជារួមលើសង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ក្រុមប្រទេសមហាអំណាចទាំងប្រាំពីរនោះក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយអ៊ុយក្រែនបន្ថែមដើម្បីការពារបូរណភាពទឹកដី និងសិទ្ធិក្នុងការរស់នៅរបស់អ៊ុយក្រែន ក៏ដូចជាសេរីភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ដោយទាំងនេះក្នុងគោលបំណងនៃសន្តិភាពដ៏ត្រឹមត្រូវយុត្តិធម៌ និងយូរអង្វែង។[២៣៦]

Thumb
ជំនួបរវាងគីម ជុងអ៊ុន និងពូទីននៅកូស្មូដ្រុមវ៉ូស្តូឈ្នីក្នុងឆ្នាំ២០២៣

បន្ទាប់ពីចំណាយលើអាវុធធុនធ្ងន់ និងគ្រាប់កាំភ្លើងមីស៊ីលអស់ជាច្រើនខែមក សហព័ន្ធរុស្ស៊ីក៏បានទទួលដ្រូន សម្ភារៈសឹកផ្សេងៗ និងកាំភ្លើងធំជាច្រើនពីប្រទេសអ៊ីរ៉ង់ ក៏ដូចជាការនាំចូលនូវរថក្រោះនិងរថពាសដែកផ្សេងៗពីប្រទេសបេឡារុសផងដែរ ហើយថែមទាំងគ្រោងធ្វើពាណិជ្ជកម្មគ្រាប់កាំភ្លើងមីស៊ីលពីកូរ៉េខាងជើង និងមីស៊ីលបាលីស្ទីកពីអ៊ីរ៉ង់ទៀតផង។[២៣៧][២៣៨][២៣៩][២៤០][២៤១]

សហរដ្ឋអាមេរិកធ្លាប់​បាន​ចោទ​ប្រទេសចិន​ថា​​ផ្តល់​ជំនួយបច្ចេកវិទ្យា​យោធាដល់​រុស្ស៊ី​ ខណៈចិនបានច្រានចោលការចោទប្រកាន់​នេះជាច្រើនលើក។ អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​លើក្រុមហ៊ុន​ចិន​មួយ​ដែរ ដែលបាន​ផ្តល់​រូបភាព​ផ្កាយរណប​ដល់​កងកម្លាំង​ស៊ីឈ្នួល​រុស្ស៊ី​ដែលកំពុង​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។[២៤២]

អង្គការសហប្រជាជាតិ

Thumb
ជំនួបរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស និងគណៈប្រតិភូប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គី ក្នុងខែមេសា ឆ្នាំ២០២២។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខបានបរាជ័យក្នុងការអនុម័តសេចក្ដីសម្រេចព្រាងមួយដែលនឹង "បង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះការឈ្លានពានដោយសហព័ន្ធរុស្ស៊ី" លើអ៊ុយក្រែន។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៥ រដ្ឋនៃក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះមាន ១១ រដ្ឋបានបោះសំឡេងគាំទ្រ ខណៈពេលដែលប្រទេសចំនួន ៣ បានបោះសំឡេងអនុប្បវាទ។ សេចក្តី​សម្រេចព្រាង​នោះត្រូវ​បាន​បរាជ័យ​ដោយសារ​ការបោះឆ្នោត​វេតូ​ដោយ​ប្រទេសរុស្ស៊ីផ្ទាល់។[២៤៣][២៤៤] ដោយសារតែស្ថានភាពជាប់គាំងបែបនេះ ក្រុមប្រឹក្សាសន្តិសុខក៏បានអនុម័តសេចក្តីសម្រេចមួយផ្សេងទៀតដើម្បីកោះប្រជុំមហាសន្និបាតបើកសម័យប្រជុំអាសន្នពិសេសលើកទី១១[២៤៥] នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មហាសន្និបាតក៏បានបោះឆ្នោតសម្ដែងនូវការសោកស្ដាយ "ដោយពន់ពេកបំផុត" ចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនដោយមានសំឡេងបោះឆ្នោតគាំទ្រចំនួន ១៤១ ទល់នឹងសំឡេងប្រឆាំង ៥ និង ៣៥ អនុប្បវាទ។[២៤៦] សេចក្ដីសម្រេចនោះផងដែរបានអំពាវនាវឱ្យសហព័ន្ធរុស្ស៊ី "បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន" និង "ដកទ័ពចេញជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ"។[២៤៦] ប្រទេសចំនួនប្រាំដែលបានបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចនោះរួមមាន រុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង និងអេរីត្រេ[២៤៧]

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចមួយដោយមានសំឡេងគាំទ្រ ៣២ ទល់នឹងសំឡេងប្រឆាំង ២ និង ១៣ អនុប្បវាទ ដោយអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងក្រុមប្រដាប់អាវុធដែលគាំទ្រដោយរុស្ស៊ីពីទឹកដីអ៊ុយក្រែន និងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលត្រូវការជំនួយ។ សេចក្ដីសម្រេចមួយនេះផងដែរក៏បានបង្កើតគណៈកម្មាការមួយឡើងដើម្បីស៊ើបអង្កេតលើការរំលោភសិទ្ធិនានាក្នុងអំឡុងពេលការវាយប្រហារយោធាពីរុស្ស៊ីលើអ៊ុយក្រែន។[២៤៨]

នៅខែតុលា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចថ្កោលទោសលើប្រជាមតិរុស្ស៊ីកាត់ទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ ដោយមានសំឡេងគាំទ្រ ១៤៣ សំឡេងប្រឆាំង ៥ (បេឡារុស កូរ៉េខាងជើង នីការ៉ាក្វា រុស្ស៊ី ស៊ីរី) និងសំឡេងអនុប្បវាទ ៣៥។[២៤៩]

Remove ads

កំណត់សម្គាល់

  1. កាលបរិច្ឆេទនៃសង្គ្រាមនិងការកាន់កាប់ឧបទ្វីបគ្រីមៀគឺមាន "បដិវាទកម្ម និងបញ្ហាចោទជាច្រើន"។[] រដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជាតុលាការសិទ្ធិមនុស្សអឺរ៉ុបបានយល់ស្របគ្នា និងចាត់ទុកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃដែលរុស្ស៊ីបានត្រួតត្រាគ្រីមៀ[] បន្ទាប់ពីកងពិសេសរុស្ស៊ីគ្មានសញ្ញាសម្គាល់បានចូលគ្រប់គ្រងស្ថាប័ននយោបាយគ្រីមៀ។[] ក្រោយៗមក រដ្ឋាភិបាលរុស្ស៊ីក៏បានតាំងថ្ងៃទី២៧ ខែកុម្ភៈជា "ទិវាកងកម្លាំងប្រតិបត្តិការពិសេស"។[] នៅក្នុងឆ្នាំ២០១៥ រដ្ឋសភាអ៊ុយក្រែនបានកំណត់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ជាផ្លូវការថាជា "ថ្ងៃចាប់ផ្ដើមនៃការកាន់កាប់បណ្ដោះអាសន្ននៃតំបន់គ្រីមៀ និងសេវ៉ាស្តូប៉ូលដោយរុស្ស៊ី"[] ដោយសម្អាងលើកាលបរិច្ឆេទដែលបានចារលើមេដាយ "សម្រាប់ការត្រឡប់មកវិញនៃគ្រីមៀ" របស់រុស្ស៊ី។[] នៅក្នុងថ្ងៃដដែរនោះ ប្រធានក្រុមប្រឹក្សាកំពូលគ្រីមៀ លោកវ៉្លាឌីមៀរ ឃនស្តានទីណូហ្វបាននិយាយថាតំបន់គ្រីមៀកំពុងនឹងត្រៀមខ្លួនចុះចូលជាមួយរុស្ស៊ី។[] នៅក្នុងឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោកស៊ែរហ្គី ឡាហ្វរូហ្វបានអះអាងថា "កាលបរិច្ឆេទចាប់ផ្ដើម" នៅលើមេដាយនោះគឺជាកាលបរិច្ឆេទមុនថ្ងៃកំណត់បង្កឡើងដោយ "ការភាន់ច្រឡំបច្ចេកទេស"។[] តាមរយៈភាពយន្តរុស្ស៊ីអំពីការកាត់ទឹកដីគ្រីមៀនោះបានបង្ហាញឱ្យឃើញថាលោកប្រធានាធិបតីពូទីនបានបញ្ជាឱ្យផ្ដើមប្រតិបត្តិការ "ស្ដារ" តំបន់គ្រីមៀមករុស្ស៊ីវិញនៅក្នុងកិច្ចប្រជុំបន្ទាន់ពេញមួយយប់មួយនៅថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។[][]
  2. សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍គឺជារដ្ឋអាយ៉ងរបស់រុស្ស៊ីដែលបានប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែននៅអំឡុងខែឧសភា ឆ្នាំ២០១៤។ នៅឆ្នាំ២០២២ រដ្ឋទាំងពីរនេះបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមក និងព្រមទាំងត្រូវទទួលស្គាល់ជាអន្តរជាតិបន្ថែមពីប្រទេសរុស្ស៊ី ស៊ីរី កូរ៉េខាងជើង និងបណ្ដារដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួចប៉ុន្មានទៀត។ មកដល់ថ្ងទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានប្រកាស់កាត់ផ្តាច់រដ្ឋទាំងពីរចូលជាទឹកដីរបស់ខ្លួន។
  3. កាលពីឆ្នាំ២០២២ ប្រទេសបេឡារុសបានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួន[១២][១៣][១៤] និងព្រមទាំងការបាញ់បំផ្លោងមីស៊ីលផងដែរ។[១៥]
  4. ភាសារុស្ស៊ី៖ российско-украинская война; និងជាភាសាអ៊ុយក្រែន៖ російсько-українська війна។
Remove ads

ឯកសារយោង

អានបន្ថែម

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads